ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០១៧
ពួក​ព្យាការី ភាព​ជា​អ្នក​ដឹកនាំ និង​ក្រឹត្យវិន័យ​របស់​ព្រះ


ពួក​ព្យាការី ភាព​ជា​អ្នក​ដឹកនាំ និង​ក្រឹត្យវិន័យ​របស់​ព្រះ

រាត្រី​ជួប​ជាមួយ​ប្រធាន រ័សុល អិម ណិលសុន

ការប្រជុំធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក • ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០១៧ • សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់

ក្មួយៗ​ជា​ទីស្រឡាញ់ ​ខ្ញុំ​សូម​នាំ​យក​ការ​គោរព​ស្រឡាញ់​ដល់​ក្មួយ​មក​ពី​គណៈ​ប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ យើង​សូម​អរគុណ​ដែល​បងប្អូន​បាន​ចូល​រួម​នឹង​យើង​នា​រាត្រី​នេះ ហើយ​រៀបចំ​ចិត្ត​គំនិត​ទទួល​ការ​បង្រៀន​ខាង​វិញ្ញាណ ។1

ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៦ កាល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​បងប្អូន​នៅ​ក្នុង​ការ​ប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​នេះ ខ្ញុំ​បាន​ជួប​នឹង​បងប្អូន​ជា​ច្រើន​កាល​ខ្ញុំ​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ហ្វីលីពីន ចិន កាណាដា អង់គ្លេស វេល អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និង​តំបន់​ជាច្រើន​ក្នុង​សហរដ្ឋ​អាមេរិក ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន ខ្ញុំ និង​អែលឌើរ អិម រ័សុល បាឡឺដ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​មាន​បទពិសោធន៍​មួយ​ដែល​ពុំ​អាច​បំភ្លេច​បាន កាល​យើង​បាន​ទៅ បាធិន រ៉ច ល្វីស៊ីអាណា ដើម្បី​ទៅ​ជួប​នឹង​ប្រជាជន​នៅ ទី​នោះ ក្រោយ​ពី​គ្រោះ​ទឹក​ជំនន់​មួយ ។ នៅ​ថ្ងៃ​អាទិត្យ​យើង​ម្នាក់ៗ​បាន​ធ្វើ​នូវ​ការ​ប្រជុំ​សាក្រាម៉ង់​ដ៏​ធំ​ចំនួន​បួន—ការ​ប្រជុំ​មួយ​គឺ​សម្រាប់​ជន​រងគ្រោះ ហើយ​បី​ផ្សេង​ទៀត​សម្រាប់​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មក​ពី​រដ្ឋ​ជាច្រើន​ដើម្បី​ជួយ​ដល់​ការ​បោស​សម្អាត ។ រូបថត​ទាំងនេះ​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ក្រុម​ជំនុំ​នា​ថ្ងៃ​សម្រាក​ទាំងនោះ​ដែល​មាន​មនុស្ស​រាប់​រយ​នាក់​ពាក់​អាវ​យឺត​ដែល​ស្លាក​ដៃ​ជំនួយ​មរមន ។

សូម​កត់​ចំណាំ​ពី​ទឹក​មុខ​រីករាយ​នៃ​យុវជន​ដែល​ចេញ​ពី​ផ្ទះ បស់​ពួកគេ​មក​ជួយ​ពួក​អ្នក​ជិត​ខាង​ដែល​ពួក​គេ​ពុំ​ស្គាល់ នៅ​កណ្ដាល​ថ្ងៃ​ក្ដៅ​ហួត​ហែង​នៅ​Louisiana ហើយ​ដែល​បាន​ផ្អាកធ្វើ​ការ​នៅ​ថ្ងៃ​សម្រាក​ដើម្បី​ថ្វាយ​បង្គំ​ព្រះអម្ចាស់ ។ កាល​ខ្ញុំ​មើល​ទៅ​ក្រុម​ជំនុំ ទៅ​ក្រុម​ជំនុំ​នៃ​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ដ៏​អស្ចារ្យ​នោះ ភាគច្រើន​មាន​វ័យ​ស្របាល​នឹង​ក្មួយ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​មើល​ទៅ​បុរស​ស្ត្រី​ដែល​មិនយូរ​ប៉ុន្មាន​នឹង​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ​នេះ ។

ដូច្នេះ​នា​រាត្រី​នេះ កាល​ខ្ញុំ​ស្រមៃ​មើល​ក្មួយ​ជួបជុំ​គ្នា​នៅ​ទូទាំង​ពិភពលោក ខ្ញុំ​ចង់គូស​បញ្ជាក់ ហើយ​និយាយ​ពី​អារម្មណ៍​នោះ ។ ក្មួយៗ គឺ​ជា គឺជា​ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​នា​ពេល​អនាគត ! តើ​ក្មួយ​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ទទួល​យក​ភាព​ជា​អ្នក​ដឹកនាំ​នោះ ?

កាល​ខ្ញុំ​និយាយ​ទៅ​កាន់​ក្មួយ​នៅ​ឆ្នាំ​មុន ខ្ញុំ​បាន​សំណូម​ពរ​ឲ្យ​ក្មួយ​ក្រោក​ឡើង​ធ្វើ​ជា​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្ស​ដែល​ក្មួយ​រស់​នៅ ។ ក្មួយ​ត្រូវ​ជួយ​រៀបចំ​ពិភពលោក​នេះ​ការ​គ្រង​រាជ្យ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ជួយ​ប្រមូល​ពួក​រើស​តាំង​មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​ដែល​ជ្រើស​ធ្វើ​ដូច្នេះ​អាច​ទទួល​បាន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​រាល់​ពរជ័យ​នៃ​ដំណឹងល្អ ។ រាត្រី​នេះ ខ្ញុំ​ចង់​និយាយ ទៅ​កាន់​ក្មួយៗ​ពីរបៀប ក្មួយ​អាច​រៀបចំ​ខ្លួន ។

ទីមួយ ផ្ដោត​លើ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​របស់​ក្មួយ ។ សូម​អនុវត្ត​អារម្មណ៍​ដែល​ក្មួយ​មាន កាល​ក្មួយ​បាន​ឮ​ពី​ការ​ពិត ទាំង​បួន​អំពី​ស្នេហា និង​អាពាហ៍​ពិពាហ៍​របស់​« អ្នក​មីង​វេនឌី » ។

ការ​ទទួល​ខុស​ត្រូវ​របស់​ក្មួយ​ចំពោះ​ព្រះអម្ចាស់​ដើម្បី​ជួយ​ប្រមូល​ពួក​រើស​តាំង​ចេញ​ពី​ភាព​វឹកវរ​ខាង​សីលធម៌ និង​ឥទ្ធិពល​នៃ​អំពើ​បាប​នៅ​សម័យ​យើង​គឺ​ការ​ទទួល​ខុស​ត្រូវ​ដ៏ ធំ ។ លូស៊ីហ្វើរ និង​ពួក​បាវ​បម្រើ​របស់​វា​កំពុង​ប្រើ​បច្ចេកវិទ្យា និង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្រប់​ទម្រង់ ដើម្បី​ផ្សាយ​ពាក្យ​កុហក​អំពី​ជីវិត និង ប្រភព​ពិត​នៃ​សុភមង្គល ។ ដូច្នេះ ដើម្បី​ធ្វើ​កិច្ចការ​របស់​ក្មួយ​នៅ​លើ​ផែនដី​បាន វា​នឹង​ត្រូវ​តម្រូវ​ឲ្យ​មាន​នៅ​រាល់​ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​បំផុត​ដែល​ជំនាន់​ក្មួយៗ​មាន ។

ជា​ភ័ព្វ​សំណាង​ណាស់ យើង​មាន​គំរូ​ដ៏​ល្អ​វិសេស​ជាច្រើន​ដើម្បី​ធ្វើ​តាម ។ កាល​ពិភព​លោក​នេះ​មើល​ទៅ​សមត្ថភាព​ជា​អ្នក​ដឹកនាំ​របស់​បុរស​ស្ត្រី​សំខាន់ៗ​ដូចជា ណាប៉ូឡេអុង ចូន​អហ្វ អាក ចច វ៉ាស៊ីង​តោន ម៉ាហាត់ម៉ា ហ្គានធី អ្នក​ម្ដាយ ថេរេសា និង​មនុស្ស​ផ្សេង​ទៀត ខ្ញុំ​ជឿ​ថា ថ្នាក់​ដឹកនាំ​ដ៏​ល្អ​បំផុត​ដែល​ធ្លាប់​រស់​នៅ​លើ​ផែនដី​នេះ​គឺ​ជា​ពួក​ព្យាការី​របស់​ព្រះ ។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មាន​បុរស ១៦ រូប​ត្រូវ​បាន​ព្រះអម្ចាស់​ជ្រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​របស់​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ—ជា​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ផែនដី នេះ ។ ក្នុង​ចំណោម​បុរស​ទាំង​ ១៦ រូប​នោះ ខ្ញុំ​បាន​ស្គាល់ ១០ រូប ។ ( វា​ប្រាប់​ច្រើន​អំពី​វ័យ​របស់​ខ្ញុំ​ជាង​អ្វីៗ​ផ្សេង​ទៀត ។ ចូរ​យើង​គិត បែប​នេះ​ថា ខ្ញុំ​លែង​ទិញ​ផ្លែ​ចេក​ខ្ចី​ទៀត​ហើយ ) ។

ឥឡូវ​នេះ ប្រសិន​បើ​ក្មួយ​ស្រឡាញ់​ការ​ក្រោក​ឡើង​ជា​បុគ្គល​ម្នាក់​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្ស ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​ក្មួយ​សិក្សា​ពី​ជីវិត និង​ការ​បង្រៀន​របស់​ពួក​ព្យាការី​របស់​ព្រះ​ទាំង ១៦ រូប​នេះ ។2 ការ​សិក្សា​នោះ​នឹង​ផ្លាស់​ប្ដូរ ជីវិត ​របស់​អ្នក ។ សូម​ឲ្យ​ខ្ញុំ​ចែកចាយ​នូវ​គោលការណ៍​ភាព​ជា​អ្នក​ដឹកនាំ​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​រៀន​ពី​ពួក​លោក​បាន​ទេ ?

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ប្រធាន​ទី ១០ របស់​សាសនាចក្រ បាន​រស់​នៅ​រំលេង​ពីរ​បី​ផ្ទះ​ពី​ផ្ទះ​របស់​ខ្ញុំ​កាល​ពី​ក្មេង ។ កូន​ប្រុស​ពីរ​នាក់​របស់​លោក​ដែល​ក្មេង​ជាង​គេ​គឺជា​មិត្ត​របស់​ខ្ញុំ ។ ជា​រឿយៗ ពួកគេ​បាន​អញ្ជើញ​ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ។

ប្រធាន ស្ម៊ីធ គឺជា​ប្រធាន​របស់​សាសនាចក្រ​នៅ​ឆ្នាំ ១៩៧១ កាល​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប្រធាន​ទូទៅ​នៃ​សាលា​ថ្ងៃ​អាទិត្យ ។ ក្រោយ​មក​ទៀត​នៅ​ឆ្នាំ​នោះ កាល​ភរិយា​មុន​របស់​ខ្ញុំ ដាន់ហ្សេល និង​ខ្ញុំ​បាន​អប​ដំណើរ​លោក​ទៅ​សន្និសីទ​តំបន់​លើក​ទីមួយ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង មេនឆេស្ទើរ ប្រទេស​អង់គ្លេស ខ្ញុំ​បាន​សម្គាល់​ឃើញ​មេរៀន​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាព កាល​ប្រធាន ស្ម៊ីធ​បាន​សុំ​ការ​រាយការណ៍​មក​ពី​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ដែល​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​បន្ទប់​តូច​មួយ​ពី​មុន​សន្និសីទ​នោះ ។

បន្ទាប់​ពី​គ្រប់​គ្នា​បាន​រាយការណ៍​រួច ប្រធាន​ស្ម៊ីធ បាន​ឈរ​ដោយ​ភាព​ថ្លៃ ថ្នូរ​ជា​ប្រធាន អញ្ជើញ​ពួក​គេ​រៀន​មក​ពី​ប្រាជ្ញា​របស់​លោក​ដែល​មាន​វ័យ ៩៤ ឆ្នាំ ជា​ជាង​ប្រើ​អំណាច​ផ្ដាច់​ការ កាល​លោក​បង្ហាញ​ក្ដី​ស្រឡាញ់ និង​ក្ដី ប្រាថ្នា​ដ៏​ស្មោះ​ចង់​ជួយ​ដល់​ពួកគេ ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​អំណាច​នៃ​ថ្នាក់​ដឹកនាំ​រូប​នេះ​ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់ និង​ការ​ជឿជាក់​លើ​មនុស្ស​របស់​លោក ។ បន្ទាប់​ពី​សន្និសីទ​តំបន់​នោះ កាល​យើង​បាន​សរសើរ​ប្រធាន ស្ម៊ីធ​ពី​សារលិខិត​ដ៏​ល្អ​បំផុត​របស់​លោក លោក​បាន​តប​យ៉ាង​សាមញ្ញ​ថា « ខ្ញុំ​មិន​បាន មក​ទី​នេះ​ដើម្បី​បរាជ័យ​នោះ​ទេ » ។3

លោក​បាន​ជំនឿ​ថា ព្រះអម្ចាស់​នឹង​ដឹកនាំ​កិច្ចការ​ទាំងនោះ កាល​ប្រធាន​ស្ម៊ីធ​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដោយ​អំណាច​របស់​លោក​ដើម្បី​ជំរុញ​ដល់​កិច្ចការ​នោះ ។ ជំនឿ ការ​អធិស្ឋាន ការ​សិក្សា និង​ការ​ខិតខំ​ធ្វើ​ការ​គឺជា​ការ​រួម​ផ្សំ​គ្នា​មួយ​ដ៏​មាន​ជោគជ័យ ។ ដូច​ជា​ប្រធាន​ស្ម៊ីធ ពុំ​បាន​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​បាន​ភាព​បរាជ័យ​ដែរ ព្រះវរបិតា​យើង​បាន​បញ្ជូន​ក្មួយ​មក​ផែនដី​នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​នេះ​ពុំ​មែន​ឲ្យ​បរាជ័យ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ​ដើម្បី​ទទួល​បាន​ជោគជ័យ​—ហើយ​រក​ឃើញ​អំណរ​កាល​ធ្វើ​កិច្ចការ​នេះ ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ក្លាយ​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ  កាល​ប្រធាន ចច អ័លប៊ើត ស៊្មីធ បាន​ហៅ​អែលឌើរ ប៊ែនសឹន នៅ​ពេល​នោះ ឲ្យ​គ្រប់​គ្រង​បេសកកម្ម​នៅ​អ៊ឺរ៉ប នៅ​ខែ ធ្នូ ឆ្នាំ​១៩៤៥ ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ។ ស្ថានភាព​នៅ​ទីនោះ​មាន​សភាព​ធ្ងន់ធ្ងរ ។ ក្នុង​បេសកកម្ម​ដោយ​ក្ដី ស្រឡាញ់​មួយ​រយៈ​ពេល​ ១០ ខែ​ដល់​សមាជិក​ដែល​ជីវិត​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម អែលឌើរ ប៊ែនសឹន បាន​ធ្វើ​ដំណើរ​ទៅ​ទូទាំង​ប្រទេស​អាល្លឺម៉ង់ ប៉ូឡូញ ឆែកូស្លូវ៉ាគី និង​តំបន់​ស្កាន់ឌីណាវៀ ចែកចាយ​អាហារ សម្លៀក​បំពាក់ និង​សម្ភារ​គ្រែ​ដេក​ដល់​ពួក​បរិសុទ្ធ​ដែល​រងទុក្ខ ។4 លោក​បាន​ជួប​នឹង​រឿង​ប្លែកៗ​ដែល​ទំនង​ជា​មិន​អាច​យក​ឈ្នះ​បាន​ម្ដង​ហើយ​ម្ដង​ទៀត ។ ប៉ុន្តែ​លោក​បាន​បង្ហាញ​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​« ជំនឿ​ដ៏​ក្លាហាន​លើ​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ » ។5

សែ​សិប​ឆ្នាំ​ក្រោយ​មក នៅ​ខែ​វិច្ឆិកា ឆ្នាំ ១៩៨៥ ប្រធាន ប៊ែនសឹន នៅ​ពេល​នោះ​ទើប​បាន​តែង​តាំង​ជា​ប្រធាន​របស់​សាសនាចក្រ បាន​ចាត់​ខ្ញុំ​ជា​សមាជិក​ក្មេង​ខ្ចី​ម្នាក់​នៃ​ពួក​ដប់​ពីរ​នាក់​ឲ្យ​ចាប់​ផ្ដើម​ផ្សាយ​ដំណឹង​ល្អ​ទៅ​កាន់​តំបន់​អ៊ឺរ៉ុប​ភាគ​ខាង​កើត ដែល​នៅ​ពេល​នោះ ស្ថិត​នៅ ក្រោម​នឹម​នៃ​លទ្ធិ​កុម្មុយនីស្ដ ។

ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​កិច្ចការ​ដ៏​ធំ​មួយ​បែប​នេះ ឡើយ ប៉ុន្តែ​ប្រធាន ប៊ែនសឹន​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​នេះ​មុន​ឆ្នាំ​ទៅ​ទៀត ។ តើ​ខ្ញុំ​មិន​ធ្វើ​នូវ​កិច្ចការ​ដែល​លោក​បាន​ធ្វើ​យ៉ាង​ម៉េច​បាន ? គំរូ​របស់​លោក​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​អធិស្ឋាន ហើយ​ខិតខំ​ធ្វើ​ការ​តាម​លទ្ធភាព​របស់​ខ្ញុំ រួច​ហើយ​មើល​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់​នៅ​ចាំ​ជួយ ។6

កាល​យើង​ណា​ម្នាក់​មាន​នូវ​ការ​ថប់​បារម្ភ យើង​អាច​រៀន​ច្រើន​មក​ពី​ប្រធាន​ប៊ែនសឹន ។ លោក​បាន​បម្រើ យ៉ាង​សកម្ម ជា​សាវក និង​ជា​លេខា​ខាង​វិស័យ​កសិកម្ម​នៅ​ក្នុង​គណៈរដ្ឋ​មន្ត្រី​របស់​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក ឈ្មោះ ដ្វាយ ឌី អ៊ីសេនហូវើរ ។

តើ​លោក​គ្រប់​គ្រង​បែប​ណា ? នេះ​ជា​ពាក្យពេចន៍​របស់​លោក ៖ « ខ្ញុំ​ខិតខំ​ធ្វើ​ការ​តាម​លទ្ធភាព​ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដោយ​អំណាច​របស់​ខ្ញុំ ។ ហើយ​ខ្ញុំ​ព្យាយាម​គោរព​ព្រះបញ្ញត្តិ ។ បន្ទាប់​មក ខ្ញុំ​ឲ្យ​ព្រះអម្ចាស់​បំពេញ​បង្គ្រប់​នូវ​អ្វី​ដែល​សេសសល់ » ។7 ពាក្យ​ពេចន៍​ទាំងនេះ គឺជា​ពាក្យ​ពេចន៍​ដែល​ត្រូវ​ធ្វើ​តាម ។

ប្រធាន ហិនរី ប៊ី ហ៊ិងគ្លី គឺជា​អ្នក​ដឹកនាំ​ដ៏​ស្វាហាប់​មួយ​រូប​ដែល​ការ​បង្ហាត់​បង្រៀន​របស់​លោក​នៅ​ក្នុង​ការ​ដឹកនាំ​សាសនាចក្រ​មាន​ភាព​វិសេស​វិសាល ។ ពី​មុន​លោក​បម្រើ​ជា​ប្រធាន​ទី ១៥ របស់​សាសនាចក្រ លោក​គឺជា​ទីប្រឹក្សា​ម្នាក់​របស់​ប្រធាន​កាល​ពី​មុន​ចំនួន​បី​រូប ។ កាល​នៅ​ជា​យុវជន​ម្នាក់​ក្រោយ​ពី ​លោក​​បាន​ត្រឡប់ fមក​ពី​បេសកកម្ម​របស់​លោក​នៅ​ប្រទេស​អង់គ្លេស លោក​បាន​បម្រើ​ការ​ងារ​ក្នុង​សាសនាចក្រ​ក្នុង​តំណែង​ជា​ច្រើន ហើយ​តែង​តែ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ។ លោក​ត្រូវ​បាន​សុំ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​សំខាន់ៗ​ម្ដង​ហើយ​ម្ដង​ទៀត ។ ឧទាហរណ៍ ប្រធាន ដេវីឌ អូ មិកឃេ បាន​ចាត់​បងប្រុស ហ៊ិងគ្លី ឲ្យ​កំណត់​របៀប​ថត​ជា​ខ្សែ​វីដេអូ​អំពី​ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ​ដើម្បី​យក​ទៅ​បកប្រែ​បំពេញ​ដល់​សេចក្ដី​ត្រូវការ​របស់​សាសនាចក្រ​នៅ​ប្រទេស​ផ្សេង​ទៀត ។

ប្រធាន ហ៊ិងគ្លី គឺជា​អ្នក​ទាក់​ទង​ម្នាក់ ដ៏​ជំនាញ ។ លោក​និយាយ​នឹង​មនុស្ស​គ្រប់​គ្នា​តាំង​ពី​អ្នក​សារព័ត៌មាន​ជើង​ចាស់​រហូត​ដល់​ពួក​អ្នក​ដឹកនាំ​ក្នុង​ពិភពលោក​ដោយ​ភាព​ជឿ​ជាក់​អំពី​ដំណឹងល្អ ។ ខ្ញុំ​បាន​ឃើញ​របៀប​ដែល​លោក​បាន​បន្ទន់​ចិត្ត​លោក មិកហេល ហ្គ័របាឆេវ អតីត​ប្រធានាធិបតី​សហភាព​សូវៀត ដែល​ដំបូង​ទទូច​ពុំ​ព្រម​ជួប​នឹង​ប្រធាន ហ៊ិងគ្លី​នៅ​ក្នុង ការិយាល័យ របស់​លោក ។ ផ្ទុយ​ទៅ​វិញ លោក ហ្គ័របាឆេវ ចង់​ឲ្យ​ប្រធាន​ហ៊ិងគ្លី​មក​ជួប​នៅ​បន្ទប់​សណ្ឋាគារ​របស់ ហ្គ័របាឆេវ ។ ប៉ុន្តែ​កាល​ពួកលោក​បាន​ជួប​គ្នា​នៅ​ទីស្នាក់​ការ​កណ្ដាល​របស់​សាសនាចក្រ ប្រធាន ហ៊ិងគ្លី​បាន​ចង្អុល​បង្ហាញ​ពី​ប្រភេទ​បន្ទះ​ឈើ​ម្យ៉ាង​នៅ​ក្នុង​បន្ទប់​ក្រុម​ប្រឹក្សា​របស់​គណៈប្រធាន​ទីមួយ ។ កាល​ប្រធាន ហ៊ិងគ្លី ប្រាប់​លោក ហ្គ័របាឆេវ ពី​កន្លែង​ដែល​យក​ឈើ​នោះ​មក លោក​ហ្គ័របាឆេវ បាន​មាន​ការ​ភ្ញាក់​ផ្អើល ! ឈើ​នោះ​មក​ពី​ភូមិភាគ​នៃ​ស្រុក​កំណើត​របស់​គាត់​នៅ​ប្រទេស​រុស្សី !8 ឥរិយាបថ​របស់​គាត់​ចាប់​ផ្ដើម​មាន​ភាព​ស្និទ្ធស្នាល​មួយ​រំពេច ។

ប្រធាន ហ៊ិងគ្លី ជា​បុគ្គល​ដែល​មាន​ភាព​សុទិដ្ឋិនិយម​ជានិច្ច វា​កើត​ចេញ​ពី​ជំនឿ​ទាំង​ស្រុង​របស់​លោក​ទៅ​លើ​ព្រះអម្ចាស់ ។ អំឡុង​ពេល​ជិត ១៣ ឆ្នាំ​ក្នុង​នាម​ជា​ប្រធាន​របស់​សាសនាចក្រ លោក​បាន​ដឹកនាំ​សាសនាចក្រ​ឆ្លង​កាត់​គ្រា​ដ៏​អស្ចារ្យ​មួយ​នៃ​ការ​បង្កើត​ថ្មី រួម​មាន​ប្លង់​នៃ​ព្រះវិហារ​បរិសុទ្ធ​តូចៗ អគារ​នៃ​មជ្ឈមណ្ឌល​សន្និសីទ ការ​ប្រកាស​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ៧៩ កន្លែង និង​ការ​ឧទ្ទិស​ឆ្លង ឬ​ការ​ឧទ្ទិស​ឆ្លង​ឡើង​វិញ​នៃ​ព្រះវិហារ​បរិសុទ្ធ​ចំនួន ៩៥ ក្នុង​ចំណោម​ព្រះវិហារ​បរិសុទ្ធ ១២៤ កន្លែង​ដែល​កំពុង​ដំណើរ​ការ​នៅ​ពេល​នោះ ។ ទស្សនៈវិស័យ​របស់​ប្រធាន​ហ៊ិងគ្លី និង​អ្វី​ដែល​លោក​រំពឹង​ឲ្យ​ខ្លួន​លោក​ធ្វើ​ដោយសារ​តែ​ទស្សនៈវិស័យ​នោះ គឺ​គ្មាន​ដែន​កំណត់​ឡើយ ។

ប្រធាន ហ៊ិងគ្លី​គឺជា​អ្នក​ជំនាញ​ម្នាក់​ខាង​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។ លោក​ក៏​ជា​អ្នក​មើល​ឆុត​ផង​ដែរ ។ ហេតុ​ដូច្នេះ​ហើយ លោក​ពុំ​ខ្លាច​ក្នុង​ការ​ប្រកាស​ពី​អនាគត​ឡើយ ។ សូម​ស្ដាប់​ប្រសាសន៍​របស់​លោក ៖ « បុព្វហេតុ​នេះ​[ នៃ​ព្រះគ្រីស្ទ ]​នឹង​បន្ត​ឆ្ពោះ​ទៅ​មុខ​ក្នុង​មហិទ្ធានុភាព និង​ព្រះចេស្ដា​ដើម្បី​បំពេញ​ផែនដី​នេះ ។ ទ្វារ​ទាំងឡាយ​ដែល​បាន​បិទ​ចំពោះ​ការ​ផ្សាយ​ដំណឹងល្អ​នា​ពេល​នេះ​នឹង​ត្រូវ​បើក​ឡើង ។ ប្រសិន​បើ​ចាំបាច់ ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​អាច​នឹង​ត្រូវ​ធ្វើ​ឲ្យ​ប្រជាជាតិ​នានា​រង្គោះ​រង្គើ​ដើម្បី​ឲ្យ​ពួកគេ​បាន​រាបសា​ស្ដាប់​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។ អ្វី​ក៏​ដោយ​ដែល​រឿង​ចាំបាច់​វា​នឹង​កើត​មាន​ឡើង » ។9

ឥឡូវ​នេះ ប្រធាន ថូម៉ាស  អេស ម៉នសុន គឺជា​ព្យាការី​នៅរស់​របស់ព្រះអម្ចាស់​នៅ​លើ​ផែនដី​នេះ ។ យើង​ស្រឡាញ់ គាំទ្រ ហើយ​អធិស្ឋាន​ឲ្យ​លោក​ជា​ខ្លាំង ! ហើយ​យើង​ក៏​រៀន​ពី​លោក​ច្រើន​ដែរ ! សូម​គិត​ពី​រឿង​នេះ ។ លោក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​ក្នុង​វ័យ ២២ ឆ្នាំ ។ វួដ​របស់​លោក​មាន​ស្ត្រី​មេម៉ាយ​ចំនួន ៨០ នាក់ ។ លោក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​សាវក​ក្នុង​វ័យ ៣៦ ឆ្នាំ ។ ប្រធាន​ម៉នសុន​រស់​នៅ​តាម​បាវចនា​ថា « ប្រសិន​បើ​ព្រះអម្ចាស់​ត្រូវ​ការ​សម្រេច​រឿង​អ្វី​មួយ ខ្ញុំ​ចង់​ឲ្យ​ទ្រង់​ដឹង​ថា ទ្រង់​អាច​ទុក​ចិត្ត​លើ​ថម ម៉នសុន ឲ្យ​ធ្វើ​កិច្ចការ​នោះ​បាន » ។10

លោក​បាន​បង្ហាញ​យើង​ពី​របៀប​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ម្នាក់ ។ លោក​បាន​បង្រៀន​យើង​តាមរយៈ​គំរូ​ថា ការ​មើល​ថែ​មនុស្ស​តែង​តែ​ជា​រឿង​សំខាន់​ជាង​ការ​គ្រប់​គ្រង​ពេលវេលា ឬ​ការ​ប្រជុំ ឬ​កាលវិភាគ​នានា​ជានិច្ច ។

ពេញ​មួយ​ជីវិត​របស់​លោក ប្រធាន ម៉នសុន​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​តាម​ផ្លូវ​ខុសៗ​គ្នា​ជារឿយៗ ក្រោយ​ពី​បញ្ចប់​ការ​ងារ​ដ៏​ច្រើន​មក ។ ពេលខ្លះ​លោក​បាន​ឈប់​នៅ​ឯ​មន្ទីរ​ពេទ្យ​ដើម្បី​លួងលោម​ដល់​ជន​ដែល​មាន​ទុក្ខ​ព្រួយ ។ នៅ​ថ្ងៃ​ផ្សេង​ទៀត លោក​បាន​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​គ្រួសារ​មួយ​ចំនួន ។ ជា​រឿយៗ ការ​គោះទ្វារ​ដោយ​ពុំ​បាន​រំពឹង​ទុក​របស់​លោក​បាន​ជួប​នឹង​បុគ្គល​ម្នាក់​ដែល​ពោរពេញ​ដោយ​ការ​ទួញ​សោក ហើយ​ពោល​ឡើង​ដូចជា « តើ​លោក​ដឹង​យ៉ាង​ម៉េច​បាន​ទៅ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​គម្រប់​ខួប​នៃ​ការ​ស្លាប់​របស់​កូនស្រី​យើង ? » ឬ « តើ​លោក​ដឹង​យ៉ាង​ម៉េច​បាន​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​កំណើត​ខ្ញុំ ? »

ពេល​មួយ​ជីវិត​របស់​លោក ប្រធាន ម៉នសុន​បាន​បង្ហាញ​ជា​បន្ត​បន្ទាប់​នូវ​គុណ​សម្បត្តិ​សំខាន់ៗ​ចំនួន​ពីរ​ដែល​ធ្វើ​ឲ្យ​ពួក​ព្យាការី​នៃ​ព្រះ​គឺជា​ពួក​អ្នក​ដឹកនាំ​ដែល​អស្ចារ្យ ៖ ទីមួយ លោក​បាន​បង្ហាញ​គំរូ​ពី​ព្រះបញ្ញត្តិ​ដ៏​ធំ​ទីមួយ និង​ទីពីរ—ស្រឡាញ់​ព្រះ​អស់​ពី​ព្រលឹង​យើង ហើយ​ស្រឡាញ់​ពួក​អ្នក​ជិតខាង​យើង កូនចៅ​របស់​ព្រះ ដូចជា​យើង​ស្រឡាញ់​ខ្លួន​ឯង ។ ហើយ​ទីពីរ ព្យាការី​គ្រប់​រូប​ដឹង​ពី​របៀប​ទទួល​វិវរណៈ ហើយ​ឆ្លើយ​តប​ភ្លាមៗ​ពេល​វា​មក​ដល់ ។ ប្រធាន ថូម៉ាស  អេស ម៉នសុន គឺជា​តំណាង​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​សុចរិត ។

ពួក​ព្យាការី​របស់​ព្រះ​មាន​គុណលក្ខណៈ​ជាច្រើន​ដែល​ដូច​គ្នា ។ គុណ​លក្ខណៈ​មួយ​គឺ​ថា ព្យាការី​មួយ​រូបៗ​យល់​ពី​សារៈសំខាន់​នៃ​ក្រឹត្យវិន័យ​របស់​ព្រះ ។ ចំណេះ​ដឹង​នៃ​ក្រឹត្យវិន័យ​របស់​ព្រះ និង​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​សុចរិត ហើយ​មាន​ប្រសិទ្ធភាព​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា ។ កាល​ណា​ក្មួយៗ​អាច​ដឹង​ក្រឹត្យវិន័យ​របស់​ព្រះ​កាន់តែ​ច្រើន—ហើយ​សំខាន់​បំផុត​គឺ​របៀប​រស់​នៅ​តាម​វា—នោះ​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​សុចរិត​របស់​ក្មួយ​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ។

កាល​ខ្ញុំ​ជា​និស្សិត​វ័យ​ក្មេង​ផ្នែក​វេជ្ជសាស្ត្រ ការ​សិក្សា​ដ៏​ម៉ឺងម៉ាត់​របស់​ខ្ញុំ​ពី​រូបកាយ​មនុស្ស​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។ ហើយ​កាល​ខ្ញុំ​បាន​ដឹង​ថា រូបកាយ​គឺជា​ការ​បង្កបង្កើត​របស់​ព្រះ ខ្ញុំ​កាន់​តែ​ចង់​ដឹង​ឮ​ពី​ក្រឹត្យវិន័យ​របស់​ព្រះ​ដែល​គ្រប់​គ្រង​មុខងារ​នៃ​រូបកាយ ។ តាមរយៈ​ការ​ស្រាវជ្រាវ​ក្នុង​បន្ទប់​ពិសោធន៍​ដ៏​ធំ ក្រោយ​មក​ទៀត​ខ្ញុំ​បាន​ដឹង​ថា ក្រឹត្យវិន័យ​នោះ​គ្រប់​គ្រង​ដោយ​ចង្វាក់​បេះដូង ។ លើស​ពី​នេះ​ទៀត ខ្ញុំ​បាន​ដឹង​ថា ចង្វាក់​បេះ​ដូង​អាច​ឈប់​បណ្ដោះ​អាសន្ន​ដោយ​សុវត្ថិភាព ដើម្បី​សម្រួល​ដល់​ការ​វះកាត់​ដ៏​ធំ ។ ការណ៍​នេះ​អាច​ធ្វើ​ឡើង​ដោយ​ផ្លាស់ប្ដូរ​អត្រា​សូឌីយ៉ូម/ប៉ូតាស្យូម​នៅ​ក្នុង​ឈាម​ដែល​បាន​ផ្ដល់​ទៅ​ឲ្យ​បេះដូង ។ ក្រោយ​មក​ទៀត កាល​បេះដូង​បាន​ចិញ្ចឹម​បី​បាច់​ដោយ​ឈាម​ដែល​មាន​អត្រា​សូឌីយ៉ូម/ប៉ូតាស្យូម ធម្មតា បេះដូង​នឹង​លោត​ធម្មតា​ម្ដង​ទៀត ។ ការ​រកឃើញ​ទាំងនេះ​បាន​បង្ហាញ​ជា​ការ​អាច​ទាយ​ទុក​បាន អាច​ទុកចិត្ត​បាន ហើយ​អាច​ធ្វើ​ម្ដង​ទៀត​បាន ។

ថ្មីៗ​នេះ​ ខ្ញុំ​មាន​ឱកាស​ពន្យល់​បញ្ហា​នេះ​ទៅ​ថ្នាក់​មួយ​ខាង​សាលា​វេជ្ជសាស្ត្រ ។ សាស្ត្រាចារ្យ​ដ៏​មាន​ចំណេះ​ជ្រៅ​ជ្រះ​ម្នាក់​ដែល​បាន​ធ្វើ​បទបង្ហាញ​បាន​សួរ​ខ្ញុំ​ថា « ចុះ​បើ​វា​មិន​ដំណើរ​វិញ ? » ខ្ញុំ​បាន​តប​ថា « វា​ដំណើរ​ការ ជានិច្ច ! វា​ដំណើរ​ការ​ស្រប​តាម​ក្រឹត្យវិន័យ​របស់​ព្រះ » ។

ក្រឹត្យវិន័យ​របស់​ព្រះ​មាន​ភាព​ពិត​ប្រាកដ ។ ក្រឹត្យវិន័យ​របស់​ព្រះ​មិន​អាច​បដិសេធ ឬ​ប្រកែក​បាន​ឡើយ ។ ហើយ​កាល​ក្រឹត្យវិន័យ​របស់​ព្រះ​ត្រូវ​បាន​គោរព​តាម នោះ​ពរជ័យ​ដែល​ពាក់ព័ន្ធ កើត​មាន​ឡើង ជានិច្ច ! ពរជ័យ​នានា​តែង​ផ្អែក​ទៅ​លើ​ការ​គោរព​ដល់​ក្រឹត្យវិន័យ​ដែល​ត្រូវ​អនុវត្ត ។11

ទស្សនៈ​របស់​មនុស្ស​អំពី ជីវិត​អាច​ពន្យល់​បាន —សេចក្ដី​ពិត​នោះ​គឺជា​បទពិសោធន៍​អត្តនោម័ត៌​តែ​ប៉ុណ្ណោះ—ក្រឹត្យវិន័យ​គឺជា​ច្បាប់ ! សេចក្ដី​ពិត​របស់​ព្រះ​គឺ​មាន​ពិត​ប្រាកដ​មែន ! អ្វី​ដែល​ព្រះ​មាន​បន្ទូល​ថា ត្រឹមត្រូវ គឺ​វា ត្រឹមត្រូវ ! ហើយ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​ថា​ខុស គឺ​វា ខុស !

នោះ​ហើយ​ជា​ហេតុផល​ចាំបាច់​ដែល​ក្មួយ​ត្រូវ​ស្គាល់​ក្រឹត្យវិន័យ​របស់​ព្រះ ។ វា​គ្រប់​គ្រង​សាកលលោក នេះ និង​សាកលលោក​ជា​ច្រើន​ផ្សេង​ទៀត ។ កាល​ក្រឹត្យវិន័យ​របស់​ព្រះ​ត្រូវ​បាន​បំពាន នោះ​ផល​នឹង​កើត​មាន​តាម​ក្រោយ ។ ទោះ​ជា​ដួង​ចិត្ត​របស់​យើង​ឈឺចាប់​ចំពោះ​ជន​ដែល​បាន​បំពាន​ក្រឹត្យ​វិន័យ​របស់​ព្រះ​ក្ដី ក៏​ការ​ដាក់​ទោស​ត្រូវ​តែ​កើត​មាន ។ ក្រឹត្យ​វិន័យ​របស់​ព្រះ​ត្រូវ​តែ​គោរព​តាម ។

ខ្ញុំ​បាន​រៀន​ពី​រឿង​នេះ កាល​ធ្វើ​ជា​គ្រូ​ពេទ្យ​វះកាត់​ឲ្យ​ប្រធាន​ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ កាល​ម៉ាស៊ីន​ភ្ញោច​បេះដូង​របស់​លោក​ឈប់​ដំណើរ​ការ​ភ្លាម ប្រធាន ឃឹមបឹល​បាន​មក​រក​ជំនួយ​ពី​ខ្ញុំ ។ ប៉ុន្តែ​ដំបូង លោក​បាន​សុំ​ខ្ញុំ​ធ្វើ​ការ​ប្រសិទ្ធពរ​បព្វជិតភាព​មួយ​ឲ្យ​លោក ។ បន្ទាប់​ការ​ប្រសិទ្ធពរ​នោះ​មក ដែល​វា​មាន​នូវការ​សន្យា​ថា នឹង​ការ​កែតម្រូវ​ម៉ាស៊ីន​ភ្ញោច​បេះដូង​លោក​ឲ្យ​ដំណើរ​ការ​វិញ នោះ​លោក​បាន​ពោល​មក​ខ្ញុំ​ថា « ឥឡូវ​នេះ​លោក​ត្រូវ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​លោក​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​ការ​ប្រសិទ្ធពរ​ក្លាយ​ជា​ការ​ពិត » ។

ខ្ញុំ​បាន​ចាប់ផ្ដើម​ធ្វើ​ការ​វះកាត់ ។ នៅ​លើ​ខ្សែ​ផ្ដល់​អគ្គីសនី​ចេញ​ពី​ម៉ាស៊ីន​ភ្ញោច​បេះ​ដូង​នោះ ទៅ​បេះដូង​របស់​លោក ខ្ញុំ​រក​ឃើញ​មាន​ការ​ដាច់​ចេញ​ពី គ្នា ។ កាល​ខ្ញុំ​ប្ដូរ​ខ្សែ​ដែល​ខូច​នោះ​រួច ម៉ាស៊ីន​ភ្ញោច​បេះ​ដូង​បាន​ដំណើរ​ការ​ជា​ថ្មី​ភ្លាម ដោយ​ធ្វើ​ឲ្យ​បេះដូង​របស់​ប្រធាន​ឃឹម​បឹល​លោត​ដូច​ធម្មតា​វិញ ។ ក្រឹត្យវិន័យ​ដែល​ទាក់​ទង​នឹង​ការ​បញ្ជូន​អគ្គីសនី​នោះ​គឺ​មិន​អាច​មិន​អើពើ​បាន​ឡើយ សូម្បី​តែ​ព្យាការី​របស់​ព្រះ ។

ពិត​ណាស់ ប្រធាន ឃឹមបឹល គឺជា​ព្យាការី​របស់​ព្រះ ។ កាល​ខ្ញុំ​មើល​លោក​ឆ្លង​ការ​ជំងឺ​ជាច្រើន​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​បាន​សង្កេត​ឃើញ​ការ​សិក្សា​ដ៏​ឧស្សាហ៍​របស់​លោក កាល​លោក​ស្វែង​រក​វិវរណៈ នោះ​លោក​ជា​អ្នក​ប្រៀន​ប្រដៅ​ខ្ញុំ ។ សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​លោក​គឺ​ធំ​ធេង​ណាស់ !

កាល​ពិភពលោក​នេះ​ពោរពេញ​ដោយ​ភាព​មិន​ជាក់​លាក់ នោះ​សុំ​កុំ​ឲ្យ​ចិត្ត និង​គំនិត របស់​ក្មួយ មាន​នូវ​ភាព​មិន​ជាក់​លាក់​អំពី​រឿង​ពិត និង​រឿង​មិន​ពិត​ឡើយ ។ ភាព​មិន​ជាក់​លាក់​កើត​មាន​ពី​ព័ត៌មាន​អសុក្រឹត ឬ​មិន​ស្គាល់ ។ ក្នុង​នាម​ជា​សាវក​មួយ​រូប ខ្ញុំ​សុំ​អង្វរ​ដល់​ក្មួយ​ឲ្យ​រៀន​ពី​ក្រឹត្យវិន័យ​របស់​ព្រះ​ដែល​ពុំ​អាច​ផ្លាស់​ប្ដូរ​បាន ។ ចូររៀនសូត្រ​ពី​វា​ដោយសារ​ការសិក្សា និង ដោយសារ​សេចក្តី​ជំនឿ​ផង ។ នៅ​ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត វា​មាន​ន័យ​ថា« « [ ការ​រស់​នៅ ] តាម​គ្រប់​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះឱស​របស់​ព្រះ » ។12

ចូរ​អធិស្ឋាន​ឲ្យ​ដឹង​រវាង​ក្រឹត្យវិន័យ​របស់​ព្រះ និង​ទស្សនវិទ្យា​របស់​មនុស្ស រួម​បញ្ចូល​ទាំង​ល្បិច​ក្លែង​បន្លំ​ទាំងនោះ​របស់​មារសត្រូវ​ដែរ ។ នៅ គ្រប់​ពេល លូស៊ីហ្វើរ​បាន​ធ្វើ​ឧបាយកល​របស់​វា​មាន​ភាព​ល្អ​ប្រសើរ​ឡើង ។ វា​មាន​ជំនាញ​ខាង​ការ​រំខាន ការ​បក​ស្រាយ​ខុស ការ​បញ្ឆោត និង​ការ​នាំ​ដើរ​ផ្លូវ​ខុស ។ ខ្ញុំ​សុំ​អង្វរ​ក្មួយ​ឲ្យ​ជៀស​វាង​ពី​អន្ទាក់​ដ៏​ប៉ិន​ប្រសប់​របស់​វា ដូច​ជា​ក្មួយ​ជៀស​វាង​ពី​ជំងឺ​ប៉េស្ត​ដែរ !

ការ​ល្បួង​បោក​ប្រាស់​ដែល​សាតាំង​បាន​រៀបចំ​ឡើង​អាច នាំ​មក​ឲ្យ​ក្មួយ​នូវ​ទុក្ខវេទនា ការ​ជាប់​ឃុំ​ខាង​វិញ្ញាណ និង​សេចក្ដី​ស្លាប់ តែ​ប៉ុណ្ណោះ ។13 រឿង​នេះ​ពិត​នៅ គ្រប់ សម័យ​កាល ។ ផល​សោក​សៅ​នៃ​ការ​បន្ទន់​ទៅ​តាម​ការ​ទាក់​ទាញ​របស់​លូស៊ីហ្វើរ​គឺ​អាច​ទាយ​ទុក​បាន អាច​មាន​ពិត​ប្រាកដ អាច​មាន​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​អាច​សោក​ស្ដាយ​ម្ដង​ហើយ​ម្ដង​ទៀត​បាន ។

ផ្ទុយ​ទៅ​វិញ ខ្ញុំ​សុំ​សន្យា​ថា កាល​ក្មួយ​គោរព​ព្រះបញ្ញត្តិ កាល​ក្មួយ​រស់​នៅ​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់ ក្មួយ​នឹង​កាន់​តែ​មាន​សេរីភាព​ច្រើន​ឡើង ។ សេរីភាព​នេះ​នឹង​បង្ហាញ​ក្មួយ​នូវ​និស្ស័យ​ជា​ព្រះ​របស់​ក្មួយ ហើយ​ធ្វើ​ឲ្យ​ក្មួយ​បាន​ចម្រើន​ឡើង ។ ក្មួយ​នឹង​មាន​សេរីភាព​ពី​សេវកភាព​នៃ​អំពើបាប ។ ក្មួយ​នឹង​មាន​សេរីភាព​ធ្វើ​ជា​ខ្លួន​ឯង—ជា​អ្នកដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាព ហើយ​សុចរិត​ម្នាក់ ។ ក្មួយ​នឹង​ត្រៀម​ខ្លួន​ដឹកនាំ​ដោយ​ឱវាទ និង​ដោយ​គំរូ​នៅ​គ្រប់​កន្លែង​ដែល​ត្រូវការ​ក្មួយ ។ រឿង​ដ៏​រីករាយ គឺ​ថា ពរជ័យ​នៃ​ការ​គោរព​ព្រះបញ្ញត្តិ​ក៏​អាច​ទាយ​ទុក​បាន អាច​មាន​ពិត​ប្រាកដ ហើយ​អាច​មាន​ម្ដង​ហើយ​ម្ដង​ទៀត ។

ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់​ដែល​បាន​ស្ដារ​ឡើង​វិញ យើង​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ ជា​លោក​ចៅហ្វាយ​យើង គឺជា​អង្គ​ប្រៀន​ប្រដៅ​ដ៏​អស់​កល្ប​របស់​យើង ។ ក្នុង​នាម​ជា​​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្ស ក្មួយ​បាន​កើត​មក​ធ្វើ​ជា​សិស្ស​ម្នាក់​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពិតណាស់ ផ្លូវ តែ​មួយ​គត់ ដើម្បី​ធ្វើ​ជា​​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្ស​បាន​គឺ​ត្រូវ​ធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ទ្រង់ !

តើ​ក្មួយ​អាច​បង្កើន ភាព​ជា​សិស្ស​របស់​ក្មួយ​តាម​របៀប​ណា ? ខ្ញុំ​មាន​ការ​អញ្ជើញ​មួយ—តាម​ពិត​ទៅ​ វា​គឺជា​កិច្ចការ​មួយ—ដែល​វា​នឹង​ជួយ​ក្មួយ ប្រសិន​បើ​ក្មួយ​ជ្រើស​ទទួល​យក​វា ។ សូម​ចាប់​ផ្ដើម​នៅ​យប់​នេះ​ដើម្បី​ញែក​ពេល​វេលា​ខ្លះ​របស់​ក្មួយ​រាល់​សប្ដាហ៍ សិក្សា រឿង​គ្រប់​យ៉ាង ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ហើយ​បាន​ធ្វើ ដូច​ដែល​បាន​កត់ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដ្បិត​ទ្រង់​គឺជា​ព្រះយេហូវ៉ា​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ សូម​សិក្សា​ក្រឹត្យវិន័យ​របស់​ទ្រង់​ដូច​ដែល​បាន​កត់ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដ្បិត​ទ្រង់​គឺជា​ព្រះគ្រីស្ទ​នៅ​ក្នុង​ព្រះគម្ពីរ​នោះ ។ សូម​សិក្សា​គោលលទ្ធិ​របស់​ទ្រង់​ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ពីព្រោះ​គ្មាន​ព្រះគម្ពីរ​ណា​ផ្សេង​ទៀត​ដែល​បេសកកម្ម និង​ការ​ងារ​បម្រើ​របស់​ទ្រង់​ត្រូវ​បាន​បើក​សម្ដែង​យ៉ាង​ច្បាស់​ជាង​នៅ ក្នុង​ព្រះគម្ពីរ​នេះ​ឡើយ ។ ហើយ​សូម​សិក្សា​បន្ទូល​របស់​ទ្រង់​ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដ្បិត​ទ្រង់​បន្ត​បង្រៀន​រាស្ត្រ​របស់​ទ្រង់​នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួត​ត្រា​នេះ ។

កិច្ចការ​នេះ​ទំនង​ដូចជា​កិច្ចការ​ដ៏​ធំ​មួយ ប៉ុន្តែ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ក្មួយ​ឲ្យ​ទទួល​យក​វា ។ ប្រសិន​បើ​ក្មួយ​ចាប់​ផ្ដើម​រៀន ឲ្យ​អស់​ពី​លទ្ធភាព អំពី​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​សូម​សន្យា​នឹង​ក្មួយ​ថា សេចក្ដី​ស្រឡាញ់​របស់​ក្មួយ​ចំពោះ​ទ្រង់ និង​ចំពោះ​ក្រឹត្យវិន័យ​របស់​ព្រះ​នឹង​កើន​ឡើង​ហួស​អ្វី​ដែល​ក្មួយ​នឹក​ស្រមៃ​នា​ពេល​នេះ ។ ខ្ញុំ​សូម​សន្យា​នឹង​ក្មួយ​ផង​ដែរ​ថា សមត្ថភាព​របស់​ក្មួយ​ដើម្បី​ងាក​ចេញ​ឆ្ងាយ​ពី​អំពើ​បាប​នឹង​កើន​ឡើង ។ ក្ដី​ប្រាថ្នា​របស់​ក្មួយ​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​ឡើង​ដល់​កម្រិត​ខ្ពស់ ។ ក្មួយ​នឹង​រកឃើញ​ថា​ខ្លួន​ឯង​អាច​ដើរ​ចេញ​ឆ្ងាយ​ពី​ការ​កម្សាន្ត និង​ការ​ច្របូក​ច្របល់​នៃ​ជន​ដែល​រិះគន់​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសើរ​ជាង ។ ដើម្បី​ជួយ​ក្មួយ សូម​មើល​សេចក្ដី​យោង​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ​ក្រោម​ប្រធាន​បទ « ព្រះយេស៊ូវគ្រីស្ទ » ។14

ការ​សិក្សា​រឿង​គ្រប់​យ៉ាង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ គឺ តាមរយៈ​ការ​ស្វែង​រក​ការ​យល់ដឹង​ប្រកប​ដោយ​ការ​អធិស្ឋាន និង​ខ្ជាប់​ខ្ជួន​ថា ងារ និង​ព្រះនាម នីមួយៗ របស់​ទ្រង់​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ក្មួយ​ផ្ទាល់ ។ ឧទាហរណ៍ ទ្រង់​គឺ​ពិត​ជា​ព្រះ​គាំទ្រ របស់​ក្មួយ ជាមួយនឹង​ព្រះវរបិតា ។ ទ្រង់​នឹង​នៅ ខាង ក្មួយ ។ ទ្រង់​នឹង​ការពារ ក្មួយ ។ ទ្រង់​នឹង​មាន​បន្ទូល ជំនួស ក្មួយ គ្រប់​ពេល កាល ក្មួយ ជ្រើស​ប្រែ​ក្លាយ​កាន់​តែ​ដូច ទ្រង់ ។15

សូម​ស្គាល់​ទ្រង់​តាមរយៈ​ការ​សិក្សា​នូវ​អ្វីៗ​ដែល​ទ្រង់​បន្ត​បង្រៀន​តាមរយៈ​ពួក​ព្យាការី និង​ពួក​សាវក​របស់​ទ្រង់​ដែល​នៅ​រស់ ។ សូម​សិក្សា​ពី « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » ។ សូម​សិក្សា​ឯកសារ​ពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ។ ឯកសារ​ទាំង​ពីរ​នេះ​បាន​ទទួល​តាមរយៈ​វិវរណៈ ។ សូម​ផ្សាយ​វា​នៅ​លើ​អ៊ិនធើរណែត និង​ដាក់​វា​នៅ​កន្លែង​ដែល​ក្មួយ​អាច​មើល​ឃើញ​រៀង​រាល់​ថ្ងៃ ។

ពាក្យ​ពេចន៍​ដែល​​បាន​បើក​សម្ដែង​ទាំងនោះ​គឺជា​អ្វី​ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជឿ ។ សូម​អធិស្ឋាន​សូម​សាក្សី​មួយ​ដែល​បង្ហាញ​ថា​សេចក្ដី​ពិត​ទាំងនោះ​តំណាង​ឲ្យ​ក្រឹត្យវិន័យ​របស់​ព្រះ ។ សូម​រៀន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​សេចក្ដី​ពិត​ទាំងនោះ​ជា​ពាក្យ​សម្ដី​របស់​ក្មួយ​ផ្ទាល់ ។ សូម​អនុវត្ត ! បន្ទាប់​មក សូម​អធិស្ឋាន ហើយ​រក​មើល​ឱកាស​និយាយ​រឿង​ដែល​ក្មួយ​ជឿ ។ សមត្ថភាព​ដឹកនាំ និង​សមត្ថភាព​ដើម្បី​មាន​ឥទ្ធិពល​សុចរិត​របស់​ក្មួយ​នឹង​កើន​ឡើង​ កាល​ក្មួយ​ធ្វើ​រឿង​នេះ ។

នៅ​ថ្ងៃ​ខាង​មុខ ក្មួយ​នឹង​តំណាង​ឲ្យ​ខ្លួន​ឯង​នៅ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ ក្មួយ​នឹង​ថប់​បារម្ភ​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​ដោយ​បាន​នៅ​ក្នុង​វត្តមាន​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ក្មួយ​នឹង​ពិបាក​រក​ពាក្យ​ដើម្បី​ថ្លែង​អំណរគុណ​ទ្រង់​សម្រាប់​ការ​បង់​ថ្លៃ​ជួស​អំពើ​បាប​របស់​ក្មួយ ជួស​សម្រាប់​ការ​អភ័យទោស​ឲ្យ​ក្មួយ​ពី​រាល់​ភាព​កំណាច​ទៅ​មនុស្ស​ដទៃ​ទៀត សម្រាប់​ការ​ព្យាបាល​ក្មួយ​ពី​របួស និង​ភាព​អយុត្តិធម៌​នៅ​ក្នុង​ជីវិត​នេះ ។

ក្មួយ​នឹង​អរគុណ​ទ្រង់​សម្រាប់​ការ​ប្រទាន​កម្លាំង​ឲ្យ​ធ្វើ​នូវ​កិច្ចការ​លំបាកៗ សម្រាប់​ការ​បង្វែរ​ភាព​ទន់​ខ្សោយ​របស់​ក្មួយ​ទៅ​ជា​កម្លាំង និង​សម្រាប់​ការ​ធ្វើ​ឲ្យ​ក្មួយ​អាច​រស់​នៅ​នឹង​ទ្រង់ និង​គ្រួសារ​របស់​ក្មួយ​ជា​រៀង​រហូត ។ អត្ត​សញ្ញាណ​របស់​ទ្រង់ ដង្វាយ​ធួន​របស់​ទ្រង់ និង​គុណ​លក្ខណៈ​របស់​ទ្រង់​នឹង​ក្លាយ​ជា​រឿង​ផ្ទាល់​ខ្លួន ហើយ​ពិត​ចំពោះ​ក្មួយ ។

ប៉ុន្តែ​ក្មួយពុំ​ត្រូវ​ចាំ​រហូត​ដល់​ពេល​នោះ​ឡើយ ។ សូម​ជ្រើស​ធ្វើ​ជា​សិស្ស​ដ៏​ពិត​ម្នាក់​របស់​ទ្រង់​ឥឡូវ​នេះ ។ ចូរ​ធ្វើ​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ទ្រង់​ពិត ជា​ជន​ដែល​ចង់​បម្រើ ហើយ​ដឹកនាំ​ដូច​ជា​ទ្រង់​យ៉ាង​ពិត​ប្រាកដ ។16

យើង​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ! យើង​ស្ថិត​នៅ​ក្នុង​សេចក្ដី សញ្ញា​ដើម្បី​ផ្សាយ​សារលិខិត​នៃ​ដំណឹងល្អ​ទៅ​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ ។ កាល​យើង​ធ្វើ​កិច្ចការ ដោយ​មាន​ចេតនា​ពិត ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនា​ដ៏​សុចរិត យើង​អាច​នឹង​ច្រៀង​ដោយ​ចិត្ត​តែ​មួយ​ថា « ចូរ​យើង​ខិត​ខំ​ទៅ​ក្នុង​ការ​ងារ​នៃ​ព្រះអម្ចាស់ » ។17

ឥឡូវ​នេះ ក្នុង​នាម​ជា​សាវក​មួយ​រូប​របស់​ទ្រង់ ខ្ញុំ​សូម​ប្រើ​កូនសោ​ទាំងនោះ​ដើម្បី បន្សល់​ទុក​នូវ​ពរជ័យ​ដល់​ក្មួយ​ៗ​គ្រប់​រូប ។ ខ្ញុំ​សូម​ប្រសិទ្ធពរ​ឲ្យ​ក្មួយ​រៀន​ពី​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ​រស់​នៅ​តាម​ក្រឹត្យវិន័យ​ទាំងនោះ ។ ខ្ញុំ​សូម​ប្រសិទ្ធពរ​ឲ្យ​ក្មួយ​ធ្វើ​ជា​គំរូ​ល្អ​មួយ ទាំង​ពាក្យ​សម្ដី និង​ទង្វើ អំពី​សិស្ស​ដ៏​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម​ប្រសិទ្ធ​ពរ​ឲ្យ​ក្មួយ​រួច​ផុត​ពី​អំពើ​បាប ផ្សាយ​ការ​ល្អ និង​ពន្លឺ​តាម​របៀប​មួយ​ដែល​នឹង​ទាក់ទាញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ចង់​ដឹង ហើយ ទទួល​អារម្មណ៍ ពី​ប្រភព​នៃ​ពន្លឺ​របស់​ក្មួយ ។ ខ្ញុំ​សូម​ប្រសិទ្ធ​ពរ​ឲ្យ​ក្មួយ​មាន​ជោគជ័យ​នៅ​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​ខាង​ការ​សិក្សា និង​ការងារ​របស់​ក្មួយៗ ។ ខ្ញុំ​សូម​ប្រសិទ្ធ​ពរ​ឲ្យ​ក្មួយ​ស្វែង​រក ហើយ​ថែរក្សា​ដៃ​គូ​ដ៏​មាន​គុណធម៌​របស់​ក្មួយ ។ ហើយ​ខ្ញុំ​សូម​ប្រសិទ្ធ​ពរ​ឲ្យ​ក្មួយ​ម្នាក់ៗ​ក្លាយ​ជា​អ្នក​ដឹកនា​សុចរិត​ម្នាក់​នៅ​ក្នុង​គ្រួសារ សហគមន៍ ប្រទេស របស់​ក្មួយ និង​នៅ​ក្នុង​សាសនាចក្រ ។

ខ្ញុំ​សូម​ធ្វើ​ការ​ប្រសិទ្ធ​ពរ​ទាំង​នេះ ដល់​ក្មួយ ហើយ​ប្រកាស​ថា ព្រះ​មាន​ព្រះជន្ម​រស់ ! ព្រះ​យេសូវ គឺ​ជា​ព្រះ​គ្រីស្ទ ! នេះ​គឺ​ជា​សាសនាចក្រ​ទ្រង់ ! ខ្ញុំ​ថ្លែង​ទីបន្ទាល់​ទាំងនេះ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូម​មើល កិច្ចការ ១៧:១១; អាលម៉ា ៣២:៦ ។

  2. សូម​មើល LDS.org ។ កម្មវិធី​បណ្ដាល័យ​ដំណឹងល្អ​ក៏​មាន​ធន​ធាន​ជាច្រើន​ដើម្បី​ជួយ​ក្មួយ​នៅ​ក្នុង​ការ​សិក្សា​របស់​ក្មួយ​ដែរ ។

  3. សូម​មើល Spencer J. Condie, Russell M. Nelson: Father, Surgeon, Apostle ( ឆ្នាំ​២០០៣ ) ទំព័រ ១៦៥ ។

  4. សូម​មើល Sheri L. Dew, Ezra Taft Benson: A Biography ( ឆ្នាំ​១៩៨៧ ) ទំព័រ ១៩៧–២២៧ ។

  5. សំបុត្រ​របស់ហារ៉ូល ប៊ី លី ផ្ញើ​ទៅអ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅ​ក្នុង Dew, Ezra Taft Benson, ទំព័រ ២២៤ ។

  6. សូមមើល នីហ្វៃទី  ២ ២៧:២០-២១ ។

  7. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅ​ក្នុង Dew, Ezra Taft Benson, ទំព័រ viii ។

  8. សូម​មើល Condie, Russell M. Nelson, ទំព័រ ២៧៩ ។

  9. ហ្គរដុន ប៊ី ហ៊ិងគ្លី « Look to the Future » Ensign, ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ទំព័រ ៦៨ ។

  10. ការ​សន្ទនា​ផ្ទាល់​ជាមួយ​នឹង​ប្រធាន​ថូម៉ាស អេស ម៉នសុន ។

  11. សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២០-២១ ។

  12. គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៤ ។

  13. សូមមើល  នីហ្វៃទី ២ ២:២៧ ។

  14. សូម​មើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះយេស៊ូវគ្រីស្ទ » ។ បន្ថែម​ពី​លើ​អត្ថបទ​ដែល​នៅ​ក្រោម​ងារ​ដ៏​ធំ​នោះ មាន​ងារ​រង ៥៧ អំពី​ទ្រង់ ។ សម្រាប់​គម្ពីរ​ដែល​ពុំ​ជា​ភាសា​អង់គ្លេស សូម​ប្រើ​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ ចូរ​ឲ្យ​ធនធាន​នេះ​ក្លាយ​ជា​កម្មវិធី​សិក្សា​ដ៏​សំខាន់​ផ្ទាល់​ខ្លួន​របស់​ក្មួយ ។

  15. សូមមើល នីហ្វៃទី  ៣ ២៧:២៧ ។

  16. អ័ប៊ីណាដៃ​បាន​ព្រមាន​ពួក​ទុច្ចរិត​ដែល​មក​ចាប់​លោក​ថា « អ្នក​រាល់​គ្នា​ពុំ​បាន​តាំង​ចិត្ត​រៀន​ឲ្យ​យល់ » (ម៉ូសាយ ១២:២៧) ។ ក្មួយ​អាច​សង្កេត​ឃើញ​ថា លក្ខណៈ​ពិសេស​ដូចគ្នា​នៅ​ក្នុង​ពួក​អ្នក​ប្រឆាំង​ក្នុង​ជំនាន់​របស់​ក្មួយ ។

  17. « ចូរ​យើង​ខិត​ខំ​ទៅ » ទំនុក​តម្កើង លេខ ១៥២ ។