ជំពូក​ទី ៦

(វិច្ឆិកា–ធ្នូ ១៨៣០)

ពូជ​អ័ដាម​កត់​សៀវភៅ​រំឭក — ពូជ​ពង្ស​របស់​លោក​ដែល​សុចរិត គេ​ផ្សាយ​ពី​ការ​ប្រែ​ចិត្ត — ព្រះ​ទ្រង់​សម្ដែង​អង្គ​ទ្រង់​ដល់​ហេណុក — ហេណុក​ផ្សាយដំណឹង​ល្អ — ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ត្រូវ​បាន​បើក​សម្ដែង​ដល់​លោក​អ័ដាម — លោក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​បព្វជិតភាព។

 ១ ហើយ​អ័ដាម​បាន​ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ ហើយ​បាន​ហៅ​ដល់​ពួក​កូន​ប្រុស​របស់​លោក​ឲ្យ​ប្រែ​ចិត្ត។

 ២ ហើយ​អ័ដាម​បាន​ស្គាល់​ប្រពន្ធ​គាត់​ម្ដង​ទៀត ហើយ​នាង​បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​គាត់​ឲ្យ​ឈ្មោះ​ថា សេត។ ហើយ​អ័ដាម​បាន​សរសើរ​តម្កើង​ដល់​ព្រះ​នាម​នៃ​ព្រះ ត្បិត​គាត់​បាន​និយាយ​ថា ៖ ព្រះ​ទ្រង់​បាន​ប្រទាន​ពូជ​មួយ​ទៀត​មក​ខ្ញុំ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​ប្រហារ​ទៅ​នោះ។

 ៣ ហើយ​ព្រះ​ទ្រង់​បាន​សម្ដែង​អង្គ​ទ្រង់​ឲ្យ​សេត​ឃើញ ហើយ​គាត់​ពុំ​បាន​បះបោរ​ឡើយ ប៉ុន្តែ​បាន​ថ្វាយ​ដង្វាយ​ដ៏​សមរម្យ ដូច​អេបិល ជា​បង​ខ្លួន។ ហើយ​គាត់​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​គាត់​ឲ្យ​ឈ្មោះ​ថា អេណុស។

 ៤ ហើយ​នៅ​ពេល​នោះ ពួក​គេ​ទាំង​ប៉ុន្មាន​នេះ​បាន​ចាប់​ផ្ដើម​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ហើយ​ព្រះ​អម្ចាស់ ទ្រង់​បាន​ប្រទាន​ពរ​ដល់​ពួក​គេ

 ៥ ហើយ​សៀវភៅ​រំឭក​មួយ​ត្រូវ​បាន​កត់​ទុក ដែល​កត់​នៅ​ក្នុង​ភាសា​អ័ដាម ត្បិត​ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​ជា​ច្រើន​ណា​ដែល​អំពាវនាវ​ដល់​ព្រះ ឲ្យ​សរសេរ​ដោយ​វិញ្ញាណ​នៃ​ការ​បំផុស​គំនិត

 ៦ ហើយ​ដោយ​សារ​ពួក​គេ ទើប​ពួក​កូន​ចៅ​គេ​ត្រូវ​បាន​បង្រៀន​ឲ្យ​ចេះ​អាន និង​ចេះ​សរសេរ ដោយ​មាន​ភាសា​ដែល​សុទ្ធសាធ និង​មិន​ខូចខាត។

 ៧ ឥឡូវ​នេះ រីឯ​បព្វជិតភាព​ដដែល​នេះ ដែល​មាន​តាំង​ពី​ដើមដំបូង​មក នោះ​ក៏​ត្រូវ​មាន​រហូត​ដល់​ចុង​បំផុត​លោកិយ​ដែរ។

 ៨ ឥឡូវ​នេះ អ័ដាម​បាន​ពោល​ពាក្យ​ព្យាករណ៍​នេះ ក្នុង​កាល​គាត់​ត្រូវ​បណ្ដាល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ពង្សាវតារ​មួយ ត្រូវ​បាន​កត់​ទុក​អំពី​កូន​ចៅ​នៃ​ព្រះ។ ហើយ​នេះ​ហើយ​គឺជា​បញ្ជី​ពង្សាវតារ​នៃ​ពូជ​អ័ដាម​ដោយ​និយាយ​ថា ៖ នៅ​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​មក នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ភាព​មើល​ទៅ​ដូច​ជា​អង្គ​ទ្រង់

 ៩ តាម​រូប​ដូច​ព្រះ​អង្គ​ផ្ទាល់ នោះ​ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី ហើយ​បាន​ប្រទាន​ពរ​ដល់​ពួក​គេ ហើយ​បាន​ហៅ​ពួក​គេ​ថា « អ័ដាម » ក្នុង​ថ្ងៃ​ដែល​ពួក​គេ​ត្រូវ​បាន​បង្កើត​មក ហើយ​ដែល​បាន​ក្លាយ​ទៅ​ជា​ព្រលឹង​រស់នៅ​លើ​ដី ដែល​ជា​កំណល់​កល់​ព្រះ​បាទ​នៃ​ព្រះ។

 ១០ ហើយ​អ័ដាម​អាយុ​បាន​១៣០​ឆ្នាំ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​តាម​រូបភាព​គាត់ ហើយ​មើល​ទៅ​ដូច​ជា​គាត់ ហើយ​ក៏​ឲ្យ​ឈ្មោះ​ជា សេត។

 ១១ ហើយ​ក្រោយ​ពី​គាត់​បង្កើត​បាន​សេត​មក នោះ​អ័ដាម​រស់នៅ​បាន​៨០០​ឆ្នាំ ហើយ​គាត់​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន​ទៀត

 ១២ ហើយ​អាយុ​អ័ដាម​ទាំង​អស់​បាន​៩៣០​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

 ១៣ សេត​អាយុ​បាន​១០៥​ឆ្នាំ ហើយ​បង្កើត​បាន​អេណុស ហើយ​បាន​ព្យាករ​អស់​មួយ​ជីវិត​គាត់ ហើយ​បាន​បង្រៀន​អេណុស ជា​កូន​ប្រុស តាម​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ ហេតុ​ដូច្នោះ​ហើយ ទើប​អេណុស​ព្យាករ​ដែរ។

 ១៤ ហើយ​ក្រោយ​ពី​គាត់​បង្កើត​បាន​អេណុស​មក នោះ​សេត​រស់​នៅ​បាន​៨០៧​ឆ្នាំ ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន​ទៀត។

 ១៥ ហើយ​មាន​កូន​ចៅ​មនុស្ស​ជា​ច្រើន​ឥត​គណនា​នៅ​លើ​ដែនដី។ នៅ​សម័យ​នោះ អារក្ស​សាតាំង​មាន​អំណាច​ត្រួតត្រា​ដ៏​ធំ​ទៅ​លើ​មនុស្ស ហើយ​បាន​ញាំញី​ក្នុង​ចិត្ត​ពួក​គេ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ក៏​មាន​សង្គ្រាម និង​ការ​កំចាយ​ឈាម​ទាំង​ឡាយ ហើយ​មនុស្ស​លើក​ដៃ ទាស់​នឹង​បង​ប្អូន​ខ្លួន​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​សម្លាប់ ដោយ​ស្វែងរក​អំណាច ពី​ព្រោះ​មក​ពី​កិច្ចការ​សម្ងាត់​ទាំង​ឡាយ។

 ១៦ អាយុ​សេត​ទាំង​អស់​បាន​៩១២​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

 ១៧ ហើយ​អេណុស​អាយុ​បាន​៩០​ឆ្នាំ ហើយ​បង្កើត​បាន​កៃណាន។ ហើយ​អេណុស និង​ប្រជារាស្ត្រ​នៃ​ព្រះ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន បាន​ចេញ​មក​ពី​ដែនដី ដែល​ហៅថា ស៊ូឡុន ហើយ​បាន​អាស្រ័យ​នៅ​ក្នុង​ដែនដី​សន្យា ដែល​បាន​ហៅ​តាម​ឈ្មោះ​កូន​ប្រុស​គាត់​ផ្ទាល់ ដែល​គាត់​ឲ្យ​ឈ្មោះ​ជា កៃណាន។

 ១៨ ហើយ​ក្រោយ​ពី​គាត់​បង្កើត​បាន​កៃណាន​មក នោះ​អេណុស​រស់​នៅ​បាន​៨១៥​ឆ្នាំ ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន​ទៀត។ ហើយ​អាយុ​អេណុស​ទាំង​អស់​បាន​៩០៥​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

 ១៩ ហើយ​កៃណាន​អាយុ​បាន​៧០​ឆ្នាំ ហើយ​បង្កើត​បាន​ម៉ាលេលាល ហើយ​ក្រោយ​ពី​គាត់​បង្កើត​បាន​ម៉ាលេលាល នោះ​កៃណាន​រស់នៅ​បាន​៨៤០​ឆ្នាំ ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ទៀត។ ហើយ​អាយុ​កៃណាន​ទាំង​អស់​បាន​៩១០​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

 ២០ ហើយ​ម៉ាលេលាល​អាយុ​បាន​៦៥​ឆ្នាំ ហើយ​បង្កើត​បាន​យ៉ារេឌ ហើយ​ក្រោយ​ពី​គាត់​បង្កើត​បាន​យ៉ារេឌ​មក នោះ​ម៉ាលេលាល​រស់ នៅ​បាន​៨៣០​ឆ្នាំ ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ទៀត។ ហើយ​អាយុ​ម៉ាលេលាល​ទាំង​អស់​បាន​៨៩៥​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

 ២១ ហើយ​យ៉ារេឌ​អាយុ​បាន​១៦២​ឆ្នាំ ហើយ​បង្កើត​បាន​ហេណុក ហើយ​ក្រោយ​ពី​គាត់​បង្កើត​បាន​ហេណុក​មក នោះ​យ៉ារេឌ​រស់នៅ បាន​៨០០​ឆ្នាំ ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ទៀត។ ហើយ​យ៉ារេឌ​បាន​បង្រៀន​ហេណុក​តាម​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ។

 ២២ ហើយ​នេះ​ហើយ​គឺជា​ពង្សាវតារ​នៃ​ពួក​កូន​ប្រុស​របស់​អ័ដាម ដែល​ជា​បុត្រា​នៃ​ព្រះ ដែល​ព្រះ​អង្គ​ទ្រង់​ផ្ទាល់​បាន​មាន​ព្រះ​បន្ទូល​ជាមួយ។

 ២៣ ហើយ​ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ផ្សាយ​អំពី​សេចក្ដី​សុចរិត ហើយ​បាន​និយាយ ហើយ​ព្យាករ ហើយ​បាន​ហៅ​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទិស​ទី​ឲ្យ​ប្រែ​ចិត្ត ហើយ​សេចក្ដី​ជំនឿ​ក៏​ត្រូវ​បាន​បង្រៀន​ដល់​កូន​ចៅ​មនុស្ស។

 ២៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាយុ​យ៉ារេឌ​ទាំង​អស់​បាន​៩៦២​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

 ២៥ ហើយ​ហេណុក​អាយុ​បាន​៦៥​ឆ្នាំ ហើយ​បង្កើត​បាន​មធូសាឡា

 ២៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេណុក​បាន​ធ្វើ​ដំណើរ​នៅ​លើ​ដែនដី​ក្នុង​ចំណោម​ប្រជាជន ហើយ​កាល​គាត់​កំពុងតែ​ធ្វើ​ដំណើរ នោះ​ស្រាប់​តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បាន​យាង​ចុះ​មក​ពី​ស្ថាន​សួគ៌ ហើយ​មក​សណ្ឋិត​លើ​គាត់។

 ២៧ ហើយ​គាត់​បាន​ឮ​សំឡេង​ចេញ​ពី​ស្ថាន​សួគ៌​មក​ថា ៖ ហេណុក បុត្រ​យើង​អើយ ចូរ​ទៅ​ព្យាករ​ដល់​ប្រជាជន​នេះ ហើយ​ប្រាប់​ទៅ​ពួក​គេ​ថា — ចូរ​ប្រែ​ចិត្ត​ចុះ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ យើង​មាន​សេចក្ដី​ខ្ញាល់​នឹង​ប្រជាជន​នេះ ហើយ​សេចក្ដី​ខ្ញាល់​របស់​យើង បាន​ឆេះ​ឡើង​ទាស់​នឹង​ពួក​គេ ត្បិត​ចិត្ត​របស់​ពួក​គេ​បាន​រឹងរូស ហើយ​ត្រចៀក​របស់​ពួក​គេ​បាន​ស្ពឹក​លែង​ឮ ហើយ​ភ្នែក​របស់​ពួក​គេ​ពុំ​អាច​មើល​ឃើញ​ឆ្ងាយ​ឡើយ

 ២៨ ហើយ​ត្បិត​ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​បង្កើត​ពួក​គេ​មក នោះ​តំណ​ទាំង​ប៉ុន្មាន​នេះ គេ​បាន​បែរ​ចេញ ហើយ​បាន​បដិសេធ​យើង ហើយ​បាន​ស្វែងរក​ការ​ទូន្មាន​របស់​ខ្លួន​ក្នុង​សេចក្ដី​ងងឹត ហើយ​ដោយ​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ខ្លួន នោះ​គេ​បាន​គិត​បង្កើត​នូវ​អំពើ​ឃាតកម្ម ហើយ​ពុំ​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​យើង​បាន​ប្រទាន​ដល់​អ័ដាម ជា​ឪពុក​ពួក​គេ​នោះ​ឡើយ។

 ២៩ ហេតុ​ដូច្នោះ​ហើយ បាន​ជា​ពួក​គេ​ស្បថ​កុហក​ដោយ​ខ្លួន ហើយ​ដោយ​សារ​សំបថ​ទាំង​ឡាយ​របស់​ពួក​គេ នោះ​ពួក​គេ​បាន​នាំ​សេចក្ដី​ស្លាប់​មក​លើ​ខ្លួន ហើយ​មាន​ស្ថាន​នរក​មួយ ដែល​យើង​បាន​រៀបចំ​សម្រាប់​ពួក​គេ បើ​សិន​ជា​ពួក​គេ​មិន​ព្រម​ប្រែ​ចិត្ត​សោះ

 ៣០ ហើយ​នេះ​ហើយ​គឺជា​បញ្ញត្តិ​មួយ​ដែល​យើង​បាន​ចាត់​ទៅ នៅ​ដើមកំណើត​លោកិយ គឺ​ចេញ​ពី​ព្រះ​ឱស្ឋ​យើង​ទៅ ចាប់​តាំង​ពី​កំណើត​លោកិយ​មក និង​ដោយ​មាត់​នៃ​ពួក​អ្នក​បម្រើ​របស់​យើង ជា​ពួក​អយ្យកោ​របស់​អ្នក នោះ​យើង​បាន​ចេញ​បញ្ញត្តិ​ហើយ គឺ​ដូច​ជា​បញ្ញត្តិ​នោះ​នឹង​បាន​ចេញ​ទៅ​ក្នុង​លោកិយ រហូត​ដល់​ចុង​ផែនដី​ផង។

 ៣១ ហើយ​កាល​ហេណុក​បាន​ឮ​ព្រះ​បន្ទូល​ទាំង​នេះ នោះ​គាត់​ក៏​ក្រាប​ខ្លួន​ទៅ​ដល់​ដី​នៅ​ចំពោះ​ព្រះ​អម្ចាស់ ហើយ​ទូល​ចំពោះ​ព្រះ​អម្ចាស់​ថា ៖ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ទទួល​ការ​ប្រណី​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ​អង្គ ហើយ​ទូលបង្គំ​គ្រាន់តែ​ជា​ក្មេង​តូច​មួយ ហើយ​ប្រជាជន​ទាំង​អស់​គ្នា​ស្អប់​ទូលបង្គំ ត្បិត​ទូលបង្គំ​មាន​មាត់រឹង ម្ដេច​ឡើយ​ក៏​ទូលបង្គំ​ជា​អ្នក​បម្រើ​ទ្រង់?

 ៣២ ហើយ​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក​ថា ៖ ចូរ​ទៅ ហើយ​ធ្វើ​ដូចដែល​យើង​បាន​បញ្ជា​ដល់​អ្នក​ចុះ ហើយ​គ្មាន​នរណា​នឹង​ចាក់​ទំ​លុះ​អ្នក​ឡើយ។ ចូរ​បើក​មាត់​អ្នក ហើយ​មាត់​នោះ​នឹង​បាន​ពោរ​ពេញ ហើយ​យើង​នឹង​ប្រទាន​សំដី​ដល់​អ្នក ត្បិត​គ្រប់​សាច់​ទាំង​អស់​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ ហើយ​យើង​នឹង​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ឃើញ​ថា​ល្អ​ដល់​យើង។

 ៣៣ ចូរ​ប្រាប់​ទៅ​ប្រជាជន​នេះ​ថា ៖ ចូរ​អ្នក​រាល់​គ្នា​រើស​នៅ​ថ្ងៃ​នេះ​ចុះ ថា​នឹង​បម្រើ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ដែល​បាន​បង្កើត​អ្នក​មក។

 ៣៤ មើល​ចុះ ព្រះ​វិញ្ញាណ​របស់​យើង​កំពុងតែ​ស្ថិត​នៅ​លើ​អ្នក ហេតុ​ដូច្នោះ​ហើយ គ្រប់​អស់​ទាំង​ពាក្យ​សំដី​របស់​អ្នក យើង​នឹង​រាប់​ជា​សុចរិត ហើយ​ភ្នំ​ទាំង​ឡាយ​នឹង​គេច​ចេញ​ពីមុខ​អ្នក ហើយ​ទន្លេ​ទាំង​ឡាយ​នឹង​បែរ​ចេញ​ពី​ដំណើរ​វា ហើយ​អ្នក​នឹង​នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុ​ដូច្នេះ​ហើយ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ។

 ៣៥ ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ហេណុក ហើយ​ប្រាប់​គាត់​ថា ៖ ចូរ​លាប​ភ្នែក​អ្នក​នឹង​ដី​ឥដ្ឋ ហើយ​លាង​ចេញ ហើយ​អ្នក​នឹង​បាន​ឃើញ។ ហើយ​គាត់​ក៏​ធ្វើ​ដូច្នោះ។

 ៣៦ ហើយ​គាត់​បាន​ឃើញ​វិញ្ញាណ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក ហើយ​គាត់​ក៏​ឃើញ​គ្រប់​អ្វី​ទាំង​អស់​ដែល​ពុំ​អាច​មើល​ឃើញ ដោយ​ភ្នែក​ធម្មតា ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ឮ​គេ​និយាយ​ទូ​ទៅ​ទាំង​ដែនដី​ថា ៖ មាន​អ្នក​មើល​ឆុត​ម្នាក់ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បង្កើត​ឡើង​ដល់​រាស្ត្រ​ទ្រង់។

 ៣៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេណុក​បាន​ចេញ​ទៅ​លើ​ដែនដី​ក្នុង​ចំណោម​ប្រជាជន ដោយ​ឈរ​លើ​ភ្នំ និង​ទី​ខ្ពស់​ទាំង​ឡាយ ហើយ​ស្រែក​ដោយ​សំឡេង​ខ្លាំង ដោយ​ធ្វើ​ទី​បន្ទាល់​ទាស់​នឹង​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ ហើយ​គ្រប់​មនុស្ស​ទាំង​អស់​ក៏​អាក់​អន់​ចិត្ត ដោយ​ព្រោះ​តែ​គាត់។

 ៣៨ ហើយ​ពួក​គេ​ដែល​បាន​ចេញ​មក​ស្ដាប់​គាត់​នៅ​លើ​ទី​ខ្ពស់​ទាំង​ឡាយ ក៏​និយាយ​ទៅ​អ្នក​ថែរក្សា​ត្រសាល​ថា ៖ ចូរ​អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ចុះ ហើយ​ថែរក្សា​ត្រសាល​ទាំង​ឡាយ​ផង កាល​យើង​ទៅ​ឯនាយ ដើម្បី​ទៅ​មើល​អ្នក​មើល​ឆុត​ម្នាក់ ត្បិត​គាត់​ព្យាករ ហើយ​មាន​ការណ៍​ចម្លែក​មួយ​នៅ​លើ​ដែនដី មាន​មនុស្ស​ព្រៃ​ផ្សៃ​ម្នាក់​បាន​មក​ក្នុង​ចំណោម​យើង​រាល់​គ្នា។

 ៣៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​ឃើញ​គាត់ នោះ​គ្មាន​នរណា​មួយ​ហាន​លើក​ដៃ​ទាស់​នឹង​គាត់​ឡើយ ត្បិត​អស់​អ្នក​ណា​ដែល​បាន​ឮ​គាត់ ក៏​កើត​មាន​ការ​ភ័យខ្លាច​ឡើង ព្រោះ​គាត់​បាន​ដើរ​ជាមួយ​នឹង​ព្រះ។

 ៤០ ហើយ​មាន​មនុស្ស​ម្នាក់​បាន​មក​ឯ​គាត់ ដែល​មាន​ឈ្មោះ​ថា ម៉ាហ៊ីយ៉ា ហើយ​បាន​និយាយ​ទៅ​គាត់​ថា ៖ សូម​ប្រាប់​យើង​ខ្ញុំ​ដោយ​ច្បាស់ ថា​អ្នក​ជា​អ្នក​ណា ហើយ​មក​ពីណា​ដែរ?

 ៤១ ហើយ​គាត់​បាន​ប្រាប់​ពួក​គេ​ថា ៖ ខ្ញុំ​បាន​មក​ពី​ដែនដី​កៃណាន ជា​ដែនដី​នៃ​ពួក​អយ្យកោ​ខ្ញុំ ជា​ដែនដី​នៃ​សេចក្ដី​សុចរិត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ហើយ​ឪពុក​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​នូវ​គ្រប់​ការណ៍​ទាំង​អស់ តាម​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ។

 ៤២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ក្នុង​កាល​ខ្ញុំ​កំពុងតែ​ធ្វើ​ដំណើរ​ពី​ដែនដី​កៃណាន តាម​ឆ្នេរសមុទ្រ​ខាង​កើត នោះ​ខ្ញុំ​បាន​ឃើញ​ការ​និមិត្ត​មួយ ហើយ​មើល​ន៏ ខ្ញុំ​បាន​ឃើញ​ស្ថាន​សួគ៌ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ ហើយ​ប្រទាន​ព្រះ​បញ្ញត្តិ​ដល់​ខ្ញុំ​ដូច្នោះ ដោយ​សារ​ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ប្រាប់​ពាក្យ​ទាំង​នេះ ដើម្បី​កាន់​តាម​ព្រះ​បញ្ញត្តិ​នោះ។

 ៤៣ ហើយ​ហេណុក​បាន​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា ៖ ព្រះ​អម្ចាស់​ដែល​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ គឺ​ទ្រង់​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ហើយ​ទ្រង់​ជា​ព្រះ​របស់​ខ្ញុំ ហើយ​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​ជា​បង​ប្អូន​របស់​ខ្ញុំ ហើយ​ម្ដេច​ក៏​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ទូន្មាន​ក្នុង​ខ្លួន​ដូច្នេះ ហើយ​បដិសេធ​ព្រះ​នៃ​ស្ថាន​សួគ៌​ទៅ​វិញ?

 ៤៤ ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ហើយ​ផែនដី​ជា​កំណល់​កល់​ព្រះ​បាទ​ទ្រង់ ហើយ​ឫស​ផែនដី​គឺជា​របស់​ផង​ទ្រង់។ មើល​ចុះ ទ្រង់​បាន​ដាក់​ឫស​ផែនដី ព្រម​ទាំង​ពួក​ពល​បរិវារ​មនុស្ស​ផង ក៏​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​មក​លើ​ផ្ទៃ​ផែនដី​ដែរ។

 ៤៥ ហើយ​សេចក្ដី​ស្លាប់​ក៏​មាន​មក​លើ​ពួក​អយ្យកោ​របស់​យើង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​យើង​ស្គាល់​ពួក​គេ​ដែរ ហើយ​មិន​អាច​បដិសេធ​បាន​ឡើយ ហើយ​សូម្បីតែ​មនុស្ស​ទី​មួយ​បំផុត គឺ​អ័ដាម ក៏​យើង​ស្គាល់​ដែរ។

 ៤៦ ត្បិត​មាន​សៀវភៅ​រំឭក​មួយ​ដែល​បាន​កត់​ទុក ក្នុង​ចំណោម​ពួក​យើង​រាល់​គ្នា ស្រប​តាម​គំរូ​ដែល​បាន​ប្រទាន​ដោយ​ព្រះ​អង្គុលី​នៃ​ព្រះ ហើយ​គឺ​ត្រូវ​បាន​ប្រទាន​ឲ្យ​មក​ក្នុង​ភាសា​របស់​យើង​ផ្ទាល់។

 ៤៧ ហើយ​ពេល​ហេណុក​កំពុងតែ​ប្រាប់​ពី​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​ប្រជាជន​ញ័រ​រន្ធត់ ហើយ​ពុំ​អាច​ឈរ​នៅ​ក្នុង​វត្ត​មាន​របស់​គាត់​បាន​ឡើយ។

 ៤៨ ហើយ​គាត់​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា ៖ ពី​ព្រោះ​តែ​អ័ដាម​ធ្លាក់ ទើប​មាន​ពួក​យើង​មក ហើយ​ដោយ​សារ​ការ​ធ្លាក់​របស់​គាត់ ទើប​មាន​សេចក្ដី​ស្លាប់ ហើយ​យើង​រាល់​គ្នា​ត្រូវ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​អ្នក​ទទួល​នូវ​សេចក្ដី​ទុក្ខ​លំបាក និង​ទុក្ខ​វេទនា។

 ៤៩ មើល​ចុះ អារក្ស​សាតាំង​បាន​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហើយ​បាន​ល្បួង​ពួក​គេ​ឲ្យ​ថ្វាយ​បង្គំ​វា ហើយ​មនុស្ស​លោក​បាន​ក្លាយ​ទៅ​ខាង​លោកិយ កាមរាគ និង​អាក្រក់ ហើយ​ត្រូវ​បាន​បិទបាំង​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ។

 ៥០ ប៉ុន្តែ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ដឹង​ដល់​ពួក​អយ្យកោ​របស់​យើង​ថា គ្រប់​មនុស្ស​ទាំង​អស់​ត្រូវ​តែ​ប្រែ​ចិត្ត។

 ៥១ ហើយ​ទ្រង់​បាន​ហៅ​អ័ដាម ជា​ឪពុក​យើង ដោយ​សំឡេង​ទ្រង់​ផ្ទាល់​ថា ៖ យើង​ជា​ព្រះ យើង​បាន​បង្កើត​លោកិយ និង​មនុស្ស​លោក មក​មុន​មាន​ពួក​គេ​នៅ​ក្នុង​សាច់​ឈាម​ម្ល៉េះ។

 ៥២ ហើយ​ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា ៖ បើ​សិន​ជា​អ្នក​បែរ​មក​រក​យើង ហើយ​ប្រុង​ស្ដាប់​តាម​សំឡេង​យើង ហើយ​ជឿ ហើយ​ប្រែ​ចិត្ត​ពី​អស់​ទាំង​អំពើ​រំលង​របស់​អ្នក ហើយ​ទទួល​បុណ្យ​ជ្រមុជ គឺ​ដោយ​ទឹក ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ដែល ពោរ​ពេញ​ទៅ​ដោយ​ព្រះ​គុណ និង​សេចក្ដី​ពិត ដែល​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​នាម​តែ​មួយ​គត់​ដែល​នឹង​បាន​ប្រទាន​មក​ក្រោម​មេឃ ដែល​នឹង​មាន​សេចក្ដី​សង្គ្រោះ​មក​ដល់​កូន​ចៅ​មនុស្ស នោះ​អ្នក​នឹង​បាន​ទទួល​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​សូម​អ្វីៗ​ទាំង​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ហើយ​អ្វីៗ​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​សូម នោះ​នឹង​បាន​ប្រទាន​ដល់​អ្នក។

 ៥៣ ហើយ​អ័ដាម ជា​ឪពុក​របស់​យើង បាន​ទូល​ទៅ​ព្រះ​អម្ចាស់ ហើយ​ទូល​ថា ៖ ហេតុ​អ្វី​បាន​ជា​មនុស្ស​ត្រូវ​ប្រែ​ចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក? ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​អ័ដាម​ថា ៖ មើល​ចុះ យើង​បាន​អភ័យទោស​ដល់​អ្នក ចំពោះ​អំពើ​រំលង​របស់​អ្នក​នៅ​ក្នុង​សួនច្បារ​អេដែន​ហើយ។

 ៥៤ មក​ពី​ការណ៍​នេះ​ហើយ ទើប​មាន​គេ​និយាយ​ទូ​ទៅ​ក្នុង​ចំណោម​ប្រជាជន​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទោស​ដើម ម្ល៉ោះ​ហើយ​បាន​ជា​អំពើ​បាប​ទាំង​ឡាយ​នៃ​ឪពុក​ម្ដាយ ពុំ​អាច​ធ្លាក់​ទៅ​លើ​ក្បាល​នៃ​កូន​ចៅ​បាន​ឡើយ ត្បិត​ពួក​គេ​នៅ​សុទ្ធសាធ ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ។

 ៥៥ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​អ័ដាម​ថា ៖ ដរាបណា​កូន​ចៅ​អ្នក​ត្រូវ​បាន​ចាប់​កំណើត​មក​ក្នុង​អំពើ​បាប ម្ល៉ោះ​ហើយ កាលណា​គេ​ចាប់​ផ្ដើម​ធំ​ឡើង នោះ​អំពើ​បាប​ក៏​កើត​មាន​ក្នុង​ចិត្ត​គេ​ដែរ ហើយ​ពួក​គេ​ភ្លក់​នូវ​សេចក្ដី​ល្វីង​ជូរចត់ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ចេះ​ឲ្យ​តម្លៃ​ដល់​របស់​ល្អ។

 ៥៦ ហើយ​គឺ​ត្រូវ​បាន​ប្រទាន​ដល់​ពួក​គេ ឲ្យ​ចេះ​ដឹង​ខុសត្រូវ ហេតុ​ដូច្នោះ​ហើយ ទើប​ពួក​គេ​ជា​ភ្នាក់​ងារ​ចំពោះ​ខ្លួន​ផ្ទាល់ ហើយ​យើង​បាន​ប្រទាន​ដល់​អ្នក​នូវ​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​មួយ​ទៀត។

 ៥៧ ហេតុ​ដូច្នោះ​ហើយ ចូរ​បង្រៀន​កូន​ចៅ​អ្នក ថា​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទិសទី​ត្រូវ​តែ​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​ពុំ​អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ ត្បិត​គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​អាស្រ័យ​នៅ​ទី​នោះ ឬ​នៅ​ក្នុង​វត្ត​មាន​របស់​ទ្រង់​បាន​ឡើយ ត្បិត​នៅ​ក្នុង​ភាសា​អ័ដាម មនុស្ស​នៃ​បរិសុទ្ធ​ភាព គឺជា​ព្រះ​នាម​របស់​ទ្រង់ ហើយ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ គឺ​កូន​មនុស្ស គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ចៅក្រម​សុចរិត ដែល​នឹង​យាង​មក​ក្នុង​ពេល​ដ៏​ខ្ពង់​ខ្ពស់​បំផុត។

 ៥៨ ហេតុ​ដូច្នេះ​ហើយ យើង​ប្រទាន​ដល់​អ្នក​នូវ​បញ្ញត្តិ​មួយ ឲ្យ​បង្រៀន​ការណ៍​ទាំង​នេះ​ដោយ​សេរី​ដល់​កូន​ចៅ​អ្នក​ថា ៖

 ៥៩ គឺ​ដោយ​សារ​ការ​រំលង នោះ​ទើប​មាន​ការ​ធ្លាក់ ឯ​ការ​ធ្លាក់​នោះ​នាំ​ឲ្យ​មាន​ការ​ស្លាប់ ហើយ​ដរាបណា​អ្នក​រាល់​គ្នា​បាន​កើត​មក​ក្នុង​លោកិយ​ដោយ​សារ​ទឹក និង​ឈាម និង​វិញ្ញាណ ដែល​យើង​បាន​ធ្វើ ហើយ​ទើប​បាន​ក្លាយ​ជា​ធូលី​ដី​មាន​ព្រលឹង​រស់​ឡើង​ជា​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​តែ​បាន​កើត​ម្ដង​ទៀត​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌ ដោយ​សារ​ទឹក និង​ដោយ​សារ​ព្រះ​វិញ្ញាណ ហើយ​ត្រូវ​បាន​សំអាត ដោយ​សារ​ឈាម គឺជា​ព្រះ​លោហិត​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង​យ៉ាង​នោះ​ដែរ ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ញែក​ជា​បរិសុទ្ធ​ចេញ​ពី​អស់​ទាំង​អំពើ​បាប ហើយ​មាន​សេចក្ដី​អំណរ​ចំពោះ​ព្រះ​បន្ទូល អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច នៅ​ឯ​នា​បរលោក គឺជា​សិរី​ល្អ​ដ៏​នៅ​អមត

 ៦០ ត្បិត​ដោយ​សារ​ទឹក នោះ​អ្នក​រាល់​គ្នា​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដោយ​សារ​ព្រះ​វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​ត្រូវ​បាន​រាប់​ថា សុចរិត ហើយ​ដោយ​សារ​ព្រះ​លោហិត នោះ​អ្នក​រាល់​គ្នា​ត្រូវ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ

 ៦១ ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ប្រទាន​ឲ្យ​នៅ​ជាប់​នឹង​អ្នក ជាទី​បន្ទាល់​ពី​ស្ថាន​សួគ៌ ជា​ព្រះ​ដ៏​ជា​ជំនួយ ជា​ការណ៍​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត អំពី​សិរី​ល្អ​ដ៏​នៅ​អមត ជា​សេចក្ដី​ពិត​អំពី​គ្រប់​ការណ៍​ទាំង​អស់ ដែល​ប្រោស​គ្រប់​អ្វី​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​គ្រប់ អ្វី​ទាំង​អស់​មាន​ជីវិត ដែល​ជ្រាប​គ្រប់​ការណ៍​ទាំង​អស់ ហើយ​មាន​ព្រះ​ចេស្ដា​គ្រប់​យ៉ាង ស្រប​តាម​ប្រាជ្ញា សេចក្ដី​មេត្តាករុណា សេចក្ដី​ពិត សេចក្ដី​យុត្តិធម៌ និង​សេចក្ដី​ជំនុំ​ជំរះ។

 ៦២ ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​ប្រាប់​អ្នក​ថា ៖ នេះ​ហើយ​ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់ គឺ​តាម​រយៈ​ព្រះ​លោ​ហិត​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ដែល​នឹង​យាង​មក​ក្នុង​ពេល​ដ៏​ខ្ពង់​ខ្ពស់​បំផុត។

 ៦៣ ហើយ​មើល​ចុះ គ្រប់​អ្វី​ទាំង​អស់​មាន​រូបភាព​ដូច​គ្នា ហើយ​គ្រប់​អ្វី​ទាំង​អស់​ត្រូវ​បាន​បង្កើត ហើយ​ធ្វើ​ឡើង​មក ដើម្បី​ធ្វើ​ទី​បន្ទាល់​អំពី​យើង ទាំង​របស់​ខាង​សាច់​ឈាម និង​ទាំង​របស់​ខាង​វិញ្ញាណ​ផង របស់​ទាំង​ឡាយ​ដែល​នៅ​ស្ថាន​សួគ៌​ពីលើ និង​របស់​ទាំង​ឡាយ ដែល​នៅ​លើ​ផែនដី និង​របស់​ទាំង​ឡាយ​ដែល​នៅ​ក្នុង​ផែនដី និង​របស់​ទាំង​ឡាយ​ដែល​នៅ​ខាង​ក្រោម​ផែនដី ទាំង​ខាង​លើ និង​ទាំង​ខាង​ក្រោម​ផង ៖ គឺ​គ្រប់​ការណ៍​ទាំង​អស់​ធ្វើ​ទី​បន្ទាល់​អំពី​យើង។

 ៦៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​អ័ដាម ជា​ឪពុក​របស់​យើង​រួច​ហើយ នោះ​ស្រាប់​តែ​អ័ដាម​បាន​អំពាវនាវ​ទៅ​ព្រះ​អម្ចាស់ ហើយ​គាត់​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ហើយ​បាន​នាំ​ចុះ​ទៅ​ក្នុង​ទឹក ហើយ​បាន​កប់​នៅ​ក្នុង​ទឹក ហើយ​បាន​នាំ​ចេញ​មក​ពី​ទឹក​វិញ។

 ៦៥ ហើយ​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​យ៉ាង​ដូច្នោះ​ហើយ ហើយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​បាន​កើត​ពី​ព្រះ​វិញ្ញាណ​យ៉ាង​ដូច្នោះ​ហើយ ហើយ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​បាន​ប្រោស​ខាង​ក្នុង។

 ៦៦ ហើយ​គាត់​បាន​ឮ​ចេញ​ពី​ស្ថាន​សួគ៌​ថា ៖ អ្នក​បាន​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយ។ នេះ​ហើយ​ជា​ទី​បន្ទាល់​អំពី​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា ចាប់​ពី​អំណឹះ និង​រៀង​ដរាប​ត​ទៅ

 ៦៧ ហើយ​អ្នក​នៅ​តាម​របៀប​នៃ​ទ្រង់​ដែល​គ្មាន​ថ្ងៃ​ចាប់​ផ្ដើម ឬ​ឆ្នាំ​បញ្ចប់​ឡើយ គឺ​ពី​អស់​ទាំង​ភាព​អស់​កល្ប​ទៅ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច។

 ៦៨ មើល​ចុះ អ្នក​ក្លាយ​ទៅ​តែ​មួយ​ក្នុង​យើង​គឺជា​កូន​នៃ​ព្រះ ហើយ​ដូច្នេះ ទើប​មនុស្ស​ទាំង​អស់​អា​ច​ក្លាយ​ទៅ​ជា​កូន​របស់​យើង​បាន។ អាម៉ែន ៕