កណ្ឌ​ទី ៨២

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​១៨៣២ (History of the Church, ១:២៦៧–២៦៩)។ ជា​គ្រា​នៃ​ការ​ប្រឹក្សា​ទូ​ទៅ​របស់​សាសនាចក្រ ដែល​យ៉ូសែប ស៊្មីធ ជា​ព្យាការី ត្រូវ​បាន​គាំទ្រ​ឲ្យ​ធ្វើ​ជា​ប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់ ចំពោះ​តំណែង​ដែល​លោក​បាន​តែងតាំង​ពី​មុន​មក នៅ​ឯ​សន្និសីទ​នៃ​សង្ឃ​ជាន់​ខ្ពស់ អែលឌើរ និង​សមាជិក នៅ​ភូមិ​អាមហ៊ើស្ទ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២៥ ខែ​មក​រា ឆ្នាំ​១៨៣២ (សូម​មើល​ចំណង​ជើង​នៃ​កណ្ឌ​ទី ៧៥)។ កាល​ពី​ដើម មាន​ឈ្មោះ​ប្លែកៗ​បាន​យក​មក​ប្រើ​ក្នុង​ការ​បោះពុម្ព​វិវរណៈ​នេះ ដើម្បី​លាក់​ឈ្មោះ​ជន​ទាំង​ឡាយ (សូម​មើល​ចំណង​ជើង​នៃ​កណ្ឌ​ទី ៧៨)។

១–៤, កាលដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជា​ច្រើន​វិញ; ៥–៧, សេចក្ដី​ងងឹត​សោយរាជ្យ​នៅ​ក្នុង​ពិភពលោក; ៨–១៣, ព្រះ​អម្ចាស់​ទ្រង់​ជាប់​សន្យា កាលណា​យើង​ប្រព្រឹត្ត​តាម​អ្វី​ដែល​ទ្រង់​មាន​ព្រះ​បន្ទូល; ១៤–១៨, ក្រុង​ស៊ីយ៉ូន​ត្រូវ​រីក​ខាង​លំអ និង​បរិសុទ្ធភាព; ១៩–២៤, មនុស្ស​គ្រប់​រូប​ត្រូវ​ស្វែងរក​ចំណូល​ចិត្ត​នៃ​អ្នក​ជិត​ខាង​របស់​ខ្លួន។

 ១ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​បម្រើ​របស់​យើង ជា​ប្រាកដ​ថា ដរាបណា​អ្នក​អត់​ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​រំលង​ច្បាប់​របស់​ខ្លួន នោះ​សូម្បីតែ​យើង​ជា​ព្រះ​អម្ចាស់​ក្ដី ក៏​អត់​ទោស​ឲ្យ​អ្នក​ដែរ។

 ២ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​មាន​ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ចំណោម​អ្នក​ដែរ ដែល​បាន​ធ្វើ​បាប​ដ៏​ធ្ងន់ធ្ងរ មែន​ហើយ គឺ​អស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​បាប ប៉ុន្តែ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ប្រយ័ត្ន​ពី​ពេល​នេះ​ត​ទៅ ហើយ​ចូរ​បែរ​ចេញ​ពី​អំពើ​បាប ខ្លាចក្រែង​សេចក្ដី​ជំនុំ​ជំរះ​ដ៏​ធ្ងន់ធ្ងរ​នឹង​ធ្លាក់​មក​លើ​ក្បាល​អ្នក។

 ៣ ត្បិត​ដល់​អ្នក​ណា​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជា​ច្រើន​វិញ ហើយ​អ្នក​ណា​ដែល​ធ្វើ​បាប​ទាស់​នឹង​ពន្លឺ​ដ៏​ធំ​ជាង នោះ​នឹង​ត្រូវ​ទទួល​ការ​ដាក់​ទោស​ដ៏​ធំ​ជាង​ដែរ។

 ៤ អ្នក​រាល់​គ្នា​អំពាវនាវ​ដល់​ព្រះ​នាម​របស់​យើង សូម​វិវរណៈ​ទាំង​ឡាយ ហើយ​យើង​ប្រទាន​វិវរណៈ​ទាំង​នោះ​ដល់​អ្នក ហើយ​ដរាបណា អ្នក​រាល់​គ្នា​មិន​កាន់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង ដែល​យើង​ប្រទាន​ដល់​អ្នក​ទេ នោះ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ជា​អ្នក​រំលង​ច្បាប់ ហើយ​សេចក្ដី​យុត្តិធម៌ និង​សេចក្ដី​ជំនុំ​ជំរះ​ត្រូវ​ជា​ទោស​ដែល​ភ្ជាប់​ទៅ​នឹង​ក្រឹត្យ​វិន័យ​របស់​យើង។

 ៥ ហេតុ​ដូច្នេះ​ហើយ អ្វី​ក៏​ដោយ​ដែល​យើង​មាន​ព្រះ​បន្ទូល​ដល់​មនុស្ស​ម្នាក់ នោះ​យើង​មាន​ព្រះ​បន្ទូល​ដល់​មនុស្ស​ទាំង​អស់​ថា ៖ ចូរ​ចាំ​យាម ត្បិត​មារ​សត្រូវ​កំពុងតែ​ពង្រីក​អាណាចក្រ​ទាំង​ឡាយ​របស់​វា ហើយ​សេចក្ដី​ងងឹត​សោយរាជ្យ

 ៦ ហើយ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​ឆួល​ឡើង​ទាស់​នឹង​បណ្ដាជន​នៅ​លើ​ផែនដី ហើយ​គ្មាន​នរណា​មួយ​ប្រព្រឹត្ត​ល្អ​ឡើយ ត្បិត​គ្រប់​មនុស្ស​ទាំង​អស់​បាន​ចេញ​ពី​ផ្លូវ​ហើយ។

 ៧ ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ជា​ព្រះ​អម្ចាស់ នឹង​មិន​ដាក់​ទោស​ដល់​អំពើ​បាប​អ្នក​ឡើយ ចូរ​ទៅ​ចុះ ហើយ​កុំ​ធ្វើ​បាប​ទៀត​ឡើយ ប៉ុន្តែ​ចំពោះ​អ្នក​នោះ​ដែល​ធ្វើ​បាប នោះ​អំពើ​បាប​ពី​ដើម​នឹង​វិល​មក​វិញ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល ថា​ដូច្នោះ។

 ៨ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា យើង​ប្រទាន​ដល់​អ្នក​នូវ​បញ្ញត្តិ​ថ្មី​មួយ ប្រយោជន៍​ឲ្យ​អ្នក​អាច​យល់​ពី​ព្រះ​ហឫទ័យ ដែល​យើង​មាន​ចំពោះ​អ្នក

 ៩ ឬ​ក៏​ម្យ៉ាង​ទៀត យើង​ប្រទាន​ដល់​អ្នក​នូវ​ការ​ដឹកនាំ​ទាំង​ឡាយ​ពី​របៀប​ដែល​អ្នក​អាច​ប្រព្រឹត្ត​នៅ​ចំពោះ​យើង ប្រយោជន៍​ឲ្យ​វា​អាច​បាន​បែរ​ទៅ​រក​អ្នក សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​អ្នក។

 ១០ យើង​ជា​ព្រះ​អម្ចាស់​ជាប់​សន្យា កាលណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វី ដែល​យើង​មាន​ព្រះ​បន្ទូល ប៉ុន្តែ​កាលណា​អ្នក​រាល់​គ្នា​មិន​ប្រព្រឹត្ត​តាម​អ្វី ដែល​យើង​មាន​ព្រះ​បន្ទូល​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​មាន​សេចក្ដី​សន្យា​ឡើយ។

 ១១ ហេតុ​ដូច្នេះ​ហើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ជា​ការ​ចាំ​បាច់​ដល់ អែតវឺត ប៉ាទ្រិច និង នូវល ខេ វិតនី, អេ ស៊ីឌនី គិលបឺត និង​ស៊ីឌនី រិកដុន ជា​ពួក​អ្នក​បម្រើ​របស់​យើង និង យ៉ូសែប ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង និង យ៉ូហាន វិតមើរ និង អូលីវើរ ខៅឌើរី និង ដ័បបុលយូ ដ័បបុលយូ ហ្វែប្ស និង ម៉ាទិន ហារិស ត្រូវ​បាន​ចង​ជុំ​គ្នា​ដោយ​ចំណង និង​សេចក្ដី​សញ្ញា ដែល​ពុំ​អាច​បណ្ដាច់​បាន​ដោយ​សារ​ការ​រំលង​ឡើយ លើក​លែងតែ​សេចក្ដី​ជំនុំ​ជំរះ​នឹង​មក​តាម​ភ្លាម ក្នុង​ការ​កាន់កាប់​ត្រួតត្រា​នានា​របស់​អ្នក —

 ១២ ដើម្បី​កាន់កាប់​កិច្ចការ​អំពី​មនុស្ស​ទ័ល​ក្រ និង​គ្រប់​ទាំង​អស់​ដែល​ទាក់​ទង​ទៅ​នឹង​គណៈប៊ីស្សព ទាំង​នៅ​ក្នុង​ដែនដី​ស៊ីយ៉ូន និង​នៅ​ក្នុង​ដែនដី​ខឺតឡង់​ដែរ

 ១៣ ត្បិត​យើង​បាន​ទុក​ដែនដី​ខឺតឡង់​នៅ​ក្នុង​ពេល​កំណត់​របស់​យើង​ផ្ទាល់ ទុក​សម្រាប់​ប្រយោជន៍​ដល់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត និង​សម្រាប់​ស្តេក​មួយ​ដល់​ក្រុង​ស៊ីយ៉ូន។

 ១៤ ត្បិត​ក្រុង​ស៊ីយ៉ូន​ត្រូវ​តែ​ពង្រីក​ខាង​លំអ និង​ខាង​បរិសុទ្ធ​ភាព ព្រំដែន​ទាំង​ឡាយ​របស់​នាង​ត្រូវ​តែ​ពង្រីក​ឡើង ស្តេក​ទាំង​ឡាយ​របស់​នាង​ត្រូវ​បាន​ចម្រើន​កម្លាំង​ឡើង មែន​ហើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ក្រុង​ស៊ីយ៉ូន​ត្រូវ​ក្រោក​ឡើង ហើយ​ប្រដាប់​ដោយ​សំលៀក​បំពាក់​ដ៏​រុងរឿង​របស់​នាង​ចុះ។

 ១៥ ហេតុ​ដូច្នេះ​ហើយ យើង​ប្រទាន​បញ្ញត្តិ​នេះ​ដល់​អ្នក ថា​អ្នក​រាល់​គ្នា​ត្រូវ​ភ្ជាប់​ខ្លួន​ដោយ​នូវ​សេចក្ដី​សញ្ញា​នេះ ហើយ​វា​នឹង​បាន​សម្រេច​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់។

 ១៦ មើល​ចុះ នេះ​ហើយ​ជា​ប្រាជ្ញា​នៅ​ក្នុង​យើង​ដែរ​សម្រាប់​ការ​ល្អ​ដល់​អ្នក។

 ១៧ ហើយ​អ្នក​ត្រូវ​បាន​ស្មើ​គ្នា ឬ​ក៏​ម្យ៉ាង​ទៀត អ្នក​ត្រូវ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ទ្រព្យសម្បត្តិ​ទាំង​ឡាយ ទុក​សម្រាប់​ប្រយោជន៍​ដល់​ការ​កាន់កាប់​កិច្ចការ​ខាង​ការ​កាន់កាប់​ត្រួតត្រា​របស់​អ្នក គឺ​មនុស្ស​គ្រប់​រូប​តាម​ចំណង់​របស់​ខ្លួន និង​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន ដរាបណា​ចំណង់​របស់​អ្នក​នោះ​យុត្តិធម៌ —

 ១៨ ហើយ​គ្រប់​ការណ៍​ទាំង​នេះ ទុក​សម្រាប់​ប្រយោជន៍​ដល់​សាសនាចក្រ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​បាន​ប្រសើរ​ឡើង​ចំពោះ​ការ​ប៉ិនប្រសប់​របស់​ខ្លួន ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​បាន​ការ​ប៉ិនប្រសប់​ផ្សេងៗ​ទៀត មែន​ហើយ គឺ​រាប់​រយ ដើម្បី​បោះ​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះ​អម្ចាស់ ដើម្បី​ឲ្យ​បាន​ត្រឡប់​ទៅ​ជា​ទ្រព្យសម្បត្តិ​ទូ​ទៅ សម្រាប់​សាសនាចក្រ​ទាំង​មូល —

 ១៩ មនុស្ស​គ្រប់​រូប​ស្វែងរក​ចំណូល​ចិត្ត​នៃ​អ្នក​ជិត​ខាង​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​នូវ​គ្រប់​ការណ៍​ទាំង​អស់ ដោយ​មាន​ភ្នែក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ចំពោះ​សិរី​ល្អ​នៃ​ព្រះ។

 ២០ របៀប​នេះ​ហើយ​ដែល​យើង​បាន​តែងតាំង​ចំពោះ​របៀប​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច​ដល់​អ្នក និង​ដល់​ពួក​ជំនួស​អ្នក​ទាំង​ឡាយ ដរាបណា​អ្នក​មិន​ធ្វើ​បាប​សោះ។

 ២១ ហើយ​មនុស្ស​ណា​ដែល​ធ្វើ​បាប ហើយ​ពង្រឹង​ចិត្ត​ខ្លួន​ទាស់​នឹង​សេចក្ដី​សញ្ញា​នេះ នោះ​នឹង​ត្រូវ​ដោះ​ស្រាយ​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​សាសនាចក្រ​របស់​យើង ហើយ​នឹង​ត្រូវ​ប្រគល់​ទៅ​ឯ​ការ​ធ្វើ​ទុក្ខ​ពី​អារក្ស​សាតាំង ទម្រាំ​ដល់​ថ្ងៃ​ប្រោស​លោះ។

 ២២ ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នេះ​ហើយ​គឺជា​ប្រាជ្ញា ចូរ​ធ្វើ​មិត្ត​សម្លាញ់​ដល់​ខ្លួន​នូវ​ទ្រព្យសម្បត្តិ​ខាង​សេចក្ដី​ឥត​សុចរិត ហើយ​របស់​ទាំង​នោះ​នឹង​មិន​បំផ្លាញ​អ្នក​ឡើយ។

 ២៣ ចូរ​ទុក​សេចក្ដី​ជំនុំ​ជំរះ​នឹង​យើង​ចុះ ត្បិត​វា​ជា​សេចក្ដី​ជំនុំ​ជំរះ​របស់​យើង ហើយ​យើង​នឹង​សង​វិញ។ ចូរ​មាន​សេចក្ដី​សុខសាន្ត​នៅ​ជាមួយ​អ្នក​ចុះ រីឯ​ព្រះ​ពរ​របស់​យើង​ទាំង​ប៉ុន្មាន​នឹង​នៅ​ជាមួយ​អ្នក​ត​ទៅ។

 ២៤ ត្បិត​ទោះ​ជា​បន្តិច​ទៀត​ក្ដី នគរ​របស់​ផង​អ្នក ហើយ​នឹង​បាន​ទៅ​ដល់​អស់​កល្ប​ជានិច្ច បើ​សិន​ជា​អ្នក​មិន​ធ្លាក់​ពី​សេចក្ដី​ខ្ជាប់​ខ្ជួន​របស់​ខ្លួន​ឡើយ​នោះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕