២០១៦
ការ​ចែកចាយ​សុភមង្គល​ដ៏អស់កល្បជានិច្ច
សីហា 2016


យុវវ័យ

ការ​ចែកចាយ​សុភមង្គល​ដ៏អស់កល្បជានិច្ច

រឿង​ដ៏ល្អបំផុត​មួយ​អំពី​ដំណឹងល្អ គឺ​ចំណេះដឹង​អំពីផែនការ​នៃ​សេចក្ដីសង្គ្រោះ ។ យើង​មាន​ឱកាស​ដ៏អស្ចារ្យ​ដើម្បី​នៅជាមួយ​នឹង​គ្រួសារ​របស់​យើង​ដ៏អស់កល្បជានិច្ច ។ ចំណេះ​ដឹង​នោះ​ជួយ​យើង​​ឲ្យមាន​សេចក្ដីសង្ឃឹម​នៅពេល​ណា​យើងមានអារម្មណ៍​ស្មុគស្មាញ​ដោយ​លោកិយ​នេះ ។ ប្រធាន​ អាវរិង បង្រៀនថា « ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើងជ្រាបដឹង​ពី​ដួងចិត្ត​របស់​យើង ។ ព្រះទ័យ​របស់ទ្រង់​គឺ​ប្រទាន​សុភមង្គល​ដល់​យើង ( សូមមើលនីហ្វៃទី ២ ២:២៥ ) ។ ហើយ​ដូច្នោះ ទ្រង់​បាន​ប្រទាន​ព្រះរាជបុត្រារបស់​ទ្រង់​ជា​អំណោយដើម្បី​ធ្វើ​ឲ្យ​កើត​មាន​អំណរ​ក្នុង​ចំណង​គ្រួសារ​ដែល​បន្ដ​មានជា​រៀងរហូត ។ … វាគឺជា​ការ​ប្រទាន​ឲ្យ​មួយ​ ដែល​កូនចៅ​គ្រប់រូប​របស់ព្រះ​ដែល​បាន​កើត​មក​ពិភពលោក​នេះ​អាច​ទាមទារ​យកបាន » ។

ពរជ័យ​នោះ​អនុវត្ត​ចំពោះពួក​យើង​​​ដែល​រស់នៅ​ក្នុងពេល​នេះ និង​អ្នកទាំងឡាយ​ដែល​បាន​ទទួល​មរណកាល​ទៅ--​ប៉ុន្តែ​មានតែ​តាម​រយៈ​ជំនួយ​របស់​យើង​ប៉ុណ្ណោះ ។ ជីដូនជីតា​របស់យើង​កំពុង​ស្ថិត​នៅ​ក្នុង​ពិភពវិញ្ញាណ​ឥឡូវនេះ រង់ចាំ​យើង​ឲ្យ​រៀបចំ​ឈ្មោះ​របស់ពួកគាត់​សម្រាប់​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ​ដើម្បី​ធ្វើកិច្ចការ​ជំនួស​ពួកគាត់ ។ ប៉ុន្តែ​ពេលខ្លះ​វា​អាច​នឹង​ពិបាក​ដើម្បីធ្វើ​កិច្ចការ​សម្រាប់​ពួកគេ ។ យើងអាច​នឹង​រវល់​ខ្លាំងពេក ឬ​យើងអាច​រស់នៅ​យ៉ាង​ឆ្ងាយ​ពី​ព្រះវិហារបរិសុទ្ធ​​មិនអាច​ទៅ​បាន​ញឹកញាប់ ។

ជាសំណាង​ល្អ មាន​វិធី​ផ្សេងទៀត​ដែល​យើង​អាច​ជួយ​ជីដូន​ជីតា​របស់​យើង​ដូចជា​ការ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ការ​ធ្វើ​លិបិក្រម ឬ​ការ​មើលប្អូន​សម្រាប់​ឪពុក​ម្ដាយ​របស់​យើង ខណៈ​ដែល​ពួកគេ​ទៅ​ព្រះវិហារបរិសុទ្ធ ។ តាមរយៈ​ការ​ជួយ យើង​បម្រើ​ព្រះអម្ចាស់ ហើយ នាំ​សេចក្ដី​សង្ឃឹម​​អំពី​ក្រុមគ្រួសារ​អស់កល្បជានិច្ច​មក​ដល់អ្នកទាំងឡាយ​ដែល​នៅ​ឯ​ម្ខាង​ទៀត​នៃ​វាំងនន ។