សន្និសីទទូទៅ
យើង​និយាយ​ដោយ​ស្នេហ៍
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


យើង​និយាយ​ដោយ​ស្នេហ៍

សូម​ឲ្យ​យើង​ម្នាក់ៗ​រៀន​និយាយ និង​ស្ដាប់​ដោយ​ស្នេហ៍​របស់​ទ្រង់​នៅ​ក្នុង​ដួងចិត្ត និង​គេហដ្ឋាន​របស់​យើង និង​នៅ​ក្នុង​ការហៅ សកម្មភាព ការងារ​បម្រើ និង​ការបម្រើ​ក្នុង​ដំណឹងល្អ​របស់​យើង ។

ចម្រៀង​ថ្នាក់​កុមារ​យើង​ច្រៀង​ថា ៖ « យើង​និយាយ​ដោយ​ស្នេហ៍ ។

ខ្ញុំ​ធ្លាប់​បាន​ជូន​បន្តោង​ខ្សែក​តូច​មួយ​ទៅ​ស៊ីស្ទើរ ហ្គង ។ ខ្ញុំ​បាន​ឲ្យ​គេ​ឆ្លាក់ ចុច-ចុច ចុច-ចុច ចុច-ចុច-ដក លើ​បន្ដោង​នោះ ។ បងប្អូន​ដែល​ធ្លាប់​ស្គាល់​លេខកូដ នឹង​ស្គាល់​អក្សរ​នេះ គឺ​អក្សរ​អង់គ្លេស អាយ អាយ យូ ។ ប៉ុន្ដែ​ខ្ញុំ​បាន​ថែម​លេខកូដ​ទីពីរ ។ ជា​ភាសា​ចិន​កុកងឺ « អាយ » មាន​ន័យ​ថា « ស្រឡាញ់ » ។ ដូច្នេះ លេខកូដ​ពីរ​ជាន់​នេះ​បញ្ជាក់​ជា​សារ​ថា « បង​ស្រឡាញ់​អូន » ។ ស៊ូសាន សំណព្វចិត្ត « អាយ អាយ ( 爱 ) យូ » ។

យើង​និយាយ​ពាក្យ​ស្រឡាញ់​ជា​ច្រើន​ភាសា ។ មាន​គេ​ប្រាប់​ខ្ញុំ​ថា គ្រួសារ​មនុស្ស​យើង​និយាយ ៧១៦៨ ភាសា ។ នៅ​ក្នុង​សាសនាចក្រ យើង​មាន​ភាសា​ចំនួន ៥៧៥ ដែល​ចងក្រង​ជា​ឯកសារ​ទុក ថែម​ទាំង​មាន​គ្រាម​ភាសា​ជា​ច្រើន​ទៀត​ផងដែរ ។ យើង​ក៏​ទំនាក់ទំនង​អំពី​ចេតនា ការលើក​ដាក់​សំឡេង និង​អារម្មណ៍ តាម​រយៈ​សិល្បៈ តន្ដ្រី ការរាំ សញ្ញា​ការបង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ពី​ក្នុង​ខ្លួន និង​នៅ​ជុំវិញ​ខ្លួន​ផងដែរ ។ ល ។

នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​និយាយ​អំពី​ភាសា​ចំនួន​បី​នៃ​ក្តី​ស្នេហ៍​ដំណឹងល្អ​គឺ ៖ ភាសា​នៃ​ភាពកក់ក្ដៅ និង​គារវភាព ភាសា​នៃ​ការបម្រើ និង​ការលះបង់ ព្រមទាំង​ភាសា​ម្ចាស់​នៃ​សេចក្ដីសញ្ញា ។

ទីមួយ ភាសា​នៃ​ភាពកក់ក្ដៅ និង​គារវភាព ។

ដោយ​មាន​ភាពកក់ក្ដៅ និង​គារវភាព ស៊ីស្ទើរ ហ្គង សួរ​កុមារ និង​យុវវ័យ​ថា « តើ​ក្មួយៗ​ដឹង​ថា ឪពុក​ម្ដាយ និង​ក្រុមគ្រួសារ​របស់​ក្មួយ​ស្រឡាញ់​ក្មួយៗ​ដោយ​របៀប​ណា ? »

នៅ​ប្រទេស​ក្វាតេម៉ាឡា កុមារ​ឆ្លើយ​ថា « ឪពុក​ម្ដាយ​ខ្ញុំ​ធ្វើការ​ខ្លាំង​ដើម្បី​ចិញ្ចឹម​គ្រួសារ​យើង » ។ នៅ​អាមេរិក​ខាង​ជើង កុមារ​ឆ្លើយ​ថា « ឪពុក​ម្ដាយ​ខ្ញុំ​អាន​រឿងនិទាន​ឲ្យ​ខ្ញុំ ហើយ​ដាក់​ខ្ញុំ​ឲ្យ​គេង​នៅ​ពេល​យប់ » ។ នៅ​ដែនដី​បរិសុទ្ធ កុមារ​ឆ្លើយ​ថា « ឪពុក​ម្ដាយ​ខ្ញុំ​ផ្តល់​សុវត្ថិភាព​ឲ្យ​ខ្ញុំ » ។ នៅ​ប្រទេស​ហ្គាណា អាហ្វ្រិក​ខាង​លិច កុមារ​ឆ្លើយ​ថា « ឪពុក​ម្ដាយ​ខ្ញុំ​ជួយ​ខ្ញុំ​ដាក់​គោលដៅ​ជា​កុមារ និង​យុវវ័យ​របស់​ខ្ញុំ » ។

កុមារ​ម្នាក់​ឆ្លើយ​ថា « ទោះ​ជា​ម្ដាយ​ខ្ញុំ​នឿយ​ហត់​ខ្លាំង​បន្ទាប់​ពី​ធ្វើការ​ពេញ​មួយ​ថ្ងៃ​ក្ដី ក៏​គាត់​ចេញ​មក​លេង​នៅ​ខាងក្រៅ​ជាមួយ​ខ្ញុំ​ដែរ » ។ ម្ដាយ​គាត់​បាន​យំ ពេល​ឮ​កូន​និយាយ​ថា​ការ​លះបង់​ប្រចាំ​ថ្ងៃ​របស់​គាត់​​សំខាន់​បែបនេះ ។ យុវនារី​ម្នាក់​ឆ្លើយ​ថា « ទោះ​ជា​ពេល​ខ្លះ ម្ដាយ និង​ខ្ញុំ​មិន​សូវ​ចុះ​សម្រុង​គ្នា​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ទុកចិត្ត​ម្តាយ​ខ្ញុំ​ដែរ » ។ ម្ដាយ​គាត់​ក៏​បាន​យំ​ដែរ ។

ពេល​ខ្លះ យើង​ត្រូវការ​ស្គាល់​ក្ដី​ស្នេហ៍​នៅ​ត្រង់​នេះ​ឲ្យ​បាន​ឮ ហើយ​ឲ្យ​តម្លៃ​នៅ​ត្រង់​នេះ ។

ដោយ​មាន​ភាពកក់ក្ដៅ និង​គារវភាព ពិធី​សាក្រាម៉ង់ និង​ការប្រជុំ​ផ្សេង​ទៀត​របស់​យើង​ផ្តោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ថ្លែង​ពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​គារវភាព ដោយ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន និង​ពិតប្រាកដ មិន​មែន​ជា​ដង្វាយធួន​ដែល​គ្មាន​រូបរាង​នោះ​ទេ ។ យើង​ហៅ​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​ព្រះនាម​របស់​ទ្រង់ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ យើង​ប្រើ​ភាសា​ប្រកប​ដោយ​គារវភាព​នៅ​ក្នុង​ការអធិស្ឋាន ពេល​យើង​ទូល​ទៅ​កាន់​ព្រះវរបិតាសួគ៌ និង​ភាសា​គោរព​ដោយ​កក់ក្ដៅ ពេល​យើង​និយាយ​រក​គ្នា​ទៅ​វិញ​ទៅ​មក ។ នៅ​ពេល​យើង​ទទួល​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​បេះដូង​នៃ​សេចក្ដីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​មិន​សូវ​សំដៅ​ដល់ « ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ » ទេ តែ​យើង​សំដៅ​ដល់ « ការចូល​គាល់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ »​ច្រើន​ជាង ។ សេចក្ដីសញ្ញា​នីមួយៗ​ខ្សឹប​ថា « យើង​និយាយ​ដោយ​ស្នេហ៍ » ។

សមាជិក​ថ្មីៗ​ពេល​និយាយ​ពាក្យ​ក្នុង​សាសនាចក្រ​គឺ​តម្រូវ​ឲ្យ​ដោះ​លេខកូដ​សិន ។ យើង​ផ្ទុះ​សំណើច ចំពោះ​ការគិត​ថា​« អគារ​ស្ដេក » អាច​មាន​ន័យ​ថា ហាង​លក់​សាច់​អាំង​ពេល​ល្ងាច « អគារ​វួដ » អាច​សំដៅ​លើ​មន្ទីរពេទ្យ ហើយ « លំហាត់​បើក » អាច​អញ្ជើញ​យើង​ឲ្យ​ហាត់ប្រាណ​ក្បាល ស្មា ជង្គង់ និង​មេជើង​នៅ​ឯ​កន្លែង​ចត​ឡាន​ក្នុង​ព្រះវិហារ ។ ប៉ុន្ដែ សូម​មេត្តា​ឲ្យ​យើង​ចេះ​យោគយល់ និង​មាន​ចិត្ត​សណ្តោស​ដល់​គ្នា ពេល​យើង​រៀន​ភាសា​ថ្មីៗ​នៃ​ក្តី​ស្នេហ៍​រួម​គ្នា ។ មាន​គេ​ប្រាក់​ដល់​អ្នកប្រែចិត្ត​ជឿ​ថ្មី​ម្នាក់​ថា​នាង​ស្លៀក​សំពត់​ខ្លី​ពេក​នៅ​ក្នុង​សាសនាចក្រ ។ ជា​ជាង​ការអន់ចិត្ត នាង​បាន​ឆ្លើយ​តប​យ៉ាង​មាន​ឥទ្ធិពល​ថា « ដួងចិត្ត​ខ្ញុំ​បាន​ប្រែចិត្ត​ជឿ​ហើយ សូម​មាន​ចិត្ត​អំណត់ កាល​ខ្ញុំ​កំពុង​រៀន​ស្លៀក​ឲ្យ​បាន​សមរម្យ » ។

សម្ដី​ដែល​យើង​ប្រើ អាច​ទាញ​យើង​ឲ្យ​ខិត​កាន់តែ​ជិត ឬ​កាន់​តែ​ឆ្ងាយ​ពី​ពួកគ្រីស្ទាន និង​មិត្តភក្ដិ​ដទៃ​ទៀត ។ ពេល​ខ្លះ យើង​និយាយ​ពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​សប្បុរសធម៌ និង​សុខុមាលភាព តាម​របៀប​មួយ​ដែល​បណ្ដាល​ឲ្យ​អ្នកដទៃ គិត និង​ជឿ​ថា យើង​ធ្វើ​កិច្ចការ​ទាំង​នេះ​ដោយ​ខ្លួន​យើង ។ ចូរ​យើង​និយាយ​ដោយ​ការដឹងគុណ​ដ៏​កក់ក្ដៅ និង​ដោយ​គារវភាព​ចំពោះ​កិច្ចការ​របស់​ព្រះ​ជា​និច្ច និង​សិរីល្អ​រុងរឿង និង​បុណ្យ​គុណ សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់ ។

ទីពីរ ភាសា​នៃ​ដំណឹងល្អ​នៃ​ការបម្រើ និង​ការលះបង់ ។

នៅពេល​យើង​ជួប​ជុំ​គ្នា​នៅ​ព្រះវិហារ​ម្ដង​ទៀត​រាល់​សប្ដាហ៍​ដើម្បី​ផ្តល់​ការគោរព និង​រីករាយ​ក្នុង​បរិសុទ្ធ យើង​អាច​បង្ហាញ​ការតាំងចិត្ត​ដើម្បី​ធ្វើ​តាម​សេចក្ដីសញ្ញា​សាក្រាម៉ង់​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក តាម​រយៈ​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ការរាប់អាន​គ្នា ទំនាក់ទំនង​ខាង​សង្គម និង​ការបម្រើ ។

នៅ​ពេល​ខ្ញុំ​សួរ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​ពី​អ្វី​ដែល​ពួក​គាត់​ព្រួយ​បារម្ភ នោះ​ទាំង​បងប្អូន​ប្រុស និង​ស្ដ្រី​ឆ្លើយ​ថា « សមាជិក​យើង​មួយ​ចំនួន​មិន​ទទួល​យក​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ​ទេ » ។ ការហៅ​ឲ្យ​បម្រើ​ដល់​ព្រះអម្ចាស់ និង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ផ្ដល់​ឱកាស​ដើម្បី​បង្កើន​ចិត្ត​អាណិត​អាសូរ សមត្ថភាព និង​ការបន្ទាប​ខ្លួន ។ កាល​យើង​ត្រូវ​បាន​ញែកចេញ នោះ​យើង​អាច​ទទួល​បាន​ការបំផុស​គំនិត​មក​ពី​ព្រះអម្ចាស់​ឲ្យ​លើក​ស្ទួយ និង​ពង្រឹង​ដល់​អ្នក​ដទៃ និង​ខ្លួន​យើង​ផងដែរ ។ ពិត​ណាស់ ការផ្លាស់ប្ដូរ​ស្ថានភាព និង​រដូវកាល​ក្នុង​ជីវិត​យើង អាច​ប៉ះពាល់​ដល់​សមត្ថភាព​យើង​ក្នុង​ការបម្រើ ប៉ុន្ដែ​ខ្ញុំ​សង្ឃឹម​ថា វា​មិន​ដែល​ផ្លាស់ប្ដូរ​បំណង​ប្រាថ្នា​យើង​ដើម្បី​បម្រើ​ឡើយ ។ យើង​សូម​ថ្លែង​ជាមួយ​សេ្ដច​បេនយ៉ាមីន​ថា « បើ​សិន​ជា​ខ្ញុំ​មាន ខ្ញុំ​នឹង​ដាក់​ទាន »ហើយ​ផ្ដល់​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន ។

ថ្នាក់ដឹកនាំ​ស្ដេក និង​វួដ​ទាំងឡាយ សូម​ធ្វើ​ចំណែក​របស់​យើង ។ នៅ​ពេល​យើង​ហៅ ( និង​ដោះលែង ) បងប្អូន​ប្រុស​ស្រី​ឲ្យ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ សូម​ធ្វើ​ដូច្នោះ​ដោយ​សេចក្ដី​ថ្លៃថ្នូរ និង​ការបំផុស​គំនិត ។ សូម​ឲ្យ​តម្លៃ​ដល់​ពួក​គាត់​ម្នាក់ៗ ហើយ​ថា​ពួកគាត់​អាច​ទទួល​បាន​ជោគជ័យ ។ សូម​ប្រឹក្សា និង​ស្ដាប់​បងប្អូន​ស្ដ្រី​ជា​ថ្នាក់​ដឹកនាំ ។ សូម​យើង​ចង​ចាំ​ដូច​ដែល​ប្រធាន ជេ រ៉ូប៊ីន ក្លាក បាន​បង្រៀន​ថា នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ យើង​បម្រើ​នៅ​កន្លែង​ដែល​បាន​ហៅ « ជា​កន្លែង​ដែល​គ្មាន​នរណា​ម្នាក់​ចង់​បាន ឬ​បដិសេធ » ។

នៅ​ពេល​ស៊ីស្ទើរ ហ្គង និង​ខ្ញុំ​បាន​រៀបការ អែលឌើរ ដាវីឌ ប៊ី ហេត បាន​ទូន្មាន​ថា « សូម​បម្រើ​ក្នុង​ការហៅ​មួយ​ក្នុង​សាសនាចក្រ​ជានិច្ច ។ ជា​ពិសេស​ពេល​ជីវិត​កំពុង​មមាញឹក » លោក​បាន​បន្ដ​ថា « អ្នក​ត្រូវ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​សម្រាប់​មនុស្ស​ដែល​អ្នក​បម្រើ និង​សម្រាប់​អ្នក​ផ្ទាល់ ពេល​អ្នក​បម្រើ » ។ ខ្ញុំ​សូម​សន្យា​ថា យើង​និយាយ​ដោយ​ស្នេហ៍​នៅ​ទីនេះ នៅ​ទីនោះ នៅ​គ្រប់​កន្លែង នៅពេល​យើង​ឆ្លើយ​ថា « បាទ/ចាស » ទៅកាន់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដើម្បី​បម្រើ​ព្រះអម្ចាស់​ក្នុង​សាសនាចក្រ​របស់​ទ្រង់​ដោយ​ព្រះវិញ្ញាណ​របស់​ទ្រង់​និង​សេចក្តីសញ្ញា​របស់​យើង ។

សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះអម្ចាស់​អាច​ជា​កន្លែង​បង្កើត​ឲ្យ​មាន​សហគមន៍​ស៊ីយ៉ូន​មួយ​បាន ។ កាល​យើង​ថ្វាយបង្គំ បម្រើ អរ​រីករាយ និង​រៀន​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ជាមួយ​គ្នា នោះ​យើង​ជួយ​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ដំណឹងល្អ​របស់​ទ្រង់ ។ យើង​អាច​មិន​យល់​ស្រប​គ្នា​ខាង​នយោបាយ ឬ​អំពី​បញ្ហា​សង្គម​នានា ប៉ុន្ដែ​យើង​រកឃើញ​ភាពសុខដុម កាល​យើង​ច្រៀង​ជា​មួយ​គ្នា​នៅ​ក្នុង​ក្រុមចម្រៀង​វួដ ។ យើង​ថែទាំ​ទំនាក់ទំនង​នោះ ហើយ​ប្រឆាំង​នឹង​ភាពឯកោ កាល​យើង​ធ្វើ​ការងារ​បម្រើ​ជា​ទៀងទាត់​ចេញ​ពី​ដួងចិត្ត​យើង​នៅ​ក្នុង​ផ្ទះ​យើង និង ដល់​អ្នក​ជិត​ខាង ។

អំឡុង​ពេល​ទៅ​សួរសុខទុក្ខ​សមាជិក​ជា​មួយ​ប្រធាន​ស្ដេក ខ្ញុំ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ពួកគាត់​សម្រាប់​សមាជិក​ទាំងអស់​ក្នុង​គ្រប់​ស្ថានភាព ។ ពេល​យើង​បើក​ឡាន​កាត់​ផ្ទះ​សមាជិក​ក្នុង​ស្ដេក​របស់​គាត់ ប្រធាន​ស្តេក​ម្នាក់​បាន​ប្រាប់​ថា មិន​ថា​យើង​រស់នៅ​ក្នុង​ផ្ទះ​ដែល​មាន​អាង​ហែលទឹក ឬ​ផ្ទះ​ខ្ទម​នោះ ការបម្រើ​ក្នុង​សាសនាចក្រ​គឺ​ជា​អភ័យ​ឯកសិទ្ធិ​មួយ ដែល​ជា​រឿយៗ​មាន​នូវ​ការលះបង់ ។ ប៉ុន្តែ​គាត់​កត់សម្គាល់​ដោយ​វាងវៃ​ថា ពេល​យើង​បម្រើ និង​លះបង់​ក្នុង​ដំណឹងល្អ​រួម​គ្នា នោះ​យើង​លែង​សូវ​មើលឃើញ​ពី​កំហុស​គ្នា ហើយ​សេចក្ដី​សុខសាន្ដ​កើន​ឡើង​កាន់​តែ​ខ្លាំង ។ នៅ​ពេល​យើង​អនុញ្ញាត នោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​យើង​ឲ្យ​និយាយ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​នៅ​ទីនេះ ។

នៅ​រដូវ​ក្ដៅ​នេះ គ្រួសារ​យើង​បាន​ជួប​នឹង​សមាជិក​សាសនាចក្រ និង​មិត្តភក្ដិ​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ទីក្រុង ឡាហ្វបារ៉ាហ្វ និង​អក់ស្វឺត ប្រទេស​អង់គ្លេស ។ ការជួបជុំ​ដ៏​មាន​អត្ថន័យ​ទាំង​នេះ​បាន​រំឭក​ខ្ញុំ​ពី​របៀប​ដែល​សកម្មភាព​សង្គម និង​ការបម្រើ​ក្នុង​វួដ អាច​ស្ថាបនា​ចំណង​មិត្តភាព​ថ្មីៗ និង​យូរ​អង្វែង​ក្នុង​ដំណឹងល្អ ។ ជួន​កាល​ខ្ញុំ​បាន​មាន​អារម្មណ៍​ថា នៅ​កន្លែង​ជា​ច្រើន​ក្នុង​សាសនាចក្រ បើ​មាន​សកម្មភាព​វួដ​មួយ​ចំនួន​បន្ថែម​ទៀត​ដែល​បាន​គ្រោងទុក និង​ធ្វើ​តាម​គោលបំណង​នៃ​ដំណឹងល្អ នោះ​វា​អាច​ចងក្រង​ដួងចិត្ត​យើង​រួមគ្នា​ឲ្យ​មាន​ការរាប់អាន និង​សាមគ្គីភាព​កាន់​តែ​ខ្លាំង​ថែម​ទៀត ។

ប្រធាន និង​គណៈកម្មការ​សកម្មភាព​វួដ​ដ៏​បំផុស​គំនិត​មួយ ថែទាំ​ដល់​បុគ្គល​ទាំងឡាយ និង​សហគមន៍​ពួក​បរិសុទ្ធ ។ សកម្មភាព​ដែល​រៀបចំ​ផែនការ​បាន​ល្អ​របស់​ពួកគេ ជួយ​មនុស្ស​គ្រប់គ្នា​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​មាន​តម្លៃ មាន​គេ​រាប់អាន និង​អញ្ជើញ​ឲ្យ​មាន​ចំណែក​មួយ​ដែល​ចាំបាច់ ។ សកម្មភាព​បែប​នោះ​បង្រួម​គម្លាត​អាយុ និង​សាវតា បង្កើត​ឲ្យ​មាន​អនុស្សាវរីយ៍​ដ៏​យូរ​អង្វែង ហើយ​អាច​ធ្វើ​បាន​ដោយ​ចំណាយ​តិចតួច ឬ​គ្មាន​ចំណាយ​ទាល់​តែ​សោះ ។ សកម្មភាព​ដំណឹងល្អ​ដ៏​រីករាយ​ក៏​អញ្ជើញ​ឲ្យ​អ្នក​ជិត​ខាង និង​មិត្តភក្ដិ​ចូលរួម​ផងដែរ ។

ជា​ញឹកញាប់ ទំនាក់ទំនង​សង្គម និង​ការបម្រើ​ដើរ​ព្រម​គ្នា ។ យុវមជ្ឈិមវ័យ​ដឹង​ថា ប្រសិនបើ​ក្មួយ​ពិត​ជា​ចង់​ស្គាល់​នរណា​ម្នាក់ នោះ​សូម​លាប​ថ្នាំ​ក្បែរ​គ្នា​នៅ​លើ​ជណ្ដើរ នៅ​ក្នុង​គម្រោង​បម្រើ​ណា​មួយ ។

រូបភាព
យុវមជ្ឈិមវ័យ កំពុង​ផាត់ពណ៌​នៅ​ក្នុង​គម្រោង​ការបម្រើ​មួយ<nb/>។

ពិត​ណាស់ គ្មាន​បុគ្គល​ណា​ម្នាក់ គ្មាន​គ្រួសារ​ណា​មួយ​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ យើង​ទាំង​អស់​គ្នា​ត្រូវការ​ជំនួយ ដើម្បី​និយាយ​ដោយ​ស្នេហ៍​ឲ្យ​បាន​កាន់​តែ​ប្រសើរ ។ « សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ » ។ សេចក្ដី​ជំនឿ ការបម្រើ និង​ការលះបង់​ទាញ​យើង​ឲ្យ​ទៅ​ហួស​ពី​ខ្លួន​យើង ខិត​កាន់​តែ​ជិត​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ កាលណា​យើង​មាន​ការបម្រើ មាន​ការលះបង់ និង​មាន​ចិត្ត​មេត្តា ស្មោះត្រង់ ហើយ​មិន​គិត​ពី​ខ្លួន​ឯង​នៅ​ក្នុង​ទ្រង់​កាន់​តែ​ខ្លាំង នោះ​យើង​នឹង​ចាប់​ផ្តើម​យល់​អំពី​សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​យើង​កាន់​តែ​ខ្លាំង​ឡើង ។

ហើយ​ការណ៍​នោះ​នាំ​យើង​ទៅ​កាន់​ភាសា​នៃ​ដំណឹងល្អ​នៃ​ម្ចាស់​សេចក្ដីសញ្ញា ។

យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ផ្តោត​តែ​លើ​ខ្លួនឯង ។ ច្រើន​ខ្លាំង​ដែល​និយាយ​ថា « ខ្ញុំ​រើស​ខ្លួន​ខ្ញុំ » ។ វា​ហាក់​ដូច​ជា​យើង​ជឿ​ថា យើង​ស្គាល់​​ខ្លួន​ឯង​ច្បាស់ ចាប់​អារម្មណ៍​ពី​ខ្លួន ឯង និង​របៀប​តស៊ូ​ដើម្បី​ខ្លួនឯង ។

ប៉ុន្ដែ​នៅ​ទី​បំផុត វា​មិន​ពិត​នោះ​ទេ ។ ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ជា​គំរូ​នៃ​សេចក្ដីពិត​ដ៏​មាន​អានុភាព និង​មិន​ចេះ​ហួស​សម័យ​នេះ​ថា ៖

« ព្រោះ​អ្នកណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នកណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ ។

« ដ្បិត​បើ​មនុស្ស​ណា [ ទាំង​ប្រុស​ទាំង​ស្រី ] នឹង​បាន​លោកីយ៍​ទាំងមូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ប្តូវ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ? »

ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ផ្លូវ​ដ៏​ប្រសើរ​មួយ—ទំនាក់ទំនង​ដែល​ស្ថាបនា​លើ​សេចក្ដីសញ្ញា​ដ៏​ទេវភាព​ដែល រឹងមាំ​ជាង​ចំណង​នៃ​សេចក្ដី​ស្លាប់ ។ សេចក្ដីសញ្ញា​ជា​មួយ​ព្រះ និង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក អាច​ព្យាបាល និង​បន្សុទ្ធ​យើង និង​ទំនាក់ទំនង​ជាទី​ស្រឡាញ់​បំផុត​របស់​យើង​បាន ។ នៅ​ក្នុង​សេចក្ដីពិត ទ្រង់​ស្គាល់​យើង​ច្បាស់​ជាង ហើយ​ស្រឡាញ់​យើង​ខ្លាំង​ជាង​យើង​ស្គាល់ ឬ​ស្រឡាញ់​ខ្លួនឯង​ទៅទៀត ។ នៅ​ក្នុង​សេចក្ដីពិត ពេល​យើង​ធ្វើ​សេចក្ដីសញ្ញា​ទាំង​អស់​ដែល​យើង​មាន នោះ​យើង​អាច​ប្រែក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ជាង​យើង​គិត​ទៅ​ទៀត ។ ព្រះចេស្ដា និង​ព្រះបញ្ញា​ញាណ​របស់​ព្រះ​អាច​ប្រទាន​ពរ​ឲ្យ​យើង​មាន​អំណោយ​ទាន​ដ៏​ល្អ​ទាំងអស់ ទៅ​តាម​ពេលវេលា និង​របៀប​របស់​ទ្រង់ ។

បញ្ញា សប្បនិម្មិត( AI ) ដែល​បង្កើត​ឡើង​សម្រាប់ ជំហាន​ដ៏​អស្ចារ្យ​ក្នុង​ការបកប្រែ​ភាសា ។ ជាយូរ​មក​ហើយ​ដែល​កុំព្យូទ័រ​អាច​បកប្រែ​ឃ្លា​គ្រាម​ភាសា​ដូចជា « វិញ្ញាណ​ស្ម័គ្រចិត្ត ប៉ុន្ដែ​សាច់ឈាម​ទន់​ខ្សោយ » ទៅជា « ស្រា​ល្អ ប៉ុន្ដែ​សាច់​ខូច » ទៅ​វិញ ។ គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​គំរូ​ដ៏​ច្រើន​ម្ដង​ហើយ​ម្ដង​ទៀត​នៃ​ភាសា​មួយ បង្រៀន​កុំព្យូទ័រ​ឲ្យ​ចេះ​ភាសា​មួយ​កាន់​តែ​ច្បាស់ កាន់​តែ​មាន​ប្រសិទ្ធភាព ជាង​ការបង្រៀន​កុំព្យូទ័រ​នោះ​ឲ្យ​ដឹងពី​ក្បួន​វេយ្យាករណ៍ ។

ស្រដៀង​គ្នា​ដែរ បទពិសោធន៍​ផ្ទាល់​ខ្លួន ដដែលៗ​របស់​យើង អាច​ក្លាយជា​របៀប​ខាង​វិញ្ញាណ​ដ៏ល្អ​បំផុត​របស់​យើង ដើម្បី​រៀន​ភាសា​ដំណឹងល្អ​នៃ​ភាពកក់ក្ដៅ និង​គារវភាព ការបម្រើ និង​ការលះបង់ និង​ភាសា​ម្ចាស់​នៃ​សេចក្ដីសញ្ញា ។

ដូច្នេះ តើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​បន្ទូល​ទៅ​កាន់​បងប្អូន​ដោយ​ស្នេហ៍​នៅ​កន្លែង​ណា និង​តាម​របៀប​ណា​ខ្លះ ?

តើ​បងប្អូន​ស្ដាប់​ឮ​បន្ទូល​នៃ​ក្តីស្នេហ៍​របស់​ទ្រង់​នៅ​កន្លែង​ណា និង​តាម​របៀប​ណា​ខ្លះ ?

សូម​ឲ្យ​យើង​ម្នាក់ៗ​រៀន​និយាយ និង​ស្ដាប់​ដោយ​ស្នេហ៍​របស់​ទ្រង់​នៅ​ក្នុង​ដួងចិត្ត និង​គេហដ្ឋាន​របស់​យើង និង​នៅ​ក្នុង​ការហៅ សកម្មភាព ការងារ​បម្រើ និង​ការបម្រើ​ក្នុង​ដំណឹងល្អ​របស់​យើង ។

នៅ​ក្នុង​ផែនការ​របស់​ព្រះ នៅ​ថ្ងៃ​មួយ យើង​ម្នាក់ៗ​នឹង​ផ្លាស់ប្ដូរ​ពី​ជីវិត​នេះ​ទៅ​កាន់​ជីវិត​បន្ទាប់​ទៀត ។ នៅ​ពេល​យើង​ជួប​ព្រះអម្ចាស់ ខ្ញុំ​ស្រមៃ​ថា ទ្រង់​មាន​បន្ទូល​ដោយ​ពាក្យ​ណែនាំ និង​ការសន្យា​ថា « យើង​និយាយ​ដោយ​ស្នេហ៍ » ។ នៅ​ក្នុង​​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕