គម្ពីរ​ទី​ពីរ​នៃ​នីហ្វៃ

ជំពូក​ទី ២៦

ព្រះ​គ្រីស្ទ​នឹង​យាង​ទៅ​បម្រើ​ដល់​ពួក​សាសន៍​នីហ្វៃ — នីហ្វៃ​មើល​ឃើញ​ជាមុន​អំពី​ការ​បំផ្លិចបំផ្លាញ​នៃ​រាស្ត្រ​លោក — ពួក​គេ​នឹង​និយាយ​ចេញ​មក​ពី​ធូលី​ដី — ពួក​សាសន៍​ដទៃ​នឹង​តាំង​សាសនាចក្រ​ក្លែងក្លាយ និង​បក្សព័ន្ធ​សម្ងាត់ — ព្រះ​អម្ចាស់​ទ្រង់​ហាម​មិន​ឲ្យ​មនុស្ស​ប្រព្រឹត្ត ឧបាយកល​ផ្នែក​សង្ឃ។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ឱ​កូន​ចៅ​របស់​ខ្ញុំ និង​បងប្អូន​របស់​ខ្ញុំ​អើយ ហើយ​បន្ទាប់ពី​ព្រះ​គ្រីស្ទ​នឹង​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើងវិញ នោះ​ទ្រង់​នឹង​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​អ្នក​រាល់​គ្នា ឯ​ព្រះ​បន្ទូល​ទាំង​ឡាយ​ដែល​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​មក​អ្នក នោះ​នឹង​ទៅ​ជា​ក្រឹត្យវិន័យ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម។

ត្បិត​មើល​ចុះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​បាន​ឃើញ​ជាច្រើន​តំណ​បាន​ស្លាប់​ទៅ ហើយ​នឹង​មាន​សង្គ្រាម​ដ៏​ធំៗ និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​ប្រជាជន​ខ្ញុំ។

ហើយ​បន្ទាប់ពី​ព្រះ​មែស៊ី​នឹង​យាង​មក នោះ​នឹង​មាន​ទី​សម្គាល់​ជាច្រើន ប្រាប់​ឲ្យ​ប្រជាជន​ខ្ញុំ​ដឹង​ជាមុន​អំពី​កំណើត​របស់​ទ្រង់ និង​អំពី​ការ​សុគត និង​ដំណើរ​រស់​ឡើងវិញ​នៃ​ទ្រង់​ដែរ ហើយ​ថ្ងៃ​នោះ​នឹង​ទៅ​ជា​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ចំពោះ​ពួក​ទុច្ចរិត ព្រោះ​ពួក​គេ​នឹង​ត្រូវ​វិនាស ហើយ​ពួក​គេ​វិនាស​ពី​ព្រោះ​មក​ពី​ពួក​គេ​បណ្ដេញ​ពួក​ព្យាការី និង​ពួក​បរិសុទ្ធ​ចេញ ព្រម​ទាំង​ចោល​ថ្ម ហើយ​សម្លាប់​គេ​ផង ហេតុ​ដូច្នោះ​ហើយ សម្រែក​នៃ​ឈាម​ពួក​បរិសុទ្ធ​នឹង​បន្លឺ​ពី​ដី​ឡើង​ទៅ​ដល់​ព្រះ​ទាស់​នឹង​ពួក​គេ។

ហេតុ​ដូច្នោះ​ហើយ ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា អស់​ពួក​អ្នក​ដែល​ឆ្មើងឆ្មៃ និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នោះ​ថ្ងៃ​នឹង​មក​ដល់​ដែល​នឹង​ឆេះ​ពួក​គេ​អស់ ត្បិត​ពួក​គេ​បី​ដូច​ជា​ចំបើង។

ឯ​ពួក​អ្នក​ដែល​សម្លាប់​ពួក​ព្យាការី និង​ពួក​បរិសុទ្ធ នោះ​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ទី​ជម្រៅ​នៃ​ផែនដី​នឹង​លេប​គេ ហើយ​ភ្នំ​នឹង​គ្រប​លើ​ពួក​គេ ហើយ​ខ្យល់ព្យុះ​កំណាច​នឹង​កួច​ពួក​គេ ហើយ​អគារ​នឹង​ដួល​លើ​ពួក​គេ​បោក​សង្កត់​ពួក​គេ​ឲ្យ​បែក​ជា​ដុំៗ ហើយ​កិន​ពួក​គេ​ឲ្យ​ម៉ត់​ដូច​ម្សៅ។

ហើយ​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ពួក​គេ​នឹង​ត្រូវ​ពិនិត្យពិច័យ​នឹង​ផ្គរលាន់ និង​ផ្លេកបន្ទោរ និង​ផែនដី​រញ្ជួយ ព្រម​ទាំង​ការ​បំផ្លិចបំផ្លាញ​គ្រប់​យ៉ាង ព្រោះ​ភ្លើង​នៃ​សេចក្ដី​ពិរោធ​នៃ​ព្រះ​អម្ចាស់​នឹង​ឆេះ​ឡើង​ទាស់​នឹង​គេ ហើយ​ពួក​គេ​នឹង​ដូច​ជា​ចំបើង ហើយ​ថ្ងៃ​នោះ​ដែល​មក​ដល់​នឹង​ឆេះ​ពួក​គេ​ទៅ។

ឱ​សេចក្ដី​ឈឺ​ចាប់ និង​សេចក្ដី​ព្រួយបារម្ភ​នៃ​ព្រលឹង​ខ្ញុំ ចំពោះ​ការ​ស្លាប់​បាត់បង់​នៃ​ប្រជាជន​ខ្ញុំ​អើយ! ត្បិត​ខ្ញុំ នីហ្វៃ​បាន​ឃើញ​ការណ៍​នេះ ហើយ​វា​សឹង​តែ​បំផ្លាញ​ខ្ញុំ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់ ប៉ុន្តែ​ខ្ញុំ​ត្រូវ​អំពាវនាវ​ដល់​ព្រះ​របស់​ខ្ញុំ​ថា ៖ ផ្លូវ​របស់​ទ្រង់​ពិតជា​ត្រឹម​ត្រូវ​មែន។

ប៉ុន្តែ​មើល​ចុះ ពួក​សុចរិត​ណា​ដែល​ប្រុង​ស្ដាប់​តាម​ពាក្យ​ទាំង​ឡាយ​នៃ​ពួក​ព្យាការី ហើយ​មិន​បំផ្លាញ​ពួក​ព្យាការី​ចោល តែ​ទន្ទឹង​ចាំ​ព្រះ​គ្រីស្ទ​វិញ ដោយ​ចាំ​មើល​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ទី​សម្គាល់​ទាំង​ឡាយ​ដែល​បាន​ផ្ដល់​ឲ្យ ទោះ​ជា​មាន​ការ​បៀតបៀន​យ៉ាង​ណា​ក៏​ដោយ — មើល​ចុះ ពួក​គេ​នេះ​ហើយ​ដែល​នឹង​ពុំ​ត្រូវ​វិនាស​ឡើយ។

ប៉ុន្តែ​ព្រះ​រាជ​បុត្រា​នៃ​សេចក្ដី​សុចរិត នឹង​លេច​មក​ឲ្យ​ពួក​គេ​ឃើញ ហើយ​ទ្រង់​នឹង​ប្រោស​ពួក​គេ​ឲ្យ​ជា ហើយ​ពួក​គេ​នឹង​មាន​សេចក្ដី​សុខសាន្ត រហូត​ដល់​តំណ​ទី​បី​បាន​ស្លាប់​ទៅ ហើយ​មនុស្ស​ជាច្រើន​នៃ​តំណ​ទី​បួន​ក៏​នឹង​ស្លាប់​ទៅ​ក្នុង​សេចក្ដី​សុចរិត​ដែរ។

១០ហើយ​កាល​ការណ៍​ទាំង​នេះ​បាន​កន្លង​ផុត​ទៅ នោះ​​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ឆាប់​រហ័ស នឹង​កើត​ឡើង​ដល់​ប្រជាជន​ខ្ញុំ ទោះ​ជា​មាន​ការ​ឈឺ​ចាប់​ក្នុង​ព្រលឹង​ខ្ញុំ​ក្ដី គង់តែ​ខ្ញុំ​បាន​ឃើញ​ការណ៍​នេះ​ដែរ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​ដឹង​ថា ការណ៍​នេះ​នឹង​កើតឡើង ហើយ​ពួក​គេ​នឹង​លក់​ខ្លួន​ដោយ​ឥតប្រយោជន៍ ត្បិត​សម្រាប់​រង្វាន់​នៃ​ការ​ឆ្មើងឆ្មៃ និង​ការ​ឥតប្រយោជន៍​របស់​ពួក​គេ គឺ​ពួក​គេ​នឹង​ច្រូត​នូវ​ការ​បំផ្លិច​បំផ្លាញ ពី​ព្រោះ​មក​ពី​ពួក​គេ​ចុះ​ចូល​នឹង​អារក្ស ហើយ​រើស​កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត​ជាជាង​ពន្លឺ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​ត្រូវ​ចុះ​ទៅ​ស្ថាន​នរក។

១១ព្រោះ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ នឹង​ពុំ​តស៊ូ​គង់នៅ​ជាមួយ​នឹង​មនុស្ស​ជានិច្ច​ទេ។ ហើយ​កាលណា​ព្រះ​វិញ្ញាណ​ឈប់​តស៊ូ​គង់នៅ​ជាមួយ​នឹង​មនុស្ស ពេល​នោះ​សេចក្ដី​បំផ្លិចបំផ្លាញ​យ៉ាង​ឆាប់រហ័ស​នឹង​មក​ដល់ ហើយ​ការណ៍​នេះ​ធ្វើ​ឲ្យ​ព្រលឹង​ខ្ញុំ​កើតទុក្ខ។

១២ហើយ​ដូច​ជា​ខ្ញុំ​បាន​និយាយ​អំពី​ការ​បរិវត្តន៍​ពួក​សាសន៍​យូដា​ថា ព្រះ​យេស៊ូវ គឺជា​ព្រះ​គ្រីស្ទ នោះ​ក៏​ជា​ការ​ចាំបាច់​ដែរ​ថា ពួក​សាសន៍​ដទៃ​ត្រូវ​តែ​បាន​បរិវត្ត​ថា ព្រះ​យេស៊ូវ គឺជា​ព្រះ​គ្រីស្ទ ជា​ព្រះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច

១៣ហើយ​ថា​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​អស់​អ្នក​ណា ដែល​ជឿ​ដល់​ទ្រង់ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ មែន​ហើយ គឺ​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ដោយ​សម្ដែង​អព្ភូតហេតុ​ទាំង​ឡាយ ទី​សម្គាល់​ទាំង​ឡាយ និង​ការណ៍​អស្ចារ្យ​ដ៏​ធំ​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ស្រប​តាម​សេចក្ដី​ជំនឿ​របស់​ពួក​គេ។

១៤ប៉ុន្តែ​មើល​ចុះ ខ្ញុំ​ព្យាករ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​គ្រា​ចុង​ក្រោយ​បង្អស់ អំពី​ថ្ងៃ​ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​កើត​ការណ៍​អស់​ទាំង​នេះ​ដល់​កូន​ចៅ​មនុស្ស។

១៥បន្ទាប់ពី​ពូជ​ខ្ញុំ និង​ពូជ​បងៗ​របស់​ខ្ញុំ ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ ហើយ​ត្រូវ​ពួក​សាសន៍​ដទៃ​វាយ មែន​ហើយ គឺ​បន្ទាប់ពី​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​បោះទ័ព​ឡោមព័ទ្ធ​ពួក​គេ ហើយ​ដាក់​ទាហាន​បង្ខាំង​នៅ​ជុំវិញ​ពួក​គេ ហើយ​ចាត់ចែង​គ្រឿង​ចម្បាំង​ច្បាំង​នឹង​ពួក​គេ ហើយ​បន្ទាប់ពី​ពួក​គេ​ត្រូវ​បាន​បន្ទាប​ចុះ​ដល់​ដី ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គង់តែ​ពួក​គេ​មិន​នៅ​រស់​ដែរ ពេល​នោះ​ពាក្យ​ទាំង​ឡាយ​របស់​ពួក​សុចរិត នឹង​ត្រូវ​បាន​សរសេរ​ទុក ហើយ​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​នៃ​ពួក​ស្មោះត្រង់​នឹង​ត្រូវ​បាន​ឮ ឯ​អស់​ពួក​អ្នក​ដែល​បាន​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ ក៏​នឹង​មិន​ត្រូវ​ភ្លេច​ដែរ។

១៦ព្រោះ​ពួក​អ្នក​ដែល​នឹង​ត្រូវ​បំផ្លាញ​ចោល នឹង​និយាយ​ចេញ​ពី​ដី ហើយ​សម្ដី​របស់​ពួក​គេ​នឹង​ចេញ​ពី​ធូលី​ដី​មក ឯ​សំឡេង​របស់​ពួក​គេ បី​ដូច​ជា​សំឡេង​នៃ​ពួក​គ្រូ​ខាប ព្រោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​អំណាច​ដល់​គេ ដើម្បី​ឲ្យ​គេ​អាច​ខ្សឹប​អំពី​រឿង​ដែល​ទាក់ទង​នឹង​គេ គឺ​ដូច​ជា​សំឡេង​ចេញ​ពី​ដី ហើយ​សម្ដី​របស់​គេ​នឹង​ខ្សឹប​ចេញ​ពី​ធូលី​ដី។

១៧ព្រោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ពួក​គេ​នឹង​សរសេរ​ការណ៍​ទាំង​ឡាយ ដែល​នឹង​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​ការណ៍​ទាំង​នោះ​នឹង​ត្រូវ​បាន​សរសេរ​ទុក ហើយ​បិទ​ត្រាទុក​ក្នុង​គម្ពីរ​១ ឯ​ពួក​អ្នក​ដែល​បាន​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ​នឹង​ពុំ​បាន​ការណ៍​ទាំង​នោះ​ទេ ព្រោះ​ពួក​គេ​រក​បំផ្លាញ​ការណ៍​ទាំង​ឡាយ​នៃ​ព្រះ។

១៨ហេតុ​ដូច្នោះ​ហើយ ពួក​អ្នក​ដែល​ត្រូវ​បំផ្លាញ​ចោល គឺ​ត្រូវ​បំផ្លាញ​យ៉ាង​ឆាប់រហ័ស ហើយ​ពួក​ដែល​គួរ​ស្ញែង​ខ្លាច​ជាច្រើន​ឥត​គណនា នឹង​ស្លាប់​បាត់បង់​ដូច​ជា​អង្កាម — មែន​ហើយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ការណ៍​នេះ​កើតឡើង​មួយ​ភ្លែត ដោយ​ឥត​ដឹង​មុន។

១៩ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា ពួក​អ្នក​ដែល​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ​នឹង​ត្រូវ​វាយ​ដោយ​ដៃ​នៃ​ពួក​សាសន៍​ដទៃ។

២០ឯ​ពួក​សាសន៍​ដទៃ​បាន​លើក​ខ្លួន​ឡើង​ក្នុង​ការ​ឆ្មើងឆ្មៃ​នៃ​ភ្នែក​គេ ហើយ​ក៏​ជំពប់ ពី​ព្រោះ​មក​ពី​ភាព​ធំ​ណាស់​ហ្ន៎​នៃ​ថ្ម​ជំពប់​របស់​ពួក​គេ គឺ​ពួក​គេ​បាន​ស្ថាបនា​សាសនាចក្រ​ជាច្រើន​ឡើង ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គង់តែ​ពួក​គេ​មើល​ងាយ​អំណាច និង​អព្ភូតហេតុ​ទាំង​ឡាយ​នៃ​ព្រះ​ដែរ ហើយ​បង្រៀន​ដល់​ខ្លួន​គេ​អំពី​ប្រាជ្ញា និង​ចំណេះវិជ្ជា​របស់​ពួក​គេ​វិញ ដើម្បី​ពួក​គេ​អាច​បាន​កម្រៃ ហើយ​សង្កត់សង្កិន​លើ​មនុស្ស​ទាល់ក្រ។

២១ហើយ​មាន​សាសនាចក្រ​ជាច្រើន​ដែល​បាន​ស្ថាបនា​ឡើង ដោយ​បង្ក​ឲ្យ​មាន​ការ​ឈ្នានីស ការ​ឈ្លោះប្រកែក និង​ចិត្ត​អាក្រក់។

២២ហើយ​ក៏​មាន​បក្សព័ន្ធ​សម្ងាត់​ទាំង​ឡាយ គឺ​ដូច​ជា​កាលពី​ជំនាន់​ដើម​ដែរ ស្រប​តាម​បក្សព័ន្ធ​នៃ​អារក្ស ត្បិត​វា​ជា​អ្នក​បង្កើត​ការណ៍​អស់​ទាំង​នេះ មែន​ហើយ គឺជា​អ្នក​បង្កើត​ឃាតកម្ម និង​អំពើ​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត មែន​ហើយ ហើយ​វា​ទាក់​ក​ពួក​គេ​អូស​ទៅ​ដោយ​ខ្សែ​បន្លា រហូត​ដល់​វា​ចង​ពួក​គេ ដោយ​ខ្សែ​ដាប់​របស់​វារ​ហូត​ត​ទៅ។

២៣ត្បិត​មើល​ចុះ បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ពុំ​ធ្វើ​ការ​នៅ​ក្នុង​សេចក្ដី​ងងឹត​ឡើយ។

២៤ទ្រង់​មិន​ធ្វើ​ការណ៍​ណា​ឡើយ លើក​លែង​តែ​ការណ៍​នោះ​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក ត្បិត​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្ដូរ​ជីវិត​ទ្រង់​ផ្ទាល់ ដើម្បី​ទ្រង់​អាច​ទាញ​មនុស្ស​ទាំង​អស់​មក​រក​ទ្រង់។ ហេតុ​ដូច្នោះ​ហើយ ទ្រង់​មិនដែល​បញ្ជា​ដល់​អ្នក​ណា​ម្នាក់​ថា គេ​នឹង​មិន​គួរ​ទទួល​យក​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​នោះ​ឡើយ។

២៥មើល​ចុះ តើ​ទ្រង់​ដែល​បន្លឺ​សំឡេង​ដាក់​អ្នក​ណា​ម្នាក់​ថា ៖ ថយ​ចេញ​ពី​យើង​ទៅ​ឬ​អី? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ៖ ទេ ប៉ុន្តែ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ មក​រក​យើង​ចុះ អស់​អ្នក​រាល់​គ្នា​នៅ​ចុង​ផែនដី​អើយ ចូរ​ទិញ​ទឹកដោះ និង​ទឹកឃ្មុំ​ដោយ​ឥត​បង់​ប្រាក់ ហើយ​ឥត​ថ្លៃ​ផង។

២៦មើល​ចុះ តើ​ទ្រង់​ដែល​បាន​បញ្ជា​ឲ្យ​អ្នក​ណា​ម្នាក់​ចេញ​ពី​សាលាជំនុំ ឬ​ចេញ​ពី​ទីកន្លែង​ថ្វាយបង្គំ​ទាំង​ឡាយ​ឬ​ទេ? មើល​ចុះ ខ្ញុំ​ប្រាប់​អ្នក​ថា ៖ ទេ។

២៧តើ​ទ្រង់​ដែល​បាន​បញ្ជា​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ទទួល​យក​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ឬ​ទេ? មើល​ចុះ ខ្ញុំ​ប្រាប់​អ្នក​ថា ៖ ទេ ប៉ុន្តែ​ទ្រង់ បាន​ប្រទាន​សេចក្ដី​សង្គ្រោះ​នេះ​ដោយ​ឥត​យក​ថ្លៃ​ដល់​មនុស្ស​លោក​ទាំង​អស់ ហើយ​ទ្រង់​បាន​បញ្ជា​ឲ្យ​រាស្ត្រ​ទ្រង់​បញ្ចុះ​បញ្ចូល​មនុស្ស​លោក​ទាំង​អស់​ឲ្យ​ប្រែចិត្ត

២៨មើល​ចុះ តើ​ទ្រង់​ដែល​បាន​បញ្ជា​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ទទួល​យក​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់​ឬ​ទេ? មើល​ចុះ ខ្ញុំ​ប្រាប់​អ្នក​ថា ៖ ទេ ប៉ុន្តែ​មនុស្ស​លោក​ទាំង​អស់​បាន​ទទួល​យក​ឯក​សិទ្ធ​ដូចៗ​គ្នា ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​ហាមប្រាម​ឡើយ។

២៩ទ្រង់​បញ្ជា​ថា មិន​ត្រូវ​មាន​ឧបាយកល​ផ្នែក​សង្ឃ​ឡើយ ត្បិត​មើល​ចុះ ឧបាយកល​ផ្នែក​សង្ឃ គឺជា​ការណ៍​ដែល​មនុស្ស​បង្រៀន ហើយ​តាំង​ខ្លួន​ឡើងជា​ពន្លឺ​ដល់​មនុស្ស​លោក ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​កម្រៃ និង​ការ​សរសើរ​តម្កើង​ពី​មនុស្ស​លោក ប៉ុន្តែ​ពួក​គេ​មិន​ស្វែង​រក​សុខុមាលភាព នៃ​ក្រុង​ស៊ីយ៉ូន​ឡើយ។

៣០មើល​ចុះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ហាម​មិន​ឲ្យ​មាន​ការណ៍​នេះ ហេតុ​ដូច្នោះ​ហើយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ព្រះ​បញ្ញត្តិ​មួយ​ថា មនុស្ស​លោក​ទាំង​អស់​ត្រូវ​មាន​សេចក្ដី​សប្បុរស ឯ​សេចក្ដី​សប្បុរស​នោះ គឺជា​សេចក្ដី​ស្រឡាញ់ បើ​សិន​ជា​ពួក​គេ​គ្មាន សេចក្ដី​សប្បុរស​ទេ នោះ​ពួក​គេ​ក៏​ពុំ​មែន​ជា​អ្វី​ទាំង​អស់។ ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​ពួក​គេ​មាន​សេចក្ដី​សប្បុរស នោះ​ពួក​គេ​នឹង​មិន​ទ្រាំ​ឲ្យ​អ្នក​ធ្វើ​ការ​នៅ​ក្រុង​ស៊ីយ៉ូន​ត្រូវ​វិនាស​ឡើយ។

៣១ប៉ុន្តែ​អ្នក​ធ្វើ​ការ​នៅ​ក្រុង​ស៊ីយ៉ូន នឹង​ធ្វើ​ការ​សម្រាប់​ក្រុង​ស៊ីយ៉ូន ព្រោះ​បើ​សិន​ជា​ពួក​គេ​ធ្វើ​ការ​ដើម្បី​ប្រាក់ នោះ​ពួក​គេ​នឹង​ត្រូវ​វិនាស។

៣២ហើយ​ម្យ៉ាង​ទៀត ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​បញ្ជា​ថា មនុស្ស​លោក​មិន​ត្រូវ​ធ្វើ​ឃាត​កម្ម ថា​ពួក​គេ​មិន​ត្រូវ​កុហក ថា​ពួក​គេ​មិន​ត្រូវ​លួច ថា​ពួក​គេ​មិន​ត្រូវ​យក​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​គេ​ជា​អសារ​ឥត​ការ​ឡើយ ថា​ពួក​គេ​មិន​ត្រូវ​ឈ្នានីស ថា​ពួក​គេ​មិន​ត្រូវ​មាន​គំនិត​អាក្រក់ ថា​ពួក​គេ​មិន​ត្រូវ​ទាស់​គ្នា​ទៅ​វិញ​ទៅ​មក ថា​ពួក​គេ​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​សហាយស្មន់​ទាំង​ឡាយ ហើយ​ថា​ពួក​គេ​មិន​ត្រូវ​ធ្វើ​អំពើ​អស់​ទាំង​នេះ​ឲ្យ​សោះ ព្រោះ​អ្នក​ណា​ដែល​ធ្វើ​អំពើ​ទាំង​នោះ នឹង​ត្រូវ​វិនាស។

៣៣ព្រោះ​អំពើ​ទុច្ចរិត​ទាំង​នេះ ពុំ​មែន​កើត​មក​ពី​ព្រះ​អម្ចាស់​ទេ ព្រោះ​ទ្រង់​ធ្វើ​នូវ​អ្វី​ដែល​សុទ្ធ​តែ​ល្អ​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​វិញ ហើយ​ទ្រង់​មិន​ធ្វើ​ការណ៍​ឡើយ លើក​លែង​តែ​ការណ៍​នោះ​ច្បាស់លាស់​ដល់​កូន​ចៅ​មនុស្ស ហើយ​ទ្រង់​អញ្ជើញ​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី ហើយ​ទ្រង់​នឹក​ចាំ​ដល់​ពួក​អ្នក​ឥត​សាសនា ហើយ​មនុស្ស​ទាំង​អស់ ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ៕