ជា​ការ​ស្រង់​ចេញ​ពី​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប ដែល​បាន​បើក​សម្ដែង​ដល់​យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ខែ​មិថុនា ឆ្នាំ​១៨៣០–ខែ​កុម្ភៈ ឆ្នាំ​១៨៣១។

ជំពូក​ទី ១

(មិថុនា ១៨៣០)

ព្រះ​ទ្រង់​បាន​សម្ដែង​អង្គ​ទ្រង់​ដល់​លោក​ម៉ូសេ — ម៉ូសេ​ត្រូវ​បាន​ប្រែ​រូប — គាត់​ត្រូវ​ប្រឈមមុខ​នឹង​អារក្ស​សាតាំង — ម៉ូសេ​ឃើញ​ពិភពលោក​ជា​ច្រើន​ដែល​មាន​មនុស្ស​អាស្រ័យ​នៅ — ពិភពលោក​ដ៏​ឥត​គណនា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​រាជ​បុត្រា — កិច្ចការ និង​សិរី​ល្អ​របស់​ព្រះ គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស។

 ១ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ម៉ូសេ ក្នុង​កាល​ម៉ូសេ​ត្រូវ​បាន​នាំ​ឡើង​ទៅ​លើ​ភ្នំ​ដ៏​ខ្ពស់​បំផុត

 ២ ហើយ​គាត់​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​គាត់​បាន​ទូល​ជាមួយ​នឹង​ទ្រង់ ហើយ​សិរី​ល្អ​នៃ​ព្រះ​ត្រូវ​បាន​ចាំង​មក​លើ​ម៉ូសេ ហេតុ​ដូច្នេះ​ហើយ ទើប​ម៉ូសេ​អាច​ទ្រាំ​ចំពោះ​វត្ត​មាន​របស់​ទ្រង់​បាន។

 ៣ ហើយ​ព្រះ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ម៉ូសេ​ថា ៖ មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​មាន​មហិទ្ធិឫទ្ធិ ហើយ​គ្មាន​ទី​បញ្ចប់ គឺជា​ព្រះ​នាម​របស់​យើង ត្បិត​យើង​គ្មាន​ថ្ងៃ​ចាប់​ផ្ដើម ឬ​ឆ្នាំ​បញ្ចប់​ឡើយ ហើយ​តើ​នេះ​ពុំ​មែន​ជាគ្មាន​ទី​បញ្ចប់​ទេ​ឬ​អី?

 ៤ ហើយ​មើល​ចុះ អ្នក​ជា​បុត្រ​របស់​យើង ហេតុ​ដូច្នេះ​ហើយ ចូរ​មើល ហើយ​យើង​នឹង​បង្ហាញ​ដល់​អ្នក​នូវ​ផល​នៃ​ដៃ​របស់​យើង ប៉ុន្តែ​ពុំ​មែន​ទាំង​អស់​ទេ ព្រោះ​កិច្ចការ​យើង​នោះ​គ្មាន​ទី​បញ្ចប់​ឡើយ ព្រម​ទាំង​ព្រះ​បន្ទូល​របស់​យើង​ផង​ដែរ ព្រោះ​ការណ៍​ទាំង​នោះ​ពុំ​ដែល​ឈប់​ឈរ​ឡើយ។

 ៥ ហេតុ​ដូច្នោះ​ហើយ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មើល​ឃើញ​គ្រប់​អស់​ទាំង​ការណ៍​របស់​យើង​បាន​ឡើយ លើក​លែងតែ​អ្នក​នោះ​បាន​ឃើញ​គ្រប់​អស់​ទាំង​សិរី​ល្អ​របស់​យើង ហើយ​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មើល​ឃើញ​សិរី​ល្អ​របស់​យើង ហើយ​បន្ទាប់​មក​រស់​នៅ​លើ​ផែនដី​ក្នុង​សាច់​ឈាម​ទៀត​ឡើយ។

 ៦ ហើយ​យើង​មាន​កិច្ចការ​សម្រាប់​អ្នក ម៉ូសេ ជា​បុត្រ​យើង ហើយ​អ្នក​នៅ​ក្នុង​រូប​ដូច​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ហើយ​ព្រះ​រាជបុត្រា​បង្កើត​តែ​មួយ​របស់​យើង គឺជា ហើយ​នឹង​ទៅ​ជា​ព្រះ​អង្គ​សង្គ្រោះ ព្រោះ​ទ្រង់​ពោរ​ពេញ​ទៅ​ដោយ​ព្រះ​គុណ និង​សេចក្ដី​ពិត ប៉ុន្តែ​គ្មាន​ព្រះ​ឯណា​ក្រៅ​ពី​យើង​ឡើយ ហើយ​គ្រប់​ទាំង​អស់​គឺនៅ​ចំពោះ​យើង ព្រោះ​យើង​ស្គាល់​គ្រប់​អ្វីៗ​ទាំង​អស់។

 ៧ ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​បង្ហាញ​ការណ៍​មួយ​នេះ​ដល់​អ្នក ម៉ូសេ ជា​បុត្រ​យើង ព្រោះ​អ្នក​នៅ​ក្នុង​លោកិយ ហើយ​ឥឡូវ​នេះ យើង​បង្ហាញ​ការណ៍​នោះ​ដល់​អ្នក។

 ៨ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូសេ​បាន​សម្លឹង​មើល ហើយ​បាន​ឃើញ​ពិភពលោក​ដែល​គាត់​កើត​មក ហើយ​ម៉ូសេ​បាន​ឃើញ​ពិភពលោក និង​ទី​បញ្ចប់​ផង​ដែរ ព្រម​ទាំង​កូន​ចៅ​មនុស្ស​លោក​ទាំង​អស់ ដែល​មាន​នៅ​ពេល​នោះ និង​ដែល​បាន​បង្កើត​ឡើង​មក អំពី​ការណ៍​នោះ នោះ​គាត់​មាន​ចិត្ត​អស្ចារ្យ និង​ឆ្ងល់​ជា​អនេក។

 ៩ ហើយ​វត្ត​មាន​នៃ​ព្រះ​ថយ​ចេញ​ពី​ម៉ូសេ​ទៅ ដើម្បី​កុំ​ឲ្យ​សិរី​ល្អ​របស់​ទ្រង់​ស្ថិតនៅ​ជាមួយ​នឹង​ម៉ូសេ​ទៀត ហើយ​ម៉ូសេ​ត្រូវ​បាន​ទុក​ឲ្យ​នៅ​តែ​ម្នាក់​ឯង។ ហើយ​កាល​គាត់​ត្រូវ​បាន​ទុក​ឲ្យ​នៅ​តែ​ម្នាក់​ឯង​នោះ គាត់​ក៏​ដួល​ទៅ​លើ​ដី។

 ១០ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អស់​រយៈ​ជា​ច្រើន​ម៉ោង​មុន​ម៉ូសេ​បាន​ទទួល​កម្លាំង​គាត់​ដូចដើម​វិញ ហើយ​គាត់​ពោល​ទៅ​ខ្លួន​ថា ៖ ឥឡូវ​នេះ ព្រោះ​ហេតុ​នេះ​ហើយ ទើប​ខ្ញុំ​ដឹង​ថា​មនុស្ស​គឺ​គ្មាន​ជា​អ្វី​សោះ ជា​ការណ៍​ដែល​ខ្ញុំ​ពុំ​ដែល​គិត​ពី​មុន​មក​ឡើយ។

 ១១ ប៉ុន្តែ​ឥឡូវ​នេះ ភ្នែក​ខ្ញុំ​ផ្ទាល់​បាន​មើល​ឃើញ​ព្រះ ប៉ុន្តែ​ពុំ​មែន​ដោយ​ភ្នែក​ខ្ញុំ​ធម្មតា​ទេ តែ​ជា​ភ្នែក​ខាង​វិញ្ញាណ​របស់​ខ្ញុំ​វិញ ព្រោះ​ភ្នែក​ធម្មតា​របស់​ខ្ញុំ​ពុំ​អាច​មើល​ឃើញ​ទេ ព្រោះ​ខ្ញុំ​នឹង​ត្រូវ​ស្វិត ហើយ​ស្លាប់​ចំពោះ​វត្ត​មាន​របស់​ទ្រង់​ជាមិនខាន​ឡើយ ប៉ុន្តែ​សិរី​ល្អ​របស់​ទ្រង់​បាន​មក​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​មើល​ឃើញ​ព្រះ​ភក្ត្រ​ទ្រង់ ព្រោះ​ខ្ញុំ​ត្រូវ​បាន​ប្រែ​រូប​នៅ​ចំពោះ​ទ្រង់។

 ១២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ម៉ូសេ​បាន​ពោល​នូវ​ពាក្យ​ពេចន៍​ទាំង​នេះ មើល​ចុះ អារក្ស​សាតាំង​បាន​មក ដោយ​ល្បួង​គាត់​ថា ៖ ម៉ូសេ ជា​កូន​មនុស្ស​អើយ ចូរ​ថ្វាយ​បង្គំ​យើង។

 ១៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូសេ​បាន​ងើប​មើល​ទៅ​អារក្ស​សាតាំង ហើយ​និយាយ​ថា ៖ តើ​អ្នក​ជា​នរណា? ត្បិត​មើល​ចុះ ខ្ញុំ​ជា​បុត្រ​នៃ​ព្រះ​នៅ​ក្នុង​រូប​ដូច​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ហើយ​ចុះ​តើ​សិរី​ល្អ​របស់​អ្នក​នៅ​ឯណា ដែល​គួរ​ឲ្យ​ខ្ញុំ​ថ្វាយ​បង្គំ?

 ១៤ ត្បិត​មើល​ចុះ ខ្ញុំ​ពុំ​អាច​មើល​ទៅ​លើ​ព្រះ​បាន​ទេ លើក​លែងតែ​សិរី​ល្អ​របស់​ទ្រង់​បាន​ស្ថិត​មក​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រែ​រូប​នៅ​ចំពោះ​ទ្រង់។ ប៉ុន្តែ​ខ្ញុំ​អាច​មើល​ទៅ​លើ​អ្នក​ក្នុង​ភាពជា​មនុស្ស​ធម្មតា។ តើ​ការណ៍​នេះ​ពិតជា​ពុំ​មែន​ទេ​ឬ​អី?

 ១៥ សូម​ព្រះ​នាម​នៃ​ព្រះ​របស់​ខ្ញុំ​បាន​ប្រកប​ដោយ​ព្រះ​ពរ ព្រោះ​ព្រះ​វិញ្ញាណ​ទ្រង់​មិនទាន់​ថយ​ចេញ​ពី​ខ្ញុំ​អស់​ទេ បើ​ពុំ​នោះ​សោត​ទេ តើ​សិរី​ល្អ​របស់​អ្នក​នៅ​ឯណា ត្បិត​វា​ជា​សេចក្ដី​ងងឹត​ចំពោះ​ខ្ញុំ? ហើយ​ខ្ញុំ​អាច​វិនិច្ឆ័យ​រវាង​អ្នក​នឹង​ព្រះ​បាន ព្រោះ​ព្រះ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​ថ្វាយ​បង្គំ​ដល់​ព្រះ ព្រោះ​អ្នក​ត្រូវ​បម្រើ​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ។

 ១៦ នែ៎​សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ ចូរ​កុំ​បញ្ឆោត​ខ្ញុំ​អី ព្រោះ​ព្រះ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ អ្នក​មាន​រូប​ដូច​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង។

 ១៧ ហើយ​ទ្រង់​ក៏​បាន​ប្រទាន​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដល់​ខ្ញុំ​ផង​ដែរ កាល​ទ្រង់​បាន​ហៅ​ខ្ញុំ​ចេញ​ពី​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ​ថា ៖ ចូរ​អំពាវ​នាវ​ដល់​ព្រះ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ហើយ​ថ្វាយ​បង្គំ​យើង​ចុះ។

 ១៨ ហើយ​ម៉ូសេ​បាន​និយាយ​ជា​ថ្មី​ទៀត​ថា ៖ ខ្ញុំ​នឹង​មិន​ឈប់​អំពាវនាវ​ដល់​ព្រះ​ឡើយ ព្រោះ​ខ្ញុំ​មាន​ការណ៍​ផ្សេងៗ​ទៀត​ដែល​ខ្ញុំ​ត្រូវ​ទូល​នឹង​ទ្រង់ ៖ ត្បិត​សិរី​ល្អ​របស់​ទ្រង់​បាន​ស្ថិត​មក​លើ​ខ្ញុំ ហេតុ​ដូច្នោះ​ហើយ ទើប​ខ្ញុំ​អាច​វិនិច្ឆ័យ​រវាង​ទ្រង់ និង​អ្នក​បាន។ នែ៎​សាតាំង ចូរ​ថយ​ចេញ​ទៅ។

 ១៩ ហើយ​ឥឡូវ​នេះ កាល​ម៉ូសេ​បាន​ពោល​ពាក្យ​ទាំង​នេះ​ហើយ នោះ​អារក្ស​សាតាំង​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំង ហើយ​ទន្ទ្រាន​លើ​ដី ហើយ​បញ្ជា​ថា ៖ យើង​ជា​ព្រះ​រាជ​បុត្រា​បង្កើត ចូរ​ថ្វាយ​បង្គំ​យើង​មក។

 ២០ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូសេ​ចាប់​ផ្ដើម​ភ័យ​ជា​អតិបរមា ហើយ​នៅ​ពេល​គាត់​ចាប់​ផ្ដើម​ភ័យ នោះ​គាត់​បាន​ឃើញ​ភាព​ល្វីង​ជូរចត់​នៃ​ស្ថាន​នរក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយ​បាន​អំពាវនាវ​ដល់​ព្រះ នោះ​គាត់​បាន​ទទួល​កម្លាំង ហើយ​គាត់​បាន​បញ្ជា​ថា ៖ នែ៎​សាតាំង ចូរ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ត្បិត​ខ្ញុំ​នឹង​ថ្វាយ​បង្គំ​ដល់​ព្រះ​តែ​មួយ​អង្គ​ប៉ុណ្ណោះ គឺជា​ព្រះ​នៃ​សិរី​ល្អ។

 ២១ ហើយ​ឥឡូវ​នេះ អារក្ស​សាតាំង​ចាប់​ផ្ដើម​ញ័រ​រន្ធត់ ហើយ​ផែនដី​រញ្ជួយ ហើយ​ម៉ូសេ​បាន​ទទួល​កម្លាំង ហើយ​បាន​អំពាវនាវ​ដល់​ព្រះ​ថា ៖ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ ចូរ​ថយ​ចេញ​ទៅ​សាតាំង។

 ២២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អារក្ស​សាតាំង​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំង ទាំង​យំ និង​ទួញ​សោក និង​សង្កៀត​ធ្មេញ រួច​ហើយ ទើប​វា​ថយ​ចេញ​ទៅ គឺ​ចេញ​ពី​វត្ត​មាន​នៃ​ម៉ូសេ ដែល​គាត់​មើល​វា​មិន​ឃើញ​ឡើយ។

 ២៣ ហើយ​ឥឡូវ​នេះ ម៉ូសេ​បាន​ធ្វើ​បន្ទាល់​អំពី​ការណ៍​នេះ ប៉ុន្តែ​ពី​ព្រោះ​មក​ពី​អំពើ​ទុច្ចរិត ទើប​ពុំ​មាន​ការណ៍​នេះ នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ឡើយ។

 ២៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​អារក្ស​សាតាំង​បាន​ថយ​ចេញ​ពី​វត្ត​មាន​នៃ​ម៉ូសេ​ទៅ នោះ​ម៉ូសេ​បាន​បើកភ្នែក​ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​បាន​ពោរ​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា

 ២៥ ហើយ​ដោយ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ នោះ​គាត់​បាន​ឃើញ​សិរី​ល្អ​របស់​ទ្រង់​ម្ដង​ទៀត ត្បិត​សិរី​ល្អ​នោះ​បាន​ឋិត​មក​លើ​គាត់ ហើយ​គាត់​បាន​ឮ​សំឡេង​ថា ៖ ម៉ូសេ​អើយ អ្នក​មាន​ពរ​ហើយ ត្បិត​យើង​ជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​បាន​រើស​អ្នក ហើយ​អ្នក​នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​ខ្លាំង​ពូកែ​ជាង​ទឹកជា​ច្រើន ព្រោះ​របស់​ទាំង​នោះ​នឹង​គោរព​តាម​បញ្ជា​អ្នក ហាក់​បីដូច​អ្នក​ជា​ព្រះ

 ២៦ ហើយ​មើល​ន៏ យើង​គង់នៅ​ជាមួយ​នឹង​អ្នក គឺ​រហូត​ដល់​អស់​មួយ​ជីវិត​របស់​អ្នក ព្រោះ​អ្នក​នឹង​ដោះ​លែង​រាស្ត្រ​យើង​ឲ្យ​រួច​ពី​សេវក​ភាព គឺ​ពួក​អ៊ីស្រាអែល ជា​ពួក​ជម្រើស​របស់​យើង។

 ២៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​សំឡេង​នោះ​កំពុងតែ​មាន​បន្ទូល​មក នោះ​ម៉ូសេ​ចោល​ភ្នែក​គាត់ ហើយ​មើល ឃើញ​ផែនដី មែន​ហើយ គឺ​នូវ​អ្វីៗ​ទាំង​អស់​ដែល​នៅ​ទី​នោះ ហើយ​គ្មាន​ចំណុច​ណា​មួយ​ឡើយ​ដែល​គាត់​មើល​មិន​ឃើញ គឺ​ស្គាល់ ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​ព្រះ។

 ២៨ ហើយ​គាត់​ក៏​ឃើញ​បណ្ដាជន​នៅ​លើ​ទី​នោះ ហើយ​គ្មាន​ព្រលឹង​ណា​មួយ​ដែល​គាត់​មើល​មិន​ឃើញ​ឡើយ ហើយ​គាត់​ស្គាល់​ពួក​គេ ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ហើយ​ពួក​គេ​មាន​ចំនួន​សន្ធឹក គឺ​ឥត​គណនា ហាក់​បី​ដូច​ជា​ខ្សាច់​នៅ​ឆ្នេរសមុទ្រ។

 ២៩ ហើយ​គាត់​បាន​ឃើញ​ដែនដី​ជា​ច្រើន ហើយ​ដែនដី​នីមួយៗ​ត្រូវ​បាន​ហៅថា ផែនដី ហើយ​មាន​បណ្ដាជន​អាស្រ័យ​នៅ​លើ​ផ្ទៃ​ទី​នោះ។

 ៣០ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូសេ​បាន​អំពាវនាវ​ដល់​ព្រះ​ថា ៖ ព្រះ​ករុណា​វិសេស សូម​ប្រាប់​ទូលបង្គំ​ថា ម្ដេច​ក៏​មាន​ការណ៍​ទាំង​នេះ ហើយ​ថា​តើ​ព្រះ​អង្គ​បាន​បង្កើត​របស់​ទាំង​នេះ​តាម​របៀប​ណា?

 ៣១ ហើយ​មើល​ចុះ សិរី​ល្អ​នៃ​ព្រះ​អម្ចាស់​បាន​មក​លើ​ម៉ូសេ ដើម្បី​ឲ្យ​ម៉ូសេ​បាន​ឈរ​ក្នុង​វត្ត​មាន​នៃ​ព្រះ ហើយ​ទូល​នឹង​ទ្រង់​ប្រទល់​មុខ។ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ម៉ូសេ​ថា ៖ គឺ​សម្រាប់​គោល​បំណង​របស់​យើង​ផ្ទាល់ ដែល​យើង​បាន​បង្កើត​របស់​ទាំង​នេះ​មក។ នេះ​ហើយ​ជា​ប្រាជ្ញា ហើយ​ប្រាជ្ញា​នោះ​នៅ​ក្នុង​យើង។

 ៣២ ហើយ​ដោយ​សារ​ព្រះ​បន្ទូល​នៃ​ព្រះ​ចេស្ដា​របស់​យើង នោះ​យើង​បាន​បង្កើត​របស់​ទាំង​នោះ គឺជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ដែល​ពោរ​ពេញ​ទៅ​ដោយ​ព្រះ​គុណ និង​សេចក្ដី​ពិត។

 ៣៣ ហើយ​ពិភពលោក​ដ៏​ច្រើន​ឥត​គណនា នោះ​យើង​បាន​បង្កើត​ឡើង ហើយ​យើង​បាន​បង្កើត​របស់​ទាំង​នោះ​ឡើង​សម្រាប់​គោលបំណង​របស់​យើង​ផ្ទាល់ ហើយ​ដោយ​សារ​ព្រះ​រាជ​បុត្រា នោះ​យើង​បាន​បង្កើត​របស់​ទាំង​នោះ​មក គឺជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង។

 ៣៤ ហើយ​មនុស្ស​ទី​មួយ​បង្អស់​នៃ​មនុស្ស​លោក នោះ​យើង​បាន​ហៅថា អ័ដាម ដែល​ជា​ច្រើន។

 ៣៥ ប៉ុន្តែ​មាន​តែ​ដំណើរ​រឿង​អំពី​ផែនដី​នេះ និង​អំពី​បណ្ដាជន​នៅ​ទី​នេះ​ប៉ុណ្ណោះ ដែល​យើង​ប្រាប់​ដល់​អ្នក។ ត្បិត​មើល​ចុះ មាន​ពិភព​ជា​ច្រើន​ដែល​បាន​កន្លង​ផុត​ទៅ​ដោយ​សារ​ព្រះ​បន្ទូល​នៃ​ព្រះ​ចេស្ដា​របស់​យើង។ ហើយ​ឥឡូវ​នេះ មាន​ពិភព​ជា​ច្រើន​ដែល​ឈរ ហើយ​មាន​ចំនួន​ដ៏​ឥត​គណនា​ចំពោះ​មនុស្ស ប៉ុន្តែ​គ្រប់​ការណ៍​ទាំង​អស់​សុទ្ធ​តែ​បាន​រាប់​ចំ​ពោះ​យើង ត្បិត​របស់​ទាំង​នោះ​ជា​របស់​ផង​យើង ហើយ​យើង​ស្គាល់​របស់​ទាំង​នោះ។

 ៣៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូសេ​បាន​ទូល​ទៅ​ព្រះ​អម្ចាស់​ថា ៖ ឱ​ព្រះ​អង្គ​អើយ សូម​មាន​សេចក្ដី​មេត្តា​កុរ​ណា​ដល់​បាវ​បម្រើ​របស់​ទ្រង់​ផង​ចុះ ហើយ​សូម​ប្រាប់​ទូលបង្គំ​អំពី​ផែនដី​នេះ និង​អំពី​បណ្ដាជន​ដែល​អាស្រ័យ​នៅ​លើ​ទី​នោះ និង​អំពី​ផ្ទៃ​មេឃ ហើយ​នៅ​ពេល​នោះ ទើប​ទូលបង្គំ​បាន​ស្កប់​ចិត្ត។

 ៣៧ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ម៉ូសេ​ថា ៖ ផ្ទៃ​មេឃ​នោះ​មាន​ដ៏​ច្រើន ហើយ​ពុំ​អាច​រាប់​បាន​អស់​ចំពោះ​មនុស្ស​ឡើយ ប៉ុន្តែ​ត្រូវ​បាន​រាប់​ចំពោះ​យើង ត្បិត​របស់​ទាំង​នោះ​ជា​របស់​ផង​យើង។

 ៣៨ ហើយ​ដូច​ជា​ផែនដី​មួយ​បាន​កន្លង​ផុត​ទៅ​ជា​យ៉ាង​ណា ហើយ​ផ្ទៃ​មេឃ​នៃ​ទី​នោះ​ក៏​នឹង​មក​ជា​យ៉ាង​នោះ​ដែរ ហើយ​គ្មាន​ទី​បញ្ចប់​ចំពោះ​កិច្ចការ​ទាំង​ឡាយ​របស់​យើង​ឡើយ ឬ​ក៏​ចំពោះ​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ដែរ។

 ៣៩ ត្បិត​មើល​ចុះ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរី​ល្អ​របស់​យើង — គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស។

 ៤០ ហើយ​ឥឡូវ​នេះ ម៉ូសេ​ជា​បុត្រ​យើង​អើយ យើង​នឹង​មាន​ព្រះ​បន្ទូល​ដល់​អ្នក អំពី​ផែនដី​នេះ ដែល​អ្នក​ឈរ​លើ ហើយ​អ្នក​នឹង​សរសេរ​ពី​ការណ៍​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​មាន​ព្រះ​បន្ទូល​ប្រាប់។

 ៤១ ហើយ​នៅ​ថ្ងៃ​ណា​ដែល​កូន​ចៅ​មនុស្ស​នឹង​គិត​ថា​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ឥត​តម្លៃ ហើយ​ដក​អ្វី​ជា​ច្រើន​ចេញ​ពី​គម្ពីរ​ដែល​អ្នក​នឹង​សរសេរ មើល​ចុះ យើង​នឹង​បង្កើត​ម្នាក់​ទៀត ឲ្យ​ដូច​អ្នក ហើយ​ព្រះ​បន្ទូល​ទាំង​ឡាយ​នឹង​មាន​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ម្ដង​ទៀត — គឺ​នៅ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ណា​ដែល​នឹង​ជឿ។

 ៤២ (ព្រះ​បន្ទូល​ទាំង​នេះ​ត្រូវ​បាន​ពោល​ប្រាប់​ដល់​លោក​ម៉ូសេ នៅ​លើ​ភ្នំ រីឯ​ឈ្មោះ​ភ្នំ​នោះ​នឹង​ពុំ​ដែល​បាន​ស្គាល់​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ឡើយ។ ហើយ​ឥឡូវ​នេះ ព្រះ​បន្ទូល​ទាំង​ឡាយ​នេះ​ត្រូវ​បាន​ពោល​ប្រាប់​ដល់​អ្នក។ ចូរ​កុំ​បង្ហាញ​ព្រះ​បន្ទូល​ទាំង​ឡាយ​នេះ​ដល់ នរណា​ឲ្យ​សោះ លើក​លែងតែ​ពួក​អ្នក​ដែល​ជឿ​ប៉ុណ្ណោះ។ គឺ​ពិត​យ៉ាង​ដូច្នោះ​មែន។ អាម៉ែន ៕)