គម្ពីរ​អាលម៉ា កូន​ប្រុស​របស់​អាលម៉ា

ដំណើរ​រឿង​មួយ​អំពី​អាលម៉ា ជា​កូន​ប្រុស​របស់​អាលម៉ា ជា​មេ​ចៅក្រម​ទី​មួយ ត្រួត​លើ​ប្រជាជន​នីហ្វៃ ហើយ​ជា​សង្ឃ​ជាន់​ខ្ពស់​លើ​សាសនាចក្រ​ផង។ ដំណើរ​រឿង​មួយ​អំពី​រជ្ជកាល​នៃ​ពួក​ចៅក្រម និង​សង្គ្រាម​ទាំង​ឡាយ និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​ប្រជាជន។ ហើយ​ព្រម​ទាំង​ដំណើរ​រឿង​អំពី​សង្គ្រាម​មួយ​រវាង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ស្រប​តាម​បញ្ជី​របស់​អាលម៉ា ជា​មេ​ចៅក្រម​ទី​មួយ។

ជំពូក​ទី ១

នីហូរ​បង្រៀន​លទ្ធិ​ក្លែងក្លាយ​ទាំង​ឡាយ តាំង​សាសនាចក្រ​មួយ ណែនាំ​ឲ្យ​មាន​ឧបាយកល​ផ្នែក​សង្ឃ​ជា​លើកដំបូង ហើយ​ប្រហារ គេឌាន — នីហូរ​ត្រូវ​គេ​ប្រហារជីវិត​ចំពោះ​ទោស​របស់​គាត់ — ឧបាយកល​ផ្នែក​សង្ឃ និង​ការ​បៀតបៀន​រាលដាល​ក្នុង​ចំណោម​ប្រជាជន — ពួក​សង្ឃ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង ប្រជាជន​ថែទាំ​ពួក​អ្នក​ក្រីក្រ ហើយ​សាសនាចក្រ​ចម្រើន​ឡើង។ ប្រមាណ​ជា​ឆ្នាំ ៩១–៨៨ ម.គ.ស.។

 ១ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​មួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម លើ​ប្រជាជន​នីហ្វៃ ចាប់​ពី​ពេល​នេះ​ទៅ ដែល​ស្ដេច ម៉ូសាយ​បាន​ទៅ​តាម​ផ្លូវ​នៃ​អស់​ទាំង​ផែនដី ដោយ​បាន​ច្បាំង​ចម្បាំង​យ៉ាង​ល្អ បាន​ដើរ​ត្រង់​ខ្លួន​នៅ​ចំពោះ​ព្រះ ពុំ​បាន​ទុក​ឲ្យ​អ្នក​ណាមួយ សោយរាជ្យ​ជំនួស​ទ្រង់​ឡើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ទ្រង់​បាន​បង្កើត​ច្បាប់​ទាំង​ឡាយ ហើយ​ប្រជាជន​បាន​ទទួល​ស្គាល់​ច្បាប់​ទាំង​នោះ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​មាន​កាតព្វកិច្ច ដើម្បី​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​ឡាយ ដែល​ទ្រង់​បាន​បង្កើត​ឡើង។

 ២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​មួយ​ក្នុង​រជ្ជកាល​របស់​អាលម៉ា នៅ​វេទិកា​ជំនុំ​ជំរះ នោះ​មាន​បុរស​ម្នាក់​ដែល​ត្រូវ​បាន​នាំ​មក​ខាង​មុខ​លោក ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ បុរស​នោះ​មាឌ​ធំ ហើយ​ល្បី​ថា មាន​កម្លាំង​ខ្លាំងពូកែ។

 ៣ ហើយ​បុរស​នោះ​បាន​ទៅ​ក្នុង​ចំណោម​ប្រជាជន ផ្សាយ​ប្រាប់​ពួក​គេ​នូវ​អ្វីៗ ដែល​គាត់​ហៅ​ថា​ជា​ព្រះ​បន្ទូល​នៃ​ព្រះ ដោយ​ធ្វើ​ការទាស់​នឹង​សាសនាចក្រ ដោយ​ប្រកាស​ប្រាប់​ដល់​ប្រជាជន​ថា ពួក​សង្ឃ និង​ពួក​គ្រូបង្រៀន​គ្រប់​រូប​គួរតែ​មាន​ប្រជាប្រិយ​ភាព ហើយ​ពួក​គេ​មិន​គួរ​ធ្វើ​ការ​ដោយ​ដៃ​របស់​គេ​ទេ តែ​ពួក​គេ​ត្រូវ​ទទួល​ការ​គាំទ្រ​ពី​ប្រជាជន​វិញ។

 ៤ ហើយ​គាត់​ក៏​ធ្វើ​ទី​បន្ទាល់​ទៅ​ប្រជាជន​ថា មនុស្ស​លោក​ទាំង​អស់​ត្រូវ​តែ​បាន​សង្គ្រោះ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ថា ពួក​គេ​មិន​ចាំបាច់​ខ្លាច ឬ​ញាប់​ញ័រ​ទេ តែ​ថា ពួក​គេ​អាច​ងើបមុខ​ឡើង ហើយ​អរ​រីករាយ​វិញ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​បាន​បង្កើត​មនុស្ស​ទាំង​អស់ ហើយ​បាន​ប្រោស​លោះ​មនុស្ស​ទាំង​អស់​ផង ហើយ​នៅ​ទី​បញ្ចប់ មនុស្ស​ទាំង​អស់​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

 ៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គាត់​បាន​បង្រៀន​ការណ៍​ទាំង​នេះ​ជាច្រើន រហូត​ដល់​មាន​មនុស្ស​ជាច្រើន​បាន​ជឿ​តាម​ពាក្យ​សម្ដី​របស់​គាត់ គឺ​មាន​មនុស្ស​ជាច្រើន ដែល​ពួក​គេ​បាន​ចាប់​ផ្ដើម​គាំទ្រ​គាត់ ហើយ​ឲ្យ​ប្រាក់​ដល់​គាត់។

 ៦ ហើយ​គាត់​បាន​ចាប់​ផ្ដើម​លើក​ខ្លួន​ឡើង​ក្នុង​សេចក្ដី​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​គាត់ ហើយ​ស្លៀកពាក់​នូវ​ប្រដាប់​ស្លៀកពាក់​ដ៏​មាន​តម្លៃ​ថ្លៃ មែន​ហើយ ហើយ​ព្រម​ទាំង​បាន​ចាប់​ផ្ដើម​តាំង​សាសនាចក្រ​មួយ​ឡើង​តាម​របៀប​ដែល​គាត់​បង្រៀន។

 ៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​គាត់​កំពុងតែ​ទៅ​ផ្សាយ​សាសនា ដល់​អស់​អ្នក​ណា​ដែល​ជឿ​តាម​ពាក្យ​គាត់ ស្រាប់​តែ​គាត់​បាន​ជួប​បុរស​ម្នាក់ ដែល​ជា​មនុស្ស​ផង​សាសនាចក្រ​នៃ​ព្រះ មែន​ហើយ គឺជា​គ្រូបង្រៀន​មួយ​របស់​ពួក​គេ ហើយ​គាត់​បាន​ចាប់​ផ្ដើម​ប្រកែក​ជាមួយ​នឹង​បុរស​នោះ​យ៉ាង​ខ្លាំង ដើម្បី​គាត់​អាច​ដឹកនាំ​មនុស្ស​នៃ​សាសនាចក្រ​ឲ្យ​វង្វេង​ផ្លូវ តែ​បុរស​នោះ​បាន​តទល់​នឹង​គាត់ ដោយ​ព្រមាន​ដាស់តឿន​គាត់​ដោយ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ។

 ៨ ឥឡូវ​នេះ ឈ្មោះ​បុរស​នោះ​គឺ គេឌាន គឺ​លោក​នេះ​ហើយ​ដែល​ជា​គ្រឿង​ឧបករណ៍​មួយ នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ក្នុង​ការ​ដោះ​លែង​ប្រជាជន​លិមហៃ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព។

 ៩ ឥឡូវ​នេះ ពី​ព្រោះ​គេឌាន​បាន​តប​ត​នឹង​គាត់ ដោយ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ នោះ​គាត់​បាន​ខឹង​នឹង​គេឌាន ហើយ​បាន​ដក​ដាវ​គាត់ ហើយ​ចាប់​ផ្ដើម​កាប់​ចាក់​លោក។ ឥឡូវ​នេះ ដោយ​ព្រោះ​គេឌាន​មាន​អាយុ​ច្រើន ហេតុ​ដូច្នេះ​ហើយ លោក​មិន​អាច​ទប់​ទល់​នឹង​ដាវ​របស់​គាត់​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ លោក​ក៏​ត្រូវ​បាន​ស្លាប់​ដោយ​ផ្លែ​ដាវ​ទៅ។

 ១០ ឯ​បុរស​ដែល​សម្លាប់​លោក ត្រូវ​មនុស្ស​នៃ​សាសនាចក្រ​ចាប់​យក​ទៅ​ខាង​មុខ​អាលម៉ា ដើម្បី​ជំនុំ​ជំរះ ស្រប​តាម​ទោស​ដែល​គាត់​បាន​ប្រព្រឹត្ត។

 ១១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គាត់​បាន​ឈរ​នៅ​ចំពោះ​អាលម៉ា ហើយ​បាន​ដោះ​សា​ខ្លួន​ដោយ​ចិត្ត​ក្លាហាន។

 ១២ តែ​អាលម៉ា​បាន​និយាយ​ទៅ​គាត់​ថា ៖ មើល​ចុះ នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​ឧបាយកល​ផ្នែក​សង្ឃ បាន​ចាប់​ផ្ដើម​ណែនាំ​មក​ក្នុង​ចំណោម​ប្រជាជន​នេះ។ ហើយ​មើល​ចុះ អ្នក​មិន​ត្រឹមតែ​មាន​ទោស​ដោយ​ប្រើ​ឧបាយកល​ផ្នែក​សង្ឃ​តែប៉ុណ្ណោះ​ទេ តែ​អ្នក​បាន​ប្រើ​ដាវ ដើម្បី​បង្ខំ​គេ​ឲ្យ​ធ្វើ​តាម​ទៀត ហើយ​បើ​យក​ឧបាយកល​ផ្នែក​សង្ឃ​មក​ប្រើ​នៅ​ក្នុង​ចំណោម​ពួក​ប្រជាជន​នេះ ការណ៍​នោះ​នឹង​បញ្ជាក់​នូវ​ការ​បំផ្លិចបំផ្លាញ​របស់​គេ​ទាំង​ស្រុង​ហើយ។

 ១៣ ហើយ​អ្នក​បាន​កំចាយ​ឈាម​បុរស​សុចរិត​ម្នាក់ មែន​ហើយ ជា​បុរស​ដែល​ធ្លាប់​បាន​ធ្វើ​ការ​ល្អ​ជាច្រើន​នៅ​ក្នុង​ចំណោម​ប្រជាជន​នេះ ហើយ​បើ​យើង​លើកលែងទោស​ឲ្យ​អ្នក ឈាម​របស់​បុរស​នោះ​នឹង​មក​ទាមទារ​ឲ្យ​យើង​សងសឹក

 ១៤ ហេតុ​ដូច្នេះ​ហើយ ត្រូវ​កាត់ទោស​អ្នក​ដល់​ជីវិត ស្រប​តាម​ច្បាប់​ដែល​បាន​ប្រទាន​មក​យើង ដោយ​ម៉ូសាយ​ជា​ស្ដេច​ចុង​ក្រោយ​បង្អស់​របស់​យើង ហើយ​ឯ​ច្បាប់​នោះ ប្រជាជន​នេះ​បាន​ទទួល​ស្គាល់ ហេតុ​ដូច្នេះ​ហើយ ប្រជាជន​នេះ​ត្រូវ​ធ្វើ​តាម​ច្បាប់។

 ១៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គេ​នាំ​បុរស​នោះ​ទៅ ហើយ​គាត់​មាន​ឈ្មោះ​ថា នីហូរ ហើយ​គេ​បាន​យក​គាត់​ទៅ​លើ​កំពូល​ភ្នំ​ម៉ាន់តៃ ហើយ​នៅ​ទី​នោះ​ហើយ​ដែល​គាត់​ត្រូវ​បាន​បណ្ដា​ល ឬ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ចំពោះ​មេឃ និង​ដី​ថា អ្វី​ដែល​គាត់​បាន​បង្រៀន​ប្រជាជន​នោះ គឺ​ផ្ទុយ​នឹង​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​នៅ​ទី​នោះ​ហើយ​គាត់​បាន​ទទួល​ការ​ស្លាប់​ដ៏​ថោកទាប។

 ១៦ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ការណ៍​នេះ​មិន​បាន​បញ្ឈប់​ការ​រាលដាល​នៃ​ឧបាយកល​ផ្នែក​សង្ឃ​ទូ​ទៅ​ទាំង​ដែនដី​ដែរ ព្រោះ​មាន​មនុស្ស​ជាច្រើន​ដែល​ស្រឡាញ់​ការ​ទាំង​ឡាយ​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ ហើយ​ពួក​គេ​បាន​ចេញ​ទៅ​ផ្សាយ​អំពី​លទ្ធិ​ក្លែងក្លាយ​ទាំង​ឡាយ ហើយ​គេ​ធ្វើ​ការ​នេះ ដើម្បី​ចង់​បាន​ទ្រព្យសម្បត្តិ និង​យស​សក្ដិ។

 ១៧ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ពុំ​ហ៊ាន​ភូត​កុហក​ដែរ ដោយ​ព្រោះ​ខ្លាច​ច្បាប់ ព្រោះ​ពួក​អ្នក​ដែល​កុហក​នឹង​ត្រូវ​ទទួល​ទោស ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ធ្វើ​ហាក់​ដូច​ជា​គេ​ផ្សាយ​សាសនា​ទៅ​តាម​ជំនឿ​របស់​គេ ហើយ​ឥឡូវ​នេះ ច្បាប់​មិន​អាច​ធ្វើ​អ្វី​ដល់​អ្នក​នោះ ចំពោះ​ជំនឿ​របស់​គេ​បាន​ឡើយ។

 ១៨ ហើយ​ពួក​គេ​ពុំ​ហ៊ាន​លួច ដោយ​ព្រោះ​ខ្លាច​ច្បាប់ ព្រោះ​អស់​អ្នក​ណា​ដែល​លួច​នឹង​ត្រូវ​ទទួល​ទោស ហើយ​ពួក​គេ​ក៏​មិន​ហ៊ាន​ប្លន់ ឬ​ធ្វើ​ឃាត​ដែរ ព្រោះ​អ្នក​ណា​ដែល​ធ្វើ​ឃាត​នឹង​ត្រូវ​ទទួល​ទោស​ដល់​ជីវិត។

 ១៩ តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា អ្នក​ណា​ដែល​មិន​ចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះ បាន​ចាប់​ផ្ដើម​បៀតបៀន​អស់​អ្នក​ដែល​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ ហើយ​ដែល​បាន​យក​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​ដាក់​លើ​ខ្លួន។

 ២០ មែន​ហើយ ពួក​គេ​បាន​បៀតបៀន​អ្នក​ទាំង​នោះ ហើយ​ធ្វើ​ទុក្ខ​ពួក​គេ​ដោយ​ប្រើ​ពាក្យ​គ្រប់​យ៉ាង ហើយ​ការណ៍​នេះ​មក​ពី​ភាព​រាបសា​របស់​គេ ពី​ព្រោះ​ពួក​គេ​មិន​អួត​ខ្លួន​នៅ​ចំពោះ​ភ្នែក​គេ​ផ្ទាល់ ហើយ​ពី​ព្រោះ​ពួក​គេ​បាន​ចែករំលែក​ព្រះ​បន្ទូល​នៃ​ព្រះ​ទៅ​វិញ​ទៅ​មក ដោយ​មិន​យក​ប្រាក់ ឬ​ថ្លៃ​អ្វី​ឡើយ។

 ២១ ឥឡូវ​នេះ មាន​ច្បាប់​មួយ​យ៉ាង​តឹង​រឹង នៅ​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ​ថា មិន​ត្រូវ​មាន​អ្នក​ណា​ម្នាក់ ដែល​នៅ​ក្នុង​សាសនាចក្រ បះបោរ ហើយ​បៀតបៀន​ពួក​អ្នក​ដែល​មិន​នៅ​ក្នុង​សាសនាចក្រ​ឡើយ ហើយ​ក៏​មិន​ត្រូវ​មាន​ការ​បៀតបៀន​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ។

 ២២ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់​តែ​មាន​មនុស្ស​ជាច្រើន​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ ដែល​បាន​ចាប់​ផ្ដើម​អួត​ខ្លួន ហើយ​បាន​ចាប់​ផ្ដើម​តតាំង​គ្នា​យ៉ាង​គគ្រឹកគគ្រេង​ជាមួយ​នឹង​ពួក​មារ​សត្រូវ​របស់​គេ រហូត​ដល់​មាន​ការ​វាយ​តប់​គ្នា មែន​ហើយ ពួក​គេ​បាន​វាយ​ប្រដាល់​គ្នា​ដោយ​ដៃ។

 ២៣ ឥឡូវ​នេះ នេះ​គឺជា​ឆ្នាំ​ទី​ពីរ​ក្នុង​រជ្ជកាល​របស់​អាលម៉ា ហើយ​នេះ​គឺជា​ដើមហេតុ​នៃ​សេចក្ដី​ទុក្ខ​លំបាក​ដ៏​ខ្លាំង​ដល់​សាសនាចក្រ មែន​ហើយ នេះ​គឺជា​ដើមហេតុ​នៃ​ការ​សាកល្បង​ដ៏​ខ្លាំងក្លា ដល់​សាសនាចក្រ។

 ២៤ ព្រោះ​មនុស្ស​ជាច្រើន​បាន​ធ្វើ​ចិត្ត​រឹងរូស ហើយ​ឈ្មោះ​របស់​គេ​ត្រូវ​បាន​លុប​ចេញ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​ទាំង​នោះ​ត្រូវ​ចងចាំ​ត​ទៅ​ទៀត​នៅ​ក្នុង​ចំណោម​រាស្ត្រ​នៃ​ព្រះ​ឡើយ។ ហើយ​មនុស្ស​ជាច្រើន​បាន​ដក​ខ្លួន​ចេញ​ពី​ពួក​គេ​ផង។

 ២៥ ឥឡូវ​នេះ នេះ​គឺជា​ការ​សាកល្បង​ដ៏​ធំ​មួយ​ដល់​អស់​អ្នក​ណា​ដែល​ឈរ​យ៉ាង​ខ្ជាប់​ខ្ជួន នៅ​ក្នុង​សេចក្ដី​ជំនឿ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​នៅ​តែ​មាន​ចិត្ត​ខ្ជាប់​ខ្ជួន ហើយ​មុតមាំ ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​ដែរ ហើយ​ពួក​គេ​ទ្រាំទ្រ​ដោយ​ចិត្ត​អត់ធន់​នូវ​ការ​បៀតបៀន ដែល​មាន​គំនរ​មក​លើ​ពួក​គេ។

 ២៦ ហើយ​កាលដែល​ពួក​សង្ឃ​ចោល​កិច្ចការ​របស់​ខ្លួន ដើម្បី​ទៅ​រំលែក​ព្រះ​បន្ទូល​នៃ​ព្រះ ដល់​ប្រជាជន នោះ​ប្រជាជន​ក៏​ចោល​កិច្ចការ​របស់​ខ្លួន ដើម្បី​ទៅ​ស្ដាប់​ព្រះ​បន្ទូល​នៃ​ព្រះ​ដែរ។ ហើយ​កាលដែល​ពួក​សង្ឃ​បាន​រំលែក​ដល់​គេ​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​រួច​ហើយ នោះ​ពួក​គេ​ទាំង​អស់​គ្នា​ក៏​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ដោយ​មាន​ចិត្ត​ព្យាយាម ហើយ​ពួក​សង្ឃ​មិន​រាប់​ថា​ខ្លួន​ខ្ពស់​ជាង​ពួក​អ្នក​ស្ដាប់​ឡើយ ត្បិត​អ្នក​ផ្សាយ​សាសនា​មិន​ប្រសើរ​ជាង​អ្នក​ស្ដាប់​ទេ ឯ​គ្រូបង្រៀន​ក៏​មិន​ប្រសើរ​ជាង​អ្នក​រៀន​ដែរ ម្ល៉ោះ​ហើយ ពួក​គេ​ស្មើ​គ្នា​ទាំង​អស់ ហើយ​ពួក​គេ​បាន​ធ្វើ​ការ​ទាំង​អស់​គ្នា បុគ្គល​គ្រប់​រូប​តាម​កម្លាំង​រៀងៗ​ខ្លួន។

 ២៧ ហើយ​ពួក​គេ​បាន​ចែករំលែក​ទ្រព្យ​របស់​ខ្លួន មនុស្ស​គ្រប់​រូប​ស្រប​តាម​អ្វីៗ​ដែល​គេ​មាន​បន្ទូល​ឲ្យ​អ្នក​ក្រីក្រ អ្នក​ខ្វះ​ខាត អ្នក​ឈឺ និង​អ្នក​ដែល​មាន​ទុក្ខ ហើយ​ពួក​គេ​ពុំ​ស្លៀកពាក់​នូវ​ប្រដាប់​ស្លៀកពាក់​ដ៏​មាន​តម្លៃ​ឡើយ តែ​ពួក​គេ​ស្អាតស្អំ ហើយ​គួរ​ឲ្យ​ស្រឡាញ់​វិញ។

 ២៨ ហើយ​ពួក​គេ​បាន​ចាត់ចែង​កិច្ចការ​របស់​សាសនាចក្រ​យ៉ាង​ដូច្នេះ​ហើយ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​មាន​សេចក្ដី​សុខសាន្ត​ត​ទៅ​ទៀត ទោះ​ជា​គេ​មាន​គ្រប់​ការ​បៀតបៀន​ក៏​ដោយ។

 ២៩ ហើយ​ឥឡូវ​នេះ មក​ពី​ការ​ខ្ជាប់​ខ្ជួន​ក្នុង​សាសនាចក្រ នោះ​ពួក​គេ​បាន​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​អ្នក​មាន​ដ៏​លើសលប់ ដោយ​មាន​យ៉ាង​បរិបូរ​នូវ​វត្ថុ​គ្រប់​មុខ​ដែល​គេ​ត្រូវ​ការ — គឺ​បរិបូរ​ទៅ​ដោយ​ហ្វូង​ចៀម និង​ហ្វូង​សត្វ និង​សត្វ​ធាត់​គ្រប់​យ៉ាង ហើយ​ក៏​បរិបូរ​ទៅ​ដោយ​ធញ្ញជាតិ និង​មាស និង​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ផ្សេងៗ ហើយ​បរិបូរ​ទៅ​ដោយ​សូត្រ​ព្រែ និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត​ទេស​វេញ​យ៉ាង​ខ្មាញ់ និង​ប្រដាប់​ប្រដា​គ្រប់​មុខ​សម្រាប់​ប្រើ​នៅ​ផ្ទះ។

 ៣០ ម្ល៉ោះ​ហី​យ នៅ​ក្នុង​កាលៈទេសៈ​ដ៏​ចម្រុង​ចម្រើន​របស់​គេ ពួក​គេ​ពុំ​បាន​ដេញ​ជន​ណា​ចេញ​ដែល​អាក្រាត ឬ​ជន​ណា​ដែល​អត់ឃ្លាន ឬ​ជន​ណា​ដែល​ស្រេក ឬ​ជន​ណា​ដែល​ឈឺ ឬ​ជន​ណា​ដែល​ខ្វះ​ការ​ចិញ្ចឹម​បីបាច់​ឡើយ ហើយ​ពួក​គេ​មិន​បាន​ភ្ជាប់​ចិត្ត​គេ​ទៅ​លើ​ទ្រព្យ សម្បត្តិ​ដែរ ហេតុ​ដូច្នេះ​ហើយ ទើប​ពួក​គេ​មាន​ចិត្ត​ទូលំទូលាយ​ទៅ​លើ​មនុស្ស​គ្រប់​រូប ទាំង​ចាស់​ទាំង​ក្មេង ទាំង​បាវ​គេ​ទាំង​អ្នក​សេរី ទាំង​ប្រុស ទាំង​ស្រី ទោះ​ជា​នៅ​ក្រៅ​សាសនាចក្រ ឬ​នៅ​ក្នុង​សាសនាចក្រ​នោះ​ក្ដី ដោយ​មិន​រើសមុខ​អ្នក​ណា​សោះ ឲ្យ​តែ​មាន​បន្ទូល​ការ​ខ្វះ​ខាត។

 ៣១ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ចម្រើន​ឡើង ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​លើសលប់​ជាង​អ្នក​ដែល​មិន​នៅ​ក្នុង​សាសនាចក្រ​របស់​គេ​ទៅ​ទៀត។

 ៣២ ព្រោះ​ពួក​អ្នក​ដែល​ពុំ​នៅ​ក្នុង​សាសនាចក្រ​របស់​គេ បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​អំពើ​អាប​ធ្មប់ និង​​ការ​ថ្វាយបង្គំ​រូប​ព្រះ ឬ​ការ​ខ្ជិល​ច្រអូស និង​ការ​និយាយ​ផ្ដេសផ្ដាស និង​ការ​ឈ្នានីស និង​ការ​ឈ្លោះ ការ​ស្លៀកពាក់​នូវ​ប្រដាប់​ស្លៀកពាក់​ដ៏​មាន​តម្លៃ ការ​លើក​ខ្លួនឡើង​ក្នុង​សេចក្ដី​ឆ្មើងឆ្មៃ​នៃ​ភ្នែក​គេ​ផ្ទាល់ ការ​បៀតបៀន ការ​កុហក ការ​លួច ការ​ប្លន់ ការ​ប្រព្រឹត្ត​អំពើ​សហាយស្មន់​ទាំង​ឡាយ និង​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម និង​គ្រប់​អស់​ទាំង​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​ផង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​បាន​ដាក់​ច្បាប់​មក​លើ​អស់​អ្នក​ណា ដែល​រំលង​ច្បាប់ តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​បាន​ដែរ។

 ៣៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ដោយ​អនុវត្ត​ច្បាប់​ទៅ​លើ​ពួក​គេ​យ៉ាង​នេះ មនុស្ស​គ្រប់​រូប​ត្រូវ​រង​ទោស​ស្រប​តាម​អ្វីៗ ដែល​ខ្លួន​បាន​ធ្វើ គេ​បាន​ក្លាយ​ទៅ​ជា​ស្លូតបូត​ជាង​មុន ហើយ​ពុំ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដោយ​ចេញ​មុខ​ទៀត​ឡើយ ហេតុ​ដូច្នេះ​ហើយ មាន​សេចក្ដី​សុខសាន្ត​ដ៏​ច្រើន នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ រហូត​ដល់​ឆ្នាំ​ទី​ប្រាំ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម៕