២០២០
ការងារ​បម្រើ​តាមរយៈ​ភាព​ខ្លួន​ទីពឹង​ខ្លួន
ខែ សីហា ឆ្នាំ ២០២០


« ការងារ​បម្រើ​តាមរយៈ​ភាព​ខ្លួន​ទីពឹង​ខ្លួន » លីអាហូណា ខែ សីហា ឆ្នាំ ២០២០

រូបភាព
ការងារ​បម្រើ

គោលការណ៍​នៃ​ការងារ​បម្រើ ខែ សីហា ឆ្នាំ ២០២០

ការងារ​បម្រើ​តាមរយៈ​ភាព​ខ្លួន​ទីពឹង​ខ្លួន

ការជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​គឺជា​ការផ្គត់ផ្គង់ និង​ការងារបម្រើ​តាម​របៀប​របស់​ព្រះអម្ចាស់ ។

សមាជិក​គ្រួសារ មិត្តភក្ដិ និង​អ្នកជិតខាង​របស់​យើង​ជាច្រើន​ចាប់​អារម្មណ៍ទៅ​លើ​ការមាន​ភាពខ្លួន​ទីពឹង​ខ្លួន​កាន់តែ​ខ្លាំង​ឡើង ។ ដោយ​ការចូលរួម​ក្នុង​ការផ្ដួចផ្ដើម​កម្មវិធី​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​សាសនាចក្រ នោះ​សមាជិក​សាសនាចក្រ​កំពុង​ស្វែងរក​ឱកាស​ដើម្បី​បម្រើ ថែទាំ និង​ផ្ដល់​ការងារ​បម្រើ ខណៈ​ពួកគេ​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ជាមួយ​នឹង​គោលការណ៍​ដែល​នាំ​មក​នូវ « សេចក្ដី​សង្ឃឹម សេចក្ដី​សុខសាន្ដ និង​ការរីកចម្រើន​កាន់តែ​ខ្លាំង » ។

« ខ្ញុំ​បាន​នៅ​ផ្ទះ »

ដោយ គ្រីស​ស៊ី ខេបលើ រដ្ឋ​អារីហ្សូណា ស.រ.អ

ខ្ញុំ​បាន​មាន​ការពិបាក​ខាង​ហិរញ្ញវត្ថុ​បន្ទាប់ពី​ការលែងលះ​គ្នា ហើយ​បាន​ព្យាយាម​ស្វែងរក​ផ្លូវ​ត្រឡប់​ចូល​ទៅ​កន្លែង​ការងារ​វិញ បន្ទាប់ពី​បាន​ធ្វើជា​មេផ្ទះ​មើល​កូន​អស់​រយៈពេល​ប្រាំបី​ឆ្នាំ ។ ខ្ញុំ​ក៏​មាន​ការលំបាក​ខាង​វិញ្ញាណ​ផងដែរ ហើយ​ព្យាយាម​ស្វែងរក​សេចក្ដីពិត និង​សេចក្ដី​ជំនឿ ទោះជា​ខ្ញុំ​មិន​ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​សាលជំនុំ តាំងពី​ខ្ញុំ​នៅ​ជា​យុវវ័យ ។

នៅ​ថ្ងៃអាទិត្យ​មួយ ខ្ញុំ​កំពុង​បោក​ខោអាវ​នៅ​ផ្ទះ​បងស្រី​ច្បង​បំផុត​របស់​ខ្ញុំ​ឈ្មោះ ព្រីស៊ីលឡា ដែល​ជា​សមាជិក​សកម្ម​ក្នុង​សាសនាចក្រ ។ ខណៈ​ខ្ញុំ​នៅ​ទីនោះ ព្រីស៊ីលឡា​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ព្រះវិហារ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់​—​ជា​ការអញ្ជើញ​លើក​ទីមួយ​មក​កាន់​ខ្ញុំ​ក្នុង​ពេល​ជាង ១៥ ឆ្នាំ​មក​នេះ ។

ដំបូង ខ្ញុំ​រៀង​ស្ទាក់ស្ទើរ ប៉ុន្ដែ​កាលពី​យប់​មុន​នោះ ខ្ញុំ​បាន​អង្វរ​សូម​ព្រះ​ឲ្យ​បង្ហាញ​ខ្ញុំ​អំពី​របៀប​ដើម្បី​ចូល​ទៅកាន់តែ​ជិត​នឹង​ទ្រង់ ។ ក្រោយពី​មាន​អារម្មណ៍​ដាស់តឿនខាង​ក្នុង​ខ្លួន​មួយ ខ្ញុំ​បាន​សន្និសដ្ឋាន​ថា « ហេតុអ្វី​មិន​ទៅ​ស្ដាប់ ហើយ​មើល​ឲ្យ​ឃើញ​ដោយ​ខ្លួនឯង ក្នុង​នាម​ជា​មជ្ឈិមវ័យ​ដោយ​ដួងចិត្ត និង​ភ្នែក​របស់​ខ្លួនឯង​ផ្ទាល់​ទៅ ? »

កាល​យើង​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ ខ្ញុំ​បាន​សម្គាល់​ឃើញ​បណ្ណ​ផ្សព្វផ្សាយ​មួយ​នៅលើ​ផ្ទាំង​ព័ត៌មាន​ថ្ងៃអាទិត្យ ដែល​ប្រកាស​ពី​វគ្គសិក្សា​ភាពខ្លួន​ទីពឹង​ខ្លួន​ស្ដីពី​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ។ ខ្ញុំ​មិន​ទាន់​បាន​ត្រៀមខ្លួន​ដើម្បី​ត្រឡប់​មក​សាសនាចក្រ​វិញ​ទេ ប៉ុន្ដែ​ខ្ញុំ​មាន​អារម្មណ៍​ទាក់ទាញ​ឲ្យ​ទៅ​វគ្គសិក្សា ១២ សប្ដាហ៍​នេះ ។ ដោយ​មាន​ការលើក​ទឹកចិត្ត​ពី​បងស្រី និង​បងថ្លៃ​ប្រុស​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ចុះ​ឈ្មោះ​ចូលរៀន ដោយ​សង្ឃឹម​ថា​នឹង​គ្រាន់តែរៀន​ពី​របៀប​ដើម្បី​ដាក់​ផែនការ​ថវិកា និង​សង​បំណុល​គេ​វិញប៉ុណ្ណោះ ។ ប៉ុន្ដែ ថ្នាក់​នោះ​បាន​ផ្លាស់ប្ដូរ​ខ្ញុំ​ខាង​វិញ្ញាណ ។

ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​នឹង​សារលិខិត​ខាង​វិញ្ញាណ​ក្នុង​ពេល​ពីរ​បី​សប្ដាហ៍​ដំបូង​នៅក្នុង​ថ្នាក់​នោះ ប៉ុន្ដែ​នៅអំឡុង​ពេលម៉ោង​រៀន​លើក​ទីបី ខ្ញុំ​បាន​ទទួល​អារម្មណ៍​សន្ធប់ ដែល​ជា​ការបញ្ជាក់​ថា ខ្ញុំ​បាន​នៅ​ផ្ទះ ហើយ​ស្ដាប់​ឮ​សេចក្ដីពិត​ថ្មីៗ ប៉ុន្ដែ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​ហើយ ។ ខ្ញុំ​បាន​ចាកចេញ​ពី​ថ្នាក់រៀន ហើយ​បើក​ឡានតំរង់ឆ្ពោះ​ទៅ​ជួប​ព្រីស៊ីលឡា​ភ្លាម ។ ខ្ញុំ​បាន​សួរ​គាត់​ទាំង​ទឹកភ្នែក​ថា « តើ​ខ្ញុំ​ទទួល​បាន​អារម្មណ៍​នេះ​បន្ថែម​ទៀត​នៅក្នុង​ជីវិតរបស់​ខ្ញុំ​ដោយ​របៀប​ណា ? » គាត់​បាន​រៀបចំ​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចាប់ផ្ដើម​បង្រៀន​ខ្ញុំ ។

សមាជិក​នៅក្នុង​ថ្នាក់​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​ខ្ញុំ​បាន​ចូលរួម​ក្នុង​មេរៀន​ផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ​ដែរ ហើយ​បាន​គាំទ្រ​ខ្ញុំ ។ ពួកគេ​បាន​មាន​ឥទ្ធិពល​ដ៏​យូរអង្វែង​មក​លើ​ជីវភាព​ខាងវិញ្ញាណ​របស់​ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​អភិវឌ្ឍ​ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ និង​ព្យាការី​សម័យ​ទំនើប ។

នៅក្នុង​ពេល​ដែល​ខ្ញុំ​រៀន​ដើម្បី​បញ្ចប់​វគ្គ​សិក្សា​នេះ ខ្ញុំ​បាន​មាន​ការផ្លាស់ប្ដូរ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ជាច្រើន ។ ខ្ញុំ​បាន​ចាប់ផ្ដើម​ការងារ​ថ្មី​ជាមួយ​នឹង​ក្រុមហ៊ុន​ដ៏​ល្អ​មួយ ហើយ​ខ្ញុំ​បាន​បង់​ផ្ដាច់​បំណុល​ជាច្រើន ។

ប៉ុន្ដែ​ពរជ័យ​ដ៏​កាន់តែជ្រាលជ្រៅ និង​ផ្អែមល្ហែម​​នេះ​ដែល​បាន​កើត​មកពី​វគ្គ​សិក្សា​នេះ រួមមាន​ការបង្កើត​ចំណង​មិត្តភាព​ដ៏​ល្អ​ផូរផង់ ការអភិវឌ្ឍ​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​នឹង​ប៊ីស្សព​ដែលបាន​លើក​ទឹកចិត្ត ការរកឃើញ​ទីបន្ទាល់​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ការទទួល​បាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​ខ្ញុំ ការទទួល​បាន​អំណោយទាន​ពិសិដ្ឋ និង​ការឃើញ​កូន​ច្បង​ពីរនាក់​របស់​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ផ្លូវ​របស់​ខ្ញុំ​ទៅកាន់​ភាពខ្លួន​ទីពឹង​ខ្លួន​កំពុង​លាត​ត្រដាង​នៅឡើយ ប៉ុន្ដែ​សម្រាប់​ដំណើរ​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​ទៀត ខ្ញុំ​នឹង​ឱប​ក្រសោប​មេរៀន​ដែល​ខ្ញុំ​បាន​រៀន​ទាំងអស់ និង​ចំណង​មិត្តភាព​ដែលខ្ញុំ​បាន​បង្កើត ។

« ខ្ញុំ​បាន​ចេញ​ពី​ថ្នាក់រៀន​រាល់ដង​មាន​អារម្មណ៍​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ »

នៅពេល​នាង​បាន​ទៅ​លេង​ព្រះវិហារ​បរិសុទ្ធ Temple Square នៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ជាមួយ​នឹង​កូនប្រុស​អាយុ ១០ ឆ្នាំ​របស់​នាង ឈ្មោះ​វិនសិន នៅ​ខែ ធ្នូ ឆ្នាំ ២០១៦ ខេធី ហ្វាំង បាន​គិត​ថា​ខ្លួន​ជា « មនុស្ស​មិន​មានភាពជឿជាក់​លើ​ខ្លួនឯង » ។ នាង​បាន​ចាកចេញ​ពី​សាសនាចក្រ​នៅ​អាយុ ១៦ ឆ្នាំ បាន​ក្លាយជា​ម្ដាយ​ទោល​នៅ​អាយុ ១៧ ឆ្នាំ បាន​ចាបផ្ដើម​ចាក់​សាក់ និង​ចេះ​ស្គាល់​រសជាតិ​កាហ្វេ ។ ប៉ុន្ដែ​នៅ​អំឡុងពេល​ទៅលេង​ព្រះវិហារ​បរិសុទ្ធ Temple Square នោះ វិនសិន​បាន​មាន​អារម្មណ៍​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បាន​សួរ​ម្ដាយ​របស់​ខ្លួន​ថា តើ​គាត់​អាច​រៀន​មេរៀន​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ទេ ។

ទោះជា​នាង​ធ្វើការ​ពីរ​កន្លែង ៨០ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ក្ដី ក៏​ខេធី​បាន​សិក្សា​ដំណឹងល្អ​ជាមួយ​វិនសិន​ដែរ ដោយ​បាន​ស្រាវជ្រាវ​រក​ចម្លើយ​ចំពោះ​សំណួរ​របស់​គាត់ ចន្លោះ​ពេល​មក​ជួប​របស់​អ្នកផ្សព្វផ្សាយ​សាសនា ។ នៅ​រដូវ​ក្ដៅ​ឆ្នាំ ២០១៧ នាង​បាន​ចាប់ផ្ដើម​ចូលរួម​ក្នុង​ការប្រជុំ​របស់​សាសនាចក្រ ជា​កន្លែង​ដែល​នាង​បាន​ដឹង​អំពី​វគ្គសិក្សា​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​សាសនាចក្រ ។

នាង​បាន​ពោល​ថា « ខ្ញុំ​បាន​ដឹង​ថា វា​ជា​អ្វីមួយ​ដែល​អាច​ជួយ​ខ្ញុំ​បាន » ។ « ប្រហែល​ខ្ញុំ​មិន​ចាំបាច់​ធ្វើការ​ពីរ​កន្លែង ឬ​ពឹងផ្អែក​ទៅលើ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ពេញ​មួយ​ជីវិត​នោះ​ទេ » ។

ខេធី​បាន​ដាក់​ឈ្មោះ​ឲ្យ​វគ្គសិក្សា​របស់​នាង​ថា « ការពង្រឹង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណដ៏អស្ចារ្យណាស់ » មិន​មែន​ដោយសារតែ​អ្វី​ដែល​នាង​បាន​រៀន​នោះ​ទេ ប៉ុន្ដែ​ក៏​ដោយសារ​តែ​របៀប​ដែល​ក្រុម​ខ្លួន​ទីពឹង​ខ្លួន​របស់​នាង​បាន​ទទួល​យក​នាង និង​ផ្ដល់​ការងារ​បម្រើ​ដល់​នាង​ផងដែរ ។

កំណត់​ចំណាំ

  1. « សារលិខិត​មកពី​គណៈប្រធាន​ទីមួយ » នៅក្នុង ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​សម្រាប់​ភាពខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៦ ) ទំព័រ i ។