កណ្ឌ​ទី ៧៨

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ខែ​មីនា ឆ្នាំ​១៨៣២ (History of the Church, ១:២៥៥–២៥៧)។ របៀប​ត្រូវ​បាន​ប្រទាន​ពី​ព្រះ​អម្ចាស់​ដល់ យ៉ូសែប ស៊្មីធ សម្រាប់​គោលបំណង​នៃ​ការ​តាំង​ឃ្លាំង​សម្រាប់​មនុស្ស​ទ័ល​ក្រ។ វា​មិន​តែងតែ​សម​ប្រាប់​ដល់​ពិភពលោក​ពី​មនុស្ស​នានា ដែល​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ដល់ នៅ​ក្នុង​វិវរណៈ​ឡើយ; ម្ល៉ោះ​ហើយ នៅ​ក្នុង​ការ​បោះពុម្ព​វិវរណៈ​នេះ ព្រម​ទាំង​វិវរណៈ​ក្រោយៗ​មក នោះ​ពួក​បង​ប្អូន​ប្រុសៗ​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​ក្រៅ​ពី​ឈ្មោះ​ខ្លួន។ កាលដែល​មិន​ចាំ​បាច់​លាក់​ឈ្មោះ នោះ​ក្រោយ​មក ឈ្មោះ​ពិត​របស់​ពួក​គេ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​វង់​ដង្កៀប។ មក​ពី​គ្មាន​សេចក្ដី​ត្រូវ​ការ​ដាក់​ឈ្មោះ​លាក់​ទៀត​ទេ​នៅ​សព្វ​ថ្ងៃ​នេះ បាន​ជា​ចាប់​ពី​ពេល​នេះ​ត​ទៅ នោះ​ឈ្មោះ​ពិត​ត្រូវ​បាន​យក​មក​ដាក់​ក្នុង​ឯកសារ​ដើម។

១–៤, ពួក​បរិសុទ្ធ​ត្រូវ​រៀបចំ ហើយ​តាំង​ឃ្លាំង​មួយ​ឡើង; ៥–១២, ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ដោយ​ឈ្លាសវៃ​នឹង​នាំ​ទៅ​រក​សេចក្ដី សង្គ្រោះ; ១៣–១៤, សាសនាចក្រ​ត្រូវ​នៅ​ដោយ​ឡែក​ពី​អំណាច​ខាង​ផែនដី; ១៥–១៦, មីកែល (អ័ដាម) បម្រើ​នៅ​ក្រោម​ការ​ដឹកនាំ​ពី​ព្រះ​ដ៏​បរិសុទ្ធ (ព្រះ​គ្រីស្ទ); ១៧–២២, មាន​ពរ​ហើយ​ពួក​ស្មោះត្រង់ ត្បិត​ពួក​គេ​នឹង​បាន​គ្រង​គ្រប់​ទាំង​អស់​ទុកជា​មរតក។

 ១ ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាន់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ថា ៖ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​ដែល​បាន​តែង​តាំង​ចំពោះ​បព្វជិតភាព​ដ៏​ខ្ពស់​នៃ​សាសនាចក្រ​របស់​យើង ដែល​បាន​ជួបជុំ​គ្នា​អើយ ចូរ​ប្រុង​ស្ដាប់​ដល់​យើង​ចុះ

 ២ ហើយ​ចូរ​ស្ដាប់​តាម​ពាក្យ​ទូន្មាន​នៃ​ទ្រង់ ដែល​បាន​តែងតាំង​អ្នក​ពី​ស្ថាន​ដ៏​ខ្ពស់ ដែល​នឹង​មាន​ព្រះ​បន្ទូល​ដាក់​ត្រចៀក​អ្នក​ប្រាប់​ពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ប្រយោជន៍​ឲ្យ​សេចក្ដី​សង្គ្រោះ​អាច​មាន​ដល់​អ្នក​ដោយ​នូវ​ការណ៍​នោះ ដែល​អ្នក​បាន​ថ្លែង​ចំពោះ​យើង ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ៣ ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពេល​វេលា​បាន​មក​ដល់​ហើយ ហើយ​ឥឡូវ​នេះ​នៅ​ជិត​ដៃ​បង្កើយ ហើយ​មើល​ចុះ និង​មើល​ន៏ គឺជា​ការ​ចាំ​បាច់​ថា ត្រូវ​មាន​អង្គការ​មួយ​ពី​រាស្ត្រ​របស់​យើង​ក្នុង​ការ​ចាត់ចែង និង​តាំង​កិច្ចការ​ឃ្លាំង​សម្រាប់​មនុស្ស​ទ័ល​ក្រ​ក្នុង​រាស្ត្រ​យើង ទាំង​នៅ​កន្លែង​នេះ ព្រម​ទាំង​នៅ​ដែនដី​ស៊ីយ៉ូន​ផង —

 ៤ សម្រាប់​ជា​ការ​តាំង និង​របៀប​ដ៏​ស្ថាពរ និង​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច​ចំពោះ​សាសនាចក្រ​របស់​យើង ដើម្បី​បន្ត​គតិ​ត​ទៅ​ទៀត ដែល​អ្នក​រាល់​គ្នា​បាន​ប្រកាន់ ដើម្បី​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស ហើយ​ដើម្បី​សិរី​ល្អ​ដល់​ព្រះ​វរបិតា​របស់​អ្នក ដែល​គង់​នៅ​លើ​ស្ថាន​សួគ៌

 ៥ ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ស្មើ​គ្នា​ក្នុង​ចំណង​ទាំង​ឡាយ ពី​អ្វីៗ​ខាង​ស្ថាន​សួគ៌ មែន​ហើយ ព្រម​ទាំង​អ្វីៗ​ខាង​ផែនដី​ផង ដើម្បី​ឲ្យ​ទទួល​បាន​អ្វីៗ​ខាង​ស្ថាន​សួគ៌។

 ៦ ត្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​បាន​ស្មើ​គ្នា​ក្នុង​អ្វីៗ​ខាង​ផែនដី​ទេ នោះ​អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​បាន​ស្មើ​គ្នា​ក្នុង​ការ​ទទួល​អ្វីៗ​ខាង​ស្ថាន​សួគ៌​ដែរ

 ៧ ត្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​បំណង​ចង់​ឲ្យ​យើង​ប្រទាន​ដល់​អ្នក​នូវ​កន្លែង​មួយ​នៅ​ក្នុង​ពិភព​សេឡេស្ទាល នោះ​អ្នក​ត្រូវ​រៀបចំ​ខ្លួន​ដោយ​សារ​ការ​ប្រព្រឹត្តិ​នូវ​អ្វីៗ​ដែល​យើង​បាន​បញ្ជា​ដល់​អ្នក ហើយ​តម្រូវ​ពី​អ្នក។

 ៨ ហើយ​ឥឡូវ​នេះ ប្រាកដ​មែន​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា គឺជា​ការ​ចាំ​បាច់​ដែល​គ្រប់​ទាំង​អស់​ត្រូវ​បាន​ប្រព្រឹត្ត ដើម្បី​សិរី​ល្អ​របស់​យើង ដោយ​សារ​អ្នក​រាល់​គ្នា​ដែល​បាន​ចូល​រួម​គ្នា​ក្នុង​របៀប​នេះ

 ៩ ឬ​ក៏​ម្យ៉ាង​ទៀត ចូរ​ឲ្យ នូវល ខេ វិតនី ជា​អ្នក​បម្រើ​របស់​យើង និង យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង និង ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង អង្គុយ​ប្រឹក្សា​ជាមួយ​ពួក​បរិសុទ្ធ​ដែល​នៅ​ក្រុង​ស៊ីយ៉ូន​ចុះ

 ១០ បើ​ពុំ​នោះ​សោត​ទេ អារក្ស​សាតាំង​កំពុង​ស្វែងរក ដើម្បី​បំបែរ​ចិត្ត​ពួក​គេ​ចេញ​ពី​សេចក្ដី​ពិត ប្រយោជន៍​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ជា​ខ្វាក់ ហើយ​ពុំ​យល់​នូវ​អ្វីៗ​ដែល​បាន​រៀបចំ​ទុក​សម្រាប់​ពួក​គេ​ឡើយ។

 ១១ ហេតុ​ដូច្នោះ​ហើយ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក ដើម្បី​ឲ្យ​ប្រុងប្រៀប ហើយ​រៀបចំ​ខ្លួន ដោយ​នូវ​ចំណង ឬ​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច ដែល​ពុំ​អាច​បណ្ដាច់​បាន​ឡើយ។

 ១២ ហើយ​អ្នក​ណា​ដែល​បណ្ដាច់​ចំណង​នោះ នឹង​ត្រូវ​បាត់បង់​តំណែង និង​ជំហរ​នៅ​ក្នុង​សាសនាចក្រ ហើយ​នឹង​ត្រូវ​បាន​ប្រគល់​ទៅ​ឯ​ការ​ធ្វើ​ទុក្ខ​របស់​អារក្ស​សាតាំង រហូត​ដល់​ថ្ងៃ​ប្រោស​លោះ។

 ១៣ មើល​ចុះ នេះ​ហើយ​ជា​ការ​រៀបចំ ដែល​យើង​យក​មក​រៀបចំ​អ្នក និង​គ្រឹះស្ថាន និង​គំរូ ដែល​យើង​ប្រទាន​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​សម្រេច​នូវ​បញ្ញត្តិ​ទាំង​ឡាយ ដែល​បាន​ប្រទាន​ដល់​អ្នក

 ១៤ ប្រយោជន៍​ថា​តាម​រយៈ​ទិព្វញ្ញាណ​របស់​យើង ទោះ​ជា​មាន​សេចក្ដី​វេទនា​ចុះ​មក​លើ​អ្នក​ក៏​ដោយ ប្រយោជន៍​ឲ្យ​សាសនាចក្រ​អាច​បាន​ឈរ​ដោយ​ឡែក​លើ​សត្វ​លោក​ទាំង​អស់ ដែល​នៅ​ក្រោម​ពិភព​សេឡេស្ទាល

 ១៥ ប្រយោជន៍​ឲ្យ​អ្នក​អាច​ឡើង​ទៅ​រក​មកុដ ដែល​បាន​រៀបចំ​ទុក​សម្រាប់​អ្នក ហើយ​ត្រូវ​បាន​ធ្វើ​ឲ្យ​កើតជា​អ្នក​គ្រប់​គ្រង​លើ​នគរ​ជា​ច្រើន ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ក្រុង​ស៊ីយ៉ូន ដែល​បាន​តាំង​គ្រឹះស្ថាន​នៃ​ក្រុង​អ័ដាម​អុនដៃ​អា​ម៉ាន ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ

 ១៦ ដែល​បាន​ចាត់ មីកែល ជា​ចៅហ្វាយ​របស់​អ្នក ហើយ​តាំង​ជើង​លោក​ឡើង ហើយ​ដាក់​លោក​នៅ​លើ​កន្លែង​ខ្ពស់ ហើយ​ប្រទាន​ដល់​លោក​នូវ​កូន​សោ​ទាំង​ឡាយ​នៃ​សេចក្ដី​សង្គ្រោះ នៅ​ក្រោម​ការ​ទូន្មាន និង​ការ​ដឹកនាំ​ពី​ព្រះ​ដ៏​បរិសុទ្ធ ដែល​គ្មាន​ថ្ងៃ​កំណើត ឬ​ថ្ងៃ​ស្លាប់​ដែរ។

 ១៧ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​ជា​កូន​ក្មេង​តូច ហើយ​អ្នក​រាល់​គ្នា​ពុំ​ទាន់​យល់​នៅ​ឡើយ​ទេ អំពី​ព្រះ​ពរ​ដ៏​ធំ​ណាស់​ហ្ន៎ ដែល​ព្រះ​វរបិតា​មាន​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ទ្រង់ ហើយ​បាន​រៀបចំ​ទុក​សម្រាប់​អ្នក

 ១៨ ហើយ​អ្នក​រាល់​គ្នា​ពុំ​អាច​ទ្រាំ​គ្រប់​ទាំង​អស់​បាន​ឡើយ​នៅ​ពេល​នេះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​សង្ឃឹម​ឡើង ត្បិត​យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា។ នគរ​ជា​របស់​ផង​អ្នក​រាល់​គ្នា ហើយ​ព្រះ​ពរ​ទាំង​ឡាយ​នៃ​នគរ​ជា​របស់​ផង​អ្នក​រាល់​គ្នា ហើយ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​ខាង​ភាព​អស់​កល្ប​ជានិច្ច​ជា​របស់​ផង​អ្នក​រាល់​គ្នា។

 ១៩ ហើយ​អ្នក​ណា​ដែល​ទទួល​គ្រប់​ទាំង​អស់​ដោយ​អំណរ​អរគុណ នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​រុងរឿង ហើយ​ការ​ខាង​ផែនដី​នេះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​នោះ​ថែម​ទៀត គឺ​មួយ​រយ​ភាគ​ថែម​ទៀត មែន​ហើយ គឺ​ច្រើន​ជាង​នោះ​ទៅ​ទៀត។

 ២០ ហេតុ​ដូច្នោះ​ហើយ ចូរ​ប្រព្រឹត្ត​នូវ​អ្វីៗ​ដែល​យើង​បាន​បញ្ជា​ដល់​អ្នក​ចុះ ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ គឺជា​ព្រះ​រាជ​បុត្រា​អា​ម៉ាន ដែល​បាន​រៀបចំ​គ្រប់​ទាំង​អស់​មុន​ទ្រង់​យក​អ្នក​ទៅ

 ២១ ត្បិត​អ្នក​រាល់​គ្នា​ជា​សាសនាចក្រ​នៃ​កូន​ច្បង ហើយ​ទ្រង់​នឹង​លើក​អ្នក​ឡើង​ទៅ​ក្នុង​ពពក ហើយ​ចែក​ដល់​មនុស្ស​គ្រប់​រូប​នូវ​ចំណែក​របស់​ខ្លួន។

 ២២ ហើយ​អ្នក​ណា​ដែល​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដ៏​ស្មោះត្រង់ ហើយ​ឈ្លាសវៃ នោះ​នឹង​គ្រង​គ្រប់​ទាំង​អស់​ទុកជា​មរតក។ អាម៉ែន៕