កណ្ឌ​ទី ៥០

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ខែ​ឧសភា ឆ្នាំ​១៨៣១ (History of the Church, ១:១៧០–១៧៣)។ ព្យាការី​ថ្លែង​ប្រាប់​ថា មាន​ពួក​អែលឌើរ​ខ្លះ​មិន​យល់​អំពី​ការ​បើក​សម្ដែង​នៃ​វិញ្ញាណ​ផ្សេងៗ​ដែល​មាន​ពាស​ពេញ​នៅ​លើ​ផែនដី​ទេ ម្ល៉ោះ​ហើយ​បាន​ជា​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​មក ទុកជា​ចម្លើយ​ដល់​សំណូមពរ​ដ៏​វិសេស​អំពី​រឿង​នេះ។ ដែល​ហៅថា​បាតុភូត​ខាង​វិញ្ញាណ នោះ​ពុំ​មែន​មិនធម្មតា​នៅ​ក្នុង​ចំណោម​ពួក​សមាជិក​ឡើយ មាន​មនុស្ស​ខ្លះ​បាន​អះអាង​ថា បាន​ទទួល​ការ​និមិត្ត និង​វិវរណៈ​ទាំង​ឡាយ។

១–៥, មាន​វិញ្ញាណ​ក្លែងក្លាយ​ជា​ច្រើន​នៅ​ពាស​ពេញ​លើ​ផែនដី; ៦–៩, វេទនា​ដល់​ពួក​មនុស្ស​កំពុត និង​ដល់​ពួក​អ្នក​ណា​ដែល​បាន​កាត់​ចេញ​ពី​សាសនាចក្រ; ១០–១៤, ពួក​អែលឌើរ​ត្រូវ​ផ្សាយដំណឹង​ល្អ​ដោយ​សារ​ព្រះ​វិញ្ញាណ; ១៥–២២, ទាំង​អ្នក​ផ្សាយ និង​អ្នក​ស្ដាប់ ត្រូវ​ការ​ឲ្យ​បាន​បំភ្លឺ​ដោយ​សារ​ព្រះ​វិញ្ញាណ; ២៣–២៥, អ្វី​ណាមួយ​ដែល​ពុំ​ស្អាង​ឡើង នោះ​ពុំ​មែន​មក​ពី​ព្រះ​ទេ; ២៦–២៨, ពួក​អ្នក​ស្មោះត្រង់​ជា​ម្ចាស់​នៃ​របស់​គ្រប់​ទាំង​អស់; ២៩–៣៦, ពាក្យ​អធិស្ឋាន​របស់​ពួក​អ្នក​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ត្រូវ​បាន​ឆ្លើយតប; ៣៧–៤៦, ព្រះ​គ្រីស្ទ ជា​អ្នក​គង្វាល​ល្អ ហើយ​ជា​ថ្មដា​នៃ​សាសន៍​អ៊ីស្រាអែល។

 ១ ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​យើង​អើយ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​សំឡេង​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ ហើយ​ស្ដាប់​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ដែល​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក តាម​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​សូម ហើយ​បាន​យល់​ព្រម​អំពី​សាសនាចក្រ និង​វិញ្ញាណ​ទាំង​ឡាយ ដែល​មាន​ពាស​ពេញ​នៅ​លើ​ផែនដី។

 ២ មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន​វិញ្ញាណ​ជា​ច្រើន​ដែល​ជា​វិញ្ញាណ​ក្លែងក្លាយ ដែល​បាន​ចេញ​ទៅ​លើ​ផែនដី ដោយ​បោក​បញ្ឆោត​មនុស្ស​លោក។

 ៣ ហើយ​អារក្ស​សាតាំង​ក៏​បាន​ព្យាយាម​បោក​បញ្ឆោត​អ្នក ដើម្បី​វា​អាច​បាន​ឈ្នះ​លើ​អ្នក​ដែរ។

 ៤ មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់​បាន​ទត​មើល​អ្នក ហើយ​បាន​ទត​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​នៅ​ក្នុង​សាសនាចក្រ ដែល​អះអាង​តាម​ព្រះ​នាម​របស់​យើង។

 ៥ ប៉ុន្តែ​មាន​ពរ​ហើយ ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ស្មោះត្រង់ ហើយ​កាន់ខ្ជាប់ ទោះ​បី​ក្នុង​ជីវិត ឬ​ក្នុង​សេចក្ដី​ស្លាប់​ក្ដី ត្បិត​ពួក​គេ​នឹង​បាន​គ្រង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ទុកជា​មរតក។

 ៦ ប៉ុន្តែ​វេទនា​ដល់​ពួក​អ្នក​ណា​ដែល​ជា​មនុស្ស​ឆបោក និង​មនុស្ស​កំពុត ត្បិត​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ដូច្នោះ​ថា យើង​នឹង​នាំ​ពួក​គេ​មក​ជំនុំ​ជំរះ។

 ៧ មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន​មនុស្ស​កំពុត​នៅ​ក្នុង​ចំណោម​ពួក​អ្នក​រាល់​គ្នា ដែល​បាន​បញ្ឆោត​មនុស្ស​ខ្លះៗ ដែល​ត្រូវ​បាន​ទទួល​អំណាច​ពី​មារ​សត្រូវ ប៉ុន្តែ​មើល​ចុះ ពួក​គេ​នឹង​ត្រូវ​បាន​ទាញ​យក​មក​វិញ

 ៨ ប៉ុន្តែ​ពួក​មនុស្ស​កំពុត​នឹង​ត្រូវ​ចាប់​បាន ហើយ​នឹង​ត្រូវ​កាត់​ចេញ ទោះ​បី​រស់ ឬ​ស្លាប់​ក្ដី តាម​ព្រះ​ហឫទ័យ​យើង ហើយ​វេទនា​ដល់​ពួក​អ្នក​ណា​ដែល​បាន​កាត់​ចេញ​ពី​សាសនាចក្រ​របស់​យើង ត្បិត​ពួក​គេ​នេះ​ហើយ​ដែល​បាន​ឈ្នះ​ដោយ​លោកិយ។

 ៩ ហេតុ​ដូច្នោះ​ហើយ ចូរ​មនុស្ស​គ្រប់​រូប​ប្រុងប្រយ័ត្ន ក្រែង​អ្នក​នោះ​ប្រព្រឹត្ត​អ្វី​ដែល​ពុំ​មែន​នៅ​ក្នុង​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត​ចំពោះ​យើង។

 ១០ ហើយ​ឥឡូវ​នេះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដោយ​ព្រះ​វិញ្ញាណ​ដល់​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​ទ្រង់​ថា តស់ ចូរ​យើង​ពិភាក្សា​ជាមួយ​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​យល់

 ១១ ចូរ​យើង​ពិភាក្សា ដូច​ជា​មនុស្ស​ពិភាក្សា​ទល់​មុខ​គ្នា។

 ១២ ឥឡូវ​នេះ កាលណា​មនុស្ស​ពិភាក្សា គេ​បាន​យល់​ដោយ​សារ​មនុស្ស ពី​ព្រោះ​គេ​ពិភាក្សា​ដូច​ជា​មនុស្ស ក៏​ដូច្នោះ​ដែរ យើង​ជា​ព្រះ​អម្ចាស់​ពិភាក្សា​ជាមួយ​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​បាន​យល់។

 ១៣ ហេតុ​ដូច្នោះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​សួរ​សំនួរ​នេះ​ដល់​អ្នក​ថា — តើ​អ្នក​រាល់​គ្នា​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​អ្វី?

 ១៤ គឺ​ដើម្បី​ផ្សាយដំណឹង​ល្អ​របស់​យើង ដោយ​សារ​ព្រះ​វិញ្ញាណ គឺ​ព្រះ​ដ៏​ជា​ជំនួយ ដែល​បាន​ចាត់​ឲ្យ​ចេញ​ទៅ​បង្រៀន​ពី​សេចក្ដី​ពិត។

 ១៥ ហើយ​ខណៈ​នោះ អ្នក​រាល់​គ្នា​បាន​ទទួល​វិញ្ញាណ​ទាំង​ឡាយ ដែល​អ្នក​រាល់​គ្នា​ពុំ​អាច​យល់ ហើយ​បាន​ទទួល​ស្គាល់​វិញ្ញាណ​ទាំង​នោះ ថា​មក​ពី​ព្រះ ហើយ​នៅ​ក្នុង​ការណ៍​នេះ តើ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​សុចរិត​ឬ​អី?

 ១៦ មើល​ចុះ អ្នក​រាល់​គ្នា​នឹង​ឆ្លើយ​សំនួរ​នេះ​ដោយ​ខ្លួន​ឯង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នឹង​មាន​សេចក្ដី​មេត្តា​កុរ​ណា​ដល់​អ្នក អ្នក​ណា​ដែល​ទន់ខ្សោយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្លាំង​ក្លា ចាប់​តាំង​ពី​ពេល​នេះ​ត​ទៅ។

 ១៧ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​បាន​តែងតាំង​ពី​យើង ហើយ​ចាត់​ឲ្យ​ចេញ​ទៅ​ផ្សាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត ដោយ សារ​ព្រះ​ដ៏​ជា​ជំនួយ ដោយ​នូវ​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត តើ​អ្នក​នោះ​ផ្សាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី ពិត ឬ​តាម​មាគ៌ា​ណាមួយ​ទៀត?

 ១៨ ហើយ​បើ​សិន​ជា​មក​តាម​មាគ៌ា​ណាមួយ​ទៀត នោះ​ពុំ​មែន​មក​ពី​ព្រះ​ទេ។

 ១៩ ហើយ​ជា​ថ្មី​ទៀត អ្នក​ណា​ដែល​ទទួល​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត តើ​អ្នក​នោះ​ទទួល​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត ដោយ​សារ​ព្រះ​វិញ្ញាណ នៃ​សេចក្ដី​ពិត ឬ​តាម​មាគ៌ា​ណាមួយ​ទៀត?

 ២០ បើ​សិន​ជា​មក​តាម​មាគ៌ា​ណាមួយ​ទៀត នោះ​ពុំ​មែន​មក​ពី​ព្រះ​ទេ។

 ២១ ហេតុ​ដូច្នោះ​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​អាច​យល់ ហើយ​ដឹង​ថា អ្នក​ណា​ដែល​ទទួល​ព្រះ​បន្ទូល ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត នោះ​បាន​ទទួល​ព្រះ​បន្ទូល ដូច​ជា​បាន​ផ្សាយព្រះ​បន្ទូល​ដោយ​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិតទេ​ឬ​អី?

 ២២ ហេតុ​ដូច្នោះ​ហើយ អ្នក​ដែល​ផ្សាយ ហើយ​អ្នក​ដែល​ទទួល យល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ស្អាង​ឡើង ហើយ​ត្រេកអរ​ជាមួយ​គ្នា។

 ២៣ ហើយ​អ្វី​ដែល​ពុំ​បាន​ស្អាង​ឡើង នោះ​ពុំ​មែន​មក​ពី​ព្រះ​ទេ តែ​មក​ពី​សេចក្ដី​ងងឹត​វិញ។

 ២៤ អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ ហើយ​អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ។

 ២៥ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​មែន ហើយ​យើង​មាន​បន្ទូល ប្រយោជន៍​ឲ្យ​អ្នក​អាច​ដឹង​សេចក្ដី​ពិត ប្រយោជន៍​ឲ្យ​អ្នក​អាច​បណ្ដេញ​សេចក្ដី​ងងឹត​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា

 ២៦ អ្នក​ណា​ដែល​ត្រូវ​បាន​តែងតាំង​ពី​ព្រះ ហើយ​ចាត់​ឲ្យ​ចេញ​ទៅ នោះ​ឈ្មោះ​ថា​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ធំ​បំផុត ទោះ​បី​អ្នក​នោះ តូច​ជាងគេ​បំផុត ហើយ​ជា​អ្នក​បម្រើ​ដល់​មនុស្ស​ទាំង​អស់​ក្ដី។

 ២៧ ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​ជា​អ្នក​គ្រង​គ្រប់​ទាំង​អស់ ត្បិត​គ្រប់​ទាំង​អស់​នៅ​ក្រោម​អំណាច​អ្នក​នោះ ទាំង​នៅ​លើ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែនដី​ផង ឯ​ជីវិត និង​ពន្លឺ ព្រះ​វិញ្ញាណ និង​ព្រះ​ចេស្ដា ត្រូវ​បាន​ចាត់​ឲ្យ​មក​ដោយ​សារ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​របស់​ទ្រង់។

 ២៨ ប៉ុន្តែ​គ្មាន​មនុស្ស​ណា​គ្រង​គ្រប់​ទាំង​អស់​បាន​ឡើយ លើក​លែងតែ​អ្នក​នោះ​បាន​ធ្វើ​ឲ្យ​សុទ្ធសាធ ហើយ​ស្អាតបាត​ពី​អស់​ទាំង​អំពើ​បាប​សិន។

 ២៩ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បាន​ធ្វើ​ឲ្យ​សុទ្ធសាធ ហើយ​ស្អាតបាត​ពី​អស់​ទាំង​អំពើ​បាប នោះ​អ្នក​រាល់​គ្នា​ត្រូវ​សូម​អ្វីៗ​ដែល​អ្នក​ប៉ង​ប្រាថ្នា ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​អ្វីៗ​ទាំង​នោះ​នឹង​ត្រូវ​បាន​សម្រេច។

 ៣០ ប៉ុន្តែ​ចូរ​យល់​ចុះ​ថា នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​នូវ​អ្វីៗ​ដែល​អ្នក​នឹង​សូម ហើយ​ដូច​ជា​អ្នក​រាល់​គ្នា​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​មេ​យ៉ាង​ណា នោះ​វិញ្ញាណ​ទាំង​ឡាយ​នឹង​នៅ​ក្រោម​អំណាច​អ្នក​យ៉ាង​នោះ​ដែរ។

 ៣១ ហេតុ​ដូច្នោះ​ហើយ ហេតុការណ៍​នឹង​កើត​ឡើង​ថា បើ​សិន​ជា​អ្នក​មើល​ឃើញ​វិញ្ញាណ​សម្ដែង​ខ្លួន ដែល​អ្នក​ពុំ​អាច​យល់ ហើយ​អ្នក​ពុំ​បាន​ទទួល​វិញ្ញាណ​នោះ​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​សូម​ដល់​ព្រះ​វរបិតា ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ ហើយ​បើ​សិន​ជា​ព្រះ​អង្គ​ពុំ​បាន​ប្រទាន​វិញ្ញាណ​នោះ​ដល់​អ្នក​ទេ ខណៈ​នោះ អ្នក​អាច​ដឹង​ថា វា​ពុំ​មែន​មក​ពី​ព្រះ​ទេ។

 ៣២ ហើយ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ឲ្យ​មាន​អំណាច​លើ​វិញ្ញាណ​នោះ ហើយ​អ្នក​ត្រូវ​ប្រកាស​ទាស់​នឹង​វិញ្ញាណ​នោះ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា វា​ពុំ​មែន​មក​ពី​ព្រះ​ទេ —

 ៣៣ ចូរ​កុំ​ប្រកែក​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​គេ​យក​ឈ្នះ ឬ​ដោយ​អួតអាង ឬ​ត្រេកអរ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ត្រូវ​គេ​ចាប់ ដោយ​សារ​ការ​ណ៍នោះ។

 ៣៤ អ្នក​ណា​ដែល​បាន​ទទួល​ពី​ព្រះ ចូរ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា របស់​នោះ​មក​ពី​ព្រះ​ចុះ ហើយ​ចូរ​ឲ្យ​អ្នក​នោះ​ត្រេកអរ ដែល​ព្រះ​ទ្រង់​រាប់​ថា សម​នឹង​ទទួល​បាន។

 ៣៥ ហើយ​ដោយ​សារ​ការ​ស្ដាប់ និង​ការ​ប្រព្រឹត្តិការណ៍​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ហើយ​ដែល​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ទទួល — ហើយ​នគរ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ដោយ​ព្រះ​វរបិតា និង​អំណាច​ឲ្យ​យក​ឈ្នះ​លើ​គ្រប់​ទាំង​អស់ ដែល​ពុំ​បាន​តែងតាំង​ដោយ​ទ្រង់ —

 ៣៦ ហើយ​មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ឥឡូវ​នេះ មាន​ពរ​ហើយ ដល់​អ្នក​ណា​ដែល​កំពុង​ឮ​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង ដែល​ចេញ​មក​ពី​មាត់​នៃ​អ្នក​បម្រើ​របស់​យើង ត្បិត​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ។

 ៣៧ ចូរ​ឲ្យ​យ៉ូសែប វេកហ្វៀល ជា​អ្នក​បម្រើ​របស់​យើង ជាទី​ពេញ​ចិត្ត​យើង​ណាស់ និង ប៉ាលី ភី ប្រាត្ត ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ចេញ​ទៅ​ក្នុង​ចំណោម​សាសនាចក្រ​ទាំង​ប៉ុន្មាន ហើយ​ចម្រើន​កម្លាំង​ដល់​ពួក​គេ ដោយ​សារ​ពាក្យ​ដំបូន្មាន​ចុះ

 ៣៨ និង​យ៉ូហាន ខូរិល ជា​អ្នក​បម្រើ​របស់​យើង​ផង ឬ​ក៏​ពួក​អ្នក​បម្រើ​របស់​យើង​ជា​ច្រើន​ណា ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ចំពោះ​តំណែង​នេះ​ហើយ ចូរ​ឲ្យ​ពួក​គេ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ ហើយ​ចូរ​កុំ​ឲ្យ​នរណា​រារាំង​ពួក​គេ​ពី​ការ​ធ្វើ​អ្វី​ដែល​យើង​បាន​តែងតាំង​ដល់​ពួក​គេ​ឡើយ —

 ៣៩ ហេតុ​ដូច្នោះ​ហើយ ក្នុង​ការណ៍​នេះ អែ​ឌ​វឺ​ត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង ពុំ​បាន​រាប់​ជា​សុចរិត​ឡើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​ឲ្យ​គាត់​ប្រែ​ចិត្ត ហើយ​គាត់​នឹង​ត្រូវ​បាន​អត់​ទោស​ឲ្យ។

 ៤០ មើល​ចុះ អ្នក​រាល់​គ្នា​ជា​កូន​ក្មេង​តូច ហើយ​អ្នក​រាល់​គ្នា​ពុំ​អាច​ទ្រាំ​គ្រប់​ទាំង​អស់​បាន​ទេ នៅ​ពេល​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ចម្រើន​ឡើង​ក្នុង​ព្រះ​គុណ និង​ក្នុង​ការ​ចេះ​ដឹង​អំពី​សេចក្ដី​ពិត។

 ៤១ កុំ​ឲ្យ​ខ្លាច​ឡើយ កូន​ក្មេង​តូច​អើយ ត្បិត​អ្នក​រាល់​គ្នា​ជា​របស់​ផង​យើង ហើយ​យើង​បាន​ឈ្នះ​លើ​លោកិយ​ហើយ ហើយ​អ្នក​រាល់​គ្នា​ជា​ពួក​នោះ ដែល​ព្រះ​វរបិតា​របស់​យើង​បាន​ប្រទាន​ដល់​យើង

 ៤២ ហើយ​គ្មាន​អ្នក​ណាមួយ ដែល​ព្រះ​វរបិតា​បាន​ប្រទាន​ដល់​យើង ដែល​ត្រូវ​វង្វេង​បាត់​ឡើយ។

 ៤៣ ហើយ​ព្រះ​វរបិតា និង​យើង គឺ​តែ​មួយ។ យើង​នៅ​ក្នុង​ព្រះ​វរបិតា ហើយ​ព្រះ​វរបិតា​នៅ​ក្នុង​យើង ហើយ​ដរាបណា អ្នក​រាល់​គ្នា​បាន​ទទួល​យើង នោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​យើង ហើយ​យើង​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។

 ៤៤ ហេតុ​ដូច្នោះ​ហើយ យើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ហើយ​យើង​ជា​អ្នក​គង្វាល​ល្អ ហើយ​ជា​ថ្មដា​នៃ​សាសន៍​អ៊ីស្រាអែល។ អ្នក​ណា​ដែល​សង់​នៅ​លើ​ថ្មដា​នេះ នឹង​មិន​ត្រូវ​រលំ​ឡើយ។

 ៤៥ ហើយ​ថ្ងៃ​នឹង​មក​ដល់ ដែល​អ្នក​រាល់​គ្នា​នឹង​ឮ​សំឡេង​របស់​យើង ហើយ​ឃើញ​យើង ហើយ​ដឹង​ថា យើង​ជា​ព្រះ។

 ៤៦ ដូច្នេះ ឲ្យ​ចាំ​យាម ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ប្រុងប្រៀប​ជាស្រេច។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕