ឆ្នាំ ២០១០-២០១៩
ចិត្ត​ល្អ សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់
ខែ មេសា ឆ្នាំ ២០១៧


ចិត្ត​ល្អ សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់

ចូរ​យើង​ពិនិត្យ​មើល​ជីវិត​របស់​យើង ហើយ​ប្តេជ្ញា​ចិត្ត​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ការ​មាន​ចិត្ត​ល្អ ក្តី​ស្រឡាញ់ និង​មាន​សេចក្តី​សប្បុរស ។

បងប្អូន​ប្រុស​ជាទី​ស្រឡាញ់​អើយ ខ្ញុំ​មាន​កិត្តិយស​ដោយ​មាន​ឯកសិទ្ធិ​ថ្លែង​ទៅ​កាន់​បងប្អូន នៅក្នុង​ការប្រជុំ​អ្នក​កាន់បព្វជិតភាព​នៃ​ព្រះ​ដ៏​ស្មោះត្រង់​នៅ​ទូទាំង​ពិភពលោក ។ ល្ងាច​នេះ​ខ្ញុំ​និយាយ​អំពី​ប្រធានបទ​ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​កាល​ពីមុន ។

ព្យាការី​មរមន​បាន​ពិពណ៌នា​អំពី​បុគ្គលិក​លក្ខណៈ​សំខាន់​មួយ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ពួក​សិស្ស​របស់​ទ្រង់ត្រូវ​តែ​ធ្វើ​ត្រាប់​តាម ។ លោក​បាន​ថ្លែង​ដូច្នេះ ៖

« បើ​សិន​ជា​មនុស្ស​នោះ​ស្លូត​បូត ហើយ​សុភាព​រាបសា ហើយ​ទទួល​ស្គាល់​ដោយ​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស ដ្បិត​បើ​សិន​ជា​គេ​គ្មាន​សេចក្ដី​សប្បុរស​ទេ អ្នក​នោះ​គ្មាន​ជា​អ្វី​ទាំង​អស់ ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស ។

« ហើយ​សេចក្ដី​សប្បុរស តែងតែ​អត់ធ្មត់ ហើយ​ចិត្ត​ល្អ ហើយ​ពុំ​ចេះ​ឈ្នានីស ហើយ​ពុំ​ចេះ​អួត​ខ្លួន ពុំ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ពុំ​រហ័ស​ខឹង ។

« ហេតុដូច្នោះ​ហើយ ឱ បងប្អូន​ដ៏​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ បើសិន​ជា​អ្នករាល់​គ្នា​គ្មាន​សេចក្ដី​សប្បុរស​ទេ នោះ​អ្នករាល់​គ្នា​គ្មាន​អ្វី​ទាំងអស់ ដ្បិត​សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ ។ ហេតុដូច្នោះហើយ ចូរ​តោង​ជាប់​សេចក្ដី​សប្បុរស​ដែល​ជា​សេចក្ដី​ដ៏​មិហិមា​បំផុត ដ្បិត​អ្វី​ផ្សេង​ទៀត​នឹង​ត្រូវ​ខូចបង់—

« ប៉ុន្តែ​សេចក្ដី​សប្បុរស គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ហើយ​ស្ថិត​ស្ថេរ​នៅ​ជានិច្ច ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សប្បុរស​នៅ​ក្នុង​ថ្ងៃចុង​ក្រោយ​បង្អស់​នឹង​បាន​ស្រួល​ដល់​អ្នក​នោះ​ហើយ ។

បងប្អូនប្រុស​អើយ យើង​ពុំ​គោរព​បព្វជិតភាព​របស់​ព្រះ​ឡើយ ប្រសិនបើ​យើង​ពុំ​មាន​ចិត្ត​ល្អ​ដល់​អ្នក​ដទៃ​នោះ ។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ជា​មិត្ត​ដ៏​ជាទី​ស្រឡាញ់ និង​ជា​អ្នក​រួម​ការងារ​ខ្ញុំ គឺ​ពិតជា​មនុស្ស​មាន​ចិត្ត​ល្អ​ណាស់ ។ លោក​បាន​ថ្លែង​ដូច្នេះ ៖

« ចិត្ត​ល្អ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ជីវិត​នៃ​នគរ​សេឡេស្ទាល ។ ចិត្ត​ល្អ​គឺ​ជា​របៀប​មួយ​ដែល​មនុស្ស​មាន​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ។ ចិត្ត​ល្អ​គប្បី​បង្ហាញ​ឲ្យ​ឃើញ​ទាំង​ក្នុង​ពាក្យ​សម្តី និង​ទង្វើ​ទាំងអស់​របស់​យើង ទាំង​នៅ​កន្លែង​ធ្វើការ សាលារៀន ព្រះវិហារ ហើយ​ជា​ពិសេស​គឺ​នៅ​ផ្ទះ​របស់​យើង​ផ្ទាល់​តែ​ម្តង ។

« ព្រះយេស៊ូវ​ជា​ព្រះអង្គ​សង្គ្រោះ​យើង​គឺ​ជា​គំរូ​ដ៏​ឆ្នើម​អំពី​ការ​មាន​ចិត្ត​ល្អ និង​ក្តី​អាណិត​មេត្តា » ។

ព្រះគម្ពីរ​បង្រៀន​យើង​ថា ការអនុវត្ត​បព្វជិតភាព​ដោយ​សុចរិត​គឺ​អាស្រ័យ​លើ​ការ​រស់​នៅ​របស់​យើង​តាម​គោលការណ៍​នៃ​ចិត្ត​ល្អ សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់ ។ នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​យើង​បាន​អាន​ដូច្នេះ ៖

« គ្មាន​អំណាច ឬ​ឥទ្ធិពល​ណា​អាច ឬ​គប្បី​កាន់កាប់​ដោយ​សារ​បព្វជិតភាព​បាន​ឡើយ លើកលែង​តែ​ដោយ​ការលួងលោម … ដោយ​ការទន់ភ្លន់ និង​ការស្លូតបូត និង​ដោយ​ការស្រឡាញ់​ស្មោះត្រង់​ប៉ុណ្ណោះ

« ដោយ​ចិត្ត​ល្អ និង​ដោយ​ការ​ចេះ​ដឹង​ពេញ​ទី ដែល​នឹង​ពង្រីក​ព្រលឹង​ឲ្យ​ធំ​ទូលំ​ទូលាយ ដោយ​ឥត​លាក់​ពុត និង​ដោយ​ឥត​មាន​ឧបាយកល​ឡើយ » ។

បងប្អន​ប្រុស​អើយ ចូរ​យើង​ពិនិត្យ​មើល​ជីវិត​របស់​យើង ហើយ​ប្តេជ្ញាចិត្ត​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ការមាន​ចិត្ត​ល្អ ក្តី​ស្រឡាញ់ និង​មាន​សេចក្តី​សប្បុរស ។ ហើយ​នៅពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ស្ថិត​នៅ​ក្នុង​កន្លែង​ដ៏​ប្រសើរ​មួយ ដើម្បី​អំពាវនាវ​សូម​ព្រះចេស្តា​ពី​ស្ថានសួគ៌​សម្រាប់​ខ្លួន​យើង គ្រួសារ និង​សម្រាប់​បងប្អូន​យើង ដែល​ជួនកាល​មាន​ការលំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ផ្ទះសួគ៌ា​របស់​យើង​វិញ ។ ខ្ញុំ​សូម​អធិស្ឋាន​ដូច្នេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់ អាម៉ែន ។