កណ្ឌ​ទី ៦

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​យ៉ូសែប ស៊្មីធ ជា​ព្យាការី និង​អូលីវើរ ខៅឌើរី នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ខែ​មេសា ឆ្នាំ​១៨២៩ (History of the Church, ១:៣២–៣៥)។ អូលីវើរ ខៅឌើរី​បាន​ចាប់​ផ្ដើម​កិច្ចការ​របស់​លោក​ជា​ស្មៀន ក្នុង​ការ​បកប្រែ​ព្រះ​គម្ពីរ​មរមន នៅ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​១៨២៩។ លោក​បាន​ទទួល​ការ​បើក​សម្ដែង​មួយ​ពី​ព្រះ​នូវ​សេចក្ដី​ពិត​អំពី​ទី​បន្ទាល់​របស់​ព្យាការី ទាក់​ទង​ទៅ​នឹង​ផ្ទាំង​ចារឹក ដែល​មាន​ចារឹក​ព្រះ​គម្ពីរ​មរមន។ ព្យាការី​បាន​សូម​ពី​ព្រះ​អម្ចាស់ តាម​រយៈ​យូរីម និង​ធូមីម ហើយ​បាន​ទទួល​ចម្លើយ​នេះ។

១–៦, ពួក​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ស្រែ​របស់​ព្រះ​អម្ចាស់​នឹង​បាន​សេចក្ដី​សង្គ្រោះ; ៧–១៣, គ្មាន​អំណោយទាន​ឯណា​ដែល​ធំ​ជាង​អំណោយទាន​នៃ​សេចក្ដី​សង្គ្រោះ​ឡើយ; ១៤–២៧, សាក្សី​អំពី​សេចក្ដី​ពិត​បាន​មក​ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ; ២៨–៣៧, ចូរ​មើល​ទៅ​ព្រះ​គ្រីស្ទ ហើយ​ធ្វើ​ល្អ​ជា​រៀង​ដរាប។

 ១ កិច្ចការ​ដ៏​មហិមា និង​អស្ចារ្យ​កំពុងតែ​នឹង​ចេញ​មក​ដល់​កូន​ចៅ​មនុស្ស​ហើយ។

 ២ មើល​ចុះ យើង​ជា​ព្រះ ចូរ​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​យើង ដែល​រស់នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​ពីរ ទាំង​កាត់​សន្លាក់ និង​ខួរឆ្អឹង​ដាច់​ពី​គ្នា ហេតុ​ដូច្នេះ​ហើយ ចូរ​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ចុះ។

 ៣ មើល​ចុះ ស្រែស​សំព្រុស​ល្មម​ច្រូត​ហើយ ហេតុ​ដូច្នេះ​ហើយ អស់​អ្នក​ណា​មាន​បំណង​ចង់​ច្រូត ចូរ​ឲ្យ​អ្នក​នោះ​លូក​កណ្ដៀវ​របស់​ខ្លួន​ដោយ​កម្លាំង​របស់​ខ្លួន ហើយ​ច្រូត​ក្នុង​កាល​មាន​ថ្ងៃ​នៅ​ចុះ ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច​បាន​សន្សំទុក​សម្រាប់​ព្រលឹង​គេ​នូវ​សេចក្ដី​សង្គ្រោះ​ដ៏​អស់​កល្ប​ជានិច្ច នៅ​ក្នុង​នគរ​ព្រះ។

 ៤ មែន​ហើយ អស់​អ្នក​ណា​ដែល​នឹង​លូក​កណ្ដៀវ​របស់​ខ្លួន ហើយ​ច្រូត អ្នក​នោះ​ហើយ​បាន​ហៅ​ពី​ព្រះ។

 ៥ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​សុំ​ពី​យើង នោះ​អ្នក​តែង​នឹង​បាន​ទទួល បើ​សិន​ជា​អ្នក​នឹង​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក។

 ៦ ឥឡូវ​នេះ ដូច​ជា​អ្នក​បាន​សុំ មើល​ចុះ យើង​ប្រាប់​អ្នក​ថា ចូរ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​ស្វែងរក​ដើម្បី​នាំ​មក ហើយ​តាំង​ឡើង​នូវ​គតិ​នៃ​ក្រុង​ស៊ីយ៉ូន​ចុះ

 ៧ ចូរ​កុំ​ស្វែងរកទ្រព្យសម្បត្តិ​ឡើយ ប៉ុន្តែ​រក​ប្រាជ្ញា​វិញ ហើយ​មើល​ចុះ សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ នឹង​បាន​បើក​បង្ហាញ​ដល់​អ្នក ហើយ​ខណៈ​នោះ អ្នក​នឹង​បាន​ទៅ​ជា​អ្នក​មាន មើល​ចុះ អ្នក​ណា​ដែល​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ឈ្មោះថា​ជា អ្នក​មាន​ហើយ។

 ៨ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺ​ដរាបណា​អ្នក​មាន​បំណង​ចង់​បាន​ពី​យើង នោះ​នឹង​បាន​សម្រេច​ដល់​អ្នក ហើយ​បើ​សិន​ជា​អ្នក​ប្រាថ្នា នោះ​អ្នក​នឹង​បាន​ទៅ​ជា​មធ្យោបាយ​នៃ​ការ​ធ្វើ​ល្អ​ដ៏​ច្រើន​នៅ​ក្នុង​តំណ​នេះ។

 ៩ ចូរ​កុំ​ថា​អ្វី​ដល់​តំណ​នេះ​ឡើយ លើក​លែងតែ​ការ​ប្រែ​ចិត្ត ចូរ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​ជួយ​បញ្ចេញ​កិច្ចការ​របស់​យើង​មក ស្រប​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​នឹង​បាន​ពរ។

 ១០ មើល​ចុះ អ្នក​មាន​អំណោយទាន ហើយ​អ្នក​បាន​ពរ​ហើយ ដោយ​មក​ពី​អំណោយទាន​របស់​អ្នក ចូរ​ចាំ​ថា​អំណោយទាន​នេះ​ពិសិដ្ឋ ហើយ​បាន​មក​ពីស្ថាន​លើ —

 ១១ ហើយ​បើ​សិន​ជា​អ្នក​នឹង​សុំ នោះ​អ្នក​នឹង​បាន​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ ដែល​ធំ ហើយ​អស្ចារ្យ ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​អនុវត្ត​នូវ​អំណោយទាន​របស់​អ្នក​ចុះ ប្រយោជន៍​ឲ្យ​អ្នក​អាច​រក​ឃើញ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ ដើម្បី​ឲ្យ​អ្នក​អាច​នាំ​មនុស្ស​ជា​ច្រើន ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត មែន​ហើយ គឺ​ផ្ចាញ់ផ្ចាល​ពួក​គេ​អំពី​ការ​ខុសឆ្គង​នៃ​ផ្លូវ​ទាំង​ឡាយ​របស់​ពួក​គេ។

 ១២ ចូរ​កុំ​ឲ្យ​នរណា​ដឹង​អំពី​អំណោយទាន​របស់​អ្នក​ឡើយ លើក​លែងតែ​អស់​អ្នក​ណា​ដែល​នៅ​ក្នុង​សេចក្ដី​ជំនឿ​របស់​អ្នក។ ចូរ​កុំ​ប្រហែស​នឹង​ការណ៍​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ​ឡើយ។

 ១៣ បើ​សិន​ជា​អ្នក​នឹង​ធ្វើ​ល្អ មែន​ហើយ ហើយ​មានចិត្ត​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត នោះ​អ្នក​នឹង​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ ដែល​ជា​អំណោយទាន​ដ៏​ប្រសើរ​បំផុត ពី​អស់​ទាំង​អំណោយទាន​នៃ​ព្រះ ត្បិត​គ្មាន​អំណោយទាន​ណា​ប្រសើរ​ជាង​អំណោយទាន​នៃ​សេចក្ដី​សង្គ្រោះ​ឡើយ។

 ១៤ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​មាន​ពរ​ហើយ ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ ព្រោះ​អ្នក​បាន​សូម​ពី​យើង ហើយ​មើល​ចុះ ដរាបណា​អ្នក​សូម​ជា​ញឹកញាប់ នោះ​អ្នក​បាន​ទទួល​ការ​បង្គាប់​ពី​ព្រះ​វិញ្ញាណ​របស់​យើង បើ​សិន​ជា​ពុំ​នោះ​សោត​ទេ អ្នក​នឹង​ពុំ​បាន​មក​ដល់​ទី​ដែល​អ្នក​នៅ​ពេល​នេះ​ឡើយ។

 ១៥ មើល​ចុះ អ្នក​ដឹង​ហើយ​ថា អ្នក​បាន​សុំ​ពី​យើង ហើយ​យើង​បាន​បំភ្លឺ​គំនិត​របស់​អ្នក ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​នូវ​ការណ៍​ទាំង​ឡាយ​នេះ ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា អ្នក​ត្រូវ​បាន​បំភ្លឺ​ដោយ​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត

 ១៦ មែន​ហើយ យើង​ប្រាប់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ដឹង​ថា គ្មាន​នរណា​ឡើយ​ក្រៅ​ពី​ព្រះ​ដែល​ជ្រាប​នូវ​គំនិត​របស់​អ្នក និង​បំណង​ដែល​នៅ​ក្នុង​ចិត្ត​របស់​អ្នកនោះ​ទេ។

 ១៧ យើង​ប្រាប់​អ្នក​នូវ​ការណ៍​ទាំង​ឡាយ​នេះ ទុកជា​សាក្សី​ដល់​អ្នក — ថា​ព្រះ​បន្ទូល​ទាំង​ឡាយ ឬ​ក៏​ឯកសារ​ដែល​អ្នក​បាន​សរសេរ​នោះ​គឺ​ពិត

 ១៨ ហេតុ​ដូច្នេះ​ហើយ ចូរ​មាន​ចិត្ត​ព្យាយាម ចូរ​គាំទ្រ​យ៉ូសែប​ជា​អ្នក​បម្រើ​របស់​យើង​ដោយ​ស្មោះត្រង់ នៅ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាកៗ​ណា​ក៏​ដោយ​ដែល​លោក​អាច​មាន ដោយ​ព្រោះ​ព្រះ​បន្ទូល។

 ១៩ ចូរ​ព្រមាន​ដាស់តឿន​លោក​ក្នុង​កំហុស​របស់​លោក ហើយ​ក៏​ទទួល​ការ​ព្រមាន​ដាស់តឿន​ពី​លោក​ដែរ។ ចូរ​មាន​ចិត្ត​អត់ធន់ ចូរ​មាន​ចិត្ត​ម៉ឺងម៉ាត់ ចូរ​មាន​ចិត្ត​នឹង​ធឹង ចូរ​មាន​សេចក្ដី​អត់ធន់ សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស​ចុះ។

 ២០ មើល​ចុះ អ្នក​ជា​អូលីវើរ ហើយ​យើង​និយាយ​ទៅ​កាន់​អ្នក​មក​ពី​សេចក្ដី​ប៉ងប្រាថ្នា​របស់​អ្នក ហេតុ​ដូច្នេះ​ហើយ ចូរ​រក្សា​ព្រះ​បន្ទូល​ទាំង​ឡាយ​នេះ​ទុក​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ចុះ។ ចូរ​មាន​ចិត្ត​ស្មោះត្រង់ ហើយ​មាន​ចិត្ត​ព្យាយាម​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​ចុះ ហើយ​យើង​នឹង​ឱប​ក្រសោប​អ្នក​ដោយ​ពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង។

 ២១ មើល​ចុះ យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ យើង​ជា​អ្នក​ដដែល​នោះ ដែល​បាន​យាង​មក​រក​រាស្ត្រ​របស់​យើង តែ​រាស្ត្រ​របស់​យើង​មិន​បាន​ទទួល​យើង​សោះ។ យើង​ជា​ពន្លឺ​ដែល​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ។

 ២២ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា​អ្នក​មាន​បំណង​ចង់​បាន​សាក្សី​ថែម​ទៀត ចូរ​ដាក់​គំនិត​ទៅ​លើ​យប់​ដែល​អ្នក​បាន​អំពាវនាវ​ដល់​យើង​ក្នុង​ដួង​ចិត្ត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ដឹង​នូវ​សេចក្ដី​ពិត​អំពី​ការណ៍​ទាំង​ឡាយ​នេះ។

 ២៣ តើ​យើង​ពុំ​បាន​និយាយ​ដោយ​ភាព​សុខសាន្ត​ដល់​គំនិត​របស់​អ្នក អំពី​ការណ៍​នោះ​ទេ​ឬ​អី? តើ​អ្នក​អាច​មាន​សាក្សី​ឯណា​ដែល​អស្ចារ្យ​ជាង​សាក្សី​មក​ពី​ព្រះ?

 ២៤ ហើយ​ឥឡូវ​នេះ មើល​ចុះ អ្នក​បាន​ទទួល​សាក្សី ត្បិត​បើ​សិន​ជា​យើង​បាន​ប្រាប់​អ្នក​នូវ​ការណ៍​ទាំង​ឡាយ​ដែល​គ្មាន​មនុស្ស​ណា​ដឹង តើ​អ្នក​មិន​បាន​ទទួល​សាក្សី​ទេ​ឬ​អី?

 ២៥ ហើយ​មើល​ចុះ យើង​ប្រទាន​អំណោយទាន​មួយ​ដល់​អ្នក បើ​សិន​ជា​អ្នក​មាន​បំណង​ចង់​បាន​ពី​យើង គឺ​ឲ្យ​បកប្រែ​ដូច​ជា​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​ដូច្នោះ​ដែរ។

 ២៦ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន​បញ្ជី​ប្រវត្តិ​ទាំង​ឡាយ ដែល​មាន​ដំណឹង​ល្អ​របស់​យើង​ភាគ​ច្រើន​ដែល​បាន​រក្សាទុក ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត​នៃ​ប្រជាជន

 ២៧ ហើយ​ឥឡូវ​នេះ យើង​បញ្ជា​ដល់​អ្នក​ថា បើ​សិន​ជា​អ្នក​មាន​បំណង​ល្អ — គឺ​បំណង​ចង់​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌ — ខណៈ​នោះ អ្នក​នឹង​ជួយ​ក្នុង​ការ​នាំ​មក​ឯ​ពន្លឺ ដោយ​សារ​អំណោយទាន​របស់​អ្នក​នូវ​ភាគ​ទាំង​ឡាយ នៃ​បទគម្ពីរ​របស់​យើង​ដែល​បាន​លាក់​ទុក ពី​ព្រោះ​តែ​សេចក្ដី​ទុច្ចរិត។

 ២៨ ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​ប្រទាន​ដល់​អ្នក ហើយ​ក៏​ដល់​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​ផង​ដែរ នូវ​កូន​សោ​ទាំង​ឡាយ​នៃ​អំណោយទាន​នេះ ដែល​នឹង​នាំ​ការងារ​បម្រើ​នេះ​មក​ឯ​ពន្លឺ ហើយ​ដោយ​មាត់​នៃ​សាក្សី​ពីរ ឬ​បី​នាក់ នោះ​គ្រប់​ព្រះ​បន្ទូល​នឹង​ត្រូវ​បាន​ស្ថាបនា​ឡើង។

 ២៩ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា​ពួក​គេ​មិន​ទទួល​ស្គាល់​ព្រះ​បន្ទូល​របស់​យើង​ទេ ហើយ​និង​ភាគ​នៃ​ដំណឹង​ល្អ និង ការងារ​បម្រើ​របស់​យើង​នេះទេ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ត្បិត​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​ដល់​អ្នក​ជាង​ដល់​យើង​ឡើយ។

 ៣០ ហើយ​សូម្បីតែ​ពួក​គេ​ធ្វើ​ដល់​អ្នក ដូច​ជា​ពួក​គេ​បាន​ធ្វើ​ដល់​យើង នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ត្បិត​អ្នក​នឹង​បាន​នៅ​ជាមួយ​យើង​នៅ​ក្នុង​សេចក្ដី​រុងរឿង។

 ៣១ ប៉ុន្តែ​បើ​សិន​ជា​ពួក​គេ​មិន​បដិសេធ​បន្ទូល​របស់​យើង​ទេ ដែល​នឹង​បាន​បញ្ជាក់​ដោយ​ទី​បន្ទាល់ ដែល​នឹង​បាន​ប្រគល់​ឲ្យ​មក នោះ​ពួក​គេ​មាន​ពរ​ហើយ ហើយ​នៅ​ខណៈ​នោះ អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​អំណរ​ក្នុង​ផល​នៃ​ការងារ​របស់​អ្នក។

 ៣២ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ដូច​ជា​យើង​បាន​ប្រាប់​ដល់​ពួក​សិស្ស​របស់​យើង ថា​កន្លែង​ណា​ដែល​មាន​ពីរ ឬ​បី​នាក់​ប្រជុំ​ជាមួយ​គ្នា​ដោយ​នូវ​នាម​យើង អំពី​ការណ៍​ណាមួយ មើល​ចុះ យើង​នឹង​នៅ​កណ្ដាល​ចំណោម​ពួក​គេ — ដូច​ជា​យើង​នៅ​កណ្ដាល​ចំណោម​អ្នក​ដែរ។

 ៣៣ ចូរ​កុំ​ខ្លាច​នឹង​ធ្វើ​ល្អ​ឡើយ ឱ​បុត្រា​របស់​យើង​អើយ ត្បិត​ពូជ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រោះ​ចុះ​ពូជ​ល្អ នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​ច្រូត​បាន​ពូជ​ល្អ ទុកជា​រង្វាន់​របស់​អ្នក​ដែរ។

 ៣៤ ហេតុ​ដូច្នេះ​ហើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហ្វូង​តូច​អើយ ចូរ​ធ្វើ​ល្អ​ចុះ ចូរ​ឲ្យ​ផែនដី និង​ស្ថាន​នរក​រួម​គ្នា​ប្រឆាំង​នឹង​អ្នក​ចុះ ត្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​សង់​នៅ​លើ​ថ្មដា​របស់​យើង នោះ​ពួក​គេ​ពុំ​អាច​យកឈ្នះ​បាន​ឡើយ។

 ៣៥ មើល​ចុះ យើង​មិន​បាន​កាត់ទោស​អ្នក​ទេ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ ចូរ​ធ្វើ​ដោយ​ម៉ឺងម៉ាត់​នូវ​កិច្ច​ការ​ដែល​យើង​បាន​បញ្ជា​ដល់​អ្នក។

 ៣៦ ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ។

 ៣៧ ចូរ​មើល​ស្នាម​ទាំង​ឡាយ​ដែល​នៅ​ចំហៀង​យើង ហើយ​ព្រម​ទាំង​ស្នាម​ដែកគោល​នៅ​ដៃ និង​ជើង​របស់​យើង​ចុះ ចូរ​មាន​ចិត្ត​ស្មោះត្រង់​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​គ្រងនគរ​ស្ថាន​សួគ៌​ទុកជា​មរតក។ អាម៉ែន៕