ជំពូក​ទី ២

លោក​អ័ប្រាហាំ​ចេញ​ពី​អ៊ើរ ទៅ​ឯ​ស្រុក​កាណាន — ព្រះ​យេហូវ៉ា​ទ្រង់​លេច​មក​ឲ្យ​លោក​ឃើញ​នៅ​ត្រង់​ហា​រ៉ា​ន — ព្រះ​ពរ​ទាំង​ឡាយ​អំពី​ដំណឹង​ល្អ​ត្រូវ​បាន​សន្យា​ដល់​ពូជ​លោក និង​តាម​រយៈ​ពូជ​លោក​ទៅ​ដល់​មនុស្ស​ទាំង​អស់ — លោក​ទៅ​ស្រុក​កាណាន ហើយ​រហូត​ទៅ​ស្រុក​អេស៊ីព្ទ។

 ១ ឥឡូវ​នេះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​បណ្ដាល​ឲ្យ​មាន​អំណត់​អត់​ដ៏​ធ្ងន់ធ្ងរ​នៅ​លើ​ដែនដី​អ៊ើរ រហូត​ដល់​ហា​រ៉ា​ន ជា​ប្អូន​ប្រុស​ខ្ញុំ​ស្លាប់​ទៅ ប៉ុន្តែ​ថេរ៉ា ជា​ឪពុក​ខ្ញុំ នៅ​តែ​រស់​នៅ​លើ​ដែនដី​អ៊ើរ ស្រុក​ខាល់ដេ។

 ២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ អ័ប្រាហាំ បាន​យក​សារ៉ាយ ធ្វើ​ជា​ប្រពន្ធ ហើយ​ណាឃរ ជា​ប្អូន​ប្រុស​ខ្ញុំ បាន​យក​មី​ល​កា​ធ្វើ​ជា​ប្រពន្ធ ដែល​ជា​កូន​ស្រី​របស់​ហារ៉ាន។

 ៣ ឥឡូវ​នេះ ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ អ័ប្រាហាំ​អើយ ចូរ​អ្នក​ចេញ​ពី​ស្រុក​អ្នក ហើយ​ចេញ​ពី​ញាតិ​សន្តាន​អ្នក ហើយ​ចេញ​ពី​ផ្ទះ​ឪពុក​អ្នក ទៅ​នៅ​ឯ​ដែនដី​ដែល​យើង​នឹង​បង្ហាញ​អ្នក​ចុះ។

 ៤ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ខ្ញុំ​ចេញ​ពី​ដែនដី​អ៊ើរ ស្រុក​ខាល់ដេ ទៅ​ឯ​ដែនដី​កាណាន ហើយ​ខ្ញុំ​បាន​យក​ឡុត ជា​កូន​ប្រុស​របស់​ប្អូន​ខ្ញុំ និង​ប្រពន្ធ​ឡុត និង​សារ៉ាយ ជា​ប្រពន្ធ​ខ្ញុំ​ទៅ​ផង ហើយ​ឪពុក​ខ្ញុំ​ក៏​ទៅ​តាម​ខ្ញុំ​ដែរ ទៅ​ឯ​ដែនដី​ដែល​យើង​ដាក់​ឈ្មោះ​ថា ហារ៉ាន។

 ៥ ហើយ​អំណត់​អត់​ក៏​ធូរ​ស្បើយ ហើយ​ឪពុក​ខ្ញុំ​បាន​នៅ​ឯ​ហា​រ៉ា​ន ហើយ​បាន​អាស្រ័យ​នៅ​ទី​នោះ ដោយ​ព្រោះ​មាន​ហ្វូង​ចៀម​ជា​ច្រើន​នៅ ហា​រ៉ា​ន ហើយ​ឪពុក​ខ្ញុំ​បាន​បែរ​ទៅ​ថ្វាយ​រូប​ព្រះ​របស់​គាត់​ទៀត ហេតុ​ដូច្នេះ​ហើយ បាន​ជា​គាត់​រស់​នៅ​ឯ​ហា​រ៉ា​ន​ត​ទៅ។

 ៦ ប៉ុន្តែ​ខ្ញុំ អ័ប្រាហាំ និង​ឡុត ជា​កូន​ប្រុស​របស់​ប្អូន​ខ្ញុំ បាន​អធិស្ឋាន​ទៅ​ព្រះ​អម្ចាស់ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ ហើយ​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​ក្រោក​ឡើង ហើយ​យក​ឡុត​ទៅ​ជាមួយ​អ្នក​ចុះ ត្បិត​យើង​មាន​គោលបំណង​នឹង​យក​អ្នក​ចេញ​ពី​ហា​រ៉ា​ន ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​អ្នក​បម្រើ ដើម្បី​នាំ​នាម​យើង​ទៅ​ឯ​ដែនដី​ចម្លែក ដែល​យើង​នឹង​ប្រទាន​ដល់​ពូជ​អ្នក​បន្ត​បន្ទាប់​ពី​អ្នក​ទៅ ទុកជា​កេរ្តិ៍​អាករ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច កាលណា​ពួក​គេ​ប្រុង​ស្ដាប់​តាម​សំឡេង​របស់​យើង​នោះ។

 ៧ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក យើង​គង់​នៅ​លើ​ស្ថាន​សួគ៌ ផែនដី​ជា​កំណល់​កល់​ព្រះ​បាទ​យើង យើង​លាត​ព្រះហស្ត​លើ​សមុទ្រ ហើយ​សមុទ្រ​គោរព​តាម​សំឡេង​យើង យើង​បណ្ដាល​ឲ្យ​ខ្យល់ និង​ភ្លើង​ទៅ​ជា​រាជរថ​របស់​យើង យើង​មាន​បន្ទូល​ទៅ​ភ្នំ​ទាំង​ឡាយ​ថា — ចូរ​ចេញ​ទៅ — ហើយ​មើល​ចុះ ភ្នំ​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​ឆ្ងាយ​ដោយ​ខ្យល់​ព្យុះ​ក្នុង​មួយ​រំពេច​ភ្លាមៗ។

 ៨ ព្រះ​នាម​យើង គឺ​ព្រះ​យេហូវ៉ា ហើយ​យើង​ដឹង​ពី​ដើមដំបូង​មក​ចុង​បំផុត ហេតុ​ដូច្នេះ​ហើយ ព្រះ​ហស្ត​យើង​នឹង​នៅ​លើ​អ្នក។

 ៩ ហើយ​យើង​នឹង​បង្កើត​សាសន៍​មួយ​យ៉ាង​ធំ​ពី​អ្នក ហើយ​យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ហួស​កម្រិត ហើយ​ធ្វើ​ឲ្យ​ឈ្មោះ​អ្នក​បាន​ធំ​ក្នុង​ចំណោម​អស់​ទាំង​សាសន៍ ហើយ​អ្នក​នឹង​ទៅ​ជា​ពរ​ដល់​ពូជ​អ្នក​ជា​បន្តបន្ទាប់​ទៅ ដើម្បី​ឲ្យ​ពួក​គេ​បាន​កាន់​ការងារ​បម្រើ និង​បព្វជិតភាព​នេះ​ដល់​អស់ ទាំង​សាសន៍ ដោយ​ដៃ​របស់​ពួក​គេ

 ១០ ហើយ​យើង​នឹង​ប្រទាន​ពរ​ដល់​ពួក​គេ​តាម​រយៈ​ឈ្មោះ​អ្នក ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​ទទួល​ដំណឹង​ល្អ​នេះ នោះ​នឹង​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​អ្នក ហើយ​នឹង​ត្រូវ​បាន​រាប់​ថា​ជា​ពូជ​អ្នក ហើយ​នឹង​ក្រោក​ឡើង ហើយ​ជូនពរ​ដល់​អ្នក​ជា​ឪពុក​របស់​គេ

 ១១ ហើយ​យើង​នឹង​ប្រទាន​ពរ​ដល់​ពួក​អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​អ្នក ហើយ​នឹង​ដាក់​បណ្ដាសា​ដល់​ពួក​អ្នក​ណា​ដែល​ផ្ដាសា​អ្នក ហើយ​ដោយ​សារ​អ្នក (គឺថា​ដោយ​សារ​បព្វជិតភាព​របស់​អ្នក) និង​ដោយ​សារ​ពូជ​អ្នក (គឺថា​ដោយ​សារ​បព្វជិតភាព​របស់​អ្នក) ត្បិត​យើង​បាន​ប្រទាន​ដល់​អ្នក នូវ​សេចក្ដី​សន្យា​មួយ​ថា សិទ្ធិ​នេះ​នឹង​នៅ​ជាប់​នឹង​អ្នក​រហូត ហើយ​នៅ​ជាប់​នឹង​ពូជ​អ្នក​ជា​បន្តបន្ទាប់​ទៅ (គឺ​និយាយ ថា ពូជ​អ្នក​ពិត ឬ​ពូជ​ចេញ​ពី​រូប​កាយ​អ្នក) នោះ​ទើប​អស់​ទាំង​គ្រួសារ​នៅ​លើ​ផែនដី​នឹង​បាន​ពរ គឺ​ដោយ​ព្រះ​ពរ​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ ដែល​ជា​ព្រះ​ពរ​ទាំង​ឡាយ​ខាង​សេចក្ដី​សង្គ្រោះ គឺ​ខាង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

 ១២ ឥឡូវ​នេះ បន្ទាប់​ពី​ព្រះ​អម្ចាស់​ទ្រង់​បាន​ថយ​ចេញ​ពី​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​ខ្ញុំ ហើយ​បាន​ដក​ព្រះ​ភក្ត្រ​របស់​ទ្រង់​ចេញ​ពី​ខ្ញុំ​ទៅ នោះ​ខ្ញុំ​ក៏​និយាយ​ក្នុង​ចិត្ត​ថា ៖ អ្នក​បម្រើ​របស់​ទ្រង់​បាន​ខំ​ស្វែងរក​ទ្រង់ ឥឡូវ​នេះ ទូលបង្គំ​បាន​រក​ឃើញ​ព្រះ​អង្គ​ហើយ

 ១៣ ព្រះ​អង្គ​បាន​ចាត់​ទេវតា​របស់​ទ្រង់​ឲ្យ​មក​ដោះ​លែង​ទូលបង្គំ​ពី​ព្រះ​ទាំង​ឡាយ​នៃ​អែលកេណា ហើយ​ល្អ​ហើយ​ដែល​ទូលបង្គំ​នឹង​ស្ដាប់​តាម​សំឡេង​ព្រះ​អង្គ ហេតុ​ដូច្នេះ​ហើយ សូម​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ក្រោក​ឡើង ហើយ​ចេញ​ទៅ​ដោយ​សេចក្ដី​សុខសាន្ត​ចុះ។

 ១៤ ម្ល៉ោះ​ហើយ​ខ្ញុំ អ័ប្រាហាំ បាន​ចេញ​តាម​ដែល​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​ខ្ញុំ ហើយ​ឡុត​នៅ​ជាមួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ អ័ប្រាហាំ មាន​អាយុ​៦២​ឆ្នាំ កាល​ខ្ញុំ​ចេញ​ពី​ហា​រ៉ា​ន។

 ១៥ ហើយ​ខ្ញុំ​បាន​យក​សារ៉ាយ ដែល​ខ្ញុំ​បាន​យក​ជា​ប្រពន្ធ កាល​ខ្ញុំ​នៅ​អ៊ើរ ស្រុក​ខាល់ដេ ហើយ​ឡុត ជា​កូន​ប្រុស​របស់​ប្អូន​ខ្ញុំ ព្រម​ទាំង​របស់​របរ​យើង​ទាំង​អស់ ដែល​យើង​បាន​ប្រមូល​បាន​មក ហើយ​ទាំង​ជន​ទាំង​ឡាយ​ដែល​យើង​ឈ្នះ​បាន​មក​នៅ​ហា​រ៉ា​ន​ផង ហើយ​បាន​ចេញ​មក​តាម​ផ្លូវ​ទៅ​ដែនដី​កាណាន ហើយ​បាន​រស់នៅ​ក្នុង​ត្រសាល​ទាំង​ឡាយ ក្នុង​កាល​យើង​ធ្វើ​ដំណើរ​មក

 ១៦ ហេតុ​ដូច្នេះ​ហើយ ភាព​អស់​កល្ប​ជានិច្ច គឺជា​ជម្រក​របស់​យើង ហើយ​ជា​ថ្មដា​របស់​យើង ហើយ​ជា​សេចក្ដី​សង្គ្រោះ​របស់​យើង ក្នុង កាល​យើង​ធ្វើ​ដំណើរ​ពី​ហា​រ៉ា​ន តាម​ផ្លូវ​ស្រុក​យើសុន ដើម្បី​មក​ឯ​ដែនដី​កាណាន។

 ១៧ ឥឡូវ​នេះ ខ្ញុំ អ័ប្រាហាំ បាន​សង់​អាសនា​មួយ​នៅ​ដែនដី​យើសុន ហើយ​បាន​ថ្វាយ​ដង្វាយ​ដល់​ព្រះ​អម្ចាស់ ហើយ​បាន​អធិស្ឋាន​សូម​ឲ្យ​អំណត់​អត់​បាន​បែរ​ចេញ​ពី​ផ្ទះ​ឪពុក​របស់​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ពួក​គេ​អាច​ត្រូវ​វិនាស​បង់។

 ១៨ ហើយ​បន្ទាប់​មក យើង​បាន​ដើរកាត់​ស្រុក ពី​យើសុន​ទៅ​កន្លែង​មួយ​ឈ្មោះ​ថា ស៊ីគែម កន្លែង​នោះ​នៅ​ក្នុង​វាល​ម៉ូរេ ហើយ​យើង​បាន​ចូល​មក​ដល់​ព្រំដែន​ស្រុក​កាណាន​ហើយ ហើយ​ខ្ញុំ​បាន​ថ្វាយ​យញ្ញ​បូជា​នៅ​ទី​នោះ នៅ​ក្នុង​វាល​ម៉ូរេ ហើយ​បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​អស់​ពី​ចិត្ត ពី​ព្រោះ​យើង​បាន​ចូល​មក​ដល់​ដែនដី​នៃ​ពួក​សាសន៍​ដែល​ថ្វាយ​បង្គំ​រូប​ព្រះ​នេះ។

 ១៩ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ ក្នុង​ការ​ឆ្លើយតប​ដល់​ការ​អធិស្ឋាន​របស់​ខ្ញុំ ហើយ​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ យើង​នឹង​ប្រទាន​ដែនដី​នេះ​ដល់​ពូជ​អ្នក។

 ២០ ហើយ​ខ្ញុំ អ័ប្រាហាំ បាន​ក្រោក​ពី​កន្លែង​អាសនា ដែល​ខ្ញុំ​បាន​សង់​ថ្វាយ​ដល់​ព្រះ​អម្ចាស់ ហើយ​រើ​ចេញ​ពី​ទី​នោះ ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត បេ​ត​អែល ហើយ​បាន​បោះ​ត្រសាល​នៅ​ទី​នោះ គឺ​បេ​ត​អែល​នៅ​ខាង​លិច និង​ហៃ​យ​នៅ​ខាង​កើត ហើយ​នៅ​ទី​នោះ ខ្ញុំ​បាន​សង់​អាសនា​មួយ​ទៀត​ថ្វាយ​ដល់​ព្រះ​អម្ចាស់ ហើយ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​ម្ដង​ទៀត។

 ២១ ហើយ​ខ្ញុំ អ័ប្រាហាំ បាន​ធ្វើ​ដំណើរ ដោយ​ចេះតែ​ទៅ​ខាង​ត្បូង​ទៀត ហើយ​នៅ​ទី​នោះ នៅ​តែ​មាន​អំណត់​អត់​នៅ​លើ​ដែនដី ហើយ​ខ្ញុំ អ័ប្រាហាំ ប្ដេជ្ញា​ចិត្ត​ចុះ​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ទៅ​ស្នាក់​នៅ​ទី​នោះ ព្រោះ​អំណត់​អត់​បាន​កើត​មាន​កាន់តែ​ខ្លាំង​ឡើង។

 ២២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ខ្ញុំ​ជិត​ចូល​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ចុះ សារ៉ាយ ជា​ប្រពន្ធ​អ្នក នាង​ជា​ស្ត្រី​មាន​រូប​ស្រស់​ល្អ​ណាស់

 ២៣ ហេតុ​ដូច្នេះ​ហើយ ហេតុការណ៍​នឹង​កើត​ឡើង​ថា កាលណា​ពួក​សាសន៍​អេស៊ីព្ទ​សម្លឹង​មើល​ឃើញ​នាង នោះ​ពួក​គេ​នឹង​និយាយ​ថា — នាង​ជា​ប្រពន្ធ​គាត់ ហើយ​ពួក​គេ​នឹង​សម្លាប់​អ្នក​ចោល ប៉ុន្តែ​ពួក​គេ​នឹង​ទុក​នាង​ឲ្យ​រស់ ហេតុ​ដូច្នេះ​ហើយ ចូរ​មើល​ឲ្យ​ឃើញ​ថា អ្នក​ប្រព្រឹត្ត​បែប​នេះ​ចុះ គឺ ៖

 ២៤ ចូរ​ឲ្យ​នាង​និយាយ​ប្រាប់​ពួក​សាសន៍​អេស៊ីព្ទ​ថា នាង​ជា​ប្អូន​ស្រី​របស់​អ្នក ហើយ​អ្នក​នឹង​មាន​ជីវិត​រស់​នៅ។

 ២៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ អ័ប្រាហាំ បាន​ប្រាប់​សារ៉ាយ ជា​ប្រពន្ធ​ខ្ញុំ​ពី​គ្រប់​ការណ៍​ទាំង​អស់​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រាប់​ដល់​ខ្ញុំ — ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​សូម​ដល់​នាង សូម​និយាយ​ប្រាប់​ពួក​គេ​ថា នាង​ជា​ប្អូន​ស្រី​ខ្ញុំ ដើម្បី​ឲ្យ​បាន​ល្អ​ដល់​ខ្ញុំ​ដោយ​ព្រោះ​នាង ហើយ​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​ដោយ​សារ​នាង​ផង​ចុះ ៕