កណ្ឌ​ទី ៥២

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​ពួក​អែលឌើរ​នៃ​សាសនាចក្រ នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​១៨៣១ (History of the Church, ១:១៧៥–១៧៩)។ សន្និសីទ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ខឺតឡង់ គឺ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី៣ ហើយ​បង្ហើយ​នៅ​ថ្ងៃ​ទី៦ ខែ​មិថុនា។ នៅ​ឯ​សន្និសីទ​នេះ ការ​តែងតាំង​ដ៏​ច្បាស់លាស់​អំពី​តំណែង​នៃ​សង្ឃ​ជាន់​ខ្ពស់​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​ការ​សម្ដែង​ខ្លះៗ​អំពី​វិញ្ញាណ​ក្លែងក្លាយ និង​បញ្ឆោត ត្រូវ​បាន​សង្កេត​ស្គាល់ ហើយ​បន្ទោស។

១–២, សន្និសីទ​លើក​ក្រោយ​ត្រូវ​បាន​សម្រេច​ឲ្យ​ធ្វើ​នៅ​រដ្ឋ​មិសសួរី; ៣–៨, ការ​ចាត់​ឲ្យ​ពួក​អែលឌើរ​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ត្រូវ​បាន​ចាត់; ៩–១១, ពួក​អែលឌើរ​ត្រូវ​បង្រៀន​ពី​អ្វី​ដែល​ពួក​សាវក និង​ពួក​ព្យាការី​បាន​សរសេរ​ទុក; ១២–២១, អស់​អ្នក​ណា​ដែល​ត្រូវ​បាន​បំភ្លឺ​ដោយ​សារ ព្រះ​វិញ្ញាណ ត្រូវ​នាំ​ផល​នៃ​ការ​សរសើរ និង​ប្រាជ្ញា​ចេញ​មក; ២២–៤៤, ពួក​អែលឌើរ​ដ៏​ច្រើន​ត្រូវ​បាន​តែងតាំង​ឲ្យ​ចេញ​ទៅ​ផ្សាយដំណឹង​ល្អ ក្នុង​កាល​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​មិសសួរី​សម្រាប់​សន្និសីទ។

 ១ មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​អែលឌើរ ដែល​ទ្រង់​បាន​ហៅ​ហើយ​រើស​នៅ​គ្រា​ចុង​ក្រោយ ដោយ​សារ​សំឡេង​នៃ​ព្រះ​វិញ្ញាណ​របស់​ទ្រង់ —

 ២ ថា ៖ យើង​ជា​ព្រះ​អម្ចាស់ នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​អ្វី​ដែល​យើង​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ ចាប់​តាំង​ពី​ពេល​នេះ រហូត​ដល់​មាន​សន្និសីទ​ក្រោយ​ទៀត ដែល​នឹង​ធ្វើ​នៅ​រដ្ឋ​មិសសួរី នៅ​លើ​ដែនដី​ដែល​យើង​នឹង​ប្រទាន​ដល់​រាស្ត្រ​របស់​យើង ដែល​ត្រូវ​ជា​សំណល់​នៃ​យ៉ាកុប និង​ពួក​អ្នក​ណា​ដែល​ត្រូវ​ជា​អ្នក​គ្រង​មរតក តាម​សេចក្ដី​សញ្ញា។

 ៣ ហេតុ​ដូច្នោះ​ហើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង​ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង ធ្វើ​ដំណើរ​យ៉ាង​ប្រញាប់ កាល​បាន​ត្រៀម​រួច ដើម្បី​ចាក​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ ហើយ​ធ្វើ​ដំណើរ​ទៅ​ដែនដី​មិសសួរី​ចុះ។

 ៤ ហើយ​ដរាបណា​ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​យើង នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ។

 ៥ ហើយ​ដរាបណា​ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់ នោះ​ក៏​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ពី​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​អ្នក​ដែរ។

 ៦ ហើយ​ដរាបណា​ពួក​គេ​មិន​មាន​ចិត្ត​ស្មោះត្រង់ នោះ​ពួក​គេ​នឹង​ត្រូវ​កាត់​ចេញ គឺ​តាម​ដែល​យើង​សព្វ​ព្រះ​ហឫទ័យ តាម​តែ​ឃើញ​ថា​ល្អ​ដល់​យើង។

 ៧ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ​ឡៃម៉ាន វ៉ៃ​ត ជា​អ្នក​បម្រើ​របស់​យើង និង​យ៉ូហាន ខូរិល ជា​អ្នក​បម្រើ​របស់​យើង​ចេញ​ដំណើរ​ជាបន្ទាន់​ចុះ

 ៨ ហើយ​ចូរ​ឲ្យ​យ៉ូហាន មើដក់ ជា​អ្នក​បម្រើ​របស់​យើង និង​ហៃរុម ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​ពួក​គេ​ទៅ​កន្លែង​ដដែល តាម​ផ្លូវ​ក្រុង​ឌីត្រោយត៍​ផង​ចុះ។

 ៩ ហើយ​ចូរ​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ពី​ទី​នោះ គឺ​ផ្សាយ​ព្រះ​បន្ទូល​តាម​ផ្លូវ ដោយ​គ្មាន​និយាយ​ពី​អ្វី ក្រៅ​ពី​អ្វី​ដែល​ពួក​ព្យាការី និង​ពួក​សាវ​ក​បាន​សរសេរ​ទុក និង​អ្វី​ដែល​ត្រូវ​បាន​បង្រៀន​ដល់​ពួក​គេ ដោយ​សារ​ព្រះ​ដ៏​ជា​ជំនួយ តាម​រយៈ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿឡើយ​។

 ១០ ចូរ​ឲ្យ​ពួក​គេ​ទៅ​ដោយ​គូៗ ហើយ​ចូរ​ឲ្យ​ពួក​គេ​ផ្សាយ​តាម​ផ្លូវ​តាម​របៀប​នោះ នៅ​គ្រប់​ទី​ជំនុំ ដោយ​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក និង​ដោយ​ការ​ដាក់​ដៃ​លើ​នៅ​ក្បែរ​ច្រាំង​ទឹក។

 ១១ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ យើង​នឹង​កាត់​កិច្ចការ​របស់​យើង​យ៉ាង​ខ្លី ដោយ​សេចក្ដី​សុចរិត ត្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​យើង​នឹង​នាំ​សេចក្ដី​ជំនុំ​ជំរះ​ឲ្យ​បាន​ជ័យ​ជម្នះ។

 ១២ ហើយ​ចូរ​ឲ្យ​ឡៃម៉ាន វ៉ៃ​ត ជា​អ្នក​បម្រើ​របស់​យើង​ប្រុងប្រយ័ត្ន ត្បិត​សាតាំង​ចង់​រែង​គាត់​ដូច​ជា​អង្កាម។

 ១៣ ហើយ​មើល​ចុះ អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះត្រង់ នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ត្រួត​លើ​របស់​ជា​ច្រើន។

 ១៤ ហើយ​ជា​ថ្មី​ទៀត យើង​នឹង​ប្រទាន​គំរូ​ដល់​អ្នក អំពី​គ្រប់​ទាំង​អស់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ត្រូវ​គេ​បញ្ឆោត​បាន ត្បិត​សាតាំង​កំពុង​នៅ​ពាស​ពេញ​លើ​ដែនដី ហើយ​វា​ចេញ​ទៅ ដោយ​បញ្ឆោត​សាសន៍​នានា —

 ១៥ ហេតុ​ដូច្នោះ​ហើយ អ្នក​ណា​ដែល​អធិស្ឋាន ដែល​មាន​វិញ្ញាណ​ទន់​ទាប អ្នក​នោះ​ឈ្មោះ​ថា ត្រូវ​បាន​ទទួល​ពី​យើង​ហើយ បើ​សិន​ជា​អ្នក​នោះ​គោរព​តាម​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​របស់​យើង។

 ១៦ អ្នក​ដែល​និយាយ ដែល​មាន​វិញ្ញាណ​ទន់​ទាប ដែល​ប្រើ​ពាក្យ​សម្ដី​សុភាព​ហើយ​ស្អាង​ឡើង អ្នក​នោះ​ឈ្មោះ​ថា មក​ពី​ព្រះ បើ​សិន​ជា​អ្នក​នោះ​គោរព​តាម​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​របស់​យើង។

 ១៧ ហើយ​ជា​ថ្មី​ទៀត អ្នក​ណា​ដែល​ញ័រ​រន្ធត់​នៅ​ក្រោម​ព្រះ​ចេស្ដា​របស់​យើង នោះ​នឹង​ត្រូវ​ធ្វើ​ឲ្យ​ខ្លាំង​ក្លា ហើយ​នឹង​នាំ​ផល​នៃ​ការ​សរសើរ និង​ប្រាជ្ញា​ចេញ​មក តាម​វិវរណៈ និង​សេចក្ដី​ពិត​ទាំង​ឡាយ ដែល​យើង​បាន​ប្រទាន​ដល់​អ្នក។

 ១៨ ហើយ​ជា​ថ្មី​ទៀត អ្នក​ណា​ដែល​ត្រូវ​ចាញ់ ហើយ​មិន​នាំ​ផល​ទាំង​ឡាយ​ចេញ​មក តាម​គំរូ​នេះ នោះ​ពុំ​មែន​មក​ពី​យើង​ទេ។

 ១៩ ហេតុ​ដូច្នោះ​ហើយ ដោយ​សារ​គំរូ​នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្គាល់​វិញ្ញាណ​ទាំង​ឡាយ គ្រប់ ករណី​ទាំង​អស់​នៅ​ក្រោម​មេឃ​ទាំង​មូល។

 ២០ ហើយ​នឹង​មាន​ថ្ងៃ​មក​ដល់ តាម​សេចក្ដី​ជំនឿ​របស់​មនុស្ស​លោក ដែល​នឹង​ត្រូវ​បាន​សម្រេច​ចំពោះ​ពួក​គេ។

 ២១ មើល​ចុះ ព្រះ​បញ្ញត្តិ​នេះ​ត្រូវ​បាន​ប្រទាន​ដល់​ពួក​អែលឌើរ​ទាំង​អស់ ដែល​យើង​បាន​រើស។

 ២២ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ​ថូម៉ាស ប៊ី ម៉ាស ជា​អ្នក​បម្រើ​របស់​យើង និង​អែសរ៉ា ធេយ័រ ជា​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​ពួក​គេ ព្រម​ទាំង​ផ្សាយ​ព្រះ​បន្ទូល​នៅ​តាម​ផ្លូវ​ទៅ​រក​ដែនដី​នេះ​ដែរ។

 ២៣ ហើយ​ជា​ថ្មី​ទៀត ចូរ​ឲ្យ​អ៊ីសាក មួរលី ជា​អ្នក​បម្រើ​របស់​យើង និង​អែសរ៉ា ប៊ូត ជា​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​ពួក​គេ ព្រម​ទាំង​ផ្សាយ​ព្រះ​បន្ទូល​នៅ​តាម​ផ្លូវ​ទៅ​រក​ដែនដី​នេះ​ដែរ។

 ២៤ ហើយ​ជា​ថ្មី​ទៀត ចូរ​ឲ្យ​អែតវឺត ប៉ាទ្រិច និង​ម៉ាទិន ហារិស ជា​ពួក​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​ពួក​គេ​ទៅ​ជា​មួយ​ស៊ីឌនី រិកដុន និង​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​ពួក​អ្នក​បម្រើ​របស់​យើង។

 ២៥ ចូរ​ឲ្យ​ដាវីឌ វិតមើរ និង​ហាវី វិតឡក់ ជា​ពួក​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​ពួក​គេ​ផង ហើយ​ផ្សាយ​នៅ​តាម​ផ្លូវ​ទៅ​រក​ដែនដី​នេះ​ដែរ។

 ២៦ ហើយ​ចូរ​ឲ្យ​ប៉ាលី ភី ប្រាត្ត និង​អួរសុន ប្រាត្ត ជា​ពួក​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​ពួក​គេ ហើយ​ផ្សាយ​នៅ​តាម​ផ្លូវ គឺ​ទៅ​រក​ដែនដី​នេះ​ដែរ។

 ២៧ ហើយ​ចូរ​ឲ្យ​សាឡូម៉ូន ហែនខក់ និង​ស៊ីម្មាន ខារតើរ ជា​ពួក​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​ពួក​គេ​ទៅ​រក​ដែនដី​នេះផង​ដែរ ហើយ​ឲ្យ​ផ្សាយនៅ​តាម​ផ្លូវ។

 ២៨ ចូរ​ឲ្យ​អែតសុន ហ្វូលលើរ និង​យ៉ាកុប ស្កត់ ជា​ពួក​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​ពួក​គេ​ផង។

 ២៩ ចូរ​ឲ្យ​លេវី ដ័បបុលយូ ហែនខក់ និង​សេបេដេ ខូលទ្រិន ជា​ពួក​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​ពួក​គេ​ផង។

 ៣០ ចូរ​ឲ្យ​រេយណូលស៍ ខាហ៊ូន និង​សាំយូអែល អេ​ច ស៊្មីធ ជា​ពួក​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​ពួក​គេ​ផង។

 ៣១ ចូរ​ឲ្យ​វាលលើរ បាលវិន និង​វិលលាម ខារតើរ ជា​ពួក​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​ពួក​គេ​ផង។

 ៣២ ហើយ​ចូរ​ឲ្យ​នូវល ណៃត៍ និង​សេឡា ជេ គ្រិពហ្វិន ជា​ពួក​អ្នក​បម្រើ​របស់​យើង ត្រូវ​បាន​តែងតាំង​ទាំង​ពីរ​នាក់ ហើយ​ចេញ​ដំណើរ​របស់​ពួក​គេ​ផង។

 ៣៣ មែន​ហើយ យើង​ប្រាប់​ជា​ប្រាកដ​ថា ចូរ​ឲ្យ​គ្រប់​អ្នក​ទាំង​នេះ​ចេញ​ដំណើរ​របស់​ពួក​គេ​ទៅ​កន្លែង​មួយ តាម​ផ្លូវ​ផ្សេងៗ​គ្នា ហើយ​មិន​ត្រូវ​ឲ្យ​មនុស្ស​ម្នាក់​សង់​លើ​ជើង​ជញ្ជាំង​របស់​អ្នក​ដទៃ​ឡើយ ឬ​ក៏​ធ្វើ​ដំណើរ​តាម​ផ្លូវ​របស់​អ្នក​ដទៃ​ដែរ។

 ៣៤ អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះត្រង់ អ្នក​នោះ​ឈ្មោះ​ថា ត្រូវ​បាន​ថែរក្សា​ទុក ហើយ​បាន​ពរ​ដោយ​ផល​ដ៏​ច្រើន។

 ៣៥ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា ចូរ​ឲ្យ​យ៉ូសែប វេកហ្វៀល និង​សាឡូម៉ូន ហាំព្រី ជា​ពួក​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​ពួក​គេ​ទៅ​ឯ​ដែនដី​ទាំង​ឡាយ​នៅ​ទិស​ខាង​កើត។

 ៣៦ ចូរ​ឲ្យ​ពួក​គេ​ធ្វើ​ការ​ជាមួយ​គ្រួសារ​របស់​ខ្លួន ដោយ​មិន​ប្រកាស​ប្រាប់​អ្វី​ផ្សេង​ទៀត​ឡើយ ក្រៅ​ពី​ពួក​ព្យាការី និង​ពួក​សាវក ដែល​ជា​អ្វី​ដែល​ពួក​គេ​បាន​ឃើញ ហើយ​បាន​ឮ ហើយ​ជឿ​យ៉ាង​ជាក់​លាក់​បំផុត ដើម្បី​ឲ្យ​សេចក្ដី​ព្យាករណ៍​ទាំង​ប៉ុន្មាន​អាច​បាន​សម្រេច។

 ៣៧ ដោយ​ព្រោះ​តែ​ការ​រំលង នោះ​ចូរ​យក​អ្វី​ដែល​បាន​ប្រទាន​មក​លើ ហីម៉ាន បាសែត ចេញ​ពី​គាត់ ហើយ​ដាក់​លើ​ក្បាល​នៃ​ស៊ីម៉ូនស៍ រៃឌើរ​ចុះ។

 ៣៨ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ​យ៉ារេឌ ខារតើរ បាន​តែងតាំង​ជា​សង្ឃ​ចុះ ហើយ​និង ជួច យ៉េម្ស បាន​តែងតាំង​ជា​សង្ឃ​ផង។

 ៣៩ ចូរ​ឲ្យ​ពួក​អែលឌើរ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន មើល​លើ​សាសនាចក្រ​ទាំង​ឡាយ ហើយ​ប្រកាស​ព្រះ​បន្ទូល​នៅ​ភូមិ​ភាគ​ជុំវិញ​ពួក​គេ​ចុះ ហើយ​ចូរ​ឲ្យ​ពួក​គេ​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្លួន ប្រយោជន៍​កុំ​ឲ្យ​ត្រូវ​ប្រព្រឹត្ត​នូវ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ឬ​អំពើ​ទុច្ចរិត​ឡើយ។

 ៤០ ហើយ​ចូរ​នឹក​ចាំ​ក្នុង​គ្រប់​ការណ៍​ទាំង​អស់​ពី​មនុស្ស​ទាល់​ក្រ និង​មនុស្ស​កម្សត់​ទុគត៌ និង​ពី​មនុស្ស​ឈឺ និង​មនុស្ស​មាន​ទុក្ខ​វេទនា ត្បិត​អ្នក​ណា​ដែល​មិន​ធ្វើ​ការ​ទាំង​នេះ​ទេ អ្នក​នោះ​ឈ្មោះ​ថា​មិនមែន​ជា​សិស្ស​របស់​យើង​ឡើយ។

 ៤១ ហើយ​ជា​ថ្មី​ទៀត ចូរ​ឲ្យ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង​ស៊ីឌនី រិកដុន និង​អែ​ឌ​វឺ​ត ប៉ាទ្រិច ជា​ពួក​អ្នក​បម្រើ​របស់​យើង យក​ទៅ​ជាមួយ​ពួក​គេ​នូវ​ប័ណ្ណ​ពី​សាសនាចក្រ។ ហើយ​ចូរ​ឲ្យ​មាន​ប័ណ្ណ​មួយ​សម្រាប់​អូលីវើរ ខៅឌើរី ផង​ដែរ។

 ៤២ ម្ល៉ោះ​ហើយ ដូច​ជា​យើង​បាន​ប្រាប់​ហើយ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស្មោះត្រង់ នោះ​អ្នក​ត្រូវ​ជួបជុំ​គ្នា​ដើម្បី​ត្រេកអរ​នៅ​លើ​ដែនដី​មិសសួរី ដែល​ជា​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​អ្នក ដែល​ជា​ដែនដី​នៃ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក នៅ​ពេល​ឥឡូវ​នេះ។

 ៤៣ ប៉ុន្តែ​មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់ នឹង​ពន្លឿន​ឲ្យ​ទី​ក្រុង​ឆាប់​កើត​ឡើង​នៅ​ពេល​កំណត់ ហើយ​នឹង​បំពាក់​មកុដ​ដល់​ពួក​ស្មោះត្រង់​ដោយ​សេចក្ដី​អំណរ និង​ដោយ​សេចក្ដី​រីករាយ។

 ៤៤ មើល​ចុះ យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​យើង​នឹង​លើក​ពួក​គេ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕