២០១៣
បទពិសោធន៍ទាំងឡាយនៅក្នុងការទុកចិត្តដ៏ជ្រាលជ្រៅ
កក្កដា 2013


បទពិសោធន៍ទាំងឡាយនៅក្នុងការទុកចិត្តដ៏ជ្រាលជ្រៅ

ពេលឃ្លែរ ( ឈ្មោះត្រូវបានផ្លាស់ប្ដូរ ) មានអាយុប្រាំមួយឆ្នាំ ឪពុកម្ដាយនាងបានលែងលះគ្នា ។ ជាច្រើនឆ្នាំក្រោយពីនោះមក នាងបានឃើញអាពាហ៍ពិពាហ៍ដែលបរាជ័យជាច្រើន ក៏ដូចជាសមាជិកគ្រួសារដែលជួបនឹងការញៀន ការអសកម្មក្នុងសាសនាចក្រ និង ការថប់ចិត្ត ។ ដោយទុក្ខព្រួយ និង ភាន់ច្រឡំ នោះឃ្លែរបានបាត់បង់ទំនុកចិត្តក្នុងក្រុមគ្រួសារ ។

នាងនិយាយថា « ខ្ញុំបានប្រាប់ខ្លួនឯងថា អាពាហ៍ពិពាហ៍មិនមែនសម្រាប់ខ្ញុំទេ » ។ « ប៉ុន្តែ ខ្ញុំគ្រាន់តែលាក់បាំងនូវការភ័យខ្លាចរបស់ខ្ញុំដែលថា អនាគតរបស់ខ្ញុំនឹងដូចជាអ្វីដែលខ្ញុំបានមានបទពិសោធន៍ដែរ » ។

បន្ថែមលើអារម្មណ៍ទុក្ខព្រួយអំពីស្ថានភាពគ្រួសារនាង នោះឃ្លែរបានមានអារម្មណ៍ឯកោ ។ ថ្ងៃមួយ ពេលជាយុវវ័យម្នាក់ នាងបានលត់ប្រសិទ្ធភាពចុះនៅក្នុងការអស់សង្ឃឹម ហើយបានអធិស្ឋាន ដោយអង្វរដើម្បីដឹងថា បើព្រះវរបិតាសួគ៌នៅទីនោះទេ ។ នាងនិយាយថា « ពេលខ្ញុំឈប់យំ និង និយាយ ខ្ញុំបានរំជួលចិត្តដោយអារម្មណ៍ដ៏ឆេះឆួលមួយ ដែលសុខសាន្ត ខ្លាំង និង ចំៗ » ។ « ខ្ញុំបានដឹងថា ព្រះវរបិតាសួគ៌គង់នៅទីនោះ ហើយស្រឡាញ់ខ្ញុំ និង ជួយខ្ញុំឆ្លងកាត់ការលំបាករបស់ខ្ញុំជានិច្ច » ។

ចម្លើយដែលឃ្លែរបានទទួល បំផុសឲ្យមានសេចក្ដីប្រាថ្នាក្នុងការបង្កើនទីបន្ទាល់របស់នាង និង ទុកចិត្តលើព្រះ និង បទបញ្ញត្តិរបស់ទ្រង់ ដែលទាក់ទងនឹងក្រុមគ្រួសារ ។ នាងមិនត្រឹមតែបន្តអធិស្ឋានប៉ុណ្ណោះទេ ប៉ុន្តែអានព្រះគម្ពីររបស់នាង ចូលរៀនថ្នាក់សិក្ខាសាលា និង រក្សាបទបញ្ញត្តិផងដែរ ។

ឥឡូវនេះ ឃ្លែរបានរៀបការ ហើយនាងកំពុងរៀនដើម្បីប្រឈមនឹងឧបសគ្គទាំងឡាយ ដោយជំនឿ ។ « ខ្ញុំមិនព្រួយបារម្ភ មិនថាវាមិនអាចទៅរួច ដើម្បីនឹងបីបាច់គ្រួសារដ៏រឹងមាំមួយក្ដី ពីព្រោះស្វាមីខ្ញុំ និង ខ្ញុំ បានសម្រេចចិត្តដើម្បីបីបាច់ទីបន្ទាល់របស់យើងជានិច្ច រួមទាំងព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះរបស់យើង នៅក្នុងជីវិតយើង ហើយចងចាំសេចក្ដីពិតនៃដំណឹងល្អដែលមិនអាចបដិសេធបានឡើយ » ។

សម្រាប់ឃ្លែរ ការស្ថាបនាការទុកចិត្តលើព្រះ បានចាប់ផ្ដើមជាមួយនឹងការអធិស្ឋានដ៏សាមញ្ញ ស្មោះត្រង់មួយ ។ ប៉ុន្តែ តើមានអ្វីផ្សេងទៀតដែលយើងអាចធ្វើ ដើម្បីស្ថាបនាការទុកចិត្តលើព្រះវរបិតាសួគ៌ ? មជ្ឈិមវ័យវ័យក្មេងមកពីទូទាំងពិភពលោក—ម្នាក់ៗជួបនឹងការលំបាក—ចែកចាយបទពិសោធន៍របស់ពួកគេ ពីរបៀបដែលពួកគេបានអភិវឌ្ឍការទុកចិត្តលើព្រះអម្ចាស់ និង បានរៀនពឹងផ្អែកលើព្រះរាជបំណងរបស់ទ្រង់ របៀបរបស់ទ្រង់ និង ពេលវេលារបស់ទ្រង់ ។

បន្តរក្សាការដឹងគុណ

ការគិតពីពរជ័យទាំងឡាយរបស់នាង ជួយឲ្យ ស្ទេហ្វានី អេកលី មកពី រដ្ឋ ហេស ប្រទេស អាល្លឺម៉ង់ ទុកចិត្តលើផែនការរបស់ព្រះវរបិតាសួគ៌ និង លើពេលវេលារបស់ទ្រង់ ។

ស្ទេហ្វានីបានចាប់ផ្ដើមសរសេរនូវពរជ័យទាំងឡាយរបស់នាង បន្ទាប់ពីទំនាក់ទំនងជាមួយនឹងមិត្តល្អម្នាក់ មិនបានសម្រេច ។ « ទោះជាយើងមិនបានណាត់ជួបដើរលេងរៀនស្គាល់ចិត្តគ្នាក្តី ក៏ខ្ញុំតែងតែសង្ឃឹមថា ទំនាក់ទំនងរបស់យើងនឹងអភិវឌ្ឍទៅជាអ្វីមួយថែមទៀត ។ សេចក្ដីសង្ឃឹមរបស់ខ្ញុំត្រូវបានបំផ្លាញ ពេលគាត់បានប្រាប់ខ្ញុំថា គាត់មានមិត្តស្រីម្នាក់ហើយ » ។

ដោយខូចចិត្ត ស្ទេហ្វានីបានរកឃើញការលួងលោម បន្ទាប់ពីបានអានអត្ថបទមួយអំពីការដឹងគុណ ដែលនៅក្នុងលីអាហូណា ។ នាងបានទទួលការបំផុសឲ្យសរសេរ ថាតើនាងបានមានពរជ័យយ៉ាងណា—ជាពិសេស ថាតើការនៅលីវជាពរជ័យមួយយ៉ាងណា ។

អ្វីដែលនាងកត់ត្រាទុកបានជួយនាងឲ្យដឹងថា ដោយគ្រាន់តែនាងពុំទាន់មានឱកាសរៀបការ នោះមិនមែនមានន័យថា នាងត្រូវបានបដិសេធមិនឲ្យទទួលពរជ័យនោះទេ ។ ស្ទេហ្វានីដឹងថា ព្រះអម្ចាស់បានប្រទានពរជ័យដល់នាង ឲ្យមានឱកាសធ្វើជាគ្រូបឋមសិក្សា និង ធ្វើការជាមួយកុមារ ។ នាងបានធ្វើដំណើរ បានចូលរួមសន្និសីទទូទៅ និង បានចូលរួមចំណែកជាអ្នកប្រឹក្សាក្នុងកម្មវិធី ជាពិសេសសម្រាប់យុវវ័យ ។ មិត្តភាពដ៏ជាទីស្រឡាញ់របស់នាងមួយចំនួន ត្រូវបានស្ថាបនាឡើងតាមរយៈសន្និសីទមជ្ឈិមវ័យវ័យក្មេង ដែលនាងបានចូលរួម ។

នាងនិយាយថា ប៉ុន្តែពរជ័យដ៏ធំបំផុតគឺការដែលអាចចំណាយពេលនៅជាមួយលោកយាយរបស់នាងមួយរយៈខ្លី មុនពេលគាត់បានទទួលអនិច្ចកម្មទៅ ជាអ្វីមួយដែលបងប្អូននាង និង បងប្អូនជីដូនមួយនាងមិនបានធ្វើ ព្រោះពួកគេរស់នៅឆ្ងាយ ឬ មានក្រុមគ្រួសារដែលពួកគេត្រូវថែរក្សាដែរ ។

ប្រាំឆ្នាំបានកន្លងផុតទៅ តាំងពីស្ទេហ្វានីបានចាប់ផ្ដើមកត់ត្រានូវពរជ័យទាំងឡាយរបស់នាង ។ នាងនៅតែរង់ចាំពេលវេលា ដែលនាងនឹងមានឱកាសរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ នាងនិយាយថា « ខ្ញុំមិនដឹងពេលណាដែលខ្ញុំនឹងជួបជាមួយនឹងដៃគូអស់កល្បរបស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំទុកចិត្តថា ពេលវេលានោះនឹងមកដល់ ។ រហូតដល់ពេលនោះ ខ្ញុំដឹងថា ខ្ញុំនឹងបន្តទទួលបទពិសោធន៍ទាំងឡាយ ដែលនឹងជួយឲ្យខ្ញុំរៀន និង រីកចម្រើន ។ ព្រះវរបិតាសួគ៌បានប្រទានពរជ័យដល់នាងដ៏ច្រើនមហិមា ហើយនាងដឹងថា ទ្រង់នឹងបន្តធ្វើដូច្នោះ ប្រសិនបើនាងស្មោះត្រង់ ។

អានព្រះបន្ទូលនៃព្រះជាប្រចាំថ្ងៃ

ដានីយ៉ែល ម៉ាតុសសែលឡូ មកពី រដ្ឋ ខូឡូរ៉ាដូ ស.រ.អា. ទើបតែបានបញ្ចប់ការលែងលះរបស់គាត់ ហើយបានឃើញថា វាពិបាកនឹងមានអារម្មណ៍សុខសាន្តជាមួយនឹងស្ថានភាពថ្មីរបស់គាត់ ។ គាត់មិនត្រឹមតែមិនមែនជាមនុស្សរៀបការទៀតនោះទេ ប៉ុន្តែគាត់ក៏ជាឪពុកថ្មីថ្មោងម្នាក់ ហើយអត់មានការងារធ្វើថែមទៀតផង ។ គាត់មិនបានយល់ថា ការណ៍នេះបានកើតឡើងយ៉ាងណានោះទេ—ជាពិសេស ពេលដែលគាត់តែងតែព្យាយាមដើម្បីធ្វើជាមនុស្សសុចរិតនោះ ។

ដោយមានអារម្មណ៍ឯកោ និង វង្វេង ដានីយ៉ែលបានបែរទៅរកព្រះគម្ពីរ ។ គាត់និយាយថា « ខ្ញុំបានចាំពីការលួងលោមដែលខ្ញុំបានទទួលក្នុងពេលអតីតកាល ពីការអានព្រះគម្ពីរ ដូច្នេះខ្ញុំបានចាត់វាជាការផ្ដោតយកចិត្តទុកដាក់មួយ ជារៀងរាល់ថ្ងៃ » ។ ការចាត់ពេលវេលាសម្រាប់ការសិក្សាព្រះគម្ពីរជាប្រចាំថ្ងៃ មានន័យថា គាត់បានដាក់កម្រិតដល់ការកំសាន្តសប្បាយ ដូចជាទូរទស្សន៍ និង អ៊ិនធើរណិត ។ គាត់និយាយថា ប៉ុន្តែវាមិនមែនជាការពលិកម្មមួយនោះទេ ។ « ពេលខ្ញុំអាន ខ្ញុំទទួលការលួងលោម និង ការដឹកនាំ ។ អ្វីៗផ្សេងទៀតក្លាយទៅជាការសំខាន់បន្ទាប់បន្សំ ។ ខ្ញុំមិនបានគ្រាន់តែអាន ដើម្បីអាននោះទេ ប៉ុន្តែខ្ញុំរកមើលចម្លើយទាំងឡាយ ។ ខ្ញុំអានដោយមានគោលបំណងមួយ » ។

ដានីយ៉ែលបានរកឃើញការលួងលោមនៅក្នុងព្រះគម្ពីរ ពេលដែលគាត់បានដឹងថា គ្រប់គ្នាមានបទពិសោធន៍អំពីភាពអកុសល ។ គាត់និយាយថា « ព្យាការីទាំងឡាយ និង អ្នកផ្សេងទៀតជាមនុស្សសុចរិត ប៉ុន្តែនៅតែមានទុក្ខលំបាក » ។ « ការអានពីបទពិសោធន៍របស់ពួកគាត់ បានជួយខ្ញុំឲ្យយល់ថា មានពេលមួយក្នុងជីវិត យើងទាំងអស់គ្នារងទុក្ខវេទនា ប៉ុន្តែនៅក្នុងទុក្ខវេទនានោះ យើងអាចខិតកាន់តែជិតព្រះគ្រីស្ទ » ។

បន្ថែមលើនោះទៀត ដានីយ៉ែលនិយាយថា ការអានជាប្រចាំថ្ងៃបានសម្រាលបន្ទុករបស់គាត់ ព្រោះវាជារបៀបមួយក្នុងការបញ្ចូលព្រះអង្គសង្គ្រោះក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ។ « ពេលព្រះបានមានបន្ទូលមកកាន់ខ្ញុំ តាមរយៈខទាំងឡាយដែលខ្ញុំអាន ខ្ញុំទុកចិត្តថា អ្វីៗនឹងប្រសើរឡើង ហើយថា ជំនួយរបស់ទ្រង់ គឺអ្វីមួយដែលល្អនឹងបានមកពីបទពិសោធន៍នេះ » ។

ទុកព្រះជាទីមួយ

ផូ នីន មកពី ទីក្រុង កៅស៊ីអ៊ុង ប្រទេស តៃវ៉ាន់ បានមានបទពិសោធន៍អំពីភាពភ័យខ្លាច បន្ទាប់ពីគាត់បានស្នើសុំ ម៉ី វ៉ា ដែលជាមិត្តស្រីគាត់រៀបការ ។ « ខ្ញុំធ្លាប់ដើរលេងដើម្បីស្គាល់ចិត្តគ្នា ជាមួយមនុស្សផ្សេងទៀតពីមុនមក យ៉ាងហោចណាស់បីដងមុននេះ ខ្ញុំធ្លាប់មានទំនាក់ទំនងប្រាកដប្រជាមួយ ដែលរីកលូតលាស់ឡើង គ្រាន់តែដើម្បីមើលឃើញវាបែកខ្ញែកទៅវិញ ។ បទពិសោធន៍ទាំងនោះបានធ្វើឲ្យទំនុកចិត្តរបស់ខ្ញុំចុះទន់ខ្សោយ នៅក្នុងការមានទំនាក់ទំនងយូរអង្វែងមួយ ដែលនាំទៅរកទំនាក់ទំនងដ៏អស់កល្បមួយ » គាត់បានសារភាពយ៉ាងដូច្នេះ ។

ទោះជា ផូ នីន មានអារម្មណ៍សុខសាន្តពេលគាត់អធិស្ឋានអំពីការរៀបការ ម៉ី វ៉ា ក៏ដោយ ក៏គាត់បានចាប់ផ្ដើមសង្ស័យចំពោះចម្លើយរបស់គាត់ ។ តើគាត់បានទទួលអារម្មណ៍បញ្ជាក់ពីព្រះវិញ្ញាណទេ ? ឬក៏អារម្មណ៍របស់គាត់បានធ្វើឲ្យគាត់ភាន់ច្រឡំ ? តើការភ្ជាប់ពាក្យនេះនឹងនាំឆ្ពោះទៅកាន់ព្រះវិហារបរិសុទ្ធទេ ? ឬក៏ទំនាក់ទំនងនេះនឹងត្រូវបែកខ្ញែក ?

គឺនៅក្នុងអំឡុងពេលនេះឯង ដែល ផូ នីន បានចងចាំពីសំណួរមួយដែលសួរដោយ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( 1899–1994 ) ដែលគាត់បានឮនៅក្នុងថ្នាក់វិទ្យាស្ថាន ៖ « យើងត្រូវតែទុកព្រះនៅមុខអ្វីផ្សេងទៀតទាំងអស់នៅក្នុងជីវិតយើង ។ … ពេលយើងទុកព្រះជាទីមួយ នោះអ្វីៗទាំងអស់ផ្សេងទៀតចូលទៅក្នុងកន្លែងត្រឹមត្រូវរបស់វា ឬក៏ចេញពីជីវិតយើង » ។1

ដំបូន្មាននេះបានចង្អុលប្រាប់ពីការសម្រេចចិត្តដ៏សំខាន់មួយនៅក្នុងជីវិត ផូ នីន ។ គាត់និយាយថា « ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំទុកព្រះជាទីមួយនៅក្នុងជីវិតខ្ញុំ ហើយដរាបណាខ្ញុំស្មោះត្រង់ និង ពិតត្រង់ចំពោះទ្រង់ នោះអ្វីៗដែលមិនត្រឹមត្រូវនឹងចាកចេញទៅ ហើយអ្វីៗដែលល្អនឹងចូលនៅក្នុងកន្លែងរបស់វា » ។ បើគាត់ទុកព្រះជាទីមួយ ហើយទំនាក់ទំនងរបស់គាត់ជាមួយ ម៉ី វ៉ា ល្អ នោះព្រះវរបិតាសួគ៌នឹងជួយឲ្យវាបានសម្រេច ។ ដោយឆ្ពោះទៅមុខដោយការទុកចិត្ត នោះ ផូ នីន បានរៀបការនឹង ម៉ី វ៉ា នៅក្នុងព្រះវិហារបរិសុទ្ធហុងកុង ។ គាត់និយាយថា « ខ្ញុំបានទទួលពរជ័យយ៉ាងសន្ធឹកសន្ធាប់ ដោយមកពីការដាក់ការទុកចិត្តរបស់ខ្ញុំចំពោះព្រះអម្ចាស់ » ។

ព្យាយាមធ្វើតាមព្រះរាជបំណងទ្រង់

របៀបមួយផ្សេងទៀតក្នុងការស្ថាបនាការទុកចិត្តលើព្រះវរបិតាសួគ៌ គឺការធ្វើតាមព្រះរាជបំណងរបស់ទ្រង់ ។ សម្រាប់ ម៉ាថា ហ្វើរនេនដេស-រេប៊ូលលូស មកពី ទីក្រុង ថារ៉ាហ្គូណា ប្រទេស អេស្ប៉ាញ ការរៀនទុកចិត្តលើព្រះវរបិតាសួគ៌ បានមកពីការជ្រើសរើសដើម្បីរក្សាបទដ្ឋានរបស់នាង ។

យុវជនដែលនាងបានណាត់ជួបដើរលេងដើម្បីស្គាល់ចិត្តគ្នា ពុំមែនជាសមាជិកសាសនាចក្រទេ ហើយក៏ពុំមានចំណាប់អារម្មណ៍ក្នុងការចូលរួមដែរ ។ នាងនិយាយថា « វិញ្ញាណរបស់ខ្ញុំបានចាប់ផ្ដើមមានការប្រទាញប្រទង់ រវាងអ្វីដែលខ្ញុំត្រូវបានបង្រៀន អំពីអាពាហ៍ពិពាហ៍ដ៏អស់កល្ប និង ការដោះសាររាប់រយជំពូកដែលដួងចិត្តរបស់ខ្ញុំផ្ដល់ដល់ខ្ញុំ ឲ្យលះបង់វាទាំងអស់ចោល ហើយរៀបការជាមួយយុវជននោះសម្រាប់តែជីវិតនេះប៉ុណ្ណោះ » ។ « ប៉ុន្មានខែនោះជាខែនៃការភាន់ច្រឡំ ឈឺចាប់ និង ទឹកភ្នែកជាច្រើនតំណក់ » ។

ដោយមានការពិបាកក្នុងការសម្រេចចិត្ត ម៉ាថាបានចូលទៅបន្ទប់នាង ហើយបានស្វែងរកការដឹកនាំពីពរជ័យនៃលោកអយ្យកោរបស់នាង ។ នាងបានអាននូវអ្វីដែលបានសន្យាដល់នាង ប្រសិនបើនាងជ្រើសរើសការត្រឹមត្រូវ ។ ដោយចាប់ផ្ដើមយំមួយរំពេច នោះនាងបានដឹងពីអ្វីដែលនាងត្រូវតែធ្វើ ។ « លទ្ធផលទាំងឡាយនៃការបែកបាក់គ្នា មិនជាបញ្ហាអ្វីសម្រាប់ខ្ញុំទៀតឡើយ ។ ខ្ញុំពុំបានដឹងថាមានអ្វីនៅខាងមុខនោះទេ ប៉ុន្តែខ្ញុំមានការជឿជាក់ថា ដរាបណាខ្ញុំនៅខាងព្រះអម្ចាស់ នោះគ្មានសង្ស័យឡើយ វានឹងជាអ្វីមួយដែលល្អ ។ ខ្ញុំបានរកឃើញថា ពេលដែលយើងលើកទស្សនៈរបស់យើងឡើង ហើយធ្វើតាមការបំផុសរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះយើងរកឃើញថា ផលផ្លែនៃសេចក្ដីសុចរិតគឺ ‹ មានរសជាតិផ្អែមបំផុត គឺផ្អែមជាងអ្វីៗដែល [ យើង ] ធ្លាប់បានភ្លក់ពីមុនមក › (  នីហ្វៃទី1 8:11  ) » ។

នៅក្នុង សុភាសិត 3:5–6 យើងអានថា ៖

« ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ។

« ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងតំរង់អស់ទាំងផ្លូវច្រករបស់ឯង » ។

ការស្ថាបនាការទុកចិត្តលើព្រះ និង ផែនការរបស់ទ្រង់ មិនតែងតែងាយស្រួលនោះទេ ។ យើងម្នាក់ៗប្រឈមមុខនឹងឧបសគ្គផ្ទាល់ខ្លួនយើង ។ ប្រហែលជាអ្នកពុំទាន់បានរកឃើញមនុស្សដែលសមស្របម្នាក់ ដើម្បីណាត់ជួបដើរលេងដើម្បីស្គាល់ចិត្តគ្នានៅក្នុងវួដ ឬ សាខារបស់អ្នក ។ ប្រហែលជាអាពាហ៍ពិពាហ៍បានមកដល់ហើយ ប៉ុន្តែពុំមានកូន ។ ប្រហែលអ្នកកំពុងប្រឈមមុខនឹងការលែងលះ ។ ឬ ប្រហែលជាបទពិសោធន៍ពីអតីតកាលធ្វើឲ្យអ្នកភ័យខ្លាយក្នុងការតាំងចិត្ត ។ ព្រះអម្ចាស់ដឹងពីការលំបាករបស់អ្នក ហើយសុំឲ្យអ្នកទុកចិត្តទ្រង់ ។ ពេលអ្នករៀនទុកចិត្តព្រះវរបិតាសួគ៌ នោះសេចក្ដីសុខសាន្ត និង ការដឹកនាំនឹងមានដល់អ្នក ។

កំណត់ចំណាំ

  1. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន “The Great Commandment— Love the Lord,” Ensign, ខែ ឧសភា ឆ្នាំ 1988 ទំព័រ 4 ។