កណ្ឌ​ទី ៩០

វិវរណៈ​ចំពោះ​យ៉ូសែប ស៊្មីធ ជា​ព្យាការី ដែល​បាន​ប្រទាន​នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​១៨៣៣ (History of the Church, ១:៣២៩–៣៣១)។ វិវរណៈ​នេះ​ជា​ជំហាន​ត​ទៅ​ទៀត អំពី​ការ​តាំង​គណៈប្រធាន​ទី​១ (សូម​មើល​ចំណង​ជើង​នៃ​កណ្ឌ​ទី ៨១); ជា​ការ​បន្ត​នៃ​វិវរណៈ​នេះ ទីប្រឹក្សា​ទាំង​ឡាយ​ដែល​បាន​ពោល​ដល់​នោះ​ត្រូវ​បាន​តែងតាំង​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៨៣៣។

១–៥, កូន​សោ​ទាំង​ឡាយ​នៃ​នគរ​ត្រូវ​បាន​ប្រគល់​ដល់ យ៉ូសែប ស៊្មីធ ហើយ​តាម​រយៈ​លោក ទើប​ដល់​សាសនាចក្រ; ៦–៧, ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស ត្រូវ​បម្រើ​ក្នុង​គណៈប្រធាន​ទី​១; ៨–១១, ដំណឹង​ល្អ​ត្រូវ​បាន​ផ្សាយ​ដល់​ពួក​សាសន៍​អ៊ីស្រាអែល​ទាំង​ឡាយ ដល់​ពួក​សាសន៍​ដទៃ និង​ដល់​ពួក​សាសន៍​យូដា គឺ​មនុស្ស​គ្រប់​រូប​ត្រូវ​បាន​ឮ​ក្នុង​ភាសា​របស់​ខ្លួន; ១២–១៨, យ៉ូសែប ស៊្មីធ និង​ទីប្រឹក្សា​ទាំង​ឡាយ​របស់​លោក ត្រូវ​ចាត់ចែង​សាសនាចក្រ​តាម​របៀប​រៀបរយ; ១៩–៣៧, អ្នក​ដទៃ​ជា​ច្រើន​ត្រូវ​បាន​ទូន្មាន​ពី​ព្រះ​អម្ចាស់​ឲ្យ​ដើរ​ដោយ​ទៀងត្រង់ ហើយ​បម្រើ​នៅ​ក្នុង​នគរ​របស់​ទ្រង់។

 ១ ដូច្នេះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បុត្រ​យើង​អើយ អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក​ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ ស្រប​តាម​សំណូមពរ​របស់​អ្នក ត្បិត​ការ​អធិស្ឋាន​ទាំង​ឡាយ​របស់​អ្នក និង​ការ​អធិស្ឋាន​នៃ​បង​ប្អូន​របស់​អ្នក​ទាំង​ប៉ុន្មាន បាន​ឡើង​មក​ឯ​ព្រះ​កាណ៌​របស់​យើង​ហើយ។

 ២ ហេតុ​ដូច្នេះ​ហើយ អ្នក​បាន​ពរ​ហើយ​ពី​ពេល​នេះ​ត​ទៅ ដែល​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​នគរ ដែល​បាន​ប្រទាន​ដល់​អ្នក រី​ឯ​ន​គរ​នោះ កំពុងតែ​ចេញ​មក​នៅ​លើក​ចុង​ក្រោយ​បង្អស់។

 ៣ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កូន​សោ​ទាំង​ឡាយ​នៃ​នគរ​នេះ នឹង​មិន​ត្រូវ​ដក​ចេញ​ពី​អ្នក​ឡើយ នៅ​ពេល​អ្នក​នៅ​ក្នុង​លោកិយ ឬ​នៅ​បរលោក​ក្ដី;

 ៤ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​តាម​រយៈ​អ្នក នោះ​ព្រះ​បន្ទូល​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ផ្សេង​ទៀត មែន​ហើយ គឺ​ដល់​សាសនាចក្រ។

 ៥ ហើយ​អស់​អ្នក​ណា​ទទួល​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​ចូរ​ឲ្យ​ពួក​គេ​ប្រុងប្រយ័ត្ន​ពី​របៀប​ពួក​គេ​កាន់​របស់​ទាំង​នោះ​ចុះ ក្រែងលោ​ពួក​គេ​រាប់​ថា​ជា​ការ​ឥត​ការ ហើយ​ត្រូវ​បាន​នាំ​មក​ក្រោម​ការ​ដាក់​ទោស​ដោយ​ហេតុ​នោះ ហើយ​ជំពប់ ហើយ​ដួល​ក្នុង​កាល​ខ្យល់​ព្យុះ​បោក​មក ហើយ​ខ្យល់​បក់​បោក ហើយ​ទឹកភ្លៀង​ធ្លាក់​មក ហើយ​បោក​មក​លើ​ផ្ទះ​របស់​ពួក​គេ។

 ៦ ហើយ​ជា​ថ្មី​ទៀត ប្រាកដ​មែន យើង​ប្រាប់​ដល់​បង​ប្អូន​អ្នក គឺ​ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស ថា អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ​ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ​ដែរ ហើយ​ពួក​គេ​ត្រូវ​បាន​រាប់​ថា​ស្មើ​នឹង​អ្នក​ក្នុង​ការ​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​នគរ

 ៧ ព្រម​ទាំង​តាម​រយៈ​ការ​ចាត់ចែង​របស់​អ្នក​នូវ​កូន​សោ​ទាំង​ឡាយ​នៃ​សាលា​នៃ​ពួក​ព្យាការី​ផង ដែល​យើង​បាន​បញ្ជា​ឲ្យ​រៀបចំ​នោះ

 ៨ ប្រយោជន៍​ថា​តាម​មាគ៌ា​នេះ ទើប​ពួក​គេ​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ការងារ​បម្រើ​របស់​ពួក​គេ​សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ស៊ីយ៉ូន និង​សាសន៍​ទាំង​ឡាយ​នៃ​អ៊ីស្រាអែល និង​ពួក​សាសន៍​ដទៃ គឺ​មនុស្ស​ជា​ច្រើន​ណា​ដែល​នឹង​ជឿ

 ៩ ប្រយោជន៍​ថា​តាម​រយៈ​ការ​ចាត់ចែង​របស់​អ្នក ទើប​ពួក​គេ​អាច​បាន​ទទួល​ព្រះ​បន្ទូល និង​តាម​រយៈ​ការ​ចាត់ចែង​របស់​ពួក​គេ ទើប​ព្រះ​បន្ទូល​អាច​បាន​ចេញ​ទៅ​ដល់​ទី​បំផុត​ផែនដី គឺ​មុនដំបូង​ដល់​ពួក​សាសន៍​ដទៃ ហើយ​ខណៈ​នោះ មើល​ចុះ និង​មើល​ន៏ ពួក​គេ​នឹង​បែរ​ទៅ​រក​ពួក​សាសន៍​យូដា។

 ១០ ហើយ​ខណៈ​នោះ ថ្ងៃ​នោះ​នឹង​មក​ដល់ ក្នុង​កាល​ព្រះ​ពាហុ​នៃ​ព្រះ​អម្ចាស់​នឹង​សម្ដែង​ក្នុង​ព្រះ​ចេស្ដា​នូវ​ការ​បរិវត្តន៍​ដល់​ពួក​សាសន៍​ទាំង​ឡាយ ពួក​សាសន៍​ដែល​ឥត​សាសនា វង្ស​យ៉ូសែប អំពី​ដំណឹង​ល្អ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ពួក​គេ។

 ១១ ត្បិត​នៅ​ថ្ងៃ​នោះ ហេតុការណ៍​នឹង​កើត​ឡើង​ថា មនុស្ស​គ្រប់​រូប​នឹង​បាន​ឮ​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​ដោយ​នូវ​ពាក្យ​សម្ដី​របស់​ខ្លួន និង​ដោយ​នូវ​ភាសា​របស់​ខ្លួន តាម​រយៈ​ពួក​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ចំពោះ​អំណាច​នេះ ដោយ​សារ​ការ​ចាត់ចែង​នៃ​ព្រះ​ដ៏​ជា​ជំនួយ ដែល​បាន​សណ្ឋិត​មក​លើ​ពួក​គេ​សម្រាប់​វិវរណៈ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។

 ១២ ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​មួយ​ថា អ្នក​ត្រូវ​បន្ត​ក្នុង​ការងារ​បម្រើ និង​គណៈ​ប្រធាន​ទី​១។

 ១៣ ហើយ​កាលណា​អ្នក​បាន​បញ្ចប់​ការ​បកប្រែ​គម្ពីរ​របស់​ពួក​ព្យាការី នោះ​អ្នក​នឹង​ត្រួតពិនិត្យ​លើ​ការងារ​នៃ​សាសនាចក្រ និង​សាលា​ពី​ពេល​នេះ​ត​ទៅ

 ១៤ ហើយ​ម្ដង​ម្កាល ដូច​ជា​បាន​សម្ដែង​ដោយ​ព្រះ​ដ៏​ជា​ជំនួយ នោះ​នឹង​បាន​ទទួល​វិវរណៈ​ទាំង​ឡាយ​ដើម្បី​បើក​បង្ហាញ​សេចក្ដី​អាថ៌​កំបាំង​ទាំង​ឡាយ​នៃ​នគរ។

 ១៥ ហើយ​ចូរ​តាំង​សាសនាចក្រ​ទាំង​ប៉ុន្មាន​ឲ្យ​មាន​របៀបរៀបរយ ហើយ​ចូរ​សិក្សា និង​រៀន ហើយ​ស្គាល់​ជិតស្និទ្ធ​នូវ​អស់​ទាំង​សៀវភៅ​ល្អៗ ហើយ​និង​ភាសា​ទាំង​ឡាយ និង​អណ្ដាត​ទាំង​ឡាយ និង​ប្រជាជន។

 ១៦ ហើយ​នេះ​ត្រូវ​ជា​ធុរៈ​កិច្ច និង​បេសកកម្ម​អស់​មួយ​ជីវិត​របស់​អ្នក គឺ​ដើម្បី​ត្រួតពិនិត្យ​ក្នុង​ក្រុម​ប្រឹក្សា ហើយ​តាំង​ឲ្យ​មាន​របៀបរៀបរយ​នៅ​អស់​ទាំង​ការងារ​នៃ​សាសនាចក្រ និង​នគរ​នេះ។

 ១៧ ចូរ​កុំ​ខ្មាស ឬ​ត្រូវ​ជ្រប់​មុខ​ឡើយ ប៉ុន្តែ​ចូរ​ទទួល​ការ​ព្រមាន​ដាស់តឿន​ចំពោះ​គំនិត​ខ្ពង់​ខ្ពស់ និង​សេចក្ដី​ឆ្មើងឆ្មៃ​របស់​អ្នក​ចុះ ត្បិត​ការ​ទាំង​នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់​ដល់​ព្រលឹង​អ្នក។

 ១៨ ចូរ​តាំង​គេហដ្ឋាន​របស់​អ្នក​ឲ្យ​មាន​របៀបរៀបរយ​ចុះ ចូរ​ទុក​ការ​ខ្ជិលច្រអូស និង​ការ​ឥត​ស្អាតស្អំ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ចេញ។

 ១៩ ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ទុក​ឲ្យ​មាន​កន្លែង​មួយ​យ៉ាង​ឆាប់​តាម​ដែល​ធ្វើ​ទៅ​បាន​សម្រាប់​ក្រុម​គ្រួសារ​នៃ​ទីប្រឹក្សា និង​ស្មៀន​របស់​អ្នក គឺ​ហ្វ្រែឌើរិក ជី វិលលាម្ស។

 ២០ ហើយ​ចូរ​ឲ្យ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ដែល​អ្នក​បម្រើ​ដ៏​ចំណាស់​របស់​យើង​នៅ​ជាមួយ​គ្រួសារ​របស់​លោក​នៅ​លើ​កន្លែង​ដែល​លោក​រស់នៅ​ពេល​នេះ​ត​ទៅ​ទៀត​ចុះ ហើយ​ចូរ​កុំ​លក់​កន្លែង​នោះ​ឡើយ រហូត​ដល់​ព្រះ​ឱស្ឋ​នៃ​ព្រះ​អម្ចាស់​នឹង​បញ្ជាក់​ប្រាប់។

 ២១ ហើយ​ចូរ​ឲ្យ​ទីប្រឹក្សា​របស់​យើង​គឺ ស៊ីឌនី រិកដុន នៅ​កន្លែង​ដែល​គាត់​អាស្រ័យ​នៅ​ឥឡូវ​នេះ​ត​ទៅ​ទៀត​ចុះ រហូត​ដល់​ព្រះ​ឱស្ឋ​នៃ​ព្រះ​អម្ចាស់​នឹង​បញ្ជាក់​ប្រាប់។

 ២២ ហើយ​ចូរ​ឲ្យ​ប៊ីស្សព ព្យាយាម​ស្វែងរក ដើម្បី​ឲ្យ​បាន​ភ្នាក់​ងារ​ម្នាក់ ហើយ​ចូរ​ឲ្យ​អ្នក​នោះ​ជា​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ — ជា​អ្នក​សំណប់​របស់​ព្រះ ហើយ​មាន​សេចក្ដី​ជំនឿ​ខ្លាំង —

 ២៣ ដើម្បី​ដោយ​មាគ៌ា​នេះ ទើប​គាត់​អាច​បង់​បំណុល​អស់​គ្រប់​យ៉ាង ប្រយោជន៍​កុំ​ឲ្យ​ឃ្លាំង​នៃ​ព្រះ​អម្ចាស់​ត្រូវ​បាន​នាំ​ឲ្យ​មាន​ឈ្មោះ​ខូច​នៅ​ចំពោះ​ភ្នែក​ប្រជាជន​ឡើយ។

 ២៤ ចូរ​ព្យាយាម​ស្វែងរក ចូរ​អធិស្ឋាន​ជានិច្ច ហើយ​ចូរ​មាន​ជំនឿ ហើយ​គ្រប់​ការណ៍​ទាំង​អស់​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក បើ​សិន​ជា​អ្នក​រាល់​គ្នា​ដើរ​ដោយ​ទៀងត្រង់ ហើយ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ។

 ២៥ ចូរ​ឲ្យ​ក្រុម​គ្រួសារ​អ្នក​មាន​ចំនួន​តូច ជា​ពិសេស យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ជា​អ្នក​បម្រើ​ចំណាស់​របស់​យើង ដូច​ជា​អស់​អ្នក​ដែល​ពុំ​មែន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​ចុះ

 ២៦ ប្រយោជន៍​កុំ​ឲ្យ​ការណ៍​ទាំង​នោះ​ដែល​បាន​ផ្គត់ផ្គង់​ដល់​អ្នក ដើម្បី​សម្រេច​កិច្ចការ​របស់​យើង​ត្រូវ​ដក​ចេញ​ពី​អ្នក ហើយ​ផ្ដល់​ដល់​អស់​អ្នក​ដែល​មិន​សក្ដិសម​ឡើយ —

 ២៧ ហើយ​ដោយ​ហេតុ​នេះ ទើប​អ្នក​ជាប់​រារាំង​ក្នុង​ការ​សម្រេច​ការណ៍​ទាំង​នោះ ដែល​យើង​បាន​បញ្ជា​ដល់​អ្នក។

 ២៨ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺជា​ព្រះ​ហឫទ័យ​របស់​យើង ដែល​នាង​វីអែណា ចាកស៍ ជា​អ្នក​បម្រើ​របស់​យើង គប្បី​ទទួល​ប្រាក់​កាស​ដើម្បី​បង់​សោហ៊ុយ​របស់​នាង ហើយ​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​ចុះ

 ២៩ ហើយ​ប្រាក់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នោះ​អាច​ថ្វាយ​ដល់​យើង​ចុះ ហើយ​នាង​នឹង​បាន​រង្វាន់​តាម​ពេល​ដែល​យើង​កំណត់។

 ៣០ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា សម​ចំពោះ​ព្រះ​នេត្រ​របស់​យើង​ហើយ ដែល​នាង​គួរ​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន ហើយ​ទទួល​កេរមរតក​ពី​ដៃ​ប៊ីស្សព

 ៣១ ប្រយោជន៍​ឲ្យ​នាង​អាច​បាន​រស់នៅ​ដោយ​សេចក្ដី​សុខសាន្ត ដរាបណា​នាង​មាន​ចិត្ត​ស្មោះត្រង់ ហើយ​មិន​ខ្ជិលច្រអូស​អស់​មួយ​ជីវិត​របស់​នាង​ពី​ពេល​នេះ​ត​ទៅ។

 ៣២ ហើយ​មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​សរសេរ​ព្រះ​បញ្ញត្តិ​នេះ ហើយ​ប្រាប់​ដល់​ពួក​បង​ប្អូន​របស់​អ្នក​ក្នុង​សាសនា​ដែល​នៅ​ក្រុង​ស៊ីយ៉ូន ដោយ​នូវ​ការ​ជម្រាប​សួរ​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ថា យើង​បាន​ហៅ​អ្នក​ឲ្យ​ត្រួតពិនិត្យ​លើ​ក្រុង​ស៊ីយ៉ូន​ផង តាម​ពេល​ដែល​យើង​កំណត់។

 ៣៣ ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​ពួក​គេ​ឈប់​រំខាន​ចិត្ត​យើង​ចំពោះ​រឿង​នេះ​ចុះ។

 ៣៤ មើល​ចុះ យើង​ប្រាប់​អ្នក​ថា ពួក​បង​ប្អូន​របស់​អ្នក​ក្នុង​សាសនា​ដែល​នៅ​ក្រុង​ស៊ីយ៉ូន ចាប់​ផ្ដើម​ប្រែ​ចិត្ត ហើយ​ពួក​ទេវតា​មាន​ចិត្ត​ត្រេកអរ​មក​លើ​ពួក​គេ។

 ៣៥ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​យើង​មិន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ការណ៍​ជា​ច្រើន ហើយ​យើង​មិន​សព្វ​ព្រះ​ហឫទ័យ​ជាមួយ​នឹង វិលលាម អ៊ី ម៉័កខ្លេលិន ជា​អ្នក​បម្រើ​របស់​យើង​ទេ ឬ​ក៏​ជាមួយ​នឹង ស៊ីឌនី គិលបឺត ជា​អ្នក​បម្រើ​របស់​យើង​ដែរ ព្រម​ទាំង​ប៊ីស្សព​ផង ហើយ​ពួក​អ្នក​ផ្សេងៗ​ទៀត ក៏​មាន​ការណ៍​ជា​ច្រើន​ដែល​ត្រូវ​ប្រែ​ចិត្ត​ចេញ។

 ៣៦ ប៉ុន្តែ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ជា​ព្រះ​អម្ចាស់​នឹង​ទាស់​នឹង​ស៊ីយ៉ូន ហើយ​អង្វរ​នឹង​ពួក​អ្នក​ពូកែ​របស់​នាង ហើយ​វាយ​ផ្ចាល​នាង ទាល់​តែ​នាង​បាន​ជ័យ​ជម្នះ ហើយ​បាន​ស្អាតស្អំ​នៅ​ចំពោះ​យើង។

 ៣៧ ត្បិត​នាង​នឹង​មិន​ត្រូវ​រង្គើ​ចេញ​ពី​កន្លែង​នាង​ឡើយ។ យើង​ជា​ព្រះ​អម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ហើយ។ អាម៉ែន៕