ឆ្នាំ ២០១០-២០១៩
នំបុ័ង​ដ៏​រស់ដែល​ចុះ​ពី​ស្ថានសួគ៌​មក
ខែ តុលា ២០១៧


នំបុ័ង​ដ៏​រស់ដែល​ចុះ​ពី​ស្ថានសួគ៌​មក

បើ​យើង​ចង់​រស់នៅ​ក្នុង​ព្រះគ្រីស្ទ ហើយ​ឲ្យ​ទ្រង់​រស់នៅ​ក្នុង​យើង នោះ​បរិសុទ្ធភាព​គឺ​ជា​អ្វី​ដែល​យើង​ស្វែងរក ។

នៅ​ថ្ងៃ​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ផ្ដល់​អាហារ​ដល់​មនុស្ស ៥០០០ ​នាក់​នៅ​កាលីឡេ​ប្រកប​ដោយអព្ភូតហេតុ​ដែល​មាន « នំបុ័ង​ម្សៅ​ឱក​៥ និង​ត្រី​តូច​២ » ទ្រង់​មាន​បន្ទូល​ទៅ​ហ្វូង​មនុស្ស​ម្ដង​ទៀត​នៅ កាពើណិម ។ ព្រះអង្គសង្គ្រោះ​បាន​ត្រាស់​យល់​ថា មាន​មនុស្ស​ជា​ច្រើន​មិន​ចាប់​អារម្មណ៍​នឹង​ការ​បង្រៀន​របស់​ទ្រង់​នៅ​ពេល​ពួកគេត្រូវ​បាន​ផ្ដល់​អាហារ​ឲ្យ​ម្ដងទៀត ។ ទ្រង់​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ពួកគេ​ឲ្យ​ស្គាល់​តម្លៃ​កាន់​តែ​ខ្លាំង​នៃ « អាហារដែល​នៅ​ស្ថិតស្ថេរ ដរាប​ដល់​ជីវិត​អស់​កល្ប​ជានិច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា » ។ ព្រះយេស៊ូវ​បាន​ប្រកាស​ថា ៖

« យើង​ជា​នំបុ័ង​ជីវិត ។

« ពួក​អយ្យកោ​អ្នករាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាន៉ា​នៅក្នុង​ទីរហោស្ថាន ហើយ​ក៏​ស្លាប់​អស់​ទៅ ។

« ឯ​នំប៉័ង​ដែល​ខ្ញុំ​និយាយ​នេះ គឺ​ជា​នំប៉័ង​ដែល​ចុះ​ពី ស្ថានសួគ៌​មក ដើម្បី​ឲ្យ​អ្នក​ណា​ដែល​បរិភោគ​មិន​ត្រូវ ស្លាប់​ឡើយ ។

« ខ្ញុំ​ជា​នំបុ័ង​ដ៏​រស់​ដែល​ចុះ​ពី​ស្ថានសួគ៌​មក បើ​អ្នក ណា​បរិភោគ​នំបុ័ង​នេះ នោះ​នឹង​រស់នៅ​អស់កល្ប ជានិច្ច ឯ​នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូបសាច់​ខ្ញុំ​ដែល​ខ្ញុំ​នឹង ឲ្យ​ជំនួស​ជីវិត​មនុស្ស​លោក » ។

អត្ថន័យ​ពិត​របស់​ព្រះអង្គសង្គ្រោះ​ត្រូវ​បាន​បាត់​បង់​ទាំងស្រុង​ពី​អ្នក​ស្ដាប់​របស់​ទ្រង់ ដែល​យល់​សេចក្ដីថ្លែង​របស់​ទ្រង់​តែ​ន័យ​ត្រង់​នោះ ។ ពួកគេ​បាន​ងឿង​ឆ្ងល់​ទាំង​ភ័យ​ខ្លាច​ក្នុង​គំនិត​ថា « តើ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នេះ​អាច​នឹង​ឲ្យ​សាច់​ខ្លួនមក​យើង​បរិភោគ​បាន ? » ព្រះយេស៊ូវ​បាន​សង្កត់​ធ្ងន់​បន្ថែម​ថា ៖

« ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នករាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក រាល់​គ្នា​មិន​ពិសា​សាច់ ហើយ​មិន​ផឹក​ឈាម​របស់​កូន មនុស្ស​នោះ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​នៅក្នុង​ខ្លួន​ទេ ។

« អ្នក​ណា​ដែល​បរិភោគ​សាច់​នឹង​ឈាម​របស់​ខ្ញុំ​នោះ មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក នោះ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​បំផុត ។

« ពីព្រោះ​សាច់​ខ្ញុំ​ជា​អាហារ​ពិត ហើយ​ឈាម​ខ្ញុំ​ក៏​ជា គ្រឿង​ផឹក​ពិត​ប្រាកដ » ។

បន្ទាប់​មក​ទ្រង់​បង្ហាញ​អំពី​អត្ថន័យ​ដ៏​ល្អ​នៃ​ការ​ប្រៀបធៀប​របស់​ទ្រង់ ៖

« អ្នក​ណា​ដែល​បរិភោគ​សាច់ និង​ឈាម​របស់​ខ្ញុំ នោះ​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅក្នុង​អ្នក​នោះ​ដែរ ។

« អ្នក​ណា​ដែល​បរិភោគ​ខ្ញុំ​អ្នក នោះ​នឹង​រស់​ដោយសារ ខ្ញុំ​ដូច​ជា​ព្រះវរបិតា​ដ៏​មាន​ព្រះជន្ម​រស់​ទ្រង់​បាន​ចាត់​ឲ្យ ខ្ញុំ​មក ហើយ​ខ្ញុំ​ក៏​រស់នៅ​ដោយ​សារ​ទ្រង់​ដែរ » ។

អ្នក​ស្ដាប់​របស់​ទ្រង់​នៅ​តែ​ពុំ​អាច​ចាប់​យក​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ហើយ « …ជា​ច្រើន ដែល​ឮ​សេចក្តី​នោះ ក៏​និយាយ​ថា ពាក្យ​នេះ​ពិបាក​ស្តាប់​ណាស់ តើ​អ្នក​ណា​យល់​បាន ?… [ ហើយ ] តាំង​ពី​នោះ​មក​មាន​សិស្ស​ទ្រង់​ជា​ច្រើន​ដក ខ្លួន​ថយ​ចេញ​មិន​តាម​ទ្រង់​ទៀត​ទេ » ។

ដើម្បីទទួល​ទាន​ព្រះកាយ ហើយ​ផឹកលោហិត​របស់​ទ្រង់ គឺ​ជា​របៀប​ដ៏​ខុស​ប្រក្រតី​មួយ​ក្នុង​ការ​បង្ហាញ​ថា​យើង​ត្រូវ​នាំ​ព្រះអង្គសង្គ្រោះ​មក​ក្នុង​ជីវិត​របស់​យើង—មក​ក្នុង​ខ្លួន​យើង—ដើម្បី​យើង​អាច​បាន​ជា​តែ​មួយ ។ តើរឿងនេះកើតឡើង​យ៉ាង​ដូចម្ដេច ?

ទីមួយ យើង​យល់​ថា នៅក្នុង​ការ​ពលិកម្ម​ជា​សាច់ឈាម​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​ធួន​ចំពោះ​អំពើបាប​របស់​យើង ហើយ​យក​ឈ្នះ​លើ​សេចក្ដីស្លាប់​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។ បន្ទាប់មក​យើង​ទទួល​ទាន​ព្រះកាយ ហើយ​ផឹក​លោហិត​របស់​ទ្រង់​យ៉ាង​ច្បាស់ នៅ​ពេល​យើង​ទទួល​មកពី​ទ្រង់​នូវ​ព្រះចេស្ដារ និង​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​បង្ហាញ​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ព្រះគុណ​ដ៏​ធួន ។ គឺ​ត្រូវ​ជឿ ហើយ​មាន​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ ប្រែចិត្ត ហើយ​ទទួល​បុណ្យជ្រមុជទឹក ហើយ​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ « ហើយ​បន្ទាប់​មក​គឺជា​ការ​ផ្ដាច់​បាន​ទាំងឡាយ​របស់អ្នក​ដោយ​ភ្លើង និង​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ » ។១០ នេះ​គឺ​ជា​ច្រកទ្វារ ជា​ផ្លូវ​របស់​យើង​ទៅកាន់​ព្រះគុណ​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ និង​ទៅកាន់​ផ្លូវ​តូច ហើយ​ចង្អៀត​ដែល​នាំ​ទៅកាន់​នគរ​របស់​ទ្រង់ ។

« ហេតុដូច្នោះហើយ បើ​សិន​ជា​អ្នក​រាល់គ្នា​ខិតខំ​ជឿន​ទៅ​មុខ [នៅ​លើ​ផ្លូវ] ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត មើលចុះ នោះព្រះវរបិតា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នក​រាល់គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។

« នេះ​គឺជា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយគឺជា​គោលលទ្ធិ​តែមួយ ហើយ​ពិត​នៃ​ព្រះវរបិតា និង​ព្រះរាជ​បុត្រា ហើយនឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ព្រះពិត​តែ​មួយ​ដែលគ្មានចុង​បំផុត » ។១១

និមិត្ត​សញ្ញា​នៃ​ពិធីសាក្រាម៉ង់​ក្នុង​ពេល​ទទួល​ទាន​អាហារ​យប់​ចុង​ក្រោយ​របស់​ព្រះអម្ចាស់ គឺ​ជា​រឿង​ដ៏​អស្ចារ្យ​ដើម្បី​សញ្ជឹងគិត ។ នំប៉័ង និង​ទឹក​តំណាង​ឲ្យ​ព្រះកាយ និង​លោហិត​របស់​ទ្រង់​ដែល​ជា​នំប៉័ង​ជីវិត និង​ជា​ទឹក​រស់១២ ដែល​រំឭក​យើង​យ៉ាង​ទន់ភ្លន់​អំពី​តម្លៃ​ដែល​ទ្រង់​បាន​បង់​ថ្លៃ​ក្នុង​ការ​ប្រោសលោះ​យើង ។ នៅពេល​កាច់​នំប៉័ង នោះ​យើង​ចងចាំ​អំពី​ការទម្លុះ​សាច់​របស់​ព្រះអង្គសង្គ្រោះ ។ អែលឌើរ ដាល្លិន អេក អូក បាន​អង្កេត​ថា « ដោយសារ​តែ​វា​បាន​កាច់​ហែក នោះ​ចំណិត​នំប៉័ង​នីមួយៗ​គឺ​ពិសេស​ណាស់ ដូចជា​បុគ្គល​ម្នាក់ៗ​ដែល​ទទួល​ទាន​វា​ក៏​ពិសេស​ណាស់​ដែរ ។ យើង​ទាំងអស់​គ្នា​មាន​អំពើបាប​ដើម្បី​ប្រែចិត្ត​ផ្សេងៗ​គ្នា ។ យើង​មាន​តម្រូវការ​ផ្សេងៗ​គ្នា​ដើម្បី​ពង្រឹង តាមរយៈ​ដង្វាយធួន​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ដែល​យើង​ចងចាំ​នៅ​ក្នុង​ពិធីបរិសុទ្ធ​នេះ » ។១៣ នៅពេល​យើង​ផឹកទឹក នោះ​យើង​គិត​អំពី​ព្រះលោហិត​ដែល​ទ្រង់​បាន​បង្ហូរ​នៅ សួនច្បារគែតសេម៉ានី និង​នៅលើ​ឈើឆ្កាង និង​អំណាច​នៃ​ការ​ញែក​ជា​បរិសុទ្ធ ។១៤ ដោយ​ដឹង​ថា « ​គ្មាន​អ្វី​ដែល​ពុំ​ស្អាត​ណា​អា​ចចូល​ទៅក្នុង​នគរ​របស់​ទ្រង់​បាន » នោះ​យើងដោះ​ស្រាយ​ធ្វើ​យ៉ាង​ណា​នៅក្នុង​ចំណោម​នៃ « អ្នកនោះ​បាន​លាង​សម្លៀកបំពាក់​របស់ខ្លួន ដោយ​នូវ​លោហិត​[ របស់​ព្រះអង្គសង្គ្រោះ ] ពីព្រោះ​មក​ពី​សេចក្តី​ជំនឿ​របស់​គេ និង​ការ​ប្រែចិត្ត​ពីគ្រប់​ទាំង​អំពើ​បាប​របស់​គេ និង​ការស្មោះត្រង់​របស់​គេ​រហូត​ដល់​ទី​បំផុត » ។១៥

ខ្ញុំ​និយាយ​អំពី​ការ​ទទួល​ព្រះគុណ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​ដក​អំពើបាប​របស់​យើង និង​ស្នាម​ប្រឡាក់​នៃ​អំពើបាប​នៅក្នុង​ខ្លួន​យើង ។ ប៉ុន្តែ​ពាក្យ​ប្រៀបធៀប​អំពី​ការ​ទទួលទាន​ព្រះកាយ​របស់​ទ្រង់ ហើយ​ផឹក​លោហិត​របស់​ទ្រង់​មាន​អត្ថន័យ​បន្ថែម ហើយ​ថា​ត្រូវ​ដាក់​គុណសម្បត្តិ និង​ចរិត​លក្ខណៈ​របស់​ព្រះ​គ្រីស្ទ​ក្នុង​ខ្លួន​យើង ហើយ​ការសម្រាត​ចោល​ភាព​ជា​មនុស្ស​ខាង​សាច់ឈាម​ចេញ ហើយ​ប្រែក្លាយ​ជា​ពួក​បរិសុទ្ធ « តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ » ។១៦ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ នំប៉័ង និង​ទឹក​រាល់​សប្ដាហ៍ នោះ​យើង​នឹង​ធ្វើ​បាន​ល្អ​ដើម្បី​ពិចារណា​ថា​យើង​ត្រូវ​តែ​ដាក់​បញ្ចូល​ចរិតលក្ខណៈ​របស់​ទ្រង់ និង​គំរូ​នៃជីវិត​គ្មាន​បាប​របស់​ទ្រង់​មក​ក្នុង​ជីវិត និង​តួអង្គ​របស់​យើង​ឲ្យ​ពេញលេញ​ទាំង​ស្រុង ។ ព្រះយេស៊ូវ​ពុំ​អាច​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​អ្នកដទៃ​បាន​ទេ លុះត្រា​តែ​ទ្រង់​ផ្ទាល់​ពុំ​មាន​អំពើ​បាប ។ ដោយសារ​សេចក្ដីយុត្តិធម៌​ពុំ​បាន​ទាមទារ​ពី​ទ្រង់ នោះ​ទ្រង់​អាច​ប្រគល់​ព្រះអង្គទ្រង់​ជំនួស​យើង ដើម្បី​ធ្វើ​ឲ្យ​សេចក្ដីយុត្តិធម៌​បាន​ស្កប់ស្កល់ បន្ទាប់មក​ប្រទាន​នូវ​ក្ដីមេត្តាករុណា ។ នៅពេល​យើង​ចងចាំ ហើយ​គោរព​ដល់​ពលិកម្ម​ធួន​របស់​ទ្រង់ នោះយើង​គួរ​តែ​សញ្ជឹងគិត​អំពី​ជីវិត​គ្មាន​បាប​របស់​ទ្រង់ ។

រឿង​នេះ​ផ្ដល់​ជា​យោបល់​អំពី​តម្រូវការ​ឲ្យ​ព្យាយាម​យ៉ាង​ខ្លាំង​ពី​ចំណែក​របស់​យើង ។ យើង​មិនអាច​សប្បាយ​ក្នុង​ការ​បន្ដ​នៅ​ដដែលនោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ឆ្ពោះ​ទៅ​មុខ​ដោយ​ខ្ជាប់​ខ្ជួន « ដល់​ខ្នាត​កម្ពស់​នៃ​សេចក្ដីពោរពេញ​ផង​ព្រះគ្រីស្ទ » ។១៧ ដូចជា​បិតា​របស់​ស្ដេច​ឡាម៉ូណៃ​នៅ​ក្នុង​គម្ពីរ​មរមន យើង​ត្រូវ​តែ​មាន​ឆន្ទៈ​បោះបង់​ចោល​អំពើបាប​ទាំងអស់​របស់​យើង១៨ ហើយ​ផ្ដោត​ទៅលើ​អ្វី​ដែល​ព្រះ​រំពឹង​ទុក​ពី​យើង​ជា​បុគ្គល​ម្នាក់ៗ និង​ជា​រួម ។

មិន​យូរ​ប៉ុន្មាន​កន្លង​ទៅ មាន​មិត្ត​ម្នាក់​បាន​រៀបរាប់​ប្រាប់​ខ្ញុំ​ពី​បទពិសោធន៍​មួយ ដែល​គាត់​មាន កាល​បម្រើ​ជា​ប្រធាន​បេសកកម្ម ។ គាត់​បាន​ទទួល​ការ​វះកាត់​មួយ ដែល​តម្រូវ​ឲ្យមាន​ការ​សម្រាកជាច្រើន​សប្ដាហ៍​មុន​នឹង​ត្រឡប់​ទៅ​វិញ ។ អំឡុង​ពេល​ព្យាបាល​របស់​គាត់ គាត់​បាន​ចំណាយ​​ពេលវេលា​ដើម្បី​ស្វែងយល់​ពី​ព្រះគម្ពីរ ។ នា​រសៀល​មួយ​នៅពេល​គាត់​ពិចារណា​អំពី​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី ៣ ជំពូក ២៧ គាត់​បាន​ដេក​លក់ ។ បន្ទាប់មក​គាត់​បាន​រៀបរាប់​ថា ៖

« ខ្ញុំ​មាន​សុបិន​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​ពី​ជីវិត​របស់​ខ្ញុំ​យ៉ាង​ច្បាស់ ហើយ​ធំទូលាយ ។ ខ្ញុំ​ត្រូវ​បាន​បង្ហាញ​ពី​អំពើបាប​របស់​ខ្ញុំ ការ​ជ្រើសរើស​មិន​ល្អ នឹង​គ្រា​ទាំងឡាយ…ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​មនុស្ស​ដោយ​តក់ក្រហល់ ថែមទាំង​ការ​ភ្លេច​ធ្វើ​អំពើល្អ​ដែល​ខ្ញុំ​គួរ​តែ​បាន​និយាយ ឬ​ធ្វើ ។… ការ​យល់ដឹង [ មួយ ] … [ រំឭកឡើងវិញពី ] ជីវិត​របស់​ខ្ញុំ គឺ​ត្រូវ​បាន​បង្ហាញ​មក​ខ្ញុំ​តែ​ពីរបី​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​វា​ហាក់ដូចជា​មាន​យ៉ាង​ច្រើន​ទៀត ។ ខ្ញុំ​បាន​ភ្ញាក់​ឡើង ភ្ញាក់​ខ្លួន ហើយ​… បាន​លុតជង្គង់​ចុះភ្លាម​នៅជិត​គ្រែ រួច​ចាប់​ផ្ដើម​អធិស្ឋាន អង្វរ​សូម​ការ​អភ័យទោស បង្ហាញ​អារម្មណ៍​ពី​ដួងចិត្ត​ខ្ញុំ​ដូចជា​ខ្ញុំ​ពុំ​ធ្លាប់​ធ្វើ​ពី​មុន​មក​អញ្ចឹង ។

« ពីមុន​សុបិន​នោះ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ [ មាន ] អ្វី​យ៉ាង​ច្រើន​ត្រូវ​ប្រែចិត្ត​ដូច្នេះទេ ។ រំពេច​នោះ កំហុស និង​ភាព​ទន់ខ្សោយ​របស់​ខ្ញុំ បាន​បង្ហាញ​យ៉ាង​ច្បាស់​មក​ខ្ញុំ​ពី​គម្លាត​រវាង​ខ្ញុំ​ផ្ទាល់ និង​ភាព​បរិសុទ្ធ និង​សេចក្ដី​ល្អ​របស់​ព្រះ ដែល​[ ហាក់ដូចជា ] មានចម្ងាយ​រាប់​លាន​គីឡូម៉ែត្រ ។ នៅក្នុង​ការ​អធិស្ឋាន​នៅ​រសៀល​នោះ ខ្ញុំ​បាន​បង្ហាញ​នូវការ​ដឹងគុណ​ដ៏​ជ្រាល​ជ្រៅ​បំផុត​របស់​ខ្ញុំ​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​ដោយ​អស់​ពី​ដួងចិត្ត​ចំពោះ​អ្វី​ដែល​ពួក​ទ្រង់​បាន​ធ្វើ​សម្រាប់​ខ្ញុំ និង​សម្រាប់​ទំនាក់ទំនង​ដែល​ខ្ញុំ​បាន​រក្សា​ទុក​ជាមួយ​នឹង​ភរិយា និង​កូនៗ​ខ្ញុំ ។ ខណៈ​ពេល​ខ្ញុំ​លុត​ជង្គង់ ខ្ញុំ​ក៏​បាន​ទទួល​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់ និង​ព្រះគុណ​របស់​ព្រះ​យ៉ាង​ស្ដែង ទោះ​ជា​អារម្មណ៍​ខ្ញុំ​ពុំសក្ដិសម​ក្ដី ។…

« ខ្ញុំ​អាច​និយាយ​ថា ខ្ញុំ​មិន​ជា​មនុស្ស​ដូច​មុនទេ ​ចាប់​តាំង​ពី​ថ្ងៃនោះ​មក ។… ដួងចិត្ត​របស់​ខ្ញុំ​បាន​ផ្លាស់ប្ដូរ ។… ជា​លទ្ធផល គឺ​ថា​ខ្ញុំ​បាន​អភិវឌ្ឍ​ចិត្ត​អាណិតអាសូរ​កាន់តែ​ច្រើន​ចំពោះ​មនុស្ស​ដទៃ ទាំង​មាន​សមត្ថភាព​ដើម្បី​ស្រឡាញ់​កាន់តែ​ច្រើន ព្រមទាំង​មាន​អារម្មណ៍​ថា​ត្រូវ​ផ្សាយ​ដំណឹងល្អ​ជា​បន្ទាន់ ។… ខ្ញុំ​អាច​ភ្ជាប់​ទៅ​នឹង​សារលិខិត​នៃ​សេចក្ដីជំនឿ សេចក្តីសង្ឃឹម និង​អំណោយទាន​នៃ​ការ​ប្រែចិត្ត ដែល​មាន​នៅ​ក្នុង​គម្ពីរ​មរមន [ ដែល ] ពុំ​ធ្លាប់​មាន​ពីមុន » ។១៩

វាសំខាន់​ដើម្បី​ទទួល​ស្គាល់​ថា វិវរណៈ​ដ៏​ច្បាស់​អំពី​អំពើបាប និង​កំហុស​ឆ្គង​នានា​ចំពោះ​បុរស​ល្អ​រូប​នេះ ពុំ​បាន​ធ្វើ​ឲ្យ​គាត់​បាក់ទឹកចិត្ត ឬ​នាំ​គាត់​ទៅ​រក​ភាព​អស់សង្ឃឹម​នោះទេ ។ មែនហើយ គាត់​មានអារម្មណ៍​រន្ធត់ ហើយ​សោកស្ដាយ ។ គាត់​មានអារម្មណ៍​ថា​ចាំបាច់​ត្រូវ​ប្រែចិត្តយ៉ាង​មោះមុត ។ គាត់​រាបសារ ទាំង​មានអារម្មណ៍​ដឹងគុណ សន្ដិភាព និង​ក្ដី​សង្ឃឹម —ជា​ក្ដីសង្ឃឹម​ពិត—​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ « ជា​នំបុ័ង​ដ៏​រស់ ដែល​ចុះ​ពី​ស្ថានសួគ៌​មក » ។២០

មិត្ត​របស់​ខ្ញុំ​និយាយ​អំពី​គម្លាត​ដែល​គាត់​មើល​ឃើញ​ក្នុង​សុបិន​របស់​គាត់​រវាង​ជីវិត​គាត់ និង​ភាព​បរិសុទ្ធ​របស់​ព្រះ ។ បរិសុទ្ធភាព គឺ​ជា​ពាក្យ​ត្រឹមត្រូវ ។ ដើម្បី​ទទួលទានព្រះកាយ ហើយ​ផឹក​លោហិត​របស់​ព្រះគ្រីស្ទ​មានន័យ​ថា តស៊ូ​ទទួល​យក​បរិសុទ្ធភាព ។ ព្រះ​បាន​បង្គាប់​ថា « ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​​យើង​ជា​បរិសុទ្ធ » ។២១

ហេណុក បាន​ប្រឹក្សា​ដល់​យើង​ថា « ចូរ​បង្រៀន​កូនចៅ​អ្នក ថា​មនុស្ស​ទាំងអស់​នៅ​គ្រប់​ទិសទី​ត្រូវ​តែ​ប្រែចិត្ត បើ​ពុំ​នោះ​សោត​ទេ ពួកគេ​ពុំ​អាច​គ្រង​នគរ​ព្រះ​ទុក​ជា​មរតក​បាន​ឡើយ ដ្បិត​គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​អាស្រ័យ​នៅទីនោះ ឬ​នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​បាន​ឡើយ ដ្បិត​នៅ​ក្នុង​ភាសា​អ័ដាម មនុស្ស​នៃ​បរិសុទ្ធភាព គឺ​ជា​ព្រះនាម​របស់​ទ្រង់ ហើយ​ព្រះ​នាមនៃ​ព្រះរាជបុត្រា​បង្កើត​តែ​មួយរបស់​ទ្រង់ គឺ​កូន​មនុស្ស​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ចៅ​ក្រម​សុចរិត ដែល​នឹង​យាង​មក​ក្នុង​ពេល​ខ្ពង់ខ្ពស់​បំផុត » ។២២ កាលពី​ក្មេង ខ្ញុំ​ងឿងឆ្ងល់​ថា​ហេតុអ្វី​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ព្រះយេស៊ូវ​ត្រូវ​បាន​ហៅ​ថា​ជា ( សូម្បីតែទ្រង់​ហៅ​​ព្រះអង្គទ្រង់​ផ្ទាល់ ) ​ជា​កូន​មនុស្ស​ញឹកញាប់​ម្ល៉េះ កាល​ដែល​ទ្រង់​ជា​រាជបុត្រា​ពិត​របស់​ព្រះ​ហើយ​នោះ ប៉ុន្តែ​សេចក្ដី​ថ្លែង​របស់​ហេណុក​បង្ហាញ​យ៉ាង​ច្បាស់​ថា សេចក្ដី​យោង​ទាំងនេះ គឺ​ត្រូវ​បាន​ទទួល​ស្គាល់​អំពី​ភាព​ជា​ព្រះជា និង​បរិសុទ្ធភាពរបស់​ទ្រង់—ទ្រង់​ជា​ព្រះ​រាជបុត្រានៃ​ព្រះ​ដ៏​បរិសុទ្ធ គឺ​ព្រះ​ជា​ព្រះ​វរបិតា ។

បើ​យើង​ចង់​រស់នៅ​ក្នុង​ព្រះគ្រីស្ទ ហើយឲ្យ​ទ្រង់គង់​នៅ​ក្នុង​យើង២៣ នោះ​បរិសុទ្ធភាព​គឺ​ជា​អ្វី​ដែល​យើង​ស្វែងរក​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។២៤ យើងស្វែងរក​វា​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ដែល​ត្រូវ​បាន​ឆ្លាក់ទុក​ថា « បរិសុទ្ធ​ដល់​ព្រះអម្ចាស់ » ។ យើង​ស្វែងរក​វា​នៅ​ក្នុង​អាពាហ៍ពិពាហ៍ គ្រួសារ និង​គេហដ្ឋាន​របស់​យើង ។ យើង​ស្វែងរក​វា​ជា​រៀងរាល់​សប្ដាហ៍ នៅពេល​យើង​រីករាយ​នឹង​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។២៥ យើង​ស្វែងរក​វា​ជា​លម្អិត​នៅក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ៖ ពាក្យសម្ដី ការ​ស្លៀកពាក់ និង​គំនិត​របស់​យើង ។ ដូច​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​ថា « យើង​គឺ​ជា​ផលិតផល​នៃ​អ្វីៗ​ទាំងអស់​ដែល​យើងអាន ដែល​យើង​មើល ដែល​យើង​ស្ដាប់ និង​ដែល​យើង​គិត » ។២៦ យើង​ស្វែងរក​បរិសុទ្ធភាព នៅពេល​យើង​ទទួល​យក​ឈើ​ឆ្កាង​របស់​យើង​ប្រចាំ​ថ្ងៃ ។២៧

ស្ទីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី បាន​សង្កេត​ឃើញ​ថា ៖ « យើង​ទទួលស្គាល់​ការសាកល្បង ការល្បួង និង​ទុក្ខលំបាក​ជា​ច្រើន ដែល​អាច​ទាញ​យើង​ចេញ​ពី​មាគ៌ា​ដែល​ប្រកប​ដោយ​គុណធម៌ និង​គួរ​ឲ្យ​សរសើរ​ចំពោះ​ព្រះ ។ ប៉ុន្តែ​បទពិសោធន៍​ក្នុង​ជីវិត​រមែងស្លាប់ ផ្ដល់​ឱកាស​ឲ្យ​យើង​ជ្រើសរើស​យក​សេចក្ដីបរិសុទ្ធ ។ ជា​ញឹកញាប់ វា​គឺ​ជា​ការលះបង់​ដែល​យើង​ធ្វើ ដើម្បី​គោរព​តាម​សេចក្ដីសញ្ញា​ដែល​ញែក ហើយ​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ » ។២៨ ហើយ​ខ្ញុំ​នឹង​បន្ថែម​ចំពោះ « ការ​លះបង់​ដែល​យើង​ធ្វើ » និង​ការ​បម្រើ​ដែល​យើង​ផ្ដល់​ឲ្យ​ផងដែរ ។

យើង​ដឹង​ថា « កាល​ណា [ យើង ] នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូទៅ នោះ [ យើង ] គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់ [ យើង ] តែ​ប៉ុណ្ណោះ » ។២៩ ហើយ​ព្រះអម្ចាស់​រំឭក​យើង​ថា ការ​បម្រើ​ដូច្នោះ គឺ​សំខាន់​ចំពោះ​ជីវិត និង​ចរិតលក្ខណៈ​របស់​ទ្រង់ ៖ « ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ​គឺ​នឹង​បម្រើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង » ។៣០ ប្រធាន ម៉ារ៉ុន ជី. រ៉មនី បាន​ពន្យល់​យ៉ាង​ឈ្លាសវៃ​ថា ៖ « ការបម្រើ​គឺ​ពុំមែន​ជា​អ្វី​ដែល​យើង​ស៊ូទ្រាំ​នៅលើ​ផែនដី​នេះ​ឡើយ ដើម្បី​ឲ្យ​យើង​អាច​ទទួល​នូវ​ឯកសិទ្ធិ​រស់នៅ​ក្នុង​នគរ​សេឡេស្ទាលឡើយ ។ ការ​បម្រើ​គឺ​ជា​ធាតុ​សំខាន់​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​នគរ​សេឡេស្ទាល » ។៣១

សាការី បាន​ព្យាករ​ថា នៅ​ថ្ងៃ​នៃ​ការ​គ្រងរាជ្យព្រះអម្ចាស់​នៅក្នុង​សហសវត្សរ៍ សូម្បី​តែ​កន្តឹង​សេះ​ក៏​មាន​ពាក់​ការ​ឆ្លាក់ពាក្យ​ថា « បរិសុទ្ធ​ដល់​ព្រះអម្ចាស់ » ផងដែរ ។៣២ នៅ​ក្នុង​ស្មារតី​នោះ ពួកបរិសុទ្ធ​ត្រួសត្រាយផ្លូវ​នៅ​ក្នុង​ជ្រលង​ភ្នំ​ទាំងនេះ បានចាំ​ទុក​ការ​រំឭក​ « បរិសុទ្ធ​ដល់​ព្រះអម្ចាស់ » នៅ​ក្នុង​រឿង​សាមញ្ញៗរាល់​ថ្ងៃ ក៏​ដូចជា​ទាក់ទង​នឹង​ការ​អនុវត្ត​ខាង​សាសនា​ដោយ​ផ្ទាល់​ផងដែរ ។ វា​ត្រូវ​បាន​ឆ្លាក់​នៅលើ​ពែង និង​ចាន​សាក្រាម៉ង់ ហើយ​បោះពុម្ព​នៅលើ​វិញ្ញាបនបត្រ​នៃ​ការ​តែងតាំង​ពួក​ចិតសិបនាក់ និង​នៅលើ​បដា​របស់​សមាគមសង្គ្រោះ ។ « បរិសុទ្ធ​ដល់​ព្រះអម្ចាស់ » ក៏​បង្ហាញ​នៅ​លើ​បង្អួច​នៃ​វិទ្យាស្ថាន Zion’s Cooperative Mercantile និង ហាង​ទំនិញ ZCMI ផងដែរ ។ វា​មាន​នៅ​លើ​ក្បាល​ញញួរ និង​នៅលើ​ស្គរ​ផងដែរ ។ « បរិសុទ្ធ​ដល់​ព្រះអម្ចាស់ » ត្រូវ​បាន​ឆ្លាក់​នៅ​លើ​ដៃទ្វារ​ដែក​នៅ​ផ្ទះ​របស់​ប្រធាន ព្រិកហាំ យ៉ង់ ។ សេចក្ដី​យោង​ទៅ​បរិសុទ្ធភាព​ទាំង​នេះ​បើ​មាន​នៅ​ក្នុង​កន្លែង​ខុសប្រក្រតី ឬ​ពុំ​បាន​រំពឹង​ទុក អាច​នឹង​មើល​ទៅ​ដូចជា​ចម្លែក ប៉ុន្តែ​វា​គ្រាន់​តែ​បង្ហាញ​ពី​របៀប​ដែល​យើង​ចាំបាច់​ត្រូវ​ផ្ដោត​ទៅលើ​បរិសុទ្ធភាព​នោះ​ដោយ​ខ្ជាប់​ខ្ជួន​ទាំង​ស្រុង ។

រូបភាព
ពែង​សាក្រា​ម៉ង
រូបភាព
ថាស​សាក្រា​ម៉ង
រូបភាព
ZCMI បង្ហាញ​រូប​បង្អួច
រូបភាព
ញញួរ
រូបភាព
ស្គរ
រូបភាព
ដៃ​ទ្វារ

ការ​ទទួល​ទាន​ព្រះកាយ ហើយ​ផឹក​លោហិត​របស់​ទ្រង់ មានន័យ​ថា បញ្ឈប់​នូវ​អ្វី​ដែល​ពុំ​ត្រូវ​នឹង​ចរិតលក្ខណៈ​ដូចជា​ព្រះ​គ្រីស្ទ​ក្នុង​ជីវិត​យើង​ចោល ហើយ​យក​អាកប្បកិរិយា​របស់​ទ្រង់​ដាក់​ក្នុង​ខ្លួន​យើង​វិញ ។ នេះ​គឺជា​អត្ថន័យ​ដ៏​ធំ​អំពី​ការ​ប្រែចិត្ត ៖ ពុំ​គ្រាន់តែ​ងាក​ចេញ​ពី​អំពើបាប​អតីតកាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ « ការបែរ​ដួងចិត្ត និង​ឆន្ទៈ​ទៅរក​ព្រះ » ៣៣ តទៅ​ខាង​មុខ​ផងដែរ ។ ដូច​បាន​កើត​ឡើង​ចំពោះ​មិត្ត​ខ្ញុំ​នៅក្នុង​សុបិន​វិវរណៈ​របស់​គាត់ ព្រះ​នឹង​បង្ហាញ​ដល់​យើង​នូវ​គុណវិបត្តិ និង​ការ​បរាជ័យ​នានា ប៉ុន្តែ​ទ្រង់​ក៏​នឹង​ជួយ​យើង​បង្វែរ​ភាព​ទន់​ខ្សោយ​ទៅ​ជា​ខ្លាំង​ផងដែរ ។៣៤ បើ​យើង​សួរ​ដោយ​ស្មោះ​ថា « តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ? »៣៥ ទ្រង់​នឹង​ពុំ​ទុក​ឲ្យ​យើង​សង្ស័យ​ឡើយ ប៉ុន្តែ​ទ្រង់​នឹង​ឆ្លើយ​តប​ជា​ប្រយោជន៍​សម្រាប់​សុភមង្គល​របស់​យើង​ដោយ​ក្ដី​ស្រឡាញ់ ។ ហើយ​ទ្រង់​ប្រទាន​ក្ដី​សង្ឃឹម​ដល់​យើង ។

វា​គឺជា​ការ​ខិតខំ​ដ៏​លើស​លប់​មួយ ហើយ​វា​នឹង​គួរ​ឲ្យ​ខ្លាច​ផងដែរ បើ​យើង​ខំ​ដើម្បី​បាន​បរិសុទ្ធភាព​តែ​ម្នាក់​ឯង​នោះ ។ សេចក្ដីពិត​ដ៏​រុងរឿង​គឺ​ថា​យើង​ពុំ​នៅ​ឯកោ​ទេ ។ យើង​មាន​សេចក្ដីស្រឡាញ់​របស់​ព្រះ ព្រះគុណ​របស់​ព្រះគ្រីស្ទ និង​ការ​លួងលោម និង​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយនឹង​ការ​រាប់អាន និង​ការ​លើក​ទឹកចិត្ត​មក​ពី​បងប្អួន​ពួកបរិសុទ្ធ​នៅ​ក្នុង​តួ​នៃ​ព្រះគ្រីស្ទ ។ ចូរ​យើង​កុំ​អរសប្បាយ​តែ​នឹង​ខ្លួន​យើង ប៉ុន្តែ​ក៏​កុំ​ឲ្យ​បាក់​ទឹកចិត្ត​ដែរ ។ ដូចជា​ទំនុកតម្កើង​ដ៏​សាមញ្ញ​មួយ​បាន​ជម្រុញ​យើង​ថា ៖

ចំណាយពេល​ដើម្បី​បាន​បរិសុទ្ធ ខណៈ​ពិភពលោក​ចេះតែ​បន្ដ

ចំណាយពេល​ច្រើន​នៅ​ជាមួយ​ព្រះគ្រីស្ទ​តែឯង ។

ពេល​មើល​ទៅ​ព្រះយេស៊ូវ អ្នក​នឹង​បាន​ដូច​ទ្រង់

មិត្ត​អ្នក​នឹង​ឃើញ​ទង្វើ​អ្នក​ដូចជា​ទ្រង់ ។៣៦

ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ថា « ជា​នំបុ័ង​ដ៏​រស់​ដែល​ចុះ​ពី​ស្ថានសួគ៌​មក » ៣៧ ហើយ​ថា « អស់​អ្នក​ណា​ដែល​ពិសា​សាច់ [ របស់​ទ្រង់ ] ហើយ​ផឹក​ព្រះលោហិត [ របស់​ទ្រង់ ] នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ៣៨ នៅក្នុង ព្រះនាម នៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។