២០១៩
តើ​ខ្ញុំ​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​ផ្លាស់ប្តូរ​ដែរ​ឬ​ទេ ?
ខែ​សីហា ឆ្នាំ ២០១៩


រូបភាព
ministering

គោល​ការណ៍​នៃ​ការងារ​បម្រើ ខែ​សីហា ឆ្នាំ ២០១៩

តើ​ខ្ញុំ​អាច​ជួយ​នរណា​ម្នាក់​ឲ្យ ផ្លាស់ប្តូរដែរ​ឬ​ទេ ?

ប្រាកដ​ណាស់ ។ ប៉ុន្តែ​តួនាទី​អ្នក​អាច​ខុស​ពី​អ្វី​ដែល​អ្នក​គិត ។

យើង​ត្រូវបាន​បង្កើត​មក​ជាមួយ​នឹង​សមត្ថភាព​ដើម្បី​ផ្លាស់ប្តូរ ។ ការរីកចម្រើន​ឆ្ពោះ​ទៅ​រក​សក្តានុពល​នៃ​ភាព​ជាព្រះ​របស់​យើង​គឺ​ជា​គោលបំណង​នៃ​បទពិសោធន៍ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង​នេះ ។ គោលដៅ​ដ៏​ធំ​បំផុត​មួយ​របស់​យើង​នៅក្នុង​ការងារ​បម្រើ​គឺជួយ​មនុស្ស​ដទៃ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ហើយ​ធ្វើ​ការផ្លាស់ប្តូរ​ចាំបាច់ ដើម្បី​ត្រឡប់​ទៅ​កាន់​វត្តមាន​ទ្រង់​វិញ ។ ប៉ុន្តែ​ដោយសារ​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ នោះ​តួនាទី​របស់យើង​ក្នុង​ការជួយ​ពួកគេ​ឲ្យ​ប្រែ​កាន់តែ​ដូច​ព្រះគ្រីស្ទ​នោះ​មាន​ដែន​កំណត់ ។

នេះ​គឺ​ជា​មេរៀន​ទាំង ៧ មក​ពី​ព្រះអង្គសង្គ្រោះ​ស្តីពី​របៀប​ដែល​យើង​អាច​ជួយ​មនុស្ស​ដទៃ​ក្នុង​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​ផ្លាស់ប្តូរ និង​ប្រែ​កាន់តែ​ដូច​ទ្រង់ ។

  1. កុំ​ខ្លាច​ក្នុង​ការអញ្ជើញ​ឲ្យ​ផ្លាស់ប្តូរ

    ព្រះអង្គ​សង្គ្រោះ​ពុំ​ខ្លាច​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ចាកចេញ​ពី​ផ្លូវ​ចាស់ ហើយ​ចាប់​យក​ការបង្រៀន​របស់​ទ្រង់​នោះ​ទេ ។ ទ្រង់​បាន​អញ្ជើញ​ពេត្រុស និង យ៉ាកុប​ឲ្យ​ចេញ​ពី​មុខ​របរ​របស់​ពួកគេ ហើយ « ក្លាយ​ជា​អ្នក​នេសាទ​មនុស្ស​វិញ » ( ម៉ាកុស ១:១៧ ) ។ ទ្រង់​បាន​អញ្ជើញ​ស្ត្រី​ម្នាក់​ដែល​គេទាន់​ក្នុង​ការ​ប្រព្រឹត្តិកំផិត​ថា « អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ( យ៉ូហាន ៨:១១ ) ។ ទ្រង់​បាន​អញ្ជើញ​កម្លោះ​អ្នក​មាន​ម្នាក់​ឲ្យ​លះបង់​ចិត្ត​ជំពាក់​នឹង​ទ្រព្យ​សម្បត្តិ​លោកិយ​របស់​គាត់ ហើយ​ដើរ​តាម​ទ្រង់ ( សូមមើល ម៉ាកុស ១០:១៧–២២ ) ។ យើង​ក៏​អាច​មាន​ទាំង​សេចក្តីក្លាហាន ហើយ​សេចក្តី​ស្រឡាញ់ ពេល​យើង​អញ្ជើញ​មនុស្ស​ដទៃ​ធ្វើ​ការផ្លាស់ប្តូរ ហើយ​ដើរ​តាម​ព្រះអង្គសង្គ្រោះ​ដែរ ។

  2. ចូរ​ចាំ​ថា វា​ជា​ជម្រើស​របស់​ពួកគេ​ដើម្បី​ផ្លាស់ប្តូរ

    របៀប​ការផ្លាស់ប្តូរ​ដែល​ព្រះអង្គសង្គ្រោះ​អញ្ជើញ​ពុំ​អាច​ត្រូវបាន​បង្ខំ​ឡើយ ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន ហើយ​អញ្ជើញ ប៉ុន្តែ​ទ្រង់​ពុំ​បាន​បង្ខំ​នោះទេ ។ កម្លោះ​អ្នក​មាន​រូប​នោះ « ចេញ​ទៅ​ទាំង​ចិត្ត​ព្រួយ » ( ម៉ាថាយ ១៩:២២ ) ។ នៅ​កាពើណិម​សិស្ស​របស់​ទ្រង់​ជា​ច្រើននាក់​បាន​ជ្រើស​ដើម្បី « ដក​ខ្លួន​ថយ​ចេញ » ហើយ​ទ្រង់​បាន​សួរ​ពួក​ដប់​ពីរ​នាក់​ថា តើ​ពួកគេ​នឹង​ដក​ខ្លួន​ថយ​ដែរ​ឬ ( សូមមើល យ៉ូហាន ៦:៦៦–៦៧ ) ។ អ្នក​ដើរ​តាម យ៉ូហាន បាទីស្ទ មួយ​ចំនួន​បាន​ជ្រើសរើស​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ អ្នក​ផ្សេង​ទៀត​ពុំ​ធ្វើ​តាម​ឡើយ ( សូមមើល យ៉ូហាន ១:៣៥–៣៧; ១០:៤០–៤២ ) ។ យើង​អាច​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ប៉ុន្តែ​យើង​ពុំ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បី​ផ្លាស់ប្តូរ​ជំនួស​ពួកគេ​ទេ ។ ហើយ​ប្រសិនបើ​ពួកគេ​ពុំ​ទាន់ជ្រើសរើស​ផ្លាស់ប្តូរ​នៅ​ឡើយ យើង​ក៏ពុំ​គួរ​បោះបង់ពួកគេ​ដែរ—ហើយ​យើង​ក៏​ពុំ​គួរ​មាន​អារម្មណ៍​ថា យើង​បរាជ័យ​ដែរ ។

  3. អធិស្ឋាន​ទូល​សូម​សមត្ថភាព​របស់​មនុស្ស​ដទៃ​ដើម្បី​ផ្លាស់ប្តូរ

    អំឡុងពេល​ទ្រង់​អធិស្ឋាន​អង្វរ​ជំនួស ព្រះយេស៊ូវ​បាន​ទូល​សូម​ព្រះ​ឲ្យ​ពួកសិស្ស​របស់​ទ្រង់​អាច​ចៀស​ចេញ​ពី​សេចក្តីអាក្រក់ ប្រែ​កាន់តែ​ដូច​ទ្រង់ និង​ព្រះវរបិតា ហើយ​ពោរពេញ​ដោយ​សេចក្តីស្រឡាញ់​របស់​ព្រះ ( សូមមើល យ៉ូហាន ១៧:១១, ២១–២៣, ២៦ ) ។ ហើយ​ការដឹង​ថា ពេត្រុស​ត្រូវការ​កម្លាំង​ក្នុង​កិច្ច​ខិតខំ​របស់​លោក ដើម្បី​រីកចម្រើន​នៅក្នុង​តួនាទី​លោក នោះ​ព្រះអង្គសង្គ្រោះ​បាន​អធិស្ឋាន​សម្រាប់​លោក ( សូមមើល លូកា ២២:៣២ ) ។ ការអធិស្ឋាន​របស់យើង​សម្រាប់​មនុស្ស​ដទៃ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ ( សូមមើល យ៉ាកុប ៥:១៦ ) ។

  4. បង្រៀន​ពួកគេ​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះចេស្តា​ទ្រង់

    មាន​តែ​តាមរយៈ​ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះ​ដែល​យើង​អាច​ផ្លាស់ប្តូរ​ពិតប្រាកដ ហើយ​រីកចម្រើន​ឆ្ពោះ​ទៅ​កាន់​សក្តានុពល​ដ៏​ទេវភាព ដែល​យើង​ទាំងអស់​គ្នា​មាន ។ ទ្រង់​គឺ​ជា « ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម [ ទ្រង់ ] នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ » ( យ៉ូហាន ១៤:៦ ) ។ គឺ​ព្រះចេស្តា​របស់​ទ្រង់​ដែល​អាច « ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ » បាន ( អេធើរ ១២:២៧ ) ។ សេចក្តីជំនឿ​លើ​ព្រះចេស្តា​ដ៏​ធួន​របស់​ទ្រង់​អាច​ធ្វើ​ឲ្យ​អាលម៉ា​ជា​កូន​ផ្លាស់ប្តូរ ( សូមមើល អាលម៉ា ៣៦:១៦–២៣ ) ។ យើង​អាច​បង្រៀន​មនុស្ស​ដទៃ​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះអង្គសង្គ្រោះ​ដើម្បី​ពួកគេ​ក៏​អាច​មាន​នូវ​អំណាច​នៃ​ការបន្សុទ្ធ​របស់​ទ្រង់​ក្នុង​ជីវិត​របស់ពួកគេ​ផងដែរ ។

  5. ប្រព្រឹត្ត​ចំពោះ​ពួកគេ​ថា​ពួកគេ​អាច​ផ្លាស់ប្តូរ​បាន

    សេចក្តីស្រឡាញ់ និង​ការទទួល​យក​អាច​ក្លាយ​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​ដ៏​មាន​ឥទ្ធិពល ។ ស្ត្រី​នៅ​អណ្តូង​ទឹក​បាន​រស់នៅ​ជាមួយ​បុរស​ម្នាក់​ដែល​ពុំ​មែន​ជា​ស្វាមី​នាង​ទេ ។ សិស្ស​របស់​ព្រះយេស៊ូវ « នឹក​ប្លែក​ពី​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​រូប​នោះ » ( យ៉ូហាន ៤:២៧ ) ប៉ុន្តែ​ព្រះយេស៊ូវ​ខ្វល់​ព្រះទ័យ​ខ្លាំង​ពី​អ្វី​ដែល​នាង​អាច​ប្រែក្លាយ ។ ទ្រង់​បាន​បង្រៀន​នាង ហើយ​ផ្តល់​ឱកាស​ឲ្យ​នាង​ផ្លាស់ប្តូរ ហើយ​នាង​បាន​ផ្លាស់ប្តូរ​មែន ។ ( សូមមើល យ៉ូហាន ៤:៤–៤២ ) ។

    កាលណា​យើង​ប្រព្រឹត្ត​នឹង​មនុស្ស​ដទៃ​ដូច​នូវ​អ្វី​ដែល​ពួក​គេ​ធ្វើ ដោយ​មិន​ឃើញ​ពី​អ្វី​ដែល​​ពួកគេ​នឹង​ប្រែក្លាយ នោះ​យើង​អាច​បង្អាក់​ការរីកចម្រើន​របស់​ពួកគេ ។ ផ្ទុយទៅវិញ យើង​អាច​អភ័យទោស ហើយ​បំភ្លេច​កំហុស​ចាស់ៗ​ចោល ។ យើង​អាច​ជឿ​ថា មនុស្ស​ដទៃ​អាច​ផ្លាស់ប្ដូរ​បាន ។ យើង​អាច​មើល​រំលង​ភាពទន់ខ្សោយ ហើយ​បង្ហាញ​ពី​លក្ខណៈ​វិជ្ជមាន​ដែល​ពួកគេ​ពុំ​អាច​មើល​ឃើញ​ក្នុង​ខ្លួន​ពួកគេ ។ « យើង​មាន​ការទទួល​ខុសត្រូវ​ដើម្បី​មើល​បុគ្គល​ម្នាក់ៗ​ពុំ​មែន​ជា​បុគ្គល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ ប៉ុន្តែ​ជា​បុគ្គល​ដែល​ពួកគេ​នឹង​ប្រែក្លាយ​វិញ » ។

  6. ទុក​ឲ្យ​ពួកគេ​ទៅ​តាម​ល្បឿន​ពួកគេ

    ការ​ផ្លាស់ប្ដូរ​ត្រូវ​ការ​ពេលវលា ។ យើង​ទាំងអស់​គ្នា​ត្រូវ « ស៊ូ​នៅ​ក្នុង​សេចក្ដី​អត់ធន់​ចុះ រហូត​ដល់ [ យើង ] បាន​ល្អ​ឥត​ខ្ចោះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:១៣ ) ។ ព្រះយេស៊ូវ​មាន​ព្រះទ័យ​អត់ធ្មត់​ជាមួយ​មនុស្ស​ដទៃ ហើយ​បន្ត​បង្រៀន ទោះអ្នក​ទាំង​នោះ​ប្រឆាំង​ទ្រង់​ក្តី ដោយ​ថ្លែង​ទីបន្ទាល់​អំពី​តួនាទី​របស់​ទ្រង់​ដែល​ព្រះវរបិតា​ទ្រង់​បាន​ប្រទាន​ឲ្យ ហើយ​ឆ្លើយ​សំណួរ​របស់​ពួកគេ ( សូមមើល ម៉ាថាយ ១២:១–១៣; យ៉ូហាន ៧:២៨–២៩ ) ។ យើង​អាច​អត់ធ្មត់​ជាមួយ​មនុស្ស​ដទៃ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អត់ធ្មត់​ជាមួយ​ខ្លួន​ពួកគេ​ផងដែរ ។

  7. កុំ​បោះបង់ ប្រសិន​បើ​ពួកគេវិល​ត្រឡប់​ទៅ​ផ្លូវ​ចាស់​របស់​ពួកគេ​វិញ

    បន្ទាប់​ពី​ព្រះគ្រីស្ទ​សុគត សូម្បី​តែ​ពេត្រុស និង​ពួក​សាវក​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ត្រឡប់​ទៅ​ធ្វើ​អ្វី​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ពី​មុន ( សូមមើល យ៉ូហាន ២១:៣ ) ។ ព្រះគ្រីស្ទ​បាន​រំឭក​ពេត្រុស​ថា លោក​ត្រូវ « ឲ្យ​ចំណី​ដល់​កូន​ចៀម [ ទ្រង់ ] ស៊ី​ផង » ( សូមមើល យ៉ូហាន ២១:១៥–១៧ ) ហើយ​ពេត្រុស​បាន​ត្រឡប់​ទៅ​កាន់​ការងារ​បម្រើ​វិញ ។ វា​អាច​ជា​រឿង​ងាយ​ស្រួល​ណាស់​ដែល​មនុស្ស​ទាំងអស់​ត្រឡប់​ទៅ​ផ្លូវ​ចាស់​វិញ ។ យើង​អាច​បន្ត​គាំទ្រ​ដោយ​ការលើក​ទឹកចិត្ត​ដ៏​ទន់ភ្លន់ និង​ការអញ្ជើញ​ដ៏​បំផុសគំនិត​ដើម្បី​បន្ត​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ហើយ​ព្យាយាម​ប្រែកាន់តែ​ដូច​ទ្រង់ ។

អនុញ្ញាត​ឲ្យ​មនុស្ស​ដទៃ​រីកចម្រើន

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ប្រាប់​រឿង​នេះ​អំពី​ការអនុញ្ញាត​ឲ្យ​មនុស្ស​ដទៃ​រីកចម្រើន ៖ « មាន​គេ​ប្រាប់​ខ្ញុំ​អំពី​យុវជន​ម្នាក់​ដែល​ក្លាយ​ជា​ផ្ទាំងស៊ីប​មួយ​នៃ​ការនិយាយ​លេង​កំប្លែង​គ្រប់​រឿង​ទាំងអស់​ក្នុង​សាលា​គាត់​អស់​ពេល​ជាច្រើន​ឆ្នាំ ។ គាត់​មាន​គុណវិបត្តិ​មួយ​ចំនួន ហើយ​វា​ធ្វើ​ឲ្យ​មិត្តភក្តិ​គាត់​ងាយ​នឹង​ចំអន់​គាត់​ណាស់ ។ ក្រោយ​មក​ទៀត គាត់​បាន​ប្តូរ​ទៅ​រស់នៅ​ឆ្ងាយ ។ ទីបំផុត​គាត់​បាន​ចូល​បម្រើ​កងទ័ព ហើយ​មាន​បទពិសោធន៍​ជោគជ័យ​មួយ​ចំនួន​នៅក្នុង​ការអប់រំ ហើយ​ជាទូទៅ​បាន​ប្រសើរ​ជាង​ពី​អតីតកាល​របស់​គាត់ ។ លើស​ពី​នោះ​ទៀត ដូច​មនុស្ស​ជាច្រើន​នៅក្នុង​ជួរ​កងទ័ព​ដែរ គាត់​បាន​រកឃើញ​ភាព​ល្អ និង​ភាព​រុងរឿង​នៃ​សាសនាចក្រ ហើយ​បាន​សកម្ម និង​រីករាយ​នៅក្នុង​សាសនាចក្រ ។

បី​បួន​ឆ្នាំ​ក្រោយ​មក គាត់​បាន​ត្រឡប់​ទៅ​ទីក្រុង​ដែល​គាត់​ធ្លាប់​នៅ​កាល​ពី​ក្មេង​វិញ ។ មនុស្ស​ដែល​នៅ​ជំនាន់​គាត់​បាន​បន្ត​រីកចម្រើន ប៉ុន្តែ​មិនមែន​ទាំងអស់​គ្នា​ទេ ។ តាម​ការជាក់ស្តែង ពេល​គាត់​ត្រឡប់​មក​វិញ​ប្រកប​ដោយ​ជោគជ័យ និង​ការកើតជា​ថ្មី នោះ​គំនិត​ចាស់​ដែល​គាត់​ធ្លាប់​មាន​ពីមុន​នោះ​គឺ​នៅ​មាន​ដដែល ដោយ​រង់ចាំ​ការត្រឡប់​មក​វិញ​របស់​គាត់ ។ ចំពោះ​មនុស្ស​នៅក្នុង​ទីក្រុង​របស់​គាត់ គាត់​នៅតែ​ជា​មនុស្ស​ដដែល ‹ បុគ្គល​ដដែល › ។…

ទីបំផុត កិច្ចខិតខំ​របស់​បុរស​រូប​នេះ​ដែល​បាន​ធ្វើ​ដូច​ជា​ប៉ុល ក្នុងការ​បោះបង់​ចោល​អំពើ​អាក្រក់ ហើយ​ចាប់​យក​តម្លៃ​ដែល​ព្រះ​បាន​ដាក់​នៅ​ចំពោះ​មុខ​គាត់​ត្រូវបាន​ថយ​បន្តិច​ម្តងៗ រហូត​ដល់​គាត់​បាន​ធ្លាក់​ទៅ​ក្នុង​សភាព​កាល​ពី​យុវវ័យ​របស់​គាត់ ។… គួរ​ឲ្យ​ស្តាយ និង​អាក្រក់​ណាស់ គាត់​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​អ្នក​ដែល​គិត​ពី​អតីតកាល​របស់​គាត់​ជាជាង​ចាប់​អារម្មណ៍​ពី​អនាគត​របស់​គាត់ ។ ពួកគេ​បាន​រៀបចំ​ទាញ​គាត់​ចេញ​ពី​កណ្តាប់​ដៃ​ដែល​ព្រះគ្រីស្ទ​បាន​ចាប់​គាត់​ទុក ។ ហើយ​គាត់​បាន​ស្លាប់​ដោយ​សោកសៅ ទោះបី​គាត់​មាន​កំហុស​តែ​បន្តិចបន្តួច​នោះ​ក្តី ។…

«ចូរ​ឲ្យ​មនុស្ស​ប្រែ​ចិត្ត ។ ចូរ​ឲ្យ​មនុស្ស​រីកចម្រើន​ឡើង ។ ចូរ​ជឿ​ថា មនុស្ស​អាច​ផ្លាស់ប្តូរ​បាន ហើយ​កែលម្អ​ខ្លួន​បាន » ។

កំណត់​ចំណាំ

  1. ថូម៉ាស អេស ម៉នសុន « See Others as They May Become » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៧០ ។

  2. ជែហ្វ្រី អ័រ ហូឡិន « The Best Is Yet to Be » Liahona ខែ មករា ឆ្នាំ ២០១០ ទំព័រ ១៩, ២០ ។