២០១៣
ទ្រង់មានព្រះជន្មរស់ឡើងវិញ
ខែ មេសា 2013


សារលិខិតគណៈប្រធានទីមួយ

ទ្រង់មានព្រះជន្មរស់ឡើងវិញ

រូបភាព
ប្រធាន ហិនរី ប៊ី. អាវរិង

ទីបន្ទាល់មួយអំពីការពិតនៃដំណើររស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាប្រភពនៃសេចក្ដីសង្ឃឹមផង និង ការប្ដេជ្ញាចិត្តផង ។ ហើយវាអាចជាបែបនេះបានសម្រាប់បុត្ររបស់ព្រះគ្រប់គ្នា ។ ការណ៍នោះបានកើតឡើងចំពោះខ្ញុំ គឺនៅថ្ងៃមួយនារដូវក្ដៅ ក្នុងខែ មិថុនា ឆ្នាំ 1969 ពេលដែលម្ដាយខ្ញុំបានស្លាប់ តាំងពីនោះមក វាបានក្លាយជាដូច្នោះអស់ជាច្រើនឆ្នាំ ហើយវានឹងនៅដូច្នោះរហូតដល់ខ្ញុំជួបគាត់ម្ដងទៀត ។

ភាពសោកសៅដែលកើតមកពីការឃ្លាតបណ្ដោះអាសន្ន ត្រូវបានជំនួសដោយសេចក្ដីរីករាយមួយរំពេច ។ វាលើសពីសេចក្ដីសង្ឃឹម ដែលថានឹងបានការជួបជុំដ៏រីករាយមួយទៅទៀត ។ ដោយសារព្រះអម្ចាស់បានបើកសម្ដែងអ្វីៗជាច្រើន តាមរយៈព្យាការីទាំងឡាយរបស់ទ្រង់ ហើយដោយសារព្រះវិញ្ញាណបរិសុទ្ធបានបញ្ជាក់ពីសេចក្ដីពិតនៃដំណើររស់ឡើងវិញដល់ខ្ញុំផងនោះ នោះខ្ញុំអាចឃើញនៅក្នុងគំនិតរបស់ខ្ញុំ ថាការជួបជុំគ្នាម្ដងទៀតជាមួយនឹងអ្នកជាទីស្រឡាញ់របស់យើង ដែលបានស្អាង និង បានរស់ឡើងវិញនោះ គឺយ៉ាងណា ៖

« ពួកគេនេះហើយ ដែលនឹងចេញមក ក្នុងដំណើររស់ឡើងវិញនៃមនុស្សសុចរិត ។ …

« ពួកគេនេះហើយ ដែលមានឈ្មោះកត់នៅស្ថានសួគ៌ ជាទីដែលព្រះ និង ព្រះគ្រីស្ទ ជាចៅក្រមនៃមនុស្សទាំងអស់ ។

« ពួកគេនេះហើយ ដែលមនុស្សសុចរិតដែលបានធ្វើឲ្យល្អឥតខ្ចោះ តាមរយៈព្រះយេស៊ូវដ៏ជាអ្នកកណ្ដាលនៃសេចក្ដីសញ្ញាថ្មី ដែលបាននាំមកនូវដង្វាយធួនដ៏ល្អឥតខ្ចោះនេះ តាមរយៈការច្រួចព្រះលោហិតរបស់ព្រះអង្គផ្ទាល់ » ( គ. និង ស. 76:65, 68–69 ) ។

ដោយសារព្រះយេស៊ូវគ្រីស្ទបានផ្ដាច់នូវចំណងនៃសេចក្ដីស្លាប់ នោះកូនចៅនៃព្រះវរបិតាសួគ៌ទាំងអស់គ្នា ដែលបានកើតមកក្នុងពិភពលោកនេះ នឹងបានរស់ឡើងវិញ ក្នុងរូបកាយមួយដែលនឹងមិនដែលស្លាប់ទៀតឡើយ ។ ដូច្នេះ ទីបន្ទាល់របស់ខ្ញុំ និង របស់អ្នក អំពីសេចក្ដីពិតដ៏រុងរឿងនោះ អាចដកចេញនូវទ្រនិចនៃការបាត់បង់នូវសមាជិកក្រុមគ្រួសារ ឬ មិត្តដ៏ជាទីស្រឡាញ់ ហើយជំនួយវិញនូវការរង់ចាំដល់ថ្ងៃអនាគតដែលពេញដោយអំណរ និង ការប្ដេជ្ញាចិត្តដ៏រឹងមាំ ។

ព្រះអម្ចាស់បានប្រទានដល់យើងទាំងអស់គ្នា នូវអំណោយនៃការរស់ឡើងវិញ ហេតុដូច្នេះហើយ វិញ្ញាណរបស់យើងត្រូវបានដាក់ចូលក្នុងរូបកាយ រួចផុតពីភាពមិនឥតខ្ចោះខាងសាច់ឈាម ( សូមមើល អាលម៉ា 11:42–44 ) ។ ម្ដាយខ្ញុំនឹងមានរូបរាងក្មេង ហើយភ្លឺចែងចាំង ផលដែលមកពីអាយុ និង ចំនួនឆ្នាំនៃការរងទុក្ខខាងសាច់ឈាមនឹងត្រូវដកចេញ ។ ការណ៍នោះនឹងបានមកដល់គាត់ និង ដល់យើងជាអំណោយមួយ ។

ប៉ុន្តែពួកយើង ដែលចង់យ៉ាងខ្លាំង ដើម្បីបានរស់នៅជាមួយគាត់ជារៀងរហូតនោះ ត្រូវតែធ្វើការជ្រើសរើសទាំងឡាយ ដែលធ្វើឲ្យមានភាពសក្ដិសមដើម្បីបានការរួបរួមនោះ គឺដើម្បីបានរស់នៅកន្លែងដែលព្រះវរបិតា និង ព្រះរាជបុត្រាដែលបានរស់ឡើងវិញ ដ៏ជាទីស្រឡាញ់របស់ទ្រង់ គង់នៅដោយសិរីរុងរឿង ។ នោះជាកន្លែងតែមួយគត់ ដែលជីវិតក្រុមគ្រួសារអាចបន្តនៅដ៏អស់កល្បជានិច្ច ។ ទីបន្ទាល់អំពីសេចក្ដីពិតនោះ បានបង្កើននូវការប្ដេជ្ញាចិត្តរបស់ខ្ញុំ ដើម្បីធ្វើឲ្យខ្លួនខ្ញុំ និង អ្នកទាំងឡាយដែលខ្ញុំស្រឡាញ់ មានភាពសក្ដិសមនឹងទទួលបានកម្រិតដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាល តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលមានក្នុងជីវិតយើង ( សូមមើល គ. និង ស. 76:70 ) ។

ព្រះអម្ចាស់ប្រទានដល់យើងនូវការណែនាំមួយក្នុងដំណើរស្វែងរកជីវិតដ៏នៅអស់កល្បនេះ នៅក្នុងការអធិស្ឋានសាក្រាម៉ង់ ដែលជួយដល់ខ្ញុំ និង អាចជួយដល់អ្នក ។ យើងត្រូវបានអញ្ជើញឲ្យរំឭកឡើងវិញនូវសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់យើង ក្នុងគ្រប់ការប្រជុំសាក្រាម៉ង់ ។

យើងសន្យាថា ចងចាំព្រះអង្គសង្គ្រោះជានិច្ច ។ និមិត្តសញ្ញានៃការពលិកម្មរបស់ទ្រង់ ជួយយើងឲ្យមានការដឹងគុណចំពោះទំហំនៃថ្លៃ ដែលទ្រង់បានបង់ ដើម្បីផ្ដាច់ចំណងនៃសេចក្ដីស្លាប់ ដើម្បីប្រទានដល់យើងនូវសេចក្ដីមេត្តាករុណា និង ដើម្បីប្រទានការអត់ទោសដល់អំពើបាបរបស់យើងទាំងអស់ ប្រសិនបើយើងជ្រើសរើសប្រែចិត្ត ។

យើងសន្យារក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ការអានព្រះគម្ពីរ និង ពាក្យសម្ដីរបស់ព្យាការីដែលនៅរស់ និង ស្ដាប់ដល់អ្នកឡើងនិយាយដ៏បំផុសគំនិត នៅក្នុងការប្រជុំសាក្រាម៉ង់ រំឭកយើងពីសេចក្ដីសញ្ញារបស់យើងក្នុងការធ្វើដូច្នោះ ។ ព្រះវិញ្ញាណបរិសុទ្ធនាំបទបញ្ញត្តិដែលយើងចាំបាច់ដើម្បីគោរពបំផុត នៅថ្ងៃនោះ ចូលក្នុងគំនិត និង ដួងចិត្តរបស់យើង ។

ក្នុងការអធិស្ឋានសាក្រាម៉ង់ ព្រះសន្យាថា បញ្ជូនព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅជាមួយយើង ( សូមមើល មរ៉ូណៃ 4:3; 5:2; គ. និង ស. 20:77, 79 ) ។ ខ្ញុំបានឃើញនៅក្នុងគ្រានោះថា ព្រះអាចប្រទានដល់ខ្ញុំ នូវអ្វីដែលមានអារម្មណ៍ដូចជាការសម្ភាសន៍ផ្ទាល់ខ្លួនមួយអញ្ចឹង ។ ទ្រង់ធ្វើឲ្យខ្ញុំបានដឹង ពីអ្វីដែលខ្ញុំបានធ្វើដែលសព្វព្រះហឫទ័យទ្រង់ ពីសេចក្ដីត្រូវការរបស់ខ្ញុំក្នុងការប្រែចិត្ត និង សេចក្ដីត្រូវការការអត់ទោស និង ឈ្មោះ និង មុខនៃមនុស្សទាំងឡាយដែលទ្រង់ចង់ឲ្យខ្ញុំបម្រើ សម្រាប់ទ្រង់ ។

អស់ជាច្រើនឆ្នាំកន្លងមក បទពិសោធន៍ដដែលនោះ បានបង្វែរសេចក្ដីសង្ឃឹមទៅជាអារម្មណ៍នៃសេចក្ដីសប្បុរស និង នាំមកនូវការធានាអះអាងមួយថា សេចក្ដីមេត្តាករុណាគឺត្រូវបានប្រទានដល់ខ្ញុំ ដោយដង្វាយធួន និង ដំណើររស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។

ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់ឡើងវិញ ហើយជាគំរូ និង ជាអ្នកដឹកនាំផ្លូវដ៏ឥតខ្ចោះរបស់យើង ទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។

ការបង្រៀនចេញពីសារលិខិតនេះ

យើងគួរ « ប្រៀបធៀបបទព្រះគម្ពីរទាំងអស់ទៅនឹងខ្លួនយើង ដើម្បីទុកជាប្រយោជន៍ និង ការចេះដឹងដល់យើង » ( នីហ្វៃទី1 19:23 ) ។ សូមពិចារណាក្នុងការអានពីការអធិស្ឋានសាក្រាម៉ង់ ដែលមានក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា 20:76–79 ។ បន្ទាប់ពីអានការបង្រៀនរបស់ប្រធាន អាវរិង អំពីការអធិស្ឋានសាក្រាម៉ង់ហើយ អ្នកអាចចង់អញ្ចើញពួកអ្នកទាំងឡាយដែលអ្នកកំពុងបង្រៀន ឲ្យគិតពីរបៀបទាំងឡាយ ដែលការអធិស្ឋានទាំងនេះអាចដឹកនាំជីវិតពួកគេ និង ជួយពួកគេឲ្យត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទម្ដងទៀត ។

រូបថតដោយ ម៉ាថាយ រៀ ទ្រង់មានព្រះជន្មរស់ឡើងវិញ ដោយ ដិល ផាសុន ហាមថតចម្លង