កណ្ឌ​ទី ៥៨

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ស៊ីយ៉ូន ស្រុក​ចាកសុន រដ្ឋ​មិសសួរី ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៨៣១ (History of the Church, ១:១៩០–១៩៥)។ នៅ​ថ្ងៃ​ឈប់​សម្រាក​ទី​មួយ បន្ទាប់​ពី​ព្យាការី និង​ក្រុម​លោក​បាន​មក​ដល់​ពី​ស្រុក ចាកសុន រដ្ឋ​មិសសួរី នោះ​មាន​ការ​ប្រជុំ​មួយ​ខាង​សាសនា ហើយ​មាន​សមាជិក​ពីរ​នាក់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ នៅ​ក្នុង​អាទិត្យ​នោះ មាន​ពួក​បរិសុទ្ធ​ខ្លះៗ​ពី​ភូមិ​ខូលស្វិល មក​ពី​សាខា​ថមសុន និង​ពួក​មនុស្ស​ផ្សេងៗ​ទៀត​បាន​មក​ដល់ (សូម​មើល​កណ្ឌ​ទី ៥៤)។ មនុស្ស​ជា​ច្រើន​ចង់​ដឹង​ពី​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ អំពី​ពួក​គេ​នៅ​កន្លែង​ជួបជុំ​គ្នា​ថ្មី។

១–៥, ពួក​អ្នក​ណា​ដែល​ស៊ូទ្រាំ​ការ​វេទនា នោះ​នឹង​បាន​ពាក់​សិរី​ល្អ​ទុកជា​មកុដ; ៦–១២, ពួក​បរិសុទ្ធ​ត្រូវ​រៀបចំ​សម្រាប់​អាពាហ៍ពិពាហ៍​នៃ​កូន​ចៀម និង​អាហារ​នៃ​ព្រះ​អម្ចាស់; ១៣–១៨, ប៊ីស្សព​ត្រូវ​ធ្វើ​ជា​ចៅក្រម​ក្នុង​ចំណោម​សាសន៍​អ៊ីស្រាអែល; ១៩–២៣, ពួក​បរិសុទ្ធ​ត្រូវ​គោរព​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ដែនដី; ២៤–២៩, មនុស្ស​លោក​គប្បី​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ខ្លួន​ដើម្បី​ធ្វើ​អំពើ​ល្អ; ៣០–៣៣, ព្រះ​អម្ចាស់​ទ្រង់​បញ្ជា ហើយ​ដក​ចេញ; ៣៤–៤៣, ដើម្បី​ប្រែ​ចិត្ត មនុស្ស​លោក​ត្រូវ​សារភាព ហើយ​លះបង់​ចោល​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន; ៤៤–៥៨, ពួក​បរិសុទ្ធ​ត្រូវ​ទិញ​ដី​នៃ​កេរ្តិ៍​អាករ​របស់​ពួក​ខ្លួន ហើយ​ជួបជុំ​គ្នា​នៅ​រដ្ឋ​មិសសួរី; ៥៩–៦៥, ដំណឹង​ល្អ​ត្រូវ​បាន​ផ្សាយ​ដល់​គ្រប់​មនុស្ស​ទាំង​អស់។

 ១ ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​យើង​អើយ ហើយ​ចូរ​ផ្ទៀង​ត្រចៀក​ចំពោះ​ព្រះ​បន្ទូល​របស់​យើង ហើយ​រៀន​ពី​យើង តាម​អ្វី​ដែល​យើង​សព្វ​ព្រះ​ហឫទ័យ​អំពី​អ្នក និង​អំពី​ដែនដី​នេះ​ផង ដែល​យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ។

 ២ ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន​ពរ​ហើយ​ដល់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ទោះ​បី​រស់ ឬ​ស្លាប់​ក្ដី ហើយ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​សេចក្ដី​វេទនា រង្វាន់​របស់​អ្នក​នោះ​នៅ​នគរ​ស្ថាន​សួគ៌ គឺ​ប្រសើរ​ជាង។

 ៣ ត្បិត​នៅ​ពេល​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​របស់​អ្នក​ឡើយ នូវ​គម្រោងការណ៍​នៃ​ព្រះ​របស់​អ្នក​អំពី​អ្វីៗ​ទាំង​នោះ ដែល​ត្រូវ​បាន​មក​នៅ​ពេល​ក្រោយ និង​សិរី​ល្អ​ដែល​ត្រូវ​មក​តាម​ក្រោយ បន្ទាប់​ពី​មាន​សេចក្ដី​វេទនា​ដ៏​ច្រើន។

 ៤ ត្បិត​បន្ទាប់​ពី​មាន​ការ​វេទនា​ដ៏​ច្រើន នោះ​ទើប​បាន​ព្រះ​ពរ។ ហេតុ​ដូច្នោះ​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់ កាល​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ពាក់​សិរី​ល្អ​ដ៏​ច្រើន​ទុកជា​មកុដ ម៉ោង​មិនទាន់​ដល់​ទេ ប៉ុន្តែ​នៅ​ជិត​ដៃ​បង្កើយ។

 ៥ ចូរ​នឹក​ចាំ​ពី​ការណ៍​នេះ ដែល​យើង​ប្រាប់​អ្នក​មក​ពី​មុន ប្រយោជន៍​ឲ្យ​អ្នក​អាច​ទុក​ក្នុង​ចិត្ត ហើយ​ទទួល​យក​អ្វី​ដែល​នឹង​មក​តាម​ក្រោយ។

 ៦ មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ព្រោះ​ដោយ​ហេតុ​នេះ​បាន​ជា​យើង​ចាត់​អ្នក — ប្រយោជន៍​ឲ្យ​អ្នក​អាច​គោរព​តាម ហើយ​ប្រយោជន៍​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​អាច​បាន​ប្រុងប្រៀប ដើម្បី​ថ្លែង​ទី​បន្ទាល់​អំពី​អ្វីៗ​ដែល​នឹង​មក​ដល់។

 ៧ ហើយ​ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​កិត្តិយស​ផង ក្នុង​ការ​សង់​គ្រឹះ និង​ក្នុង​ការ​ធ្វើ​ទី​បន្ទាល់​អំពី​ដែនដី​ដែល​ក្រុង​ស៊ីយ៉ូន​នៃ​ព្រះ​នឹង​បាន​សង់​ឡើង

 ៨ ហើយ​ប្រយោជន៍​ឲ្យ​ការ​ជប់​លៀង​ដោយ​ម្ហូប​មាន​ឱជារស​យ៉ាង​វិសេស​សម្រាប់​មនុស្ស​ទាល់​ក្រ មែន​ហើយ ជា​ការ​ជប់​លៀង​ដោយ​ម្ហូប​មាន​ឱជារស​យ៉ាង​វិសេស និង​ស្រា​ទំពាំងបាយជូរ​សម្រាំង​យ៉ាង​ល្អ ប្រយោជន៍​ឲ្យ​ផែនដី​អាច​បាន​ដឹង​ថា មាត់​នៃ​ពួក​ព្យាការី​នឹង​មិន​ត្រូវ​ខក​ឡើយ

 ៩ មែន​ហើយ ជា​អាហារ​នៃ​ដំណាក់​របស់​ព្រះ​អម្ចាស់ ដែល​បាន​រៀបចំ​ជាស្រេច​ដល់​គ្រប់​ទាំង​សាសន៍​ណា​ដែល​ត្រូវ​បាន​អញ្ជើញ​មក។

 ១០ ទី​មួយ គឺ​ពួក​មនុស្ស​មាន និង​ពួក​អ្នក​រៀន​សូត្រ ពួក​អ្នក​ប្រាជ្ញ និង​ពួក​ដែល​មាន​ត្រកូល​ខ្ពស់

 ១១ ហើយ​បន្ទាប់​ពី​នោះ គឺ​ថ្ងៃ​នៃ​ព្រះ​ចេស្ដា​របស់​យើង​នឹង​មក​ដល់ ខណៈ​នោះ មនុស្ស​ទាល់​ក្រ មនុស្ស​ខ្វិន និង​មនុស្ស​ខ្វាក់ និង​មនុស្ស​ថ្លង់​នឹង​មក​រៀប​អាពាហ៍ពិពាហ៍​នៃ​កូន​ចៀម ហើយ​ទទួល​ទាន​អាហារ​នៃ​ព្រះ​អម្ចាស់ ដែល​បាន​រៀបចំ​ស្រេច​សម្រាប់​ថ្ងៃ​ដ៏​ធំ​ដែល​នឹង​មក ដល់។

 ១២ មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ហើយ។

 ១៣ ហើយ​ប្រយោជន៍​ឲ្យ​ទី​បន្ទាល់​អាច​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ មែន​ហើយ គឺ​ចេញ​ពី​មាត់​នៃ​ទី​ក្រុង​មរតក​របស់​ព្រះ —

 ១៤ មែន​ហើយ ព្រោះ​ដោយ​ហេតុ​នេះ​ហើយ បាន​ជា​យើង​ចាត់​អ្នក​ឲ្យ​មក​ទី​នេះ ហើយ​បាន​ជ្រើសរើស​អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង ហើយ​បាន​ចាត់ចែង​បេសកកម្ម​ដល់​គាត់ នៅ​ក្នុង​ដែនដី​នេះ។

 ១៥ ប៉ុន្តែ​បើ​សិន​ជា​គាត់​មិន​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គាត់ ដែល​ជា​ការ​ឥត​ជំនឿ និង​ការ​ខ្វាក់​រឹងទទឹង​នៃ​ចិត្ត​ទេ នោះ​ចូរ​ឲ្យ​គាត់​ប្រុងប្រយ័ត្ន ក្រែង​គាត់​ដួល

 ១៦ មើល​ចុះ បេសកកម្ម​របស់​គាត់​ត្រូវ​បាន​ប្រគល់​ដល់​គាត់​ហើយ ហើយ​នឹង​មិន​ត្រូវ​ប្រគល់​ដល់​គាត់​ទៀត​ទេ។

 ១៧ ហើយ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​ក្នុង​បេសកកម្ម​នេះ គឺ​ត្រូវ​បាន​តាំង​ឲ្យ​ធ្វើ​ជា​ចៅក្រម​ក្នុង​ចំណោម​សាសន៍​អ៊ីស្រាអែល ដូច​ជា​នៅ​កាលពី​ចាស់​បុរាណ ដើម្បី​ចែក​ដែនដី​នៃ​មរតក​របស់​ព្រះ​ដល់​កូន​ចៅ​របស់​ទ្រង់

 ១៨ ហើយ​ដើម្បី​ជំនុំ​ជំរះ​រាស្ត្រ​របស់​ទ្រង់ ដោយ​សារ​ទី​បន្ទាល់​នៃ​មនុស្ស​សុចរិត និង​ដោយ​សារ​ជំនួយ​ពី​ទីប្រឹក្សា​ទាំង​ឡាយ​របស់​គាត់ តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​នគរ ដែល​បាន​ប្រទាន​ឲ្យ​មក​ដោយ​ពួក​ព្យាការី​នៃ​ព្រះ។

 ១៩ ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ក្រឹត្យ​វិន័យ​របស់​យើង​នឹង​ត្រូវ​បាន​កាន់​តាម​នៅ​លើ​ដែនដី​នេះ។

 ២០ ចូរ​កុំ​ឲ្យ​មនុស្ស​ណា​ស្មានថា ខ្លួន​ជា​អ្នក​គ្រប់​គ្រង​ឡើយ ប៉ុន្តែ​ចូរ​ឲ្យ​ព្រះ​ទ្រង់​គ្រប់​គ្រង​លើ​អ្នក​ដែល​ជំនុំ​ជំរះ​វិញ តាម​ដំបូន្មាន​នៃ​ព្រះ​ហឫទ័យ​របស់​ទ្រង់​ផ្ទាល់ ឬ​ក៏​ម្យ៉ាង​ទៀត លើ​អ្នក​ណា​ដែល​ទូន្មាន ឬ​អង្គុយ​នៅ​លើ​ទី​វេទិកា​ជំនុំ​ជំរះ។

 ២១ ចូរ​កុំ​ឲ្យ​មនុស្ស​ណា​បំបាក់​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ដែនដី​ឡើយ ត្បិត​អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ព្រះ នោះ​មិន​ត្រូវ​បំបាក់​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ដែនដី​ទេ។

 ២២ ហេតុ​ដូច្នោះ​ហើយ ចូរ​នៅ​ក្រោម​អំណាច​ទាំង​ឡាយ​ដែល​មាន​ហើយ​ចុះ រហូត​ដល់​ទ្រង់​សោយរាជ្យ ដែល​មាន​សិទ្ធិ​សោយរាជ្យ ហើយ​ដាក់​អស់​ទាំង​ខ្មាំងសត្រូវ​នៅ​ក្រោម​ព្រះ​បាទ​ទ្រង់។

 ២៣ មើល​ចុះ ក្រឹត្យ​វិន័យ​ទាំង​ឡាយ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​ព្រះ​ហស្ត​របស់​យើង គឺជា​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​សាសនាចក្រ ហើយ​ដោយ​នូវ​ចំណុច​នេះ​ហើយ បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម។ មើល​ចុះ នេះ​ហើយ​ជា​ប្រាជ្ញា។

 ២៤ ហើយ​ឥឡូវ​នេះ ដូច​ជា​យើង​មាន​បន្ទូល​អំពី​អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង​ថា ដែនដី​នេះ ជា​ដែនដី​នៃ​ទីលំនៅ​របស់​គាត់ និង​ពួក​អ្នក​ដែល​គាត់​បាន​តាំង​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់​គាត់ ហើយ​ជា​ដែនដី​នៃ​ទីលំនៅ​ដល់​អ្នក​ណា ដែល​យើង​បាន​តាំង​ឲ្យ​ថែរក្សា​ឃ្លាំង របស់​យើង​ដែរ

 ២៥ ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ​ពួក​គេ​នាំ​គ្រួសារ​របស់​ពួក​គេ​មក​ឯ​ដែនដី​នេះ ដូចដែល​ពួក​គេ​ត្រូវ​បាន​ទូន្មាន​រវាង​ខ្លួន​គេ​ជាមួយ​នឹង​យើង​ចុះ។

 ២៦ ត្បិត​មើល​ចុះ មិន​សម​ឲ្យ​យើង​ត្រូវ​បញ្ជា​នូវ​គ្រប់​អ្វីៗ​ទាំង​អស់​ទេ ត្បិត​អ្នក​ណា​ដែល​ត្រូវ​គេ​បង្ខំ​នូវ​គ្រប់​អ្វីៗ​ទាំង​អស់ អ្នក​នោះ​មាន​ឈ្មោះ​ថា​ជា​បាវ​ខ្ជិលច្រអូស ហើយ​មិន​មាន​ប្រាជ្ញា​ទៅ​វិញ ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​ពុំ​បាន​ទទួល​រង្វាន់​ឡើយ។

 ២៧ យើង​ប្រាប់​ជា​ប្រាកដ​ថា មនុស្ស​លោក​ត្រូវ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជា​ច្រើន​តាម​បំណង​ចិត្ត​របស់​ខ្លួន ហើយ​នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន

 ២៨ ត្បិត​អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន​គេ ម្ល៉ោះ​ហើយ ពួក​គេ​ជា​ភ្នាក់​ងារ​ចំពោះ​ខ្លួន​គេ​ផ្ទាល់។ ហើយ​ដរាបណា​មនុស្ស​លោក​ប្រព្រឹត្ត​អំពើ​ល្អ នោះ​ពួក​គេ​នឹង​ពុំ​ត្រូវ​បាត់បង់​រង្វាន់​របស់​ខ្លួន​ឡើយ។

 ២៩ ប៉ុន្តែ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​អ្វី​សោះឡើយ ទាល់​តែ​អ្នក​នោះ​ត្រូវ​បាន​បញ្ជា ហើយ​ទទួល​បញ្ញត្តិ​នោះ​ដោយ​ចិត្ត​សង្ស័យ ហើយ​កាន់​តាម​ដោយ​ចិត្ត​ខ្ជិលច្រអូស អ្នក​នោះ​ឈ្មោះ​ថា​ជាប់​ទោស​ហើយ។

 ៣០ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា តើ​យើង​ជា​នរណា​ទៅ​ដែល​បាន​បង្កើត​មនុស្ស​មក ដែល​នឹង​គិត​ថា អ្នក​នោះ​គ្មាន​ទោសទេ ដែល​ពុំ​គោរព​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​នោះ?

 ៣១ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា តើ​យើង​ជា​នរណា​ទៅ​ដែល​បាន​សន្យា ហើយ​ពុំ​បាន​សម្រេច​នោះ?

 ៣២ យើង​បញ្ជា ហើយ​មនុស្ស​លោក​ពុំ​គោរព​តាម​សោះ យើង​ដក​យក​ចេញ ហើយ​ពួក​គេ​ពុំ​បាន​ទទួល​ព្រះ​ពរ​ឡើយ។

 ៣៣ ខណៈ​នោះ ពួក​គេ​និយាយ​ក្នុង​ចិត្ត​ពួក​គេ​ថា ៖ នេះ​ពុំ​មែន​ជា​កិច្ចការ​នៃ​ព្រះ​អម្ចាស់​ទេ ត្បិត​សេចក្ដី​សន្យា​ទាំង​ឡាយ​របស់​ទ្រង់​ពុំ​បាន​សម្រេច​សោះ។ ប៉ុន្តែ​វេទនា​ដល់​មនុស្ស​របៀប​នោះ ត្បិត​រង្វាន់​របស់​ពួក​គេ​នៅ​ខាង​ក្រោម ហើយ​ពុំ​មែន​មក​ពី​ខាង​លើ​ទេ។

 ៣៤ ហើយ​ឥឡូវ​នេះ យើង​ប្រទាន​ការ​ដឹកនាំ​អំពី​ដែនដី​នេះ​ត​ទៅ​ទៀត។

 ៣៥ នេះ​ជា​ប្រាជ្ញា​នៅ​ក្នុង​យើង ដែល​ម៉ាទិន ហារិស ជា​អ្នក​បម្រើ​របស់​យើង ត្រូវ​ធ្វើ​ជា​គំរូ​ដល់​សាសនាចក្រ ដោយ​នូវ​ការ​ដាក់​ប្រាក់​កាស​របស់​គាត់​ចំពោះ​ប៊ីស្សព​នៃ​សាសនាចក្រ។

 ៣៦ ហើយ​ឥឡូវ​នេះ នេះ​ជា​ក្រឹត្យ​វិន័យ​ដល់​មនុស្ស​គ្រប់​រូប​ណា​ដែល​មក​ឯ​ដែនដី​នេះ ដើម្បី​ទទួល​កេរ្តិ៍​អាករ ហើយ​អ្នក​នោះ​ត្រូវ​ធ្វើ​អ្វី​នឹង​ប្រាក់​កាស​តាម​តែ​ក្រឹត្យ​វិន័យ​ដឹកនាំ​ចុះ។

 ៣៧ ហើយ​នេះ​ជា​ប្រាជ្ញា​ផង​ដែរ ដែល​ត្រូវ​មាន​ដីធ្លី​ទិញ​នៅ​ក្រុង​អ៊ិនឌីប៉ែនដែនស៍ ទុកជា​កន្លែង​សម្រាប់​ធ្វើ​ឃ្លាំង និង​ទុក​សម្រាប់​ធ្វើ​រោង​បោះពុម្ព។

 ៣៨ ហើយ​ការ​ដឹកនាំ​ផ្សេងៗ​ទៀត ស្ដី​អំពី​ម៉ាទិន ហារិស ជា​អ្នក​បម្រើ​របស់​យើង នឹង​ត្រូវ​បាន​ប្រទាន​ដល់​គាត់​ពី​ព្រះ​វិញ្ញាណ ប្រយោជន៍​ឲ្យ​គាត់​អាច​បាន​ទទួល​កេរ្តិ៍​អាករ​របស់​គាត់ តាម​ដែល​ឃើញ​ថា​ល្អ​ដល់​គាត់

 ៣៩ ហើយ​ចូរ​ឲ្យ​គាត់​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គាត់​ចុះ ត្បិត​គាត់​ស្វែងរក​សេចក្ដី​សរសើរ​តម្កើង​នៃ​មនុស្ស​លោក។

 ៤០ ហើយ​ចូរ​ឲ្យ​វិលលាម ដ័បបុលយូ ហ្វែប្ស ឈរ​ក្នុង​តំណែង​ដែល​យើង​បាន​តាំង​ដល់​គាត់ ហើយ​ទទួល​កេរ្តិ៍​អាករ​របស់​គាត់​ក្នុង​ដែនដី​ផង​ចុះ

 ៤១ ហើយ​គាត់​ត្រូវ​ការ​ប្រែ​ចិត្ត​ផង​ដែរ ត្បិត​យើង​ជា​ព្រះ​អម្ចាស់ មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់​ឡើយ ត្បិត​គាត់​ស្វែងរក​ដើម្បី​តម្កើង​ខ្ពស់ ហើយ​គាត់​មិន​ស្លូតបូត​គ្រប់​គ្រាន់​នៅ​ចំពោះ​យើង​ទេ។

 ៤២ មើល​ចុះ អ្នក​ណា​ដែល​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះ​អម្ចាស់​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ។

 ៤៣ តាម​របៀប​នេះ អ្នក​រាល់​គ្នា​អាច​ដឹង បើ​សិន​ជា​មនុស្ស​ណា​ម្នាក់​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​មែន ឬ​អត់ — មើល​ចុះ អ្នក​នោះ​នឹង​សារភាព​អំពី​អំពើ​បាប​ទាំង​ឡាយ ហើយ​លះបង់​ចោល​អំពើ​បាប​ទាំង​នោះ។

 ៤៤ ហើយ​ឥឡូវ​នេះ ប្រាកដ​មែន យើង​ស្ដី​អំពី​ពួក​អែលឌើរ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នៃ​សាសនាចក្រ​យើង​ថា ពេល​វេលា​មិនទាន់​មក​ដល់​ទេ គឺ​នៅ​ច្រើន​ឆ្នាំ​ទៀត​សម្រាប់​ឲ្យ​ពួក​គេ​ទទួល​កេរ្តិ៍​អាករ​របស់​ពួក​គេ​នៅ​ក្នុង​ដែនដី​នេះ លើក​លែងតែ​ពួក​គេ​មាន​បំណង​ចង់​បាន​កេរ្តិ៍​អាករ​នោះ តាម​រយៈ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ ដូចដែល​បាន​ចាត់​ដល់​ពួក​គេ​ពី​ព្រះ​អម្ចាស់​ប៉ុណ្ណោះ។

 ៤៥ ត្បិត​មើល​ចុះ ពួក​គេ​នឹង​រុញ​ច្រាន​ប្រជាជន​ទាំង​ប៉ុន្មាន​មក​ជួប​ជុំ​គ្នា មក​ពី​ទីបំផុតនៃ​ផែនដី។

 ៤៦ ហេតុ​ដូច្នោះ​ហើយ ចូរ​ជួបជុំ​គ្នា​ចុះ ហើយ​ពួក​អ្នក​ណា​ដែល​ពុំ​បាន​ចាត់​ឲ្យ​នៅ​ក្នុង​ដែនដី​នេះ ចូរ​ឲ្យ​ពួក​គេ​ផ្សាយដំណឹង​ល្អ​នៅ​ក្នុង​ភូមិ​ភាគ​ជុំវិញ ហើយ​បន្ទាប់​មក ចូរ​ឲ្យ​ពួក​គេ​វិល​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​ចុះ។

 ៤៧ ចូរ​ឲ្យ​ពួក​គេ​ផ្សាយ​តាម​ផ្លូវ ហើយ​ថ្លែង​ទី​បន្ទាល់​អំពី​សេចក្ដី​ពិត​នៅ​គ្រប់​កន្លែង ហើយ​ហៅ​ពួក​អ្នក​មាន ទាំង​ខ្ពស់ និង​ទាប និង​ពួក​មនុស្ស​ទាល់​ក្រ​ឲ្យ​ប្រែ​ចិត្ត​ចុះ។

 ៤៨ ហើយ​ចូរ​ឲ្យ​ពួក​គេ​សង់​សាសនាចក្រ​ទាំង​ឡាយ​ឡើង ដរាបណា​មាន​បណ្ដាជន​នៅ​លើ​ផែនដី​ដែល​នឹង​ប្រែ​ចិត្ត។

 ៤៩ ហើយ​ចូរ​ឲ្យ​មាន​ភ្នាក់​ងារ​មួយ​តាំង​ឡើង ដោយ​សារ​សំឡេង​នៃ​សាសនាចក្រ ចំពោះ​សាសនាចក្រ​នៅ​រដ្ឋ​អូហៃអូ ដើម្បី​ទទួល​យក​ប្រាក់​កាស​ទៅ​ទិញ​ដីធ្លី​នៅ​ក្រុង​ស៊ីយ៉ូន​ចុះ។

 ៥០ ហើយ​យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង​ថា គាត់​នឹង​ត្រូវ​សរសេរ​ពិពណ៌នា​អំពី​ដែនដី​ស៊ីយ៉ូន និង​សេចក្ដី​ថ្លែង​មួយ​អំពី​ព្រះ​ហឫទ័យ​នៃ​ព្រះ ដូចដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គាត់​ដឹង​ដោយ​សារ​ព្រះ​វិញ្ញាណ។

 ៥១ ហើយ​សំបុត្រ និង​វិភាគទាន ដើម្បី​ជូន​ដល់​អស់​ទាំង​សាសនាចក្រ ដើម្បី​ទទួល​ប្រាក់​កាស ដើម្បី​ដាក់​ក្នុង​ដៃ​នៃ​ប៊ីស្សព ដោយ​ខ្លួនគេ​ផ្ទាល់ ឬ​ដោយ​ភ្នាក់​ងារ​ក្ដី ដូច​ជា​ឃើញ​ថា​ល្អ​ដល់​គាត់ ឬ​ដូច​ជា​គាត់​នឹង​ដឹកនាំ​ដើម្បី​ទិញ​ដីធ្លី​ទុក​សម្រាប់​ជា​កេរ្តិ៍​អាករ​ដល់​កូន​ចៅ​នៃ​ព្រះ។

 ៥២ ត្បិត​មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចង់​ឲ្យ​ពួក​សិស្ស និង​កូន​ចៅ​មនុស្ស​បើក​ចិត្ត​របស់​ពួក​គេ គឺ​ដើម្បី​ទិញ​ភូមិ​ភាគ​ទាំង​មូល​នៃ​ស្រុក​នេះ យ៉ាង​ឆាប់ៗ​តាម​ពេល​វេលា​អនុញ្ញាត។

 ៥៣ មើល​ចុះ នេះ​ហើយ​ជា​ប្រាជ្ញា។ ចូរ​ឲ្យ​ពួក​គេ​ធ្វើ​ការ​នេះ ក្រែង​ពួក​គេ​មិន​បាន​ទទួល​កេរ្តិ៍​អាករ​ណា​ឡើយ លើក​លែងតែ​ដោយ​សារ​ការ​ខ្ចាយ​ឈាម។

 ៥៤ ហើយ​ជា​ថ្មី​ទៀត ដរាបណា​អាច​យក​ដី​បាន នោះ​ចូរ​ចាត់​ពួក​អ្នក​ធ្វើ​ការ​គ្រប់​បែប​យ៉ាង​ឲ្យ​មក​ដែនដី​នេះ ដើម្បី​ធ្វើ​ការ​សម្រាប់​ពួក​បរិសុទ្ធ​នៃ​ព្រះ។

 ៥៥ ចូរ​ឲ្យ​គ្រប់​របស់​អស់​ទាំង​នេះ​បាន​សម្រេច​តាម​របៀប​រៀបរយ​ចុះ ហើយ​ម្ដង​ម្កាល ចូរ​ប្រាប់​ឲ្យ​ដឹង​ពី​ឯកសិទ្ធិ​ដែល​មាន​ដីធ្លី ដោយ​ប៊ីស្សព ឬ​ភ្នាក់​ងារ​នៃ​សាសនាចក្រ។

 ៥៦ ហើយ​ចូរ​កុំ​ឲ្យ​កិច្ចការ​ខាង​ការ​ប្រមូល​គ្នា​មក​ដោយ​ប្រញាប់​ប្រញាល់ ឬ​ដោយ​រត់​ភៀស​ខ្លួន​ឡើយ ប៉ុន្តែ​ចូរ​ឲ្យ​ធ្វើ​ឡើង​ដូចដែល​បាន​ទូន្មាន​ដោយ​ពួក​អែលឌើរ​នៃ​សាសនាចក្រ​នៅ​ឯ​សន្និសីទ​ចុះ តាម​ការ​ចេះ​ដឹង​ដែល​ពួក​គេ​បាន​ទទួល​ម្ដង​ម្កាល។

 ៥៧ ហើយ​ចូរ​ឲ្យ​ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង ថ្វាយ ហើយ​ធ្វើ​បុណ្យ​ឆ្លង​ដែនដី​នេះ និង​កន្លែង​សម្រាប់​ព្រះ​វិហារ​ចំពោះ​ព្រះ​អម្ចាស់​ចុះ។

 ៥៨ ហើយ​ចូរ​ហៅ​ឲ្យ​មាន​ការ​ប្រជុំ​សន្និសីទ​មួយ​ចុះ ហើយ​បន្ទាប់​មក ចូរ​ឲ្យ​ស៊ីឌនី រិកដុន និង​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​ពួក​អ្នក​បម្រើ​របស់​យើង​វិល​មក​វិញ​ចុះ ហើយ​ចូរ​ឲ្យ​អូលីវើរ ខៅឌើរី មក​ជាមួយ​ពួក​គេ​ផង ដើម្បី​សម្រេច​នូវ​កិច្ច​ការ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​តាំង​ដល់​ពួក​គេ​នៅ​ក្នុង​ដីធ្លី​របស់​ពួក​គេ និង​កិច្ច​ការ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដូចដែល​បាន​ដឹកនាំ​ពី​សន្និសីទ​ទាំង​ឡាយ​ចុះ។

 ៥៩ ហើយ​ចូរ​កុំ​ឲ្យ​មនុស្ស​ណាមួយ​វិល​ពី​ដែនដី​នេះ​ឡើយ លើក​លែងតែ​អ្នក​នោះ​ដែល​ថ្លែង​ទី​បន្ទាល់​តាម​ផ្លូវ អំពី​អ្វី​ដែល​អ្នក​នោះ​ដឹង និង​ជឿ​យ៉ាង​ជាក់​លាក់​បំផុត។

 ៦០ ចូរ​ដក​អ្វី​ដែល​បាន​ប្រទាន​មក​លើ ស៊ី​បា ភីតើសុន ចេញ​ពី​គាត់​ចុះ; ហើយ​ចូរ​ឲ្យ​គាត់​ឈរ​ជា​សមាជិក​នៅ​ក្នុង​សាសនាចក្រ ហើយ​ធ្វើ ការ​ដោយ​ដៃ​របស់​គាត់​ផ្ទាល់ ជាមួយ​នឹង​ពួក​បង​ប្អូន រហូត​ដល់​គាត់​ត្រូវ​បន្ទោស​ឲ្យ​បាន​គ្រប់​គ្រាន់ សម្រាប់​អំពើ​បាប​ទាំង​អស់​របស់​គាត់ សិន; ត្បិត​គាត់​ពុំ​បាន​សារភាព​ពី​អំពើ​បាប​ទាំង​នោះ​ឡើយ ហើយ​គាត់​គិត​ដើម្បី​លាក់​ទុក។

 ៦១ ចូរ​ឲ្យ​ពួក​អែលឌើរ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នៃ​សាសនាចក្រ​នេះ ជា​ពួក​អ្នក​ដែល​មក​ដែនដី​នេះ ឯ​អ្នក​ខ្លះ​ត្រូវ​បាន​ពរ​យ៉ាង​លើសលប់ ចូរ​ឲ្យ​ពួក​គេ​ធ្វើ​សន្និសីទ​នៅ​លើ​ដែនដី​នេះ​ចុះ។

 ៦២ ហើយ​ចូរ​ឲ្យ​អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង​ដឹកនាំ​សន្និសីទ ដែល​នឹង​ធ្វើ​ឡើង​ដោយ​ពួក​គេ។

 ៦៣ ហើយ​ចូរ​ឲ្យ​ពួក​គេ​វិល​មក​វិញ​ផង ដោយ​ផ្សាយដំណឹង​ល្អ​តាម​ផ្លូវ ដោយ​ថ្លែង​ទី​បន្ទាល់​អំពី​អ្វីៗ ដែល​បាន​បើក​សម្ដែង​ដល់​ពួក​គេ​ចុះ។

 ៦៤ ត្បិត​ប្រាកដ​មែន សំឡេង​ត្រូវ​ចេញ​ពី​កន្លែង​នេះ​ទៅ​ដល់​ពិភព​លោក​ទាំង​អស់ និង​ទៅ​ដល់​ចុង​ផែនដី​បំផុត — គឺ​ដំណឹង​ល្អ​ត្រូវ​បាន​ផ្សាយ​ដល់​សត្វ​លោក​គ្រប់​រូប ដោយ​មាន​ទី​សំគាល់​ទាំង​ឡាយ​ជាប់​តាម​អស់​អ្នក​ដែល​ជឿ។

 ៦៥ ហើយ​មើល​ចុះ កូន​មនុស្ស​នឹង​យាង​មក។ អាម៉ែន៕