ឆ្នាំ ២០១០-២០១៩
«ចូរ​មក​តាមខ្ញុំ»
ខែ មេសា 2013


« ចូរ​មក​តាម​ខ្ញុំ »

តាមរយៈ​បន្ទូល​ និង ​គំរូ​ទ្រង់ ព្រះគ្រីស្ទ​បាន​បង្ហាញ​យើង​ពី​របៀប​ខិត​ទៅ​ជិត​ទ្រង់ ។

ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​នៅ​ជាមួយ​អ្នក​ ក្នុង​សន្និសីទ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នេះ ។ នេះ​ជា​សាសនាចក្រ​ទ្រង់ ។ យើង​លើក​ដាក់​ព្រះនាម​ទ្រង់​មក​លើ​យើង ពេល​យើង​ចូល​ក្នុង​នគរ​ទ្រង់ ។ ទ្រង់​ជា​ព្រះ ជា​ព្រះ​ដ៏​បង្ក​បង្កើត ហើយ​ល្អ​ឥត​ខ្ចោះ ។ យើង​ជា​មនុស្ស​រមែង​ស្លាប់​ មាន​សេចក្ដី​ស្លាប់ និង ​អំពើ​បាប ។ តែ​ក្នុង​ក្ដី​ស្រឡាញ់​ទ្រង់​ចំពោះ​យើង និង ​គ្រួសារ​យើង ទ្រង់​អញ្ជើញ​យើង​ឲ្យ​ខិត​មក​ជិត​ទ្រង់ ។ នេះ​ជា​បន្ទូល​ទ្រង់ ៖ « ចូរ​​ចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក ចូរ​ព្យាយាម​ស្វែង​រក​យើង នោះ​អ្នករាល់គ្នា​នឹង​បាន​ជួប​យើង ចូរ​សូម​ នោះ​អ្នករាល់គ្នា​នឹង​បាន​ទទួល ចូរ​គោះ នោះ​តែង​នឹង​បាន​បើក​ឲ្យ​អ្នក » ។1

នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ យើង​បាន​នឹក​ចាំ​ពី​ហេតុផល​ដែល​យើង​ស្រឡាញ់​ទ្រង់ និង​ការ​សន្យា​ដែល​ទ្រង់​បាន​ធ្វើ​នឹង​ពួក​សិស្ស​ស្មោះត្រង់​នៃ​ទ្រង់ ​ដើម្បី​ក្លាយ​ជា​មិត្ត​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ។​ ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើការ​សន្យា​នោះ ហើយ​ប្រាប់​យើង​ពី​របៀប​ដែល​ទ្រង់​មក​រក​យើង នៅ​ក្នុងការ​បម្រើ​យើង​ចំពោះ​ទ្រង់ ។ ឧទាហរណ៍​មួយ​នៅ​ក្នុង​វិវរណៈ​ទៅកាន់ អូលីវើរ ខៅឌើរី ខណៈ​ដែល​គាត់​បាន​បម្រើ​ព្រះអម្ចាស់​ជាមួយ​នឹង​ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុង​ការ​បកប្រែ​ព្រះ​គម្ពីរ​មរមន ៖ « មើល​ចុះ អ្នក​ជា​ អូលីវើរ ហើយ​យើង​និយាយ​​ទៅ​កាន់​អ្នក​មក​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​អ្នក ហេតុដូច្នេះ​ហើយ ចូរ​រក្សា​ព្រះ​បន្ទូល​ទាំងឡាយ​នេះ​ ទុក​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ចុះ ។ ចូរ​មាន​ចិត្ត​ស្មោះត្រង់ ហើយ​មាន​ចិត្ត​ព្យាយាម​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ​ចុះ ហើយ​យើង​នឹង​ឱប​ក្រសោប​អ្នក​ដោយ​ពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង » ។2

ខ្ញុំ​ធ្លាប់​មាន​ក្ដី​អំណរ​នៃ​ការខិត​​ជិត​ព្រះអង្គ​សង្គ្រោះ និង ​ការ​យាង​​របស់​ទ្រង់​មក​ជិត​ខ្ញុំ​ ដែល​ជា​ញឹក​ញាប់​ តាមរយៈ​ទង្វើ​ដ៏​សាមញ្ញ​នៃ​ការ​គោរព​តាម​ព្រះ​បញ្ញត្តិ ។

អ្នក​ធ្លាប់​មាន​បទពិសោធន៍​បែប​នេះ ។ វា​បាន​កើត​ឡើង​ពេល​អ្នក​ជ្រើសរើស​​​ចូល​រួម​ការ​ប្រជុំ​សាក្រាម៉ង់ ។ វា​បាន​កើត​មាន​ចំពោះ​ខ្ញុំ​នៅ​ថ្ងៃ​បរិសុទ្ធ​មួយ កាល​ខ្ញុំ​នៅ​ក្មេង ។ នៅ​សម័យ​នោះ​យើង​ទទួល​សាក្រាម៉ង់​ក្នុង​ការ​ប្រជុំ​ពេល​ល្ងាច ។ ​ការ​ចងចាំ​​ពី​ថ្ងៃ​មួយ​កាល​ពី​ជាង 65 ឆ្នាំ​មុន ពេល​ខ្ញុំ​បាន​គោរព​បញ្ញត្តិ​រួម​គ្នា​នឹង​គ្រួសារ​ខ្ញុំ និង ​ពួក​បរិសុទ្ធ នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខិត​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ ។

អាកាស​ធាតុ​នៅ​ខាង​ក្រៅ​ត្រជាក់ ហើយ​ងងឹត ។ ខ្ញុំ​ចាំ​ពី​ការ​ទទួល​អារម្មណ៍​នូវ​ពន្លឺ និង ​ភាព​កក់ក្ដៅ​ក្នុង​រោង​ថ្វាយ​បង្គំ​នៅ​ល្ងាច​នោះ​ជាមួយ​នឹង​ឪពុកម្ដាយ​ខ្ញុំ ។ យើង​ទទួល​ទាន​សាក្រាម៉ង់ ដែល​រៀបចំ​ដោយ​ពួក​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ ដោយ​ធ្វើ​សេចក្ដី​សញ្ញា​នឹង​ព្រះវរបិតា​សួគ៌​របស់​យើង​ថា ​នឹង​ចង​ចាំ​ព្រះរាជបុត្រា​ទ្រង់ ហើយ​គោរព​បញ្ញត្តិ​ទ្រង់​ជានិច្ច ។​

នៅ​ពេល​ការ​ប្រជុំ​នោះ​បញ្ចប់​យើង​បាន​ច្រៀង​​បទ « សូម​នៅ​ជាមួយ​នឹង​យើង​ខ្ញុំ​សិន ថ្ងៃ​ទាប​ណាស់​ហើយ » ដែល​មាន​ទំនុក​ច្រៀង​ថា ៖ « ឱ! ព្រះអង្គ​សង្គ្រោះ សូម​គង់​នឹង​ខ្ញុំ​នា​យប់​នេះ » ។3

ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ក្ដី​ស្រឡាញ់​ និង​ ការ​យាង​មក​ជិត​នៃ​ព្រះអង្គ​សង្គ្រោះ​នៅ​ល្ងាច​នោះ។ ខ្ញុំ​ទទួល​អារម្មណ៍​នូវ​ការ​លួងលោម​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ខ្ញុំ​ចង់​មាន​អារម្មណ៍​ពី​ក្ដី​ស្រឡាញ់​នៃ​​ព្រះអង្គ​សង្គ្រោះ និង ​ការ​យាង​មក​ជិត​នៃ​ទ្រង់​ដែល​ខ្ញុំ​ធ្លាប់​មាន​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​កាល​ពី​ខ្ញុំ​នៅ​ក្មេង​ម្ដង​ទៀត ។ ដូច្នេះ​ថ្មីៗ​នេះ ខ្ញុំ​បាន​រក្សា​បញ្ញត្តិ​មួយ​ទៀត ។ ខ្ញុំ​បាន​ស្រាវ​ជ្រាវ​ក្នុង​បទគម្ពីរ ។ ក្នុង​បទគម្ពីរ​ទាំងនោះ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ជួយ​​ខ្ញុំ​ទទួល​នូវ​អារម្មណ៍​ដែល​សិស្សដែល​រស់​ឡើងពីរ​រូប​នៃ​ព្រះអម្ចាស់​​បាន​ទទួល​ ពេល​ទ្រង់​បាន​ទទួល​​ការ​អញ្ជើញរបស់​​ពួកគេ​ឲ្យ​យាង​មក​ក្នុង​ផ្ទះ ហើយ​គង់​នៅ​នឹង​ពួកគេ​ម្ដង​ទៀត​នោះ​ ។

ខ្ញុំ​បាន​អាន​អំ​ពី​ថ្ងៃ​ទី​បី​ក្រោយ​​ពី​ការ​ឆ្កាង ហើយការ​​យក​ទ្រង់ទៅ​​ដាក់​ក្នុង​ផ្នូរ ។ ពួក​ស្ត្រី​ស្មោះត្រង់ និង ​មនុស្ស​ដទៃ​ទៀត​បាន​ឃើញ​ថា ​ផ្ទាំង​ថ្ម​ត្រូវ​បាន​គេ​រំកិល​ចេញ​ពី​ផ្នូរ ហើយ​បាន​ឃើញ​ថា​សាកសព​ទ្រង់​មិន​នៅ​ទីនោះ​ឡើយ ។ ពួក​គេ​បាន​មកដើម្បី​លាប​ប្រេង​ឲ្យព្រះ​សព​ទ្រង់ ដោយសារ​ពួកគេស្រឡាញ់​ទ្រង់ ។

មាន​ទេវតា​ពីរ​អង្គ​បាន​ឈរ​នៅ​ក្បែរ​នោះ ហើយ​បាន​សួរ​ ហេតុអ្វី​បាន​ពួកគេ​ខ្លាច​ ដោយ​មាន​បន្ទូល​ថា ៖

« ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ ?

« ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទីនេះ​ទេ ចូរ​នឹក​ចាំ​ពី​ព្រះ​បន្ទូល​ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​អ្នក​រាល់គ្នា​ ក្នុង​កាល​ដែល​​នៅ​ស្រុក​កា​លីឡេ​នៅ​ឡើយ

« ថា កូន​មនុស្យ​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មនុស្ស​មាន​បាប​ឲ្យ​គេ​ឆ្កាង ហើយបី​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ » ។4

ក្នុង​គម្ពីរ​ ម៉ាកុស ​បន្ថែម​អំពី​ការ​ណែនាំ​របស់​​ទេវតា​មួយ​អង្គ​ទៀត​ថា ៖ « ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ពួក​សិស្ស​ទ្រង់ ព្រម​ទាំង ​ពេត្រុស​​ផង​ថា ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា​ហើយ អ្នករាល់គ្នា​នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ ដូចជា​ទ្រង់​បាន​ប្រាប់​ទុក » ។5

ពួក​សាវក និង ​សិស្ស​បាន​ជួបជុំ​គ្នា​នៅក្រុង​​យេរូសាឡិម ។ ដូចជា​យើង​ផង​ដែរ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច ហើយ​ឆ្ងល់ ពេល​ពួកគេ​ពិភាក្សា​គ្នា​ថា តើ​ការ​ស្លាប់ និង ការ​​រស់​ឡើងវិញ​របស់​ទ្រង់​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួកគេ ។​

មាន​ពួក​សិស្ស​ពីរនាក់​បាន​ដើរ​នៅរសៀល​​នោះ​ពី​ក្រុង​យេរូសាឡិម ទៅភូមិ អេម៉ោស ។ ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​លេច​មក​ ហើយ​បាន​ដើរ​ជាមួយ​ពួកគេ ។ ព្រះអម្ចាស់​​បាន​យាង​មក​រក​​ពួកគេ ។

គម្ពីរ​​លូកា​ ធ្វើ​ឲ្យ​យើង​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នា​ល្ងាច​នោះ​ជាមួយ​នឹង​ពួកគេ ៖​

« កាល​កំពុង​​តែ​និយាយ​គ្នា ហើយ​រិះ​គិត​ដូច្នេះ នោះ​ព្រះយេស៊ូវ​ក៏​ចូល​មក​​យាង​ជាមួយ​នឹង​គេ​ដែរ ។

« តែ​​ភ្នែក​គេ​ត្រូវ​ស្ពិន​មិន​ឲ្យ​ស្គាល់​ទ្រង់​ទេ ។

« ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​រឿង​អ្វី​ដែល​អ្នក​និយាយ​គ្នា​កំពុង​ដែល​ដើរ​ទៅ​ដោយ​មាន​មុខ​ស្រងួត​ដូច្នេះ ?

« ឯ​ម្នាក់​ដែល​ឈ្មោះ ​ក្លេវប៉ាស គាត់​ឆ្លើយ​ថា តើ​អ្នក​ស្នាក់​នៅ​ក្នុង​ក្រុង​​យេរូសាឡិម​ តែ​ម្នាក់​ឯង​ទេ​ឬ​អី បាន​ជា​មិន​ដឹង​ការណ៍​​ដែល​កើត​មក​នៅ​គ្រា​នេះ ? » 6

ពួកគេ​បាន​ប្រាប់​ទ្រង់​ពី​ភាព​សោកសៅ​ ដោយសារ​ព្រះយេស៊ូវ​បាន​សុគត​ ពេល​ពួកគេ​ទុក​ចិត្ត​ថា ​ទ្រង់​នឹង​ក្លាយ​ជា​ព្រះ​ប្រោស​លោះ​នៃ​អ៊ីស្រាអែល ។

ពិត​ជា​មាន​​ឥទ្ធិពល នៅ​ក្នុង​បន្ទូល​​របស់​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ ពេល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​សិស្ស​ទាំង​ពីរ ​ដែល​មាន​ភាព​សោកសៅនោះ ។

« នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ឱ​មនុស្ស​ឥត​ពិចារណា​ ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្ដី​ដែល​ពួក​ហោ​រា​បាន​ទាយ​ទុក​មក​អើយ ៖

« តើ​មិន​គួរ​ឲ្យ​ព្រះគ្រីស្ទ​រងទុក្ខ​ទាំងនោះ ហើយ​ចូល​ទៅ​ក្នុង​សិរី​ល្អ​នៃ​ទ្រង់​វិញ​ទេ​ឬ​អី ?

« រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្ដី​ដែល​តម្រូវ​ដល់​ទ្រង់​ពី​ក្នុង​គម្ពីរ​ទាំងឡាយ​ឲ្យ​គេ​ស្ដាប់​ចាប់​តាំង​ពី​គម្ពីរ​លោក​ ម៉ូសេ និង ​គម្ពីរ​ពួក​ហោរា​រៀង​មក » ។ 7

គ្រា​មួយ​បន្ទាប់មក​ទៀត​ ដែល​​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កក់ក្ដៅ ​តាំង​ពី​ខ្ញុំ​នៅ​ក្មេងមក​គឺ​ថា​ ៖

« នោះ​ក៏​ជិត​ដល់​ភូមិ​ដែល​គេ​គិត​ទៅ ហើយ​ទ្រង់​ធ្វើ​ដូចជា​ចង់​យាង​បង្ហួស ។

« តែ​គេ​ឃាត់​ទ្រង់​ដោយ​ពាក្យ​ថា សូម​នៅ​ជាមួយ​នឹង​យើង​ខ្ញុំ​សិន ពីព្រោះ​ល្ងាច​ថ្ងៃ​ទាប​ណាស់​ហើយ ដូច្នេះ​ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​ជាមួយ​នឹង​គេ » ។8

ព្រះអង្គ​សង្គ្រោះ​បាន​ទទួល​យក​ការ​អញ្ជើញ​នា​យប់​នោះ​ ឲ្យ​យាង​ចូល​ទៅ​ក្នុងផ្ទះ​នៃ​​សិស្ស​របស់​ទ្រង់នៅ​ជិត​ភូមិ អេម៉ោស ។

ទ្រង់​អង្គុយ​សោយ​អាហារ​ជាមួយ​ពួកគេ ។ ទ្រង់​បាន​យក​នំប៉័ង​មក​ប្រសិទ្ធពរ ហើយ​ហែក​វា​ចែក​ឲ្យ​ពួកគេ ។ ភ្នែក​ពួកគេ​ត្រូវ​បាន​បើកឲ្យ​ស្គាល់​ទ្រង់ ។ រួច​ទ្រង់​យាង​ចេញ​ពី​ពួក​គេ​ទៅ ។ លូកា​ បាន​កាត់​ត្រា​សម្រាប់​យើង​ពី​អារម្មណ៍​នៃ​ពួក​សិស្ស​ដ៏​មាន​ពរ​ទាំង​នោះ​ថា ៖ « នោះ​គេ​និយាយ​គ្នា​ថា តើ​យើង​មិន​មាន​សេចក្ដី​ខ្មួល​ខ្មាញ់​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នឹង​យើង ហើយ​សំដែង​ពី​គម្ពីរ​តាម​ផ្លូវ​នោះ​ទេ​ឬ​អី ? »9

នៅ​ក្នុង​ម៉ោង​ជាមួយ​គ្នានោះ​​ដែរ សិស្ស​ទាំង​ពីរ​នាក់​​បាន​​រួសរាន់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម ​វិញ ដើម្បី​ប្រាប់​ដល់​ពួក​សាវក​ទាំង​ដប់​មួយ​នាក់​ពី​​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ពួកគេ ។ នៅ​គ្រា​នោះ​ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក​ម្ដង​ទៀត ។

ទ្រង់​បាន​រំឭក​ឡើង​វិញ​ពី​ការ​ព្យាករណ៍​នៃ​បេសកកម្ម​ទ្រង់​ ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​បាប​នៃ​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតា​ទ្រង់ ហើយ​ផ្ដាច់​ចំណង​នៃ​សេចក្ដី​ស្លាប់ ។

« ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា គឺ​សេចក្ដី​នេះ​ហើយ​ដែល​បាន​ចែង​ទុក​មក​ គឺ​ថា​ព្រះ​គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅថ្ងៃ​ទី​​បី​ទ្រង់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ ៖​

« ហើយ​ត្រូវឲ្យ​កែប្រែ​ចិត្ត និង ​សេចក្ដី​ប្រោស​ឲ្យ​រួច​ បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍​ដោយ​នូវ​ព្រះនាម​ទ្រង់​​ចាប់​តាំង​ពី​ក្រុង​​យេរូសាឡិម​ទៅ ។

« អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ពី​ការ​ទាំងនេះ » ។ 10

ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ពិត​ចំពោះ​យើង ​ដូចជា​ចំពោះ​សិស្ស​របស់​ទ្រង់​ពេល​នោះ​ដែរ ។ យើង​ជា​សាក្សី​នៃ​ការណ៍​ទាំងនេះ ។ ហើយ​ទំនួល​ខុសត្រូវ​ដ៏​រុងរឿង​​ដែល​យើង​បាន​ទទួល​យក​ ពេល​យើង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ចូល​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​យើង​ដោយ​ព្យាការី អាលម៉ា កាល​​ពី​​ច្រើន​ទសវត្សរ៍​​មុន​នៅ​ទន្លេ​​មរមន​ថា ៖

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​និយាយ​ទៅ​កាន់​ពួកគេ​ថា ៖ មើល​ចុះ នេះ​ជា​ទឹក​មរមន ( ព្រោះ​នេះ​ជា​ឈ្មោះ​ដែល​គេ​ហៅ ) ហើយ​ឥឡូវ​នេះ​ ដោយ​អ្នករាល់គ្នា​មាន​បំណង​ចង់​ចូលរួម​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅ​ថា​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល

« មែន​ហើយ ហើយ​យល់​ព្រម​ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ មែនហើយ ហើយ​កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ត​ទុក ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង ​គ្រប់​សេចក្ដី និង​គ្រប់​ទីកន្លែង​ដែល​អ្នករាល់គ្នា​បាន​នៅ​រហូត​ដល់​ពេល​ស្លាប់ ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​បាន​ប្រោស​លោះ​ដោយ​ព្រះ ហើយ​បាន​រាប់​ជាមួយ​នឹង​ពួក​អ្នក​នៃ​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ---

« ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ បើ​សិន​នេះ​ជា​បំណង​នៅ​ក្នុង​ចិត្ត​អ្នក តើ​មាន​អ្វី​ទៅ​ដែល​រារាំង​អ្នក​​មិន​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី​ដល់​ទ្រង់​ថា អ្នករាល់គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់​ថា អ្នករាល់គ្នា​នឹង​បម្រើ​ព្រះ​អង្គ ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ស្រោច​ព្រះវិញ្ញាណ​ទ្រង់​មក​លើ​អ្នក​រាល់គ្នា​យ៉ាង​បរិបូរណ៍ ?

« ហើយ​ឥឡូវ​នេះ កាល​ប្រជាជន​បាន​ឮ​ពាក្យ​ទាំងនេះ​ គេ​ក៏​បាន​ទះ​ដៃ​ដោយ​សេចក្ដី​អំណរ ហើយ​ស្រែក​ថា ៖ នេះ​ហើយ​ជា​បំណង​នៃ​ចិត្ត​របស់​យើង​ខ្ញុំ » ។11

យើង​ស្ថិត​នៅ​ក្រោម​សេចក្ដី​សញ្ញា​ ទាំង​ការ​ជួយ​ដល់​​ជន​ក្រីក្រ និង​ ​ការ​ធ្វើ​ជា​សាក្សី​ពី​ព្រះអង្គ​សង្គ្រោះ​ដរាប​ណា​យើង​នៅ​មាន​ជីវិត​រស់ ។

យើង​អាច​ធ្វើ​វា​បាន​ដោយ​គ្មាន​​បរាជ័យ​ ពេល​យើង​មាន​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង ​ក្ដី​ស្រឡាញ់​ទ្រង់​ចំពោះ​យើង ។ ពេល​យើង​ស្មោះត្រង់​នឹង​​សេចក្ដីសន្យា​ដែល​យើង​បាន​ធ្វើ នោះ​យើង​នឹង​ទទួល​អារម្មណ៍​ក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​កើន​ឡើង ដោយ​សារ​យើង​នឹង​ទទួលអារម្មណ៍​ពី​ព្រះចេស្ដា​ និង ​ការ​យាង​មក​ជិត​យើង​​ក្នុង​ការ​បម្រើ​ទ្រង់ ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​រំឭក​យើង​ជា​រឿយៗ​ពី​ការ​សន្យា​របស់​ព្រះអម្ចាស់​ចំពោះ​ពួក​សិស្ស​ស្មោះត្រង់​របស់​ទ្រង់​ថា ៖ « ហើយ​អស់​អ្នក​ណា​ដែល​ទទួល​អ្នក នោះ​យើង​ក៏​នឹង​នៅ​ទីនោះ​ដែរ ត្បិត​យើង​នឹង​ទៅ​ពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាងស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធ​ជុំវិញ​អ្នក​ដើម្បី​ទ្រ​អ្នក​ឡើង » ។12

មាន​វិធី​មួយ​ទៀត​ដែល​អ្នក និង​ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ការ​យាង​មក​ជិត​​របស់​ទ្រង់ ។ ពេល​យើង​លះបង់​ក្នុង​ការ​បម្រើ​ទ្រង់ ទ្រង់​ខិត​មក​ជិត​មនុស្ស​ដែល​យើង​ស្រឡាញ់​ក្នុង​គ្រួសារ​យើង ។ គ្រប់​ពេល​ខ្ញុំ​ត្រូវ​បាន​ហៅ​ក្នុង​ការ​បម្រើ​របស់​ព្រះអម្ចាស់​ឲ្យ​ផ្លាស់ ឬ ​ចេញ​ពី​គ្រួសារ​ខ្ញុំ ​ខ្ញុំ​បាន​ឃើញ​ថា​ព្រះអម្ចាស់​កំពុង​ប្រទាន​ពរ​ដល់​ភរិយា និង ​កូនៗ​ខ្ញុំ ។​ ទ្រង់​បាន​រៀបចំ​ពួក​​អ្នក​បម្រើ​​គួរ​ឲ្យ​ស្រឡាញ់របស់​ទ្រង់​ និង​ឱកាស​នានា​ដើម្បី​នាំគ្រួសារ​ខ្ញុំឲ្យ​​ខិត​ទៅ​ជិត​ទ្រង់ ។

អ្នក​បាន​ទទួល​អារម្មណ៍​ពី​ពរជ័យ​ដូចគ្នា​នេះ​ក្នុង​ជីវិត​អ្នក ។ អ្នករាល់គ្នា​ភាគច្រើន​មាន​មនុស្ស​ជាទី​ស្រឡាញ់​ ដែល​កំពុង​វង្វេង​ចេញ​ពី​ផ្លូវ​ទៅ​ជីវិត​អស់​កល្ប ។ អ្នក​ចង់​ដឹង​ថា​តើ​​អ្នក​ធ្វើ​អ្វី​ទៀត​ដើម្បី​នាំ​ពួកគេ​ត្រឡប់​មក​វិញ ។ អ្នក​អាច​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​ទ្រង់​យាង​ទៅ​ជិត​ពួកគេ ពេល​អ្នក​បម្រើ​ទ្រង់​ដោយ​ក្ដី​ជំនឿ ។

អ្នក​ចាំ​ពី​ការ​សន្យា​របស់​ព្រះអម្ចាស់​ចំពោះ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន​ ពេល​ពួកគាត់​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​ទៅ​ធ្វើ​កិច្ចការ​ទ្រង់ ៖ « ស៊ីឌនី និង យ៉ូសែប ជា​មិត្ត​ទាំងឡាយ​របស់​យើង ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​អ្នក​ផង​ដែរ ពួកគេ​នៅ​ក្នុង​ព្រះហស្ត​របស់​យើង​ហើយ ហើយ​យើង​នឹង​ប្រព្រឹត្ត​ដល់​ពួកគេ​តាម​តែ​យើង​ឃើញ​ថា​ល្អ ត្បិត​នៅ​ក្នុង​យើង​គឺ​សុទ្ធ​តែ​អំណាច​ទាំងអស់ » ។13

ដូចជា អាលម៉ា និង ​ស្ដេច​ម៉ូសាយ​​ដែរ មាន​ឪពុកម្ដាយ​​ស្មោះត្រង់​មួយ​ចំនួន​ ​ដែល​បាន​បម្រើ​ព្រះអម្ចាស់​​បានយ៉ាង​​ល្អជា​​យូរ​មក​ហើយ តែ​មាន​កូន​ដែល​ដើរ​វង្វេង ​ថ្វី​បើ​ឪពុកម្ដាយ​ពួកគេ​លះបង់ចំពោះ​ព្រះអម្ចាស់​យ៉ាង​​ណា​ក្ដី ។ ពួកគាត់​ធ្វើ​អ្វី​ដែលពួកគាត់​​អាច​ធ្វើ​បាន រួម​ទាំង​ជំនួយ​ពី​មិត្ត​ស្មោះត្រង់​ និង​គួរ​ឲ្យ​ស្រឡាញ់ ។

អាលម៉ា និង ​ពួក​បរិសុទ្ធក្នុង​ជំនាន់​គាត់​​បាន​អធិស្ឋាន​សម្រាប់​កូនប្រុស​គាត់ និង ​បុត្រា​ស្ដេច ម៉ូសាយ ។ មាន​ទេវតា​មួយ​អង្គ​បាន​យាង​មក ។ ការ​អធិស្ឋាន​អ្នក និង​ ការ​អធិស្ឋាន​នៃ​ជន​ដែល​អនុវត្ត​ក្ដី​ជំនឿ​ នឹង​នាំ​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​មក​ជួយ​សមាជិក​គ្រួសារ​អ្នក ។ ពួកគេ​នឹង​ជួយ​គេ​ឲ្យ​រើស​ផ្លូវ​ត្រឡប់​មក​រក​ព្រះ​វិញ ទោះ​ជា​ពេល​គេ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​សាតាំង និង ​អ្នក​ដើរ​តាម​វា​ ដែល​មាន​គោលបំណង​ដើម្បី​បំផ្លាញ​ក្រុម​គ្រួសារ​ក្នុង​ជីវិត​នេះ និង ​ក្នុង​ភាព​អស់​កល្ប​ក្ដី ។

អ្នក​ចាំ​ពី​ពាក្យ​ដែល​និយាយ​ដោយ​ទេវតា​ទៅ​កាន់​ អាលម៉ា ​ជា​កូន និង ​បុត្រា ​ម៉ូសាយ ​ដែល​​បះបោរ​ថា ៖ « ហើយ​ម្ដងទៀត ទេវតា​និយាយ​ថា ៖ មើល​ចុះ ព្រះអម្ចាស់​ទ្រង់​បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ និង ​ព្រម​ទាំង​ពាក្យ​អធិស្ឋាន​ទាំងឡាយ​របស់​អ្នក​បម្រើ​ទ្រង់​ផង​ គឺ ​អាលម៉ា ​ជា​ឪពុក​អ្នក ត្បិត​លោក​បាន​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​ ដ៏​ជោគ​ជាំ​អំពី​អ្នក សូម​ឲ្យ​អ្នក​អាច​បាន​នាំ​មក​ឲ្យ​ស្គាល់​នូវ​សេចក្ដី​ពិត ហេតុដូច្នេះ​ហើយ​ដោយ​គោលបំណង​នេះ​ហើយ ​ដែល​ខ្ញុំ​បាន​មក​បរិវត្ត​អ្នក​​អំពី​ព្រះ​ចេស្ដា និង​ សិទ្ធិ​អំណាច​នៃ​ព្រះ ​ដើម្បី​ឲ្យ​ពាក្យ​អធិស្ឋាន​ទាំងឡាយ​របស់​ពួក​អ្នក​បម្រើ​ទ្រង់​ អាច​បាន​ឆ្លើយ​​តប​ស្រប​តាម​សេចក្ដី​ជំនឿ​របស់​គេ » ។14

ការ​សន្យា​ខ្ញុំ​ចំពោះ​អ្នក​ដែល​អធិស្ឋាន និង ​បម្រើ​ព្រះអម្ចាស់​ថា ​អ្នក​នឹង​មិន​អាច​មាន​រាល់​ពរជ័យ​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​សម្រាប់​ខ្លួន​ឯង និង ​គ្រួសារ​ទេ ។ តែ​ខ្ញុំ​អាច​សន្យា​អ្នក​ថា ព្រះអង្គ​សង្គ្រោះ​នឹង​យាង​ខិត​ជិត​អ្នក ហើយ​ប្រទាន​ពរ​អ្នក និង​ គ្រួសារអ្នក​​ជាមួយ​អ្វី​ដែល​ល្អ​បំផុត ។ អ្នក​នឹង​មាន​ការ​លួងលោម​ពី​ក្ដី​ស្រឡាញ់​ទ្រង់ ហើយ​ទទួល​អារម្មណ៍​នូវ​ចម្លើយ​នៃ​ការ​យាង​មក​ជិត​របស់​ទ្រង់ ពេល​អ្នក​ឈោង​​ទៅ​ជួយ​ដល់​អ្នក​ដទៃ ។ ពេល​អ្នក​រុំ​របួស​ដល់​ជន​ក្រីក្រ ហើយ​ផ្ដល់​ការ​លាង​សម្អាត​នៃ​ដង្វាយ​ធួន​ទ្រង់ ​ដល់​ជន​ដែល​សោក​សៅ​ក្នុង​អំពើ​បាប នោះ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នឹង​គាំទ្រ​អ្នក ។ ព្រះហស្ត​ទ្រង់​នឹង​លាត​សន្ធឹង​ជាមួយ​នឹង​ដៃ​អ្នក​ដើម្បី​ជួយ និង​ ប្រទាន​ពរ​ដល់​កូន​ចៅ​នៃ​ព្រះវរបិតា​សួគ៌​យើង រួម​ទាំង​សមាជិក​គ្រួសារ​អ្នក​ដែរ ។

មាន​ការ​រៀបចំ​សម្រាប់​ការ​វិលត្រឡប់​ដ៏​រុងរឿង​សម្រាប់​យើង ។ ពេល​នោះ​យើង​នឹង​ឃើញ​ការ​បំពេញ​សន្យា​របស់​ព្រះអម្ចាស់​ដែល​យើង​ស្រឡាញ់ ។ ទ្រង់​គឺ​ជា​អ្នក​ដែល​ស្វាគមន៍​យើង​ចូល​ក្នុង​ជីវិត​អស់​កល្ប​ជាមួយ​ទ្រង់ និង ​ព្រះវរបិតាសួគ៌​យើង​។ ព្រះយេស៊ូវ​គ្រីស្ទ​រៀបរាប់​​បែបនេះ​ថា ៖

« ចូរ​ស្វែង​រកដើម្បី​នាំ​មក ហើយ​តាំង​ឡើង​ក្រុង​ស៊ីយ៉ូន​របស់​យើង​ចុះ ។ ចូរ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​យើង​នូវ​គ្រប់​អ្វីៗ​ទាំងអស់ ។

« ហើយ​បើសិនជា​អ្នក​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​យើង ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​អ្នក​នឹង​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺ​ជា​អំណោយ​ទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយ​ទាន​ទាំងឡាយ​នៃ​ព្រះ » ។15

« ត្បិត​អស់​អ្នក​ណា​ដែល​រស់​នៅ​នឹង​បាន​គ្រង​ផែនដី​ទុក​ជា​មរតក ហើយ​អស់​អ្នក​ណា​ដែល​ស្លាប់​ទៅ​នឹង​បាន​សម្រាក​ពី​ការ​ងារ​របស់​ខ្លួន ហើយ​កិច្ចការ​ទាំងឡាយ​របស់​ពួកគេ​នឹង​ជាប់​តាម​ពួកគេ ហើយ​ពួកគេ​នឹង​បាន​ទទួល​មកុដ​នៅ​ក្នុង​វិមាន​ទាំងឡាយ​នៃ​ព្រះវរបិតា​របស់​យើង ​ដែល​យើង​បាន​រៀប​ចំ​សម្រាប់​ពួកគេ​នោះ » ។16

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដោយ​ព្រះវិញ្ញាណ យើង​អាច​ធ្វើ​តាម​ការ​អញ្ជើញ​របស់​ព្រះវរបិតា​សួគ៌​ថា ៖ « នេះ​ជា​​ព្រះរាជ​បុត្រា​ដ៏​ស្ងួន​ភ្ងា​របស់​យើង ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ ! » ។ 17

តាមរយៈ​បន្ទូល​ និង ​គំរូ​ទ្រង់ ព្រះគ្រីស្ទ​បាន​បង្ហាញ​យើង​ពី​របៀប​ខិត​ទៅ​ជិត​ទ្រង់ ។ កូនចៅ​គ្រប់​រូបរបស់​ព្រះវរបិតា​សួគ៌​ ដែល​បាន​ជ្រើស​រើស​ឲ្យ​ចូល​តាម​របង​នៃ​បុណ្យ​ជ្រមុជទឹក ​ចូល​ក្នុង​សាសនាចក្រ​ទ្រង់​នឹង​មាន​ឱកាស​នៅ​ក្នុង​ជីវិត​ទទួល​ការ​បង្រៀន​ពី​ដំណឹងល្អ​ទ្រង់ ហើយ​បាន​ស្ដាប់​​ការ​អញ្ជើញ​របស់​ទ្រង់ថា « ចូរ​មក​តាម​ខ្ញុំ »18 ពីពួក​អ្នក​បម្រើ​ដែល​ទ្រង់​បាន​ហៅ ។

អ្នក​បម្រើ​ទ្រង់​គ្រប់​រូប​ដែល​បាន​ចុះ​សេចក្ដី​សញ្ញា​នៅ​ក្នុង​នគរ​ទ្រង់​លើ​ផែនដី និង ​ក្នុង​ពិភព​វិញ្ញាណ នឹង​ទទួល​ការ​ដឹកនាំ​ពី​​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណ ពេល​ពួកគេ​ប្រទាន​ពរ ហើយ​បម្រើ​អ្នក​ដទៃ​ជំនួស​ទ្រង់ ។ ហើយ​​ពួកគេ​នឹង​​ទទួល​អារម្មណ៍​​ក្ដី​ស្រឡាញ់​របស់​ទ្រង់ ហើយ​រក​ឃើញ​អំណរ​ក្នុង​ការ​ខិត​ទៅ​ជិត​ទ្រង់ ។

ខ្ញុំ​ជា​សាក្សី​ម្នាក់អំ​​ពី​ការ​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់​យ៉ាង​ប្រាកដ​ ដូចជា​ខ្ញុំ​បាន​នៅ​ទីនោះ​នា​ល្ងាច​នោះ​ជាមួយ​នឹង​សិស្ស​ទាំង​ពីរ​នាក់​ក្នុង​ផ្ទះ​​តាម​ផ្លូវទៅ​ភូមិ​អេម៉ោស​ដូច្នោះ​ដែរ ។ ខ្ញុំ​ដឹង​ថា​ព្រះ​មាន​ព្រះជន្ម​រស់​យ៉ាង​ប្រាកដ​ដូច​យ៉ូសែប ស្ម៊ីធដែរ ពេល​គាត់​បាន​ឃើញ​ព្រះវរបិតា និង ​ព្រះរាជបុត្រា​ក្នុង​សសរពន្លឺ​នៃ​ពេល​ព្រឹក​ដ៏​ភ្លឺ​ត្រចះ​ត្រចង់​មួយ​ក្នុង​ព្រៃ​នៅភូមិ ប៉ាល់​ម៉ៃរ៉ា ។

នេះ​ជា​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ មាន​តែ​នៅ​ក្នុង​កូនសោ​ដែល​​ប្រធាន ថូម៉ាស អេស ម៉នសុន កាន់​ប៉ុណ្ណោះ ទើប​​មាន​អំណាច​ដែល​ផ្សារភ្ជាប់​យើង​ជា​គ្រួសារ​ ដើម្បី​រស់​នៅ​នឹង​ព្រះវរបិតា​សួគ៌​យើង​ និង ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​រៀង​រហូតបាន​ ។ នៅ​ថ្ងៃជំនុំជំរះ យើង​នឹង​ឈរ​នៅ​ចំពោះព្រះភក្ត្រ​​ព្រះអង្គ​សង្គ្រោះ ។ វាជា​​ពេល​អំណរ​មួយ​សម្រាប់​ជន​ដែល​បាន​ខិត​មក​ជិតទ្រង់ ​ក្នុង​ការ​បម្រើ​ទ្រង់​នៅ​ជីវិត​នេះ ។ វា​​ជា​ក្ដី​​​អំណរ​ដើម្បី​ស្ដាប់​ឮ​ពាក្យ​ថា ៖ « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ » ។19 ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ដូច្នេះ​ក្នុងនាម​ជា​សាក្សី​ម្នាក់នៃ​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រស់​ឡើង​វិញ និង ​ជា​ព្រះប្រោស​លោះ​យើង ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។