២០១១
សុបិន​របស់​លីហៃ ៖ កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់
ខែ តុលា ឆ្នាំ 2011


« សុបិន​របស់​លីហៃ ៖ កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់ » លីអាហូណា ខែ តុលា ឆ្នាំ ២០១១ ទំព័រ ៣២–៣៧

សុបិន​របស់​លីហៃ

កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

អត្ថបទ​ដ៏​​មាន​សារៈសំខាន់​ក្នុង​ព្រះគម្ពីរ​មរមន—ការអញ្ជើញ​មនុស្ស​គ្រប់គ្នា​ឲ្យ​មកឯ​ព្រះគ្រីស្ទ—គឺជា​ភាពពិសេស​វិសាល​នៅក្នុង​ការនិមិត្ត​របស់​លីហៃ ។

ខ្ញុំ​ស្រឡាញ់​ព្រះគម្ពីរ​មរមន ។ អនុស្សាវរីយ៍​ខ្លះៗ​របស់ខ្ញុំ​ពី​ដំណឹងល្អ​ដំបូង​បំផុត​កាលពី​​ដើម​​ឡើយ គឺ​កាលដែល​ម្តាយ​ខ្ញុំអាន​រឿង​ឲ្យ​ស្តាប់​ចេញពី រឿង​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន​សម្រាប់​ពួកបរិសុទ្ធ​វ័យក្មេង ដោយ អែមម៉ា ម៉ារ ភីធ័រសិន ។ នៅក្នុង​បទពិសោធន៍​កាលនៅ​វ័យ​កុមារ​នោះ និង​អំឡុង​ឆាក​ជីវិត​មួយ​នៃ​ការសិក្សា និង​ការអធិស្ឋាន​ផ្ទាល់ខ្លួន ដែល​ចេះតែ​បន្ត​ទៅមុខ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​ជា​សាក្សី​ដល់​ព្រលឹង​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​របស់​ព្រះ ។

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​គឺជា​សក្ខីយបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ដឹង​ថា ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ដោយ​ព្រះចេស្តា​នៃ​ព្រះ ។ ហើយ​ខ្ញុំ​សូម​ធ្វើជា​សាក្សី​ថា ព្រះគម្ពីរ​មរមន​គឺជា « គម្ពីរ​ដ៏ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅលើ​ផែនដី​នេះ ហើយ​ជា​មូលដា្ឋន​នៃ​សាសនា​របស់​យើង ហើយ​បុគ្គល​ម្នាក់ [ នឹង ] ចូល​ទៅជិត​ព្រះ​បាន ដោយសារ​ការធ្វើ​តាម​សក្ខីយបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ​ជាជាង​គម្ពីរ​ដទៃ​ទាំងអស់ » ។

និមិត្តសញ្ញា​ដ៏​សំខាន់​នៅក្នុង​សុបិន​របស់​លីហៃ

សារៈសំខាន់​នៃ​ការអាន ការសិក្សា ការស្រាវជ្រាវ និង​ការពិចារណា​ព្រះគម្ពីរ​ទាំងឡាយ​ជាទូទៅ ហើយ​និង​ការអាន​ព្រះគម្ពីរ​មរមន​ជាពិសេស ត្រូវ​បាន​ឆ្លុះបញ្ចាំង​នៅក្នុង​ធាតុ​ជាច្រើន​នៃ​ការនិមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត ( សូមមើល នីហ្វៃទី ១ ៨ ) ។

លក្ខណៈ​សំខាន់​នៅក្នុង​សុបិន​របស់​លីហៃ គឺ​ដើម​ជីវិត—ជា​តំណាង​នៃ « សេចក្តី​ស្រឡាញ់​នៃ​ព្រះ » ( សូមមើល នីហ្វៃទី ១ ១១:២១–២២ ) ។ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បានជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែមួយ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា នោះ​មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ »​( យ៉ូហាន ៣:១៦ ) ។ ដូច្នេះ​កំណើត ព្រះជន្ម និង​ពលិកម្មដ៏​ធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​គឺជា​ការបើក​បង្ហាញ​ដ៏ធំ​បំផុត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​សម្រាប់​កូនចៅ​របស់​ទ្រង់ ។ ដូច​ដែល​នីហ្វៃ​បាន​ធ្វើ​ទីបន្ទាល់​ថា សេចក្តី​ស្រឡាញ់​នេះ​គឺជា « ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់ » ហើយ​ដូចជា​ទេវតា​នៅក្នុង​ការនិមិត្ត​របស់​លោក​បាន​ប្រកាស​ថា « រីករាយ​បំផុតដល់​ព្រលឹង » ( នីហ្វៃទី ១ ១១:២២–២៣, សូមមើល​ផងដែរ នីហ្វៃទី ១ ៨:១២, ១៥ ) ។ ជំពូក​ទី ១១ នៃ​នីហ្វៃ​ទី១ ផ្តល់​ជា​ការពិព៌ណនា​ល្អិតល្អន់​មួយ​ពី​ដើម​ជីវិត ដូចជា​និមិត្ត​សញ្ញា​សម្រាប់​ជីវិត កិច្ចការ​បម្រើ និង​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ—« ការយាងចុះ​មក​នៃ​ព្រះ » ( នីហ្វៃ ទី ១ ១១:១៦ ) ។

ផ្លែឈើ​នៅលើ​ដើម​គឺជា​និមិត្តសញ្ញា​មួយ​សម្រាប់​ពរជ័យ​នៃ​ដង្វាយធួន ។ ការទទួល​ទាន​ផ្លែឈើ​តំណាងឲ្យ​ការទទួល​យក​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា ដោយ​ហេតុ​នោះ​ដង្វាយធួន​អាច​ក្លាយជា​សក្ដ័សិទ្ធិ​យ៉ាង​ពេញលេញ​នៅក្នុង​ជីវិត​របស់​យើង ។ ផ្លែនោះ​ត្រូវបាន​ពិព៌ណនា​ថា « ធ្វើឲ្យ​មនុស្ស​សប្បាយ​រីករាយ » ( នីហ្វៃទី ១ ៨:១០ ) ហើយ​បាន​ធ្វើឲ្យ​មាន​សេចក្តី​អំណរ​ដ៏​ខ្លាំង និង​ចង់​ដើម្បី​ចែកចាយ​សេចក្តី​អំណរ​នោះ​ជាមួយ​អ្នកដទៃ ។

ប្រធាន​បទ​​ដ៏មាន​សារៈសំខាន់​ក្នុង​ព្រះគម្ពីរ​មរមន​គឺ—ការអញ្ជើញ​មនុស្ស​គ្រប់រូប​ឲ្យ​មក​ឯ​ព្រះគ្រីស្ទ—គឺជា​ភាពពិសេស​វិសាល​នៅក្នុង​ការនិមិត្ត​របស់​លីហៃ ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ដំបង​ដែក​បាន​នាំទៅ​កាន់​ដើមឈើ​នោះ ( សូមមើល នីហ្វៃទី ១ ៨:១៩ ) ។ ដំបង​ដែក​គឺជា​ព្រះបន្ទូល​នៃ​ព្រះ ។

ដើរ​សួរ និង កាន់​ដំបង​យ៉ាងខ្ជាប់​ជានិច្ច

លីហៃ​ជា​ឪពុក​បានឃើញ​ហ្វូង​មនុស្ស​បួន​ក្រុម​នៅក្នុង​ការនិមិត្ត​របស់​លោក ។ ហ្វូង​មនុស្ស​បី​ក្រុម​កំពុងតែ​ប្រជ្រៀតគ្នា​ឆ្ពោះ​ទៅមុខ​នៅលើ​ផ្លូវ​ត្រង់ និង​ចង្អៀត តស៊ូ​ដើម្បី​បានទៅ​ដល់​ដើមឈើ និង​ផ្លែ​របស់​វា ។ ក្រុម​ទី​បួន​ពុំ​ស្វែង​រក​ដើម​ឈើ​ឡើយ ដោយ​សម្រេច​ចិត្ត​យក​អគារ​ដ៏​ធំ និង​ទូ​លាយ​ធ្វើ​ជាទី​ដៅ​ចុង​ក្រោយ​របស់​គេ​ទៅ​វិញ ( សូម​មើល នីហ្វៃ​ទី ១ ៨:៣១–៣៣ ) ។

នៅ​ក្នុង នីហ្វៃ​ទី ១ ៨:២១–២៣ យើង​រៀន​អំពី​ក្រុម​មនុស្ស​ទីមួយ​ដែល​បាន​ប្រជ្រៀត​គ្នា​ទៅ​មុខ ហើយ​បាន​ចាប់​ផ្តើម​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ដើម​ជីវិត ។ ថ្វី​បើ​ដូច្នោះ​ក៏​ដោយ នៅ​ពេល​ក្រុម​នោះ​បាន​ជួប​ប្រទះ​នឹង​អ័ព្ទ​នៃ​សេចក្តី​ងងឹត​ដែល​តំណាង​ឲ្យ « ការ​ល្បួង​របស់​អារក្ស » ( នីហ្វៃទី ១ ១២:១៧ ) នោះ​ពួក​គេ​បាន​ធ្លាក់​វង្វេង​ផ្លូវ​ខ្ចាត់​ខ្ចាយ​បាត់​ទៅ​អស់ ។

សូម​កំណត់​ចំណាំ​ថា គ្មាន​ការបញ្ជាក់​អំពី​ដំបងដែក​នៅក្នុង​ខ​ទាំងនេះ​ឡើយ ។ អស់អ្នក​ដែល​មិន​យកចិត្ត​ទុក​ដាក់ ឬ​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះ​តិចតួច ពុំ​អាច​ទទួលបាន​នូវ​តី្រវិស័យ​នៃ​ទេវភាព ដែល​ចង្អុល​ផ្លូវ​ទៅរក​ព្រះអង្គ​សង្គ្រោះ​បាន​ឡើយ ។ សូម​គិត​ពិចារណា​ថា ក្រុមនេះ​បាន​នៅលើ​ផ្លូវ ហើយ​បាន​ប្រជ្រៀតគ្នា​ឆ្ពោះទៅមុខ ដោយ​បង្ហាញ​ពី​ទំហំ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ និង​ជំនឿស៊ប់​ខាង​វិញ្ញាណ​មួយ ប៉ុន្តែ​ពួកគេ​បាន​ភ្លើតភ្លើន​តាម​ការល្បួង​របស់​អារក្ស ហើយ​បាន​វង្វេង​ចេញពី​ផ្លូវ ។

នៅ​ក្នុង​នីហ្វៃ​ទី ១ ៨:២៤–២៨ យើង​បាន​អាន​ពី​ក្រុម​ទី​ពីរ​ដែល​បាន​នៅ​លើ​ផ្លូវ​ត្រង់ និង ចង្អៀត​ដែលដឹក​នាំ​ទៅ​ដើម​ជីវិត ។ ក្រុម​នេះ « បាន​ប្រជ្រៀត​ពុះពារ​អ័ព្ទ​នៃ​សេចក្តី​ងងឹត​ទៅមុខ ដោយ​ដើរសួរ​តាម​ដំបង​ដែក​រហូតដល់​ពួកគេ​ទៅដល់ ហើយ​ទទួលទាន​ផ្លែឈើ​នោះ » ( ខទី ២៤ ) ។ ទោះ​យ៉ាងណា​ក៏ដោយ នៅពេល​ពួក​មនុស្ស​ដែល​ស្លៀកពាក់​ល្អ​ប្រសើរ​ពី​អាគារ​ដ៏ធំ និង​ទូលាយ​បាន​ចំអក​ឡកឡឺយ​ដល់​មនុស្ស​ក្រុម​ទីពីរ​នេះ « ពួកគេ​មាន​ការខ្មាសអៀន » និង « បាន​ធ្លាក់​តាម​ផ្លូវហាមឃាត់​ទាំងឡាយ ហើយ​បាន​វង្វេង​បាត់​អស់​ទៅ » ( ខទី ២៨ ) ។ សូម​កត់​ចំណាំ​ថា ក្រុម​នេះ​ត្រូវបាន​ពិព៌ណនា​ថា​បាន « ដើរសួរ​តាម​ដំបង​ដែក » ( នីហ្វៃទី ១ ៨:២៤, បាន បញ្ជាក់ បន្ថែម ) ។

វា​គឺជា​ការសំខាន់​ដែល​ក្រុម​ទីពីរ​បាន​ប្រជ្រៀត​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ និង​ការតាំងចិត្ត ។ ពួកគេ​ក៏​បាន​ពរជ័យ​នៃ​ដំបងដែក​បន្ថែម​ទៀត​ដែរ ហើយ​ពួកគេ​បាន​កំពុងតែ​ដើរ​សួរ​តាម​វា ! ទោះជា​យ៉ាងនោះ​ក្តី នៅពេល​ពួកគេ​ជួបប្រទះ​នឹង​ការធ្វើ​ទុក្ខ​បុកម្នេញ និង​ភាពលំបាក ពួកគេ​បាន​ធ្លាក់តាម​ផ្លូវហាមឃាត់​ទាំងឡាយ ហើយ​វង្វេង​បាត់អស់​ទៅ ។ សូម្បី​តែ​ដោយ​សេចក្តី​ជំនឿ​ ការតាំងចិត្ត និង​ព្រះបន្ទូល​របស់​ព្រះ នៅ​ទីបំផុត​ក្រុមនេះនៅតែ​​បាន​វង្វេង—ប្រហែល​ដោយសារ​​ពួកគេ​បាន​តែ​អាន​ ​បាន​សិក្សា ​បាន​ស្រាវជ្រាវ​ព្រះគម្ពីរ​ទាំងឡាយ​ម្ដង​ម្កាល​តែប៉ុណ្ណោះ ។ ការដើរ​សួរតាម​ដំបងដែក​ណែនាំ​ដល់​ខ្ញុំ​ឲ្យ​សិក្សា​ព្រះបន្ទូល​របស់​ព្រះ​តែមួយ « សន្ទុះ »​តែ​ប៉ុណ្ណោះ ឬ​សិក្សា​មិន​ជាប់លាប់ ជាជាង​ការសិក្សា ព្រះបន្ទូល​របស់​ព្រះ​ជាប់លាប់ ។

នៅក្នុង​ខ​ទី ៣០ យើង​បាន​អាន​អំពី​ហ្វូង​មនុស្ស​ក្រុម​ទីបី ដែល​បាន​ប្រជ្រៀត​ទៅមុខ « ដោយ​កាន់​ដំបងដែក​យ៉ាងខ្ជាប់​ជានិច្ច​រហូត​ដល់​ពួកគេ​បាន​មកដល់ ហើយ​ដួលចុះ ហើយ​បរិភោគ​ផ្លែឈើ​នោះទៅ » ។ ឃ្លា​គន្លឹះ​នៅ​ក្នុង​ខ​នេះ​គឺ​កាន់​យ៉ាង​ខ្ជាប់​ជានិច្ច​ទៅ​នឹង​ដំបង​ដែក ។

ក្រុម​ទី​បី​ក៏​បាន​ប្រជ្រៀត​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ និង​ការជឿជាក់ ប៉ុន្ដែ​វា​គ្មាន​ការបង្ហាញ​ថា ពួកគេ​បាន​ខ្ចាត់​ខ្ចាយ​បាន​ធ្លាក់​តាម​ផ្លូវ​ហាម​ឃាត់ ឬ​វង្វេង​ផ្លូវ​នោះ​ទេ ។ ប្រហែល​ជា​មនុស្ស​ក្រុម​ទី​បី​នេះ​បាន​អាន​ និង​បាន​សិក្សា ហើយ​បាន​ស្រាវជ្រាវ​បទគម្ពីរ​យ៉ាងទៀង​ទាត់ ។ ប្រហែល​វាជា​ការប្រឹងប្រែង និង​លះបង់​ដើម្បី​មើលឃើញ​ថា « [ កិច្ចការ ] តូចតាច និង​ងាយ » ( អាលម៉ា ៣៧:៦ ) ដែល​បាន​សង្គ្រោះ​ក្រុម​ទី​បី​ចេញពី​ការវិនាស ។ ប្រហែល​វា​បាន « ស្គាល់​ព្រះអម្ចាស់ » និង « ស្គាល់​សេចក្តី​ពិត » ( អាលម៉ា ២៣:៥, ៦ ) បាន​ចម្រើន តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ដោយ​ស្មោះត្រង់ ដែល​ប្រយោជន៍​ឲ្យបាន​អំណោយទាន​នៃ​សេចក្តី​រាបសា​ខាងវិញ្ញាណ—គឺ​ដូចជា​ក្រុម​មនុស្ស​នេះ​ដូច្នេះ​ដែរ ដែល​បាន « ដួល​ចុះ ហើយ​បរិភោគ​ផ្លែឈើ​នោះ​ទៅ » ( នីហ្វៃទី ១ ៨:៣០ បាន​បញ្ជាក់​បន្ថែម ) ។ ប្រហែល​វា​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ការបីបាច់ និង​ការពង្រឹង​ខាង​វិញ្ញាណ​ដោយ « ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ » ជានិច្ច ( នីហ្វៃទី ២ ៣១:២០ ) ដែល​អាច​ធ្វើឲ្យ​ក្រុម​នេះ​មិន​យកចិត្ត​ទុកដាក់​នឹង​ការមើលងាយ និង​ការចំអក​ឡកឡឺយ​ពីក្រុម​មនុស្ស​នៅក្នុង​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ ( សូមមើល នីហ្វៃទី ១ ៨:៣៣ ) ។ អ្នក និង​ខ្ញុំ​គួរតែ​ព្យាយាម​ដើម្បី​ចូលរួម​ជាមួយ​ក្រុមនេះ ។

ពួកបងប្រុស​របស់​នីហ្វៃ​បាន​សួរ​ថា « ចុះ​តើ​ដំបង​ដែក ដែល​ឪពុក​យើង​បាន​ឃើញ ដែល​នាំ​ទៅឯ​ដើមឈើ​នោះ​មានន័យ​ដូចម្តេច ? »

« ហើយ [ នីហ្វៃ ] បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ នោះ​គឺ​ជា​ព្រះបន្ទូល​នៃ​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ ហើយ​តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​នឹង​មិន​ត្រូវ​វិនាស​ឡើយ សូម្បីតែ​ការល្បួង​ទាំង​ឡាយ និង​ព្រួញ​ភ្លើង​ទាំង​ឡាយ​របស់​មារ​សត្រូវ ក៏​មិន​អាច​ឈ្នះ​លើ​គេ​ដល់​ទៅ​ធ្វើ​ឲ្យ​គេ​ខ្វាក់ ដើម្បី​នាំ​គេ​ទៅ​ឯ​សេចក្ដី​បំផ្លិចបំផ្លាញ​បាន​ដែរ » ( នីហ្វៃទី ១ ១៥:២៣–២៤, បាន​បញ្ជាក់​បន្ថែម ) ។

ដូច្នេះ​តើ​អ្វីជា​ភាពខុសគ្នា​រវាង​ការដើរសួរ និង​ការកាន់​ដំបងដែក​យ៉ាងខ្ជាប់​នោះ ? ខ្ញុំ​សូម​ណែនាំ​ថា ការកាន់​ជាប់នឹង​ដំបង​ដែក​គឺ​តម្រូវ​ឲ្យមាន​ការប្រើប្រាស់​ព្រះគម្ពីរ​ឲ្យបាន​ច្រើន ​ការអធិស្ឋាន​ជាប់លាប់ និង​ការប្រើប្រាស់​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ដោយ​យក​ចិត្ត​ទុកដាក់​ដែល​ជា​ប្រភព​នៃ​ការបើក​សម្តែង​សេចក្តីពិត និង​ការដឹកនាំ​ដ៏​ទុកចិត្ត​សម្រាប់​ការធ្វើ​ដំណើរ​លើ​ផ្លូវ​ត្រង់ និង​តូច​ចង្អៀត​ឆ្ពោះ​ទៅកាន់​ដើម​ជីវិត​—នឹង​ទៅឯ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​ថា​ដំបង​ដែក ដែល​ឪពុក​ខ្ញុំ​បាន​ឃើញ​មក​នោះ គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​នាំ​ទៅ​ឯ​ប្រភព​ទឹក​នៃ​ទឹក​រស់ ឬ​ទៅ​ឯ​ដើម​ជីវិត » ( នីហ្វៃទី ១ ១១:២៥ ) ។

ព្រះគម្ពីរ​មរមន​គឺ​សម្រាប់​យើង​នៅ​សម័យ​នេះ

ព្រះគម្ពីរ​មរមន​បង្កើតនូវ​សេចក្តីពិត​បួន​យ៉ាង ដែល​មាន​ទំនាក់ទំនង និង​ភាពចាំបាច់​នៅ​ក្នុង​សម័យ​របស់យើង និង​កាលៈទេសៈ​ទាំងឡាយ​របស់យើង ។ ទំនាក់ទំនង​ខាងវិញ្ញាណ និង​ខាង​សាច់ឈាម​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង​ជីវិត​របស់យើង​ត្រូវបាន​គូស​បង្ហាញ​ដោយ​មរ៉ូណៃ​ថា ៖ « មើលចុះ ខ្ញុំ​និយាយ​ទៅកាន់​អ្នករាល់គ្នា​ហាក់បី​ដូចជា​អ្នករាល់​គ្នា​នៅ​ទីនេះ ប៉ុន្តែ​អ្នករាល់គ្នា​ពុំនៅ​ទីនេះ​ទេ ។ ប៉ុន្តែ មើល​ចុះ ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​បង្ហាញ​អ្នករាល់គ្នា​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​នូវ​អ្វីៗ ដែល​អ្នករាល់គ្នា​ធ្វើ » ( មរមន ៨:៣៥ ) ។ ការមើល​ឃើញ​ពី​សម័យកាល និង​កាលៈទេសៈ​របស់​យើង​តាមរយៈ​ការចេះដឹង​ជាមុន​នៃ​ព្រះ ពួកអ្នក​សរសេរ​គោលការណ៍​ចំបង​នៃ​ព្រះគម្ពីរ​មរមន​បញ្ចូលនូវ​ប្រធានបទ និង​គំរូ​នៃ​សារៈសំខាន់​ដ៏​មហិមា​បំផុត​ទៅកាន់​មនុស្ស​នៅលើ​ផែនដី​នា​ថ្ងៃចុងក្រោយ​នេះ ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​គិត​ពិចារណា​ដោយ​ប្រុងប្រយត្ន័ និង​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​អាច​រៀន និង​គួរ​រៀន​មេរៀន​អ្វី​ចេញពី​ការនិមិត្ត​របស់​លីហៃ​ពី​ដើម​ជីវិត និង​ចេញពី​គោលការណ៍​នៃ​ការកាន់​ដំបងដែក​យ៉ាង​ខ្ជាប់ខ្ជួន ដែល​នឹង​អាច​ធ្វើឲ្យ​ខ្ញុំ​ឈរយ៉ាង​រឹងមាំ​ខាង​វិញ្ញាណ​នៅក្នុង​លោកិយ ដែល​យើង​រស់នៅ​សព្វថ្ងៃ​នេះ​បាន ?

នៅពេល​អ្នក​ធ្វើការ​យ៉ាង​ឧស្សាហ៍​ព្យាយាម និង​ស្វែងរក​ដោយ​ការបំផុត​គំនិត​ដើម្បី​ឆ្លើយ​នឹង​សំណួរ​ដ៏​សំខាន់​នេះ អ្នក​នឹង​យល់​កាន់តែ​ច្រើន​បន្ថែម​ទៀត ដោយសារ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​នៅក្នុង​ដួងចិត្ត និង​នៅក្នុង​គំនិត​របស់​អ្នក​នូវ​សារៈសំខាន់​នៃ​ការកាន់​ដំបងដែក​យ៉ាង​ខ្ជាប់​ជានិច្ចនេះ ។ ហើយ​អ្នក​នឹង​ត្រូវបាន​ប្រទានពរ ដើម្បី​អនុវត្ត​មេរៀន​ទាំងនោះ​ដោយ​សេចក្តី​ជំនឿ និង​ឧស្សាហ៍​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក និង​នៅក្នុង​គេហដ្ឋាន​របស់អ្នក ។

ចូរ​យើង​រាល់​គ្នា​ប្រើ​ភ្នែក​ទុក​មើល និង​ប្រើ​ត្រចៀក​ទុកស្តាប់​ដល់​មេរៀន​បន្ថែម​ទៀត​ចេញពី​ការនិមិត្ត​របស់​លីហៃ ដែល​នឹង​ជួយ​យើង​ឲ្យ « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះ​វរបិតា ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( នីហ្វៃទី ២ ៣១:២០ ) ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៦៤ ។