នីហ្វៃ​ទី ៣គម្ពីរ​នីហ្វៃ កូន​ប្រុស​របស់​នីហ្វៃដែល​ត្រូវ​ជា​កូន​ប្រុស​របស់​ហេ​លេមិន

ជំពូក​ទី ២០

ព្រះ​យេស៊ូវ​ទ្រង់​ប្រទាន​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ​យ៉ាង​ប្លែក​អស្ចារ្យ ហើយ​ធ្វើ​ពិធី​សាក្រាម៉ង់​ម្ដង​ទៀត​ដល់​ពួក​គេ — សំណល់​នៃ​យ៉ាកុប​នឹង​ស្គាល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ហើយ​នឹង​គ្រង​ទ្វីប​អាមេរិក​ទុកជា​មរតក — ព្រះ​យេស៊ូវ​គឺជា​ព្យាការី​ដូច​ជា​ម៉ូសេ ហើយ​ពួក​សាសន៍​នីហ្វៃ គឺជា​កូន​ចៅ​របស់​ពួក​ព្យាការី — រាស្ត្រ​ឯ​ទៀត​របស់​ព្រះ​អម្ចាស់ នឹង​បាន​ប្រមូល​មក​ឯ​ក្រុង​យេរូសាឡិម។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

 ១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​បញ្ជា​ឲ្យ​ហ្វូង​មនុស្ស​ឈប់​អធិស្ឋាន ព្រម​ទាំង​ពួក​សិស្ស​របស់​ទ្រង់​ផង។ ហើយ​ទ្រង់​បាន​បញ្ជា​ដល់​ពួក​គេ​ថា ពួក​គេ​មិន​ត្រូវ​ឈប់​អធិស្ឋាន​នៅ​ក្នុង​ចិត្ត​របស់​គេ​ឡើយ។

 ២ ហើយ​ទ្រង់​បាន​បញ្ជា​ឲ្យ​ពួក​គេ​ក្រោក​ឈរ​ឡើង។ ហើយ​ពួក​គេ​ក៏​ក្រោក​ឈរ​ឡើង។

 ៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​កាច់​នំប៉័ង​ជាថ្មី ហើយ​ប្រទាន​ពរ​ដល់​នំប៉័ង ហើយ​ក៏​ប្រទាន​ឲ្យ​ពួក​សិស្ស​បរិភោគ។

 ៤ ហើយ​កាល​ពួក​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ទ្រង់​បាន​បញ្ជា​ឲ្យ​ពួក​គេ​កាច់​នំប៉័ង ហើយ​ចែក​ទៅ​ហ្វូង​មនុស្ស។

 ៥ ហើយ​កាល​ពួក​គេ​ឲ្យ​នំប៉័ង​ទៅ​បណ្ដា​ជន​ហើយ នោះ​ទ្រង់​ប្រទាន​ស្រា​ទំពាំងបាយជូរ​ឲ្យ​ពួក​គេ​ផឹក ហើយ​ក៏​បញ្ជា​ដល់​ពួក​គេ​ឲ្យ​ចែក​ដល់​ហ្វូង​មនុស្ស។

 ៦ ឥឡូវ​នេះ គ្មាន​នំប៉័ង ឬ​ក៏​ស្រា​ទំពាំងបាយជូរ​ដែល​ពួក​សិស្ស ឬ​ហ្វូង​មនុស្ស​បាន​យក​មក​ឡើយ

 ៧ ប៉ុន្តែ ទ្រង់​បាន​ប្រទាន​នំប៉័ង​ទៅ​ឲ្យ​ពួក​គេ​បរិភោគ និង​ស្រា​ទំពាំងបាយជូរ ទៅ​ឲ្យ​ពួក​គេ​ផឹក​ជា​ពិតប្រាកដ។

 ៨ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ អ្នក​ណា​ទទួល​ទាន​នំប៉័ង​នេះ គឺ​ទទួល​ទាន​រូប​កាយ​យើង​ទៅ​ក្នុង​ព្រលឹង​អ្នក​នោះ ហើយ​អ្នក​ណា​ផឹក​ស្រា​ទំពាំងបាយជូរ​នេះ គឺ​ផឹក​លោហិត​យើង​ទៅ​ក្នុង​ព្រលឹង​អ្នក​នោះ ហើយ​ព្រលឹង​អ្នក​នោះ នឹង​ពុំ​ចេះ​ស្រេកឃ្លាន​ឡើយ តែ​បាន​ឆ្អែត​ជានិច្ច។

 ៩ ឥឡូវ​នេះ កាល​បណ្ដា​ជន​គ្រប់​គ្នា​បាន​បរិភោគ និង​ផឹក​រួច​ហើយ មើល​ចុះ ពួក​គេ​បាន​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ហើយ​ពួក​គេ​បាន​បន្លឺ​សំឡេង​ព្រម​គ្នា ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​យេស៊ូវ គឺជា​ព្រះ​ដែល​ពួក​គេ​បាន​ឃើញ ហើយ​បាន​ឮ។

 ១០ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​សរសើរ​តម្កើង​ដល់​ព្រះ​យេស៊ូវ​ហើយ នោះ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ មើល​ចុះ ឥឡូវ​នេះ យើង​បាន​បង្ហើយ​នូវ​បញ្ញត្តិ​ដែល​ព្រះ​វរបិតា ទ្រង់​បាន​បញ្ជា​ដល់​យើង​អំពី​ប្រជាជន​នេះ ដែល​ជា​សំណល់​នៃ​វង្ស​អ៊ីស្រាអែល។

 ១១ អ្នក​រាល់​គ្នា​ចាំ​ថា យើង​បាន​និយាយ​ជាមួយ​នឹង​អ្នក​រាល់​គ្នា ហើយ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាលណា​ពាក្យ​ពេចន៍​របស់​អេសាយ​បាន​បំពេញ — មើល​ចុះ ពាក្យ​ទាំង​នោះ​បាន​កត់​ទុក​ហើយ ហើយ​អ្នក​រាល់​គ្នា​មាន​ពាក្យ​ទាំង​នោះ​នៅ​ខាង​មុខ​អ្នក ដូច្នេះ​ចូរ​ពិចារណា​មើល​ចុះ —

 ១២ ហើយ​ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កាលណា​ពាក្យ​ទាំង​នោះ​នឹង​ត្រូវ​បាន​បំពេញ នោះ​សេចក្ដី​សញ្ញា​ដែល​ព្រះ​វរបិតា ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ប្រជាជន​នេះ ក៏​នឹង​ត្រូវ​បាន​បំពេញ​ដែរ ឱ​វង្ស​អ៊ីស្រាអែល​អើយ។

 ១៣ ហើយ​ដល់​ពេល​នោះ សំណល់​ទាំង​ឡាយ​ដែល​នឹង​ត្រូវ​បាន​ខ្ចាត់​ព្រាត់​ពាសពេញ​លើ​ផ្ទៃ​ផែនដី នោះ​នឹង​ត្រូវ​បាន​ប្រមូល​មក​ពី​ទិស​ខាង​កើត និង​ពី​ខាង​លិច និង​ពី​ខាង​ត្បូង និង​ពី​ខាង​ជើង ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​នាំ​មក​ឲ្យ​ស្គាល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ដែល​បាន​ប្រោស​លោះ​ពួក​គេ។

 ១៤ ហើយ​ព្រះ​វរបិតា​ទ្រង់​បាន​បញ្ជា​ដល់​យើង​ថា យើង​ត្រូវ​ប្រទាន​ដែនដី​នេះ​ដល់​អ្នក​រាល់​គ្នា​ទុកជា​មរតក។

 ១៥ ហើយ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​សិន​ជា​ពួក​សាសន៍​ដទៃ​ពុំ​ប្រែចិត្ត​ទេ បន្ទាប់​ពី​គេ​បាន​ទទួល​ព្រះ​ពរ គឺ​បន្ទាប់​ពី​គេ​បាន​ធ្វើ​រាស្ត្រ​យើង​ឲ្យ​ខ្ចាត់​ព្រាត់ —

 ១៦ ពេល​នោះ អ្នក​រាល់​គ្នា​ដែល​ជា​សំណល់​នៃ​វង្ស​យ៉ាកុប​នឹង​ទៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​អ្នក​រាល់​គ្នា​នឹង​នៅ​កណ្ដាល​ពួក​គេ​ដែល​មាន​ចំនួន​ច្រើន ហើយ​អ្នក​រាល់​គ្នា​នឹង​នៅ​ក្នុង​ចំណោម​ពួក​គេ បីដូច​ជា​សត្វ​សិង្ហ​មួយ​នៅ​កណ្ដាល​សត្វព្រៃ​ទាំង​ឡាយ ហើយ​បី​ដូច​ជា​កូន​សត្វ​សិង្ហ​មួយ​នៅ​ក្នុង​ហ្វូង​ចៀម បើ​សិន​ជា​វា​ដើរ​ឆ្លងកាត់ វា​នឹង​ជាន់​ឈ្លី​នៅ​ក្រោម​ជើង ហើយ​ហែក​ឲ្យ​ទៅ​ជា​ដុំៗ ហើយ​គ្មាន​អ្នក​ណា​អាច​ដោះលែង​បាន​ឡើយ។

 ១៧ ដៃ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​លើក​ឡើង​វាយ​មារ​សត្រូវ​ទាំង​ឡាយ​របស់​អ្នក ហើយ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ទាំង​អស់​នឹង​ត្រូវ​កាត់កាល់​ចេញ។

 ១៨ ហើយ​យើង​នឹង​ប្រមូល​រាស្ត្រ​យើង បី​ដូច​ជា​មនុស្ស​ម្នាក់​ប្រមូល​កណ្ដាប់​ស្រូវ​ដាក់​ក្នុង​ជង្រុក។

 ១៩ ត្បិត​យើង​នឹង​ធ្វើ​ឲ្យ​រាស្ត្រ​យើង ដែល​ព្រះ​វរបិតា​ទ្រង់​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ មែន​ហើយ យើង​នឹង​ធ្វើ​ឲ្យ​ស្នែង​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​ដែក ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ក្រចក​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​លង្ហិន។ ហើយ​អ្នក​រាល់​គ្នា​នឹង​វាយ​រាស្ត្រ​ឯ​ទៀត​ឲ្យ​ខ្ទេចខ្ទី​ជា​កំណាត់ ហើយ​យើង​នឹង​ថ្វាយ​ផល​ប្រយោជន៍​របស់​គេ​ដល់​ព្រះ​អម្ចាស់ និង​ទ្រព្យសម្បត្តិ​របស់​គេ​ដល់​ព្រះ​អម្ចាស់​នៃ​ផែនដី​ទាំង​មូល។ ហើយ​មើល​ចុះ គឺ​យើង​នេះ​ហើយ​ដែល​ធ្វើ​ការ​នេះ។

 ២០ ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា ព្រះ​វរបិតា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ដាវ​យុត្តិធម៌​របស់​យើង​នឹង​ព្យួរ​នៅ​លើ​ពួក​គេ​នៅ​ថ្ងៃ​នោះ ហើយ​លើកលែង​ពួក​គេ​ប្រែចិត្ត បើ​ពុំ​នោះ​សោត​ទេ ដាវ​នោះ​នឹង​ធ្លាក់​មក​លើ​ពួក​គេ ព្រះ​វរបិតា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មែន​ហើយ ទាំង​ធ្លាក់​មក​លើ​សាសន៍​ទាំង​អស់​នៃ​ពួក​សាសន៍​ដទៃ។

 ២១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឱ​វង្ស​អ៊ីស្រាអែល​អើយ គឺ​យើង​នឹង​តាំង​រាស្ត្រ​យើង​ឡើង។

 ២២ ហើយ​មើល​ចុះ ប្រជាជន​នេះ​ហើយ​ដែល​យើង​នឹង​តាំង​ឡើង​នៅ​លើ​ដែនដី​នេះ ចំពោះ​ការ​បំពេញ​នូវ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ពួក​អយ្យកោ​អ្នក គឺ​យ៉ាកុប ហើយ​ដែនដី​នេះ​នឹង​ទៅ​ជា​ក្រុង​យេរូសាឡិម​ថ្មី​មួយ។ ហើយ​អំណាច​ទាំង​ឡាយ​នៃ​ស្ថានសួគ៌ នឹង​មាន​នៅ​កណ្ដាល​ប្រជាជន​នេះ មែន​ហើយ សូម្បីតែ​យើង​ក៏​នឹង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ដែរ។

 ២៣ មើល​ចុះ គឺ​យើង​នេះ​ហើយ​ដែល​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា ៖ មាន​ព្យាការី​ម្នាក់​ដែល​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​បង្កើត​ឡើង​ដល់​អ្នក​រាល់​គ្នា ពី​ពួក​បងប្អូន​រាល់​គ្នា​មក ឲ្យ​ដូច​ខ្ញុំ លោក​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​តាម​គ្រប់​ការណ៍​ទាំង​អស់ ដែល​លោក​នឹង​ប្រាប់​ដល់​អ្នក។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អ្នក​ណា​ដែល​មិន​ព្រម​ស្ដាប់​តាម​ព្យាការី​នោះ​ទេ នោះ​នឹង​ត្រូវ​កាត់កាល​ចេញ​ពី​ចំណោម​ប្រជាជន។

 ២៤ យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មែន​ហើយ អស់​ទាំង​ព្យាការី ចាប់​តាំង​ពី​សាំយូអែល និង​ពួក​ដែល​មក​តាម​ក្រោយ​ទាំង​ប៉ុន្មាន ដូចដែល​បាន​និយាយ គឺ​បាន​ធ្វើ​បន្ទាល់​អំពី​យើង។

 ២៥ ហើយ​មើល​ចុះ អ្នក​រាល់​គ្នា​គឺជា​កូន​ចៅ​នៃ​ពួក​ព្យាការី ហើយ​អ្នក​រាល់​គ្នា​គឺជា​វង្ស​អ៊ីស្រាអែល ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សេចក្ដី​សញ្ញា ដែល​ព្រះ​វរបិតា​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ពួក​អយ្យកោ​អ្នក ដោយ​ព្រះ​បន្ទូល​ទៅ​លោក​អ័ប្រាហាំ​ថា ៖ ដោយ​សារ​ពូជ​អ្នក នោះ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​បាន​ពរ។

 ២៦ ព្រះ​វរបិតា ដោយ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ដល់​អ្នក​រាល់​គ្នា​មុនគេ​បង្អស់ ហើយ​បាន​ចាត់​ឲ្យ​យើង​មក​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ក្នុង​ការ​នាំ​អ្នក​រាល់​គ្នា​គ្រប់​រូប​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ការ​នេះ​គឺ​មក​ពី​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​ក្នុង​សេចក្ដី​សញ្ញា —

 ២៧ ហើយ​បន្ទាប់​ពី​អ្នក​រាល់​គ្នា​បាន​ពរ​ហើយ នោះ​ព្រះ​វរបិតា​នឹង​បំពេញ​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​លោក​អ័ប្រាហាំ​ដែល​ថា ៖ ដោយ​សារ​ពូជ​អ្នក នោះ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​បាន​ពរ — គឺ​ដោយ​ចាក់​ស្រោច​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាម​រយៈ​យើង​ទៅ​លើ​ពួក​សាសន៍​ដទៃ គឺជា​ព្រះ​ព​រ​ទៅ​លើ​ពួក​សាសន៍​ដទៃ ដែល​នឹង​ធ្វើ​ឲ្យ​គេ​ខ្លាំងពូកែ​ជាង​រាស្ត្រ​ឯ​ទៀត​ចំពោះ​ការ​កម្ចាត់​រាស្ត្រ​យើង ឱ​វង្ស​អ៊ីស្រាអែល​អើយ។

 ២៨ ហើយ​ពួក​គេ​នឹង​ទៅ​ជា​រំពាត់​ដល់​ប្រជាជន​នៅ​ដែនដី​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​កាលណា​ពួក​គេ​បាន​ទទួល​នូវ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​របស់​យើង​ហើយ ពេល​នោះ បើ​សិន​ជា​ពួក​គេ​ធ្វើ​ចិត្ត​រឹងរូស​ទាស់​នឹង​យើង នោះ​យើង​នឹង​បង្វិល​អំពើ​ទុច្ចរិត​របស់​គេ​មក​លើ​ក្បាល​គេ​វិញ គឺ​ព្រះ​វរបិតា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ២៩ ហើយ​យើង​នឹង​នឹក​ចាំ​ដល់​សេចក្ដី​សញ្ញា ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​រាស្ត្រ​យើង ហើយ​យើង​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ពួក​គេ ថា​យើង​នឹង​ប្រមូល​ពួក​គេ តាម​ពេល​ដែល​យើង​កំណ​ត់​ថា យើង​នឹង​ប្រគល់​ដល់​គេ​វិញ​នូវ​ដែនដី​នៃ​ពួក​អយ្យកោ​គេ​ទុកជា​មរតក គឺជា​ដែនដី​យេរូសាឡិម ដែល​ជា​ដែនដី​សន្យា​សម្រាប់​គេ​រៀង​រហូត គឺ​ព្រះ​វរបិតា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ៣០ ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា ពេល​នោះ​នឹង​មក​ដល់ កាល​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​របស់​យើង នឹង​ត្រូវ​បាន​ផ្សាយ​ដល់​ពួក​គេ

 ៣១ ហើយ​ពួក​គេ​នឹង​ជឿ​ដល់​យើង ថា​យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​នឹង​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង។

 ៣២ នៅ​ពេល​នោះ ពួក​អ្នក​យាម​របស់​ពួក​គេ​នឹង​បន្លឺ​សំឡេង​ឡើង ហើយ​គេ​នឹង​ច្រៀង​ព្រម​គ្នា ត្បិត​ពួក​គេ​នឹង​យល់​ឃើញ​ព្រម​ព្រៀង​គ្នា។

 ៣៣ នៅ​ពេល​នោះ ព្រះ​វរបិតា​ទ្រង់​នឹង​ប្រមូល​ពួក​គេ​មក​វិញ ហើយ​នឹង​ប្រគល់​ក្រុង​យេរូសាឡិម​ដល់​ពួក​គេ​ទុកជា​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​គេ។

 ៣៤ នៅ​ពេល​នោះ គេ​នឹង​ធ្លាយ​ទៅ​ក្នុង​សេចក្ដី​អំណរ — ឱ​ទី​ស្ងាត់ជ្រងំ​នៃ​ក្រុង​យេរូសាឡិម​អើយ ចូរ​ច្រៀង​ព្រម​គ្នា​ឡើង ត្បិត​ព្រះ​វរបិតា​ទ្រង់​បាន​កម្សាន្ដ​រាស្ត្រ​ព្រះ​អង្គ​ហើយ គឺ​ទ្រង់​បាន​ប្រោស​លោះ​ក្រុង​យេរូសាឡិម។

 ៣៥ ព្រះ​វរបិតា​ទ្រង់​បាន​លាត​ព្រះ​ពាហុ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ ហើយ​គ្រប់​ទាំង​ចុង​ផែនដី​នេះ នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​នៃ​ព្រះ​វរបិតា ហើយ​ព្រះ​វរបិតា និង​យើង គឺ​តែមួយ។

 ៣៦ ហើយ​នៅ​ពេល​នោះ អ្វីៗ​ដែល​បាន​កត់​ត្រាទុក​នឹង​កើត​ឡើង​ដែល​ថា ៖ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​អ្នក ឱ​យេរូសាឡិម​ជាទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សំលៀកបំពាក់​ដ៏​រុងរឿង​របស់​អ្នក​ចុះ ត្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក​គ្រោក​ចូល​មក​ក្នុង​អ្នក​ទៀត​ឡើយ។

 ៣៧ ចូរ​រលាស់​ខ្លួន​ចេញ​ពី​ធូលី​ដី ឱ​ក្រុង​យេរូសាឡិម​អើយ ចូរ​ក្រោក​អង្គុយ​ឡើង ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន ដែល​ជា​ឈ្លើយ​អើយ ចូរ​ដោះ​ចំណង​ពី​ក​អ្នក​ចេញ។

 ៣៨ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ អ្នក​រាល់​គ្នា​បាន​ត្រូវ​លក់​ខ្លួន​ឥត​យក​ថ្លៃ ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​លោះ​មក​វិញ​ឥត​បង់​ប្រាក់​ដែរ។

 ៣៩ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា រាស្ត្រ​យើង​នឹង​ស្គាល់​នាម​យើង មែន​ហើយ នៅ​ថ្ងៃ​នោះ​ពួក​គេ​នឹង​ស្គាល់​ថា គឺ​យើង​នេះ​ហើយ​ដែល​បាន​និយាយ។

 ៤០ ហើយ​នៅ​ពេល​នោះ ពួក​គេ​នឹង​និយាយ​ថា ៖ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក​ដល់​ពួក​គេ ហើយ​ប្រកាសប្រាប់​ពី​សេចក្ដី​សុខសាន្ត ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ ដែល​ជា​អ្នក​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ៖ ព្រះ​នៃ​អ្នក​ទ្រង់​សោយរាជ្យ!

 ៤១ ហើយ​នៅ​ពេល​នោះ នឹង​មាន​សម្រែក​មួយ​ស្រែក​ឡើង​ថា ៖ ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ ចូរ​កុំ​ពាល់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្ដាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ​អម្ចាស់​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ។

 ៤២ ត្បិត​អ្នក​រាល់​គ្នា​នឹង​ពុំ​ត្រូវ​ចេញ​ទៅ​ដោយ​រួសរាន់ ឬ​ក៏​រត់គេច​ឡើយ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​នឹង​យាង​ទៅ​ខាង​មុខ​អ្នក​រាល់​គ្នា ឯ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​នឹង​នៅ​ពី​ខាង​ក្រោយ​អ្នក។

 ៤៣ មើល​ចុះ អ្នក​បម្រើ​របស់​យើង​នឹង​ប្រព្រឹត្ត​ដោយ​ប្រុងប្រយ័ត្ន ទ្រង់​នឹង​បាន​តម្កើង​ឡើង និង​សរសើរ ហើយ​នឹង​បាន​ខ្ពស់​បំផុត។

 ៤៤ មាន​មនុស្ស​ជាច្រើន​ប៉ុណ្ណា​បាន​ត្រូវ​ស្រឡាំងកាំង​ដោយ​ឃើញ​ទ្រង់ — ព្រះ​ភក្ត្រ​ទ្រង់​ត្រូវ​ខូច​ទៅ​ខុស​ជាង​មនុស្ស​នានា ហើយ​រាងកាយ​ទ្រង់​ក៏​ខុស​នឹង​រាងកាយ​របស់​កូន​ចៅ​មនុស្ស​ទាំង​ឡាយ​ផង —

 ៤៥ នោះ​ទ្រង់​នឹង​ព្រួស​លើ​សាសន៍​ជា​ច្រើន​ប៉ុណ្ណោះ​ដែរ ពួក​មហាក្សត្រ​នឹង​បិទមាត់ នៅ​ចំពោះ​ទ្រង់ ត្បិត​គេ​នឹង​ឃើញ​ការណ៍ ដែល​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​គេ​ឡើយ ហើយ​សេចក្ដី​ដែល​គេ​មិន​បាន​ឮ​ថ្លែង​ប្រាប់​មក​សោះ នោះ​គេ​នឹង​បាន​យល់​ច្បាស់​វិញ។

 ៤៦ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ការណ៍​ទាំង​អស់​នេះ​នឹង​កើត​មាន​ឡើង​យ៉ាង​ពិត​ប្រាកដ គឺ​ដូចដែល​ព្រះ​វរបិតា ទ្រង់​បាន​បញ្ជា​ដល់​យើង។ នោះ​សេចក្ដី​សញ្ញា​ដែល​ព្រះ​វរបិតា ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​រាស្ត្រ​ព្រះ​អង្គ​នឹង​ត្រូវ​បាន​បំពេញ ហើយ​នៅ​ពេល​នោះ​ក្រុង​យេរូសាឡិម​នឹង​មាន​មនុស្ស​នៅ​ទៀត​ដោយ​រាស្ត្រ​យើង ហើយ​នឹង​ទៅ​ជា​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​ពួក​គេ៕