ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៣–៩ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ « សេចក្តី​ស្លាប់​អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯណា ? »


« ថ្ងៃទី ៣–៩ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ ‹ សេចក្តី​ស្លាប់​អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯណា ? › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៣–៩ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

រូបភាព
ឧទ្យាន​ផ្នូរ

ថ្ងៃទី ៣–៩ ខែ មេសា

បុណ្យ​អ៊ីស្ទើរ

« សេចក្តីស្លាប់អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯណា ? »

នៅពេលបងប្អូនអាន​ទីបន្ទាល់​អំពី​ការ​រស់​ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​គម្រោង​នេះ សូម​កត់ចំណាំ​អំពី​អារម្មណ៍ និង​ចំណាប់អារម្មណ៍​ដែល​កើត​មាន​ចំពោះ​បងប្អូន​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

អំឡុង​សប្ដាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​ព្រះអង្គសង្គ្រោះ មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​នៅ​ជុំ​វិញ​ទ្រង់ ចូលរួម​នៅ​ក្នុង​ទំនៀមទម្លាប់​នៃ​បុណ្យរំលង ។ ពួកគេ​បាន​រៀបចំ​អាហារ ច្រៀង​ចម្រៀង ហើយ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ចងចាំ​អំពី​ការ​រំដោះ​នៃ​ពូជពង្ស​អ៊ីស្រាអែល​ ចេញពី​​ការ​ធ្វើជា​ទាសករ​ដល់​ពួក​អេស៊ីព្ទ ។ ក្រុមគ្រួសារ​បាន​ប្រមូល​ផ្ដុំ​គ្នា​ស្ដាប់ដំណើរ​រឿង​អំពី​ទេវតា​បំផ្លាញ ដែល​បាន​រំលង​ផុត​ផ្ទះ​របស់​ពួកអយ្យកោ​របស់ពួកគេ ដែល​បាន​គូស​សញ្ញា​នៅ​លើ​មាត់ទ្វារ​ដោយ​ឈាម​របស់​ចៀម ។ នៅ​ក្នុងពិធី​ប្រារព្វ​ទាំងអស់​នេះ គឺ​សម្បូរ​ទៅ​ដោយ​និមិត្ត​រូប​នៃ​ការ​ប្រោសលោះ ដែល​មាន​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​កូនចៀម​នៃ​ព្រះ ដែល​ហៀប​នឹង​រំដោះ​ពួកគេ​ចេញ​ពី​សេវកភាព​នៃ​អំពើបាប និង​សេចក្ដីស្លាប់—តាមរយៈ​ការ​រងទុក្ខ​ ការ​សុគត និង​ការ​រស់ឡើងវិញ​របស់​ទ្រង់ ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ក៏​មាន​អ្នក​ដែល​ទទួល​ស្គាល់​ព្រះយេស៊ូវ​ថា​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា​របស់​ពួកគេ ជា​អង្គប្រោសលោះ​ដ៏​អស់កល្បជានិច្ច​របស់​ពួកគេ​ដែរ ។ ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​ថ្លែង​ជា​សាក្សី​ទៅ​កាន់​ពិភពលោក​ថា « ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា … ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ » ( កូរិនថូស ទី១ ១៥:៣–៤ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ២១–២៨

ព្រះយេស៊ូវគ្រីស្ទ​រំដោះ​ខ្ញុំ​ពី​អំពើបាប និង​សេចក្ដីស្លាប់ ពង្រឹង​ភាព​ទន់ខ្សោយ​របស់​ខ្ញុំ ហើយ​លួងលោម​ចិត្ត​ខ្ញុំ​នៅ​ក្នុង​ការសាកល្បង​របស់​ខ្ញុំ ។

របៀប​មួយ​ដើម្បី​ផ្ដោត​ទៅលើ​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ សប្ដាហ៍​នេះ​ត្រូវ​ចំណាយ​ពេល​ជា​រៀងរាល់​ថ្ងៃ​អាន អំពី​សប្ដាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​ព្រះយេស៊ូវ ( កាលវិភាគ​អាន​អាច​មាន​ដូច​ខាង​ក្រោម ) ។ តើបងប្អូន​រកឃើញ​អ្វីខ្លះ​នៅ ក្នុង​ជំពូក​ទាំងនេះ​ដែល​ជួយ​បងប្អូនឲ្យ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ពី​ព្រះអង្គសង្គ្រោះ ? សូម​ពិចារណា​ថាតើ​ជំពូក​ទាំងនេះ​បង្រៀន​បងប្អូន​អំពី​អ្វី​ខ្លះ ទាក់ទង​នឹង​របៀប​ដែល​ទ្រង់​អាច​រំដោះ​បងប្អូន​ពី​អំពើបាប សេចក្ដី​ស្លាប់ ការសាកល្បង និង​ភាពទន់ខ្សោយ ។ តើ​បងប្អូនប្រើសេចក្ដីជំនឿ​ទៅលើ​ព្រះចេស្ដា​នៃ​ការ​រំដោះ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • ថ្ងៃអាទិត្យ ៖ ការ​ចូល​ទៅ​ទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ( ម៉ាថាយ ២១:៦–១១ )

  • ថ្ងៃ​ចន្ទ ៖ ការ​សម្អាត​ព្រះវិហារ​បរិសុទ្ធ ( ម៉ាថាយ ២១:១២–១៦ )

  • ថ្ងៃ​អង្គារ ៖ ការ​បង្រៀន​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម ( ម៉ាថាយ ២១–២៣ )

  • ថ្ងៃពុធ ៖ បាន​បន្ដ​ការ​បង្រៀន ( ម៉ាថាយ ២៤–២៥ )

  • ថ្ងៃ​ព្រហស្បតិ៍ ៖ បុណ្យរំលង និង​ការ​រងទុក្ខ​របស់​ព្រះ​គ្រីស្ទ​នៅក្នុងសួនច្បារ​គេតសេម៉ានី ( ម៉ាថាយ ២៦ )

  • ថ្ងៃ​សុក្រ ៖ ការ​សាកល្បង ការឆ្កាង និង​ការ​បញ្ចុះ ( ម៉ាថាយ ២៧:១–៦១ )

  • ថ្ងៃសៅរ៍ ៖ ព្រះសព​របស់​ព្រះគ្រីស្ទ​បាន​ដាក់​ទៅ​ក្នុង​ផ្នូរ ( ម៉ាថាយ ២៧:៦២–៦៦ ) ខណៈ​ដែល​ទ្រង់​ធ្វើ​ការងារ​បម្រើនៅក្នុង​ពិភពវិញ្ញាណ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨ )

  • ថ្ងៃ​អាទិត្យ ៖ ការ​យាង​ទៅ​ស្ថានសួគ៌​នៃព្រះយេស៊ូវ​គ្រីស្ទ និង​ការយាង​មក​ជួប​នឹង​ពួក​សិស្ស​របស់​ទ្រង់ ( ម៉ាថាយ ២៨:១–១០ )

សូមមើល​ផងដែរ​នៅ​លើ​គេហទំព័រ Easter.ComeuntoChrist.org ។

រូបភាព
ព្រះយេស៊ូវ​នៅលើ​ឈើ​ឆ្កាង

ការឆ្កាង ដោយ លូអីស ផាកកឺ

ម៉ាថាយ ២៨:១–១០; លូកា ២៤:១៣–៣៥; យ៉ូហាន ២០:១៩–២៩; កូរិនថូស ទី១ ១៥:១–៨, ៥៥

សាក្សី​ជាច្រើន​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ស្រមៃ​មើល​ថា​វា​មាន​អារម្មណ៍​យ៉ាង​ណា ដែល​ចំពោះ​ពួក​សិស្ស​មើល​ឃើញ​ព្រះយេស៊ូវ​ត្រូវ​គេ​ចំអក ប្រមាថ ហើយ​ឆ្កាង​នោះ ។ ពួកគេ​បាន​ធ្វើ​ជា​សាក្សី​ពី​ព្រះចេស្ដា​របស់ទ្រង់ បាន​ដឹង​ពី​សេចក្ដីពិត​នៃ​ការ​បង្រៀន​របស់​ទ្រង់ ហើយ​មាន​ជំនឿ​ថា​ទ្រង់​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ ។ ការធ្វើ​ជា​សាក្សី​ពី​ការសុគត​របស់​ទ្រង់ ប្រាកដ​ជា​បាន​បណ្ដាល​ឲ្យ​ពួកសិស្ស​របស់​ទ្រង់​មាន​អារម្មណ៍​ទុក្ខព្រួយ និង​ភាន់ច្រឡំ ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ពួកគេ​បាន​ក្លាយ​ជា​សាក្សីនៃ​អព្ភូហេតុ​ដ៏​អស្ចារ្យ​ពី​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ទ្រង់ ។

តើ​បងប្អូន​អាច​រៀន​អ្វី​ខ្លះ ក្នុង​ដំណើរ​រឿង​អំពី​អ្នកទាំងឡាយ​ដែល​បាន​ឃើញ​ព្រះអង្គសង្គ្រោះ​ដែល​ព្រះជន្ម​រស់​ឡើង​វិញ​នោះ ? សូម​គូសចំណាំ ឬ​កត់ចំណាំ​បទពិសោធន៍​របស់​បុគ្គល​ម្នាក់ៗ​នៅក្នុង ម៉ាថាយ ២៨:១–១០; លូកា ២៤:១៣–៣៥; យ៉ូហាន ២០:១៩–២៩; និង កូរិនថូស ទី១ ១៥:១–៨, ៥៥ ។ ( សាក្សី​ផ្សេងទៀត​អំពី​ព្រះគ្រីស្ទ​ដែល​ព្រះជន្ម​រស់ឡើងវិញ អាច​រកឃើញ​នៅ​ក្នុង នីហ្វៃទី៣ ១១; មរមន ១:១៥; អេធើរ ១២:៣៨–៣៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១៩–២៤; ១១០:១–១០ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៧ ) ។ តើ​អ្វីទៅ​ដែល​ធ្វើ​ឲ្យ​បងប្អូន​មាន​ចំណាប់​អារម្មណ៍​អំពី​ទីបន្ទាល់​របស់​សាក្សី​ទាំងនេះ ? បន្ទាប់​ពី​ការ​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ អ្នក​ផ្សេងទៀត​ក៏​បាន​រស់ឡើង​វិញផងដែរ ហើយ​បាន​បង្ហាញខ្លួន​ដល់​មនុស្ស​ជាច្រើន ( សូមមើលម៉ាថាយ ២៧:៥២–៥៣; នីហ្វៃទី៣ ២៣:៩ ) ។ តើ​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះអង្គ​សង្គ្រោះ និង​ការសន្យា​នៃការរស់​ឡើង​វិញ ជះឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​រស់នៅ​យ៉ាង​ដូច​ម្ដេច ?

សូមមើល​ផងដែរ « Jesus Is Resurrected » « The Risen Lord Appears to the Apostles » « Blessed Are They That Have Not Seen, and Yet Have Believed » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ពេត្រុស ទី១ ១:៣–១១

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​សេចក្ដីសង្ឃឹម និងក្តី​អំណរ​ដល់​ខ្ញុំ ។

តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​នៅក្នុង ពេត្រុស ទី១ ១:៣–១១ បាន​ផ្ដល់​សេចក្តីសង្ឃឹម​ដល់​បងប្អូន​ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​បងប្អូនទទួល​អារម្មណ៍​ពី​សេចក្ដីសង្ឃឹម​នោះ​នៅពេល​ណា ?

អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បាន​ថ្លែង​ទីបន្ទាល់​ថា ការរស់ឡើងវិញ « ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​អ្នក​ដែល​បាន​បាត់បង់​អវយវៈ ដែល​លែង​មើល​ឃើញ លែង​ស្ដាប់​ឮ ឬ​លែង​ដើរ​បាន ឬ​ដែល​រងទុក្ខ​នឹង​ជំងឺ​រុំារ៉ៃ ជំងឺ​ផ្លូវ​ចិត្ត ឬ​សមត្ថភាព​ថយ​ចុះ​ផ្សេង​ទៀត ។ ទ្រង់​នឹង​រក​យើង​ឃើញ ។ ទ្រង់​ធ្វើ​ឲ្យ​យើង​ពេញលេញ ។ … [ ជាមួយ​គ្នា​ផងដែរ ] ដោយសារ ‹ ព្រះអង្គ​ទ្រង់​ផ្ទាល់​បាន​ធ្វើឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្ស​លោក › [ អាលម៉ា ៤២:១៥ ] … នោះ​ជាមួយ​នឹង​សេចក្ដី​មេត្តា​ករុណា ទ្រង់​អាច​ជួយ​យើង​ទៅតាម​ភាពទន់ខ្សោយ របស់​យើង ។ … យើង​ប្រែចិត្ត ហើយ​ធ្វើ​អ្វី​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ។ ទ្រង់​ឱប​ក្រសោប​យើង​អស់កល្ប​ជានិច្ច ‹ ដោយព្រះ​ពាហុ​នៃសេចក្ដី​ស្រឡាញ់​របស់​ទ្រង់ › [ នីហ្វៃទី២ ១:១៥ ] » ( « Hosanna and Hallelujah—The Living Jesus Christ: The Heart of Restoration and Easter » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៥៤ ) ។

សូមមើល​ផងដែរ អាលម៉ា ២៧:២៨; ៣៦:១–២៤; នីហ្វៃទី៣ ៩:១១–១៧; មរ៉ូណៃ ៧:៤០–៤១

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំក្រុម​គ្រួសារ

ComeuntoChrist.org ។គេហទំព័រ Easter.ComeuntoChrist.org មាន​នូវ​កាលប្រវត្តិ និង​ការពិពណ៌នា​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅក្នង​ថ្ងៃ​នីមួយៗ​នៃ​សប្ដាហ៍​ចុងក្រោយ ​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ ជា​រៀងរាល់​ថ្ងៃ​ក្នុង​សប្ដាហ៍​នោះ គ្រួសារ​របស់​បងប្អូន​អាច​រំឭក​អំពី​ការ​ពិពណ៌នា​ទាំងនេះ​ដើម្បី​មើល​ឃើញ​ពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​នៅ​ថ្ងៃនោះ ឬ​បងប្អូន​អាច​អាន​អំពី​សប្ដាហ៍​ចុង​ក្រោយ​របស់​ទ្រង់នៅក្នុង​បទគម្ពីរ​ជា​គ្រួសារ ( សូមមើល​បញ្ជី​ផ្ដល់​ជា​គំនិត​នៅក្នុង​វគ្គ « គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន » ខាងលើ ) ។

ទំនុកតម្កើង និង សៀវភៅ​ចម្រៀង​កុមារ ។សូម​ពិចារណា​ក្នុង​ការច្រៀង​ជាមួយ​គ្នា​នូវ​ចម្រៀង​ទាំងឡាយ​អំពី​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ អំឡុង​សប្ដាហ៍​នេះ រួម​ទាំង​ចម្រៀង​ខ្លះ​ដែល​បងប្អូន​មិន​សូវ​ចេះ​ផងដែរ ។ ( សូមមើល លិបិក្រម​ប្រធានបទ​នៃ ទំនុក​តម្កើងសៀវភៅ​ចម្រៀង​កុមារ ក្រោម​ប្រធានបទ​ដូចជា « ដង្វាយធួន » « បុណ្យអ៊ីស្ទើរ » ឬ « ការរស់ឡើងវិញ » ) ។ ដើម្បី​ជួយ​សមាជិក​គ្រួសារ​រៀន​ចម្រៀង​ទាំងឡាយ បងប្អូនអាច​បង្ហាញ​រូបភាព​ដែល​ត្រូវ​នឹង​ទំនុកបទ ។

ការចងក្រង​អំពី « ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ការចងក្រង​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ដែល​មាន​ចំណងជើង​ថា « ព្រះយេស៊ូវ​គ្រីស្ទ » រួម​មាន​នូវ​វីដេអូ រូបសិល្បៈ និង​តន្ត្រី ដែល​អាច​ជួយ​គ្រួសារ​បងប្អូន​ឲ្យ​ប្រារព្ធពិធី​អបអរ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ថ្ងៃបុណ្យ​អ៊ីស្ទើរ​នេះ ។

« ព្រះគ្រីស្ទដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ។សូម​អាន « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ជា​ក្រុម​គ្រួសារ ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​សារលិខិត​បុណ្យ​អ៊ីស្ទើរ​មួយ ចេញ​ពី​ទីបន្ទាល់​នេះ​ដើម្បី​ចែកចាយ​ជាមួយ​អ្នក​ផ្សេង​ទៀត ។ ឧទាហរណ៍ បងប្អូនអាច​បង្កើត​ជា​បដា​បង្ហាញ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម នៅលើ​ច្រក​ទ្វារ​របស់បងប្អូន ឬ​នៅក្នុង​គេហដ្ឋាន​របស់​បង​ប្អូន ។

សម្រាប់​គំនិត​បន្ថែម​ សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ព្រះយេស៊ូវ​បាន​រស់​ឡើង​វិញ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៤ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ដាក់គោលដៅ​ដែល​អាច​គ្រប់គ្រង​បាន ។ ការចំណាយ​ពេល​ពីរបីនាទី​ក្នុង​មួយ​ថ្ងៃ សិក្សា​បទគម្ពីរ អាច​ផ្តល់​ពរ​ដល់​ជីវិត​របស់​បងប្អូន ។ សូម​តាំងចិត្ត​សិក្សា​រាល់ថ្ងៃ ស្វែងរក​វិធី​មួយ​ដើម្បី​រំឭកបងប្អូន​អំពី​ការ​តាំង​ចិត្ត​របស់​បងប្អូន ហើយ​ខំ​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ធ្វើ​តាម ។ ប្រសិន​បើ​បងប្អូន​ភ្លេច សូម​កុំ​បោះបង់​ចោល​ឡើយ ។ គ្រាន់តែ​ចាប់ផ្ដើម​ម្ដង​ទៀត ។

រូបភាព
ព្រះគ្រីស្ទនៅក្នុងសួនច្បារគែតសេម៉ានី

សួន​ច្បារ​គែតសេម៉ានី ដោយ អ័ដាម អាប់រាម