ជំនួយ​ការសិក្សា
ក.យ.ស., លូកា 16


ក.យ.ស., លូកា ១៦:១៦–២៣ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​លូកា ១៦:១៦–១៨)

(ព្រះ​យេស៊ូវ​ទ្រង់​បាន​ផ្ដល់​បរិបទ​សម្រាប់​ពាក្យ​ប្រៀប​ប្រដូច​អំពី​បុរស​មាន​ទ្រព្យ​សម្បត្តិ និង​ឡាសារ)។

១៦ហើយ​ពួក​គេ​បាន​ទូល​ទៅ​ទ្រង់​ថា យើង​មាន​ក្រឹត្យ​វិន័យ និង​ពាក្យ​ព្យាករណ៍​នៃ​ពួក​ព្យាការី ប៉ុន្តែ​រីឯ​បុរស​នេះ យើង​នឹង​មិន​ទទួល​ស្គាល់​លោក ជា​អ្នក​ត្រួតត្រា​របស់​យើង​ទេ ត្បិត​លោក​បាន​តាំង​ខ្លួន​ជា​ចៅក្រម​លើ​យើង។

១៧គ្រា​នោះ ព្រះ​យេស៊ូវ​ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ក្រឹត្យ​វិន័យ និង​ពាក្យ​ព្យាករណ៍​នៃ​ពួក​ព្យាការី​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ មែន​ហើយ ពាក្យ​ព្យាករណ៍​ទាំង​អស់​ដែល​ពួក​ព្យាការី​បាន​ចែង​ទុក រហូត​មក​ដល់​យ៉ូហាន គឺ​បាន​ទាយ​អំពី​ជំនាន់​នេះ។

១៨តាំង​ពី​នោះ​មក នគរ​ព្រះ​ត្រូវ​បាន​ផ្សាយ​ប្រាប់ ហើយ​មនុស្ស​គ្រប់​រូប​កំពុងតែ​ខំ​ប្រឹង​ប្រែង​ចូល​នគរ​នោះ។

១៩ហើយ​ដែល​ផ្ទៃ​មេឃ និង​ផែនដី​បាត់​ទៅ នោះ​ងាយ​ជាជាង​បាត់​ក្បៀស​មួយ​ក្នុង​ក្រឹត្យ​វិន័យ​ទៅ​ទៀត។

២០ហើយ​ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​បង្រៀន​ពី​ក្រឹត្យ​វិន័យ ហើយ​មិន​ទទួល​ស្គាល់​ពាក្យ​ដែល​បាន​ចែង​ទុក ហើយ​កាត់ទោស​ដល់​អ្នក​នោះ ដែល​ព្រះ​វរបិតា​បាន​ចាត់​ឲ្យ​មក​បំពេញ​ក្រឹត្យ​វិន័យ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រោស​លោះ?

២១ឱ​ពួក​ចោល​ម្សៀត​អើយ ត្បិត​អ្នក​បាន​គិត​ក្នុង​ចិត្ត​ថា ឥត​មាន​ព្រះ​ឡើយ។ ហើយ​អ្នក​រាល់​គ្នា​បង្ខូច​ផ្លូវ​ដ៏​ត្រឹម​ត្រូវ ហើយ​នគរ​ស្ថាន​សួគ៌​បាន​រង​ទុក្ខ​មក​ពី​ការ​ឃោរឃៅ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​បៀតបៀន​មនុស្ស​ស្លូតត្រង់ ហើយ​នៅ​ក្នុង​ការ​ឃោរឃៅ​របស់​អ្នក នោះ​អ្នក​រាល់​គ្នា​ស្វែងរក​បំផ្លាញ​នគរ​ចោល ហើយ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ចាប់​កូន​ចៅ​នៃ​នគរ។ វេទនា​អ្នក​រាល់​គ្នា ជា​ពួក​មនុស្ស​កំផិត​អើយ!

២២ហើយ​ពួក​គេ​បាន​មើល​ងាយ​ដល់​ទ្រង់​ទៀត ដោយ​ខឹង​ពី​ពាក្យ​ថា ពួក​គេ​ជា​មនុស្ស​កំផិត។

២៣ប៉ុន្តែ​ទ្រង់​មាន​ព្រះ​បន្ទូល​ត​ទៅ​ទៀត​ថា អស់​អ្នក​ណា​ដែល​លែងប្រពន្ធ​របស់​ខ្លួន ហើយ​រៀបការ​ជាមួយ​នឹង​អ្នក​ផ្សេង​ទៀត នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​អស់​អ្នក​ណា​ដែល​រៀបការ​នឹង​នាង ដែល​ប្ដី​នាង​បាន​លែង​នាង​ចោល នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​កំផិត​ដែរ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​នឹង​ប្រៀបធៀប​អ្នក​ដូច​ជា​បុរស​មាន​ទ្រព្យ​សម្បត្តិ។