ឆ្នាំ ២០១០-២០១៩
ស្ត្រី​ដែល​ដឹង​ច្បាស់
ខែ មេសា ឆ្នាំ ២០១៧


ស្ត្រី​ដែល​ដឹង​ច្បាស់

ស្ត្រីដែល​ដឹង​ច្បាស់ គឺជា​ពួក​សិស្ស​ផ្ដោត​ទៅ​លើ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​សង្ឃឹម​លើ​ការសន្យា​នៃ​ពលិកម្មធួន​របស់​ទ្រង់ ។

បងប្អូនស្រី​ជា​ទីស្រឡាញ់ យើង​ស្រឡាញ់ ហើយ​មាន​អំណរគុណ​ណាស់ ចំពោះ​ការឆ្លើយតប​ដ៏​សប្បុរស និង រីករាយ​ចំពោះ​ការអញ្ជើញ​របស់​គណៈប្រធាន​ទី​មួយ និង កិច្ចខិតខំ​ធ្វើតាម​កម្មវិធី #IWasAStranger ( យើង​ជា​អ្នក​ដទៃ ) ។ សូម​បន្ត​អធិស្ឋាន ស្ដាប់​ព្រះវិញ្ញាណ​ខ្សឹប​ប្រាប់ ហើយ​ប្រព្រឹត្ត​តាម​ការបំផុសគំនិត​ដែល​បងប្អូន​ទទួល ។

ទោះជា​ខ្ញុំ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ឬ ពាសពេញ​ពិភពលោក​ក្ដី វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​មនុស្ស​សួរ​ខ្ញុំ​ថា « តើ​ស៊ិស្ទើរ​នៅ​ចាំ​ខ្ញុំ​ទេ ? » ដោយសារ​ខ្ញុំ​មាន​ការចងចាំ​មិន​សូវ​ល្អ ខ្ញុំ​សារភាព​ថា ជា​ញឹកញាប់​ខ្ញុំ​មិន​ចាំ​ឈ្មោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ចងចាំ​ក្ដីស្រឡាញ់​ដ៏​ពិត​ដែល​ព្រះវរបិតាសួគ៌ បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​មាន កាល​ខ្ញុំ​ជួប​ជាមួយ​បុត្រាបុត្រី​ជា​ទីស្រឡាញ់​របស់​ទ្រង់ ។

ថ្មីៗ​នេះ ខ្ញុំ​មាន​ឱកាស​សួរសុខទុក្ខ​ស្ត្រី​ជា​ទីស្រឡាញ់​នៅ​មណ្ឌល​កែប្រែ ។ ពេល​យើង​ពោល​ពាក្យ​លា​ទាំង​អាល័យ មាន​ស្ត្រី​ជាទីស្រឡាញ់​​ម្នាក់​បាន​អង្វរ​ថា « ស៊ិស្ទើរ ប៊ើរតុន សូម​កុំ​ភ្លេច​យើង​ណា » ។ ខ្ញុំ​សង្ឃឹម​ថា ស្ត្រី​រូប​នោះ និង ស្ត្រី​ឯ​ទៀត ដែល​ចង់​ឲ្យ​ខ្ញុំ​ចងចាំ​ពី​ពួកគេ នឹង​ទទួល​អារម្មណ៍​ថា​ខ្ញុំ​ពិត​ចងចាំ​ពួកគេ​មែន ពេល​ខ្ញុំ​ចែកចាយ​គំនិត​ខ្លះៗ​​ជា​មួយ​បងប្អូន ។

ស្ត្រី​ដែល​ដឹង​ច្បាស់​នៅ​ជំនាន់​របស់​ព្រះអង្គសង្គ្រោះ ៖ ផ្ដោត​ទៅ​លើ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ

បងប្អូនស្រី​គ្រប់​ជំនាន់ បាន​បង្ហាញ​លំនាំ​ដ៏​ស្មោះត្រង់​នៃ​ភាពជាសិស្ស ក៏​ជា​លំនាំ​ដែល​យើង​ខិតខំ​ធ្វើផង​ដែរ ។ « ព្រះគម្ពីរ​សញ្ញា​ថ្មី មាន​នូវ​ដំណើររឿង​របស់​ស្ត្រី [ ដែល​ដឹង​ច្បាស់ ] ទាំង​មាន​ឈ្មោះ និង ពុំស្គាល់​ឈ្មោះ ដែល​បាន​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង [លើ​ដង្វាយធួន​ទ្រង់] ដែល​បាន​រៀន ហើយ​បាន​រស់នៅ​តាម​ការបង្រៀន​របស់​ទ្រង់ ហើយ​បាន​ថ្លែងទីបន្ទាល់​ពី​ការ​បម្រើ អព្ភូតហេតុ និង ភាពអស្ចារ្យ​របស់​ទ្រង់ ។ ស្ត្រី​ទាំងនេះ​បាន​ក្លាយ​ជា​សិស្ស​ដ៏​គំរូ និង ជា​សាក្សី​ដ៏​ពិសេស​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ » ។

រូបភាព
ស្ត្រី​ដែល​ដឹង​ច្បាស់​

សូម​ពិចារណា​ដំណើររឿង​ទាំងនេះ​ក្នុង​គម្ពីរ​លូកា ។ ដំបូង គឺ​អំឡុង​ពេល​ការបម្រើ​របស់​ព្រះអង្គសង្គ្រោះ ៖

« ក្រោយ​នោះ​មក​ទៀត … [ ព្រះយេស៊ូវ ] យាង​ទៅ​ប្រដៅ​ក្នុង​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រមទាំង​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ ៖ ជា​មួយ​នឹង​ពួក​១២​នាក់

« ក៏​មាន ស្ត្រី​ដែល​ដឹង​ច្បាស់គឺ … ម៉ារា ហៅ​ថា​អ្នក​ស្រុក​ម៉ាក់ដាឡា … និង យ៉ូអាន់ … ស៊ូសាន ហើយ​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​ដែរ ដែល​យក​ទ្រព្យ​ខ្លួន​មក​ជួយ​ទ្រង់ » ។

បន្ទាប់​មក គឺ​បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្ម​រស់ឡើងវិញ ៖

« ហើយ​មានស្ត្រី​ដែល​ដឹង​ច្បាស់បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម

« … តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ … ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ » ។

ខ្ញុំ​បាន​អាន​ត្រង់​ចំណុច​ទាំងនេះ​ច្រើន​ដង ដែល​មាន​ពាក្យ « ស្ត្រី​ដែល​ដឹង​ច្បាស់ »ប៉ុន្តែ​ទើបតែ​ថ្មីៗ​នេះ​ទេ​ដែល​ខ្ញុំ​ចាប់ផ្ដើម​ពិចារណា​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​លើ​ពាក្យ​ទាំងនេះ ។ សូម​ពិចារណា​ន័យ​ដូច​នៃ​ពាក្យ ដែល​ដឹង​ច្បាស់ដោយ​ភ្ជាប់​ទៅ​នឹង​ពាក្យ ស្ត្រី​ដែល​ដឹង​ច្បាស់ដ៏​ស្មោះត្រង់ មាន​ដូចជា ៖ « បាន​ធ្វើ​ឲ្យ​ជឿ » « វិជ្ជមាន » « ជឿជាក់ »​« មោះមុត » « ច្បាស់លាស់ » « ដែល​ប្រាកដ » និង « ដែល​អាច​ទុកចិត្ត​បាន » ។

ពេល​ខ្ញុំ​ពិចារណា​ពាក្យ​ទាំងនេះ ខ្ញុំ​ចងចាំ​ស្ត្រី​ដែល​ដឹង​ច្បាស់ពីរ​រូប​ក្នុង​គម្ពីរ​សញ្ញាថ្មី ដែល​បាន​ថ្លែង​ទីបន្ទាល់​ទៀងត្រង់ មាន​ទំនុកចិត្ត មោះមុត និង​ប្រាកដ​អំពី​ព្រះអង្គសង្គ្រោះ ។ ទោះជា​ពួកគាត់​ជា​ស្ត្រី​ដែល​មិន​ល្អ​ឥតខ្ចោះ​ដូច​យើង​ក្ដី ក៏​សាក្សី​ពួកគាត់​នៅ​តែ​មាន​ការបំផុតគំនិត​ដែរ ។

តើ​បងប្អូន​ចាំ​ស្ត្រី​មិន​ស្គាល់​ឈ្មោះ​ម្នាក់​នៅ​អណ្ដូង​ទឹក ដែល​បាន​អញ្ជើញ​មនុស្សដទៃ​ឲ្យ​មក​មើល​អ្វី​ដែល​គាត់​បាន​រៀន​ពី​ព្រះអង្គសង្គ្រោះ​ឬ​ទេ ? គាត់​បាន​ថ្លែង​សាក្សី ដែល​ដឹង​ច្បាស់ ជា​ទម្រង់​សំណួរ ៖ « តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ​ឬ​អី ? » ទីបន្ទាល់ និង ការអញ្ជើញ​របស់​គាត់​បាន​ធ្វើ​ឲ្យ « មនុស្ស​ជា​ច្រើន … បាន​ជឿ​ដល់​ទ្រង់ » ។

រូបភាព
ម៉ាថា​​ថ្លែង​​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ

បន្ទាប់​ពី​ប្អូន​របស់​នាង​ឈ្មោះ ឡាសា បាន​ស្លាប់​ទៅ ម៉ាថា ដែល​ជា​សិស្ស និង មិត្ត​សំឡាញ់​របស់​ព្រះអម្ចាស់ បាន​ថ្លែង​ដោយ​រំជួលចិត្ត​ថា « ព្រះអម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ » ។ សូម​ពិចារណា​ភាពដឹងច្បាស់​របស់​នាង កាល​នាង​បន្ត​ថ្លែង​ថា « ប៉ុន្តែ ខ្ញុំ​ម្ចាស់​ដឹង​ថា ទោះ​ទាំង​នៅ​គ្រា​ឥឡូវ​នេះ នោះ​ការ​អ្វី​ដែល​ទ្រង់​នឹង​សូម​ពី​ព្រះ គង់​តែ​ព្រះ​នឹង​ប្រទាន​មក​ទ្រង់​ជា​មិន​ខាន » ។ នាង​បន្ត​ថ្លែង​ទីបន្ទាល់​ថា « ខ្ញុំ​ម្ចាស់​ជឿ​ហើយ ថា​ទ្រង់​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​លោកីយ៍​មែន » ។

យើង​រៀន​ពី​បងប្អូន​ស្រី​ទាំងនេះ​ថា ស្ត្រី​ដែល​ដឹង​ច្បាស់គឺ​ជា​សិស្ស​​ផ្ដោត​ទៅ​លើ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​សង្ឃឹម​លើ​ការសន្យា​នៃ​ពលិកម្មធួន​របស់​ទ្រង់ ។

ស្ត្រី​ដែល​រក្សា​សេចក្ដីសញ្ញា​ដែល​ដឹង​ច្បាស់​នៃ​ការស្ដារឡើងវិញ ៖ មាន​ឆន្ទៈ​លះបង់

កាល​ពី​បុរាណ ស្ត្រី​ដែល​ដឹង​ច្បាស់ បាន​លះបង់​កាល​ពួកគាត់​ថ្លែង​ទីបន្ទាល់ ហើយ​រស់នៅ​តាម​សេចក្ដីបង្រៀន​របស់​ព្រះយេស៊ូវ ។ ស្ត្រី​ដែល​ដឹង​ច្បាស់ នៅ​ជំនាន់​ដំបូង​នៃ​ការស្ដារឡើងវិញ ក៏​បាន​ធ្វើ​ដូច​គ្នា​នោះ​ដែរ ។ ឌ្រូស៊ីឡា ហិនឌ្រីក និង គ្រួសារ​គាត់​ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រែចិត្តជឿ​ថ្មី បាន​រងទុក្ខ​សេចក្ដីបៀតបៀន​ដល់​ពួក​បរិសុទ្ធ​នៅ ឃុំក្លេ រដ្ឋ មិសសួរី ។ ស្វាមី​គាត់​ធ្លាក់​ខ្លួន​ពិការ​អំឡុង​ចម្បាំង​ឯ ឃ្រុកិត រីវ័រ រដ្ឋ មិសសួរី ។ គាត់​ត្រូវ​មើលថែ​ស្វាមី​របស់​គាត់ ថែមទាំង​ផ្គត់ផ្គង់​គ្រួសារ​ផង ។

« នៅ​គ្រា​ដ៏​ឈឺចាប់​មួយ កាល​គ្រួសារ​អស់​អាហារ​បរិភោគ គាត់​ចងចាំ​សំឡេង​មួយ​ប្រាប់​ថា ‹ ចាំ​បន្តិច ព្រះអម្ចាស់​នឹង​ប្រទាន​អាហារ​ឲ្យ › » ។

កាល​កូន​ប្រុស​គាត់​ត្រូវ​ស្ម័គ្រចិត្ត​បម្រើ​កងទ័ព​មរមន ដំបូង ឌ្រូស៊ីឡា បាន​ប្រកែក ហើយ​តវ៉ា​ក្នុង​ការអធិស្ឋាន​ជាមួយ​ព្រះវរបិតាសួគ៌ ​​រហូត​ដល់ « សំឡេង​មួយ​បាន​បន្លឺ​មក​គាត់​ថា ‹ តើ​អ្នក​មិន​ចង់​បាន​សិរីរុងរឿង​ខ្ពស់​បំផុត​ទេ​ឬ ? › គាត់​បាន​ឆ្លើយ​ថា ‹ ករុណា​ព្រះអង្គ › រួច​សំឡេង​នោះ​បាន​បន្ត​ថា ‹ តើ​អ្នក​គិត​ថា​អាច​បាន​សិរីរុងរឿង​នោះ​តាម​របៀប​ណា បើ​មិន​តាមរយៈ​ការលះបង់​ដ៏​ធំ​នោះ ? › »

យើង​រៀន​ពី ស្ត្រី​ដែល​ដឹង​ច្បាស់រូប​នេះ​ថា ការរក្សា​សេចក្ដីសញ្ញាភាព​ជាសិស្ស ដែល​តម្រូវ​ឲ្យ​មាន​ឆន្ទៈ​នៃ​ការលះបង់របស់​​យើង ។

ស្ត្រី​ដែល​ដឹង​ច្បាស់​សព្វថ្ងៃ​នេះ ៖ ការចងចាំ និង ការរៀបចំ​ដើម្បី​សាទរ​ដល់​ការយាងត្រឡប់​របស់​ទ្រង់

ខ្ញុំ​បាន​ថ្លែង​ពីស្ដ្រី​ដែល​ដឹង​ច្បាស់នៅ​ជំនាន់​របស់​ព្រះអង្គសង្គ្រោះ និង​ជំនាន់​ដែល​ស្ដារ​ដំណឹងល្អ​ឡើងវិញ ប៉ុន្តែ​ចុះ​ចំណែក​ឯ​គំរូ​នៃ​ភាព​ជា​សិស្ស និង​ទីបន្ទាល់​អំពីស្ដ្រី​ដែល​ដឹង​ច្បាស់​នៅក្នុង​ជំនាន់​របស់​យើង​វិញ ?

រូបភាព
បងស្រី ប៊ើរតុន ជាមួយ​នឹង​បងប្អូន​ស្រី​នៅ​តំបន់អាស៊ី

ក្នុង​ការចាត់តាំង​របស់​ខ្ញុំ​ទៅ​ទ្វីបអាស៊ី​ពេល​ថ្មីៗ​នេះ ខ្ញុំ​ត្រូវបាន​បំផុសគំនិត​ម្ដង​ទៀត​ដោយ ស្ត្រី​ដែល​ដឹង​ច្បាស់ ច្រើន​រូប​ដែល​ខ្ញុំ​បាន​ជួប ។ ខ្ញុំ​ភ្ញាក់ផ្អើល​ជា​ពិសេស​នឹង​សមាជិក​ជំនាន់​ដំបូង​នៅ​ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ដែល​ខិតខំ​រស់នៅ​តាម​វប្បធម៌​នៃ​ដំណឹងល្អ​ក្នុង​គេហដ្ឋាន​របស់​ពួកគេ ពេល​ខ្លះ មាន​ការលះបង់​ដ៏​ធំ​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ដែល​ញឹកញាប់​ជា​ការប៉ះទង្គិច​គ្នា​ជាមួយ​គ្រួសារ និង វប្បធម៌​ប្រទេស ។ ខ្ញុំ​បាន​ជួប​នឹង​ស្ត្រី​ដែល​ដឹង​ច្បាស់ ជា​ច្រើន​ជំនាន់​​នៅ​ហុងកុង និង តៃវ៉ាន់ បន្ត​ផ្ដល់​ពរ​ដល់​ជីវិត​គ្រួសារ​ពួកគេ សមាជិក​សាសនាចក្រ និង សហគមន៍ តាមរយៈ​ការបន្ត​ផ្ដោត​ទៅ​លើ​ព្រះអង្គសង្គ្រោះ ហើយ​មាន​ឆន្ទៈ​រក្សា​សេចក្ដីសញ្ញា ។ មាន ស្ត្រី​ដែល​ដឹង​ច្បាស់ស្រដៀង​នេះ​នៅ​ពាសពេញ​សាសនាចក្រ ។

រូបភាព
បងស្រី ប៊ើរតុន ជាមួយ​នឹង​បងប្អូន​ស្រី​នៅ​តំបន់អាស៊ី

ស្ត្រី​ដែល​ដឹង​ច្បាស់ម្នាក់ ដែល​បាន​ផ្ដល់​ពរ​ដល់​ជីវិត​ខ្ញុំ​ច្រើន​ឆ្នាំ​មក​ហើយ បាន​តយុទ្ធ​នឹង​ភាពទន់ខ្សោយ ភាពលំបាក និង ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ១៥​ឆ្នាំ​ហើយ ដែល​ហៅ​ថា រលាក​សាច់​ដុំ ។ ទោះ​ជា​គាត់​អង្គុយ​លើ​កៅអី​ជន​ពិការ គាត់​ព្យាយាម​មាន​អំណរគុណ ហើយ​បន្ត​រក្សា « បញ្ជី អាច អាច »—ជា​បញ្ជី​រាយ​កិច្ចការ​ដែល​គាត់​អាច​ធ្វើ មាន​ដូចជា ខ្ញុំ​អាច​ដក​ដង្ហើម ខ្ញុំ​អាច​លេប​អាហារ ខ្ញុំ​អាច​អធិស្ឋាន ហើយ​ខ្ញុំ​អាច​ទទួល​ក្ដីស្រឡាញ់​ព្រះអង្គ​សង្គ្រោះ ។ គាត់​ថ្លែង​សាក្សី​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ ដែល​ដឹង​ច្បាស់ ទៅ​គ្រួសារ និង មិត្តភក្ដិ​ស្ទើរតែ​រាល់ថ្ងៃ ។

ខ្ញុំ​ទើបតែ​បាន​ឮ​រឿង​របស់ ជែនី ។ នាង​ជា​អ្នក​ត្រឡប់​ពី​បេសកកម្ម​វិញ ដែល​មាន​ឪពុកម្ដាយ​លែងលះ​គ្នា​កាល​នាង​កំពុង​បម្រើ​បេសកកម្ម ។ នាង​បាន​ប្រាប់​ថា គំនិត​នៃ​ការត្រឡប់​ទៅ​ផ្ទះ​វិញ « បាន​បំភ័យ [ នាង ] យ៉ាង​ខ្លាំង » ។ នៅ​ចុង​បញ្ចប់​នៃ​បេសកកម្ម​របស់​នាង​នៅ​ប្រទេស​អ៊ីតាលី កាល​នាង​ទៅ​ផ្ទះ​បេសកកម្ម​ដើម្បី​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​វិញ ស្ត្រី​ដែល​ដឹង​ច្បាស់ម្នាក់ ដែល​ជា​ភរិយា​ប្រធាន​បេសកកម្ម បាន​បម្រើ​នាង​យ៉ាង​ថ្នាក់ថ្នម​ដោយ​គ្រាន់តែ​សិត​សក់​ឲ្យ​នាង ។

ច្រើន​ឆ្នាំ​ក្រោយ​មក មាន​ស្ត្រី​ដែល​ដឹង​ច្បាស់ម្នាក់​ទៀត ឈ្មោះ ថែរី—ជា​ប្រធាន​សមាគម​សង្គ្រោះ​ស្តេកបាន​ផ្ដល់​ពរ​ដល់​ជីវិត​របស់ ជែនី កាល ជែនី ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​វួដ ។ ពេល​នោះ ជែនី កំពុង​ធ្វើ​សារណា​ដើម្បី​បញ្ចប់​ថ្នាក់​បណ្ឌិត​របស់​នាង ។ ថែរី មិន​គ្រាន់តែ​បម្រើ​ជា​អ្នក​ផ្ដល់​ប្រឹក្សា​ដល់ ជែនី ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ទេ គាត់​ថែមទាំង​បាន​អង្គុយ​ជិត​នាង​អស់ ១០​ម៉ោង​នៅ​មន្ទីរពេទ្យ កាល ជែនី មាន​ជំងឺ​មហារីក​គ្រាប់​ឈាម ។ ថែរី បាន​ទៅ​សួរសុខទុក្ខ​នៅ​មន្ទីរពេទ្យ ហើយ​បាន​បើក​ឡាន​នាំ​នាង​ទៅជួប​ការណាត់ ។ ជែនី បាន​សារភាព​ថា « ខ្ញុំ​គិត​ថា ខ្ញុំ​ប្រហែល​ជា​បាន​ក្អួត​បួន​ប្រាំ​ដង​ក្នុង​ឡាន​របស់​គាត់ » ។

ទោះជា​មាន​ជំងឺ​ក្ដី ជែនី បាន​បន្ត​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​វួដ​យ៉ាង​ក្លាហាន ។ ទោះជា​ជំងឺ​នាង​ធ្វើ​ទុក្ខខ្លាំង​ក្ដី នាង​នៅ​តែ​ទូរសព្ទ ផ្ញើ​សារ និង អ៊ីម៉ែល​ពី​គ្រែ​ដែល​នាង​សម្រាក ហើយ​នាង​អញ្ជើញ​បងប្អូន​ស្ត្រី​ឲ្យ​មក​ជួប​នាង ។ នាង​បាន​ផ្ញើ​កាត និង ការ​ជូនដំណឹង​នានា​ទៅឲ្យ​ពួក​គេ ជា​បងប្អូន​ស្ត្រី​ជា​ទីស្រឡាញ់​របស់​​នាង​ពី​ចម្ងាយ ។ ពេល​វួដ​របស់​នាង​បាន​ស្នើ​រូបថត​មួយ​សន្លឹក​នៃ​គណៈប្រធាន​របស់​នាង​ដើម្បី​ចងក្រង​ប្រវត្តិ​វួដ នេះ​ជា​អ្វី​ដែល​ពួកគេ​ទទួល​បាន ។ ដោយសារ ជែនី គឺ​ជា ស្ត្រី​ដែល​ដឹង​ច្បាស់ ដោយ​ខ្លួន​នាង នាង​បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ជួយ​រែក​បន្ទុក​មនុស្សដទៃ រួម​ទាំង​បន្ទុក​ផ្ទាល់ខ្លួន​នាង​ផង ។

រូបភាព
គណៈប្រធាន​សមាគមសង្គ្រោះ​វួដ​ពាក់​មួក

ក្នុង​នាម​ជា ស្ត្រី​ដែល​ដឹង​ច្បាស់ជែនី បាន​ថ្លែង​ទីបន្ទាល់​ដូចនេះ ៖ « យើង​នៅ​លើ​ផែនដី​មិន​គ្រាន់តែ​ដើម្បី​សង្គ្រោះ​មនុស្សដទៃ​ទេ គឺ​ដើម្បី​សង្គ្រោះ​ខ្លួន​យើង​ដែរ ។ ការសង្គ្រោះ​នោះ​កើត​មានដោយ​សារ​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ​ការយល់​អំពី​ព្រះគុណ និង ដង្វាយធួន​ទ្រង់ និង ព្រះទ័យ​នៃ​ក្ដីស្រឡាញ់​របស់​ទ្រង់​​ចំពោះ​ស្ត្រី​នៃ​សាសនាចក្រ ។ ការណ៍​នោះ​កើតឡើង​តាមរយៈ​ទង្វើ​ផ្សេងៗ​យ៉ាង​សាមញ្ញ​ដូចជា សិត​សក់​ឲ្យ​នរណាម្នាក់ ផ្ញើ​ដំណឹង​ដែល​មាន​សារលិខិត​នៃ​ក្ដីសង្ឃឹម និង ព្រះគុណ​ដ៏​បំផុសគំនិត ប្រកប​ដោយវិវរណៈ និងច្បាស់លាស់ ឬ​ការអនុញ្ញាត​ឲ្យ​ពួក​ស្ត្រី​មក​បម្រើ​យើង » ។

បងប្អូនស្ត្រី​អើយ នៅ​ពេល​យើង​ត្រូវបាន​រំខាន សង្ស័យ បាក់ទឹកចិត្ត ​ប្រព្រឹត្ត​បាប ​ទុក្ខព្រួយ ឬ ព្រលឹង​មាន​បន្ទុកហួស​ប្រមាណ សូម​ឲ្យ​យើង​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ​ផឹក​ទឹក​រស់​របស់​ទ្រង់​ដូច​ស្ត្រី ដែល​ដឹង​ច្បាស់ នៅ​ឯ​អណ្ដូង​ទឹក​បាន​ធ្វើ ដោយ​អញ្ជើញ​មនុស្សដទៃ​ឲ្យ​ធ្វើ​ដូច​នាង​ដែរ កាល​យើង​ថ្លែង​សាក្សី ដែល​ដឹង​ច្បាស់ផ្ទាល់ខ្លួនថា ៖ « តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ​ឬ​អី ? »

កាល​ជីវិត​ហាក់​អយុត្តិធម៌ វា​ច្បាស់​ដូចជា ម៉ាថា ដែល​ប្អូន​ប្រុស​​បាន​ស្លាប់—ពេល​យើង​ខូច​ចិត្ត​ដោយ​ភាពឯកោ ការគ្មាន​កូន ការបាត់បង់​មនុស្ស​ជា​ទីស្រឡាញ់ គ្មាន​ឱកាស​រៀបការ គ្រួសារ​បែកបាក់ ភាពទន់ខ្សោយ ជំងឺ​រាងកាយ និង ផ្លូវចិត្ត ភាពតានតឹង ការថប់បារម្ភ ការញៀន ខ្វះ​ខាត​ហិរញ្ញវត្ថុ ឬ​ឧបសគ្គ​ដែល​អាច​កើតឡើង​ជា​ច្រើន—សូម​ឲ្យ​យើង​ចងចាំ​អំពី ម៉ាថា ហើយ​ថ្លែង​សាក្សី ដែល​ដឹង​ច្បាស់ស្រដៀង​នេះ​ថា « ប៉ុន្តែ​ខ្ញុំ​ម្ចាស់​ដឹង … [ ហើយ ] ខ្ញុំ​ម្ចាស់​ជឿ​ហើយថា​ទ្រង់​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ » ។

រូបភាព
ស្ត្រី​នៅ​កន្លែង​ឈើឆ្កាង

សូម​ឲ្យ​យើង​ចងចាំ​ពី​ស្ត្រី​ជា​ច្រើន ដែល​បដិសេធ​មិន​បោះបង់​ព្រះអង្គសង្គ្រោះ អំឡុង​ពេល​ទ្រង់​រងទុក្ខ​លើ​ឈើឆ្កាង ហើយ​ច្រើន​ម៉ោង​ក្រោយ​មក ស្ត្រី​ទាំងនោះ​មាន​ឯកសិទ្ធិ​ធ្វើ​ជា​សាក្សី ដែល​ដឹង​ច្បាស់ អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​ដ៏​រុងរឿង​របស់​ទ្រង់ ។ ចូរ​យើង​ស្ថិត​នៅ​ជិត​ទ្រង់​ក្នុង​ការអធិស្ឋាន និង ការសិក្សា​ព្រះគម្ពីរ ។ ចូរ​យើង​ទៅ​ជិត​ទ្រង់​ដោយ​ការរៀបចំ និង ការទទួលទាន​តំណាង​ដ៏​ពិសិដ្ឋ​នៃ​ពលិកម្មធួន​ទ្រង់​រាល់​សប្ដាហ៍ អំឡុង​ពេល​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ និង​នៅ​ពេល​យើង​រក្សា​សេចក្ដីសញ្ញា​ដោយ​ការបម្រើ​មនុស្ស​ដទៃ​នៅគ្រា​ដែល​ពួកគេ​ត្រូវការ ។ ប្រហែលជា​ពេល​នោះ យើង​នឹង​ធ្វើ​ជា​ចំណែក​នៃ ស្ត្រី​ដែល​ដឹង​ច្បាស់ដែល​នឹង​សាទរ​ដល់​ការយាង​ត្រឡប់​មកវិញ​របស់​​ទ្រង់ដ៏​​​រុងរឿង ។

រូបភាព
ព្រះអង្គសង្គ្រោះ​នៅឯ​ការ​យាងមក​ជា​លើក​ទីពីរ

បងប្អូនស្រី​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះមាតាបិតាសួគ៌ ព្រះអង្គសង្គ្រោះ​យើង ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​ដ៏​និរន្តរ៍​ទ្រង់ជំនួស​យើង​ទាំងអស់គ្នា ។ ខ្ញុំ​ដឹង​ថា ព្យាការី យ៉ូសែប ស៊្មីធ ត្រូវបាន​តែងតាំង​ពី​មុន​លោកិយ​ឲ្យ​ធ្វើ​ជា​ព្យាការី​នៃ​ការស្ដារឡើងវិញ ។ ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​ពិត ហើយ​ត្រូវបាន​បកប្រែ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។ យើង​មាន​ពរ​ដែល​មាន​ព្យាការី​កំពុង​រស់នៅ​ក្នុង​ជំនាន់​យើង​នេះ គឺ​ប្រធាន ថូម៉ាស អេស ម៉នសុន ។ ខ្ញុំ ដឹង​ច្បាស់អំពី​សេចក្ដីពិត​ទាំងនេះ ! នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ ៖ នៅ​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០១៧ ស៊ីស្ទើរ ប៊ើរតុន ត្រូវ​បាន​ដោះលែង​ពី​ប្រធានសមាគម​សង្គ្រោះ ។

កំណត់ចំណាំ

  1. Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ ២០១១ ) ទំព័រ ៣ ។

  2. លូកា ៨:១–៣បាន​គូសបញ្ជាក់​បន្ថែម ។

  3. លូកា ២៤:២២–២៣បាន​គូសបញ្ជាក់​បន្ថែម ។

  4. ជា​ភាសា​អង់គ្លេស​ពាក្យ ដែល​ដឹង​ច្បាស់មាន​ន័យ​ម្យ៉ាង​ទៀត​ថា « ការជ្រើសរើស​នៃ » ឬ « ភាពចម្រុះ​នៃ »  ប៉ុន្តែ​វា​មាន​ន័យ​ថា​ជា ភាពប្រាកដ ភាពជឿជាក់ និង ភាពស្មោះត្រង់ ដែល​ខ្ញុំ​បាន​គូសបញ្ជាក់​ភាគច្រើន​នៅ​ថ្ងៃ​នេះ ។

  5. យ៉ូហាន ៤:២៩ ។

  6. យ៉ូហាន ៤:៣៩

  7. យ៉ូហាន ១១:២១–២២, ២៧បាន​គូស​បញ្ជាក់​បន្ថែម ។

  8. សូម​មើល Jennifer Reeder and Kate Holbrook, eds.,At the Pulpit: 185 Years of Discourses by Latter-day Saint Women ឆ្នាំ ២០១៧ ) ទំព័រ ៥១–៥២ ។

  9. ត្រូវបាន​ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាតមក​ពី​អ្នក​និពន្ធ ជែនីហ្វើរ រីឌើរ អ្នក​ជំនាញ​ផ្នែក​ប្រវត្តិ​របស់​ស្ត្រី​នៅ​សតវត្សរ៍​ទី ១៩ ក្នុង​នាយកដ្ឋាន​ពង្សប្រវត្តិ​សាសនាចក្រ ។