កណ្ឌ​ទី ៨៧

វិវរណៈ​និង​ការ​ព្យាករណ៍​អំពី​សង្គ្រាម ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​១៨៣២ (History of the Church, ១:៣០១–៣០២)។ កណ្ឌ​នេះ​ត្រូវ​បាន​ទទួល​មក​ក្នុង​កាល​ពួក​បង​ប្អូន​ប្រុសៗ​នៃ​សាសនា កំពុងតែ​រំពឹងគិត និង​ពិចារណា​អំពី​ទាសភាព​នៃ​ពួក​អាហ្វ្រិក នៅ​លើ​ទ្វីប​អាមេរិក និង​អំពី​ទាសភាព​នៃ​កូន​ចៅ​មនុស្ស​ទូ​ទៅ​ទាំង​ពិភពលោក។

១–៤, សង្គ្រាម​ត្រូវ​បាន​ទាយ​ប្រាប់​ទុកជាមុន​រវាង​រដ្ឋ​ទាំង​ឡាយ​នៅ​ទិស​ខាង​ជើង នឹង​រដ្ឋ​ទាំង​ឡាយ​នៅ​ទិស​ខាង​ត្បូង; ៥–៨, វិបត្តិ​ភ័យ​ដ៏​ធំ​ទាំង​ឡាយ​នឹង​ធ្លាក់​មក​លើ​អស់​ទាំង​បណ្ដាជន​នៅ​លើ​ផែនដី។

 ១ ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​អំពី​សង្គ្រាម​ទាំង​ឡាយ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ឆាប់ៗ​ដូច្នេះ​ថា គឺ​ចាប់​ផ្ដើម​ដោយ​ការ​បះបោរ​ពី​រដ្ឋ​សៅខារូឡាញណា ដែល​នឹង​បញ្ចប់​ដោយ​សារ​ការ​ស្លាប់ និង​ទុក្ខ​វេទនា​នៃ​មនុស្ស​ជា​ច្រើន

 ២ ហើយ​ពេល​នឹង​មក​ដល់ ដែល​សង្គ្រាម​នឹង​ចាក់​មក​លើ​អស់​ទាំង​សាសន៍ ចាប់​ផ្ដើម​នៅ​កន្លែង​នេះ។

 ៣ ត្បិត​មើល​ចុះ រដ្ឋ​ទាំង​ឡាយ​នៅ​ទិស​ខាង​ត្បូង​នឹង​បែកបាក់​ទាស់​នឹង​រដ្ឋ​ទាំង​ឡាយ​នៅ​ទិស​ខាង​ជើង ហើយ​រដ្ឋ​ទាំង​ឡាយ​នៅ​ទិស​ខាង​ត្បូង​នឹង​ហៅ​សាសន៍​ផ្សេងៗ គឺ​សាសន៍​ពី​អាណាចក្រ​ប្រទេស​អង់គ្លេស តាម​ដែល​គេ​ហៅ ហើយ​ពួក​គេ​ក៏​នឹង​ហៅ​សាសន៍​ផ្សេងៗ​ទៀត ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​នឹង​សាសន៍​ផ្សេង ហើយ​នៅ​ខណៈ​នោះ សង្គ្រាម​នឹង​ចាក់​មក​លើ​អស់​ទាំង​សាសន៍។

 ៤ ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា ជា​ច្រើន​ថ្ងៃ​ក្រោយ​មក​នោះ ពួក​ទាសករ​នឹង​បះបោរ​ឡើង​ទាស់​នឹង​ចៅហ្វាយ​របស់​ខ្លួន ដែល​នឹង​ត្រូវ​ត្រៀម ហើយ​ហ្វឹកហាត់​សម្រាប់​សង្គ្រាម។

 ៥ ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា ពួក​សំណល់​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់​លើ​ដែនដី​ក៏​នឹង​ត្រៀម​ខ្លួន​ដែរ ហើយ​នឹង​ត្រឡប់​ជា​ខឹង​ជា​អនេក ហើយ​នឹង​ធ្វើ​ទុក្ខ​ពួក​សាសន៍​ដទៃ ដោយ​ការ​ធ្វើ​ទុក្ខ​ដ៏​ធ្ងន់ធ្ងរ។

 ៦ ហើយ​ដូច្នេះ ដោយ​ដាវ និង​ដោយ​សារ​ការ​កំចាយ​ឈាម នោះ​បណ្ដាជន​នៅ​លើ​ផែនដី​នឹង​យំសោក ហើយ​ដោយ​នូវ​ការ​អំណត់​អត់ និង​គ្រោះអាសន្ន និង​ផែនដី​រំ​ជួយ និង​ផ្គរលាន់​នៅ​លើ​មេឃ និង​រន្ទះបាញ់​ខ្ចាយ​ណា​ខ្ចាយ​ណី​ផង ទើប​បណ្ដាជន​នៅ​លើ​ផែនដី​នឹង​បាន​ស្គាល់​នូវ​សេចក្ដី​ក្រោធ និង​សេចក្ដី​ក្ដៅ​ក្រហាយ និង​ព្រះ​ហស្ត​សម្រាប់​ប្រៀន​ប្រដៅ​នៃ​ព្រះ​ដ៏​មហិទ្ធិឫទ្ធិ រហូត​ដល់​បាន​សម្រេច​ឲ្យ​មាន​ការ​បំផ្លាញ ដែល​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍​ផុត​អស់​រលីង​ទៅ

 ៧ ប្រយោជន៍​ឲ្យ​សម្រែក​នៃ​ពួក​បរិសុទ្ធ និង​ឈាម​នៃ​ពួក​បរិសុទ្ធ នឹង​ឈប់​បាន​ឮ​ឡើង​ពី​ផែនដី​ទៅ​ដល់​ព្រះ​កាណ៌​របស់​ព្រះ​អម្ចាស់​នៃ​សាបោត សូម​ឲ្យ​សងសឹក​ដល់​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ។

 ៨ ហេតុ​ដូច្នោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ ហើយ​ចូរ​កុំ​រើ​ឡើយ រហូត​ដល់​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​មក​ដល់ ត្បិត​មើល​ចុះ ថ្ងៃ​នោះ​នឹង​មក​ដល់​យ៉ាង​ឆាប់​រហ័ស ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ​មែន។ អាម៉ែន៕