កណ្ឌ​ទី ៦៧

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ខែ​វិច្ឆិកា ឆ្នាំ​១៨៣១ (History of the Church, ១:២២៤–២២៥)។ នេះ​ជា​គ្រា​នៃ​សន្និសីទ​ដ៏​សំខាន់​មួយ ហើយ​ការ​បោះពុម្ពផ្សាយ​វិវរណៈ​ទាំង​ឡាយ ដែល​បាន​ទទួល​ពី​ព្រះ​អម្ចាស់​តាម​រយៈ​ព្យាការីរួច​ហើយ​នោះ ត្រូវ​បាន​យក​មក​ពិចារណា ហើយ​អនុវត្ត (សូម​មើល​ចំណង​ជើង​នៃ​កណ្ឌ​ទី ១)។ គឺ​បាន​សម្រេច​ថា អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ ត្រូវ​យក​ឯកសារ​អំពី​វិវរណៈ​ទាំង​ឡាយ​ទៅ​ក្រុង​អ៊ិនឌីប៉ែនដែនស៍ ជាទី​ដែល ដ័បបុលយូ ដ័បបុលយូ ហ្វែប្ស នឹង​បោះពុម្ពផ្សាយ​ចេញ​ជា Book of Commandments (ព្រះ​គម្ពីរ​នៃ​ព្រះ​បញ្ញត្តិ)។ បង​ប្អូន​ប្រុសៗ​ភាគ ច្រើន​បាន​ថ្លែង​ទី​បន្ទាល់​យ៉ាង​ម៉ឺងម៉ាត់​ថា វិវរណៈ​ទាំង​ប៉ុន្មាន ដែល​បាន​ប្រមូល​បង្រួម​សម្រាប់​បោះពុម្ពផ្សាយ នោះ​សុទ្ធ​តែ​ពិត ដូច​ជា​បាន​ធ្វើ​បន្ទាល់​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​សណ្ឋិត​មក​លើ​ពួក​គេ។ ព្យាការី​កត់​ថា បន្ទាប់​ពី​បាន​ទទួល​វិវរណៈ ដែល​ស្គាល់​ថា ជាកណ្ឌ​ទី​មួយ នោះ​មាន​ការ​សន្ទនា​ជំទាស់​មួយ​អំពី​របៀប​ប្រើ​ភាសា​នៅ​ក្នុង​វិវរណៈ​ទាំង​ឡាយ។ វិវរណៈ​នេះ​ត្រូវ​បាន​ទទួល​ដូចដែល​មាន​ត​ទៅ​នេះ។

១–៣, ព្រះ​អម្ចាស់​ទ្រង់​ឮ​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​នៃ​ពួក​អែលឌើរ ហើយ​ទត​មើល​មក​លើ​ពួក​គេ; ៤–៩, ទ្រង់​ស្នើ​ជន​ដ៏​មាន​ប្រាជ្ញា​វាង​វៃ​បំផុត​ឲ្យ​សាក​សរសេរ​វិវរណៈ​របស់​ទ្រង់​តែ​មួយ​ភាគ​តូច​បំផុត​ឲ្យ​បាន​គ្រាន់បើ​ជាង; ១០–១៤, ពួក​អែលឌើរ​ដែល​មាន​ចិត្ត​ស្មោះត្រង់​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​សារ​ព្រះ​វិញ្ញាណ ហើយ​មើល​ឃើញ​ព្រះ​ភក្ត្រា​នៃ​ព្រះ។

 ១ មើល​ចុះ និង​ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​យើង ដែល​បាន​ជួបជុំ​គ្នា​អើយ ពាក្យ​អធិស្ឋាន​របស់​ពួក​គេ​យើង​បាន​ឮ ហើយ​ដួង​ចិត្ត​របស់​ពួក​គេ​យើង​បាន​ស្គាល់ ហើយ​សេចក្ដី​ប៉ងប្រាថ្នា​របស់​ពួក​គេ បាន​ឡើង​មក​ចំពោះ​យើង​ហើយ។

 ២ មើល​ចុះ ហើយ​មើល​ន៏ ភ្នែក​របស់​យើង​កំពុង​សម្លឹង​មើល​មក​លើ​អ្នក ហើយ​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ក្នុង​ដៃ​របស់​យើង ហើយ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​នៃ​ភាព​អស់​កល្ប​ជានិច្ច គឺជា​របស់​ផង​យើង ទុក​សម្រាប់​ប្រទាន​ឲ្យ។

 ៣ អ្នក​រាល់​គ្នា​បាន​ខំ​ព្យាយាម​ដើម្បី​ជឿ​ថា អ្នក​រាល់​គ្នា​គប្បី​បាន​ទទួល​ព្រះ​ពរ ដែល​បាន​ស្នើ​ផ្ដល់​ដល់​អ្នក ប៉ុន្តែ​មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន​សេចក្ដី​ខ្លាច​នៅ​ក្នុង​ចិត្ត​អ្នក​ទាំង​ឡាយ ហើយ​ប្រាកដ​មែន នេះ​ហើយ​ជាហេតុ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល។

 ៤ ហើយ​ឥឡូវ​នេះ យើង​ជា​ព្រះ​អម្ចាស់ ប្រទាន​ដល់​អ្នក​នូវ​ទី​បន្ទាល់​មួយ​នៃ​សេចក្ដី​ពិត​អំពី​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នេះ ដែល​លាត​នៅ​ខាង​មុខ​អ្នក។

 ៥ ភ្នែក​របស់​អ្នក​ទាំង​ឡាយ បាន​សម្លឹង​មើល​មក​លើ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ហើយ​ភាសា​របស់​លោក អ្នក​ក៏​បាន​ដឹង រីឯ​ការ​មិន​ល្អ​ឥត​ខ្ចោះ​របស់​លោក អ្នក​ក៏​បាន​ដឹង ហើយ​អ្នក​បាន​ស្វែងរក​តម្រិះ​ក្នុង​ចិត្ត​របស់​អ្នក ប្រយោជន៍​ឲ្យ​អ្នក​អាច​ថ្លែង​បាន​ប្រសើរ ជាង​ភាសា​របស់​លោក ការណ៍​នេះ​អ្នក​ក៏​ដឹង​ផង​ដែរ។

 ៦ ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​រក​ក្នុង​ព្រះ​គម្ពីរ​នៃ​ព្រះ​បញ្ញត្តិ គឺ​មួយ​ណា​ដែល​តូច​ជាងគេ​បំផុត ហើយ​ចូរ​តាំង​អ្នក​នោះ​ដែល​មាន​ប្រាជ្ញា​បំផុត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ចុះ

 ៧ ឬ​ក៏​បើ​សិន​ជា​មាន​នរណា​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​នឹង​សរសេរ​វិវរណៈ​មួយ​ឲ្យ​បាន​ដូច​វិវរណៈ​នោះ នោះ​អ្នក​រាល់​គ្នាត្រូវ​បាន​រាប់​ថា​សុចរិត ក្នុង​ការ​និយាយ​ថា អ្នក​រាល់​គ្នា​មិន​ដឹង​ថា​វិវរណៈ​ទាំង​នោះ​ពិត

 ៨ ប៉ុន្តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​អាច​សរសេរ​មួយ​ឲ្យ​បាន​ដូច​ជា​វិវរណៈ​នោះ​ទេ អ្នក​រាល់​គ្នា​កំពុងតែ​នៅ​ក្រោម​សេចក្ដី​ដាក់​ទោស បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ថ្លែង​ទី​បន្ទាល់​ថា វិវរណៈ​ទាំង​នោះ​ពិត។

 ៩ ត្បិត​អ្នក​រាល់​គ្នា​ដឹង​ថា គ្មាន​សេចក្ដី​ឥត​សុចរិតណា​នៅ​ក្នុង​វិវរណៈ​ទាំង​នោះ​ឡើយ ហើយ​អ្វី​ដែល​សុចរិត នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ​វរបិតា​នៃ​ពន្លឺ

 ១០ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺជា​ឯកសិទ្ធិ​របស់​អ្នក ហើយ​ជា​សេចក្ដី​សន្យា​ដែល​យើង​ប្រទាន​ដល់​អ្នក ដែល​បាន​តែងតាំង​ចំពោះ​ការងារ​បម្រើ​នេះ ដែល​ដរាបណា​អ្នក​កម្ចាត់​ខ្លួន​ចេញ​ពី​សេចក្ដី​ច្រណែន និង​សេចក្ដី​ខ្លាច ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ត្បិត​អ្នក​រាល់​គ្នា​ពុំ​បាន​បន្ទាប​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់​ឡើយ នោះ​វាំងនន​នឹង​ត្រូវ​រហែក ហើយ​អ្នក​នឹង​បាន​ឃើញ​យើង ហើយ​ដឹង​ថា យើង​ជា​ព្រះ — ពុំ​មែន​ដោយ​គំនិត​ខាង​រូប​កាយ ឬ​ខាង​សាច់​ឈាម​ទេ ប៉ុន្តែ​ខាង​វិញ្ញាណ​វិញ។

 ១១ ត្បិត​គ្មាន​មនុស្ស​ណា​មួយ​បាន​ឃើញ​ព្រះ​នៅ​ក្នុង​សាច់​ឈាម​នៅ​ពេល​ណា​មួយ​ឡើយ លើក​លែងតែ​បាន​ប្រោស​ឡើង​ដោយ​ព្រះ វិញ្ញាណ​នៃ​ព្រះ​ប៉ុណ្ណោះ។

 ១២ ហើយ​គ្មាន​មនុស្ស​ខាង​សាច់​ឈាម​ណា​មួយ អាច​នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ​បាន​ទេ ឬ​តាម​គំនិត​ខាង​រូប​កាយ​បាន​ឡើយ។

 ១៣ អ្នក​រាល់​គ្នា​ពុំ​អាច​នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ​បាន​ឡើយ​នៅ​ពេល​នេះ ឬ​ក៏​ការងារ​បម្រើ​នៃ​ពួក​ទេវតា​ដែរ ហេតុ​ដូច្នោះ​ហើយ ចូរ​ស៊ូ​នៅ​ក្នុង​សេចក្ដី​អត់ធន់​ចុះ រហូត​ដល់​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ។

 ១៤ ចូរ​កុំ​បែរ​គំនិត​របស់​អ្នក​ទៅ​វិញ​ឡើយ ហើយ​កាលណា​អ្នក​រាល់​គ្នា​បាន​សក្ដិសម តាម​ពេល​ដែល​យើង​កំណត់ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ ហើយ​ដឹង​នូវ​អ្វី​ដែល​បាន​ប្រគល់​មក​លើ​អ្នក ដោយ​សារ​ដៃ​នៃ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង។ អាម៉ែន៕