ឆ្នាំ ២០១០-២០១៩
ទីបរិសុទ្ធ​របស់អ្នក
ខែ មេសា 2013


ទី​បរិសុទ្ធ​របស់​អ្នក

ទោះ​ជា [ ​ទី​បរិសុទ្ធ​របស់​អ្នក​ ] គឺ​ជា​ទីភូមិសាស្ត្រ ឬ គ្រាជាច្រើន​ក្នុង​ពេល​វេលា​ក្ដី វា​មានភាពពិសិដ្ឋ​ស្មើ​គ្នា ហើយ​មាន​អំណាច​ពង្រឹង​ដ៏​អស្ចារ្យ ។

ដោយ​ អាន អិម ឌិប

បាវចនា​ម៉្ញូ​ឆល​យុវវ័យ​ឆ្នាំ 2013 របស់​យើង ចេញ​មកពី​ខ​ចុង​ក្រោយ​នៃ​កណ្ឌ​ទី 87 នៃ​គោលលទ្ធិ​ និង សេចក្ដី​សញ្ញា ។ ការ​ណែនាំ​ឲ្យ « ឈរ​នៅ​ទី​បរិសុទ្ធ... » នេះ គឺ​មាន​នៅ​ក្នុង​កណ្ឌ​បី​ផ្សេង​គ្នា​ ជាក់​ស្ដែង នៅ​ក្នុង​ការ​ដាស់​តឿន​នេះ គឺ​សំខាន់ណាស់ ។ វា​ពន្យល់​ពី​របៀប​ដែល​យើង​អាច​ទទួល​បាន​ការការពារ កម្លាំង និង ភាព​សុខសាន្ដ​នៅ​ក្នុង​គ្រា​ចលាចល ។ ការ​ណែនាំ​ដ៏​បំផុស​គំនិត​គឺ​ « ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំងឡាយ ហើយ​ចូរ​កុំ​រើ​ឡើយ » ។ 1

នៅពេល​ខ្ញុំ​ពិចារណា អំពី​បាវចនា​នេះ ខ្ញុំ​ចេះ​តែ​សួរ​ខ្លួន​ឯង​ថា « តើ​ ‹ ទីបរិសុទ្ធ › ដែល​ព្រះវរបិតា​មាន​បន្ទូល​នោះ​ជា​អ្វី ? ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ទូន្មាន​ថា « ទីបរិសុទ្ធ​រួមមាន​ព្រះវិហារបរិសុទ្ធ​របស់​យើង សាលា​ជំនុំរបស់​យើង គេហដ្ឋាន​របស់​យើង និង ស្ដេក​នៃ​ស៊ីយ៉ូន ​ដែល ‹ ជា​ទី​ការពារ និង ជា​ទី​ជ្រកកោន › » ។ 2 បន្ថែម​ពី​លើ​ទីតាំង​ទាំង​នេះ ខ្ញុំ​​ជឿ​ថា យើង​ម្នាក់ៗ​អាចរក​ឃើញ​ទី​តាំង​​ជា​ច្រើន​ទៀត ។ ដំបូង​យើងអាច​​ពិចារណា​ពាក្យ ទី ជា​បរិដ្ឋាន​ខាង​រាងកាយ ឬ ទីតាំង​ភូមិសាស្ត្រ​មួយ ។ ទោះ​ជា​យ៉ាង​ណា​ ទីកន្លែង​ អាច​ជា « ស្ថានភាព​ជាក់លាក់, ទី​តាំង​ ឬ ជាសភាវៈនៃ​គំនិត » ។ 3 នេះ​មានន័យ​ថា ទីបរិសុទ្ធ ក៏​អាច​ជា​គ្រាជា​ច្រើន​​ក្នុង​ពេលវេលា -- ជា​គ្រា​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ដល់​យើង ជា​គ្រា​ដែល​យើង​ទទួល​អារម្មណ៍​ក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ឬ ជា​គ្រា​ដែល​យើង​ទទួល​ចម្លើយ​ចំពោះ ការ​អធិស្ឋាន​របស់​យើង ។ លើស​ពី​នោះ ខ្ញុំ​ជឿ​ថា រាល់​ពេល​ដែល​អ្នក​មាន​ភាព​ក្លាហាន​ដើម្បី​ឈរ​ឡើងចំពោះ​អ្វី​ដែល​ត្រូវ ជាពិសេស​​ក្នុង​ស្ថានភាព​ដែល​គ្មាន​នរណា​ម្នាក់ចង់​ធ្វើ​ នោះ​គឺ​អ្នក​កំពុង​បង្កើត​នូវ​ទីបរិសុទ្ធ​មួយ​ហើយ ។

នៅ​ពេញ​មួយ​ជីវិត​របស់​យ៉ូសែប ស្ម៊ីធដ៏​ខ្លី តែ​សំខាន់​នោះ លោក​ពិត​ជា « [ ឈរ ] នៅ​ក្នុង​ទី​បរិសុទ្ធ » ហើយ​ពុំ​រើ​ឡើយ ។ នៅពេល​លោក​នៅ​វ័យ​ជំទង់ លោក​អំពល់​ដោយ​សារ​ភាព​ចលាចល​ខាង​សាសនា​ក្នុង​សហគមន៍​របស់​លោក ហើយ​ចង់​ដឹង​ថា​ព្រះវិហារមួយ​ណា​នៃ​ព្រះវិហារ​ទាំងអស់​នោះ​ពិត ។ ព្រៃ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោក ក្លាយ​ជា​ទីបរិសុទ្ធ​មួយ នៅ​ពេល​លោក​លុតជង្គង់​ចុះ​ក្នុង​ព្រៃ ហើយ​ធ្វើ​ការ​អធិស្ឋាន​ឮៗ​ជា​លើក​ដំបូង ។ ការ​អធិស្ឋាន​របស់លោក​​បាន​ទទួល​ចម្លើយ ហើយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​សព្វ​ថ្ងៃ​នេះ សំដៅ​ទៅ​លើ​ព្រៃ​នោះ​ថា​ជា​ព្រៃ​ពិសិដ្ឋ ។

យុវនារី​នៅ​លើ​ពិភពលោក ​ឈរ​ក្នុង​ទី​បរិសុទ្ធ​នៅ​ក្នុង​ធម្មជាតិ នៅ​ការ​​បោះ​ជំរុំ​យុវនារី ។ អ្នកដឹកនាំ​​ម្នាក់ បាន​ចែកចាយជាមួយ​ខ្ញុំ​​នូវ​រឿង​បទពិសោធន៍​របស់​យុវនារី​ម្នាក់​ ។ យុវនារី​នេះ គឺ​ជា​សមាជិក​ពុំ​សូវ​សកម្ម ហើយ​នាង​មាន​ការ​សង្ស័យ​បន្ដិច​បន្ដួច​អំពី​ការ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​នៅ​ក្នុង​ព្រៃ ។ បន្ទាប់​ពី​ថ្ងៃ​ទី​មួយ នាង​បាន​រាយការណ៍​ទៅ​អ្នក​ដឹកនាំ​នាង​ថា « ខ្ញុំសប្បាយ​ខ្លាំង​ណាស់ ប៉ុន្តែ​តើ​យើង​អាច​កាត់​ចោល​នូវ​ការ​ឡើង​និយាយ​អំពី ព្រះវិញ្ញាណ​បាន​ទេ ? ខ្ញុំ​មក​ទី​នេះ​ដើម្បី​បោះ​ជំរុំ សប្បាយ​​នឹង​ធម្មជាតិ នៅ​ជាមួយ​មិត្តភក្ដិខ្ញុំ ហើយ​លេង​សប្បាយ​ខ្លះ ! » ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​បញ្ចប់​​ការ​ប្រជុំ​ថ្លែង​ទីបន្ទាល់ យុវនារី​ដដែល​នោះ​បាន​មក​សារភាព​ទាំង​ទឹកភ្នែកថា « ខ្ញុំ​ពុំ​ចង់​ទៅ​ផ្ទះ​ទេ ។ តើ​ខ្ញុំ​អាច​បន្ដ​មាន​អារម្មណ៍នៃព្រះវិញ្ញាណ​ដូចពេល​នេះ នៅ​ជាមួយ​ខ្ញុំ​គ្រប់​ពេលបាន​ដោយ​របៀប​ណា ? នាង​បាន​រកឃើញ​ទីបរិសុទ្ធ ។

ទី​បរិសុទ្ធ​មួយ​ទៀត ក្នុង​ជីវិត​របស់​យ៉ូសែប ស្ម៊ីធ​គឺ​នៅ​ក្នុង​បន្ទប់​ដេក​របស់​គាត់ ។ រឿង​នេះ អាច​នឹង​ពិបាក​ជឿ ដោយ​សារ​ដូចជា​អ្នករាល់​គ្នា​ជាច្រើនដែរ លោកនៅ​បន្ទប់រួម​គ្នា​ជាមួយ​បងប្អូន​លោក ។ ​វា​ក្លាយ​ជា​ទីបរិសុទ្ធ​មួយ នៅពេល​លោក​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ ការរាបសារ និង​តម្រូវ​ការ​​យ៉ាង​ខ្លាំង​នោះ ។ លោក​បាន​ពន្យល់​ថា « បន្ទាប់​ពី​ខ្ញុំ​បាន​ចូល​ទៅ​កាន់​ដំណេក​ខ្ញុំ​នា​យប់​នោះ នោះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​អធិស្ឋាន ហើយ​ទូលអង្វរ​ដល់​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ សូម​ក្ដី​អភ័យ​ទោស ចំពោះ​អស់​ទាំង​អំពើ​បាប និង អំពើ​ឆ្កួត​លីលា​របស់​ខ្ញុំ » ។ 4 ចាប់​តាំង​ពី​យ៉ូសែប មាន​ការនិមិត្ត​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ រយៈពេល​បី​ឆ្នាំ​ដែល​បាន​កន្លង​ផុត​ទៅ ពុំ​ងាយ​ស្រួលនោះ​​ទេ ។ យ៉ូសែប​ដែល​មាន​អាយុដប់​ប្រាំ​ពីរ​ឆ្នាំ បាន​ស៊ូទ្រាំ​នឹង​ការ​ចំអក ការ​ប្រមាថ និង ការសម្លុត​ពុំ​ចេះ​ឈប់ឈរ ។ ប៉ុន្តែក្នុង​បន្ទប់យ៉ូសែប​នា​យប់​នោះ​ ទេវតា​មរ៉ូណៃ​បាន​លេច​មក​ឆ្លើយ​ការ​អធិស្ឋាន​របស់​លោក ។ យ៉ូសែប បាន​ទទួល​ចំណេះដឹង និង ការ​លួងលោម​ចិត្ត ។ ​យប់​នោះ បន្ទប់​របស់​លោក បាន​ក្លាយ​ជា​ទី​បរិសុទ្ធ ។

ខណៈ​ដែល​កំពុង​​មើល​​​វីដេអូយុវវ័យ​ក្នុង​កម្មវិធី​ Mormon Message សម្រាប់​យុវវ័យ ។ ខ្ញុំ​ធ្វើ​ជា​សាក្សី​បន្ទប់​ដេក​មួយ​ទៀត ដែល​បាន​ក្លាយ​ជា​ទីបរិសុទ្ធ ។ នៅ​ក្នុង​វីដេអូ បង្ហាញ​ពី​យុវនារី​ម្នាក់​មក​ពី អែល សាវ៉ាឌ័រ ឈ្មោះ អ៊ិនហ្គ្រីត ដេលហ្គាដូ នាង​ចែកចាយ​អារម្មណ៍​របស់​នាង​អំពី ព្រះវិហារបរិសុទ្ធ ។ នាង​បាន​និយាយ​ថា « វា​ជាការ​ល្អ​ដែល​យើងដឹង​ថា​​មាន​កន្លែង​មួយ ដែល​យើង​អាច​គេច​ចេញ​ពី​រឿង​ខាង​លោកិយ ហើយ​ទទួល​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ និង​ជួយ​ដល់​អ្នក​ទាំងឡាយ ​ដែល​ពុំ​អាច​ទទួល​ពិធី​បរិសុទ្ធ​ទាំងនោះ​ក្នុង​ជីវិត​នេះ » ។ នៅពេល​នាង​និយាយ វីដេអូបង្ហាញ​ត្រង់​កន្លែង​ អ៊ិនហ្គ្រីត អាន​គម្ពីរ​របស់​នាង​ ​មាន​ពេញ​ទៅ​​ដោយរូបតាំង ពាក្យ​ដក​ស្រង់ សៀវភៅ ការ​អភិវឌ្ឍ​ខ្លួន រូបថត​គ្រួសារ និង រូប​ព្រះវិហារបរិសុទ្ធ ព្រម​ទាំង​តុក្កតា​សត្វ​ជា​ទី​ស្រឡាញ់​របស់​នាង​ផងដែរ ។ 5 នាង​ប្រហែល​ជា​មិនដឹង​ថា នាង​បាន​បង្កើត​កន្លែងបរិសុទ្ធ ដែល​នាង​អាច​ចាក​ចេញ​ពី​រឿង​ទាំងឡាយ​នៃ​លោកិយទេ ។ ខ្ញុំ​ឆ្ងល់​ថា តើ​ អ៊ិនហ្គ្រីត បាន​អាន​គម្ពីរ​នាង​ប៉ុន្មាន​ដង ​ហើយទទួល​អារម្មណ៍​ព្រះវិញ្ញាណ​ប៉ុន្មាន​ដង ហើយ ទទួល​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​នាង​នៅ​ក្នុងទី​បរិសុទ្ធរបស់​​នាងប៉ុន្មាន​ដងហើយ​ ។

មែន​ហើយ ​មាន​ទីបរិសុទ្ធ​ដែល​ពុំ​រំពឹង​ទុក​មួយ​ទៀត​នៅ​ក្នុង​ជីវិត​​យ៉ូសែប ស្ម៊ីធ គឺ​គុគ​លីប៊ឺធី ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មានប្រសាសន៍​​​ថា « ​ក្នុង​ជីវិត​របស់​យ៉ូសែប គ្មាន​គ្រា​ណាដែលពិបាក​​ជាង​ការ​ជាប់​គុគ​យ៉ាង​ឃោរឃៅ ដោយ​ខុសច្បាប់ និង អយុត្តិធម៌​នេះ​ទេ » ។ ​អែលឌើរ ហូឡិន បាន​បន្ដ​ប្រាប់​ថា គុគ​លីប៊ឺធី​ ចាប់​តាំង​ពីពេល​នោះ​មក​វា​ជា « គុគ-ព្រះវិហារបរិសុទ្ធ » ដោយ​សារ​តែបទពិសោធន៍​ដ៏​ពិសិដ្ឋ​ ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​មាន​នៅ​ទីនោះ ។6

​យុវនារី​មួយ​ចំនួនប្រហែល​ជា​មាន​បទពិសោធន៍ ​ដូច​ជាប់​ក្នុង​គុគ​លីប៊ឺធី​ ដែរ ជាទី​​ដែល​អ្នកជួប​នូវ​ការ​ប្រមាថ ជាទី​ដែល​អ្នក​មាន​អារម្មណ៍​ថា​គ្មានសណ្តាន​​ចិត្តនៃ​ក្ដី​ស្រឡាញ់ ជាទី​ដែល​អ្នក​ត្រូវ​គេ​ចំអក មើល​ងាយ ឬ អាច​នឹង​មាន​គ្រោះ​ថ្នាក់​ខាង​​រូបកាយ ។ ចំពោះយុវនារី ខ្ញុំសូម​ផ្ដល់​​ពាក្យ​របស់​អែលឌើរ ហូឡិន ​ថា « អ្នក​អាច​មាន​បទពិសោធន៍​ពិសិដ្ឋ ទទួលវិវរណៈ ការណែនាំ​ដ៏​អស្ចារ្យ​ជា​មួយ​ព្រះអម្ចាស់ ក្នុង​ពេល មានបទពិសោធន៍​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់​អ្នក ... ក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត ខណៈ​ដែល​ស៊ូទ្រាំ​នឹង​ភាព​អយុត្តិធម៌​ដ៏​ឈឺ​ចាប់​បំផុត នៅពេល​ប្រឈម​មុខ​នឹង​ការ​លំបាក និង ការ​ផ្ទុយ​ ដែល​ហាក់​ដូច​ជា​មិន​អាច​យក​ឈ្នះ​បាន ជាង​អ្វី​ដែល​អ្នក​ធ្លាប់​ជួបទៅ​ទៀត​នោះ » ។ 7 ម្យ៉ាង​ទៀត ដូចជា​ព្យាការី​យ៉ូសែប ស្ម៊ីធ អ្នក អាច​បង្កើត ឬ ឈរ​នៅ​ទីនោះ ទោះ​ជា​ក្នុង​ពេល​លំបាក​បំផុត​ដែល​អ្នកពុំ​​ធ្លាប់​ជួប​ក្ដី ។

យុវនារី​ម្នាក់ ឈ្មោះ គីស្ទីន បាន​ចែកចាយ​ជាមួយ​ខ្ញុំ​នូវ​បទពិសោធន៍​ដ៏​ឈឺ​ចាប់​របស់​នាង ។ វិទ្យាល័យ គឺ​ដូចជា​គុគ​លីប៊ឺធីអញ្ចឹង ។ សំណាង​ល្អ បន្ទប់​ក្រុម​តន្ត្រី​​បាន​ផ្ដល់​នូវ​ការ​ធូរស្បើយ​ដល់​​នាង ។ នាង​បាន​និយាយ​ថា ៖ « នៅពេល​ខ្ញុំ​បោះជំហាន​ចូល​ក្នុង​បន្ទប់​នេះ គឺ​ដូចជា​ខ្ញុំ​បោះ​ជំហាន​ចូល​ទៅ​កន្លែង​សុវត្ថិភាព​មួយ​ដូច្នោះ​ដែរ ។ គ្មាន​សញ្ញា​ចំអក ឬ ប្រមាថ គ្មាន​ភាសាអាសគ្រាម​ឡើយ ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ឮ​ពាក្យ​លើក​ទឹកចិត្ត និង ក្ដី​ស្រឡាញ់ ។ យើង​អនុវត្ត​ការ​មាន​ចិត្ត​ល្អ​នឹង​គ្នា ។ វា​ជា​កន្លែង​រីករាយ​មួយ ។ បន្ទប់​ក្រុមភ្លេង ពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ នៅ​ពេល​យើង​ហាត់សម និង លេង​តន្ត្រី ។ បន្ទប់​មាន​សភាព​ដូច​នេះ ដោយ​សារ​តែ​ឥទ្ធិពល​របស់​គ្រូ​បង្រៀន​ក្រុមភ្លេង ។ គាត់​គឺ​ជា​គ្រីស្ទាន​ល្អ​ម្នាក់ ។ ខ្ញុំ​ចាំ​ថា វិទ្យាល័យ​ខ្ញុំ​គឺ​ជា​ទីដែល​ខ្ញុំជ្រះស្អាត​ខាង​វិញ្ញាណ ។ វា​ជា​ការ​ពិបាក ប៉ុន្តែ​ខ្ញុំ​បាន​រៀន​ឆ្លើយ​តប​នឹង​ភាព​មិនអនុគ្រោះ​ដោយ​វិជ្ជមាន ។ ខ្ញុំ​នឹង​ថ្លែង​អំណរគុណ​ជានិច្ច​ចំពោះ​ជម្រក​របស់​ខ្ញុំ ទីបរិសុទ្ធ​របស់ខ្ញុំ ក្នុង​បន្ទប់​ភ្លេង​នោះ » ។ 8

នា​យប់​នេះ តើ​អ្នក​បាន​គិត​អំពី​ទីបរិសុទ្ធ​របស់​អ្នកឬ​ទេ​ ? ខ្ញុំ​បាន​សុំ​ឲ្យ​យុវនារី​រាប់​រយ​នាក់​ចែកចាយ​ ទីបរិសុទ្ធ​របស់​ពួកគេ​ជាមួយ​ខ្ញុំ ។ ទោះ​ជា​កន្លែង​ទាំង​នោះ គឺ​ជា​ទីភូមិសាស្ត្រ ឬ គ្រាជាច្រើន​ក្នុង​ពេល​វេលា​ក្ដី វា​មានភាពពិសិដ្ឋ​ស្មើ​គ្នា ហើយ​មាន​អំណាច​ពង្រឹង​ដ៏​អស្ចារ្យ ។ ​ចម្លើយ​ដ៏រំជួល​ចិត្ត​ចំនួន​ប្រាំ​បួន​របស់​ពួកគេ​​មាន​ដូច​ខាង​ក្រោម​នេះ ៖

  • ទី​មួយ ៖ « ខ្ញុំ​នៅ​ក្នុង​មន្ទីរ​ពេទ្យបីទ្រ​​ប្អូន​ប្រុស​ទើប​កើត​របស់​ខ្ញុំ » ។

  • ទី​ពីរ ៖ « រាល់​ពេល​ដែល​ខ្ញុំ​អាន​ពរជ័យ​អយ្យកោ​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​អាន ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​វរបិតាសួគ៌​ស្គាល់ និង ស្រឡាញ់​ខ្ញុំ » ។

  • ទី​បី ៖ « ថ្ងៃ​ដែល​ខ្ញុំ​មាន​អាយុ 12 ​ឆ្នាំ ​យុវនារីក្នុង​វួដ បាន​តុបតែង​ទ្វារ​​របស់​ខ្ញុំ ដោយ​រូប​បេះដូង​ក្រដាស ។ 9 ខ្ញុំ​មាន​អារម្មណ៍​ថា​គេ​ស្រឡាញ់ខ្ញុំ ទទួល​ស្គាល់​ខ្ញុំ និង​សប្បាយចិត្ត ! ។

  • ទី​បួន ៖ « នៅ​ថ្ងៃ​មួយ​ពេល​ខ្ញុំ​អាន​គម្ពីរ​ខ្ញុំ​ មាន​ឃ្លា​មួយ​បាន ‹ ​ផុស​ឡើង › ​ខ្ញុំ​បានទទួល​​ឆ្លើយចំពោះ​​ការ​អធិស្ឋាន​របស់​ខ្ញុំ » ។

  • ទី​ប្រាំ ៖ « ខ្ញុំ​បាន​ដើរ​ទៅ​ក្នុង​ការ​ជប់​លៀង​មួយ ដែល​មាន​មនុស្ស​ស៊ីផឹក និង​ចូលរួម​ក្នុង​សកម្មភាព​ដែល​ពុំ​អាច​ទទួល​យក​បាន​ដទៃ​ទៀត ។ ព្រះវិញ្ញាណ​បាន​ប្រាប់ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ខ្ញុំ​ក៏​បាន​ធ្វើ​តាម មែន​ហើយ​ វា​មាន​នូវ​​ផលវិបាក​ខាង​​សង្គម​ › ។ ទោះ​ជា​យ៉ាង​ណា គ្រា​នោះ​បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​ខ្ញុំ ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ដឹង​ថា ខ្ញុំ​អាច​រស់​នៅ​តាម​ដំណឹងល្អ » ។

  • ទី​ប្រាំ​មួយ ៖ « អំឡុង​សាក្រាម៉ង់​ ​ខ្ញុំ​គិត​អំពី​ដង្វាយ​ធួន ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​អភ័យ​ទោស​ដល់​មនុស្ស ​ដែល​ខ្ញុំ​ខឹង ។ ការ​ជ្រើសរើស​ដើម្បីអភ័យ​ទោស​ឲ្យ​គេ​របស់​ខ្ញុំ គឺ​ជា​ទង្វើ​វិជ្ជមាន​មួយ ដែល​នឹង​នាំ​ដង្វាយធួន​មក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ » ។

  • ទី​ប្រាំ​ពីរ ៖ « បន្ទាប់​ពី​ចូលរួម​ក្នុង​កម្មវិធី ការ​ចាប់​ផ្ដើម​ថ្មី គាត់​បាន​ថើបថ្ពាល់​​ខ្ញុំ ហើយ​​ប្រាប់​ខ្ញុំ​​ថា គាត់​ស្រឡាញ់​ខ្ញុំ​​ ។ នេះ​គឺ​ជា​លើក​ទី​មួយ​ តាម​ដែល​ខ្ញុំ​ចាំ » ។

  • ទី​ប្រាំ​បី ៖ « តាមរយៈ​ការ​អះអាង​របស់​ប៊ីស្សព​របស់​ខ្ញុំ ខ្ញុំ​ដឹង​ថា ការសន្យា​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​គម្ពីរ​គឺ​ជា​ការ​ពិត​ ៖ ‹ ទោះ​បើ​​អំពើបាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ​› ។ 10 ខ្ញុំ​មាន​សង្ឃឹម ហើយ​ដឹង​ថា ខ្ញុំ​អាច​ចាប់​ផ្ដើម​ដំណើរ​ការ​នៃ​ការ​ប្រែចិត្ត​ដ៏យូរ​របស់​ខ្ញុំ​បាន ។

  • ជា​ចុង​ក្រោយ ៖ « ល្ងាច​មួយ ខ្ញុំ​ពង្រឹង​ភាព​ក្លាហាន ដើម្បី​ចែក​អារម្មណ៍​របស់​ខ្ញុំ​អំពី​ដំណឹងល្អ និង គម្ពីរ​មរមន​ជាមួយ​នឹង​មិត្ត​សំឡាញ់​ខ្ញុំ ។ ក្រោយមក វា​គឺ​ជា​ឯក​សិទ្ធិ​មួយ​ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ជ្រមុជទឹក​របស់​គាត់ ។ ឥឡូវ យើង​ចូលរួម​សាសនាចក្រ​​ជាមួយ​គ្នា » ។

ខ្ញុំ​សូមចែកចាយ​នឹង​អ្នកនូវ​ទី​បរិសុទ្ធ​មួយ​របស់​ខ្ញុំបាន​ទេ ? ខ្ញុំ​ចាំ​ពី​គ្រាពិសេស​​មួយថា ខ្ញុំ​មាន​អារម្មណ៍​ធុញ​ថប់ ភ័យ​ខ្លាច និង ឯក​កោ​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​អធិស្ឋាន​ស្ងាត់ៗថា ៖ « ព្រះវរបិតា​សួគ៌ ទូល​បង្គំ​ពុំ​ចេះ​ធ្វើ​រឿង​នេះ​ទេ ។ សូម​ជួយ​ទូល​បង្គំផង ! » ។ មិន​យូរ​ប៉ុន្មាន មាន​មនុស្ស​ម្នាក់​មក​រក​ខ្ញុំ ដាក់​ដៃ​លើ​ស្មា​ខ្ញុំ ហើយ​បាន​សួរ​ដោយ​ស្មោះ និង​ជា​ពាក្យលើកទឹក​​ចិត្ត ។ នៅ​ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ដ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ទទួល​ស្គាល់ ។ អ្វីៗ​បាន​ផ្លាស់​ប្ដូរ ។ សម្ដី​របស់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ចូល​មក​ក្នុង​ចិត្ត​ថា ៖ « ព្រះ​ញាណ​ដឹង​ពី​​យើង ហើយ​ទ្រង់​ទត​មើល​មក​លើ​យើង ។ ជា​ធម្មតា ទ្រង់​បំពេញ​តម្រូវ​ការ​របស់​យើង តាមរយៈ​អ្នកដទៃ » ។ 11 ចំពោះ​ខ្ញុំ គ្រា​នោះ ទីនោះ​បានក្លាយ​ជា​ទីបរិសុទ្ធ ។

យុវនារី​ជាទី​ស្រឡាញ់ មាន​ទីបរិសុទ្ធ​ដទៃ​ទៀត​ជាច្រើន​រាប់​មិន​អស់ ដែល​ខ្ញុំចង់​ឲ្យ​យើង​អាច​​ចែកចាយ​ជាមួយ​គ្នា​ ។ នៅពេល​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញយប់​នេះ​ ខ្ញុំ​លើក​ទឹកចិត្ត​ឲ្យ​អ្នក​កត់ត្រា​ក្នុង​កំណត់​ហេតុ​អ្នក​នូវ​ទី​បរិសុទ្ធ​ទាំង​នោះ ដែល​អ្នក​ស្គាល់ និង ចាំ ។ ខ្ញុំ​ដឹង​ច្បាស់​ថា អ្នករាល់គ្នា រាប់​ពាន់​នាក់​កំពុង​ឈរ​នៅ​ទីបរិសុទ្ធ ។ កន្លែងទាំង​នោះ ត្រូវ​បាន​ផ្ដល់​ឲ្យ​អ្នក​ជាមួយ​នឹង​ការ​ការពារ កម្លាំង និង​ភាព​សុខសាន្ដ​ក្នុង​ពេល​ចលាចល ។ ទីបន្ទាល់​របស់​អ្នក ​កាន់​តែ​ខ្លាំង​ឡើង ដោយ​សារ​តែ​អ្នក​ឈរ​សម្រាប់​សេចក្ដី​ពិត និង សេចក្ដី​សុចរិត តាមរបៀប​ដ៏​រុងរឿង ។

អ្នកគឺជាយុវវ័យ​ដ៏​ថ្លៃ​ថ្នូ​នៃ​សាសនាចក្រ អ្នក​គឺ​ជា​វីរៈនារី​របស់​ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​អ្នក ។ ខ្ញុំ​ដឹង​អំពី​ក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យរបស់​ព្រះវរបិតាសួគ៌​ចំពោះ​អ្នក ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​​ដល់​អ្នក​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ពិត ។ ទ្រង់​កំពុង​រស់​ចាំ ត្រៀម​ដើម្បី​គាំទ្រ​អ្នក នៅពេល​អ្នក « ឈរ... នៅ​ទីបរិសុទ្ធ ហើយ​កុំ​រើ » នោះ ។ ខ្ញុំ​ស្រឡាញ់ និង គាំទ្រ​ប្រធាន​ ថូម៉ាស អេស ម៉នសុន ជា​ព្យាការី​ពិត និង លើក​ទឹកចិត្ត​របស់​យើង ។ ខ្ញុំ​និយាយ​ពាក្យ​ទាំង​នេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ អាម៉ែន ។