គោល​លទ្ធិ និង​សេចក្ដី​សញ្ញា

កណ្ឌ​ទី ៦៤

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​ពួក​អែលឌើរ​នៃ​សាសនាចក្រ នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​១៨៣១ (History of the Church, ១:២១១–២១៤)។ ព្យាការី​កំពុងតែ​រៀបចំ​នឹង​ផ្លាស់​ទៅ​នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ដើម្បី​វិល​ទៅ​ធ្វើ​កិច្ចការ​របស់​លោក​ឡើង​វិញ អំពី​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប ដែល​បាន​ទុក​ចោល​កាល​លោក​បាន​នៅ​ឯ​រដ្ឋ​មិសសួរី។ ក្រុម​បង​ប្អូន​ប្រុសៗ​ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ស៊ីយ៉ូន (រដ្ឋ​មិសសួរី) កំពុងតែ​ព្យាយាម​ក្នុង​ការ​រៀបចំ ដើម្បី​ធ្វើ​ដំណើរ​ចេញ​ទៅ​នៅ​ខែ​តុលា។ វិវរណៈ​ត្រូវ​បាន​ទទួល នៅ​ពេល​នេះ​ដែល​កំពុងតែ​រវល់។

១–១១, ពួក​បរិសុទ្ធ​ត្រូវ​បាន​បញ្ជា​ឲ្យ​អត់​ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ក្រែង​មាន​អំពើ​បាប​ធំ​ជាង​នៅ​ក្នុង​ខ្លួន; ១២–២២, ពួក​អ្នក​ដែល​មិន​ប្រែ​ចិត្ត ត្រូវ​យក​មក​ខាង​មុខ​សាសនាចក្រ; ២៣–២៥, អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​១​ភាគ​១០​នឹង​មិន​ត្រូវ​ឆេះ​ឡើយ​នៅ​ការ​យាង​មក​របស់​ព្រះ​អម្ចាស់; ២៦–៣២, ពួក​បរិសុទ្ធ​ត្រូវ​បាន​ព្រមាន​អំពី​បំណុល; ៣៣–៣៦, ពួក​បះបោរ​នឹង​ត្រូវ​កាត់​ចេញ​ពី​ក្រុង​ស៊ីយ៉ូន; ៣៧–៤០, សាសនាចក្រ​នឹង​ជំនុំ​ជំរះ​សាសន៍​ទាំង​ឡាយ; ៤១–៤៣, ក្រុង​ស៊ីយ៉ូន​នឹង​បាន​លូតលាស់។

មើល​ចុះ ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក​ដូច្នេះ​ថា ៖ ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ នៃ​សាសនាចក្រ​របស់​យើង​អើយ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្ដាប់ ហើយ​ឮ ហើយ​ចូរ​ទទួល​យក​ព្រះ​ហឫទ័យ​ដែល​យើង​មាន​ចំពោះ​អ្នក​ចុះ។

ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឈ្នះ​លើ​លោកិយ ហេតុ​ដូច្នោះ​ហើយ យើង​នឹង​មាន​ចិត្ត​អាណិត​មក​លើ​អ្នក។

មាន​ពួក​អ្នក​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បាន​ធ្វើ​បាប ប៉ុន្តែ​យើង​ប្រាប់​ជា​ប្រាកដ នៅ​ពេល​នេះ​តែ​ម្ដង​គត់​ចំពោះ​សិរី​ល្អ​របស់​យើង​ផ្ទាល់ និង​ចំពោះ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ទាំង​ឡាយ​ថា យើង​បាន​អត់​ទោស​ឲ្យ​អ្នក​នូវ​អំពើ​បាប​របស់​អ្នក​ហើយ។

យើង​នឹង​មាន​សេចក្ដី​មេត្តាករុណា​ដល់​អ្នក ត្បិត​យើង​បាន​ប្រទាន​ដល់​អ្នក​នូវ​នគរ​ហើយ។

ហើយ​កូន​សោ​ទាំង​ឡាយ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ នឹង​មិន​ត្រូវ​ដក​យក​ចេញ​ពី យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង តាម​រយៈ​មាគ៌ា​ទាំង​ឡាយ​ដែល​យើង​បាន​តាំង​ឡើង​នោះ​ឡើយ កាលណា​លោក​នៅ​រស់ ដរាបណា​លោក​គោរព​តាម​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​របស់​យើង។

មាន​ពួក​អ្នក​ដែល​បាន​ស្វែងរក​ឱកាស​ទាស់​នឹង​លោក​ដោយ​ឥត​ហេតុ

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​ធ្វើ​បាប ប៉ុន្តែ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ជា​ព្រះ​អម្ចាស់​អភ័យទោស​ចំពោះ​អំពើ​បាប​ដល់​អស់​អ្នក​ណា​ដែល​សារភាព​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​នៅ​ចំពោះ​យើង ហើយ​សូម​ក្ដី​អភ័យទោស ជា​អ្នក​ដែល​បាន​ធ្វើ​បាប​មិន​ដល់​សេចក្ដី​ស្លាប់។

ពួក​សិស្ស​របស់​យើង​នៅ​សម័យ​បុរាណ បាន​ស្វែងរក​ឱកាស​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​ទេ ហើយ​ចំពោះ​ការ​អាក្រក់​នេះ ពួក​គេ​ត្រូវ​បាន​រង​ទុក្ខ និង​បាន​វាយ​ផ្ចាល​ជា​ខ្លាំង។

ហេតុ​ដូច្នោះ​ហើយ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់​ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ត្បិត​អ្នក​ណា​ដែល​មិន​អត់​ទោស​ដល់​បង​ប្អូន​របស់​ខ្លួន​ចំពោះ​ការ​រំលង​របស់​គេ​ទេ នោះ​ជាប់​ទោស​នៅ​ចំពោះ​ព្រះ​អម្ចាស់ ព្រោះ​នៅ​ជាប់​នឹង​អ្នក​នោះ គឺជា​បាប​ដ៏​ធំ​ជាង។

១០យើង​ជា​ព្រះ​អម្ចាស់​នឹង​អត់​ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រីឯ​អ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំង​អស់។

១១ហើយ​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នៅ​ក្នុង​ចិត្ត​ថា — សូម​ឲ្យ​ព្រះ​ទ្រង់​ជំនុំ​ជំរះ​រវាង​អ្នក​នឹង​ខ្ញុំ ហើយ​សង​អ្នក តាម​អំពើ​ដែល​អ្នក​ធ្វើ​ចុះ។

១២ហើយ​អ្នក​ណា​ដែល​មិន​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​ទេ ហើយ​មិន​សារភាព​នូវ​អំពើ​បាប​នោះ​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​មក​ចំពោះ​សាសនាចក្រ​ចុះ ហើយ​ប្រព្រឹត្ត​ដល់​អ្នក​នោះ​តាម​ដែល​ព្រះ​គម្ពីរ​ប្រាប់​ដល់​អ្នក ទោះ​ដោយ​ព្រះ​បញ្ញត្តិ ឬ​ដោយ​វិវរណៈ​ក្ដី។

១៣ហើយ​ការណ៍​នេះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត ប្រយោជន៍​ឲ្យ​ព្រះ​ទ្រង់​អាច​បាន​ទទួល​សិរី​ល្អ — មិនមែន​មក​ពី​អ្នក​រាល់​គ្នា​ពុំ​បាន​អត់​ទោស​ដោយ​គ្មាន​ចិត្ត​អាណិតអាសូរ​នោះ​ឡើយ ប៉ុន្តែ​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​រាប់​ជា​សុចរិត​នៅ​ក្នុង​ចក្ខុ​ទាំង​ឡាយ​នៃ​ក្រឹត្យ​វិន័យ ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ជំទាស់​ព្រះ​អង្គ ដែល​ជា​អ្នក​តែង​ក្រឹត្យ​វិន័យ​របស់​អ្នក —

១៤យើង​ប្រាប់​ជា​ប្រាកដ​ថា ត្បិត​ដោយ​សារ​ហេតុ​នេះ​ហើយ ទើប​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ។

១៥មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់​កំពុងតែ​ខ្ញាល់​នឹង​អ្នក​នោះ ដែល​ជា​អ្នក​បម្រើ​របស់​យើង គឺ​អែសរ៉ា ប៊ូត ហើយ​និង អ៊ីសាក មួ​លី ជា​អ្នក​បម្រើ​របស់​យើង​ដែរ ត្បិត​ពួក​គេ​ពុំ​បាន​កាន់​តាម​ក្រឹត្យ​វិន័យ ឬ​ព្រះ​បញ្ញត្តិ​ឡើយ

១៦ពួក​គេ​បាន​ស្វែងរក​អំពើ​អាក្រក់​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ហើយ​យើង​ជា​ព្រះ​អម្ចាស់​បាន​ដក​ទុក​ព្រះ​វិញ្ញាណ​របស់​យើង។ ពួក​គេ​បាន​ដាក់​ទោស​ថា ជា​អំពើ​អាក្រក់​នូវ​អ្វី​ដែល​ពុំ​មែន​ជា​អំពើ​អាក្រក់ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​បាន​អត់​ទោស​ដល់ អ៊ីសាក មួ​លី ជា​អ្នក​បម្រើ របស់​យើង​ហើយ។

១៧ហើយ​និង អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង​ផង មើល​ចុះ គាត់​បាន​ធ្វើ​បាប ហើយ​អារក្ស​សាតាំង​ស្វែងរក​ដើម្បី​បំផ្លាញ​ព្រលឹង​គាត់​ចោល ប៉ុន្តែ​កាលដែល​ការណ៍​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​ដឹង​ដល់​ពួក​គេ ហើយ​ពួក​គេ​ប្រែ​ចិត្ត​ពី​អំពើ​អាក្រក់ នោះ​ពួក​គេ​ត្រូវ​បាន​អត់​ទោស។

១៨ហើយ​ឥឡូវ​នេះ យើង​ប្រាប់​ជា​ប្រាកដ​ថា ជា​ការ​ចាំ​បាច់​ចំពោះ​យើង ដែល ស៊ីឌនី គិលបឺត ជា​អ្នក​បម្រើ​របស់​យើង បន្ទាប់​ពី​ពីរ​បី​អាទិត្យ​ក្រោយ​មក ត្រូវ​វិល​ទៅ​ឯ​ធុរកិច្ច​របស់​គាត់ និង​ទៅ​ឯ​ការងារ​របស់​គាត់​វិញ​នៅ​ក្នុង​ដែនដី​ស៊ីយ៉ូន

១៩ហើយ​អ្វី​ដែល​គាត់​បាន​ឃើញ ហើយ​បាន​ឮ នោះ​អាច​បាន​ធ្វើ​ឲ្យ​ដឹង​ដល់​ពួក​សិស្ស​របស់​យើង ប្រយោជន៍​កុំ​ឲ្យ​ពួក​គេ​ត្រូវ​វិនាស​បង់។ ហើយ​ដោយ​សារ​ហេតុ​នេះ ទើប​យើង​បាន​មាន​បន្ទូល​អំពី​ការណ៍​ទាំង​នេះ។

២០ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា អ៊ីសាក មួ​លី ជា​អ្នក​បម្រើ​របស់​យើង​មិន​អាច​ត្រូវ​ល្បួង​ហួស​កម្រិត​ដែល​គាត់​អាច​ទ្រាំ​បាន ហើយ​ទូន្មាន​បង្ខុស​ដើម្បី​បញ្ឈឺ​អ្នក​ឡើយ យើង​បាន​បញ្ជា​ថា ត្រូវ​លក់​ស្រែ​របស់​គាត់។

២១យើង​មិន​ព្រម​ឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស លក់​ស្រែ​របស់​គាត់​ឡើយ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ចង់​ទុក​កន្លែង​មាំមួន​មួយ​នៅ​ក្នុង​ដែនដី​ខឺតឡង់ សម្រាប់​កំឡុង​ពេល​ប្រាំ​ឆ្នាំ នៅ​ពេល​នោះ យើង​នឹង​មិនបំផ្លាញ​ពួក​ទុច្ចរិត​ទេ ប្រយោជន៍​ដោយ​មាគ៌ា​នេះ យើង​អាច​សង្គ្រោះ​ពួក​គេ​ខ្លះ។

២២ហើយ​បន្ទាប់​ពី​ថ្ងៃ​នោះ​មក យើង​ជា​ព្រះ​អម្ចាស់​នឹង​មិន​រាប់​ថា នរណា​មួយ​មាន​ទោស​ទេ ដែល​នឹង​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​ដោយ​បើក​ចិត្ត​ចំហ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​តម្រូវ​ចិត្ត​ទាំង​ឡាយ​ពី​កូន​ចៅ​មនុស្ស។

២៣មើល​ចុះ ឥឡូវ​ត្រូវ​បាន​ហៅថា​ថ្ងៃ​នេះ​រហូត​ដល់​ការ​យាង​មក​នៃ​កូន​មនុស្ស ហើយ​ប្រាកដ​មែន គឺជា​ថ្ងៃ​នៃ​ការ​បូជា និង​ជា​ថ្ងៃ​សម្រាប់​ដង្វាយ ១​ភាគ​១០ នៃ​រាស្ត្រ​របស់​យើង ត្បិត​អ្នក​ណា​ដែល​បាន​ថ្វាយ​ដង្វាយ​១​ភាគ​១០ នោះ​នឹង​មិន​ត្រូវ​ឆេះ​ឡើយ​នៅ​ការ​យាង​មក របស់​ទ្រង់។

២៤ត្បិត​បន្ទាប់​ពី​ថ្ងៃ​នេះ​ទៅ​នឹង​មាន​ការ​ឆេះ — នេះ​គឺ​និយាយ​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ — ត្បិត​យើង​ប្រាប់​ជា​ប្រាកដ​ថា ថ្ងៃ​ស្អែក អស់​ពួក​ឆ្មើងឆ្មៃ និង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​នឹង​ទៅ​ដូច​ជា​ជញ្ជ្រាំង ហើយ​យើង​នឹង​បញ្ឆេះ​ពួក​គេ​ចោល ត្បិត​យើង​ជា​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ហើយ​យើង​នឹង​មិន​ប្រណី​នរណា​មួយ​ដែល​នៅ​ក្នុង​ក្រុង​បាប៊ីឡូន​ឡើយ។

២៥ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ការ​ក្នុង​កាលដែល​ហៅថា​ថ្ងៃ​នេះ​ចុះ។

២៦ហើយ​មិន​សម​ឲ្យ នូវល ខេ វិតនី និង ស៊ីឌនី គិលបឺត ជា​ពួក​អ្នក​បម្រើ​របស់​យើង លក់​ផ្សារ​របស់​ពួក​គេ និង​របស់​របរ​ទាំង​ឡាយ​របស់​ពួក​គេ​នៅ​ទី​នេះ​ទេ ត្បិត​នេះ​ពុំ​មែន​ជា​ប្រាជ្ញា​ទេ រហូត​ដល់​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​សាសនាចក្រ ដែល​នៅ​កន្លែង​នេះ​នឹង​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​សិន។

២៧មើល​ចុះ គឺ​បាន​ចែង​នៅ​ក្នុង​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​របស់​យើង ឬ​ហាមឃាត់​មិន​ឲ្យ​មាន​បំណុល​ពី​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ឡើយ

២៨ប៉ុន្តែ​មើល​ចុះ គឺ​ពុំ​បាន​ចែង​ក្នុង​ពេល​ណា​មួយ​ឡើយ​ថា ព្រះ​អម្ចាស់​ទ្រង់​មិន​គួរ​យក​ក្នុង​កាល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ហើយ​សង​ដូច​ដែល​ឃើញ​ថា​ល្អ​ដល់​ទ្រង់​នោះ​ឡើយ។

២៩ហេតុ​ដូច្នោះ​ហើយ ព្រោះ​អ្នក​រាល់​គ្នា​ជា​ភ្នាក់​ងារ​ទាំង​ឡាយ បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការងារ​របស់​ព្រះ​អម្ចាស់ ហើយ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ នោះ​គឺជា​ធុរកិច្ច​របស់​ព្រះ​អម្ចាស់​ហើយ។

៣០ហើយ​ព្រះ​អង្គ​បាន​តាំង​អ្នក​ឡើង ដើម្បី​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​កេរមរតក​នៅ​ក្នុង​ដែនដី​ស៊ីយ៉ូន។

៣១ហើយ​មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់ ប្រកាស​ប្រាប់​ដល់​អ្នក ហើយ​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ពិត ហើយ​នឹង​មិន​ខាតបង់​ឡើយ ថា​ពួក​គេ​នឹង​បាន​ទទួល​កេរមរតក។

៣២ប៉ុន្តែ​គ្រប់​ទាំង​អស់​ត្រូវ​តែ​កើត​ឡើង តាម​ពេល​របស់​វា។

៣៣ហេតុ​ដូច្នោះ​ហើយ ចូរ​កុំ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ត្បិត​អ្នក​រាល់​គ្នា​កំពុងតែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូច​តាច នោះ​បណ្ដាល​ឲ្យ​មាន​ការណ៍​ដ៏​ធំធេង​ឡើង។

៣៤មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​តម្រូវចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម ហើយ​ពួក​ដែល​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្ដាប់​បង្គាប់​នឹង​បាន​បរិ​ភោគផល​ល្អ​នៃ​ដែនដី​ស៊ីយ៉ូន នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។

៣៥ហើយ​ពួក​បះបោរ​នឹង​ត្រូវ​បាន​កាត់​ចេញ​ពី​ដែនដី​ស៊ីយ៉ូន ហើយ​នឹង​ត្រូវ​បណ្ដេញ​ចេញ ហើយ​នឹង​មិន​បាន​គ្រង​ដែនដី​ទុកជា​មរតក​ឡើយ។

៣៦ត្បិត​យើង​ប្រាប់​ជា​ប្រាកដ​ថា ពួក​បះបោរ​ពុំ​មែន​មក​ពី​ឈាម​នៃ​អេប្រាអិម​ឡើយ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​នឹង​ត្រូវ​បោច​ចេញ។

៣៧មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់ បាន​ធ្វើ​សាសនាចក្រ​របស់​យើង នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ ដូច​ជា​ចៅក្រម​អង្គុយ​នៅ​លើ​ភ្នំ ឬ​នៅ​លើ​កន្លែង​ខ្ពស់ ដើម្បី​ជំនុំ​ជំរះ​សាសន៍​ទាំង​ឡាយ។

៣៨ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា បណ្ដាជន​នៃ​ក្រុង​ស៊ីយ៉ូន​នឹង​ជំនុំ​ជំរះ​គ្រប់​ទាំង​អស់ ដែល​ទាក់​ទង​នឹង​ក្រុង​ស៊ីយ៉ូន។

៣៩ហើយ​ពួក​កំភូត និង​ពួក​មាន​ពុត​ទាំង​ឡាយ​នឹង​ត្រូវ​ផ្ចាញ់ផ្ចាល​ដោយ​ពួក​គេ ហើយ​ពួក​គេ​ដែល​ពុំ​មែន​ជា​ពួក​សាវក និង​ពួក​ព្យាការី​នឹង​ត្រូវ​បាន​ស្គាល់។

៤០ហើយ​សូម្បីតែ​ប៊ីស្សព​ដែល​ជា​ចៅក្រម​ម្នាក់ និង​ទីប្រឹក្សា​ទាំង​ឡាយ​របស់​គាត់ បើ​សិន​ជា​ពួក​គេ​មិន​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការ​កាន់​កាប់​ត្រួតត្រា​របស់​ខ្លួន​ទេ នោះ​នឹង​ត្រូវ​ដាក់​ទោស ហើយ​អ្នក​ផ្សេង​ទៀត​នឹង​ត្រូវ​ដាក់​ជំនួស​ពួក​គេ។

៤១ត្បិត​មើល​ចុះ យើង​ប្រាប់​អ្នក​ថា ក្រុង​ស៊ីយ៉ូន​នឹង​លូតលាស់ ហើយ​សិរី​ល្អ​នៃ​ព្រះ​អម្ចាស់​នឹង​ស្ថិត​នៅ​លើ​ក្រុង​ស៊ីយ៉ូន

៤២ហើយ​ក្រុង​ស៊ីយ៉ូន​នឹង​ទៅ​ជា​ទង់​ដល់​ប្រជាជន ហើយ​នឹង​មាន​មនុស្ស​មក​ក្រុង​ស៊ីយ៉ូន ចេញ​មក​ពី​គ្រប់​សាសន៍​នៅ​ក្រោម​មេឃ

៤៣ហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់ កាល​សាសន៍​ទាំង​ឡាយ​នៅ​លើ​ផែនដី​នឹង​ភ័យ​ញ័រ ពី​ព្រោះ​តែ​ក្រុង​ស៊ីយ៉ូន ហើយ​នឹង​ខ្លាច ពី​ព្រោះ​តែ​ពួក​ដ៏​ស្ញែង​ខ្លាច​ទាំង​ឡាយ​នៃ​ក្រុង​ស៊ីយ៉ូន។ ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​បន្ទូល​ហើយ។ អាម៉ែន៕