គម្ពីរ​អាលម៉ា កូន​ប្រុស​របស់​អាលម៉ា

ពាក្យ​ពេចន៍​របស់​អាលម៉ា ដែល​បាន​ប្រកាស​ទៅ​កាន់​ប្រជាជន​នៅ​ក្រុង​គេឌាន តាម​បញ្ជី​ប្រវត្តិ​របស់​លោក។
មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៧

ជំពូក​ទី ៧

ព្រះ​គ្រីស្ទ​នឹង​ប្រសូត​មក​ពី​នាង​ម៉ា​រា — ទ្រង់​នឹង​ស្រាយចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ ហើយ​ទទួល​រង​អំពើ​បាប​របស់​រាស្ត្រ​ទ្រង់ — អ្នក​ទាំង​ឡាយ​ណា​ដែល​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ នោះ​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច — ភាព​ស្មោក​គ្រោក​មិន​អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ — ត្រូវ​តែ​មាន​សេចក្ដី​បន្ទាប​ខ្លួន សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស។ ប្រមាណ​ជា​ឆ្នាំ ៨៣ ម.គ.ស.។

 ១ មើល​ចុះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ដោយ​ឃើញ​ថា ខ្ញុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​ជួប​នឹង​អ្នក ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​ខិតខំ​ដើម្បី​ថ្លែង​ទៅ​កាន់​អ្នក​ដោយ​ភាសា​របស់​ខ្ញុំ មែន​ហើយ ដោយ​មាត់​ខ្ញុំ​ផ្ទាល់ ដោយ​ឃើញ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​និយាយ​ទៅ​កាន់ អ្នក ដោយ​សម្ដី​ដែល​ចេញ​ពី​មាត់​ខ្ញុំ ព្រោះ​ពីមុន​មក​ខ្ញុំ​បាន​ចំណាយ​ពេល​ទាំង​ស្រុង​នៅ​លើ​វេទិកា​ជំនុំ​ជំរះ ដោយ​រវល់​នឹង​កិច្ចការ​ជាច្រើន ដែល​មិន​អាច​ឲ្យ​ខ្ញុំ​មក​ជួប​នឹង​បង​ប្អូន​បាន។

 ២ ហើយ​សូម្បីតែ​នៅ​ពេល​ឥឡូវ​នេះ​ក៏​ដោយ គង់តែ​ខ្ញុំ​មិន​អាច​មក​បាន​ទេ ប្រសិនបើ​វេទិកា​ជំនុំ​ជំរះ ពុំ​បាន​ប្រគល់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត ដើម្បី​គ្រប់​គ្រង​ជំនួស​ខ្ញុំ ហើយ​ព្រះ​អម្ចាស់ ដោយ​នូវ​សេចក្ដី​មេត្តាករុណា​ដ៏​ច្រើន ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​មក​រក​អ្នក។

 ៣ ហើយ​មើល​ចុះ ខ្ញុំ​មក​ដោយ​មាន​សេចក្ដី​សង្ឃឹម​ដ៏​ធំ និង​បំណង​ដ៏​ខ្ពស់​ថា ខ្ញុំ​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​បាន​បន្ទាប​ខ្លួន​ចំពោះ​ព្រះ ខ្ញុំ​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​បន្ត​ការ​សុំ​ក្ដី​សន្ដោស​ពី​ទ្រង់ ខ្ញុំ​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​គ្មាន​ទោស​នៅ​ចំពោះ​ទ្រង់​ឡើយ ខ្ញុំ​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច ដូច​បង​ប្អូន​យើង​ដែល​នៅ​ឯ​ដែនដី​សារ៉ាហិមឡា​នោះ​ឡើយ។

 ៤ ប៉ុន្តែ សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ​ពរ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ដឹង មែន​ហើយ ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​សេចក្ដី​អំណរ​ដ៏​ធំ​លើសលប់ ដោយ​បាន​ដឹង​ថា ពួក​គេ​បាន​តាំង​ឡើង​ជា​ថ្មី​នៅ​ក្នុង​មាគ៌ា​នៃ​សេចក្ដី​សុចរិត​របស់​ទ្រង់។

 ៥ ហើយ​ស្រប​តាម​ព្រះ​វិញ្ញាណ​នៃ​ព្រះ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ ខ្ញុំ​ជឿ​ថា ខ្ញុំ​នឹង​មាន​សេចក្ដី​អំណរ​នឹង​បង​ប្អូន​រាល់​គ្នា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​មិន​ចង់​ឲ្យ​សេចក្ដី​អំណរ​របស់​ខ្ញុំ​នឹង​បង​ប្អូន​រាល់​គ្នា មាន​មក​ដោយ​សា​រសេច​ក្ដី​ទុក្ខ​វេទនា និង​សេចក្ដី​សោក​សៅ​ដ៏​ច្រើន ដែល​ខ្ញុំ​មាន​ចំពោះ​បង​ប្អូន​ដែល​នៅ​ឯ​ដែនដី​សារ៉ាហិមឡា​នោះ​ដែរ ត្បិត​មើល​ចុះ សេចក្ដី​អំណរ​របស់​ខ្ញុំ​នឹង​ពួក​គេ បាន​កើត​ឡើង​ក្រោយ​ពី​បាន​លុយ​កាត់​សេចក្ដី​ទុក្ខ​វេទនា និង​សេចក្ដី​សោកសៅ​ជាច្រើន។

 ៦ ប៉ុន្តែ​មើល​ចុះ ខ្ញុំ​ជឿ​ថា អ្នក​រាល់​គ្នា​ពុំ​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​ឥត​ជំនឿ ដូច​ជា​បង​ប្អូន​របស់​អ្នក​នោះ​ទេ ខ្ញុំ​ជឿ​ថា អ្នក​រាល់​គ្នា​ក៏​ពុំ​លើក​ខ្លួន​ឡើង​ក្នុង​ការ​ឆ្មើងឆ្មៃ​នៃ​ចិត្ត​អ្នក​ដែរ មែន​ហើយ ខ្ញុំ​ជឿ​ថា អ្នក​រាល់​គ្នា​ពុំ​ភ្ជាប់​ចិត្ត​អ្នក​ទៅ​លើ​ទ្រព្យសម្បត្តិ និង​វត្ថុ​ទាំង​ឡាយ​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ​ឡើយ មែន​ហើយ ខ្ញុំ​ជឿ​ថា អ្នក​រាល់​គ្នា​ពុំ​ថ្វាយបង្គំ​រូប​ព្រះ តែ​អ្នក​រាល់​គ្នា​ថ្វាយបង្គំ​ព្រះ​ដ៏​ពិត ហើយ​មាន​ព្រះ​ជន្ម​រស់នៅ​វិញ ហើយ​ថា​អ្នក​រាល់​គ្នា​ទន្ទឹង​ចាំ​ដល់​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​អ្នក ដោយ​មាន​សេចក្ដី​ជំនឿ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​ពេល​ខាង​មុខ។

 ៧ ត្បិត​មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា នឹង​មាន​ការណ៍​ជាច្រើន​កើត​ឡើង​ក្នុង​ពេល​អនាគត ហើយ​មើល​ចុះ មាន​រឿង​មួយ​ដែល​សំខាន់​ជាង​រឿង​ទាំង​អស់ — ត្បិត​មើល​ចុះ នៅ​ពេល​មិន​យូរប៉ុន្មាន​ទេ ព្រះ​ដ៏​ប្រោស​លោះ​មាន​ព្រះ​ជន្ម​រស់នៅ ហើយ​នឹង​យាង​មក​ក្នុង​ចំណោម​រាស្ត្រ​ទ្រង់។

 ៨ មើល​ចុះ ខ្ញុំ​មិន​និយាយ​ថា ទ្រង់​នឹង​យាង​មក​ក្នុង​ចំណោម​ពួក​យើង​ក្នុង​ពេល​ដែល​ទ្រង់​ស្ថិតនៅ​ក្នុង​រោង​ឧបោសថ​ខាង​សាច់​ឈាម​នោះ​ទេ ត្បិត​មើល​ចុះ ព្រះ​វិញ្ញាណ​ទ្រង់​ពុំ​បាន​ប្រាប់​ខ្ញុំ​ថា នេះ​ជា​ការណ៍​ដែល​នឹង​កើត​ឡើង​នោះ​ឡើយ។ ឥឡូវ​នេះ ចំពោះ​រឿង​នេះ ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ប៉ុណ្ណេះ​ថា ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ចេស្ដា​នឹង​ធ្វើ​កិច្ចការ​បាន​គ្រប់​យ៉ាង ស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់។

 ៩ ប៉ុន្តែ​មើល​ចុះ ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ប៉ុណ្ណេះ​ថា ៖ ចូរ​ស្រែក​ប្រកាស​ប្រាប់​ដល់​ប្រជាជន​នេះ​ថា — ចូរ​ប្រែចិត្ត​ចុះ ហើយ​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ​អម្ចាស់ ហើយ​ដើរ​តាម​គន្លង​របស់​ទ្រង់​ដែល​ត្រង់ ត្បិត​មើល​ចុះ នគរ​ស្ថានសួគ៌​នៅ​ជិត​ដៃ​បង្កើយ ហើយ​ព្រះ​រាជបុត្រា​នៃ​ព្រះ​នឹង​យាង​មក​លើ​ផ្ទៃ​ផែនដី​នេះ។

 ១០ ហើយ​មើល​ចុះ ទ្រង់​នឹង​ប្រសូត​មក​ពី​នាង​ម៉ា​រា នៅ​ក្រុង​យេរូសាឡិម ដែល​ជា​ដែនដី​របស់​ពួក​អយ្យកោ​ដើម​របស់​យើង នាង​ជា​ស្ត្រី​ព្រហ្មចារី គឺជា​ប្រដាប់​ដ៏​ជម្រើស ហើយ​ពិសេស​មួយ ដែល​នឹង​ត្រូវ​គ្រប​ដណ្ដប់ ហើយ​ចាប់​ទំ​ផ្ទៃ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ប្រសូត​បាន​បុត្រ​មួយ មែន​ហើយ គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។

 ១១ ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង ហើយ​ទ្រង់​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំង​ឡាយ ដែល​បាន​ចែង​ទុក​មក​ថា ទ្រង់​នឹង​លើកដាក់​លើ​ខ្លួន​ទ្រង់​នូវ​ការ​ឈឺ​ចាប់ និង​ជំងឺ​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់។

 ១២ ហើយ​ទ្រង់​នឹង​យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​សេចក្ដី​ស្លាប់ ដើម្បី​ទ្រង់​អាច​ស្រាយចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់​ដែល​ចង​រាស្ត្រ​ទ្រង់ ហើយ​ទ្រង់​នឹង​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​ជំងឺ​ឈឺ​ចាប់​របស់​ពួក​គេ ដើម្បី​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់ បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ។

 ១៣ ឥឡូវ​នេះ ព្រះ​វិញ្ញាណ​ទ្រង់​ជ្រាប​ការណ៍​សព្វ​យ៉ាង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ស៊ូ​រង​ឈឺ​ចាប់ ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់ ដើម្បី​ទ្រង់​អាច​លុប​ចោល​នូវ​អំពើ​រំលង​ទាំង​ឡាយ​របស់​គេ ស្រប​តាម​ព្រះ​ចេស្ដា​នៃ​ការ​ដោះ​លែង​របស់​ទ្រង់ ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​គឺ​ជាទី​បន្ទាល់​ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ។

 ១៤ ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រែចិត្ត ហើយ​កើត​ម្ដង​ទៀត ត្បិត​ព្រះ​វិញ្ញាណ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​បាន​កើត​ម្ដង​ទៀត​ទេ នោះ​អ្នក​រាល់​គ្នា​មិន​អាច​គ្រង​នគរ​ស្ថានសួគ៌​ទុកជា​មរតក​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ចូរ​មក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែចិត្ត​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ជ្រះ​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​កូន​ចៀម​នៃ​ព្រះ ដែល​នឹង​ដក​យក​អំពើ​បាប​ទាំង​ឡាយ​ពី​មនុស្ស​លោក ដែល​មាន​ឥទ្ធិ​ឫទ្ធិ​ដើម្បី​សង្គ្រោះ និង​ដើម្បី​ជំរះ​ឲ្យ​ជ្រះ​ពី​អស់​ទាំង​អំពើ​ដ៏​ឥត​សុចរិត។

 ១៥ មែន​ហើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ចូរ​មក​ចុះ ហើយ​ចូរ​កុំ​ខ្លាច​អី ហើយ​ចូរ​បោះបង់​ចោល​នូវ​អំពើ​បាប​គ្រប់​យ៉ាង ដែល​ហ៊ុមព័ទ្ធ​អ្នក​រាល់​គ្នា​យ៉ាង​ងាយៗ ដែល​ចង​អ្នក​ចុះ​ទៅ​ឯ​សេចក្ដី​បំផ្លិចបំផ្លាញ មែន​ហើយ ចូរ​មក ហើយ​ដើរ​ទៅ​មុខ​ចុះ ហើយ​ចូរ​បង្ហាញ​ដល់​ព្រះ​របស់​អ្នក​ថា អ្នក​ព្រម​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ហើយ​ព្រម​ចូល​សេចក្ដី​សញ្ញា​នឹង​ទ្រង់​ថា នឹង​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​ធ្វើ​ជាទី​បន្ទាល់​ចំពោះ​ទ្រង់​នៅ​ក្នុង​ថ្ងៃ​នេះ ដោយ​ចុះ​ទៅ​ក្នុង​ទឹក​នៃ​បុណ្យ​ជ្រមុជ។

 ១៦ ហើយ​អ្នក​ណា​ដែល​ធ្វើ​យ៉ាង​នេះ ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ចាប់​ពី​ពេល​នេះ​ត​ទៅ អ្នក​នោះ​ហើយ​ដែល​នឹង​នឹក​ចាំ​ថា ខ្ញុំ​បាន​ប្រាប់​ទៅ​គេ មែន​ហើយ អ្នក​នោះ​នឹង​នឹក​ចាំ​ថា ខ្ញុំ​បាន​ប្រាប់​ទៅ​គេ​ថា គេ​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ស្រប​តាម​ទី​បន្ទាល់​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​បន្ទាល់​នៅ​ក្នុង​ខ្លួន​ខ្ញុំ។

 ១៧ ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ តើ​អ្នក​ជឿ​ការណ៍​ទាំង​នេះ​ឬ​ទេ? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា មែន​ហើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​ជឿ​ការណ៍​ទាំង​នេះ ហើយ​ហេតុ​ដែល​ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​ជឿ គឺ​ដោយ​សារ​ការ​បើក​សម្ដែង​នៃ​ព្រះ​វិញ្ញាណ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ហើយ​ឥឡូវ​នេះ ដោយ​សារ​សេចក្ដី​ជំនឿ​ដ៏​មុតមាំ​របស់​អ្នក​ចំពោះ​ការណ៍​នោះ មែន​ហើយ ចំពោះ​ការណ៍​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​និយាយ​មក​នោះ ខ្ញុំ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង។

 ១៨ ត្បិត​ដូច​ខ្ញុំ​បាន​ប្រាប់​អ្នក​ចាប់​តាំង​ពី​ដើម​មក​ថា ខ្ញុំ​មាន​បំណង​ដ៏​ធំ គឺ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្ថានភាព​រងគ្រោះ​ដូច​បង​ប្អូន​អ្នកឡើយ ដូច្នោះ​ខ្ញុំ​ឃើញ​ថា បំណង​របស់​ខ្ញុំ​បាន​ស្កប់​ស្កល់​ហើយ។

 ១៩ ត្បិត​ខ្ញុំ​យល់​ថា អ្នក​រាល់​គ្នា​កំពុង​នៅ​លើ​ផ្លូវ​ទាំង​ឡាយ​នៃ​សេចក្ដី​សុចរិត ខ្ញុំ​យល់​ថា អ្នក​រាល់​គ្នា​កំពុង​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ មែន​ហើយ ខ្ញុំ​យល់​ថា អ្នក​រាល់​គ្នា​កំពុង​តម្រង់​ផ្លូវ​របស់​ទ្រង់។

 ២០ ខ្ញុំ​យល់​ថា អ្នក​រាល់​គ្នា​ធ្លាប់​បាន​ដឹង​ដោយ​ទី​បន្ទាល់​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់​ថា ទ្រង់​មិន​ដើរ​លើ​ផ្លូវ​វៀចវាង​ឡើយ ហើយ​ទ្រង់​ក៏​មិនដែល​បែរ​ចេញ​ពី​អ្វី​ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​ដែរ ហើយ​សូម្បីតែ​បន្តិច​បន្តួច ក៏​ទ្រង់​មិន​ងាក​ពី​ឆ្វេង​ទៅ​ស្ដាំ ឬ​ពី​ខុស​មក​ត្រូវ​ដែរ ហេតុ​ដូច្នេះ​ហើយ ដំណើរ​របស់​ទ្រង់ គឺជា​វង់​មួយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

 ២១ ហើយ​ទ្រង់​ក៏​ពុំ​គង់នៅ​ក្នុង​ព្រះ​វិហារ​ណា​ដែល​ឥត​បរិសុទ្ធ​ឡើយ ហើយ​ភាព​ស្មោក​គ្រោក ឬ​អ្វី​ដែល​មិន​ស្អាត ក៏​មិន​អាច​ទទួល​ឲ្យ​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះ​បាន​ដែរ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ពេល​នោះ​នឹង​មក​ដល់ មែន​ហើយ គឺ​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់​ថា អ្នក​ណា​ដែល​ស្មោក​គ្រោក​នឹង​នៅ​ក្នុង​ភាព​ស្មោក​គ្រោក​របស់​ខ្លួន​ត​ទៅ។

 ២២ ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​បាន​និយាយ​នូវ​ការណ៍​អស់​ទាំង​នេះ​ទៅ​កាន់​អ្នក ក្រែង​ខ្ញុំ​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​រលឹក​ដល់​កិច្ចការ​របស់​អ្នក​ចំពោះ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដើរ​ដោយ​ឥត​ទោស​នៅ​ចំពោះ​ទ្រង់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដើរ​តាម​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ តាម​របៀប​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល។

 ២៣ ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន ហើយ​ចុះ​ចូល ហើយ​សុ​ភាព​ទន់ភ្លន់ រហ័ស​ធ្វើ​តាម​ការ​ល្អ ពោរពេញ​ទៅ​ដោយ​ការ​ទ្រាំទ្រ និង​ការ​អត់ធ្មត់ សង្កត់ចិត្ត​ក្នុង​កិច្ចការ​គ្រប់​យ៉ាង មាន​ចិត្ត​ព្យាយាម​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​ឲ្យ​បាន​គ្រប់​ពេល​វេលា សូម​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ ទាំង​ខាង​ឯ​វិញ្ញាណ និង​ខាង​ឯ​សាច់ឈាម​ដែរ ថ្លែង​អំណរគុណ​ដល់​ព្រះ​ជានិច្ច ចំពោះ​អ្វី​ដែល​អ្នក​បាន​ទទួល។

 ២៤ ហើយ​ចូរ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស ហើយ​នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​បាន​បរិបូរ​ទៅ​ដោយ​កិច្ចការ​ល្អៗ​ជានិច្ច។

 ២៥ ហើយ​សូម​ឲ្យ​ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក ហើយ​សូម​ទ្រង់​ថែ​សំលៀកបំពាក់​របស់​អ្នក​កុំ​ឲ្យ​ប្រឡាក់ ដើម្បី​នៅ​ទី​បញ្ចប់ នោះ​អ្នក​រាល់​គ្នា​នឹង​អាច​បាន​ទៅ​អង្គុយ​ជាមួយ​នឹង​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប និង​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​ទាំង​ឡាយ ដែល​មាន​ចាប់​តាំង​ពី​កំណើត​លោកិយ​មក ដោយ​មាន​សំលៀកបំពាក់​របស់​ខ្លួន​ឥត​ប្រឡាក់​អ្វី ដូច​ជា​សំលៀកបំពាក់​របស់​ពួក​ព្យាការី​ទាំង​នោះ​ដែរ នៅ​ក្នុង​នគរ​ស្ថានសួគ៌ ដោយ​ពុំ​ចេញ​ទៅ​ក្រៅ​ទៀត​ឡើយ។

 ២៦ ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​បាន​និយាយ​ពាក្យ​ទាំង​នេះ​ទៅ​កាន់​អ្នក ស្រប​តាម​ព្រះ​វិញ្ញាណ​ដែល​ធ្វើ​បន្ទាល់​នៅ​ក្នុង​ខ្លួន​ខ្ញុំ ហើយ​ព្រលឹង​ខ្ញុំ​អរ​រីករាយ​ដ៏​ក្រៃលែង ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​យក​ចិត្ត​ទុក​ដាក់ ហើយ​ព្យាយាម​ស្ដាប់​តាម​ពាក្យ​របស់​ខ្ញុំ។

 ២៧ ហើយ​ឥឡូវ​នេះ សូម​ឲ្យ​សេចក្ដី​សុខសាន្ត​នៃ​ព្រះ សណ្ឋិត​មក​លើ​បង​ប្អូន និង​លើ​ផ្ទះ​សំបែង និង​ដែនដី​របស់​អ្នក និង​លើ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក និង​លើ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​មាន លើ​ពួក​ស្ត្រី​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក ស្រប​តាម​សេចក្ដី​ជំនឿ និង​កិច្ច​ការ​ល្អ​ទាំង​ឡាយ​របស់​អ្នក ចាប់​ពី​ពេល​នេះ និង​រហូត​ត​ទៅ។ ហើយ​ខ្ញុំ​បាន​និយាយ​ដូច្នោះ​ហើយ។ អាម៉ែន៕