កណ្ឌ​ទី ៤៦

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី​ចំពោះ​សាសនាចក្រ នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​១៨៣១ (History of the Church, ១:១៦៣–១៦៥)។ នៅ​សម័យ​ដើម​នៃ​សាសនាចក្រ​នេះ ពុំ​ទាន់​មាន​របៀប​ស្រុះស្រួល​គ្នា​សម្រាប់​ចាត់ចែង​ការងារ​នៃ​សាសនាចក្រ​ទេ។ ប៉ុន្តែ​សណ្ដាប់​ធ្នាប់​អំពី​ការ​បង្រួម​សមាជិក និង​ពួក​អ្នក​ស្វែងរក​សាសនាចក្រ​ដ៏​ស្មោះ ដើម្បី​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ និង​ការ​ប្រជុំ​ផ្សេងៗ​ទៀត​នៃ​សាសនាចក្រ នោះ​បាន​ក្លាយ​ទៅ​ជា​ការ​ទូ​ទៅ​ធម្មតា។ វិវរណៈ​នេះ​ថ្លែង​ប្រាប់​ពី​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ អំពី​ការ​ត្រួតត្រា និង​ការ​ចាត់ចែង​ការ​ប្រជុំ​ទាំង​ឡាយ។

១–២, ពួក​អែលឌើរ​ត្រូវ​ដឹកនាំ​ការ​ប្រជុំ ដូច​បាន​ណែនាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ; ៣–៦, មិន​ត្រូវ​បដិសេធ​ពួក​អ្នក​ស្វែងរក​សេចក្ដី​ពិត​ពី​ការ​ប្រជុំ​សាក្រាម៉ង់​ឡើយ; ៧–១២, ចូរ​សូម​ដល់​ព្រះ ហើយ​ស្វែងរក​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ​វិញ្ញាណ; ១៣–២៦, ការ​រ៉ា​យ​រាប់​អំពី​អំណោយទាន​ទាំង​នេះ​ខ្លះៗ​ត្រូវ​បាន​ចែង​ប្រាប់; ២៧–៣៣, ពួក​មេដឹកនាំ​សាសនាចក្រ​ត្រូវ​បាន​ប្រទាន​អំណាច ដើម្បី​ឲ្យ​សង្កេត​ស្គាល់​នូវ​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ​វិញ្ញាណ។

 ១ ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​នៃ​សាសនាចក្រ​យើង​អើយ ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ការណ៍​ទាំង​នេះ​ត្រូវ​បាន​ប្រាប់​ដល់​អ្នក ដើម្បី​ជា​ប្រយោជន៍ និង​តម្រិះ​ដល់​អ្នក។

 ២ ប៉ុន្តែ​ទោះ​ជា​ការណ៍​ទាំង​នោះ​ត្រូវ​បាន​សរសេរ​ទុក​យ៉ាង​ណា​ក៏​ដោយ គង់តែ​ការណ៍​នោះ​ត្រូវ​បាន​ប្រទាន​ដល់​ពួក​អែលឌើរ​នៃ​សាសនាចក្រ​យើង​ជានិច្ច​ដែរ ចាប់​តាំង​ពី​ដើមដំបូង​មក​ម្ល៉េះ ហើយ​ជា​រហូត​ត​ទៅ ដើម្បី​ចាត់ចែង​ការ​ប្រជុំ​ទាំង​អស់ ដូច​ជា​ពួក​គេ​ត្រូវ​បាន​ដឹកនាំ និង​ណែនាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

 ៣ ក៏​ប៉ុន្តែ​អ្នក​រាល់​គ្នា​ត្រូវ​បាន​បញ្ជា​មិន​ឲ្យ​បណ្ដេញ​ជន​ណាមួយ​ចេញ​ពី​ការ​ប្រជុំ​ទូ​ទៅ ដែល​ត្រូវ​ធ្វើ​នៅ​ចំពោះ​ពិភពលោក​ឡើយ។

 ៤ អ្នក​រាល់​គ្នា​ក៏​ត្រូវ​បាន​បញ្ជា​មិន​ឲ្យ​បណ្ដេញ​ជន​ណាមួយ ដែល​ជា​សមាជិក​សាសនាចក្រ ឲ្យ​ចេញ​ពី​ការ​ប្រជុំ​សាក្រាម៉ង់​ទាំង​ឡាយ​របស់​អ្នក​រាល់​គ្នា​ឡើយ ក៏​ប៉ុន្តែ​បើ​សិន​ជា​មាន​ជន​ណាមួយ​បាន​រំលង នោះ​ចូរ​កុំ​ឲ្យ​អ្នក​នោះ​ទទួល​ទាន​ឡើយ លុះ​ត្រា​អ្នក​នោះ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្រុះស្រួល​សិន។

 ៥ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដេញ​ជន​ណាមួយ ដែល​កំពុងតែ​ព្យាយាម​ស្វែងរក​នគរ​ឲ្យ​ចេញ​ពី​ការ​ប្រជុំ​សាក្រាម៉ង់​ទាំង​ឡាយ​របស់​អ្នក​ឡើយ — យើង​មាន​បន្ទូល​អំពី​ពួក​អ្នក​ទាំង​នោះ ដែល​ពុំ​មែន​ជា​សមាជិក​នៃ​សាសនាចក្រ។

 ៦ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ពី​ការ​ប្រជុំ​របស់​អ្នក​ទាំង​ឡាយ​សម្រាប់​បុណ្យ​បញ្ជាក់​ថា បើ​សិន​ជា​មាន​ជន​ណាមួយ​ដែល​ពុំ​មែន​ជា​សមាជិក​នៃ​សាសនាចក្រ ដែល​កំពុងតែ​ព្យាយាម​ស្វែងរក​នគរ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ឡើយ។

 ៧ ប៉ុន្តែ​អ្នក​រាល់​គ្នា​ត្រូវ​បាន​បញ្ជា​នូវ​គ្រប់​ទាំង​អស់​ឲ្យ​សូម​ដល់​ព្រះ ដែល​ប្រទាន​ដោយ​សទ្ធា ហើយ​អ្វី​ដែល​ព្រះ​វិញ្ញាណ​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា នោះ​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ ដោយ​អស់​ពី​បរិសុទ្ធ​ភាព​ក្នុង​ចិត្ត គឺ​ដើរ​ដោយ​ស្មោះ​ត្រង់​នៅ​ចំពោះ​យើង ដោយ​ពិចារណា​ពី​ចុង​បង្ហើយ​នៃ​សេចក្ដី​សង្គ្រោះ​របស់​អ្នក ដោយ​ធ្វើ​នូវ​អ្វី​គ្រប់​ទាំង​អស់​ដោយ​ការ​អធិស្ឋាន និង​អំណរគុណ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា អាច​ត្រូវ​បញ្ឆោត​ដោយ​អារក្ស​អសោចិ៍ ឬ​ដោយ​លទ្ធិ​ទាំង​ឡាយ​នៃ​អារក្ស ឬ​ដោយ​បញ្ញត្តិ​នៃ​មនុស្ស​លោក​ឡើយ ត្បិត​មាន​ខ្លះ​ជា​របស់​ផង​មនុស្ស​លោក ហើយ​ខ្លះ​ទៀត​ជា​របស់​ផង​អារក្ស​ទាំង​ឡាយ។

 ៨ ហេតុ​ដូច្នោះ​ហើយ ចូរ​ប្រយ័ត្ន​ក្រែងលោ​អ្នក​រាល់​គ្នា​ត្រូវ​គេ​បញ្ឆោត ហើយ​ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​គេ​បញ្ឆោត នោះ​អ្នក​រាល់​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ ដោយ​ចងចាំ​ជានិច្ច​ថា មក​ពី​ហេតុ​អ្វី​បាន​ជា​អំណោយទាន​ទាំង​នេះ​ត្រូវ​បាន​ប្រទាន​មក

 ៩ ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អំណោយទាន​ទាំង​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​មក ដើម្បី​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​យើង ហើយ​កាន់​តាម​គ្រប់​បញ្ញត្តិ​ទាំង​អស់​របស់​យើង ហើយ​និង​ដល់​អ្នក​ណា​ដែល​ស្វែងរក​ផង ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​បាន​ប្រយោជន៍ ពី​អ្នក​ដែល​ស្វែងរក ឬ​ដែល​សូម​ពី​យើង ដែល​សូម តែ​មិនមែន​រក​ទី​សំគាល់ ដើម្បី​ឲ្យ​ពួក​គេ​អាច​ចាយ​បំពេញ​សេចក្ដី​សម្រើប​របស់​គេ​ឡើយ។

 ១០ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ចង់​ឲ្យ​អ្នក​ចងចាំ​ជានិច្ច ហើយ​ទុក​ក្នុង​គំនិត​ជានិច្ច​ពី​អំណោយទាន​ទាំង​នោះ ដែល​បាន​ប្រទាន​ដល់​សាសនាចក្រ។

 ១១ ត្បិត​មនុស្ស​ទាំង​អស់​ពុំ​បាន​គ្រប់​អំណោយទាន ដែល​បាន​ប្រទាន​ដល់​ពួក​គេ​ឡើយ ត្បិត​មាន​អំណោយទាន​ជា​ច្រើន ហើយ​មនុស្ស​រាល់​គ្នា​ត្រូវ​បាន​ប្រទាន​អំណោយទាន​មួយ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ។

 ១២ ចំពោះ​មនុស្ស​ខ្លះ ត្រូវ​បាន​ប្រទាន​ឲ្យ​មួយ រីឯ​ចំពោះ​មនុស្ស​ខ្លះ ត្រូវ​បាន​ប្រទាន​ឲ្យ​មួយ​ផ្សេង​ទៀត ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​បាន​ផល​ប្រយោជន៍​ដោយ​សារ​របៀប​នេះ។

 ១៣ ចំពោះ​មនុស្ស​ខ្លះ ត្រូវ​បាន​ប្រទាន​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​ដឹង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ថា​ទ្រង់​ត្រូវ​គេ​ឆ្កាង​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក។

 ១៤ ចំពោះ​មនុស្ស​ខ្លះ​ទៀត ត្រូវ​បាន​ប្រទាន​ឲ្យ​ជឿ​ដល់​ពាក្យ​ពេចន៍​នៃ​ពួក​គេ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ផង​ដែរ បើ​សិន​ជា​ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់​រហូត​ត​ទៅ។

 ១៥ ហើយ​ជា​ថ្មី​ទៀត ចំពោះ​មនុស្ស​ខ្លះ ត្រូវ​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​ដឹង​ពី​ការ​សម្ដែង​ផ្សេងៗ​ពី​គ្នា ដែល​នឹង​សព្វ​ព្រះ​ហឫទ័យ​ដល់​ព្រះ​អម្ចាស់ តាម​បំណង​របស់​ព្រះ​អម្ចាស់​ដដែល ដែល​សម​នឹង​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ តាម​លក្ខខណ្ឌ​នៃ​កូន​ចៅ​មនុស្ស។

 ១៦ ហើយ​ជា​ថ្មី​ទៀត ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​ខ្លះ ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​ដឹង​ពី​ការងារ​ផ្សេងៗ​ពី​គ្នា ទោះ​ជា​មក​ពី​ព្រះ​ក៏​ដោយ ប្រយោជន៍​ឲ្យ​ការ​សម្ដែង​នៃ​ព្រះ​វិញ្ញាណ បាន​ប្រទាន​មក​ដល់​មនុស្ស​គ្រប់​គ្នា ដើម្បី​ឲ្យ​បាន​ផល​ប្រយោជន៍។

 ១៧ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ដល់​មនុស្ស​ខ្លះ ឲ្យ​មាន​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​ព្រះ។

 ១៨ ដល់​ម្នាក់​ទៀត ឲ្យ​មាន​ពាក្យ​សម្ដី​នៃ​ចំណេះ​ចេះ​ស្ទាត់ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា និង​ឲ្យ​មាន​ចំណេះ​ចេះ​ដឹង។

 ១៩ ហើយ​ជា​ថ្មី​ទៀត ដល់​មនុស្ស​ខ្លះ ត្រូវ​បាន​ប្រទាន​ឲ្យ​មាន​សេចក្ដី​ជំ​ជឿ ដើម្បី​បាន​ប្រោស​ឲ្យ​ជា

 ២០ ហើយ​ដល់​ម្នាក់​ទៀត ត្រូវ​បាន​ប្រទាន​ឲ្យ​មាន​សេចក្ដី​ជំ​ជឿ ដើម្បី​ប្រោស​ឲ្យ​ជា។

 ២១ ហើយ​ជា​ថ្មី​ទៀត ដល់​មនុស្ស​ខ្លះ ត្រូវ​បាន​ប្រទាន​ឲ្យ​អាច​សម្ដែង​អព្ភូតហេតុ​ទាំង​ឡាយ

 ២២ ហើយ​ដល់​ម្នាក់​ទៀត ត្រូវ​បាន​ប្រទាន​ឲ្យ​ចេះ​ព្យាករ

 ២៣ ហើយ​ឲ្យ​ម្នាក់​ទៀត ការ​ចេះ​សង្កេត​ស្គាល់​វិញ្ញាណ​ទាំង​ឡាយ។

 ២៤ ហើយ​ជា​ថ្មី​ទៀត ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​ខ្លះ ឲ្យ​ចេះ​និយាយ​ភាសា​ដទៃ​ផ្សេង

 ២៥ ហើយ​ដល់​ម្នាក់​ទៀត ត្រូវ​បាន​ប្រទាន​ឲ្យ​ចេះ​បកប្រែ​ភាសា​ដទៃ។

 ២៦ ហើយ​អំណោយទាន​ទាំង​អស់​នេះ​សុទ្ធ​តែ​មក​ពី​ព្រះ សម្រាប់​ផល​ប្រយោជន៍​ដល់​កូន​ចៅ​នៃ​ព្រះ។

 ២៧ ហើយ​ដល់​ប៊ីស្សព​នៃ​សាសនាចក្រ និង​ដល់​មនុស្ស​នានា ដែល​ព្រះ​ទ្រង់​នឹង​តាំង ហើយ​តែងតាំង​ឡើង ដើម្បី​ឲ្យ​មើល​គន់​លើ​សាសនាចក្រ ហើយ​ដើម្បី​ឲ្យ​ធ្វើ​ជា​ពួក​អែលឌើរ​ដល់​សាសនាចក្រ នោះ​ត្រូវ​បាន​ប្រទាន​ដល់​ពួក​គេ​ឲ្យ​ចេះ​សង្កេត​ស្គាល់​អំណោយ​ទាន​ទាំង​អស់​នោះ ក្រែង​មាន​មនុស្ស​ណាមួយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​អះអាង​ថា​មក​ពី​ព្រះ ប៉ុន្តែ​ពុំ​មែន​សោះ។

 ២៨ ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អ្នក​ណា​ដែល​សូម​ដោយ​នូវ​ព្រះ​វិញ្ញាណ នោះ​នឹង​បាន​ទទួល​ដោយ​សារ​ព្រះ​វិញ្ញាណ

 ២៩ ប្រយោជន៍​ឲ្យ​មនុស្ស​ខ្លះ​អាច​ត្រូវ​បាន​ប្រទាន​ឲ្យ​មាន​អំណោយទាន​ទាំង​អស់​នោះ ប្រយោជន៍​ឲ្យ​អាច​មាន​មេ ដើម្បី​ឲ្យ​សមាជិក​គ្រប់​គ្នា​អាច​បាន​ផល​ប្រយោជន៍​ដោយ​សារ​របៀប​នេះ។

 ៣០ អ្នក​ណា​ដែល​សូម​ដោយ​នូវ​ព្រះ​វិញ្ញាណ នោះ​សូម​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ហេតុ​ដូច្នោះ​ហើយ ត្រូវ​បាន​សម្រេច​តាម​សំណូមពរ​របស់​គេ។

 ៣១ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា គ្រប់​ទាំង​អស់​ត្រូវ​បាន​សម្រេច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ គឺ​ទោះ​ជា​អ្វី​ក៏​ដោយ​ដែល​អ្នក​ធ្វើ​ដោយ​នូវ​ព្រះ​វិញ្ញាណ

 ៣២ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ថ្លែង​អំណរគុណ​ដល់​ព្រះ​ដោយ​នូវ​ព្រះ​វិញ្ញាណ សម្រាប់​ព្រះ​ពរ​នានា​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក។

 ៣៣ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​ដោយ​គុណធម៌ និង​ដោយ​បរិសុទ្ធ​ភាព​នៅ​ចំពោះ​យើង​ជានិច្ច។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕