២០២០
ការងារ​បម្រើ​តាម​រយៈ ចូរ​មក​តាម​ខ្ញុំ
ខែ កញ្ញា ឆ្នាំ ២០២០


« ការងារ​បម្រើ​តាម​រយៈ ចូរ​មក​តាម​ខ្ញុំ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២០ ។

រូបភាព
ការងារ​បម្រើ

គោលការណ៍​នៃ​ការងារបម្រើ ខែ កញ្ញា ឆ្នាំ ២០២០

ការងារ​បម្រើ​តាម​រយៈ ចូរ​មក​តាម​ខ្ញុំ

តើ ចូរ​មក​តាម​ខ្ញុំ អាច​ជួយ​អ្នក​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ​នៅ​ក្នុង​ជីវិត​អ្នក​ដទៃ​ទៀត​បាន​ដោយ​របៀប​ណា ?

មិន​ថា​អ្នក​នៅ​ជាមួយ​គ្រួសារ​អ្នក នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ជា​គ្រូ​បង្រៀន ឬ​ជា​សិស្ស​ម្នាក់ ឬ​នៅ​សាលា កន្លែង​ធ្វើការ ឬ​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ក្ដី ការសិក្សា​ព្រះគម្ពីរ​តាមរយៈ ចូរ​មក​តាម​ខ្ញុំ ផ្ដល់​នូវ​ឱកាស​គ្រប់គ្រាន់ ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ដទៃ​ទៀត ។ បន្ទាប់​ពី​អ្វីៗ​ទាំងអស់ ការ​បង្រៀន « គឺ​លើស​ពី​ការ​ដឹកនាំ​ការ​ពិភាក្សា​មួយ​នៅ​ថ្ងៃ​អាទិត្យ​ទៅ​ទៀត វា​ទាក់​ទង​នឹង​ការងារ​បម្រើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ទៀត​ជាមួយ​នឹង​ដំណឹង​ល្អ » ។

ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សិស្ស

ពេល អូហ្វីលៀ ត្រេហូ ដេ ខារដេណាស ត្រូវបាន​ហៅ​ឲ្យ​បង្រៀន​យុវមជ្ឈិមវ័យ​នៅក្នុង​វួដ​ម៉ិកស៊ីកូ ស៊ី.ធី. របស់​គាត់ គាត់​បាន​មាន​អារម្មណ៍​ថា ការមាន​ចំណង​ទាក់ទង​ដ៏​ជិតស្និត​ជាមួយ​នឹង​សិស្ស​ម្នាក់ៗ​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ អាទិត្យ​របស់​គាត់ នឹង​បង្កើន​សមត្ថភាព​របស់​គាត់​ដើម្បី​បង្រៀន និង​ពង្រឹង​ពួកគេ ។

គាត់​និយាយ​ថា « ប្រសិន​បើ​ខ្ញុំ​ពុំ​មាន​ចំណង​ទាក់ទង​ដ៏​ជិតស្និត​ជាមួយ​នឹង​សិស្ស​របស់​ខ្ញុំ​ទេ ហើយ​ប្រសិន​បើ​ពួកគេ​ពុំ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ទេ នោះ​ពួកគេ​អាច​នឹង​មិន​ជឿ​ខ្ញុំ ពេល​ដែល​ខ្ញុំ​កំពុង​បង្រៀន​ថ្នាក់​មួយ ឬ​កំពុង​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ » ។ « ពួកគេ​អាច​មាន​អារម្មណ៍​ថា ខ្ញុំ​គ្រាន់តែ​ជា​គ្រូ​បង្រៀន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ម្នាក់តែ​ប៉ុណ្ណោះ » ។

ប៉ុន្តែ តើ​បងស្រី​ខារដេណាស​អាច​បង្កើត​ចំណង​ទាក់ទង​មួយ​បែបនោះ​បាន​ដោយ​របៀប​ណា បើ​គាត់​បង្រៀន​តែ​រៀងរាល់​ពីរ​សប្ដាហ៍​ម្ដង​នោះ ? គាត់​បាន​រកឃើញ​ចម្លើយ​តាមរយៈ​បច្ចេកវិទ្យា ។ ដោយ​ប្រើប្រាស់​កម្មវិធី​នៅលើ​ទូរសព្ទ​ចល័ត WhatsApp នោះ​គាត់ និង​សិស្ស​របស់​គាត់​បាន​ភ្ជាប់​ទំនាក់ទំនង​ភ្លាមៗ​ជា​រៀងរាល់​ថ្ងៃ តាមរយៈ​សារ​ជា​អក្សរ និង​សារ​ជា​សំឡេង ។ ឥឡូវ​នេះ ជា​រៀងរាល់​ថ្ងៃ​មុន​ដល់​ពេល​មេរៀន​សាលា​ថ្ងៃ​អាទិត្យ​បន្ទាប់​ទៀត អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​ពី​ក្នុង​ថ្នាក់​ផ្ញើ​ខគម្ពីរ​មួយ​ចេញ​ពី​មេរៀន​បន្ទាប់​នោះ​ទៅកាន់​សមាជិក​ថ្នាក់​ផ្សេង​ទៀត ជាមួយ​នឹង​គំនិត​ផ្ទាល់​ខ្លួន​ដែល​ទាក់ទង ។ បន្ទាប់​ពី​អាន​ខ និង​គំនិត​នោះ​ហើយ សមាជិក​ថ្នាក់​ឆ្លើយតប​ដោយ​ភ្ជាប់​នឹង​គំនិត​របស់​ពួកគេ​ផ្ទាល់ ។

បងស្រី​ខារដេណាស​និយាយ​ថា « ពេល​ពួកគេ​អាន​ព្រះគម្ពីរ ពួកគេ​ផ្ញើ​មុខ​រីករាយ​មួយ ដូច្នេះ​ខ្ញុំ​ដឹង​ថា ពួកគេ​បាន​អាន ឬ​បាន​សិក្សា​ព្រះគម្ពីរ ហើយ​ថា​ពួកគេ​បាន​មាន​ការគិត​ពី​វា » ។ នៅពេល​មេរៀន​ថ្ងៃ​អាទិត្យ​បន្ទាប់​ទៀត​មក​ដល់ ពួក​សិស្ស​បាន​រៀបចំ​ដើម្បី​ចូលរួម ។

ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​នេះ ថ្មីៗ​នេះ​បាន​ផ្ដល់​ពរជ័យ​ដល់​យុវមជ្ឈិមវ័យ​ម្នាក់ ដែល​ឪពុក​ម្ដាយ​របស់​គាត់មិន​សកម្ម​នៅក្នុង​ព្រះវិហារ ។

បងស្រី​ខារដេណាស​និយាយ​ថា « ខ្ញុំ​ចូល​ចិត្ត​ឃើញ​គាត់​មក​កាន់​ព្រះវិហារ​ណាស់ ដោយសារ​ខ្ញុំ​ដឹង​ថា ដើម្បី​ទៅកាន់​ទីនោះ គាត់​ត្រូវតែ​ឆ្លងកាត់​ឧបសគ្គ​មួយ​ចំនួន » ។ « ខ្ញុំ​ប្រាកដ​ថា បទគម្ពីរ និង​គំនិត​ទាំងឡាយ​ដែល​មិត្ត​រួមថ្នាក់​របស់​គាត់​បាន​ផ្ញើ ព្រម​ទាំង​បទគម្ពីរ និង​គំនិត​ទាំងឡាយ​ដែល​គាត់​បាន​ផ្ញើ​ពេល​ដល់​វេន​គាត់​នោះ បាន​ពង្រឹង​គាត់​យ៉ាង​ច្រើន » ។

បងស្រី​ខារដេណាស​និយាយ​ថា ការងារ​បម្រើ​តាម​រយៈ​បទគម្ពីរ​មិន​បាន​បញ្ឈប់​ជាមួយ​នឹង​មេរៀន​ថ្ងៃ​អាទិត្យ​របស់​គាត់ និង​ទំនាក់ទំនង​ខាង​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​ថ្នាក់​គាត់​នោះ​ទេ ។

គាត់​និយាយ​ថា « ការរៀបចំ​របស់​ខ្ញុំ​រួមមាន​ការអធិស្ឋាន​សម្រាប់​សិស្ស​របស់​ខ្ញុំ » ។ « ខ្ញុំ​គិត​អំពី​ពួកគេ មិន​ត្រឹម​តែ​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ​ទេ គឺ​ជា​រៀងរាល់​ថ្ងៃ​ក្នុង​សប្ដាហ៍​ទៀត​ផង ។ ពួកគេ​ម្នាក់ៗ​មាន​តម្រូវការ​ជាក់លាក់ និង​ខុសៗ​គ្នា ។ ពួកគេ​ម្នាក់ៗ​គឺ​ជា​បុត្រា​បុត្រី​របស់​ព្រះ ។ ខ្ញុំ​គិត​អំពី​ពួកគេ​ខណៈ​ខ្ញុំ​កំពុង​រៀបចំ​មេរៀន​របស់​ខ្ញុំ » ។

ហើយ​នៅពេល​ដែល​គាត់​បង្រៀន គាត់​ស្ដាប់—សិស្ស​របស់​គាត់​ផង និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង ។

« គ្រូបង្រៀន​គឺជា​ព្រះវិញ្ញាណ » ដែល​គាត់​តែងតែ​ឮ​នៅក្នុង​សំឡេង​សិស្ស​របស់​គាត់​ជាញឹកញាប់ ។ « ខ្ញុំ​ត្រូវតែ​យកចិត្ត​ទុកដាក់ ដោយសារ​អ្វី​ដែល​ពួកគេ​និយាយ​គឺ​ជា​វិវរណៈ​ដែល​ព្រះវិញ្ញាណ​កំពុង​ផ្ដល់​ទៅដល់​ពួកគេ » ។

ថ្នាក់​របស់​យើង​គឺ « ដូចជា​រាត្រី​ជួបជុំ​គ្រួសារ »

ខាឡា ហ្គូធារេស្ស អរតេហ្កា ខូដូបា មាន​អារម្មណ៍​ថា​វា​ជា​ពរជ័យ​មួយ​ដែល​បាន​ធ្វើ​ជា​សមាជិក​ម្នាក់​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​បងស្រី​ខារដេណាស ដោយសារ​តែ​បរិយាកាស​ដ៏​បីបាច់ និង​ផ្ដល់​ការងារ​បម្រើ​របស់​ថ្នាក់​នោះ ។ ខាឡា​ជឿ​ថា បរិយាកាស​នេះ​បាន​មក​ពី​កត្តា​មួយ​ចំនួន រួមមាន ៖

  • ការរៀបចំ ៖ ការចែកចាយ​បទគម្ពីរ និង​គំនិត​ជួយ​សិស្ស​ឲ្យ​រៀបចំ​សម្រាប់​ថ្នាក់​បន្ទាប់​ទៀត ។ នាង​ពន្យល់​ថា « បទគម្ពីរ​ប្រចាំ​ថ្ងៃ​ចិញ្ចឹម​បីបាច់​យើង ហើយ​ពង្រីក​ចំណេះដឹង​របស់​យើង » ។

  • ការចូលរួម ៖ « យើង​ទាំងអស់​គ្នា​និយាយ ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ស្គាល់​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​កាន់តែ​ស៊ី​ជម្រៅ​ទៀត ជា​មិត្តភក្ដិ និង​ជា​បងប្អូន​ប្រុស​ស្រី » ។

  • សេចក្ដី​ស្រឡាញ់ ៖ « បងស្រី​ខារដេណាស​ដឹក​ដៃ​អ្នក ។ ថ្នាក់​របស់​យើង​មាន​អារម្មណ៍​ថា ដូចជា​រាត្រី​ជួបជុំ​គ្រួសារ ដោយ​មាន​បងប្អូន​ប្រុស​ស្រី​មួយ​ចំនួន ។ វា​ពិសេស​ខ្លាំង​ណាស់ » ។

  • ព្រះវិញ្ញាណ​បរិសុទ្ធ ៖ « យើង​មាន​ស្មារតី​រីករាយ ចុះ​សម្រុង​គ្នា​នៅក្នុង​ថ្នាក់​របស់​យើង ដោយសារ​ពួកយើង​មាន​គំនិត​ដូច​គ្នា​ទៅនឹង​ព្រះវិញ្ញាណ » ។

  • ទីបន្ទាល់ ៖ « ចូរ​មក​តាម​ខ្ញុំ បាន​ជួយ​ខ្ញុំ​ឲ្យ​ត្រៀម​រួចរាល់​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ ។ ខ្ញុំ​មាន​ការចេះដឹង​កាន់តែ​ស៊ី​ជម្រៅ​អំពី​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប ។ ការណ៍​នោះ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចែកចាយ​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​នៅ​សាលារៀន និង​ជាមួយ​មនុស្ស​នៅ​កន្លែង​ធ្វើការ » ។

ការផ្ដល់​ការងារ​បម្រើ​ចំពោះ​តម្រូវការ​ខាង​វិញ្ញាណ

ពេល​ដែល ហ្គ្រេក និង និកគី គ្រីស្ទិនសិន មក​ពី​រដ្ឋ ឃិនធើឃី ស.រ.អា. បាន​អាន​អំពី​សេចក្ដី​សញ្ញា​នៃ​អ័ប្រាហាំ​នៅក្នុង​ព្រះគម្ពីរ​ជាមួយ​កូនប្រុស​បី​នាក់​របស់​ពួកគាត់ ពួកគាត់​បាន​ឃើញ​ថា​វា​ពិបាក​ដើម្បី​ពន្យល់​ទៅដល់​ពួកគេ ។ ពួកគាត់​បាន​សម្រេច​ចិត្ត​ជា​ក្រុមគ្រួសារ​ថា ពួកគាត់​ម្នាក់ៗ​នឹង​សិក្សា​សេចក្ដី​សញ្ញា​នៃ​អ័ប្រាហាំ​ដោយ​ផ្ទាល់​ខ្លួន ហើយ​បន្ទាប់​មក​ចែកចាយ​អ្វី​ដែល​ពួកគាត់​បាន​រកឃើញ ។

ហ្គ្រេក​និយាយ​ថា « យើង​បាន​ទទួល​យោបល់​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន » ។ « កូន​អាយុ​ប្រាំបី​ឆ្នាំ​របស់​យើង​បាន​រៀន​ថា អ័ប្រាហាំ​ធ្លាប់​មាន​ឈ្មោះ​ថា អាប់រ៉ាម ។ ឈ្មោះ​របស់​លោក​ត្រូវបាន​ផ្លាស់​ប្តូរ​ទៅ​ជា​អ័ប្រាហាំ ដោយសារ​លោក​បាន​ធ្វើ​ការសន្យា​ជាមួយ​នឹង​ព្រះអម្ចាស់ ដើម្បី​ងាក​ចេញ​ពី​អំពើ​បាប ហើយ​រស់នៅ​ដោយ​សុចរិត​វិញ ។ ខ្ញុំ​បាន​មាន​ការភ្ញាក់​ផ្អើល​ណាស់​ដែល គាត់​អាច​ធ្វើ​ដូច្នោះ​បាន » ។

ពួកគេ​ទាំងអស់​គ្នា​បាន​រៀន​អ្វី​ថ្មីៗ ហើយ​បាន​មាន​ការពិភាក្សា​ដ៏​ល្អ​មួយ​អំពី​អ្វី​ដែល​ជា​សេចក្ដី​សញ្ញា​នៃ​អ័ប្រាហាំ និង​អត្ថន័យ​របស់​វា​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​សព្វថ្ងៃ​នេះ ។

និកគី​និយាយ​ថា « ពីមុន​យើង​គ្រាន់តែ​ដាក់​វេន​គ្នា​អាន​ខ​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​យើង » ។ « ចូរ​មកតាមខ្ញុំ ផ្តោត​ទៅលើ​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ​ច្រើន​ជាង ។ ឥឡូវ​នេះ ពេល​យើង​សិក្សា​ជាមួយ​គ្នា ខ្ញុំ​មាន​អារម្មណ៍​បំផុស​គំនិត​បន្តិច​ពី​ព្រះវិញ្ញាណ​ឲ្យ​ដឹកនាំ​ការពិភាក្សា​របស់​យើង​ទៅកាន់​ទិសដៅ​មួយ​ផ្សេង​ទៀត ដោយ​ផ្អែក​ទៅលើ​សេចក្ដី​ត្រូវការ​របស់​គ្រួសារ​យើង » ។

ការប្រើប្រាស់ ចូរ​មក​តាម​ខ្ញុំ មិន​ត្រឹម​តែ​បាន​ជួយ​គ្រួសារ​របស់​ពួកគាត់​ឲ្យ​កាន់តែ​ចូលរួម និង​កាន់តែ​ចាប់​អារម្មណ៍​លើ​ការសិក្សា​ដំណឹងល្អ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ជួយ​ហ្គ្រេក និង​និកគី​ឲ្យ​ផ្ដល់​ការងារ​បម្រើ​ចំពោះ​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ​របស់​កូនៗ​របស់​ពួកគាត់​ផងដែរ ។

និកគី​និយាយ​ថា « ចូរ​មក​តាម​ខ្ញុំ ជួយ​ខ្ញុំ​បង្រៀន​កូនៗ​របស់​ខ្ញុំ » ។ « វា​ក៏​ជួយ​ខ្ញុំ​ឲ្យ​ដោះស្រាយ​ឧបសគ្គ​ផ្សេងៗ​ផងដែរ ដែល​ពេល​ខ្លះ​ខ្ញុំ​មាន​ជាមួយ​នឹង​កូនៗ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​ស៊ីចង្វាក់​នឹង​ព្រះវិញ្ញាណ ខ្ញុំ​ស្ដាប់​កាន់តែ​ជិត​ឡើង ហើយ​ខ្ញុំ​បាន​ទទួល​ការបំផុស​ពី​របៀប​ដែល​ខ្ញុំ​អាច​ជួយ​កូន​ម្នាក់ៗ » ។

ហ្គ្រេក​រីករាយ​នឹង​ការពិភាក្សា​ដំណឹងល្អ​ដែល​កាន់តែ​វែង ដែល ចូរ​មក​តាម​ខ្ញុំ ជួយ​ធ្វើ​ឲ្យ​កើត​ឡើង​នៅក្នុង​គ្រួសារ ។ គាត់​និយាយ​ថា « ចំណេះដឹង​ខាង​ដំណឹងល្អ​របស់​កូន​ប្រុសៗ​របស់​យើង​គឺ​មាន​កម្រិត​ខុស​គ្នា​ទាំងអស់ » ។« ចូរមក​តាម​ខ្ញុំ បាន​ផ្ដល់​នូវ​របៀប​មួយ​សម្រាប់​យើង ដើម្បី​ជួយ​ពួកគេ​ម្នាក់ៗ​ឲ្យ​រៀន​ដោយ​ផ្អែក​ទៅលើ​តម្រូវការ​របស់​ពួកគេ ។ ការមើល​ឃើញ​ពួកគេ​រីកចម្រើន​នៅក្នុង​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ដំណឹងល្អ និង​ការមើល​ពួកគេ​រកឃើញ​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​ចំណេះដឹង​ខាង​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ » ។

កំណត់​ចំណាំ

  1. ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ២០១៩ ) ទំព័រ ១៩ ។