២០១៦
ការ​ចិញ្ចឹមបីបាច់​គ្រួសាររួមគ្នា
សីហា 2016


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ ខែ សីហា ឆ្នាំ ២០១6

ការ​ចិញ្ចឹមបីបាច់​គ្រួសាររួមគ្នា

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ព្យាយាម​ស្វែង​រក​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការយល់ដឹង​ពី​« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » បង្កើន​សេចក្តីជំនឿ​របស់​អ្នក​ទៅលើ​ព្រះ ហើយ​ប្រទាន​ពរ​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​ថែទាំ​តាមរយៈ​ការបង្រៀន​សួរ​សុខ​ទុក្ខ​យ៉ាង​ដូចម្តេច ? សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ reliefsociety.lds.org ។

សេចក្ដី​ជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ

« ស្វាមី និង ភរិយា មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​ឧឡារិក ដើម្បី​ស្រឡាញ់ និង ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង កូន​ចៅ របស់​ខ្លួន​ផងដែរ » ។ ប្រធាន រ័សុល អិម ណិលសុន ជា​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មានប្រសាសន៍​ថា « គេហដ្ឋាន​គឺជា​មន្ទីរ​ពិសោធន៍​នៃ​សេចក្ដីស្រឡាញ់ និង​ការ​បម្រើ​របស់ព្រះ » ។

« ព្រះវរបិតាសួគ៌​របស់​យើង សព្វ​ព្រះទ័យ​ឲ្យ​ស្វាមី និង​ភរិយា​មានភាព​ស្មោះត្រង់​នឹង​គ្នា​ទៅវិញ​ទៅ​មក ហើយ​គោរព និង​ប្រព្រឹត្ត​ចំពោះកូនចៅ​របស់ពួកគេ​ដូចជា​កេរមរតក​មក​ពី​ព្រះអម្ចាស់ » ។

នៅក្នុ​ងព្រះគម្ពីរមរមន យ៉ាកុប​បាន​និយាយ​ថា សេចក្ដីស្រឡាញ់​ដែល​ស្វាមី​មាន​ចំពោះភរិយា​របស់ពួកគេ សេចក្ដីស្រឡាញ់​ដែល​ភរិយា​មាន​ចំពោះ​ស្វាមី​របស់​ពួកគេ និង​សេចក្ដីស្រឡាញ់​ដែល​អ្នកទាំងពីរ​មាន​ចំពោះ​កូនៗ​របស់​ពួកគេ គឺ​ស្ថិត​នៅក្នុងមូលហេតុ​ជា​ច្រើន​ដែល​ពួកសាសន៍​លេមិន ស្ថិត​នៅ​ក្នុង​ចំណុច​មួយ​ដែល​មានភាព​សុចរិត​ច្រើនជា​ងពួក​សាសន៍​នីហ្វៃ ( សូមមើលយ៉ាកុប ៣:៧ ) ។

វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​អញ្ជើញ​ឲ្យ​មាន​សេចក្ដីស្រឡាញ់ និង​ភាព​សុខុដុម​នៅក្នុង​គេហដ្ឋាន​របស់​យើង​គឺ​តាមរយៈ​ការ​និយាយ​ដោយ​សន្ដាន​ចិត្ត​ល្អ​ចំពោះ​សមាជិក​គ្រួសារ​របស់​យើង ។ ការ​និយាយ​ដោយ​សន្ដាន​ចិត្ត​ល្អ​នាំឲ្យ​មាន​ព្រះវិញ្ញាណបរិសុទ្ធ ។ បង​ស្រី លីនដា ខេ ប៊ើតុន ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​សុំ​ឲ្យ​យើង​ពិចារណា​ថា ៖ « តើយើងមានចេតនា​ ‹ និយាយ​ពាក្យ​ល្អៗ​ចំពោះគ្នា › ញឹកញាប់​ប៉ុណ្ណា ? »

បទគម្ពីរ​បន្ថែម

រ៉ូម ១២:១០, ម៉ូសាយ ៤:១៥, គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:៥

រឿង​ពិត​ដែល​បាន​កើត​ឡើង

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃពួកសាវក​ដប់ពីរនាក់​បាន​ចែកចាយ​បទពិសោធន៍​កាលពី​កុមារភាព​ដែល​ផ្ដល់​ចំណាប់អារម្មណ៍​ដល់លោក​អំពី​សារៈសំខាន់​នៃគ្រួសារ​ជា​ទីស្រឡាញ់ ។ កាលលោក និងបងប្រុស​របស់​លោក​នៅក្មេង ម្ដាយ​របស់ពួក​លោក​បាន​មាន​ការវះកាត់​ជំងឺ​មហារីកដែល​ធ្វើឲ្យ​គាត់​ឈឺចាប់​យ៉ាង​ខ្លាំង​ពេល​គាត់​ប្រើ​ដៃស្ដាំ​របស់គាត់ ។ គ្រួសារ​ដែល​មានសុទ្ធតែ​កូន​ប្រុស មាន​ខោអាវ​ជាច្រើន​ត្រូវអ៊ុត ប៉ុន្តែ​នៅពេល​ម្ដាយ​របស់លោក​អ៊ុត​ខោអាវ ជាញឹកញាប់​គាត់​បានឈប់ ហើយចូលទៅ​បន្ទប់គេង​របស់គាត់​យំ​រហូត​ដល់​ការ​ឈឺចាប់​នោះ​បាន​ធូរស្រាល​ទៅវិញ ។

នៅពេល​ឪពុក​របស់​អែលឌើរ គ្រីស្តូហ្វឺសិន បាន​ដឹង​ពី​អ្វី​ដែលបាន​កើតឡើង គាត់​​អត់​ទទួល​ទាន​អាហារថ្ងៃត្រង់​ជា​សម្ងាត់​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ ដើម្បី​សន្សំ​ប្រាក់​ឲ្យ​គ្រប់​ល្មម​នឹង​ទិញ​ម៉ាស៊ីន​មួយ​ដែល​អ៊ុត​បាន​ស្រួល​ជាងនោះ ។ ដោយ​ក្ដីស្រឡាញ់​របស់​គាត់​ចំពោះភរិយា នោះ​គាត់​បាន​ធ្វើ​ជា​គំរូ​មួយ​នៃការ​ចិញ្ចឹម​បីបាច់​នៅ​ក្នុង​ក្រុម​​គ្រួសារ​សម្រាប់​​កូនប្រុសរបស់​គាត់ ។ ដោយ​ការ​ប្រាស្រ័យទាក់ទង​នេះ អែលឌើរ គ្រីស្ដូហ្វឺសុន បាន​មានប្រសាសន៍​ថា « ខ្ញុំ​ពុំបាន​ដឹង​អំពី​ការ​ពលិកម្ម​របស់​ឪពុក​ខ្ញុំ និង​ទង្វើរនៃ​សេចក្ដីស្រឡាញ់​ចំពោះ​ម្ដាយ​ខ្ញុំ​នៅគ្រា​នោះទេ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​បានដឹង​ ខ្ញុំ​និយាយ​ទៅ​ខ្លួន​ឯង​ថា ‹ មាន​បុរស​ម្នាក់ ›»

កំណត់​ចំណាំ

  1. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ។

  2. រ័សុល អិម ណិលសុន « Salvation and Exaltation » Liahona, ខែ​ឧសភា ឆ្នាំ ២០០៨ ទំព័រ ៨ ។

  3. លីនដា ខេ ប៊ើតុន « យើង​ឡើងស្ថានសួគ៌​ជា​មួយគ្នា » លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣១ ។

  4. ឌី ថត គ្រីស្តូហ្វឺសិន « Let Us Be Men, » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៤៦ ។

សូម​ពិចារណា​អំពី​សំណួរ​នេះ

តើ​ការ​ស្រឡាញ់ និង​បារម្ភ​ចំពោះ​គ្នា​ទៅវិញទៅមក​អញ្ជើញ​ឲ្យ​មានព្រះវិញ្ញាណ​ចូលមក​ក្នុង​គេហដ្ឋាន​របស់​យើង​ដោយ​របៀប​ណា ?