កណ្ឌ​ទី ៧៦

ការ​និមិត្ត​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី និង ស៊ីឌនី រិកដុន នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​១៨៣២ (History of the Church, ១:២៤៥–២៥២)។ មុន​បញ្ជី​របស់​លោក​អំពី​ការ​និមិត្ត​នេះ ព្យាការី​បាន​សរសេរ​ថា ៖ « បន្ទាប់​ពី​ខ្ញុំ​បាន​វិល​មក​ពី​សន្និសីទ​នៅ​ភូមិ​អាមហ៊ើស្ទ​វិញ ខ្ញុំ​បាន​ចាប់​ផ្ដើម​ការ​បកប្រែ​ព្រះ​គម្ពីរ​ម្ដង​ទៀត។ ពី​វិវរណៈ​នានា​ដែល​បាន​ទទួល​មក​ឃើញ​ថា ចំណុច​ដ៏​សំខាន់​ជា​ច្រើន​ដែល​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស នោះ​ត្រូវ​បាន​ដក​ចេញ​ពី​ព្រះ​គម្ពីរ​ប៊ីប ឬ​ក៏​បាត់​មុន​ពេល​គេ​ប្រមូល​ផ្គុំ​ព្រះ​គម្ពីរ។ ឃើញ​ថា​ជា​ភស្តុតាង​យ៉ាង​ជាក់​លាក់​តាម​សេចក្ដី​ពិត​ទាំង​ឡាយ​ដែល​នៅ​សល់​ថា បើ​សិន ជា​ព្រះ​ទ្រង់​ប្រទាន​រង្វាន់​ដល់​មនុស្ស​ម្នាក់ៗ តាម​ការ​ប្រព្រឹត្តិ​ទាំង​ឡាយ​ដែល​បាន​ធ្វើ​នៅ​ក្នុង​រូប​កាយ នោះ​ពាក្យ​ថា ‹ស្ថាន​សួគ៌› ដូច​ជា​មាន​ន័យ​សម្រាប់​គេហដ្ឋាន​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​ពួក​បរិសុទ្ធ ត្រូវ​តែ​មាន​នគរ​លើស​ជាង​មួយ។ ម្ល៉ោះ​ហើយ . . . កាល​កំពុងតែ​បកប្រែ​ដំណឹង​ល្អ​តាម​លោក​យ៉ូហាន រូប​ខ្ញុំ​ហើយ​និង អែលឌើរ រិកដុន បាន​ឃើញ​ការ​និមិត្ត​ដែល​មាន​ដូច​ត​ទៅ​នេះ » (History of the Church, ១:២៤៥)។ គឺ​ក្រោយ​ពី​ព្យាការី​បាន​បកប្រែ​គម្ពីរ​យ៉ូហាន ៥:២៩ ដែល​ការ​និមិត្ត​ត្រូវ​បាន​ប្រទាន​ឲ្យ​មក។

១–៤, ព្រះ​អម្ចាស់​ទ្រង់​ជា​ព្រះ; ៥–១០, សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ដល់​ពួក​ស្មោះត្រង់​ទាំង​អស់; ១១–១៧, មនុស្ស​ទាំង​អស់​នឹង​ចេញ​មក​ក្នុង​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​សុចរិត ឬ​មនុស្ស​ឥត​សុចរិត; ១៨–២៤, បណ្ដាជន​នៃ​ពិភពលោក​ជា​ច្រើន សុទ្ធ​តែ​បុត្រា​បុត្រី​បង្កើត​ចំពោះ​ព្រះ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ; ២៥–២៩, ទេវតា​មួយ​នៃ​ព្រះ​បាន​ធ្លាក់ ហើយ​បាន​ក្លាយ​ទៅ​ជា​អារក្ស; ៣០–៤៩, ពួក​កូន​អន្តរធាន​រង​ទុក្ខ​នូវ​សេចក្ដី​ជាប់​ទោស​ដ៏​អស់​កល្ប​ជានិច្ច; រីឯ​មនុស្ស​គ្រប់​រូប​ឯ​ទៀត​បាន​ទទួល​កម្រិត​នៃ​សេចក្ដី សង្គ្រោះ​ខ្លះ; ៥០–៧០, សិរី​ល្អ និង​រង្វាន់​នៃ​ពួក​តម្កើង​ឡើង​នៅ​ក្នុង​នគរ​សេឡេស្ទាល​ត្រូវ​បាន​អធិប្បាយ​ប្រាប់; ៧១–៨០, អស់​អ្នក​ដែល គ្រង​នគរ​ទេរេសទ្រាល​ទុកជា​មរតក ត្រូវ​បាន​អធិប្បាយ​ប្រាប់; ៨១–១១៣, ឋានៈ​នៃ​អស់​អ្នក​នៅ​ក្នុង​សិរី​ល្អ​នៃ​ទេឡេស្ទាល ទេរេសទ្រាល និង​សេឡេស្ទាល ត្រូវ​បាន​ពន្យល់​ប្រាប់; ១១៤–១១៩, ពួក​ស្មោះត្រង់​អាច​ឃើញ​ហើយ​យល់​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​អំពី​នគរ​នៃ​ព្រះ ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

 ១ ឱ​ពួក​ស្ថាន​សួគ៌​អើយ ចូរ​ស្ដាប់ ហើយ​ពួក​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក ហើយ​បណ្ដាជន​នៃ​ទី​ទាំង​នេះ​អើយ ចូរ​អរ​សប្បាយ​ចុះ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​ជា​ព្រះ ហើយ​ក្រៅ​ពី​ទ្រង់​នោះ​គ្មានព្រះ​អង្គ​សង្គ្រោះ​ឯណា​ឡើយ។

 ២ មហិមា​ណាស់​ហ្ន៎​ប្រាជ្ញា​របស់​ទ្រង់ អស្ចារ្យ​ណាស់​ហ្ន៎​មាគ៌ា​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​ទំហំ​នៃ​ការ​ប្រព្រឹត្តិ​របស់​ទ្រង់ នោះ​គ្មាន​នរណា​អាច​យល់​ឃើញ​ឡើយ។

 ៣ គោលបំណង​របស់​ទ្រង់​ពុំ​ដែល​ផុត​ទៅ ឬ​គ្មាន​នរណា​អាច​បញ្ឈប់​ព្រះ​ហស្ត​របស់​ទ្រង់​បាន​ឡើយ។

 ៤ ពី​ភាព​អស់​កល្ប​ទៅ​ភាព​អស់​កល្ប​ជានិច្ច នោះ​ទ្រង់​នៅ​តែ​ដដែល ហើយ​ព្រះ​ជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ។

 ៥ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា — យើង​ជា​ព្រះ​អម្ចាស់​មាន​សេចក្ដី​មេត្តាករុណា និង​សេចក្ដី​អាណិតអាសូរ​ដល់​អស់​អ្នក​ណា​ដែល​កោតខ្លាច​ដល់​យើង ហើយ​សព្វ​ព្រះ​ហឫទ័យ​នឹង​ឲ្យ​កិត្តិយស​ដល់​អស់​អ្នក​ណា​ដែល​បម្រើ​យើង​ដោយ​នូវ​សេចក្ដី​សុចរិត និង​ដោយ​នូវ​សេចក្ដី​ពិត​រហូត​ដល់​ចុង​បំផុត។

 ៦ នឹង​មាន​ភាព​មហិមា​ណាស់​រង្វាន់​របស់​ពួក​គេ ហើយ​ភាព​អស់​កល្ប​ជានិច្ច​នឹង​ទៅ​ជា​សិរី​ល្អ​របស់​ពួក​គេ។

 ៧ ហើយ​ចំពោះ​ពួក​គេ នោះ​យើង​នឹង​បើក​សម្ដែង​អស់​ទាំង​សេចក្ដី​អាថ៌កំបាំង មែន​ហើយ គឺ​អស់​ទាំង​សេចក្ដី​អាថ៌កំបាំង​ដ៏​សម្ងាត់ៗ​អំពី​នគរ​របស់​យើង ចាប់​តាំង​ពី​សម័យ​បុរាណ​មក ហើយ​សម្រាប់​អស់​ទាំង​កល្ប​ខាង​មុខ នោះ​យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្គាល់​នូវ​បំណង​ព្រះ​ហឫទ័យ​របស់​យើង អំពី​គ្រប់​ទាំង​អស់ ដែល​ទាក់​ទង​ទៅ​នឹង​នគរ​របស់​យើង។

 ៨ មែន​ហើយ គឺ​អំពី​ការ​អស្ចារ្យ​ទាំង​ឡាយ​នៃ​ភាព​អស់​កល្ប​ជានិច្ច នោះ​ពួក​គេ​នឹង​បាន​ស្គាល់ ហើយ​ការណ៍​ទាំង​ឡាយ​ដែល​នឹង​មាន​ឡើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួក​គេ គឺ​ការណ៍​ទាំង​ឡាយ​អំពី​តំណ​មនុស្ស​ជា​ច្រើន។

 ៩ ហើយ​ប្រាជ្ញា​របស់​ពួក​គេ​នឹង​ទៅ​ជា​មហិមា ហើយ​យោបល់​របស់​ពួក​គេ​ឡើង​ទៅ​ដល់​ស្ថាន​សួគ៌ ហើយ​នៅ​ចំពោះ​ពួក​គេ ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ​នឹង​វិនាស​បាត់​ទៅ ហើយ​យោបល់​នៃ​ពួក​អ្នក​ចេះ​នឹង​ទៅ​ជា​ឥត​ការ។

 ១០ ត្បិត​ដោយ​សារ​ព្រះ​វិញ្ញាណ​របស់​យើង នោះ​យើង​នឹង​បំភ្លឺ​ពួក​គេ ហើយ​ដោយ​សារ​ព្រះ​ចេស្ដា​របស់​យើង នោះ​យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្គាល់​នូវ​ការ​សម្ងាត់​ទាំង​ឡាយ​នៃ​ព្រះ​ហឫទ័យ​របស់​យើង — មែន​ហើយ គឺ​សេចក្ដី​ទាំង​នោះ​ដែល​ភ្នែក​មិនដែល​ឃើញ ឬ​ត្រចៀក​មិន​ដែល​ឮ ឬ​មិនដែល​នឹក​ដល់​ចិត្ត​នៃ​មនុស្ស​ឡើយ។

 ១១ យើង​ខ្ញុំ គឺ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង ស៊ីឌនី រិកដុន ដោយ​បាន​នៅ​ក្នុង​ព្រះ​វិញ្ញាណ នៅ​ថ្ងៃ​ទី​ដប់​ប្រាំមួយ​នៃ​ខែ​កុម្ភៈ​ក្នុង​ឆ្នាំ​មួយ​ពាន់​ប្រាំបី​រយ​សាមសិប​ពីរ​នៃ​ព្រះ​អម្ចាស់​របស់​យើង —

 ១២ ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ នោះ​ភ្នែក​របស់​យើង​ខ្ញុំ​បាន​បើក ហើយ​យោបល់​របស់​យើង​បាន​ភ្លឺ ដើម្បី​ឲ្យ​បាន​ឃើញ ហើយ​យល់​នូវ​ការណ៍​ទាំង​ឡាយ​នៃ​ព្រះ —

 ១៣ គឺ​សេចក្ដី​ទាំង​នោះ​ដែល​មាន​តាំង​ពី​ដើមដំបូង មុន​មាន​លោកិយ​មក​ម្ល៉េះ ដែល​បាន​តែងតាំង​ដោយ​ព្រះ​វរបិតា តាម​រយៈ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ដែល​គង់នៅ​ក្នុង​ឱរា​ព្រះ​វរបិតា គឺ​តាំង​ពី​ដើមដំបូង​មក​ម្ល៉េះ

 ១៤ ដែល​យើង​ខ្ញុំ​ថ្លែង​ទី​បន្ទាល់ ហើយ​ទី​បន្ទាល់​ដែល​យើង​ខ្ញុំ​ថ្លែង គឺជា​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ជា​ព្រះ​រាជ​បុត្រា ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ទូល​ជាមួយ​នៅ​ក្នុង​ការ​និមិត្ត​ពី​ស្ថាន​សួគ៌។

 ១៥ ត្បិត​ក្នុង​កាល​យើង​ខ្ញុំ​កំពុងតែ​ធ្វើ​ការ​បកប្រែ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ចាត់​ដល់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​បាន​មក​ដល់​ខ​ម្ភៃ​ប្រាំបួន​នៃ​ជំពូក​ទី​ប្រាំ​ក្នុង​គម្ពីរ​យ៉ូហាន ដែល​បាន​ប្រទាន​ដល់​យើង​ដែល​មាន​ដូច​ត​ទៅ​នេះ —

 ១៦ ដោយ​និយាយ​អំពី​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់ ស្ដី​អំពី​អស់​អ្នក​ដែល​នឹង​ឮ​សំឡេង​នៃ​កូន​មនុស្ស​ថា ៖

 ១៧ ហើយ​នឹង​ចេញ​មក គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​សុចរិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ឥត​សុចរិត។

 ១៨ ឥឡូវ​សេចក្ដី​នេះ បាន​បណ្ដាល​ឲ្យ​យើង​ខ្ញុំ​ងឿងឆ្ងល់ ត្បិត​ពាក្យ​នេះ​ត្រូវ​បាន​ប្រទាន​ដល់​យើង​ខ្ញុំ​ពី​ព្រះ​វិញ្ញាណ។

 ១៩ ហើយ​ក្នុង​កាល​យើង​ខ្ញុំ​កំពុងតែ​ពិចារណា​ពី​សេចក្ដី​ទាំង​នេះ នោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​ពាល់​ភ្នែក​នៃ​យោបល់​របស់​យើង​ខ្ញុំ ហើយ​ក៏​បាន​បើក ហើយ​សិរី​ល្អ​នៃ​ព្រះ​អម្ចាស់​បាន​ភ្លឺ​ចែងចាំង​ជុំវិញ។

 ២០ ហើយ​យើង​ខ្ញុំ​បាន​មើល​ឃើញ​សិរី​ល្អ​នៃ​ព្រះ​រាជ​បុត្រា គង់នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ​វរបិតា ហើយ​បាន​ទទួល​ភាព​ពោរ​ពេញ​របស់​ទ្រង់

 ២១ ហើយ​បាន​ឃើញ​ពួក​ទេវតា​បរិសុទ្ធ និង​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ចំពោះ​បល្ល័ង្ក​របស់​ទ្រង់ ដោយ​ថ្វាយ​បង្គំ​ព្រះ និង​កូន​ចៀម ដែល​ថ្វាយ​បង្គំ​ទ្រង់​អស់​កល្ប​ជានិច្ច និង​រៀង​ដរាប​ត​ទៅ។

 ២២ ហើយ​ឥឡូវ​នេះ បន្ទាប់​ពី​ទី​បន្ទាល់​ជា​ច្រើន​ដែល​បាន​ថ្លែង​អំពី​ទ្រង់ នេះ​គឺជា​ទី​បន្ទាល់​ចុង​ក្រោយ​បង្អស់ ដែល​យើង​ខ្ញុំ​សូម​ថ្លែង​អំពី​ទ្រង់ ៖ គឺថា​ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ!

 ២៣ ត្បិត​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​គង់នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ ហើយ​យើង​ខ្ញុំ​បាន​ឮ​សំឡេង​ដែល​ថ្លែង​ទី​បន្ទាល់​ថា ទ្រង់​គឺជា​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ​វរបិតា —

 ២៤ ថា​ដោយ​សារ​ព្រះ​អង្គ និង​តាម​រយៈ​ព្រះ​អង្គ ហើយ​ពី​ព្រះ​អង្គ នោះ​ពិភពលោក​ទាំង​ឡាយ​មាន​ឡើង ហើយ​បាន​បង្កើត​មក ហើយ​បណ្ដាជន​នៅ​ទី​នោះ​គឺជា​បុត្រា​បុត្រី​បង្កើត​ចំពោះ​ព្រះ។

 ២៥ ហើយ​យើង​ខ្ញុំ​បាន​ឃើញ​ការណ៍​នេះ​ដែរ ហើយ​ថ្លែង​ទី​បន្ទាល់​ថា ទេវតា​មួយ​នៃ​ព្រះ ដែល​មាន​សិទ្ធិ​អំណាច​នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ ដែល​បាន​បះបោរ​ទាស់​នឹង​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ ដែល​ព្រះ​វរបិតា​ស្រឡាញ់ ហើយ​ដែល​គង់នៅ​ក្នុង​ឱរា​ព្រះ​វរបិតា នោះ​ទេវតា​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​ពី​វត្ត​មាន​នៃ​ព្រះ និង​ព្រះ​រាជ​បុត្រា

 ២៦ ហើយ​ត្រូវ​បាន​ហៅថា​អន្តរធាន ត្បិត​បណ្ដា​ស្ថាន​សួគ៌​បាន​យំ​ដោយ​សារ​វា — វា​គឺជា​លូស៊ីហ្វើរ ជា​បុត្រា​នៃ​ពេល​ព្រឹក។

 ២៧ ហើយ​យើង​ខ្ញុំ​បាន​មើល​ឃើញ ហើយ​មើល​ន៏ វា​បាន​រលំ​ហើយ! បាន​រ​លំ​ហើយ គឺជា​បុត្រា​នៃ​ពេល​ព្រឹក!

 ២៨ ហើយ​ក្នុង​កាល​យើង​ខ្ញុំ​កំពុងតែ​នៅ​ក្នុង​ព្រះ​វិញ្ញាណ​នៅ​ឡើយ នោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ដល់​យើង​ខ្ញុំ ថា​យើង​ខ្ញុំ​គួរ​សរសេរ​ពី​ការ​និមិត្ត​នេះ ត្បិត​យើង​ខ្ញុំ​បាន​មើល​ឃើញ​សាតាំង ដែល​ជា​ពស់​ពី​ចាស់​បុរាណ គឺជា​អារក្ស​ដែល​បាន​បះបោរ​ទាស់​នឹង​ព្រះ ហើយ​បាន​ខំ​ស្វែងរក ដើម្បី​យក​នគរ​នៃ​ព្រះ​របស់​យើង និង​ព្រះ​គ្រីស្ទ​នៃ​ទ្រង់ —

 ២៩ ហេតុ​ដូច្នោះ​ហើយ វា​បាន​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួក​បរិសុទ្ធ​នៃ​ព្រះ ហើយ​ព័ទ្ធជុំវិញ​ពួក​គេ។

 ៣០ ហើយ​យើង​ខ្ញុំ​បាន​ឃើញ​ការ​និមិត្ត​មួយ​អំពី​សេចក្ដី​ទុក្ខ​លំបាក នៃ​អស់​អ្នក​ដែល​វា​បាន​ធ្វើ​សង្គ្រាម​ជាមួយ ហើយ​បាន​ឈ្នះ ត្បិត​សំឡេង​នៃ​ព្រះ​អម្ចាស់​បាន​មាន​ព្រះ​បន្ទូល​មក​យើង​ខ្ញុំ​ថា ៖

 ៣១ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​អំពី​អស់​អ្នក​ទាំង​នោះ​ដែល​ស្គាល់​ព្រះ​ចេស្ដា​របស់​យើង ហើយ​ដែល​បាន​ធ្វើ​ជា​អ្នក​ទទួល​ទាន​ព្រះ​ចេស្ដា​នោះ ហើយ​បាន​បណ្ដោយ​ខ្លួន​តាម​អំណាច​នៃ​អារក្ស ដើម្បី​ឲ្យវា​បាន​ឈ្នះ ហើយ​បដិសេធ​សេចក្ដី​ពិត ហើយ​បន្ថោក​បន្ទាប​ព្រះ​ចេស្ដា​របស់​យើង​ដូច្នេះ​ថា —

 ៣២ ពួក​គេ​នេះ​ហើយ​ដែល​ជា​ពួកកូន​អន្តរធាន ដែល​យើង​បាន​ប្រាប់​ថា បើ​ពួក​គេ​មិន​បាន​កើត​មក​សោះ នោះ​ទុកជា​ការ​ប្រសើរ​ជាង

 ៣៣ ត្បិត​ពួក​គេ​ជា​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​ជាប់​ទោស ដើម្បី​រង​ទុក្ខ​សេចក្ដី​ក្រោធ​នៃ​ព្រះ ជាមួយ​នឹង​អារក្ស​ព្រម​ទាំង​ពួក​ទេវតា​របស់​វា​នៅ​ក្នុង​ភាព​ដ៏​អស់​កល្ប​ជានិច្ច

 ៣៤ ស្ដី​អំពី​ពួក​អ្នក​ដែល​យើង​បាន​មាន​បន្ទូល​ថា គ្មាន​ការ​អត់​ទោស​នៅ​លោកិយ​នេះ ឬ​នៅ​បរលោក​ក្ដី —

 ៣៥ ដោយ​ព្រោះ​គេ​បាន​បដិសេធ​ព្រះ​វិញ្ញាណ​បរិសុទ្ធ បន្ទាប់​ពី​បាន​ទទួល​ហើយ​នោះ ហើយ​ដោយ​ព្រោះ​គេ​បដិសេធ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ​វរបិតា ដោយ​ព្រោះ​គេ​បាន​ឆ្កាង​ព្រះ​អង្គ​ចំពោះ​ខ្លួន​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ទ្រង់​ហាលមុខ​ខ្មាស​គេ។

 ៣៦ ពួក​គេ​នេះ​ហើយ​ដែល​នឹង​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ ជាមួយ​នឹង​អារក្ស​ព្រម​ទាំង​ពួក​ទេវតា​របស់​វា —

 ៣៧ ហើយ​ជា​ពួក​នោះ​តែប៉ុណ្ណោះ​គត់ ដែល​សេចក្ដី​ស្លាប់​ទី​ពីរ​នឹង​មាន​អំណាច​មក​លើ​ពួក​គេ

 ៣៨ មែន​ហើយ ប្រាកដ​មែន គឺជា​ពួក​នោះ​តែប៉ុណ្ណោះ​គត់ ដែល​នឹង​ពុំ​បាន​ប្រោស​លោះ​ឡើយ នៅ​កំណត់​ពេល​នៃ​ព្រះ​អម្ចាស់ បន្ទាប់​ពី​ការ​រង​ទុក្ខ​លំបាក​ចំពោះ​សេចក្ដី​ក្រោធ​របស់​ទ្រង់។

 ៣៩ ត្បិត​ឯ​មនុស្ស​ទាំង​អស់​ទៀត គេ​នឹង​បាន​នាំ​មក​ដោយ​សារ​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់ តាម​រយៈ​ជ័យ​ជម្នះ និង​សិរី​ល្អ​នៃ​កូន​ចៀម​ដែល​ត្រូវ​ប្រហារ ដែល​នៅ​ក្នុង​ឱរា​ព្រះ​វរបិតា ចាប់​តាំង​ពី​មុន​កំណើត​ភព​ទាំង​ឡាយ​មក​ម្ល៉េះ។

 ៤០ ហើយ​នេះ​គឺជា​ដំណឹង​ល្អ ជា​ដំណឹង​ដ៏​រីករាយ ដែល​សំឡេង​ចេញ​ពី​ផ្ទៃ​មេឃ​បាន​ថ្លែង​ទី​បន្ទាល់​ប្រាប់​ដល់​យើង —

 ៤១ ថា​ទ្រង់​បាន​យាង​មក​ក្នុង​ពិភពលោក គឺ​ព្រះ​យេស៊ូវ ដើម្បី​ត្រូវ​គេ​ឆ្កាង​ជំនួស​ពិភពលោក ហើយ​ដើម្បី​ផ្ទុក​អំពើ​បាប​ទាំង​ឡាយ​នៃ​ពិភពលោក ហើយ​ដើម្បី​ញែក​ពិភពលោក​ចេញ​ជា​បរិសុទ្ធ ហើយ​ដើម្បី​ជំរះ​ពិភពលោក​ឲ្យ​ស្អាត​ចេញ​ពី​អំពើ​ដ៏​ឥត​សុចរិត​ទាំង​អស់។

 ៤២ ថា​តាម​រយៈ​ព្រះ​អង្គ នោះ​មនុស្ស​ទាំង​អស់​នឹង​អាច​បាន​សង្គ្រោះ ដែល​ព្រះ​វរបិតា​បាន​ដាក់​ក្នុង​ព្រះ​ចេស្ដា​របស់​ទ្រង់ ហើយ​បាន​បង្កើត​ដោយ​ទ្រង់​

 ៤៣ ដែល​សរសើរ​តម្កើង​ព្រះ​វរបិតា ហើយ​សង្គ្រោះ​អស់​ទាំង​ការ​នៃ​ព្រះ​ហស្ត​ទ្រង់ លើក​លែងតែ​ពួក​កូន​អន្តរធាន​ប៉ុណ្ណោះ ដែល​បដិសេធ​ព្រះ​រាជ​បុត្រា បន្ទាប់​ពី​ព្រះ​វរបិតា​បាន​បើក​សម្ដែង​ឲ្យ​ស្គាល់​ទ្រង់។

 ៤៤ ហេតុ​ដូច្នោះ​ហើយ ទ្រង់​សង្គ្រោះ​មនុស្ស​ទាំង​អស់ លើក​លែងតែ​ពួក​វា​ប៉ុណ្ណោះ — ពួក​វា​នឹង​ចេញ​ទៅ​ក្នុង​ការ​ដាក់​ទោស​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ជា​ការ​ដាក់​ទោស​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ជា​ការ​ដាក់​ទោស​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដើម្បី​សោយ​រាជ្យ​ជាមួយ​នឹង​អារក្ស ព្រម​ទាំង​ពួក​ទេវតា​របស់​វា​នៅ​ក្នុង​ភាព​ដ៏​អស់​កល្ប​ជានិច្ច ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​មិនដែល​រលត់​ឡើយ គឺជា​ការ​រង​ទុក្ខ​វេទនា​របស់​ពួក​វា —

 ៤៥ ហើយ​ចុង​បំផុត​នៃ​ការ​ដាក់​ទោស​នេះ ឬ​កន្លែង​នៃ​ការ​ដាក់​ទោស​នេះ ឬ​ការ​រង​ទុក្ខ​វេទនា​របស់​ពួក​វា នោះ​គ្មាន​នរណា​ដឹង​ឡើយ

 ៤៦ ការ​ណ៍នេះ​ពុំ​ដែល​បាន​បើក​សម្ដែង​មក​ទេពីមុន ឬ​នៅ​ពេល​នេះ ឬ​ក៏​នឹង​មិន​បើក​សម្ដែង​ដល់​មនុស្ស​ដែរ លើក​លែងតែ​ពួក​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ពួក​អ្នក​ទទួល​ទាន​នូវ​ការ​ណ៍នោះ​ប៉ុណ្ណោះ

 ៤៧ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ជា​ព្រះ​អម្ចាស់​បង្ហាញ​ការ​នេះ​ដល់​មនុស្ស​ជា​ច្រើន ដោយ​នូវ​ការ​និមិត្ត ប៉ុន្តែ​បិទ​ទុក​វិញ​ភ្លាម

 ៤៨ ហេតុ​ដូច្នោះ​ហើយ ចុង​បំផុត ទំហំ កម្ពស់ ជម្រៅ និង​ទុក្ខ​វេទនា​នៃ​ការណ៍​នោះ នោះ​ពួក​គេ​ពុំ​យល់​ឡើយ គឺ​គ្មាន​មនុស្ស​ណា​មួយ​ឡើយ លើក​លែងតែ​ពួក​អ្នក​ទាំង​នោះ ដែល​ត្រូវ​បាន​តែងតាំង​ចំពោះ​ការ​ជាប់​ទោស​នេះ​ប៉ុណ្ណោះ។

 ៤៩ ហើយ​យើង​ខ្ញុំ​បាន​ឮ​សំឡេង​ពោល​ថា ៖ ចូរ​សរសេរ​ពី​ការ​និមិត្ត​នេះ ត្បិត​មើល​ន៏ នេះ​ហើយ​ជា​ចុង​បំផុត​នៃ​ការ​និមិត្ត​អំពី​ការ​រង​ទុក្ខ​វេទនា​នៃ​មនុស្ស​ទមិឡ​ល្មើស។

 ៥០ ហើយ​ជា​ថ្មី​ទៀត យើង​ខ្ញុំ​ថ្លែង​ទី​បន្ទាល់ — ត្បិត​យើង​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ឮ ហើយ​នេះ​គឺជា​ទី​បន្ទាល់​អំពី​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ អំពី​ពួក​អ្នក​ដែល​នឹង​ចេញ​មក​ក្នុង​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​សុចរិត​ថា —

 ៥១ ពួក​គេ​នេះ​ហើយ​ដែល​បាន​ទទួល​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ ហើយ​បាន​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក តាម​បែប​នៃ​ការ​បញ្ចុះ​របស់​ទ្រង់ ដោយ​បាន​កប់​ក្នុង​ទឹក​ដោយ​នូវ​ព្រះ​នាម​របស់​ទ្រង់ ហើយ​នេះ​គឺ​តាម​ព្រះ​បញ្ញត្តិ​ដែល​ទ្រង់​បាន​ប្រទាន​មក —

 ៥២ ថា​ដោយ​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ នោះ​ពួក​គេ​អាច​បាន​លាង ហើយ​សំអាត​ឲ្យ​ជ្រះ​ចេញ​ពី​អស់​ទាំង​អំពើ​បាប​របស់​ពួក​គេ ហើយ​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​សារ​ការ​ដាក់​ដៃ​លើ ពី​អ្នក​ណា​ដែល​ត្រូវ​បាន​តែងតាំង ហើយ​បាន​ភ្ជាប់​ចំពោះ​អំណាច​នេះ

 ៥៣ ហើយ​ជា​អ្នក​ដែល​បាន​ឈ្នះ​ដោយ​សារ​សេចក្ដី​ជំនឿ ហើយ​បាន​ភ្ជាប់​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ដែល​ព្រះ​វរបិតា​ចាត់​ឲ្យ​មក​លើ​អស់​អ្នក​ណា ដែល​សុចរិត​ហើយ​ពិត។

 ៥៤ ពួក​គេ​នេះ​ហើយ​ដែល​ជា​សាសនាចក្រ​នៃ​កូន​ច្បង។

 ៥៥ ពួក​គេ​នេះ​ហើយ​ដែល​ព្រះ​វរបិតា​បាន​ប្រទាន​គ្រប់​ទាំង​អស់​ទៅ​ក្នុង​ដៃ​របស់​ពួក​គេ —

 ៥៦ ពួក​គេ​នេះ​ហើយ​ដែល​ជា​សង្ឃ និង​ស្ដេច​ទាំង​ឡាយ ដែល​បាន​ទទួល​ភាព​ពោរ​ពេញ​របស់​ទ្រង់ និង​សិរី​ល្អ​របស់​ទ្រង់

 ៥៧ ហើយ​ជា​ពួក​សង្ឃ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត តាម​របៀប​ម៉ិលគីស្សាដែក ដែល​ត្រូវ​ធ្វើ​តាម​របៀប​ហេណុក ដែល​ត្រូវ​ធ្វើ​តាម​របៀប​នៃ​ព្រះ​រាជបុត្រា​បង្កើត​តែ​មួយ។

 ៥៨ ហេតុ​ដូច្នោះ​ហើយ ដូច​ជា​បាន​សរសេរ​ទុក​ថា ពួក​គេ​សុទ្ធ​តែ​ជា​ព្រះ គឺជា​បុត្រា​នៃ​ព្រះ —

 ៥៩ ហេតុ​ដូច្នោះ​ហើយ គ្រប់​ទាំង​អស់​ជា​របស់​ផង​ពួក​គេ ទោះ​ជា​មាន​ជីវិត ឬ​សេចក្ដី​ស្លាប់ ឬ​របស់​នៅ​ជំនាន់​សព្វ​ថ្ងៃ ឬ​ទៅ​មុខ​ក្ដី គឺ​គ្រប់​ទាំង​អស់​ជា​របស់​ផង​ពួក​គេ ហើយ​ពួក​គេ​ជា​របស់​ផង​ព្រះ​គ្រីស្ទ ហើយ​ព្រះ​គ្រីស្ទ ទ្រង់​ជា​របស់​ព្រះ។

 ៦០ ហើយ​ពួក​គេ​នឹង​បាន​ឈ្នះ​គ្រប់​ការណ៍​ទាំង​អស់។

 ៦១ ហេតុ​ដូច្នោះ​ហើយ ចូរ​កុំ​ឲ្យ​អ្នក​ណា​អួត​ពី​មនុស្ស​ឡើយ ប៉ុន្តែ​ចូរ​ឲ្យ​អ្នក​នោះ​តម្កើង​ព្រះ​វិញ ដែល​នឹង​ដាក់​អស់​ទាំង​ខ្មាំងសត្រូវ​នៅ​ក្រោម​ព្រះ​បាទ​ទ្រង់។

 ៦២ ពួក​អ្នក​ទាំង​នេះ​នឹង​អាស្រ័យ​នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ និង​ព្រះ​គ្រីស្ទ​របស់​ទ្រង់​នៅ​អស់​កល្ប​ជានិច្ច និង​រៀង​ដរាប​ត​ទៅ។

 ៦៣ ពួក​គេ​នេះ​ហើយ ដែល​ទ្រង់​នឹង​នាំ​មក​ជាមួយ​ព្រះ​អង្គ ក្នុង​កាល​ទ្រង់​យាង​មក​ក្នុង​ពពក​នៅ​លើ​មេឃ ដើម្បី​មក​សោយ​រាជ្យ​លើ​រាស្ត្រ​ទ្រង់​នៅ​លើ​ផែនដី។

 ៦៤ ពួក​គេ​នេះ​ហើយ​ដែល​នឹង​មាន​ចំណែក​ក្នុង​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ។

 ៦៥ ពួក​គេ​នេះ​ហើយ ដែល​នឹង​ចេញ​មក​ក្នុង​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​សុចរិត។

 ៦៦ ពួក​គេ​នេះ​ហើយ ដែល​មក​ឯ​ភ្នំស៊ីយ៉ូន ហើយ​មក​ឯ​ទី​ក្រុង​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ គឺ​ជាទី​ស្ថាន​សួគ៌ ជាទី​បរិសុទ្ធ​បំផុត​ជាង​អ្វីៗ​ទាំង​អស់។

 ៦៧ ពួក​គេ​នេះ​ហើយ ដែល​មក​ឯ​បណ្ដា​ទេវតា​ដ៏​ឥត​គណនា មក​ឯ​ជំនុំ​ទូ​ទៅ និង​សាសនាចក្រ​នៃ​ហេណុក និង​នៃ​កូន​ច្បង។

 ៦៨ ពួក​គេ​នេះ​ហើយ ដែល​មាន​ឈ្មោះ​កត់​នៅ​ស្ថាន​សួគ៌ ជាទី​ដែល​ព្រះ និង​ព្រះ​គ្រីស្ទ​ជា​ចៅក្រម​នៃ​មនុស្ស​ទាំង​អស់។

 ៦៩ ពួក​គេ​នេះ​ហើយ ដែលជា​មនុស្ស​សុចរិត ដែល​បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​តាម​រយៈ​ព្រះ​យេស៊ូវ​ដ៏​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​ថ្មី ដែល​បាន​នាំ​មក​នូវ​ដង្វាយ​ធួន​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ តាម​រយៈ​ការ​ច្រួច​ព្រះ​លោហិត​របស់​ព្រះ​អង្គ​ផ្ទាល់។

 ៧០ ពួក​គេ​នេះ​ហើយ ដែល​មាន​រូប​កាយ​ខាង​សេឡេស្ទាល ដែល​មាន​រស្មី​ដូច​ជា​ព្រះ​អាទិត្យ គឺជា​សិរី​ល្អ​នៃ​ព្រះ​ដែល​ខ្ពស់​បំផុត​ជាង​អ្វីៗ​ទាំង​អស់ ដែល​មាន​រស្មី​ដូច​ជា​ព្រះ​អាទិត្យ​នៅ​លើ​ផ្ទៃ​មេឃ ដែល​បាន​សរសេរ​ទុកជា​និមិត្តរូប។

 ៧១ ហើយ​ជា​ថ្មី​ទៀត យើង​ខ្ញុំ​បាន​ឃើញ​ពិភព​ទេរេសទ្រាល ហើយ​មើល​ចុះ និង​មើល​ន៏ ពួក​គេ​នេះ​ហើយ ដែល​ជា​របស់​ផង​ទេរេសទ្រាល ដែល​មាន​សិរី​ល្អ​ទីទៃ​ពី​សាសនាចក្រ​នៃ​កូន​ច្បង ដែល​បាន​ទទួល​ភាព​ពោរ​ពេញ​នៃ​ព្រះ​វរបិតា គឺ​ដូច​ជា​ព្រះ​ចន្ទ​ខុស​គ្នា​ពី​ព្រះ​អាទិត្យ​នៅ​លើ​ផ្ទៃ​មេឃ​ដែរ។

 ៧២ មើល​ចុះ ពួក​គេ​នេះ​ហើយ ដែល​បាន​ស្លាប់​ទៅ ដោយ​គ្មាន​ក្រឹត្យ​វិន័យ។

 ៧៣ ហើយ​ពួក​គេ​ក៏​ជា​វិញ្ញាណ​នៃ​មនុស្ស​ដែល​ជាប់​ឃុំ ដែល​ព្រះ​រាជ​បុត្រា​បាន​យាង​ទៅ​ជួប ហើយ​ផ្សាយដំណឹង​ល្អ​ដល់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ជាប់​ជំនុំ​ជំរះ​ខាង​ឯ​សាច់​ឈាម តាម​បែប​មនុស្ស

 ៧៤ ដែល​ពុំ​បាន​ទទួល​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ កាល​នៅ​ក្នុង​សាច់​ឈាម ប៉ុន្តែ​ក្រោយ​មក បាន​ទទួល​ទី​បន្ទាល់​នោះ។

 ៧៥ ពួក​គេ​នេះ​ហើយ ដែល​ជា​មនុស្ស​មាន​កិត្តិយស​នៅ​លើ​ផែនដី ដែល​ខ្វាក់​ដោយ​សារ​ឧបាយកល​នៃ​មនុស្ស។

 ៧៦ ពួក​គេ​នេះ​ហើយ ដែល​ទទួល​សិរី​ល្អ​របស់​ទ្រង់ ប៉ុន្តែ​ពុំ​មែន​ភាព​ពោរ​ពេញ​របស់​ទ្រង់​ឡើយ។

 ៧៧ ពួក​គេ​នេះ​ហើយ ដែល​ទទួល​វត្ត​មាន​នៃ​ព្រះ​រាជ​បុត្រា ប៉ុន្តែ​ពុំ​មែន​ភាព​ពោរ​ពេញ​នៃ​ព្រះ​វរបិតា​ឡើយ។

 ៧៨ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​ជា​រូប​កាយ​ខាង​ទេរេសទ្រាល ហើយ​ពុំ​មែន​ជា​រូប​កាយ​ខាង​សេឡេស្ទាល​ទេ ហើយ​មាន​សិរី​ល្អ​ទីទៃ​ពី​គ្នា ដូច​ជា​ព្រះ​ចន្ទ​ខុស​គ្នា​ពី​ព្រះ​អាទិត្យ​ដែរ។

 ៧៩ ពួក​គេ​នេះ​ហើយ ដែល​ពុំ​ក្លាហាន​ក្នុង​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​ពុំ​បាន​មកុដ​លើ​នគរ​នៃ​ព្រះ​របស់​យើង​ឡើយ។

 ៨០ ហើយ​ឥឡូវ នេះ​ជា​ចុង​បំផុត​នៃ​ការ​និមិត្ត ដែល​យើង​ខ្ញុំ​បាន​ឃើញ​អំពី​ពិភព​ទេរេសទ្រាល ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ឲ្យ​យើង​ខ្ញុំ​សរសេរ ក្នុង​កាល​យើង​ខ្ញុំ​នៅ​ក្នុង​ព្រះ​វិញ្ញាណ​នៅ​ឡើយ​នោះ។

 ៨១ ហើយ​ជា​ថ្មី​ទៀត យើង​ខ្ញុំ​បាន​ឃើញ​សិរី​ល្អ​នៃ​ទេឡេស្ទាល ជា​សិរី​ល្អ​ដ៏​តូច​ជាង គឺ​ដូច​ជា​រស្មី​នៃ​តារា​ទាំង​ឡាយ​ខុស​គ្នា​ពីរ​ស្មី​នៃ​ព្រះ​ចន្ទ​នៅ​លើ​ផ្ទៃ​មេឃ​ដែរ។

 ៨២ ពួក​គេ​នេះ​ហើយ ដែល​ពុំ​បាន​ទទួល​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ ឬ​ក៏​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ​ដែរ។

 ៨៣ ពួក​គេ​នេះ​ហើយ ដែល​ពុំ​បដិសេធ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឡើយ។

 ៨៤ ពួក​គេ​នេះ​ហើយ ដែល​ត្រូវ​បោះ​ចុះ​ទៅ​ស្ថាន​នរក។

 ៨៥ ពួក​គេ​នេះ​ហើយ ដែល​នឹង​ពុំ​បាន​ប្រោស​លោះ​ពី​អារក្ស​ឡើយ រហូត​ដល់​ដំណើរ​រស់​ឡើង​វិញ​ចុង​ក្រោយ​បង្អស់ រហូត​ដល់​ព្រះ​អម្ចាស់ គឺ​ព្រះ​គ្រីស្ទ​ដ៏​ជា​កូន​ចៀម​បាន​សម្រេច​កិច្ចការ​របស់​ទ្រង់​ជាស្រេច។

 ៨៦ ពួក​គេ​នេះ​ហើយ ដែល​ពុំ​បាន​ទទួល​ភាព​ពោរ​ពេញ​របស់​ទ្រង់ នៅ​ក្នុង​បរលោក​ដ៏​អស់​កល្ប​ជានិច្ច​ឡើយ ប៉ុន្តែ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាម​រយៈ​ការងារ​ខាង​ទេរេសទ្រាល​វិញ

 ៨៧ ហើយ​ទេរេសទ្រាល​តាម​រយៈ​ការងារ​ខាង​សេឡេស្ទាល។

 ៨៨ ហើយ​ទេឡេស្ទាល​ក៏​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ពី​ការងារ​បម្រើ​នៃ​ពួក​ទេវតា ដែល​បាន​ចាត់​ឲ្យ​បម្រើ​ដល់​ពួក​គេ ឬ​ក៏​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​ធ្វើ​ជា​វិញ្ញាណ​ខាង​ការងារ​បម្រើ​ដល់​ពួក​គេ ត្បិត​ពួក​គេ​នឹង​បាន​ទៅ​ជា​អ្នក​គ្រង​សេចក្ដី​សង្គ្រោះ​ទុកជា​មរតក។

 ៨៩ ហើយ​យ៉ាង​នោះ​យើង​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​ការ​និមិត្ត​ពី​ស្ថាន​សួគ៌​នូវ​សិរី​ល្អ​នៃ​ទេឡេស្ទាល ដែល​ហួស​លើស​ពី​អស់​ទាំង​យោបល់

 ៩០ ហើយ​គ្មាន​មនុស្ស​ណា​មួយ​ស្គាល់​សិរី​ល្អ​នោះ​ឡើយ លើក​លែងតែ​អ្នក​នោះ​ដែល​ព្រះ​ទ្រង់​បាន​បើក​សម្ដែង​ឲ្យ​ឃើញ​សិរី​ល្អ​នោះ​ប៉ុណ្ណោះ។

 ៩១ ហើយ​យ៉ាង​នោះ​យើង​បាន​ឃើញ​សិរី​ល្អ​នៃ​ទេរេសទ្រាល ដែល​ហួស​លើស​អស់​ទាំង​អ្វីៗ​ដែល​ជា​សិរី​ល្អ​នៃ​ទេឡេស្ទាល​ទៅ​ទៀត គឺ​នៅ​ក្នុង​សិរី​ល្អ និង​នៅ​ក្នុង​អំណាច និង​នៅ​ក្នុង​ពលំ និង​នៅ​ក្នុង​អាណាចក្រ។

 ៩២ ហើយ​យ៉ាង​នោះ​យើង​បាន​ឃើញ​សិរី​ល្អ​នៃ​សេឡេស្ទាល ដែល​ហួស​លើស​ជាង​អ្វីៗ​ទាំង​អស់ — ជា​កន្លែង​ដែល​ព្រះ គឺ​ព្រះ​វរបិតា​សោយរាជ្យ​នៅ​លើ​បល្ល័ង្ក​របស់​ទ្រង់​នៅ​អស់​កល្ប​ជានិច្ច និង​រៀង​ដរាប​ត​ទៅ

 ៩៣ នៅ​ចំពោះ​បល្ល័ង្ក​នោះ​គ្រប់​ទាំង​អស់​ក្រាប​ចុះ​ដោយ​នូវ​ការ​គោរព​កោតក្រែង​ដ៏​ទន់​ទាប​រាបសា ហើយ​តម្កើង​ដល់​ព្រះ​អង្គ​អស់​កល្ប​ជានិច្ច និង​រៀង​ដរាប​ត​ទៅ។

 ៩៤ ពួក​គេ​ដែល​អាស្រ័យ​នៅ​ក្នុង​វត្ត​មាន​របស់​ទ្រង់ គឺ​សុទ្ធ​តែ​ជា​សាសនាចក្រ​នៃ​កូន​ច្បង ហើយ​ពួក​គេ​មើល​ឃើញ​ដូច​ជា​ពួក​គេ​ត្រូវ​បាន​មើល​ឃើញ ហើយ​ស្គាល់​ដូច​ជា​ពួក​គេ​ត្រូវ​ស្គាល់ ដោយ​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​របស់​ទ្រង់ និង​ព្រះ​គុណ​របស់​ទ្រង់

 ៩៥ ហើយ​ព្រះ​អង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ស្មើ​គ្នា​នៅ​ក្នុង​អំណាច និង​នៅ​ក្នុង​ពលំ និង​នៅ​ក្នុង​អាណាចក្រ។

 ៩៦ ហើយ​សិរី​ល្អ​នៃ​សេឡេស្ទាល​គឺ​មានរស្មី​ម្យ៉ាង ដូច​ជា​ព្រះ​អាទិត្យ​មាន​រស្មី​ម្យ៉ាង។

 ៩៧ ហើយ​សិរី​ល្អ​នៃ​ទេរេសទ្រាល​គឺ​មាន​រស្មី​ម្យ៉ាង ដូច​ជា​ព្រះ​ចន្ទ​មាន​រស្មី​ម្យ៉ាង។

 ៩៨ ហើយ​សិរី​ល្អ​នៃ​ទេឡេស្ទាល​គឺ​មាន​រស្មីម្យ៉ាង ដូច​ជា​តារា​ទាំង​ឡាយ​មាន​រស្មី​ម្យ៉ាង ត្បិត​ដូច​ជា​តារា​មាន​រស្មី​ទីទៃ​ពី​គ្នា​យ៉ាង​ណា នោះ​នៅ​ពិភព​ទេឡេស្ទាល​ក៏​មាន​សិរី​ល្អ​ទីទៃ​ពី​គ្នា​យ៉ាង​នោះ​ដែរ

 ៩៩ ត្បិត​ពួក​គេ​ទាំង​នេះ​គឺជា​ពួក​របស់​ប៉ុល និង​របស់​អ័ប៉ុឡូស និង​របស់​កេផាស។

 ១០០ ពួក​គេ​នេះ​ហើយ ដែល​ថា​ពួក​គេ​ខ្លះ​ជា​របស់​អ្នក​ណា​មួយ ហើយ​ខ្លះ​ជា​របស់​អ្នក​ណា​ផ្សេង​ទៀត — ខ្លះ​ជា​របស់​ព្រះ​គ្រីស្ទ ហើយ​ខ្លះ​ជា​របស់​យ៉ូហាន ហើយ​ខ្លះ​ជា​របស់​ម៉ូសេ ហើយ​ខ្លះ​ជា​របស់​អេលីយ៉ាស ហើយ​ខ្លះ​ជា​របស់​អេសាយអាស ហើយ​ខ្លះ​ជា​របស់​អេសាយ ហើយ​ខ្លះ​ជា​របស់​ហេណុក

 ១០១ ប៉ុន្តែ​ពុំ​បាន​ទទួល​ដំណឹង​ល្អ ឬ​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ ឬ​ពី​ពួក​ព្យាការី ឬ​ពី​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច​ឡើយ។

 ១០២ នៅ​ទី​បញ្ចប់ ពួក​គេ​នេះ​ហើយ ដែល​នឹង​មិន​ត្រូវ​បាន​រួម​គ្នា​ជាមួយ​នឹង​ពួក​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​លើក​ឡើង​ទៅ​រក​សាសនាចក្រ​នៃ​កូន​ច្បង ហើយ​បាន​ទទួល​ទៅ​ក្នុង​ពពក​ឡើយ។

 ១០៣ ពួក​គេ​នេះ​ហើយ ដែល​ជា​ពួក​កំភូត និង​ពួក​មន្តអាគម និង​ពួក​កំផិត និង​ពួក​សហាយស្មន់ និង​ពួក​ដែល​ចូល​ចិត្ត​ហើយ​កុហក។

 ១០៤ ពួក​គេ​នេះ​ហើយ ដែល​រង​ទុក​សេចក្ដី​ក្រោធ​នៃ​ព្រះ​នៅ​លើ​ផែនដី។

 ១០៥ ពួក​គេ​នេះ​ហើយ ដែល​រង​ទុក្ខ​ទោស​ក្នុង​ភ្លើង​ដ៏​ឆេះ​អស់​កល្ប​ជានិច្ច។

 ១០៦ ពួក​គេ​នេះ​ហើយ ដែល​ត្រូវ​បោះ​ចុះ​ទៅ​ស្ថាន​នរក ហើយ​រង​ទុក្ខ​សេចក្ដី​ក្រោធ​នៃ​ព្រះ​ដ៏​មហិទ្ធិឫទ្ធិ រហូត​ដល់​ពេល​ពេញ​កំណត់ កាល​ព្រះ​គ្រីស្ទ​នឹង​ដាក់​អស់​ទាំង​ខ្មាំងសត្រូវ​នៅ​ក្រោម​ព្រះ​បាទ​ទ្រង់ ហើយ​នឹង​ធ្វើ​ឲ្យ​កិច្ចការ​របស់​ទ្រង់​បាន​ល្អ​ឥត​ខ្ចោះ

 ១០៧ កាល​ទ្រង់​នឹង​ប្រគល់​នគរ ហើយ​ថ្វាយ​នគរ​ដល់​ព្រះ​វរបិតា​ដោយ​ឥត​មាន​ប្រឡាក់ ទាំង​មាន​ព្រះ​បន្ទូល​ថា ៖ ទូលបង្គំ​បាន​ឈ្នះ ហើយ​បាន​ជាន់​ក្នុង​ធុង​ទំពាំងបាយជូរ​តែ​ម្នាក់​ឯង គឺជា​ឃ្នាប​ធុង​នៃ​ស្រា​ទំពាំងបាយជូរ ជា​សេចក្ដី​ឃោរឃៅ​របស់​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​ដ៏​មហិទ្ធិឫទ្ធិ។

 ១០៨ ខណៈ​នោះ ទ្រង់​នឹង​ត្រូវ​បាន​ពាក់​សិរី​ល្អ​របស់​ទ្រង់​ទុកជា​មកុដ ដើម្បី​អង្គុយ​នៅ​លើ​បល្ល័ង្ក​នៃ​ព្រះ​ចេស្ដា​របស់​ទ្រង់ ដើម្បី​សោយ​រាជ្យ​នៅ​អស់​កល្ប​ជានិច្ច និង​រៀង​ដរាប​ត​ទៅ។

 ១០៩ ប៉ុន្តែ​មើល​ចុះ ហើយ​មើល​ន៏ យើង​ខ្ញុំ​បាន​ឃើញ​សិរី​ល្អ និង​បណ្ដាជន​នៃ​ពិភព​ទេឡេស្ទាល​ថា ពួក​គេ​មាន​ជា​ច្រើន​ដ៏​ឥត​គណនា ដូច​ជា​តារា​នៅ​លើ​ផ្ទៃ​មេឃ ឬ​ដូច​ជា​ខ្សាច់​នៅ​មាត់សមុទ្រ

 ១១០ ហើយ​បាន​ឮ​សំឡេង​នៃ​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ៖ ពួក​គេ​ទាំង​អស់​គ្នា​នឹង​លុតជង្គង់ ហើយ​គ្រប់​ទាំង​អណ្ដាត​នឹង​សារភាព​ដល់​ទ្រង់​ដែល​គង់​នៅ​លើ​បល្ល័ង្ក​នៅ​អស់​កល្ប​ជានិច្ច និង​រៀង​ដរាប​ត​ទៅ

 ១១១ ត្បិត​ពួក​គេ​នឹង​ត្រូវ​បាន​ជំនុំ​ជំរះ តាម​កិច្ចការ​ទាំង​ឡាយ​របស់​ខ្លួន ហើយ​មនុស្ស​គ្រប់​រូប​នឹង​បាន​ទទួល​តាម​កិច្ចការ​ទាំង​ឡាយ​របស់​ខ្លួន គឺ​អាណាចក្រ​របស់​ខ្លួន​នៅ​ក្នុង​វិមាន​ទាំង​ឡាយ ដែល​បាន​រៀបចំ​ទុក

 ១១២ ហើយ​ពួក​គេ​នឹង​ធ្វើ​ជា​ពួក​អ្នក​បម្រើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ប៉ុន្តែ​ឯ​កន្លែង​ដែល​ព្រះ និង​ព្រះ​គ្រីស្ទ​គង់នៅ នោះ​ពួក​គេ​ពុំ​អាច​មក​បាន​ឡើយ គឺជា​ពិភព​ទាំង​ឡាយ​ដ៏​គ្មាន​ទី​បញ្ចប់។

 ១១៣ នេះ​ហើយ​ជាទី​បញ្ចប់​នៃ​ការ​និមិត្ត ដែល​យើង​ខ្ញុំ​ឃើញ ដែល​យើង​ខ្ញុំ​ត្រូវ​បាន​បញ្ជា​ឲ្យ​កត់​ក្នុង​កាល​យើង​ខ្ញុំ​នៅ​ក្នុង​ព្រះ​វិញ្ញាណ​នៅ​ឡើយ​នោះ។

 ១១៤ ប៉ុន្តែ​មហិមា និង​អស្ចារ្យ​ណាស់​ហ្ន៎​កិច្ចការ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ និង​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្ហាញ​ដល់​យើង​ខ្ញុំ ដែល​ហួស​លើស​អស់​ទាំង​យោបល់​នៅ​ក្នុង​សិរី​ល្អ និង​នៅ​ក្នុង​ពលំ និង​នៅ​ក្នុង​អាណាចក្រ​ទៅ​ទៀត

 ១១៥ ដែល​ទ្រង់​បាន​បញ្ជា​យើង​ខ្ញុំ ថា​យើង​ខ្ញុំ​មិន​ត្រូវ​កត់​ឡើយ ក្នុង​កាល​យើង​ខ្ញុំ​កំពុងតែ​នៅ​ក្នុង​ព្រះ​វិញ្ញាណ ហើយ​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​បាន​ឡើយ

 ១១៦ ឬ​មាន​មនុស្ស​ណា​អាច​ធ្វើ​ឲ្យ​បាន​ស្គាល់​ឡើយ ត្បិត​របស់​ទាំង​នោះ គ្រាន់តែ​បាន​ឃើញ ហើយ​យល់ ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ដែល​ព្រះ​ទ្រង់​ប្រទាន​មក​លើ​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ទ្រង់ ហើយ​សំអាត​ពួក​គេ​ជា​បរិសុទ្ធ​នៅ​ចំពោះ​ទ្រង់

 ១១៧ ចំពោះ​ពួក​អ្នក​ទាំង​នោះ សូម​ឲ្យ​ទ្រង់​ប្រទាន​ឯកសិទ្ធិ​នេះ ឲ្យ​គេ​បាន​ឃើញ ហើយ​ស្គាល់​ដោយ​ខ្លួន​គេ​ចុះ

 ១១៨ ថា​តាម​រយៈ​ព្រះ​ចេស្ដា និង​ការងារ​នៃ​ព្រះ​វិញ្ញាណ កាល​នៅ​ក្នុង​សាច់​ឈាម នោះ​សូម​ឲ្យ​ពួក​គេ​អាច​ទ្រាំទ្រ​វត្ត​មាន​របស់​ទ្រង់​បាន​នៅ​ក្នុង​ពិភព​នៃ​សិរី​ល្អ។

 ១១៩ ហើយ​ចំពោះ​ព្រះ និង​កូន​ចៀម នោះ​សូម​ថ្វាយ​សិរី​ល្អ និង​កិត្តិយស និង​អាណាចក្រ នៅ​អស់​កល្ប​ជានិច្ច និង​រៀង​ដរាប​ត​ទៅ។ អាម៉ែន៕