ជំពូកទី ២៤
អាមូឡុនបៀតបៀនអាលម៉ា និងប្រជាជនលោក — ពួកគេនឹងត្រូវយកទៅសម្លាប់ចោល បើគេអធិស្ឋាន — ព្រះអម្ចាស់ទ្រង់សម្រាលបន្ទុករបស់ពួកគេ — ទ្រង់ដោះពួកគេឲ្យរួចផុតពីសេវកភាព ហើយគេត្រឡប់ទៅសារ៉ាហិមឡាវិញ។ ប្រមាណជាឆ្នាំ ១៤៥–១២០ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា អាមូឡុនបានទទួលការប្រោសប្រណីនៅក្នុងព្រះនេត្រនៃស្ដេចរបស់ពួកលេមិន ហេតុដូច្នេះហើយ ស្ដេចរបស់ពួកលេមិនបានអនុញ្ញាតឲ្យទ្រង់ និងបងប្អូនរបស់ទ្រង់បានតែងតាំងឡើងជាគ្រូបង្រៀនលើប្រជាជន មែនហើយ គឺលើប្រជាជនដែលនៅលើដែនដីសេមឡុន ហើយនៅលើដែនដីសៃឡោម ហើយនៅលើដែនដីអាមូឡុនផងដែរ។
២ព្រោះពួកលេមិនបានយកបានដែនដីទាំងអស់នេះ ហេតុដូច្នេះហើយ ស្ដេចរបស់ពួកលេមិន បានតែងតាំងស្ដេចឲ្យត្រួតត្រាលើដែនដីទាំងអស់នេះ។
៣ហើយឥឡូវនេះ ស្ដេចរបស់ពួកលេមិន មាននាមថា លេមិន ដោយដាក់តាមនាមរបស់បិតាទ្រង់ ហេតុដូច្នេះហើយ ទើបទ្រង់មាននាមថា ស្ដេចលេមិន ហើយទ្រង់គឺជាស្ដេចលើប្រជាជនជាច្រើន។
៤ហើយទ្រង់បានតែងតាំងបងប្អូនរបស់អាមូឡុនឲ្យធ្វើជាគ្រូបង្រៀននៅគ្រប់ដែនដីដែលប្រជាជនទ្រង់យកបាន ម្ល៉ោះហើយ ទើបភាសានីហ្វៃត្រូវបានចាប់ផ្ដើមបង្រៀននៅក្នុងចំណោមប្រជាជនលេមិនទាំងអស់។
៥ហើយពួកគេជាប្រជាជនដែលរាប់អានគ្នា ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេពុំស្គាល់ព្រះដែរ រីឯបងប្អូនអាមូឡុន ក៏មិនបានបង្រៀនពួកគេអំពីព្រះអម្ចាស់ជាព្រះរបស់គេ ឬក៏អំពីក្រឹត្យវិន័យលោកម៉ូសេទេ ហើយពួកគេក៏មិនបានបង្រៀនពួកគេ អំពីពាក្យពេចន៍របស់អ័ប៊ីណាដៃដែរ
៦ប៉ុន្តែ ពួកគេបានបង្រៀនពួកនោះថា គេត្រូវកត់បញ្ជីរបស់ខ្លួនទុក ហើយថា គេអាចសរសេររកគ្នាទៅវិញទៅមក។
៧ម្ល៉ោះហើយ ពួកលេមិនបានចាប់ផ្ដើមកើននូវទ្រព្យសម្បត្តិ ហើយបានចាប់ផ្ដើមលក់ដូរទៅវិញទៅមក ហើយបានក្លាយទៅជាខ្លាំងពូកែ ហើយបានចាប់ផ្ដើមទៅជាប្រជាជនមួយដ៏ប្រកបដោយកលល្បិច ហើយមានប្រាជ្ញាស្របតាមប្រាជ្ញានៃលោកិយ មែនហើយ ជាប្រជាជនមួយដ៏ប្រកបដោយកលល្បិច ចូលចិត្តធ្វើអំពើទុច្ចរិតគ្រប់បែបយ៉ាង ហើយលួចប្លន់ លើកលែងតែគេមិនធ្វើការនេះនៅក្នុងចំណោមបងប្អូនគេផ្ទាល់ប៉ុណ្ណោះ។
៨ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា អាមូឡុនបានចាប់ផ្ដើមអនុវត្តកសិទ្ធិអំណាចទៅលើអាលម៉ា និងបងប្អូនរបស់លោក ហើយបានចាប់ផ្ដើមបៀតបៀនលោក ហើយឲ្យកូនចៅទ្រង់បៀតបៀនកូនចៅរបស់អាលម៉ា និងបងប្អូនលោកដែរ។
៩ព្រោះអាមូឡុនស្គាល់អាលម៉ាថា លោកកធ្លាប់ធ្វើជាសង្ឃរបស់ស្ដេច ហើយថា លោកនេះហើយដែលបានជឿតាមពាក្យពេចន៍របស់អ័ប៊ីណាដៃ ហើយត្រូវបានស្ដេចដេញចេញ ហេតុដូច្នេះហើយ ទើបទ្រង់ខឹងនឹងលោក ព្រោះទ្រង់នៅក្រោមបង្គាប់ស្ដេចលេមិន តែទ្រង់បានអនុវត្តសិទ្ធិអំណាចទៅលើពួកគេ ហើយដាក់ខការធ្ងន់ៗឲ្យគេធ្វើ ហើយដាក់អ្នកត្រួតកិច្ចការឲ្យត្រួតត្រាលើពួកគេ។
១០ហើយហេតុការណ៍បានកើតឡើងថា សេចក្ដីវេទនារបស់គេមានទំហំធំណាស់ រហូតដល់គេបានចាប់ផ្ដើមអំពាវនាវយ៉ាងខ្លាំងដល់ព្រះ។
១១ហើយអាមូឡុនបានបញ្ជាឲ្យពួកគេឈប់អំពាវនាវ ហើយទ្រង់បានដាក់ពួកទាហានយាមឲ្យមើលពួកគេថា បើឃើញអ្នកណាអំពាវនាវដល់ព្រះ អ្នកនោះហើយនឹងត្រូវយកទៅសម្លាប់ចោល។
១២ហើយអាលម៉ា និងប្រជាជនរបស់លោក ពុំបានបន្លឺសំឡេងអំពាវនាវដល់ព្រះអម្ចាស់ ជាព្រះរបស់គេទេ តែបានកថ្វាយដួងចិត្តគេដល់ទ្រង់វិញ ហើយទ្រង់បានជ្រាបនូវគំនិតដែលនៅក្នុងចិត្តគេ។
១៣ហើយហេតុការណ៍បានកើតឡើងថា សំឡេងនៃព្រះអម្ចាស់បន្លឺមកគេ ក្នុងសេចក្តីវេទនារបស់គេថា ៖ ចូរងើបក្បាលឡើង ហើយចូរក្សាន្តចិត្តចុះ ព្រោះយើងដឹងនូវសេចក្ដីសញ្ញា ដែលអ្នករាល់គ្នាបានធ្វើជាមួយនឹងយើង ហើយយើងនឹងធ្វើសេចក្ដីសញ្ញាជាមួយនឹងរាស្ត្រយើង ហើយនឹងដោះពួកគេឲ្យរួចផុតពីសេវកភាព។
១៤ហើយយើងនឹងសម្រាលបន្ទុកទាំងឡាយដែលដាក់នៅលើស្មាអ្នកផង ហើយសូម្បីតែរូបអ្នកក៏នឹងមិនអាចចាប់អារម្មណ៍ថា មានបន្ទុកទាំងនោះនៅលើខ្នងអ្នកឡើយ ទោះនៅពេលអ្នកជាប់នៅក្នុងសេវកភាពក្ដី ហើយយើងនឹងធ្វើការនេះ ដើម្បីឲ្យអ្នករាល់គ្នា អាចឈរជាកសាក្សីដល់យើងពីអំណឹះតទៅ ហើយដើម្បីឲ្យអ្នករាល់គ្នាអាចដឹងជាពិតប្រាកដថា យើងជាព្រះអម្ចាស់ដ៏ជាព្រះ មករករាស្ត្រយើងក្នុងពេលគេស្ថិតក្នុងខសេចក្ដីវេទនា។
១៥ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទុកទាំងឡាយដែលដាក់នៅលើអាលម៉ា និងបងប្អូនលោក ត្រូវបានសម្រាលទៅ មែនហើយ ព្រះអម្ចាស់ទ្រង់បានកចម្រើនកម្លាំងឲ្យគេ ដើម្បីឲ្យគេអាចទ្រខបន្ទុកទាំងឡាយរបស់គេបានដោយងាយ ហើយពួកគេបានធ្វើតាមអស់ទាំងព្រះហឫទ័យនៃព្រះអម្ចាស់ ដោយការរីករាយ និងដោយគការអត់ធន់។
១៦ហើយហេតុការណ៍បានកើតឡើងថា សេចក្ដីជំនឿ និងសេចក្ដីអត់ធន់របស់គេមានទំហំធំ រហូតដល់សំឡេងនៃព្រះអម្ចាស់បានបន្លឺមកគេទៀតថា ៖ ចូរក្សាន្តចិត្តចុះ ព្រោះថ្ងៃស្អែក យើងនឹងដោះអ្នកឲ្យរួចផុតពីសេវកភាពហើយ។
១៧ហើយទ្រង់បានមានព្រះបន្ទូលទៅអាលម៉ាថា ៖ ចូរអ្នកនាំមុខប្រជាជននេះ ហើយយើងនឹងទៅជាមួយនឹងអ្នក ហើយដោះប្រជាជននេះឲ្យរួចផុតពីកសេវកភាព។
១៨ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា អាលម៉ា និងប្រជាជនរបស់លោក បានប្រមូលហ្វូងចៀមរបស់គេក្នុងពេលយប់ ព្រមទាំងធញ្ញជាតិរបស់គេផង មែនហើយ គេបានប្រមូលហ្វូងចៀមរបស់គេអស់ពេញមួយយប់។
១៩ហើយដល់ព្រឹកឡើង ព្រះអម្ចាស់ទ្រង់សណ្ដំឲ្យពួកលេមិនដេកកលក់ស្កប់ មែនហើយ ឯពួកអ្នកត្រួតកិច្ចការរបស់គេទាំងអស់ ក៏លង់លក់ក្នុងដំណេកដែរ។
២០ហើយអាលម៉ា និងប្រជាជនរបស់លោក បានចេញដំណើរទៅក្នុងទីរហោស្ថាន ហើយកាលពួកគេបានធ្វើដំណើរអស់រយៈពេញមួយថ្ងៃហើយ នោះគេបានបោះត្រសាលនៅក្នុងច្រកភ្នំមួយ ហើយគេបានហៅច្រកភ្នំថា អាលម៉ា ពីព្រោះលោកបាននាំផ្លូវគេនៅក្នុងទីរហោស្ថាន។
២១មែនហើយ ហើយនៅក្នុងច្រកភ្នំអាលម៉ា ពួកគេបានថ្វាយកអំណរគុណរបស់គេដល់ព្រះ ពីព្រោះទ្រង់បានមេត្តាករុណាដល់ពួកគេ ហើយបានសម្រាលបន្ទុកទាំងឡាយរបស់គេ ហើយបានដោះគេឲ្យរួចផុតពីសេវកភាព ព្រោះពួកគេស្ថិតនៅក្នុងសេវកភាព ហើយគ្មានអ្នកណាម្នាក់អាចដោះពួកគេបានឡើយ លើកលែងតែព្រះអម្ចាស់ជាព្រះរបស់គេប៉ុណ្ណោះ។
២២ហើយពួកគេបានថ្លែងអំណរគុណដល់ព្រះ មែនហើយ អស់ទាំងពួកបុរសរបស់គេ និងអស់ទាំងពួកស្ត្រីរបស់គេ និងអស់ទាំងកូនចៅរបស់គេ ដែលអាចបន្លឺសំឡេងឡើងក្នុងការសរសើរតម្កើងដល់ព្រះអម្ចាស់ ជាព្រះរបស់គេ។
២៣ហើយឥឡូវនេះ ព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅអាលម៉ាថា ៖ ចូរប្រញាប់ឡើង ហើយនាំខ្លួនអ្នក និងប្រជាជននេះចេញពីដែនដីនេះភ្លាម ព្រោះពួកលេមិនបានភ្ញាក់ពីដេកហើយ ហើយកំពុងតែដេញតាមអ្នក ហេតុដូច្នេះហើយ ចូរអ្នកចេញពីដែនដីនេះទៅ ហើយយើងនឹងបញ្ឈប់ពួកលេមិននៅក្នុងច្រកភ្នំនេះ ដើម្បីកុំឲ្យគេដេញតាមប្រជាជននេះហួសពីទីនេះទៅ។
២៤ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចេញពីច្រកភ្នំ ហើយបានធ្វើដំណើរចូលក្នុងទីរហោស្ថាន។
២៥ហើយបន្ទាប់ពីពួកគេបានចូលក្នុងទីរហោស្ថានអស់រយៈពេល១២ថ្ងៃ នោះពួកគេបានមកដល់ដែនដីសារ៉ាហិមឡា ហើយស្ដេចម៉ូសាយបានទទួលពួកគេដោយក្ដីអំណរ៕