ឆ្នាំ ២០១០-២០១៩
លុះត្រាជួប​ទៀត
ខែ មេសា 2013


លុះត្រា​ជួប​ទៀត

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​អធិស្ឋាន​សុំ​ឲ្យ​ ព្រះអម្ចាស់ ​នឹង​ប្រទាន​ពរ​ ហើយ​ឃុំ​គ្រង​អ្នក ។

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ យើង​បាន​មាន​សន្និសីទមួយ​​ដ៏​អស្ចារ្យ ។ ខ្ញុំ​ដឹង​ថា​អ្នក​យល់​ស្រប​​នឹងខ្ញុំ​ថាសារលិខិត​ទាំងឡាយ​ពោរ​ពេញ​ដោយ​ការ​បំផុស​គំនិត ។ យើង​មាន​ចិត្ត​រំភើប ហើយ​ទីបន្ទាល់​យើង​ពី​កិច្ចការ​ដ៏​ទេវភាព​នេះត្រូវបាន​ពង្រឹង ពេល​យើង​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ សូម​ឲ្យ​យើង​ចងចាំ​ជានិច្ច​នូវ​អ្វី​ដែល​យើង​បាន​ស្ដាប់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​សិក្សា​សារលិខិត​ទាំងនោះ​បន្ថែម​ទៀត ពេល​វា​ត្រូវ​បាន​គេ​បោះ​ពុម្ព​នៅ​ក្នុង​ច្បាប់​ថ្មី​នៃ​ទស្សនាវដ្ដី ​ Ensign និង Liahona 

យើង​សូម​សម្ដែង​ការ​ដឹង​គុណ​ដល់​អ្នក​ឡើង​និយាយ​គ្រប់​រូប ក៏​ដូច​ជា​អ្នក​ដែល​បាន​ធ្វើ​ការ​អធិស្ឋាន​ផង​ដែរ ។ លើស​ពី​នេះទៀត តន្ត្រីបាន​ប្រគុំ​យ៉ាង​ពិរោះ និង ​ពោរពេញ​ដោយ​ការ​បំផុស​គំនិត ។ យើង​ស្រឡាញ់​ក្រុម​ចម្រៀង​រោង​ឧបោសថ​ដ៏​អស្ចារ្យ ហើយ​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ដទៃទៀត​ដែល​បាន​ប្រគុំ​ភ្លេង​ផង​ដែរ ។

យើង​រួម​គ្នា​សម្ដែង​ការ​ដឹង​គុណ​របស់​យើង​ចំពោះ​គណៈប្រធាន និង​ ប្រធាន​នៃ​យុវនារីទូទៅ​ដែល​បាន​ដោះ​លែង​កាល​ពី​ម្សិល​មិញ ។ ការ​បម្រើ​ពួកគាត់គឺ​វិសេសវិសាល​បំផុត ហើយ​មាន​ភាព​ស្មោះត្រង់​យ៉ាង​ពេញ​លេញ ។

យើង​បាន​គាំទ្រ​ដល់​បងប្អូន​ប្រុសស្រី​ដែល​ត្រូវ​បាន​ហៅ​សម្រាប់​តួនាទី​ថ្មី​ដោយ​ការ​លើក​ដៃ​ក្នុង​សន្និសីទ​នេះ ។ យើង​ចង់​ឲ្យ​ពួកគាត់​រាល់គ្នាដឹង​ថា យើង​ទន្ទឹង​ចាំ​ដើម្បី​បម្រើ​ជាមួយ​ពួកគាត់​ក្នុង​បុព្វហេតុ​របស់​លោក​ចៅហ្វាយ​នេះ ។

បងប្អូន​ប្រុស​ស្រី​ យើង​ជា​សាសនាចក្រ​មួយ​ដែល​មានទូទាំង​ពិភពលោក ។ សមាជិក​យើង​មាន​ពាស​ពេញ​សកល​លោក ។ ខ្ញុំ​សូម​ទូន្មាន​អ្នក​ឲ្យ​ធ្វើ​ជា​ពលរដ្ឋ​ល្អនៅ​ទី​កន្លែង​ដែល​អ្នក​រស់​នៅ ហើយ​ធ្វើ​ជា​អ្នក​ជិត​ខាង​ល្អ​ក្នុង​សហគមន៍​របស់​អ្នក ដោយ​ជួយ​ដល់​ជន​ដែល​មាន​ជំនឿ​ផ្សេង​ រួមទាំង​សមាជិក​យើង​ផង​ដែរ ។ សូម​ឲ្យ​យើង​អត់ឱន ក៏​ដូច​ជា​មាន​សណ្ដាន​ចិត្ត​ល្អ ហើយ​ស្រឡាញ់​ដល់​ជន​ដែល​មាន​ជំនឿ និង​បទដ្ឋាន​ខុស​ពី​យើង ។ ព្រះអង្គ​ស​ង្គ្រោះបាន​នាំ​មក​នូវ​សារលិខិត​នៃ​ក្ដី​ស្រឡាញ់​ និង ​ក្ដី​សប្បុរស​មួយ​មក​កាន់​ផែនដីនេះ​សម្រាប់​បុរស​ស្ត្រី​គ្រប់​រូប ។ សូម​ឲ្យ​យើង​ធ្វើ​​តាមគំរូ​ទ្រង់​ជារៀងរហូត ។

ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​អាច​ដឹង​ពី​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដែល​នៅ​ជុំវិញ​យើង ។ ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ មានពួកគេ​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន ភាពអសីលធម៌ រូបអាសគ្រាម​ដែល​គួរ​ឲ្យ​សោកសៅ ។ ល ។ មាន​មនុស្ស​ដែល​ឯកោ រួម​បញ្ចូល​ទាំង​ស្ត្រី​មេម៉ាយ បុរស​ពោះម៉ាយ ដែល​ត្រូវ​ការ​មិត្តភក្ដិ និង​ការ​បារម្ភ​ពី​អ្នក​ដទៃ ។ សូមឲ្យ​យើង​រៀប​ចំ​ខ្លួន​ជានិច្ច​ដើម្បីជួយ​ដល់​ពួកគេដោយ​ក្ដី​ស្រឡាញ់ ។

យើង​រស់​នៅ​ក្នុង​គ្រា​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ពិភពលោក​ដែល​មាន​ឧបសគ្គ​ដ៏​លំបាក​ជាច្រើន តែ​ក៏​មាន​នូវ​ឱកាស​ និង ​ហេតុផល​ដ៏​អស្ចារ្យ​ដើម្បី​រីករាយ​ផង​ដែរ ។ ពិតណាស់ យើង​ជួប​នូវ​ការ​ខក​ចិត្ត ការ​ខូច​ចិត្ត ថែម​ទាំងមាន​​គ្រោះ​ថ្នាក់​ដ៏​ធំ​ក្នុង​ជីវិត​យើង​ទៀត​ផង ។ តែ​ បើ​យើង​ដាក់​ការ​ទុក​ចិត្ត​របស់យើង​លើ​ព្រះអម្ចាស់ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ឆ្លង​កាត់​ការ​លំបាក​របស់​យើងបាន មិន​ថា​វា​ជា​អ្វី​នោះ​ទេ ។ នៅ​ក្នុង​ទំនុក​ដំកើង​បាន​ផ្ដល់​នូវការ​អះអាង​នេះ​ថា ៖ « ទឹកភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន តែ​ព្រឹក​ឡើង​គង់​នឹង​មាន​សេចក្ដី​អំណរ​ឡើង​ដែរ » ។1

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ខ្ញុំចង់​ឲ្យ​អ្នក​ដឹង​ថា ខ្ញុំមាន​អំណរគុណ​ខ្លាំង​ណាស់​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ស្ដារ​ឡើង​វិញ​នៅ​ក្នុង​ចុង​ក្រោយ​នេះ​តាមរយៈ​ ព្យាការី ​យ៉ូសែប ស្ម៊ីធ ។ វា​ជា​កូន​សោ​ទៅ​កាន់​សុភមង្គល​របស់​យើង ។ សូម​ឲ្យ​យើង​មាន​ចិត្ត​រាបសា ហើយ​ពោរពេញ​ដោយ​ការ​អធិស្ឋាន ដោយ​មាន​ក្ដី​ជំនឿ​ថា ព្រះវរបិតា​សួគ៌​យើង​អាច​ដឹកនាំ ហើយ​ប្រទាន​ពរ​យើង​នៅ​ក្នុង​ជីវិត​យើង ។

ខ្ញុំសូម​ថ្លែង​ជា​សាក្សី និង ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​​ខ្ញុំទៅ​កាន់​អ្នក​រាល់គ្នា​ថា ព្រះ​ មាន​ព្រះជន្ម​រស់ ថា​ទ្រង់​ស្ដាប់​ឮ​ការ​អធិស្ឋាន​នៃ​ចិត្ត​រាបសា ។ ព្រះរាជ​បុត្រា​ទ្រង់ ព្រះអង្គសង្គ្រោះ និង​ ព្រះ​ប្រោស​លោះ​យើង មាន​បន្ទូលមក​កាន់​យើង​រាល់​គ្នា​ថា ៖ « មើល​ យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮសំឡេង​យើង ហើយ​បើ​ទ្វារ​ឲ្យ នោះ​យើង​នឹង​ចូល​ទៅឯ​អ្នក​នោះ » ។ 2សូម​ឲ្យ​យើង​ជឿ​លើ​បន្ទូល​ទាំងនេះ ហើយ​ទាញ​យក​ប្រយោជន៍​ពី​ការ​សន្យា​នេះ ។

ឥឡូវនេះ ដោយសារ​សន្និសីទ​បាន​បញ្ចប់ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ពរជ័យ​នៃ​ស្ថានសួគ៌​កើត​មាន​មក​លើ​អ្នក​គ្រប់​គ្នា ។ សូម​ឲ្យ​ផ្ទះ​អ្នក​ពោរពេញ​ទៅដោយ​ភាព​សុខសាន្ត សន្តិភាព ភាព​ឱន​លំទោន និង​ សេចក្ដី​ស្រឡាញ់ ។ សូម​ឲ្យ​វា​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ សូម​ឲ្យ​អ្នក​បាន​ពង្រឹង​នូវ​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ ដើម្បី​ឲ្យ​វា​ក្លាយ​ជា​ការ​ការពារ​មួយ​សម្រាប់​អ្នក ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​របស់​សាតាំង ។

លុះ​ត្រាយើង​ជួប​គ្នា​ប្រាំ​មួយ​ខែ​ទៀត បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​អធិស្ឋាន​សុំ​ឲ្យ​ ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ ហើយ​ឃុំ​គ្រង​អ្នក ។ សូម​ឲ្យ​ក្ដី​សុខសាន្ត​ដែល​ទ្រង់​បាន​សន្យា​ស្ថិត​នៅ​ជាមួយ​អ្នក​ពេល​នេះ និង​ជានិច្ច​តទៅ ។ សូម​អរគុណ​ចំពោះ​ការអធិស្ឋាន​របស់​អ្នក​សម្រាប់​ខ្ញុំ និង​ ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ទាំងអស់ ។ យើង​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក ។ ក្នុង​ព្រះនាម​នៃ ​ព្រះអង្គ​សង្គ្រោះ និង ​ព្រះប្រោស​លោះ​យើង ជាអង្គ​ដែល​យើង​បម្រើ ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់ អាម៉ែន ។