២០១៣
ការធ្វើកិច្ចការសម្រាប់ព្រះអម្ចាស់
កក្កដា 2013


ការធ្វើកិច្ចការសម្រាប់ព្រះអម្ចាស់

ម៉ារី ជេន លូមិបោ ស៊ូយ៉ា ប្រទេសហ្វីលីពីន

ស្វាមីខ្ញុំ សាយរ័ស និង ខ្ញុំបានរៀបការក្នុងព្រះវិហារបរិសុទ្ធនៅ ថ្ងៃទី 23 ខែ ឧសភា ឆ្នាំ 2006 ។ ពីមុនយើងរៀបការ ការងាររបស់គាត់ក្នុងមន្ទីរពិសោធន៍មួយ តម្រូវឲ្យសាយរ័សត្រូវធ្វើការនៅថ្ងៃអាទិត្យ ។ គាត់មានការផ្លាស់ប្តូរពេលវេលាធ្វើការ ប៉ុន្តែជាធម្មតា គាត់ធ្វើការពីពាក់កណ្ដាលយប់រហូតដល់ម៉ោង 8:00 ព្រឹក ។ ក្រោយចេញពីធ្វើការ គាត់ត្រូវត្រឡប់ទៅផ្ទះ ដើម្បីដោះឯកសណ្ឋានរបស់គាត់ចេញ ហើយពាក់សម្លៀកបំពាក់ថ្ងៃអាទិត្យ រួចហើយធ្វើដំណើរទៅព្រះវិហារតែម្ដង ដែលវាចាប់ផ្ដើមនៅម៉ោង 9:00 ព្រឹក ។ គាត់បានបន្តធ្វើការបែបនេះ បន្ទាប់ពីយើងបានរៀបការហើយ ។

ពេលខ្លះ ខ្ញុំទៅព្រះវិហារតែម្នាក់ឯងដោយសារគាត់ត្រូវធ្វើការបន្ថែម ។ យើងតែងតែសង្ឃឹមថា គាត់មិនត្រូវធ្វើការនៅថ្ងៃបរិសុទ្ធជានិច្ចនោះទេ ។ នៅអាទិត្យទីមួយ ក្នុងខែមិថុនា ឆ្នាំ 2006 យើងបានធ្វើការតមអាហារជាលើកដំបូងរបស់យើង ក្នុងនាមជាស្វាមី និងភរិយា ។ យើងបានអធិស្ឋានដោយសេចក្ដីជំនឿថា សាយរ័ស នឹងត្រូវបានប្រទានពរឲ្យជាមួយនឹងការងារមួយដែលមិនតម្រូវឲ្យគាត់ធ្វើការនៅថ្ងៃអាទិត្យ ។

ពីរបីថ្ងៃក្រោយមកនៅប្រមាណជាម៉ោង 10:00 ព្រឹក ខ្ញុំងឿងឆ្ងល់ថាតើបាត់ សាយរ័ស ទៅណា តាមធម្មតា គាត់ត្រឡប់មកនៅចន្លោះម៉ោង 8:00 និង 9:00 ព្រឹក ។ រំពេចនោះខ្ញុំបានមាននូវគំនិតមួយថា ៖ « គាត់ប្រហែលជាបានឡើងមុខតំណែងហើយ » ។ ទីបំផុត សាយរ័សបានមកដល់ផ្ទះនៅម៉ោង 11:00 ព្រឹក។ ពេលគាត់ចូលមកក្នុងផ្ទះ គាត់បាននិយាយថា គាត់មានដំណឹងល្អ និង អាក្រក់ ។

ខ្ញុំបានប្រាប់គាត់ឲ្យប្រាប់ខ្ញុំពីដំណឹងអាក្រក់មុន ។ គាត់បាននិយាយថា មិនយូរទេយើងនឹងត្រូវចាកចេញពី ទីក្រុងអិល្លីហ្គាន់ ប្រទេសហ្វីលីពីន ហើយផ្លាស់ទៅទីក្រុងប៉ាណៃ ប្រទេសហ្វីលីពីន ។ ដំបូងខ្ញុំមិនពេញចិត្តនឹងដំណឹងនោះឡើយ ដោយសារយើងស្រឡាញ់សមាជិកនៅក្នុងស្តេករបស់យើង ។ ពួកគេមានសណ្ដានចិត្តល្អណាស់ចំពោះយើង ទុកយើងដូចជាគ្រួសាររបស់ពួកគេដែរ ដោយដឹងថាសាយរ័ស និងខ្ញុំគ្មានក្រុមគ្រួសារនៅក្បែរ ។

ពេលខ្ញុំសួរគាត់ពីហេតុផលដែលត្រូវផ្លាស់ទៅទីក្រុងប៉ាណៃ គាត់បាននិយាយថា ដោយសារតែមានដំណឹងល្អ ។ ប្រធានរបស់គាត់ បានសម្ភាសគាត់សម្រាប់ការងារមួយទៀតនៅក្នុងទីក្រុងប៉ាណៃ ។ ខ្ញុំបានសួរគាត់ភ្លាមពុំមែនពីប្រាក់ខែរបស់គាត់ទេ ប៉ុន្តែថាតើការងារនោះនឹងតម្រូវឲ្យគាត់ធ្វើការនៅថ្ងៃអាទិត្យដែរឬទេ ។ ពេលគាត់ឆ្លើយថា « ទេ ! » ខ្ញុំរីករាយខ្លាំងណាស់ ។ ខ្ញុំបានឱបគាត់ ហើយប្រាប់គាត់ថា ការងារថ្មីរបស់គាត់ គឺជាចម្លើយចំពោះការអធិស្ឋាន និង ការតមអាហាររបស់យើង ។ ពីរខែក្រោយមក សាយរ័ស បានចាប់ផ្ដើមធ្វើការនៅទីក្រុងប៉ាណៃ ។

ព្រះវរបិតាសួគ៌យកព្រះទ័យទុកដាក់ចំពោះយើង ហើយទ្រង់ប្រទានពរយើងពេលយើងអនុវត្តសេចក្ដីជំនឿ ហើយគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ទ្រង់ ។ ខ្ញុំមានសេចក្ដីអំណរចំពោះគោលការណ៍នៃការអធិស្ឋាន និង ការតមអាហារ ។ ការងាររបស់ស្វាមីខ្ញុំ គឺជាពរជ័យមួយសម្រាប់យើង ។ ឥឡូវនេះ គាត់មានពេលដើម្បីបំពេញការហៅបម្រើរបស់គាត់នៅក្នុងវួដ ហើយការងារតែមួយគត់ដែលគាត់ធ្វើនៅថ្ងៃអាទិត្យ គឺការងាររបស់ព្រះអម្ចាស់ ។