ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០២៣
អនាគត​ពេញ​ដោយ​ក្ដី​សង្ឃឹម


អនាគត​ពេញ​ដោយ​ក្ដី​សង្ឃឹម

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃ អាទិត្យ ទី ៨ ខែ មករា ឆ្នាំ ២០២៣

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ៖ ឱ មិត្ត​វ័យក្មេង​ជាទី​ស្រឡាញ់​របស់​យើង​នៅ​គ្រប់​ទិសទី ! ពិត​ជា​មាន​អភ័យ​ឯកសិទ្ធិ​ខ្លាំង​ណាស់​ដែល​ស៊ីស្ទើរ ហូឡិន និង​ខ្ញុំ​បាន​នៅ​ជា​មួយ​ក្មួយ​នា​រាត្រី​នេះ ។ ទោះ​ជា​យើង​អាច​និយាយ​ទៅ​កាន់​ក្មួយភាគច្រើន​នៅ​ជុំវិញ​ពិភពលោក​នេះ តាមរយៈ​អព្ភូតហេតុ​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប​ក្ដី ក៏​យើង​មាន​ចិត្ត​រីករាយ​ដែល​មាន​អ្នក​មក​ស្ដាប់​ដោយផ្ទាល់​នៅ​សាកលវិទ្យាល័យ​នេះ និង​នៅ​វិទ្យាស្ថាន​សាសនា​នេះ​ដែរ ជាទី​ដែល​ផាត និង​ខ្ញុំ​បាន​ចាប់​ផ្ដើម​ទទួល​ការអប់រំ​នៅ​មហាវិទ្យាល័យ​របស់​យើង ដើរលេង​ជាគូ ហើយ​រៀបការ ។

ឥឡូវ​នេះ ខ្ញុំ​រង់ចាំ​មើល បើសិន​ជា​មាន​អារម្មណ៍​ញាប់ញ័រ​ពេញ​បន្ទប់​នេះ នៅ​ពេលដែល​ខ្ញុំ​និយាយ​ពាក្យថា រៀបការ ។ សូម​កុំ​ព្រួយ​បារម្ភ​ឡើយ ។ យើង​នឹង មិន និយាយ​ពី​រឿង​រៀបការទេ​នៅ​រាត្រី​នេះ ។ ក្មួយ​មួយ​ចំនួន​បាន​រៀបការ​រួច​ហើយ ហើយ​យើង​មិន​ចង់​ឲ្យ​អ្នក​ដែល​នៅ​លីវ​ទាំង​ប៉ុន្មាន​នៅ​ទីនេះ​ត្រូវ​ស្រែកយំ​រត់​ចេញ​ពី​បន្ទប់​នេះ​ឡើយ ។ ប៉ុន្ដែ ខ្ញុំ​សូម​ប្រាប់​ពី​ប្រវត្តិ​ស្នេហ៍​របស់​យើង​នៅ​គ្រា​ដំបូង កាល​យើង​នៅជា​យុវមជ្ឈិមវ័យ ព្រោះ​យើង​គិត​ថា បើការ​ជួបគ្នា​ដូច​រាត្រី​នេះ​ធ្វើឲ្យ យើង បាន​រៀបការ​ជាមួយ​គ្នា តើ​នរណា​ទៅដឹងបាន ? វា​ក៏​អាច​នាំឲ្យ អ្នកផ្សេង​ បាន​រៀបការ​ដូច្នោះដែរ ។

ប្រាកដ​ណាស់ ក្មួយ​ស្រី​ជាច្រើន​នាក់​បាន​ប្រាប់​យើង​ថា មាន​បុរស​មួយ​ចំនួន​ត្រូវការ​ការភ្ញោច​បន្ដិច បើ​មិន​បាន​ភ្ញោច​ដោយ​ព្រួញ​ស្នេហ៍​ទេ ក៏​ត្រូវ​ភ្ញោច​ដោយ​កូន​បាល់​តូច​មួយ​ដែរ ។ ប្រសិនបើ​មាន​យុវនារី​ណា​អង្គុយ​នៅ​ជិត​យុវជន​ម្នាក់ ដែល​ត្រូវ​នឹង​ការពិពណ៌នា​នេះ នោះអែលឌើរ និង​ស៊ីស្ទើរ ហូឡិន​ផ្ដល់​ការអនុញ្ញាត​ឲ្យ​ក្មួយ​យក​កែងដៃ​ខ្លួន ញល់លើ​ឆ្អឹង​ជំនីរ​គាត់​ឥឡូវ​នេះ​—ញល់ដោយ​ថ្នមៗដើម្បីបញ្ជាក់​ពី​ក្ដី​ស្រឡាញ់ ញល់​ថ្នមៗ​ដើម្បី​ឲ្យ​គាត់​ដឹង ។ យើង​នឹង​រីករាយ ប្រសិន​បើ​ការញល់បែប​នោះ​ធ្វើ​ឲ្យ​ក្មួយ​បាន​រៀបការ​នឹង​គ្នា ដូច​ពួកយើង​ដែរ តែ​ខុស​គ្នា​ត្រង់​ថា កាល​នោះ​ខ្ញុំ​យក​កែង​ដៃរបស់​ខ្ញុំ​ ញល់លើ​​ឆ្អឹង​ជំនីរ​របស់​ស៊ីស្ទើរ ហូឡិនវិញ ។

នៅ​​ខែ មិថុនា ឆ្នាំ​ក្រោយ​នេះ ត្រូវគម្រប់​ខួប ៦០ ឆ្នាំ​ដែល ផាត និង​ខ្ញុំ​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សេន ចច គឺ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​បរិវេណ​សាកលវិទ្យាល័យ​នេះ ។ ការនៅ​ជាមួយ​គ្នា​អស់រយៈពេល​ប្រាំមួយ​ទសវត្សរ៍ ផ្តល់​ឱកាស​ដ៏ល្អ​មួយ​ដល់​យើង​ដើម្បី​និយាយ​លា​ទៅកាន់​រយៈពេល​មួយ ដែល​ពិបាក​សម្រាប់​មនុស្ស​ជា​ច្រើន ហើយ​ខ្លោចផ្សា​ចំពោះ​មនុស្ស​មួយ​ចំនួន ។ យើង​កំពុងតែ​បាន​ធូរស្បើយ​ពី​ជំងឺ​រាតត្បាត​កូវីដ‑១៩បន្តិចម្តងៗ ប៉ុន្ដែ​ជំងឺ​នេះ​ជា​គ្រោះ​កាច​ដ៏​ធ្ងន់ធ្ងរ​ស្ទើរតែ​ដូចនឹង​គ្រោះ​កាច​នានា​ដែល​បាន​រៀបរាប់​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ដែរ ហើយ​នៅតែ​ជា​បញ្ហា​នៅ​ឡើយ ដោយនៅ​ប្រទេស​ជា​ច្រើន​បាន រាយការណ៍ ពី​ចំនួន​មនុស្ស​រងគ្រោះ​ដោយ​ជំងឺ​នេះ​ស្លាប់ ១៧០០ នាក់ ជារៀង​រាល់ថ្ងៃ ។ ការឆ្លង​ជំងឺ​រាតត្បាត​នេះ​បាន​បន្សល់​ទុក​នូវ​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ មិន​គ្រាន់តែ​លើ​សុខភាព​ផ្លូវកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​លើ​ជីវិត​ខាង​សង្គម ខាង​នយោបាយ និង​សេដ្ឋកិច្ច​របស់​មនុស្ស​ស្ទើរតែ​គ្រប់រូប​នៅលើ​ភពផែនដី​នេះ​តាម​របៀប​ខុសៗគ្នា ។

ទុក្ខ​វេទនា​ផ្សេង​មួយ​ទៀត​គឺ​សង្គ្រាម​មួយ​ដែល​នៅ​បន្ដ​នៅ​អឺរ៉ុប​ភាគ​ខាង​កើត​នៅ​ឡើយ ដែល​មាន​មនុស្ស​រាប់លាន​នាក់ រួមទាំង​សមាជិក​សាសនាចក្រ​ផងដែរ​បាន​រង​នូវ​ការបំផ្លិច​បំផ្លាញ បាន​ជម្លៀស​ខ្លួន ឬ​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​ពួកគេ​មិន​ចង់​បាន ហើយ​មិន​សម​នឹង​ទទួលបាន​ទាល់តែ​សោះ ។ ប៉ុន្មាន​អាទិត្យ​កន្លង​ទៅ ពេល​យើង​បំពេញ​ការចាត់តាំង​នៅ​អឺរ៉ុប ស៊ីស្ទើរ ហូឡិន និង​ខ្ញុំ​បាន​ជួប​នឹង​ជន​ភៀស​ខ្លួន​អ៊ុយក្រែន​មួយ​ចំនួន ។ យើង​បាន​សើច ហើយ​ទួញ​យំ​ជាមួយ​អ្នក​ដែល​បាន​ចាកចោល​អ្វីៗ​គ្រប់យ៉ាង ហើយ​រត់​គេច​ពី​សង្គ្រាម​ដោយ​មាន​តែ​សម្លៀក​បំពាក់​ជាប់​ខ្លួនមួយ​បង្វិច​តែ​ប៉ុណ្ណោះ ។ យើង​ពិបាក​ចិត្ត និង​មាន​អារម្មណ៍​សោកស្ដាយ​ដូចគ្នាដល់​សមាជិក​ដ៏​ស្មោះត្រង់​របស់​យើង​នៅក្នុង​ប្រទេស​រុស្សី ដែល​បាន​រងទុក្ខ​ដោយសារ​វិបត្តិ​នេះ ។ បន្ថែម​ពី​លើ​សោកនាដកម្ម​ទាំង​នេះ នៅ​កន្លែង​ជា​ច្រើន​ទូទាំង​ពិភពលោក​នេះ យើង​ឃើញ​មាន​ការបាញ់​សម្លាប់​រង្គាល—រួមទាំង​សោកនាដកម្ម​ដែល​ទើប​តែ​កើត​ឡើង​កាល​ពីសប្តាហ៍​មុន​នៅ​រដ្ឋយូថាហ៍​ភាគ​ខាង​ត្បូង—មាតិកា​អសីលធម៌​នៅក្នុង​ការកម្សាន្ដសង្គម និង​សកម្មភាព​នយោបាយ​ដែល​មើល​ទៅ​ដូច​ជា​ភ្លេច មិន​បាន​ស្គាល់​គោលការណ៍​គ្រឹះ​ដូចជា​ភាពថ្លៃថ្នូរ សេចក្តីសប្បុរស និង​សេចក្ដី​ទៀងត្រង់ ។

ប្រាកដ​ណាស់ មាន​បញ្ហាខាង​វប្បធម៌ និង​បញ្ហា​ក្នុង​សង្គម​ជាច្រើន​ទៀត​ដែល​ជា​បញ្ហា​ដល់​យើង ។ ប៉ុន្ដែ យើង​មិនមែន​មក​រាត្រី​នេះ​ដើម្បី​បំបាក់​ទឹកចិត្ត​ក្មួយ​អំពី​បញ្ហា​នៃ​ពិភពលោក​នេះទេ ! តាម​ពិត យើង​មក​នេះ​ដោយ​មានហេតុផល​ផ្ទុយ​ពី​នោះ ។ យើង​ទទួល​ស្គាល់ និង​យល់​ពី​ភាពទន់ខ្សោយ និង​ភាពមិន​ប្រាកដ​ប្រជា​ដែល​មាន​នៅ​ជំនាន់​របស់​ក្មួយមាន ។ ហើយ​យើង​សូម​ទោស​ដែល​ជំនាន់ របស់​យើង មិនទាន់​អាច​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​បែប​នេះដែល​ក្មួយ​ជួប​នៅពេលឥឡូវ​នេះ​បាន ។ ប៉ុន្ដែ​យើង​សូម​អំពាវនាវ​ឲ្យ​ក្មួយ និង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គ្រប់រូប​ផ្សេងទៀត​ដែល​នៅ​ក្មេង ឲ្យ​ធ្វើការ​រួមគ្នា​ជា​កម្លាំង​ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ដែល​អាច​បង្ក្រាប​រលក​នៃ​ការភ័យខ្លាច ទុទិដ្ឋិនិយម និង​ការថប់បារម្ភ​ដែល​ហ៊ុមព័ទ្ធ​យើង ។ ដូចជា​ប្រធាន រ័សុល អិម ណិលសុន មាន​ប្រសាសន៍​ដែល​ថា វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្មួយ​ឲ្យ​អធិស្ឋាន​មិន​ត្រឹមតែ​ទុក​ឲ្យ​ព្រះអម្ចាស់​ឈ្នះ​ក្នុង​ជីវិត​របស់​ក្មួយ​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​ក៏​អធិស្ឋាន​ផងដែរ​ថា សូម​ឲ្យ​តម្លៃ​នៃ​ជីវិត​របស់​ក្មួយ​ឈ្នះ​លើ​អ្នក​ដទៃ​ដែល​ពួកគេ​មិន​ទាន់​មាន​ភាពប្រាកដ​ប្រជា​នៅ​ឡើយ ។ ប្រសិនបើ​ក្នុង​នាម​ជា​សិស្ស​ម្នាក់ៗ​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ យើង​ទាំង​អស់​គ្នា​មាន​សេចក្តីស្រ​ឡាញ់ និង​សន្តិភាព និង​ចិត្តល្អ​កាន់​តែ​ខ្លាំង​ឡើង បើ​យើង​ទាំងអស់​គ្នា​ព្យាយាម​រក្សា​ព្រះបញ្ញត្តិ​នៃ​ព្រះ​ឲ្យ​អស់​សមត្ថិភាព​របស់​យើង នោះ​យើង​មាន​ហេតុផល​គ្រប់​យ៉ាង​ដើម្បី​មាន​ទំនុកចិត្ត​លើ​ស្ថានភាព​ពិភពលោក និង​រឿង​ផ្ទាល់​ខ្លួន​របស់​យើង ។ ការដើរ​ចូល​ទៅក្នុង​អនាគត​តាម​របៀប​នេះ ពេញ​ទៅដោយ​សេចក្ដីសុខសាន្ត និង​សេចក្ដីសន្យា​របស់​ព្រះ នោះ​យើង​ពិត​ជា​អាច​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​លើ​លោកិយនេះ ។ អ័ប្រាហាំ លីនខូល បាន​និយាយ​ថា នៅពេល​គាត់​ព្យាយាម​ដាំ​បន្លែ និង​ដាំ​ផ្កា​អ្វី​មួយ នោះ​គាត់​នឹង​ឆ្លៀត​ពេល​ទៅ​មើល​គ្រប់ពេល​ដែល​គាត់​មាន​ឱកាស ។ ប្រសិនបើ យើង​ទាំងអស់​គ្នា​បាន​ធ្វើ​បែប​នោះ ស្ថានភាព​ខាង​សីលធម៌ និង​ខាង​វិញ្ញាណ​របស់​យើង​នឹង​ក្លាយ​ជា​សួនច្បារ​ដ៏​ល្អ​ឥតខ្ចោះ​គ្រប់​ពេលវេលា ។

ក្មួយៗ​ជា​ច្រើន​នៅ​ប្រទេស​អាល្លឺម៉ង់​នា​រាត្រី​នេះ—ដែល​បាន​បង្ហាញ​ចិត្ត​ជា​គ្រិស្ដបរិស័ទ និង​បាន​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​ជនភៀសខ្លួន​អ៊ុយក្រែន​ជាច្រើន​នាក់ ដែល​យើង​បាន​ជួប—នឹង​ទទួល​ស្គាល់​សម្ដី​របស់ ហ្គូតធឺ ជូហ៉ាន់ ថា « បើ​មនុស្ស​គ្រប់គ្នា​បោស​មុខ​ផ្ទះ​ខ្លួន​ឯង​ឲ្យ​បាន​ស្អាត នោះ​ពិភពលោក​ទាំង​មូល​នឹង​បាន​ស្អាត​ហើយ​ភ្លាម » ។

ដូច្នេះ ដោយ​ទទួល​ស្គាល់​ឧបសគ្គ​ទាំងនេះ ហើយ​ចង់​ផ្ដល់​វិធី​ដោះស្រាយ​ចំពោះ​ឧបសគ្គ​ទាំងនេះ ស៊ីស្ទើរ ហូឡិន និង​ខ្ញុំ​មក​រាត្រី​នេះ​ដើម្បី​និយាយ​ដូច​ដែល​សាវក​ពេត្រុស​បាន​ថ្លែង​ថា យើង​គួរតែ ៖ « ប្រុងប្រៀប​ជា​និច្ច​ដល់ … ហេតុ [ នៃ ] សេចក្តី​សង្ឃឹម​របស់ [ យើង ] រាល់​គ្នា » ។ យើង​នឹង​និយាយ​អំពី​ក្ដី​សង្ឃឹម ហើយ​ប្រកាស​ថា យើង មិន ត្រូវ​អស់​សង្ឃឹម ឬ​បាត់បង់ដៃគូ​គុណធម៌របស់​វា​ឡើយ ៖ ពោល​គឺ សេចក្ដី​ជំនឿ និង​សេចក្ដី​សប្បុរស ។ យើង​ដឹង​ថា មាន​របៀប​ជាច្រើន​ដើម្បី​ផ្ដល់​និយមន័យ​ដល់​គោលការណ៍​ដែល​ទាក់ទង​គ្នា​យ៉ាងខ្លាំង​ទាំងនេះ ហើយ​ក្មួយ​នឹង​ឮ​យើង​ផ្ដល់​និយមន័យ​របស់យើង​នា​ល្ងាច​នេះ​ចំនួន​ពីរ​បី​អំពី​គោលការណ៍​នេះ ។ ក្មួយៗ​ក៏​នឹង​ស្តាប់​ឮ​យើង​ប្រកាស​ជាមួយ​មរ៉ូណៃ​ថា ក្តី​សង្ឃឹម​គឺ​ចាំបាច់ ប្រសិនបើ​យើង​ចង់ « ទទួល​បាន [ នូវ ] មរតក​ដែល [ ទ្រង់ ] បាន​រៀបចំ [ សម្រាប់​យើង ] » ។ យើង​ចង់​អះអាង​ដល់​ក្មួយ​ថា ទទួលយក​មរតក​ជា​បុត្រាបុត្រី​របស់​ស្ដេច ។ ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវតែ​ដឹង​ថា សេចក្ដីសង្ឃឹម​មិនមែន​គ្រាន់តែ​ជា​សារ និង​របៀប​នៃ​សុទិដ្ឋិនិយម​តាម​ធម្មជាតិ​នោះ​ទេ តែ​វា​ជា​ឯកសិទ្ធិ​របស់​មនុស្ស​ទាំង​អស់​ដែល​ជឿ ។ ក្នុង​នាម​ជា​អ្នក​ជឿ​ដែល​ពេញ​ដោយ​សេចក្ដីសង្ឃឹម ( និង​សេចក្ដីជំនឿ និង​សេចក្ដីសប្បុរស ) ស៊ីស្ទើរ ហូឡិន បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ពី​សារៈសំខាន់​នៃ​ក្រុម​ជំនុំ​នៅ​ទូទាំង​ពិភព​លោក​នា​រាត្រី​នេះ និង​តួនាទី​របស់​ក្មួយ​ដែល​នឹង​ធ្វើ​នៅ​ខាង​ថ្ងៃ​មុខ ។ គាត់​ដឹង​ថា ក្មួយ​គឺ​ជា​ក្រុម​ដែលត្រូវ​​ទទួល​កាតព្វកិច្ច​​បន្ត​ពី​យើង ហើយ​មាន​អារម្មណ៍​ថា​វា​ចាំបាច់​ណាស់​ដែល​ក្មួយ​ត្រូវ​បន្ត​រត់​ទៅ​មុខ និង​ឱប​ក្រសោប​ជោគវាសនា​របស់​ក្មួយ ។ ស៊ីស្ទើរ ហូឡិន ។

ស៊ីស្ទើរ ផាទ្រីសៀ ធី ហូឡិន ៖ ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់​ណាស់​ចំពោះ​ក្មួយ ។ ក្មួយ​គឺជា​ជំនាន់​​ដ៏​រឹងមាំ​បំផុត​នៃ​យុវមជ្ឈិមវ័យ​ដែល​ពិភពលោក​មិន​ធ្លាប់​បាន​ដឹង ។ ខ្ញុំ​ស្រឡាញ់​ក្មួយ​ព្រោះតែ​ការណ៍​នោះ ។ អែលឌើរ ហូឡិន និង​ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​ក្មួយៗ​រក្សា​សេចក្តី​សញ្ញា​របស់​ក្មួយៗ ហើយ​ថា​ក្មួយៗ​ខិតខំ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ ហើយ​ពីព្រោះ​ក្មួយ​មាន​គ្នា​ច្រើន នោះ​ក្មួយ​នឹង​មាន​អានុភាព​នោះ​ដែល​អែលឌើរ ហូឡិន បាន​​លើក​ឡើង ។ ខ្ញុំ​ឃើញ​ពន្លឺ​របស់​ក្មួយ​នៅក្នុង​បន្ទប់​នេះ ។ ពន្លឺ​នោះ​មាន​ភាពចែងចាំង​ណាស់ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​គ្រា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​អង្គទ្រង់​ដល់​ពួកសាសន៍​នីហ្វៃ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​លើក​ពន្លឺ​របស់​អ្នករាល់គ្នា​ឡើង ប្រយោជន៍​ឲ្យ​បាន​ភ្លឺ​ដល់​មនុស្ស​លោក ។ មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់គ្នា​នឹង​លើក​ឡើង » ។ ដូច​ជា​ក្មួយ​ដែរ ពួកយើង​ធ្លាប់​នៅ​ក្មេង តែ​ឥឡូវនេះ​ពួក​យើង​ចាស់​ហើយ ។ ពេល​ខ្ញុំ​ត្រឡប់​ទៅ​មើល​ពី​ជីវិត​របស់​ខ្ញុំ​ពី​មុន ហើយ​បើ​ខ្ញុំ​អាច​រស់នៅផ្នែក​ណា​មួយ​នៃ​ជីវិត​នោះ​ម្តង​ទៀត ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ធ្វើ​​អ្វី​មួយ—ដោយ​ផ្សេង​ពី​នេះ ៖ គឺ​ធ្វើ​ដោយ​សាមញ្ញ ! សម្រាប់​ខ្ញុំ​អ្វីៗ​ល្អប្រសើរ​ជាង​នៅ​ពេល​ធ្វើអ្វី​មួយ​ដោយ​សាមញ្ញ—សម្រាប់អាហារ​របស់​យើង សម្លៀកបំពាក់​របស់​យើង គ្រឿង​សង្ហារិម​របស់​យើង និង​កាលវិភាគ​របស់​យើង ។ អ្វី​ដែល​ខ្ញុំ​សោកស្ដាយ បំផុត ក្នុង​យុវវ័យ​របស់​ខ្ញុំ គឺ​ខ្ញុំ​មិន​បាន​មើល​ឃើញ​ពី​ភាពស្រស់​ស្អាត​ដ៏​សាមញ្ញ​នៃ​ដំណឹងល្អ​នោះ​ទេ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ដំណឹងល្អ​មាន​ភាពស្មុគស្មាញ​ខ្លាំង ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ច្រើន​ហួសហេតុ ពិបាក​ពេក ហើយ​ជួនកាល​ថែមទាំង​អាថ៌កំបាំង​ខ្លាំង​ទៀត​ផង ។ ចំពោះ​ខ្ញុំ​ក្នុង​នាម​ជា​យុវមជ្ឈិមវ័យ​ម្នាក់វា​ហាក់​ដូច​ជា​ខ្ញុំ​ត្រូវ​ឡើង​ភ្នំ​នៃ​សេចក្ដី​សុចរិត ឆ្លង​កាត់​ការបន្សុទ្ធ​ដោយ​ភ្លើង​សន្ធោសន្ធៅ​មួយ ហើយ​ស្រាយ​រាល់​ចម្ងល់​ខាង​គោលលទ្ធិ​ដែល​មនុស្ស​ស្គាល់​ថា ប្រសិន​បើ​ខ្ញុំ​អាច​ទទួល​យក​បាន​នៅ​ចំពោះ​ព្រះ ។

ច្បាស់​ណាស់ កាលនោះ​ខ្ញុំ​គិតថា វា​លើស​ពី​អ្វី​ដែល​ក្មេង​ស្រី​ម្នាក់​មក​ពី​រដ្ឋ​យូថាហ៍​ភាគ​ខាង​ត្បូង​មាន​អារម្មណ៍​ថា​នាង​អាចធ្វើ​បាន ។ វា​ដូច​ជា​មាន​នរណា​ម្នាក់​ប្រាប់ថា ៖ « មូលហេតុ​ដែល​មនុស្ស​មិន​ចូល​រួម​ជា​មួយ​ពួក​គ្រីស្ទាន​របស់​អ្នក គឺ​ដោយសារ​អ្នក​ពាក់​សាសនា​របស់​អ្នក​ដូច​ជា​ជំងឺ​ឈឺក្បាល គឺ​ដូច​ពាក់​ភួង​បន្លា » ។ មាន​តែ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ត្រូវ​ពាក់​ភួង​បន្លា​នោះ ហើយ​ទ្រង់​បាន​ធ្វើ​វា​រួចហើយ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ដោយ​រីករាយ បរិបូរណ៍ និង​ដោយ​សេចក្តី​សុខសាន្ត—មិនមែន ដោយ​អស់​សង្ឃឹម​នោះ​ទេ ។ ដំណឹងល្អ​ពុំ​មែន​ជា​ភ្នំ​ដែល​ក្មេងស្រី​តូច​ម្នាក់ មិន​អាច​ឡើង​បាន​នោះ​ទេ ។ ទ្រង់​ចង់​ឲ្យ​នាង—និង​មនុស្ស​គ្រប់​គ្នា​​ផ្សេង​ទៀត​​នៅ​ក្នុង​ពិភពលោក​នេះ—ពេញ​ដោយ​ក្តី​សង្ឃឹម​ជានិច្ច ។ ទ្រង់​សព្វព្រទ័យ​ឲ្យ​យើង​ដឹង​ថា ដំណឹងល្អ​គឺ​សាមញ្ញ​គួរ​ឲ្យ​ស្រឡាញ់ និង​ស្រស់​ស្អាត​បំផុត។

ប៉ុន្តែ​សូម​កុំ​យល់​ខុស​ឡើយ ។ ពេល​និយាយ​ពី​សេចក្ដី​សង្ឃឹម ខ្ញុំគ្មាន​ន័យ​ថា ព្រះ​គ្រីស្ទ​គួរ​ប្រទាន​ឲ្យ​យើង​នូវ​ដាវ​វេទមន្ត ឬ​ដាវ​ភ្លើង​នោះ​ទេ ។ ក្តី​សង្ឃឹម​របស់​យើង​ត្រូវតែ​លើស​ពី​ក្តី​សង្ឃឹម​របស់ ភីណុកឆីអូ ដែល​ពោល​ថា « ពេលអ្នក​ឃើញ​ផ្កាយ​អ្នក​បួងសួង » បើ​វា​ជា​ក្តី​សង្ឃឹម​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ។ បងប្អូន​ប្រុសស្រី​វ័យ​ក្មេង​របស់​ខ្ញុំ​អើយ វា​គឺជា​អំណោយទាន​ចំពោះ​យើង និង​ចំពោះ​គ្រួសារ​មនុស្ស​លោក​ទាំងអស់ ។ ហើយ​យើង​គួរ​ទទួល​ស្គាល់​វា​ថា ជា​ពន្លឺ​មួយ​ដែល​បំភ្លឺ​ក្នុង​ពិភពលោក​ដ៏​ងងឹត ។ ដូច​ដែល​អ្នក​និពន្ធ​ម្នាក់​បាន​និយាយ​ថា « គ្មាន​នរណា​ម្នាក់​ត្រូវរងទុក្ខទាំងស្រុង​ឡើយ [ លើក​លែងតែ ] អ្នក​នោះ​​រស់នៅដោយ​គ្មាន​ក្តីសង្ឃឹម​ប៉ុណ្ណោះ » ។

ភាពសាមញ្ញ​ដ៏​ផ្អែមល្ហែម​ដែល​ទាក់ទង​នឹង​ការស្វែងរក​អំណោយ​ទាន​នៃ​ក្តី​សង្ឃឹម​នេះ​គឺ​ថា យើង​ពុំ​ចាំ​បាច់​ស្វែងរក​វា​ទេ យើង​ពុំ​ចាំបាច់​រត់ដេញ​តាមរក​វា​ទេ យើង​ពុំ​ផលិត​វា​ទេ ហើយ​ក៏ពុំ​អាច​មាន​លទ្ធភាព​ផលិត​វា​បាន​ដែរ ។ ដូចជា​អ្វី​ផ្សេង​ទៀត​នៅក្នុង​អាណាចក្រ​នៃ​ព្រះ​គុណ​ដែរ យើង​នឹង​មិន​ទទួល​បាន​វា​ដោយ​ពឹងផ្អែក​លើក​ម្លាំង​ផ្ទាល់ខ្លួន​របស់​យើង ឬ​លើ​មនុស្ស​ដទៃនោះ​ទេ ។ គ្មាន​រូបមន្ត​សម្ងាត់ ឬ​វេទមន្ត​ណា​មួយ​ពាក់ព័ន្ធ​ឡើយ ។ វា​មិន​កើត​ឡើងពី​ការហាត់​ដក​ដង្ហើម​វែងៗ ( ទោះ​ការហាត់​បែប​នោះ​មាន​គុណ​ប្រយោជន៍​ក្ដី ) ឬ​ដោយ​ការ​អាន​សៀវភៅ​ផ្សេង​ទៀត​អំពី​របៀប​ស្វែងរក​សុភមង្គល​ក៏​ដោយ ។

មែនហើយ ចំណែក​ដែល​យើង​ធ្វើ​គឺ​សំខាន់ ប៉ុន្តែ​ជាក់ស្ដែង វា​តូចតាច​ណាស់ ព្រះ​មាន​ចំណែក​ធំធេង​ជាង​ក្នុង​កិច្ចការ​នេះ ។ ចំណែក​របស់​យើង​គឺ​ត្រូវ​មក​រក​ទ្រង់​ដោយ​សុភាពរាបសា និង​សាមញ្ញ បន្ទាប់​មក​មិន​ត្រូវ​បារម្ភ និង​ភ័យខ្លាច​ឡើយ ។១០ តើ​ហេតុ​អ្វី​បាន​ជា​សាមញ្ញ​ដូច្នេះ ? ពី​ព្រោះ​នៅ​បង្កប់​ក្នុង​អ្វីៗ​ទាំង​អស់​ដែល​ព្រះគ្រីស្ទ​បាន​បង្រៀន— នៅ​ក្នុង​គ្រប់​ព្រះគម្ពីរ ដំណើររឿង​ និង​រឿង​ប្រដូច—គឺ​ជា​សេចក្តីសន្យា​ដែល​ព្រះ​បាន​សន្យា​ថា « អាច​នឹង​ធ្វើ​កើត​ទាំងអស់ »១១ សេចក្តីសន្យា​ដែល​ជា​ព្រះចេស្តា​របស់​ព្រះ​អាច​ជូត អស់ ទាំង​ទឹក​ភ្នែក ។១២ យើង​ត្រូវ​បោះបង់​ចោល​ការអស់​សង្ឃឹម​ផ្ទាល់ខ្លួន ហើយ​ស្វែងរក​ការសម្រាក​នៅក្នុង​ព្រះអម្ចាស់ ។១៣ ដូច្នេះ​យើង​មក​ចំពោះ​ទ្រង់​ដោយ​ចិត្ត​រាបសា​ស្លូតបូត ហើយ​មាន​ចិត្ត​សុភាព ១៤ ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​មក​ជាមួយ​នឹង​សេចក្តី​ស្រឡាញ់​ដ៏​ឥត​ឈប់ឈរ​របស់​ទ្រង់ ។ ការទុកចិត្ត​របស់​យើង​គឺ​ប្រៀប​ដូច​ជា​កូន​ក្មេង ឬ​កូនចៀម​តូច​ដែល​ពិត​ជា​នៅ​ក្នុង​ក្រោល​ធំ​របស់​ទ្រង់ ។

ដួងចិត្ត​របស់​យើង​នឹង​បាន​សម្រាក​ទេ រហូត​ដល់​ដួងចិត្ត​របស់​យើង​សម្រាក​នៅក្នុង​ព្រះ ។

ការហៅ​ឲ្យ​មាន​ចិត្ត​ស្លូតបូត ហើយ​សុភាព​នោះ—គឺជា​ការពិពណ៌នា​មួយ​នៃ​ការពិពណ៌នា​មួយចំនួន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​អំពី​ទ្រង់​ផ្ទាល់—គឺ​ថា​ទ្រង់​មាន​ព្រះទ័យ​ស្លូតបូត ហើយ​មាន​ចិត្ត​សុភាព—គឺ​ជា​ការអំពាវនាវ​មួយ​ចំពោះ​ពួកយើង​ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់ ។ ទ្រង់​មាន​ព្រះបន្ទូល​ថា ប្រសិនបើ​យើង​អាច​រស់នៅ​បែប​នេះ យើង​នឹង​ទទួល​បាន​ការសម្រាក​ដល់​ព្រលឹង​យើង ហើយ​ឃើញ​ថា​នឹម​របស់​ទ្រង់​ងាយ​ទេ បន្ទុក​របស់​ទ្រង់​ក៏​ស្រាល​ដែរ ។១៥ ពេល​ខ្ញុំ​អាន​ខម្ពីរ ខ្ញុំ​ឃើញ​ការហៅ​ឲ្យ​មាន​ចិត្ត​ស្លូតបូត ហើយ​សុភាព​នេះ​ម្តង​ហើយ​ម្តងទៀត ។ ( ប្រហែល​ជា​ខ្ញុំ​ត្រូវការ​វា​ម្តងហើយ​ម្តង​ទៀត​ហើយ​មើល​ទៅ ) ។

ខ្ញុំ​ប្រាកដ​ចិត្ត​ថា អ្នក​ដែល​គ្មាន​ក្តីសង្ឃឹម និង​គ្មាន​ការបន្ទាប​ខ្លួន​គឺ​ពុំ​ធ្លាប់​ធ្វើ​ការណ៍​អស្ចារ្យ​ខាង​វិញ្ញាណ​បាន​ទេ ។ ផ្នត់​គំនិត​បែប​នេះ​គឺ​ជា​ក្តី​សង្ឃឹម​របស់​យើង​សម្រាប់​ក្មួយ​នៅ​រាត្រី​នេះ—ដើម្បី​ឲ្យ​ក្មួយ​រៀន​ពី​ការណ៍​នេះ​អំឡុងពេល​នៅ​ក្មេង​នៅ​ឡើយ ។ ពួកយើង​ចង់​ឲ្យ​ក្មួយ​ដឹង​អស់​ពី​ដួងចិត្ត​របស់​យើង​ថា ព្រះ​គឺជា​ព្រះវរបិតា​សួគ៌​របស់​ក្មួយ ថា​ទ្រង់ « បាន​បី [ ក្មួយ ] តាំង​ពី​ផ្ទៃ​ម្តាយ​មក »១៦ ថា​ទ្រង់​មាន​ផែនការ​សម្រាប់​ក្មួយដែល​ជា​ផែនការ « អនាគត​ពេញ​ដោយ​ក្តី​សង្ឃឹម » ។១៧

ខ្ញុំ​សូម​ចែកចាយ​ជា​មួយ​ក្មួយ​នូវ​ខគម្ពីរ​ពីរ ដែល​ខ្ញុំ​ចូលចិត្ត​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​មាន​ជា​ភាសា​មួយ​ចំនួន ។ អេសាយ​មាន​ប្រសាសន៍​ថា ៖

« ឱ​ពួកវង្សា​របស់​យ៉ាកុប​អើយ និង​អ្នករាល់គ្នា​ជា​សំណល់ … វង្សា​អ៊ីស្រាអែល​ដែរ ជា​ពួក​ដែល​យើង​បាន​ទទួល​ជា​បន្ទុក​តាំង​ពី​កំណើត​ឯង ហើយ​បាន​បី​ឯង​តាំង​ពី​ផ្ទៃម្តាយ​មក ចូរ​ស្តាប់​យើង​ចុះ ៖…

« … រហូត​ដល់​ឯង​ចាស់‌ជរា​ផង [ នៅពេល​ឯង​មាន​សក់​ស្កូវ ] យើង​នឹង​បី​ឯង ដរាប​ដល់​ឯង … ហើយ​យើង​នឹង​ទទួល​ឯង​ជា​បន្ទុក អើ យើង​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង » ។១៨

ហើយ​យេរេមា​បាន​សរសេរ​ថា ៖

« ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​ស្គាល់​សេចក្តី​ដែល​យើង​គិត​ពី​ដំណើរ​ឯង​រាល់គ្នា មិនមែន​គិត​ធ្វើ​សេចក្តី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្តីសុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់គ្នា​បាន​សេចក្តី​សង្ឃឹម ។

« នោះ​ឯង​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​យើង ហើយ … អធិស្ឋាន​ដល់​យើង រួច​យើង​នឹង​យល់ព្រម​តាម … » ។១៩

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ទៅ​កាន់​ក្មួយ ឱ​ក្មួយ​ប្រុសស្រី​វ័យក្មេង​របស់​ខ្ញុំ​អើយ​ថា នេះ​គឺជា​បទពិសោធន៍​មាន​តាំងពី​កំណើត​ពិតប្រាកដថា ព្រះវរបិតាសួគ៌​របស់​យើង​នឹង​ធ្វើ​ផ្នែក​របស់​ទ្រង់​នៅក្នុង​ការបំពេញ​សេចក្តី​សន្យា​ទាំងនេះ ។ វា​អាស្រ័យ​លើ​យើង​ដើម្បី​ជឿ​ដោយ​សាមញ្ញ ដើម្បី​ជឿ​លើ​ភាព​សាមញ្ញ ធ្វើ​ដូច​ជា​កូន​ក្មេង​នៅក្នុង​ភាពស្លូតបូត និង​ជាពិសេសនៅ​ការដឹងគុណ​របស់​យើង នៅពេល​យើង​ទទួល​បាន​អំណោយ​ទាន​ពី​ទ្រង់ ។ តើ​ក្មួយ​ចង់​ឲ្យ​ឆ្នាំ​នេះក្លាយ​ជា​ឆ្នាំ​មួយ​ដ៏​ល្អ​ដែរ​ឬ​ទេ ? តើ​ក្មួយ​ចង់​បាន​អនាគត​ពេញ​ដោយ​ក្តីសង្ឃឹម​ដែរ​ឬ​ទេ ? តើ​ក្មួយ​ជឿ​ថា​មាន​ពរជ័យ​បាន​រក្សា​ទុក​សម្រាប់​ក្មួយ​ដែរ​ឬ​ទេ ? តើ​ក្មួយ​មើលឃើញ​ភាពល្អ​របស់​ព្រះ​គ្រប់គ្រាន់​ដើម្បី​មាន​ក្តី​សង្ឃឹម និង​ទទួល​បាន​វា​ដែរ​ឬ​ទេ ? គួរឲ្យ​កំប្លែង​ណាស់ ការណ៍​នេះ​ទទួល​បាន​ដោយ​ការលុត​ជង្គង់​ចុះ ដោយ​ការឱន​ក្បាល​ចុះ សូម្បី​តែ​ក្រាប​នៅ​ឯ​ព្រះបាទា​របស់​ព្រះ ។ គឺ​វា​សាមញ្ញ​បែប​នេះ​ខ្លាំង​ណាស់ ! ដោយ​លុត​ជង្គង់​ចុះ ដោយ​ឱន​ក្បាល​ចុះ ដោយ​ក្រាប​ចុះ​នៅ​ឯ « បល្ល័ង្ក​នៃ​ព្រះគុណ » ។២០

អែលឌើរ ហូឡិន​បាន​បញ្ជាក់​ថា ក្មួយ​នឹង​រកឃើញ​អំណោយ​ដ៏​មាន​តម្លៃ​នៃ​ក្តី​សង្ឃឹម​នេះ ដែល​ភ្ជាប់​ជាមួយ​នឹង​អំណោយ​ទាន​ពីរ​ផ្សេង​ទៀត​របស់​ព្រះ—នោះ​គឺ​ពី​សេចក្ដី​ជំនឿ និង​សេចក្ដី​សប្បុរស ។ សូម​កុំ​ធ្វើ​ដូច​ខ្ញុំ កាល​ខ្ញុំ​នៅ​ក្មេង ដែល​បាន​ធ្វើ​ឲ្យ​គុណធម៌​ទាំងនេះ​ធំ​ពេក និង​ស្មុគស្មាញ​រហូត​ដល់​យើង​អស់​សង្ឃឹម​លែង​ព្យាយាម​ស្វែងយល់​ពី​វា ។ សូម​ស្រឡាញ់​ភាពសាមញ្ញ​របស់​វា ។

ខ្ញុំ​សូម​ចែក​ជូន​ក្មួយ​នូវ​លំដាប់​ដ៏​ខ្លី​សាមញ្ញ​មួយ​នេះ ។ សេចក្តីជំនឿ គឺ​ជា​ការ​ទុកចិត្ត​ថា​មាន​ព្រះ​ពិតមែន សេចក្តី​សង្ឃឹម គឺ​ជា​ការជឿជាក់​ថា ទ្រង់​នឹង​ជួយ​យើង ហើយ សេចក្ដី​សប្បុរស គឺ​ជា​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេរ និង​សមត្ថភាព​ទ្រង់​ធ្វើ​ការ​តាមរយៈ​យើង​ដើម្បី​ផ្តល់​ពរ​ដល់​អ្នកដទៃ ។

ខ្ញុំ​បាន​រៀន​ទាក់​ទង់​នឹង​សេចក្ដី​សប្បុរស​ថា គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកយើង​មាន​ថាមពល ឬ​ពេលវេលា ឬ​ធនធាន ឬ​កម្លាំង​ដើម្បី​ធ្វើ​អ្វីៗគ្រប់​យ៉ាង​ដែល​ចិត្ត​យើង​ចង់​ឲ្យ​យើង​ធ្វើ​នោះ​ទេ ។ យើង​មិន​អាច​ធ្វើ​បាន​គ្រប់​យ៉ាង​ទេ ដួងចិត្ត​របស់យើង​ចង់បាន​លើសពី​សមត្ថភាព​របស់​យើង ។ វា​អស្ចារ្យ​ណាស់​ដែល​ព្រះ​ចេស្តា​របស់​ព្រះ​បាន​ធ្វើ​ការ​តាមរយៈ​យើង​ដែល​អាច​ពង្រីក​ឥទ្ធិពល​រម្យទម​របស់​យើង អាច​បង្កើន​ការខិតខំ​ប្រឹងប្រែង​ដែល​មាន​កម្រិត​របស់​យើង និង​ធ្វើ​សម្រាប់​អ្នកដទៃ ដែល​យើង​មិន​អាច​ធ្វើតែ​ម្នាក់ឯង​បាន​នោះ​ទេ ។

វិធីសាស្រ្ត​ដ៏​សាមញ្ញ​នេះ​ចំពោះ​កិច្ចការ​គោលលទ្ធិ​ធំៗ​ទាំងបី​នេះ​បាន​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ប្រាថ្នា​ថា ខ្ញុំ​អាច​មើល​ឃើញ​គោលលទ្ធិ​ទាំងនេះដោយ​មិន​សូវ​ភ័យខ្លាច​បានលឿន​ជាង​នេះ ។ ខ្ញុំ​ជឿ​យ៉ាង​មុតមាំ​ថា ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​សេចក្តីពិត​នៃ​ដំណឹងល្អ​មាន​លក្ខណៈ​សាមញ្ញ​គ្រប់គ្រាន់ ដែល​សូម្បីតែ​ក្មេង​ម្នាក់​ក៏​អាច​យល់​បាន ។ ខ្ញុំ​សូម​និយាយ​វា​ឡើង​វិញ​បាន​ទេ ? សេចក្តី​ជំនឿ​គឺជា​ការជឿជាក់​ថា មាន​ព្រះ​ពិតមែន ។ សេចក្តី​សង្ឃឹមគឺជា​ការជឿជាក់​ថា ទ្រង់​នឹង​ជួយ​យើង ។ សេចក្ដី​សប្បុរស​គឺជា​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ធ្វើការ​តាមរយៈ​យើង ។

ពេល​ខ្ញុំ​និយាយ​អំពី​អំណោយទាន​ពី​ព្រះ ខ្ញុំ​សូម​បន្ថែម​អំណោយទាន​មួយ​ទៀត ដែល​បន្ថែម​ពី​លើក្តី​សង្ឃឹម​របស់​យើង​នៅ​ក្នុង​ឆ្នាំថ្មី​នេះ ។ ការបំភ្លឺ​សេចក្តី​ជំនឿ សេចក្តី​សង្ឃឹម និង​សេចក្តី​សប្បុរស និង​ភាពតម្កើង​ឡើង គឺ​ជា​អំណោយទាន​ដ៏​ស្រស់ស្អាត​យ៉ាង​មហិមា—និង​សាមញ្ញ​បំផុត—ជា​អំណោយទាន​នៃ​ពន្លឺ​របស់​ព្រះគ្រីស្ទ ។ ពន្លឺ​នេះ ដែល​ភ្ជាប់​ទៅនឹង​សេចក្តី​សង្ឃឹម​យ៉ាង​ជិតស្និទ្ធ គឺជា​អំណោយ​ទាន​ដែល​បាន​ផ្តល់​ដល់​បុរស ស្ត្រី និង​កុមារ​គ្រប់រូប ដែល​ធ្លាប់​កើត ឬ​ដែល​នឹង​កើត​មក​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ វា​ត្រូវ​បាន​បង្កប់​នៅ​ក្នុង​ធម្មជាតិ​របស់​យើង ។ វា​ជា​ផ្នែក​មួយ​នៃ​ព្រលឹង​របស់​យើង ។

វគ្គបទគម្ពីរ​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត​រួមមាន​នូវ​ឃ្លា​នេះ ៖ « ហើយ​ព្រះវិញ្ញាណ​ប្រទាន​ពន្លឺ​ដល់​មនុស្ស​គ្រប់រូប​ណា​ដែល​មក​ក្នុង​លោកិយ ហើយ​ព្រះវិញ្ញាណ​បំភ្លឺ​គ្រប់​មនុស្ស​ពាសពេញ​លោកិយ » ។២១

ពន្លឺ​នោះ​គឺ​ជា​ហេតុផល​ដ៏​សំខាន់​ដើម្បី​មាន​ក្តី​សង្ឃឹម​នៅក្នុង​ជីវិត​របស់​យើង ។ វា​លើក​ទឹកចិត្ត និង​រំភើប​ជា​ខ្លាំង—មែន​ហើយ​គឺ​មាន សេចក្តី​សង្ឃឹម ខ្លាំង​ថា មាន​អ្វីមួយ​នៅក្នុង​ខ្លួន​យើង​ដែល​មិន​ត្រឹមតែ​ប្រាប់​យើង​ថា មាន​របៀប​ត្រឹមត្រូវ​មួយ​ដើម្បី​ឆ្លងកាត់​ភាពស្មុគស្មាញ​ក្នុង​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប្រាប់​យើង​ថា យើង​នឹង រកឃើញ ផ្លូវ​ត្រឹមត្រូវ​នោះ ប្រសិនបើ​យើង « ស្លូត ហើយ [ មាន ] ចិត្ត​សុភាព » ។២២ ដូច​ប្រធាន ណិលសុន មាន​ប្រសាសន៍​ទៅ​កាន់​សាសនាចក្រ​ទាំងមូល​កាល​ពីសប្តាហ៍​មុន​ថា « ពិភពលោក ត្រូវការ​ពន្លឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ហើយ​ពិភពលោក​ត្រូវការ​ពន្លឺ [ ដ៏​ភ្លឺ​ចែងចាំង ] របស់​ក្មួយ [ យ៉ាង​ខ្លាំង ] »។២៣

មិត្ត​វ័យ​ក្មេង​ដ៏​អស្ចារ្យ​របស់​ខ្ញុំ​អើយ ការអធិស្ឋាន​ដ៏​ស្មោះ​បំផុត​របស់​ខ្ញុំ​នៅ​រាត្រី​នេះ—ក្តី​សង្ឃឹម​របស់​ខ្ញុំ—គឺ​ថា​ក្មួយ​ដែល​ជា​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក​នឹង​ទទួល​យក​ការហៅ​នេះ​ជា​ការងារបម្រើ​ផ្ទាល់​ខ្លួន​របស់​ក្នួយ ថា​ក្មួយ​នឹង​យក​ក្តី​សង្ឃឹម​ដូច​ដែល​ព្រះ​អង្គសង្រ្គោះ​មាន​បន្ទូល ហើយ​កាន់​វា​ដូចជា​ចន្លុះភ្លើង​មួយ ដើម្បី​បំភ្លឺ​ដល់​អ្នក​ដែល​មាន​អារម្មណ៍​ថា ពិភពលោក​នេះ​គឺជា​ទី​ដ៏​ងងឹត និង​ពិបាក ។ តើ​មាន​វិធី​ណា​មួយ​ដែល​ខ្ញុំ​អាច​លើក​ទឹក​ចិត្ត​ក្មួយ​ឲ្យ​មើល​ឃើញ​ថា ពន្លឺ​នេះ​គឺ​ជា​ការងារ​បម្រើ​របស់​ក្មួយ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែរ​ឬ​ទេ ? សូម​មេត្តា​យល់​ថា នេះ​ជា​រឿង​សំខាន់​បំផុត​ដែល ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំ​ត្រូវតែ​និយាយ​ទៅ​កាន់​ក្មួយ​នា​រាត្រី​នេះ ។ ការ​ភ័យ​ខ្លាច​ដ៏​ធំ​បំផុត​របស់​ខ្ញុំ គឺ​ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​ពុំបាន​និយាយ​វា​ឲ្យ​ល្អ​ល្មម​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ក្មួយ​ជឿ​ខ្ញុំ ។ ក្មួយ​ត្រូវ​តែ​នាំ​យក​ពន្លឺ​នេះ​តាម​របៀប​មួយ ដែល​ភាព​ងងឹត​ទាំង​អស់​ក្នុង​ពិភពលោក​មិន​អាច​ពន្លត់​បាន ។

ដំណឹងល្អ​នេះ​គឺ​សាមញ្ញ ប៉ុន្តែ​មាន​យុទ្ធសាស្ត្រ​ពេញ​ដោយ​អំណាច​ដែល​អាច​ដោះស្រាយ​បញ្ហា​ធំៗ និង​ស្មុគស្មាញ​ទាំងឡាយ និង​អាច​ផ្លាស់ប្តូរ​គន្លង​នៃ​ពិភពលោក​ដែល​ធ្លាក់​ចុះ និង​ងងឹត​នេះ​បាន ។ សូម​មាន សេចក្ដី​ជំនឿ លើ​ព្រះ សេចក្តី​សង្ឃឹម ថា​ទ្រង់​នឹង​ជួយ​ក្មួយ ហើយ​ទទួល​បាន សេចក្ដី​សប្បុរស ដែល​ទ្រង់អាច​ធ្វើការ​តាមរយៈ​ក្មួយ​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​មាន​តែ​ក្មួយ​ប៉ុណ្ណោះ​អាច​ធ្វើ​បាន ។

នៅ​ពេល​ក្មួយ​ទទួល​យក​ការសាកល្បង ហើយ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី​នេះ បន្ទាប់​ពី​ក្មួយ​បាន​មើល​លើ​​ខ្លួនឯង​ហើយ ខ្ញុំ​សូម​អង្វរ​ក្មួយ​ឲ្យ​ស្វែងរក​ការណែនាំ​ពី​ស្ថាន​លើ ។ ព្រះនេត្រ​ដែល​ទត​មើល​មក​ក្មួយ​ជា​ព្រះនេត្រ​របស់​ព្រះវរបិតា​ដ៏​ជា​ទីស្រឡាញ់​របស់​ក្មួយ ដែល​អាច ហើយ​នឹង​ប្រទាន​ដល់​ក្មួយ​នូវ​អ្វីៗ​ទាំង​អស់​ដែល​ក្មួយ​សង្ឃឹម​ចង់​បាន​ក្នុង​សេចក្តី​សុចរិត ។ ក្មួយ​មិន​អាច​ទទួល​បាន​ពរជ័យ​ទាំងនេះ​ដោយ​ការដេញ​តាម​វា​នោះ​ទេ ។ សូម​ឈប់​រត់​តាម​រហូត​ដល់​បាក់​កម្លាំង​ទៀតទៅ ។ ចូរ​ស្ងប់ស្ងាត់ ហើយ​នៅ​ស្ងៀម​ចុះ ។ សូម​ធ្វើ​ដោយ​សាមញ្ញ ។ ចូរ​មាន​ចិត្ត​ស្លូតបូត ហើយ​សុភាព និង​អធិស្ឋាន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អព្ភូតហេតុ​នឹង​កើត​ឡើង​នៅ​ពេល​យើង​បន្ថយ​ល្បឿន នៅពេល​ស្ងប់ស្ងាត់ និង​លុត​ជង្គង់​ចុះ ។ អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​មាន អាច​ក្លាយ​ជា​របស់​ក្មួយ​នៅ​ថ្ងៃ​ណា​មួយ ។២៤ ឱ​នោះ​ជា​របៀប​ដ៏​មាន​ក្តី​សង្ឃឹម​យ៉ាងពិត​ដើម្បី​ប្រឈមមុខ​នឹង​ពេល​អនាគត​របស់​ក្មួយ ។ ខ្ញុំ​ស្រឡាញ់​ក្មួយ​ណាស់ ខ្ញុំ​ស្ងប់ស្ងែង​ដល់​ក្មួយ ហើយ​ខ្ញុំ​នឹង​អធិស្ឋាន​សម្រាប់ ក្មួយ​ជានិច្ច ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

អែលឌើរ ហូឡិន ៖ អរគុណ​ស៊ីស្ទើរ ហូឡិន អូន​មិន​គ្រាន់តែ​បង្រៀន​ដំណឹង​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អូន​ថែម​ទាំង​រស់នៅ​តាម​ដំណឹងល្អ និង​ពេញ​ដោយក្តីសង្ឃឹម​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ចិត្ត​អូន​ទៀត​ផង ។ នៅក្នុង​គ្រា​ដ៏​លំបាក​បំផុត​របស់​យើង—ហើយ​ក្នុង​រយៈពេល​ប្រាំមួយ​ទសវត្សរ៍​នៃ​អាពាហ៍ពិពាហ៍ នោះ​អូន​មាន​ការលំបាក​មួយ​ចំនួន—ស៊ីស្ទើរ ហូឡិន​បាន​រស់នៅ​តាម​អ្វី​ដែល​គាត់​បាន​បង្រៀន ។ គាត់គឺ​ជា​ដែល​មាន​ជំនឿ​ជានិច្ច ។ គាត់​តែងតែ​ទុក​ចិត្ត​លើ​ពន្លឺ​ដ៏​អស់​កល្ប​ជានិច្ច​នៅក្នុង​ព្រលឹង​របស់​គាត់ ។ គាត់​បាន​រស់នៅ​ដោយ​ប្រាកដ​ក្នុង​ចិត្ត​ជានិច្ច​ថា ព្រះ​ទ្រង់​ព្រះសណ្តាប់​ការអធិស្ឋាន​របស់​យើង ហើយ​បង្ហាញ​ផ្លូវ​ដល់យើង ទោះបី​ជា​កាលៈទេសៈ​យើង​ហាក់​ដូច​ជា​លំបាក​ខ្លាំង​យ៉ាង​ណា​ក្តី ។ នៅក្នុង​ពិភពលោក​ដែល​ជួនកាល​ហាក់​ដូចជា​មាន​ភាព​ស្មុគស្មាញ​ចំពោះ​គូ​ស្វាមី​ភរិយា​វ័យ​ក្មេង នោះ​សេចក្តីពិត និង​ការសន្យា​នានា​អំពី​ដំណឹង​ល្អ​គឺ​ជា​អ្វី​ទាំងអស់​ដែល​ញឹកញាប់​យើង​ត្រូវ​តោង​ឲ្យ​ខ្ជាប់ខ្ជួន ប៉ុន្តែ​វា​គ្រប់គ្រាន់​ហើយ ដោយសារ​យើង​នៅ​ទីនេះ​នារាត្រី​នេះ ទាំង​បាន​ទទួល​ពរ​ច្រើន​ក្នុង​អាពាហ៍ពិពាហ៍​ជិត ៦០ ឆ្នាំ​របស់ យើង ជាង​អ្វី​ដែល​យើង​អាច​ស្រមៃ​ដល់ ។ ដូច្នេះ​ដូច​ស្ត្រី​ដ៏​ស្រស់ស្អាត​ម្នាក់​នេះ​បាន​និយាយ និង​ធ្វើ សូមមាន​សង្ឃឹម ចូរ​អធិស្ឋាន​ជានិច្ច និង​ចូរ​ជឿ​ចុះ ។

ខ្ញុំ​សូម​បន្ថែម​ពី​លើ​ការទូន្មាន​របស់​ស៊ីស្ទើរ ហូឡិន អំពី​ការជំរុញ​ចិត្ត​ផ្នែក​ខគម្ពីរ​ដើម្បី​ប្រឈម​នឹង​អនាគត​ដោយ​រីករាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ គ្រា​មួយ​មាន​បុគ្គល​ម្នាក់​បាន​សរសេរ​អំពី​ការលើកទឹក​ចិត្ត​ទាំង​អស់​ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន​ដល់​យើងនៅ​ក្នុង​ព្រះគម្ពីរ​ស្តី​ពីសេចក្តី​សង្ឃឹម ហើយ​ដែល​ទ្រង់​ផ្ទាល់​បាន​ប្រទាន​មក​ម្តង​ហើយ​ម្តង​ទៀត ដែល​យើង​មិន​បាន​ទទួល​យក​ដដែលៗ​គឺ​ការលើក​ទឹក​ចិត្ត​ឲ្យ « សង្ឃឹម​ឡើង » ។២៥ តើ​យើង​អាច​ជឿ​លើ​ព្រះគ្រីស្ទ​ដោយ​មិន​សង្ស័យ ហើយ​ធ្វើ​តាម​បន្ទូល​របស់​ទ្រង់​ទាក់ទង​នឹង​រឿង​នោះ​បាន​ទេ ? តើ​យើង​អាច​គ្រាន់តែ​សាកល្បង​បាន​ដែរ​ឬ​ទេ ? សូម​ឲ្យ​យើង​ទទួល​យក​ការអញ្ជើញ​ដ៏​រីករាយ និង​ពេញ​ដោយ​ក្តី​សង្ឃឹម​នៅ​រាត្រី​នេះ នៅ​ពេល​យើង​ស្វែងរក​ឱកាស​ថ្មី​ដើម្បី​ចាប់ផ្តើម​ឆ្នាំ​ថ្មី និង​គិត​អំពី​ជីវិត​របស់​យើង​ដូច​ទៅ​នឹង​អ្វី​ដែល​យើង​ចង់​បាន ។

ដូច​ជា​ការ​អញ្ជើញ​របស់​ទ្រង់​ទាំង​អស់​មក​កាន់​យើង​ដែរ ព្រះ​គ្រីស្ទ​បាន​រស់នៅ​តាម​ការអញ្ជើញ​ទាំង​នោះ មុន​ពេល​ទ្រង់​បង្រៀន​ការអញ្ជើញ​ទាំងនោះ ។ ទោះបី​ជា​មាន​បន្ទុក​ក៏​ដោយ ទ្រង់​មាន​សុទិដ្ឋិនិយម មាន​ភាពវិជ្ជមាន ហើយ​ទ្រង់បាន​ជួយ​អ្នក​ដទៃ​ឲ្យ​ប្រែដូចគ្នា ខ្ញុំ​អាច​បន្ថែម​ថា រួម​ទាំង​ព្យាការី​នៃ​ព្រះ​ផង​ដែរ ។ ចេញ​ពី​ជម្រៅ​នៃ​គុក​លីប៊ើធី—និង​ក្នុង​ជម្រៅ​នៃ​ភាព​អស់សង្ឃឹម​ដែល​លោក​បាន​ជួប​ប្រទះ​នៅ​ទីនោះ—ការទូន្មាន​ដ៏​សំខាន់​បំផុត​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ទៅ​កាន់​ពួកបរិសុទ្ធ​ដែល​កំពុង​អធិស្ឋាន​នៅ​ខាង​ក្រៅ ទូល​សូម​ឲ្យ​លោក​ត្រូវបាន​ដោះលែង​នោះ​គឺ​ថា « ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដែល​នៅ​ក្នុង​អំណាច​យើង ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់​នោះ យើង​អាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿជាក់​ថា នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះ​ពាហុ​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ » ។២៦ ហើយ​គ្មាន​នរណា​ម្នាក់​មាន​ភាព​វិជ្ជមាន សុទិដ្ឋិនិយម ពេញ​ដោយ​ក្តីសង្ឃឹម​ជាង​ប្រធាន រ័សុល ម៉ារៀន ណិលសុន ឡើយ ព្យាការី​នៅរស់​របស់​យើង​ដែល​បាន​បន្ទរ​ការទូន្មាន​របស់​យ៉ូសែប នៅពេល​លោក​បាន​មាន​ប្រសាសន៍មក​កាន់​យើង​ថ្មីៗ​នេះ ៖ « គ្មាន​ពរជ័យ​ខាង​វិញ្ញាណ​ណា​មួយ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​ពួក​សុចរិត​ឡើយ ។ … ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​សម្លឹង​មើល … ទៅ​អនាគត ‹ ជាមួយ​សេចក្តីសង្ឃឹម​ដ៏​រីករាយ › [ Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៥១៣ ] » ។ ២៧ ពួកព្យាការី​មាន​សង្ឃឹម ដោយសារ​ពួកលោក​គឺ​ជា​សិស្ស​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​នោះ​គឺ​ជា​ប្រភព​ដ៏​សំខាន់​បំផុត​នៃ​ភាពសុទិដ្ឋិនិយម ។ ពួក​ព្យាការី​មាន​ក្តីសង្ឃឹម ដោយសារ​ពួក​លោក​ដឹង​ពី​ផែនការ ពួកលោក​ដឹង​ថា​នរណា​ជា​អ្នក​ឈ្នះ​នៅ​ទី​បញ្ចប់ ។

ដូច ស៊ីស្ទើរ ហូឡិន​មាន​ប្រសាសន៍​ដ៏​ប្រពៃ​អំពី​សមត្ថភាព ដើម្បី​មើលឃើញ​ពិភពលោក​នេះ​ក្នុង​ផ្លូវ​វិជ្ជមាន គឺ​ជា​អំណោយទាន​មួយ​ទៀត​មក​ពី​ព្រះ ។ ព្រះគម្ពីរ​បាន​ចែង​ប្រាប់​យើង​ថា ៖ មាន « មនុស្ស​លោក »—ហើយ​ខ្ញុំ​អាច​បន្ថែម​ស្ត្រី និង​កុមារ—« ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ២៨ ។ ហេតុដូច្នេះ​ហើយ​ទើប​វា​ជា « ផែនការ​នៃ​សុភមង្គល » ។២៩ ជា​លទ្ធផល​នៃ​ផែនការ​នោះ និង​ដង្វាយ​ធួន​របស់​ព្រះគ្រីស្ទ​ជា​ចំណុច​ស្នូល​នៃ​ផែនការ​នេះ នោះ​យើង​អាច​មាន​សង្ឃឹម ទោះមាន​គ្រា​ដ៏​លំបាក​ខ្លាំង​ក្លា​ខ្លះៗ​ក្តី ។

គំរូ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ចំណុច​នេះ​សម​ឲ្យ​គោរព​ធ្វើ​តាម នៅពេល​យើង​ប្រឈម​នឹង​ឆ្នាំ​ថ្មី ជា​ឆ្នាំ​មួយ​ដែល​អាច​មាន​ឧបសគ្គ​ខ្លះៗ​ចំពោះ​ពួកយើង​មួយ​ចំនួន ។ សូម​គិត​ពី​ការណ៍​នេះ ។ តើ​ព្រះយេស៊ូវ​អាច​មាន​បន្ទូល​អំពី​ការមាន​សង្ឃឹម​នៅ​កណ្តាល​នៃ​ការរងទុក្ខ​ទាំងអស់​ដែល​ទ្រង់​បាន​ជួប​ប្រទះ​បន្ត​ឆ្ពោះ​រហូត​ដល់​ការឆ្កាង​បាន​ដោយ​របៀប​ណា ? សូម្បី​តែ​នៅក្នុង​បរិយាកាស​ដ៏គ្រោះ​ថ្នាក់ ដែល​អាច​យក​ឈ្នះ​បាន​នៅ​អាហារ​យប់​ចុង​ក្រោយ​ក៏​ដោយ ក៏​ព្រះគ្រីស្ទ​នៅតែ​រំឭក​ដល់​ពួកសិស្ស​របស់​ទ្រង់​អំពី​មូលហេតុ និង​កាតព្វកិច្ច​របស់​ពួកគេ​ដែរថា « ត្រូវ​សង្ឃឹម​ឡើង » ។៣០ ជាមួយ​នឹង​ការឈឺចាប់​ដែល​មាន​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ទ្រង់ នោះ​ខ្ញុំ​បាន​ងឿង​ឆ្ងល់​អំពី​របៀប​ដែល​ទ្រង់​អាច​មាន​បន្ទូល​ដោយ​វិជ្ជមាន​ខ្លាំង​បែប​នេះ ហើយ​រំពឹង​ថា ពួកបងប្អូន​របស់​ទ្រង់​មើល​ទៅ​អ្វីៗ​ទាំង​នោះ​ដោយ​ក្លៀវក្លា ។ ប្រាកដ​ណាស់ ការបង្ហាញ​អំពី​សេចក្តីជំនឿ របស់​ទ្រង់ សេចក្តីសង្ឃឹម របស់​ទ្រង់ និង​សេចក្តីសប្បុរស​កើត​មាន​ឡើង ដោយសារ​ទ្រង់​ជ្រាប​ដឹង​ពី​ទីបញ្ចប់​នៃ​រឿង​នេះ ។ ទ្រង់​ជ្រាប​ថា សេចក្តីសុចរិត​មាន​ជ័យជម្នះ​នៅពេល​ដំណើរ​រឿង​បញ្ចប់​ត្រូវបាន​បំពេញ ។ ទ្រង់​ជ្រាប​ថា ពន្លឺ តែងតែ ឈ្នះ​សេចក្តីងងឹត​ជា​រៀង​រហូត​ត​ទៅ គឺ​ជា​រៀង​រហូត​ត​ទៅ ។ ទ្រង់​ជ្រាប​ដឹង​ថា ព្រះវរបិតា​របស់​ទ្រង់​ដែល​គង់​នៅស្ថានសួគ៌ មិន​ប្រទាន​បទបញ្ញត្តិ​ណា​មួយ​ដោយ​មិន​ប្រទាន​មធ្យោបាយ​ដើម្បី​សម្រេច​នូវ​បទបញ្ញត្តិ​នោះ​ឡើយ ។៣១ ជ័យជម្នះ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​រីករាយ ហើយ​ព្រះគ្រីស្ទ​ជា​អ្នក​ឈ្នះ​ក្នុង​សង្រ្គាម​ដ៏​ធំ​ជាមួយ​សេចក្តីស្លាប់ និង​ស្ថាន​នរក ។ ឥឡូវ​នេះ នោះ​គឺ​ជា​សាសនាវិទ្យា​ស៊ី​ជម្រៅ​នា​រាត្រី​នេះ ប៉ុន្តែ​នោះ​ជា​អ្វី​ដែល​ពួកគេ​ត្រូវ​មាន​ភាពរីករាយ ។ ជ័យជម្នះ​របស់​ព្រះគ្រីស្ទ​គឺ​ជា​ប្រភព​នៃ​សេចក្តីសង្ឃឹម​របស់​យើង​នៅក្នុង​ឆ្នាំ​ថ្មី​នេះ និង​រៀងរាល់​ឆ្នាំ—ពោល​គឺ​រៀងរហូត​ត​ទៅ ។

ពី​ព្រោះ​តែ​ការរំខាន​ក្នុង​ជីវិត និង​ការល្បួង​របស់​លូស៊ីហ្វើរ នោះ​ការបន្ត​មាន​សង្ឃឹម និង​រីករាយ​នៅថ្ងៃ​ស្អែក ឬ​ខែ​ក្រោយ ឬ​ឆ្នាំ​ក្រោយ​អាច​មាន​ការពិបាក ។ ទោះជាយ៉ាង​ណា​ក៏​ដោយ​នោះ​គឺ​ជា​ចំណុច​ដ៏​ច្បាស់​លាស់​របស់​ស៊ីស្ទើរ ហូឡិន ក្នុង​ការសូម​ឲ្យ​មាន​ភាព​សាមញ្ញ និង​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​ផ្តោតលើ​មូលដ្ឋាន​គ្រឹះ​នៃ​ជីវិត​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ជួនកាល យើង​បន្ត​ផ្តោត​លើ​ការរំខាន និង​ការល្បួង​ទាំង​នោះ​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​ជួនកាលជីវិត​យើង​គឺ​មាន​នូវ​ការរំខាន និង​ការល្បួង​ទាំង​នោះ ប៉ុន្តែ​ទោះបី​ក្នុង​ករណី​ណា​ក៏​ដោយ ប្រសិនបើ​យើង​បាន​ស្ថាបនា​ទីបន្ទាល់​របស់​យើង​លើ​គ្រឹះ​នៃ​ដំណឹងល្អ នោះ​យើង​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​បទពិសោធន៍​នៃ​ឧបសគ្គ​របស់​យើង ដូច​មិត្ត​ម្នាក់​ដ៏​គួរ​ឲ្យ​គោរព​របស់​ខ្ញុំ​កំពុង​ទទួល​បាន​ពី​បទពិសោធន៍​របស់​គាត់​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ។ គាត់ ភរិយា​គាត់ និង​កូនស្រី​របស់​គាត់—ហើយ​ខ្ញុំ​ជឿ​ថា ពួកគាត់​កំពុង​ស្តាប់​នា​រាត្រីនេះ—កំពុង​ជួប​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ក្នុង​ពេល​ឥឡូវ​នេះ—ខ្ញុំ​គួរ​បន្ថែម​ថា វា​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ ។ ពួកគេ​មាន​ហេតុផល​ច្រើន​ដើម្បី​បង្ហាញ​ភាព​លំបាក​របស់​ខ្លួន ហើយ​ឆ្ងល់​ថា តើ​សេចក្តីសង្ឃឹម ឬ​សេចក្តីជំនឿ ឬ​សេចក្តីសប្បុរស​ដ៏​ល្អ​របស់​ពួកគេ​បាន​ធ្វើ​អ្វី​ដាក់​ពួកគេ​បែប​នេះ ។ ប៉ុន្តែ​ដោយសារ​ការប្តេជ្ញាចិត្ត​ក្នុង​នាម​ជា​សិស្ស​ទាំង​នៅក្នុង​គ្រាមាន​អំណរ ឬ​ទុក្ខ​ព្រួយ នោះ​ក្រុមគ្រួសារ​នេះ​កំពុង​តែ​ឈ្នះ ។

នៅក្នុង​អ៊ីម៉ែល​ថ្មីៗ​នេះ ( ដែល​ខ្ញុំ​ចែកចាយ​ជាមួយ​ក្មួយ​ដោយ​មាន​ការអនុញ្ញាត​ពី​គាត់ ) នោះ​គាត់​បាន​សរសេរ​ថា ៖

« អស់​រយៈពេល​ពីរបី​ខែ​មក​នេះ លោកិយ​នេះ​ហាក់ដូច​ជា​តូច​ណាស់​សម្រាប់​ខ្ញុំ ៖ ទាំង [ ទំហំ ] [ គ្រែ ] មន្ទីរពេទ្យ និង​បន្ទប់​ជំងឺ ។ [ ការជា​សះស្បើយ​បន្ទាប់​ពី​ការប្តូរ​តម្រង់​នោម​របស់​ភរិយា ] ខ្ញុំ បាន​ឃើញ​ថា​មាន​ការលំបាក ហើយ​គាត់បាន​ចេញចូល​មន្ទីរពេទ្យ … ពេញ​មួយ​ខែ​មុន ។ ជា​លទ្ធផល​ខ្ញុំ​បាន ‹ ផ្តាច់​ខ្លួន › ចេញ​ពី​ពិភពលោក [ ដែល​នៅ​ជុំ​វិញ​ខ្ញុំ ] » ។ សូម​គិត​អំពី​ពាក្យ ភាពសាមញ្ញ ។

គាត់​បន្ត​ទៀត​ថា ៖ « ខ្ញុំ​មិនចូលចិត្ត​គំនិត​មួយ​ដែល​ថា ព្រះអម្ចាស់ ប្រទាន ការ​សាកល្បង​ដល់​យើង​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ទ្រង់​អាច ប្រើ ការសាកល្បង​ទាំង​នោះ​សម្រាប់​ព្រះរាជបំណង​របស់​ទ្រង់​វិញ ។ រឿង​មួយ​ដែល​សំខាន់​សម្រាប់​ខ្ញុំ​ក្នុង​រយៈពេល​ពីរបី​សប្តាហ៍​កន្លង​មក​នេះ​គឺ​ថា … ដំណឹងល្អ​មាន​សារៈសំខាន់​ខ្លាំង​យ៉ាង​ណា ហើយ​ចេតនា​ពិត​នៃ​ដំណឹងល្អ​គឺ [ ផ្ទុយ​ទៅ​នឹង​អ្វីៗ​ជាច្រើន​ដែល​អាច​មាន​ដ៏​ច្រើន​លើស​លប់ ] ។ បទពិសោធន៍​នៃ​សេចក្តីស្រឡាញ់​សម្រាប់​អ្នកដទៃ បទពិសោធន៍​នៃ​ការត្រូវបាន​ស្រឡាញ់ និង​បម្រើ​ពី​អ្នក​ដទៃ វត្តមាន​ស្ងប់ស្ងាត់​នៃ​ព្រះ​សូរសៀង​របស់​ព្រះ កាល​អ្នក​ខ្សោះ​កម្លាំង​អង្គុយ [ នៅ​ក្បែរ ] [ គ្រែ ] របស់​កូន​ដែល​មាន​ជំងឺ ឬ​នៅក្នុង​បន្ទប់​របស់​ភរិយា​នៅ​មន្ទីរពេទ្យ [ ដែល​ឈឺ​ធ្ងន់ ] នា​អាធ្រាត​យប់​ជ្រៅ [ ហើយ​ស្តាប់​ឮ​ឃ្លា​ដ៏​ទេវភាព ] ថា ‹ បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ › ។

« ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន និង​ដំណឹង​ល្អ ហើយ [ បាន ] ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ។ ក្រៅ​ពី​ការគាំទ្រ​ពី​សាសនាចក្រ [ និង​ទ្រឹស្តី​លើស​ពី​អរូបិយ ] នោះ [ អ្វីៗ ] ដែល​អាច​ជួយ​យើង​ឲ្យ​ដើរ​ឆ្ពោះ​ទៅ​រក​ពន្លឺ​ដោយ​សន្សឹមៗ … គឺ​ជា​ភាពពិត​នៃ​សេចក្តីជំនឿ … ទីបន្ទាល់ [ សេចក្តីសង្ឃឹម និង​សេចក្តីស្រឡាញ់ ] » ។

គាត់​បាន​បញ្ចប់​អ៊ីម៉ែល​នោះ​ថា « ខ្ញុំ​មិន​អាច​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​អស់​ជាច្រើន​សប្តាហ៍ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ល្អៗ​ជា​ច្រើន ដែល​ពិតស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​របស់​ពួកគេ … ដែល​បាន​បម្រើ​គ្រួសារ​របស់​ខ្ញុំ ។ … ខ្ញុំ​បាន​ទទួល​ពរ​ច្រើន​ណាស់ ហើយ​ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់ [ ខ្ញុំ​ស្រឡាញ់ ] ដំណឹងល្អ [ ខ្ញុំ​ស្រឡាញ់ ] ការស្តារ​ឡើង​វិញ ព្រមទាំង​សាសនាចក្រ » ។៣២

ទីបន្ទាល់​ប្រកប​ដោយ​អំណាច​អំពី​សេចក្តីសង្ឃឹម និង​ការតស៊ូ ព្រមទាំង​សេចក្តីជំនឿ និង​សេចក្តីសប្បុរស ដែល​បាន​បង្ហាញ​នៅក្នុង​គ្រា​ដ៏​លំបាក​បំផុត​នោះ ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត ។ ហើយ​យើង​ត្រូវ​ដឹង​ថា នៅ​ពេល​ណា​មួយ​សេច​ក្តីសង្ឃឹម របស់​យើង និង​ការប្រែចិត្ត​ជឿ របស់​យើង នឹង​ត្រូវបាន​សាកល្បង និង​បន្សុទ្ធ​ដោយ​គ្មាន​ការសង្ស័យ នៅក្នុង​ឡ​តែមួយ​នៃ​ការ​រង​ទុក្ខ​ផ្ទាល់​ខ្លួន​ផងដែរ ។ មិត្ត​វ័យ​ក្មេង​ដ៏​អស្ចារ្យ​របស់​ខ្ញុំ​អើយ ជំនឿ​ដែល​មិន​បាន​សាកល្បង​គឺ​មិន​មាន​ជំនឿ​ខ្លាំង​ទាល់​តែសោះ ។ យើង​និយាយ​ថា យើង​ត្រូវ​ស្ថាបនា​ឡើងនៅ​លើ​ថ្ម​ដា​នៃ​ព្រះគ្រីស្ទ ។ មែនហើយ យើង​គួរតែ ធ្វើ បែប​នោះ ដោយសារ​ជីវិត​តែងតែ​មាន​ព្យុះ និង​ខ្យល់​បោកបក់ នោះ​គ្រឹះ​ដែល​នៅលើ​ដី​ខ្សាច់​នឹង​មិន​អាច​ទប់ទល់​បាន​ឡើយ កាល​ខ្យល់​បក់​មក ពេល​ភ្លៀង​ធ្លាក់ចុះ និង​ពេល​ទឹក​ជន់​ឡើង​នោះ ។៣៣

យោបល់​ចុង​ក្រោយ​មួយ​ទៀត កាល​ដែល​យើង​បន្ត​ឈាន​ទៅរក​ការបញ្ចប់​ការចាក់ផ្សាយ​ទូទាំង​ពិភព​លោក​នេះ​នៅក្នុង​ឆ្នាំ​ថ្មី​ដ៏​អស្ចារ្យ​នេះ រួមទាំង​ឆ្នាំ​សិក្សា​ថ្មី​នៃ​ថ្នាក់​វិទ្យាស្ថាន​ដែរ ។ មាន​ក្មួយ​មួយ​ចំនួន​នៅ​ទីនេះ អាច​មាន​ក្តីបារម្ភ​ខ្លាំង​ហួសហេតុអំពី​ជំនាញ​សិក្សា​ណា​ដែល​គួរ​រៀន​នៅ​សាលា ឬ​អាជីព​អ្វី​ដែល​ក្មួយ​គួរតែ​ធ្វើ ។ មាន​ក្មួយ​មួយ​ចំនួន​អាច​កំពុង​ពុះពារ​ជាមួយ​នឹង​បន្ទុក​នៃ​ការរំលង—ហើយ​គ្មាន​អ្វី​បង្ខូច និង​បំផ្លាញ​សេចក្តីសង្ឃឹម​របស់​យើង​សម្រាប់​ពេល​អនាគត​ជាង​ការដែល​យើង​ផ្តាច់​ខ្លួន​ពី​ព្រះ​ឡើយ ។ ស៊ីស្ទើរ ហូឡិន និង​ខ្ញុំ គ្មាន បំណង​ជ្រើសរើស​ដើម្បី​ថ្លែង​សុន្ទរកថា​នេះ​អំពី​អំពើបាប ឬ​ការរំលង​ទេ ប៉ុន្តែ​យើង​នឹង​ទំនួល​ខុសត្រូវ ដើម្បី​លើក​ឡើង​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ជា​កាតព្វកិច្ច​របស់​យើង​ដើម្បី​បង្រៀន ។

វា​នឹង​មាន​នូវ​តម្រូវការ​ជា​សកល​មួយ​ជានិច្ច​សម្រាប់​គោលការណ៍​ដែល​បំពេញ​ឲ្យ​មាន​សេចក្តីសង្ឃឹម និង ការអនុវត្ត​ចំពោះ​ការប្រែចិត្ត​ដ៏​អស្ចារ្យ ។ នៅពេល​យើង​បាន​រំលង យើង​ដឹង​យ៉ាង​ច្បាស់​ពី​មូលហេតុ​ដែល​អណ្តាត​ភ្លើង​នៃ​សេចក្តីសង្ឃឹម​របស់​យើងរលត់​សន្សឹមៗ ហើយ​នោះ​ជា​ហេតុ​ផលជួនកាល​ហាក់ដូច​ជា​រលត់​សូន្យ​ឈឹង​តែ​ម្តង ។ នៅក្នុង​ស្ថានភាព​បែប​នោះ យើង​ត្រូវតែ​ផ្លាស់ប្តូរ ឬ​ក៏​ការសង្ឃឹម​ទុក​សម្រាប់​សេចក្តីសង្ឃឹម​នា​ពេល​អនាគត​របស់​យើង​ត្រូវបាន​រលាយ​សាបសូន្យ ។ ទៀន​នោះ​បាន​រលត់​ជា​អចិន្ត្រៃយ៍ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវតែ​ប្រែចិត្ត​ជាប់​ជា​ប្រចាំ ។ គឺ​ពួកយើង​ទាំងអស់គ្នា ! ពោល​គឺ​រៀងរាល់​ថ្ងៃ​ដូច​ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍ ។៣៤

ដូច្នេះ​រាត្រី​នេះ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​ក្មួយ​ដោះស្រាយ​បន្ទុក​ណា​ក៏​ដោយ​នៃ​ការរំលង​នោះ​ឲ្យ​បាន​ភ្លាមៗ ដោយ​ចាប់​ផ្តើម​ពី​ម៉ោង​នេះទៅ អំពើ​បាប​គឺ​ជា​សត្រូវ​ដ៏​ធំ​បំផុត​នៃ​សេចក្តីសង្ឃឹម និង​សុភមង្គល​ដែល​ខ្ញុំ​ដឹង​មក​ទាំងអស់​ក្នុង​ពិភព​លោក​នេះ ។ សូម​ចូល​ទៅកាន់​ព្រះអម្ចាស់​ជាមួយ​នឹង​ការសារភាព​របស់​ក្មួយ ហើយ​ទៅ​ជួប​ប៊ីស្សព ប្រសិនបើ​អំពើបាប​របស់​ក្មួយ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នោះ ។ ប៉ុន្តែ​សូម​ផ្លាស់ប្តូរ​អ្វី​ក៏​ដោយ​ដែល​ខុស​ឆ្គង ទោះបី​ធំ ឬ​តូច​ក្តី ។ ការប្រែចិត្ត​គឺ​ជា​របៀប​ដែល​យើង​ទទួល​បាន​ការចាប់ផ្តើម​ដ៏​ស្រស់ស្រាយ​ឡើង​វិញ នេះគឺ​ជា​របៀប​ដែល​យើង​ទទួល​បាន​អនាគត​ដ៏​ភ្លឺ​ស្វាង​មួយ ។ ជីវិត​គឺ​មាន​ការលំបាក​គ្រប់គ្រាន់​ហើយ នោះ​សូម​កុំ​ស្ពាយ​កំហុស​នៅ​លើ​ខ្នង​ក្មួយ​ទៀត​ឡើយ—ពោល​គឺ​ពេញ​មួយ​ថ្ងៃ រៀងរាល់​ថ្ងៃ​ពេញ​មួយ​យប់ រៀងរាល់​យប់ ។ សូម​ទម្លាក់​សម្ពាយ​នោះ​ចុះ ។ សូម​ប្តូរ​ពីការថប់​បារម្ភ​មកជា​ភាពសុខសាន្ត ។ សូម​ប្តូរ​សេចក្តី​ទុក្ខព្រួយ​យក​សុភមង្គល ។ ព្រះគ្រីស្ទ​បាន​ប្រទាន​ព្រះជន្ម​ទ្រង់ ដើម្បី​ក្មួយ​អាច​មាន​សេរីភាព​ធ្វើ​កិច្ចការ​នោះ ។

បន្ទាប់​មក​ក្មួយ អាច​ធ្វើ​ដូច​អ្វី​ដែល​នីហ្វៃ​ស្នើសុំ​ឲ្យ​ពួកយើង​ទាំងអស់​គ្នា​ធ្វើ ។ នៅ​ក្នុងសារ​ដ៏​សំខាន់​របស់​លោក​មិន​យូរ​ប៉ុន្មាន​មុន​ពេល​លោក​ស្លាប់ នោះ​កូនប្រុស​នេះ​ដែល​បាន​ឃើញ​ជម្លោះ និង​ការ​ឈ្លោះ​ប្រកែក​ជា​ច្រើន​និយាយ​នូវ​អ្វី​ដែល​ស៊ីស្ទើរ ហូឡិន និង​ខ្ញុំ​ចង់​និយាយ និង​បាន​ព្យាយាម​និយាយ​នៅ​រាត្រី​នេះ ៖

« ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។៣៥

« ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម » នោះ​កើត​ចេញ​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប—នោះ​គឺ​ជា​អ្វី​ដែល​យើង​ចង់​បាន​សម្រាប់​ក្មួយ​នៅក្នុង​ឆ្នាំ​ថ្មីនេះ ។ ការ​មាន​ភាពភ្លឺ​ថ្លា​នៃ​សេចក្តីសង្ឃឹម​នោះ​នៅ​ជាមួយ នឹង​ក្លាយ​ជា​ការខ្សឹប​ប្រាប់​ដែល​មិន​អាច​បដិសេធ​ថា ព្រះស្រឡាញ់​ក្មួយ ថា​ព្រះគ្រីស្ទ​គឺ​ជា​អង្គគាំទ្រ​របស់​យើង ថា​ដំណឹងល្អ​ពិត ។ ការភ្លឺ​ថា​នៃ​សេចក្តីសង្ឃឹមនេះ​នឹង​រំឭក​ក្មួយ​ថា នៅក្នុង​ដំណឹងល្អ​តែងតែ—មាន​ឱកាស​ថ្មី ជីវិត​ថ្មី ឆ្នាំ​ថ្មី រៀង​រាល់​ថ្ងៃ—រៀង​រាល់​នាទី ។ ឱ នេះ​ជា​អព្ភូតហេតុ​មួយ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ! ឱ នេះ​គឺ​ជា​អំណោយ​ដ៏​មហិមា​ម៉្លេះ ! ហើយ​ដោយសារ​តែ​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ អ្វី​ដែល​ល្អ​បំផុត​ក្នុង​ជីវិត​នេះ​គឺ​ជា​របស់​ផង​យើង ប្រសិនបើ​យើង​បន្ត​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន និង​បន្ត​ព្យាយាម ព្រមទាំង​បន្ត​សង្ឃឹម ។

តើ​ក្មួយ​ចាំ​ពី​ស្ថានភាព​ទាំង​នោះ​នៅ​ទូទាំង​ពិភពលោក ដែល​ខ្ញុំ​បាន​លើក​ឡើង​នៅពេល​ចាប់ផ្តើម​ដែរ​ឬទេ ? មែនហើយ សូម​ប្រឈម​មុខ​នឹង​ស្ថានភាព​ទាំង​នោះ ហើយ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​របស់​ក្មួយ​ដោយ​ដឹង​ថា ដោយមាន​សេចក្តីជំនឿ នោះ​អ្វីៗ​នឹង​ដំណើរការ​នៅ​ទីបញ្ចប់ ។ ចូរ​កុំ​ទទួល​យក​ពិភពលោក​នេះ​ដូច​សភាព​ខាង​ក្រៅ​ដែល​វា​បង្ហាញ​ឡើយ ។ សូម​បញ្ចាំង​ភាព​ភ្លឺ​ថ្លា​នៃ​សេចក្តីសង្ឃឹម​របស់​ក្មួយ​លើ​លោកិយ ហើយ ធ្វើ ឲ្យ​វា​ប្រែ​ជា​អ្វី​ដែល​វា គួរតែ ប្រែក្លាយ ។ ចូរ​ធ្វើ​ជា​ពន្លឺ​ដែល​ស៊ីស្ទើរ ហូឡិន​បាន​ស្នើ​ឲ្យ​ក្មួយ​ធ្វើ សូម​កុំ​ឲ្យ​ពន្លឺ​នោះ​រលត់​ឡើយ គឺ​ពន្លឺ​នៃ​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។

ខ្ញុំ​សូម​បន្សល់​ពរជ័យ​នៃ​ភាព​ជា​សាវក​ដល់​ក្មួយ​ម្នាក់ៗ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​នា​រាត្រី​នេះ សម្រាប់​អ្វី​ដែល​ខ្ញុំ​ដឹង​យ៉ាង​ប្រាកដ និង​សម្រាប់​អ្វីៗ​ដែល​ក្មួយ​នឹង​ត្រូវការ​ជានិច្ច ។ ខ្ញុំ​ធ្វើ​បែប​នេះ​ចេញ​ពី​សេចក្តីស្រឡាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​ក្មួយ ចេញ​ពី​សេចក្តីស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​ក្មួយ សេចក្តីស្រឡាញ់​របស់​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​ចំពោះ​ក្មួយ ។ គឺ​សេចក្តីស្រឡាញ់​របស់​មនុស្ស​គ្រប់រូប ! និង​វត្តមាន​របស់​ក្មួយ​នៅ​ទីនេះ​នា​រាត្រី​នេះ ។ ខ្ញុំ​សូម​ផ្តល់​ពរ​ដល់​ក្មួយ​ថា ភាពសាមញ្ញ ប៉ុន្តែ​ពោរពេញ​ដោយ​អំណាច​ដែល​ជាប់​នៅក្នុង​គោលការណ៍​នៃ​សេចក្តីសង្គ្រោះ ដូចជា​សេចក្តី​ជំនឿ និង​សេចក្តីសង្ឃឹម និង​សេចក្ដី​សប្បុរស នឹង​ក្លាយ​ជា​ភស្តុតាង និង​មាន​ប្រសិទ្ធភាព​នៅក្នុង​ជីវិត​របស់​ក្មួយ​ជានិច្ច ។ ខ្ញុំ​សូម​ផ្តល់​ពរ​ឲ្យ​ក្មួយ​ដឹង ដូច​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន ជា​ក្តីសង្ឃឹម​ដ៏​អស់កល្ប​ជានិច្ច និង​ជា​សេចក្តី​ពិត​អស់កល្ប ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដោយ​សិទ្ធិ​អំណាច​នៃ​សាវក​ថា វា​គឺ​ដូច្នេះ​មែន ហើយ​នោះ​គឺ​ជា​ចម្លើយ​មិន​ចេះ​ភ័ន្ត​ច្រឡំ​តែ​មួយ​គត់​ចំពោះ​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ និង​របស់​ក្មួយ និង​ជា​របៀប​តែ​មួយ​គត់​ដើម្បី​ត្រូវបាន​លើក​តម្កើង​ក្នុង​ភាព​អស្ចារ្យ​ដ៏​អស់​កល្ប​ជានិច្ច ។

ខ្ញុំ​សូម​ផ្តល់​ពរ​ដល់​បុគ្គល​ណា​មួយ​នៅ​ក្នុង​ចំណោម​ក្មួយ ដែល​អាច​និយាយ​នៅ​ជំនាន់​នេះ​ថា​ជា « សេចក្តីជំនឿ​មាន​វិបត្តិ » ។ សេចក្តីជំនឿ​ពិត សេចក្តីជំនឿ​ដែល​ធ្វើ​ឲ្យ​ជីវិត​មាន​ការផ្លាស់ប្តូរ សេចក្តីជំនឿ​របស់​អ័ប្រាហាំ គឺ​ស្ថិត​នៅក្នុង​វិបត្តិ​ជានិច្ច ។ នោះ​ជា​របៀប​ដែល​ក្មួយ​ឈ្វេងយល់​ប្រសិនបើ​វា​ជា​សេចក្តីជំនឿ​ដែល​ឬ​ទេ ។ ខ្ញុំ​សន្យា​នឹង​ក្មួយ​ថា ការមាន​សេចក្តីជំនឿ​ច្រើន​នោះ​មាន​ន័យ​ថា​នឹង​មាន​វិបត្តិ​តិច រហូត​ដល់​ទីបំផុត​ព្រះ​មាន​បន្ទូល​ថា ៖ « ប្រពៃ​ហើយ​បាវ​ល្អ​ស្មោះត្រង់​អើយ » ។៣៦

ខ្ញុំ​សូម​ផ្តល់​ពរ​ដល់​ក្មួយ​ម្នាក់ៗ​ឲ្យ​ដឹង​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​ពិត​ជា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​មានតែ​តាម​រយៈពិធីបរិសុទ្ធ និង​ឱកាស​នានា​ដែល​សាសនាចក្រ​នេះ​ផ្តល់​ឲ្យ​ប៉ុណ្ណោះ ទើប​បុគ្គល​ម្នាក់​អាច « ដល់​ខ្នាត​កម្ពស់​នៃ​សេចក្ដីពោរពេញ​ផង​ព្រះគ្រីស្ទ »​ដោយ​ពេញលេញ​បាន ។៣៧ ខ្ញុំ​សូម​ផ្តល់​ពរ​ដល់​ក្មួយ​ម្នាក់ៗ ដោយ​រៀងៗ​ខ្លួន និង​តាម​ឈ្មោះ នូវ​អំណោយ​ទាន​ដែល​ក្មួយ​ត្រូវការ​សម្រាប់​ដំណើរ​ស្វែងរក​នេះ ហើយ​ខ្ញុំ​សូម​ផ្តល់​ពរ​ដល់ក្មួយ ទូល​អង្វរ​ជាមួយ​ក្មួយ ដើម្បី​ស៊ូទ្រាំ​ដោយ​អត់ធ្មត់ ក្នុង​នាម​ព្រះវរបិតាសួគ៌​របស់​ក្មួយ ដោយ​ប្រាជ្ញា​របស់​ទ្រង់ រកឃើញ​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ផ្តល់​ឲ្យ​ក្មួយ​នូវ​អ្វី​ដែល​ក្មួយ​បាន​សុំ​ជា​ញឹកញាប់ ប៉ុន្តែ​ប្រទាន​ឲ្យ​ក្មួយ​នូវ​អ្វី​ដែល​ក្មួយ​ត្រូវ​ការ​ជានិច្ច ។ ដោយ​ចេញពី​សេចក្តីស្រឡាញ់​ដ៏​ទេវភាព​របស់​ព្រះ ការគាំទ្រ​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គសង្គ្រោះ​ជំនួស​យើង និង​ការលួងលោម​ជាប់​ជានិច្ច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អំណាច​បព្វជិតភាព​ដ៏​បរិសុទ្ធ និង​ព្យាការី​បច្ចុប្បន្ន​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន ព្រះគម្ពីរ​មរមន​ដ៏​ទេវភាព និង​ចេញ​ពី « ការភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥត​ខ្ចោះ » ដែល​ដំណឹងល្អ​នេះ​ផ្តល់​ឲ្យ ។ ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​នៅ​ក្នុង​ព្រះ​នាម​របស់​ទ្រង់​ដែល​ជា​ប្រភព​នៃ​សេចក្តីសង្ឃឹម​ទាំងអស់​របស់​ខ្ញុំ គឺ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អាម៉ែន ៕