កណ្ឌ​ទី ៦២

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ច្រាំងទន្លេ​មិសសួរី ភូមិ​ឆារីតុន រដ្ឋ​មិសសួរី ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​១៨៣១ (History of the Church, ១:២០៥–២០៦)។ នៅ​ថ្ងៃ​នេះ ព្យាការី និង​ក្រុម​លោក ជា​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​ពី​ក្រុង​អ៊ិនឌីប៉ែនដែនស៍ ទៅ​ក្រុង​ខឺតឡង់ បាន​ជួប​នឹង​ពួក​អែលឌើរ​មួយ​ចំនួន ដែល​ធ្វើ​ដំណើរ​ទៅ​ដែនដី​ស៊ីយ៉ូន ហើយ​បន្ទាប់​ពី​បាន​ជម្រាប​សួរ​គ្នា​ដោយ​សេចក្ដី​អំណរ​រួច​ហើយ ទើប​បាន​ទទួល​វិវរណៈ​នេះ។

១–៣, ទី​បន្ទាល់​ទាំង​ឡាយ​ត្រូវ​បាន​កត់​ទុក​នៅ​លើ​ស្ថាន​សួគ៌; ៤–៩, ពួក​អែលឌើរ​ត្រូវ​ធ្វើ​ដំណើរ ហើយ​ផ្សាយ​តាម​ការ​វិនិច្ឆ័យ និង​ដូចដែល​បាន​ដឹកនាំ​ដោយ​ព្រះ​វិញ្ញាណ។

 ១ មើល​ចុះ ហើយ​ចូរ​ប្រុង​ស្ដាប់ ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​យើង​អើយ ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ គឺជា​ព្រះ​គ្រីស្ទ ជា​ព្រះ​គាំទ្រ​របស់​អ្នក ដែល​ជ្រាប​នូវ​សេចក្ដី​កម្សោយ​នៃ​មនុស្ស និង​ចេះ​ជួយ​ពួក​គេ​ដែល​ត្រូវ​ល្បួង។

 ២ ហើយ​ប្រាកដ​មែន ព្រះ​នេត្រ​របស់​យើង​ទត​មក​លើ​ពួក​អ្នក ដែល​ពុំ​ទាន់​បាន​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​នៅ​ឡើយ ហេតុ​ដូច្នោះ​ហើយ បេសកកម្ម​របស់​អ្នក​ពុំ​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។

 ៣ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​រាល់​គ្នា​ត្រូវ​បាន​ពរ ត្បិត​ទី​បន្ទាល់​ដែល​អ្នក​រាល់​គ្នា​បាន​ថ្លែង នោះ​ត្រូវ​បាន​កត់​ទុក​នៅ​លើ​ស្ថាន​សួគ៌​សម្រាប់​ទុក​ឲ្យ​ពួក​ទេវតា​មើល ហើយ​ពួក​គេ​មាន​ចិត្ត​ត្រេកអរ​មក​លើ​អ្នក ហើយ​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ។

 ៤ ហើយ​ឥឡូវ​នេះ ចូរ​ធ្វើ​ដំណើរ​របស់​អ្នក​ត​ទៅ​ទៀត។ ចូរ​ប្រមូល​គ្នី​គ្នា​មក​លើ​ដែនដី​ស៊ីយ៉ូន ហើយ​ចូរ​មាន​ការ​ប្រជុំ និង​មាន​ចិត្ត​ត្រេក​អរ​ជុំ​គ្នា ហើយ​ចូរ​ថ្វាយ​សាក្រាម៉ង់​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ចុះ។

 ៥ ហើយ​ខណៈ​នោះ អ្នក​អាច​វិល​ទៅ​ថ្លែង​ទី​បន្ទាល់ មែន​ហើយ គឺ​ជុំ​ព្រម​គ្នា ឬ​ពីរៗ​នាក់ ដូចដែល​ឃើញ​ថា​ល្អ​ដល់​អ្នក​ចុះ វា​មិន​សំខាន់​ដល់​យើង​ឡើយ គ្រាន់តែ​មាន​ចិត្ត​ស្មោះត្រង់ ហើយ​ប្រកាស​ពី​ដំណឹង​ដ៏​រីករាយ​ប្រាប់​ដល់​បណ្ដាជន​នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ចំណោម​ក្រុម​ជំនុំ​ទាំង​ឡាយ​នៃ​ពួក​ទុច្ចរិត​ប៉ុណ្ណោះ។

 ៦ មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់ បាន​នាំ​អ្នក​មក​ជួប​ជុំ​គ្នា ប្រយោជន៍​ឲ្យ​សេចក្ដី​សន្យា​អាច​បាន​សម្រេច ដើម្បី​ឲ្យ​ពួក​ស្មោះត្រង់​នៅ​ក្នុង​ចំណោម​អ្នក​អាច​បាន​រក្សាទុក​ឲ្យ​គង់​វង់ ហើយ​មាន​ចិត្ត​ត្រេកអរ​ជុំ​គ្នា នៅ​ឯ​ដែនដី​មិសសួរី។ យើង​ជា​ព្រះ​អម្ចាស់​សន្យា​ដល់​ពួក​ស្មោះ​ត្រង់ ហើយ​មិន​អាច​កុហក​បាន​ឡើយ។

 ៧ យើង​ជា​ព្រះ​អម្ចាស់​យល់​ព្រម បើ​សិន​ជា​មាន​នរណា​មួយ​នៅ​ក្នុង​ចំណោម​អ្នក មាន​ប្រាថ្នា​ចង់​ជិះ​លើ​សេះ ឬ​លើ​លា ឬ​លើ​រទេះ​ទាំង​ឡាយ អ្នក​នោះ​នឹង​បាន​ទទួល​ព្រះ​ពរ​នេះ​ហើយ បើ​សិន​ជា​អ្នក​នោះ​ទទួល​ពរ​ពី​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់​ដោយ​មាន​ចិត្ត​អរគុណ​ក្នុង​គ្រប់​ការណ៍​ទាំង​អស់។

 ៨ ការណ៍​ទាំង​នេះ​នៅ​ជាមួយ​អ្នក​ដើម្បី​ប្រព្រឹត្ត​តាម​ការ​វិនិច្ឆ័យ និង​តាម​ការ​ដឹកនាំ​ពី​ព្រះ​វិញ្ញាណ។

 ៩ មើល​ចុះ នគរ​ជា​របស់​ផង​អ្នក​ហើយ។ ហើយ​មើល​ចុះ និង​មើល​ន៏ យើង​គង់នៅ​ជាមួយ​ពួក​ស្មោះត្រង់​ជានិច្ច។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕