សារលិខិតការបង្រៀនសួរសុខទុក្ខខែ វិច្ឆិកា ឆ្នាំ ២០១៧
បងប្អូនស្រីបីនាក់
យើងទទួលខុសត្រូវចំពោះភាពជាសិស្សផ្ទាល់ខ្លួនរបស់យើង ហើយវាមិនសូវទាក់ទង — នឹងអ្វីដែលអ្នកដទៃប្រព្រឹត្តចំពោះយើងនោះឡើយ ។
បងប្អូនស្រី មិត្តជាទីស្រឡាញ់ ដើម្បីចាប់ផ្ដើមសន្និសីទទូទៅជាមួយនឹងសម័យប្រជុំរបស់ស្ត្រីទូទាំងពិភពលោក គឺសំខាន់ ហើយអស្ចារ្យណាស់ ។ ចូរស្រមៃមើល ៖ មានស្ត្រីគ្រប់វ័យ គ្រប់ជីវប្រវត្តិ គ្រប់ជាតិសាសន៍ និងគ្រប់ភាសាមករួមគ្នានៅក្នុងសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ចំពោះព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
នៅពេលយើងជួបនឹងព្យាការីជាទីស្រឡាញ់របស់យើងថ្មីៗនេះ ប្រធាន ថូម៉ាស អេស ម៉នសុន បានសម្ដែងប្រាប់យើងថាលោកស្រឡាញ់ព្រះអម្ចាស់ខ្លាំងណាស់ ។ ហើយខ្ញុំដឹងថា ប្រធាន ម៉នសុន មានអំណរគុណណាស់ចំពោះសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការលះបង់របស់បងប្អូនចំពោះព្រះអម្ចាស់ ។
ជាយូរលង់មកហើយ នៅលើដែនដីដ៏ឆ្ងាយមួយ មានបងប្អូនស្រីបីនាក់រស់នៅជាគ្រួសារ ។
នាងបងគឺជាមនុស្ស សោកសៅ ។ អ្វីៗលើតួខ្លួននាង តាំងពីច្រមុះដល់ចង្ការ តាំងពីស្បែកដល់ម្រាមជើងហាក់ដូចជាពុំល្អគ្រប់គ្រាន់ចំពោះនាងសោះ ។ នៅពេលនាងនិយាយ ពេលខ្លះសម្ដីរបស់នាងចេញមកឆ្គង ធ្វើឲ្យគេសើច ។ នៅពេលនរណាម្នាក់រិះគន់នាង ឬ « ភ្លេច » អញ្ជើញនាងទៅចូលរួមអ្វីមួយ នោះមុខនាងនឹងឡើងក្រហម រួចដើរចេញ រកកន្លែងស្ងាត់មួយដើម្បីស្រែកបន្ធូរអារម្មណ៍ ហើយងឿងឆ្ងល់ថាហេតុអ្វីជីវិតក៏បែរជាអាប់អួរ ហើយពុំរីករាយសោះដូច្នេះ ។
នាងទីពីរជាមនុស្ស មួម៉ៅ ។ នាងបានគិតថាខ្លួនឯងជាមនុស្សឆ្លាតណាស់ ប៉ុន្តែនៅឯសាលារៀនតែងតែមានគេបានពិន្ទុខ្ពស់ជាងនាងជានិច្ច ។ នាងចាត់ទុកថាខ្លួនឯងជាមនុស្សកំប្លែង ស្រស់ស្អាត ឡូយ ហើយទាក់ទាញ ។ ប៉ុន្តែហាក់ដូចជាមាននរណាម្នាក់ទៀតដែលកំប្លែងជាង ស្អាតជាង ឡូយជាង ហើយគួរឲ្យទាក់ទាញជាងនាងជានិច្ច ។
នាងពុំដែលទទួលបានលេខមួយទេ ហើយរឿងនេះធ្វើឲ្យនាងពុំអាចទ្រាំបានទេ ។ ជីវិតមិនគួរដូច្នេះសម្រាប់នាងទេ !
ពេលខ្លះនាងវាយប្រហារទៅលើអ្នកដទៃ ហើយវាហាក់ដូចជានាងតែងតែមួរម៉ៅនឹងរឿងនេះរឿងនោះជាប់ជានិច្ច ។
ប្រាកដណាស់ រឿងនេះពុំធ្វើឲ្យនាងមានគេចូលចិត្តច្រើន ឬមានប្រជាប្រិយភាពទេ ។ ពេលខ្លះ នាងសង្កៀតធ្មេញ ក្ដាប់ដៃ ហើយបានគិតថា « ជីវិតមិនមានយុត្តិធម៌ទេ ! »
បន្ទាប់ពីនោះ គឺនាងទីបី ។ នាងមិនដូចជាបងស្រី សោកសៅ និងបងស្រី មួម៉ៅ នោះទេ នាងគឺ — ជាមនុស្សល្អ រីករាយ ។ ហើយវាពុំមែនដោយសារតែនាងឆ្លាតជាង ឬស្រស់ស្អាតជាង ឬមានសមត្ថភាពជាងបងស្រីរបស់នាងទេ ។ មានពេលខ្លះមានគេគេចចេញពីនាង ឬបដិសេធនាងផងដែរ ។ ពេលខ្លះគេចំអកឲ្យការស្លៀកពាក់របស់នាង ឬរឿងដែលនាងនិយាយ ។ ពេលខ្លះគេនិយាយអាក្រក់ពីនាង ។ ប៉ុន្តែនាងមិនបណ្តោយឲ្យអ្វីទាំងនោះមកធ្វើឲ្យនាងឈឺក្បាលនោះទេ ។
នាងម្នាក់នេះចូលចិត្តច្រៀង ។ នាងច្រៀងមិនពិរោះទេ ហើយគេឯងបានសើចចំអកដាក់នាង ប៉ុន្តែនាងមិនឈប់ច្រៀងឡើយ ។ នាងនឹងនិយាយថា « ខ្ញុំនឹងមិនឲ្យអ្នកដទៃ និងគំនិតរបស់អ្នកដទៃមកបញ្ឈប់ខ្ញុំពីការច្រៀងទេ ! »
តាមពិតទៅ កាលដែលនាងច្រៀងនោះ វាធ្វើឲ្យបងស្រីទីមួយ សោកសៅ ហើយបងស្រីទីពីរ មួម៉ៅ ។
អស់ជាច្រើនឆ្នាំបានកន្លងផុតទៅ នៅទីបញ្ចប់បងប្អូនស្រីម្នាក់ៗបានឈានចូលដល់ទីបញ្ចប់នៃជីវិតលើផែនដីរបស់គាត់ ។
បងស្រីទីមួយ ដែលគិតម្តងហើយម្តងទៀតថា មានរឿងខកចិត្តជាច្រើននៅក្នុងជីវិត នៅទីបំផុតស្លាប់ទៅទាំង សោកសៅ ។
បងស្រីទីពីរ ដែលតែងតែគិតថាមានរឿងដែលធ្វើឲ្យនាងមិនចូលចិត្តថ្មីៗរាល់ថ្ងៃ បានស្លាប់ទៅទាំងមួម៉ៅ ។
ហើយនាងទីបី ដែលចំណាយពេលក្នុងជីវិតនាងច្រៀងចម្រៀងដោយអស់ពីចិត្ត ហើយញញឹមដោយមានទំនុកចិត្តនៅលើផ្ទៃមុខ បានស្លាប់ទៅដោយរីករាយ ។
ប្រាកដណាស់ ជីវិតគឺពុំដែលងាយស្រួលទេ ហើយមនុស្សក៏ពុំដែលនៅនឹងថ្កល់មិនចេះផ្លាស់ប្ដូរដូចជាបងប្អូនស្រីបីនាក់ក្នុងរឿងនេះដែរ ។ ប៉ុន្តែជាមួយនឹងឧទាហរណ៍ដ៏ហួសប្រមាណដូច្នេះ វាអាចបង្រៀនយើងអ្វីមួយអំពីខ្លួនយើង ។ ប្រសិនបើអ្នក ក៏ដូចជាពួកយើងភាគច្រើន អាចទទួលស្គាល់ថាអ្នកមានចំណែកខ្លះៗដូចជាបងស្រីទីមួយ ទីពីរ ឬមានទាំងបី ។ ចូរយើងមើលឲ្យកាន់តែច្បាស់អំពីអាកប្បកិរិយានិមួយៗ ។
ជនរងគ្រោះ
បងស្រីទីមួយ បានមើលខ្លួនឯងថាជាជនរងគ្រោះ — ជាមនុស្សម្នាក់ដែលទទួលរងអំពើពី អ្នកដទៃ ។១ វាហាក់ដូចជារឿងមួយហើយមួយទៀត បន្ដកើតឡើងចំពោះនាងដែលធ្វើឲ្យនាងសោកសៅ ។ ការមានទស្សនៈចំពោះជីវិតបែបនេះ នាងបានឲ្យអ្នកដទៃគ្រប់គ្រងលើអារម្មណ៍ និងអាកប្បកិរិយារបស់នាង ។ នៅពេលយើងធ្វើដូចនេះ យើងនឹងត្រូវរងឥទ្ធិពលពីគំនិតសព្វបែបយ៉ាង — ដែលបច្ចុប្បន្ននេះមានក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង ។
បងប្អូនស្រីជាទីស្រឡាញ់ ហេតុអ្វីក៏អ្នកគប្បីដាក់សុភមង្គលរបស់អ្នកក្នុងដៃអ្នកដទៃ ឬក្រុមមនុស្សមួយក្រុម ដែលមិនសូវយកចិត្តទុកដាក់ពីអ្នក — ឬសុភមង្គលរបស់អ្នកដូច្នេះ ?
ប្រសិនបើអ្នកឃើញថាខ្លួនអ្នកខ្វល់ខ្វាយអំពីអ្វីដែលអ្នកដទៃនិយាយអំពីអ្នក ខ្ញុំសូមផ្ដល់ថ្នាំបន្សាបនេះថា ៖ សូមចងចាំថាអ្នកជានរណា ។ សូមចងចាំថាអ្នកគឺមានពូជពង្សក្សត្រនៃនគរព្រះ ជាបុត្រីរបស់ព្រះបិតាមាតាសួគ៌ ដែលគ្រប់គ្រងសាកលលោក ។
អ្នកមាន DNA ខាងវិញ្ញាណរបស់ព្រះ ។ អ្នកមានអំណោយទានពិសេសដែលបានផ្ដើមក្នុងការបង្កបង្កើតខាងវិញ្ញាណរបស់អ្នកមកម៉្លេះ ហើយវាត្រូវបានអភិវឌ្ឍអំឡុងកាលដ៏ធំនៃជីវិតមុនឆាកជីវិតនេះរបស់អ្នក ។ អ្នកគឺជាបុត្រីរបស់ព្រះដ៏ប្រកបដោយក្ដីមេត្តាករុណា និងអស់កល្បជានិច្ចរបស់យើង ជាព្រះបិតានៅស្ថានសួគ៌ ជាព្រះអម្ចាស់នៃពួកពលបរិវារ ជាអង្គដែលបានបង្កើតសាកលលោក បានដាក់ពង្រាយផ្កាយពេញលំហរដ៏ធំ ហើយបានដាក់ភពជាច្រើននៅក្នុងគន្លងរបស់វា ។
អ្នកគឺស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ ។
ជាព្រះហស្តដ៏ល្អ ។
ព្រះហស្តជាទីស្រឡាញ់ ។
ព្រះហស្តយកព្រះទ័យទុកដាក់ ។
ហើយគ្មានអ្វីដែលនរណាម្នាក់និយាយថាឲ្យអ្នកអាចផ្លាស់ប្ដូរបាននោះទេ ។ ពាក្យសម្ដីរបស់ពួកគេគឺគ្មានន័យទេ បើប្រៀបទៅនឹងអ្វីដែលព្រះបានមានបន្ទូលអំពីអ្នក ។
អ្នកគឺជាបុត្រីដ៏មានតម្លៃរបស់ទ្រង់ ។
ទ្រង់ស្រឡាញ់អ្នក ។
ទោះជាពេលអ្នកជំពប់ដួល ឬពេលអ្នកងាកចេញពីទ្រង់ក្ដី ព្រះនៅតែស្រឡាញ់អ្នក ។ ប្រសិនបើអ្នកកំពុងមានអារម្មណ៍ថាវង្វេង គ្មានអ្នកខ្វល់ខ្វាយ ឬបំភ្លេចចោល — ចូរកុំខ្លាចឡើយ ។ អ្នកគង្វាលល្អនឹងស្វែងរកអ្នក ។ ទ្រង់នឹងដាក់អ្នកនៅលើស្មាទ្រង់ ។ ទ្រង់នឹងនាំអ្នកទៅផ្ទះ ។២
បងប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ សូមឲ្យសេចក្ដីពិតរបស់ព្រះទាំងនេះ ចាក់ជាប់នឹងបេះដូងរបស់អ្នក ។ ហើយអ្នកនឹងបានឃើញថា មានមូលហេតុជាច្រើនថាមិនត្រូវសោកសៅ ដ្បិតអ្នកមានជោគវាសនាដ៏អស់កល្បមួយដើម្បីបំពេញ ។
ព្រះអង្គសង្គ្រោះជាទីស្រឡាញ់នៃពិភពលោក បានប្រទានជីវិតរបស់ទ្រង់ដើម្បីអ្នកអាចជ្រើសរើសដើម្បីធ្វើឲ្យជោគវាសនានោះក្លាយជាការពិត ។ អ្នកបានលើកដាក់មកលើខ្លួនអ្នកនូវព្រះនាមរបស់ទ្រង់ អ្នកគឺជាពួកសិស្សរបស់ទ្រង់ ។ ហើយតាមរយៈទ្រង់ នោះអ្នកអាចបំពាក់លើខ្លួនអ្នកនូវរ៉ូបនៃសិរីល្អដ៏អស់កល្បជានិច្ច ។
អ្នកស្អប់
បងស្រីទីពីរ គឺខឹងនឹងពិភពលោក ។ ក៏ដូចជាបងស្រីសោកសៅរបស់នាងដែរ នាងមានអារម្មណ៍ថាបញ្ហាទាំងឡាយក្នុងជីវិតនាង គឺបណ្ដាលមកពីអ្នកផ្សេងទាំងអស់ ។ នាងបានបន្ទោសគ្រួសារនាង មិត្តភក្ដិ នាយក សហការីថៅកែ និងមិត្តរួមការងាររបស់នាង ប៉ូលីស អ្នកជិតខាង អ្នកដឹកនាំសាសនាចក្រ ម៉ូតសំលៀកបំពាក់ចេញថ្មីៗ សូម្បីតែងតង់ស៊ីតេនៃពន្លឺសូឡា និងសំណាងមិនល្អជាដើម ។ ហើយនាងវាយប្រហារលើអ្វីទាំងអស់នោះដោយពាក្យសម្ដី ។
នាងពុំគិតថាខ្លួននាងជាមនុស្សអាក្រក់ទេ ។ ផ្ទុយទៅវិញ នាងមានអារម្មណ៍ថា នាងគ្រាន់តែការពារខ្លួនឯងតែប៉ុណ្ណោះ ។ មនុស្សផ្សេងទៀត នាងជឿថា ត្រូវបានលើកទឹកចិត្តដោយភាពអត្មានិយម គិតរឿងកំប៉ិកកំប៉ុកគ្មានប្រយោជន៍ ហើយស្អប់ ។ ឯនាងវិញគឺថានាងត្រូវបានលើកទឹកចិត្តដោយបំណងល្អ — យុត្តិធម៌ សេចក្ដីសុចរិត និងសេចក្ដីស្រឡាញ់ ។
តាមពិតទៅ អ្វីដែលបងស្រីមួម៉ៅគិត គឺមានលក្ខណៈទូទៅខ្លាំងណាស់ ។ រឿងនេះត្រូវបានកត់ត្រាទុកនៅក្នុងការសិក្សាថ្មីៗមួយដែលរុករកមើលជម្លោះរវាងក្រុមគូប្រកួតប្រជែង ។ ជាចំណែកនៃការសិក្សានោះ អ្នកស្រាវជ្រាវបានសម្ភាសពួកប៉ាលេស្ទីន និងអ៊ីស្រាអែលនៅ មជ្ឈិមបូព៌ា ហើយពួកសាធារណៈរដ្ឋ និងពួកប្រជាធិបតេយ្យនៅសហរដ្ឋ ។ ពួកគេបានរកឃើញថា « ភាគីសងខាងមានអារម្មណ៍ថាក្រុមរបស់ពួកគេ [គឺ] ត្រូវបានលើកទឹកចិត្តដោយសេចក្ដីស្រឡាញ់ ច្រើនជាងស្អប់ ប៉ុន្តែនៅពេលសួរថាហេតុអ្វីក្រុមគូប្រកួតប្រជែងរបស់ពួកគេ [មាន] ជម្លោះ, [ពួកគេ] បានចង្អុលទៅការស្អប់ថាជា កត្តាលើកទឹកចិត្តរបស់ក្រុម [ មួយទៀត ] » ។៣
ជាពាក្យម្យ៉ាងទៀតគឺថា ក្រុមនីមួយៗគិតថាខ្លួនឯងគឺជា « មនុស្សល្អ » — យុត្តិធម៌ ចិត្តល្អ ហើយស្មោះត្រង់ ។ ផ្ទុយទៅវិញ ពួកគេបានមើលទៅគូរប្រកួតប្រជែងពួកគេថាជា « មនុស្សអាក្រក់ » — ល្ងង់ ពុំស្មោះត្រង់ អាក្រក់ ។
នៅឆ្នាំដែលខ្ញុំកើតមក ពិភពលោកបានធ្លាក់ក្នុងការមានសង្គ្រាមដ៏អាក្រក់មួយ ដែលបណ្ដាលឲ្យមានទុក្ខព្រួយ និងការសោកសៅដ៏ខ្លាំងក្នុងពិភពលោក ។ សង្គ្រាមនេះបានបណ្ដាលដោយមនុស្សមួយក្រុមមកពីជាតិសាសន៍ខ្ញុំ — ជាមនុស្សដែលសម្គាល់ក្រុមមួយចំនួនទៀតថាជាក្រុមអាក្រក់ ហើយត្រូវបានលើកទឹកចិត្តឲ្យស្អប់ពួកគេ ។
ពួកគេបានបិតមាត់អស់អ្នកដែលពួកគេមិនចូលចិត្ត ។ ធ្វើឲ្យពួកគេអាម៉ាស និងធ្វើអាក្រក់ ដាក់ពួកគេ ។ ពួកគេគិតថាអ្នកទាំងនោះ តូចទាប — មិនសមជាមនុស្សផង ។ នៅពេលអ្នកបន្ដុះបង្អាប់ដល់មនុស្សមួយក្រុម នោះអ្នកហាក់ដូចជាការពារពាក្យសម្ដីខ្លួន និង ទង្វើហឹង្សាទាស់នឹងពួកគេ ។
ខ្ញុំពុំចង់គិតពីអ្វីដែលបានកើតឡើងនៅអាល្លឺម៉ង់ក្នុងសតវត្សរ៍ទី ២០ ទេ ។
នៅពេលនរណាម្នាក់ជំទាស់ ឬ មិនយល់ស្របនឹងយើង វាជាការល្បួងឲ្យស្មានថា នឹងមានអ្វីមួយខុសក្នុងខ្លួនអ្នកនោះហើយ ។ ហើយចាប់ពីចំណុចនោះមក វានឹងទៅជាការបោះជំហានតូចមួយទៅភ្ជាប់នឹងហេតុទៅរកពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ ។
ប្រាកដណាស់ យើងត្រូវតែការពារអ្វីដែលត្រឹមត្រូវ ហើយមានពេលជាច្រើនដែលយើងត្រូវតែបន្លឺសំឡេងរបស់យើងសម្រាប់បុព្វហេតុនោះ ។ ទោះជាយ៉ាងណាក្ដី នៅពេលយើងធ្វើដូច្នោះដោយកំហឹង ឬការស្អប់នៅក្នុងដួងចិត្តយើង — នៅពេលយើងវាយប្រហារឲ្យអ្នកដទៃឈឺចាប់ ខ្មាសអៀន ឬស្ងាត់មាត់ — នោះភាគច្រើន គឺយើងមិនកំពុងធ្វើដូច្នោះដោយនូវសេចក្ដីសុចរិតនោះទេ ។
តើព្រះអង្គសង្គ្រោះបង្រៀនអ្វីខ្លះ ?
« ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរ ដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អ នឹង អ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ
« ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ » ។៤
នេះគឺជារបៀបរបស់ព្រះអង្គសង្គ្រោះ ។ វាគឺជាជំហានទីមួយនៅក្នុងការបំបែករបាំងដែលបង្កើតឲ្យមានកំហឹង ការស្អប់ ការបែកបាក់ និងហឹង្សាដ៏ច្រើននៅក្នុងពិភពលោកនេះ ។
« បាទ » អ្នកអាចនិយាយថា « ខ្ញុំនឹងស្ម័គ្រចិត្តស្រឡាញ់សត្រូវរបស់ខ្ញុំ — បើពួកគេស្ម័គ្រចិត្តធ្វើដូចគ្នានេះ » ។
ប៉ុន្តែរឿងនោះវាពុំសំខាន់ទេ មែនទេ ? យើងទទួលខុសត្រូវចំពោះភាពជាសិស្សផ្ទាល់ខ្លួនរបស់យើង ហើយវាមិនសូវទាក់ទង — នឹងអ្វីដែលអ្នកដទៃប្រព្រឹត្តចំពោះយើងនោះឡើយ ។ ជាក់ស្ដែង យើងសង្ឃឹមថា ពួកគេនឹងយល់ ហើយមានសប្បុរសត្រឡប់មកវិញ ប៉ុន្តែសេចក្ដីស្រឡាញ់របស់យើងចំពោះ ពួកគេ គឺឯករាជ្យពីអារម្មណ៍របស់ពួកគេមានចំពោះ យើង វិញ ។
ប្រហែលជាការខំប្រឹងស្រឡាញ់មារសត្រូវរបស់យើង នឹងជួយបន្ទន់ដួងចិត្តពួកគេ ហើយជះឥទ្ធិពលដល់ពួកគេសម្រាប់សេចក្ដីល្អ ។ ប្រហែលវានឺងមិនបន្ទន់ចិត្តពួកគេក៏ថាបាន ។ ប៉ុន្តែរឿងនោះមិនអាចមកផ្លាស់ប្ដូរការតាំងចិត្តរបស់យើងដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទឡើយ ។
ដូច្នេះ ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ យើងត្រូវស្រឡាញ់មារសត្រូវរបស់យើង ។
យើងនឹងយកឈ្នះកំហឹង ឬការស្អប់ ។
យើងនឹងបំពេញក្នុងដួងចិត្តរបស់យើងដោយសេចក្ដីស្រឡាញ់ ចំពោះកូនចៅទាំងអស់របស់ព្រះ ។
យើងនឹងឈោងទៅប្រទានពរដល់អ្នកដទៃ ហើយបម្រើពួកគេ — ទោះជាអ្នកទាំងនោះអាចនឹង « ប្រើ[ យើង ] ដោយមានគំនុំព្យាបាទ ហើយបៀតបៀន[ យើង ] ក្ដី » ។៥
សិស្សពិត
នាងទីបីតំណាងឲ្យសិស្សពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ នាងបានធ្វើអ្វីដែលអាចនឹងលំបាកបំផុតដើម្បីធ្វើ ៖នាងទុកចិត្តលើព្រះ ទោះជាប្រឈមនឹងការចំអក និងភាពលំបាកក្ដី ។ នាងបានបន្តរក្សាជំនឿ និងក្ដីសង្ឃឹមរបស់នាង ដោយពុំគិតពីការចំអក និងការរិះគន់នៅជុំវិញនាងទេ ។ នាងបានរស់នៅដោយអំណរ ពុំមែនស្ថានភាពរបស់នាងពោរពេញដោយអំណរទេ ប៉ុន្តែនាងគឺជាមនុស្សមានអំណរ ។
គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងធ្វើដំណើរក្នុងជីវិតនេះដោយគ្មានការជំទាស់នោះទេ ។ មានកម្លាំងជាច្រើនព្យាយាមទាញយើងចេញ តើយើងរក្សាចក្ខុវិស័យរបស់យើងនឹងឆ្ពោះទៅរកសុភមង្គលដ៏រុងរឿងដែលបានសន្យាចំពោះពួកស្មោះត្រង់យ៉ាងដូចម្ដេច ?
ខ្ញុំជឿថាចម្លើយអាចរកបាននៅក្នុងសុបិនមួយដែលព្យាការីម្នាក់មាន កាលពីរាប់ពាន់ឆ្នាំកន្លងទៅ ។ ព្យាការីនោះឈ្មោះថា លីហៃ ហើយសុបិនរបស់លោកបានកត់ត្រានៅក្នុងព្រះគម្ពីរមរមនដ៏មានតម្លៃ និងអស្ចារ្យ ។
នៅក្នុងសុបិនរបស់លោក លីហៃបានឃើញវាលដ៏ធំមួយ ហើយនៅកណ្ដាលនោះ មានដើមឈើដ៏អស្ចារ្យមួយ ដែលស្រស់ស្អាតហួសពីការពិពណ៌នាបាន ។ លោកក៏បានឃើញក្រុមមនុស្សដ៏ធំដែលកំពុងដើរទៅរកដើមឈើផងដែរ ។ ពួកគេចង់ភ្លក់រស់ជាតិផ្លែឈើដ៏រុងរឿងនោះ ពួកគេបានទទួលអារម្មណ៍ដឹង ហើយទុកចិត្តថាវានឹងផ្ដល់សុភមង្គល និងភាពសុខសាន្ដដ៏ធំដល់ពួកគេ ។
ក៏មានផ្លូវតូចចង្អៀតមួយដែលនាំទៅដើមឈើនោះ ដែលនៅតាមបណ្ដោយវានោះមានដំបងដែកមួយដែលជួយពួកគេឲ្យស្ថិតនៅលើផ្លូវ ។ ប៉ុន្តែក៏មានអ័ព្ទនៃសេចក្ដីងងឹតផងដែរ ដែលធ្វើឲ្យពួកគេពិបាកមើលឃើញផ្លូវ និងដើមឈើនោះ ។ ហើយប្រហែល ជាកាន់តែគ្រោះថ្នាក់ទៀតនោះ គឺសំឡេងរបស់អ្នកសើចចំអកខ្លាំងៗមកពីអគារដ៏ធំ ហើយទូលាយដែលនៅជិតនោះ ។ ដែលគួរឲ្យរន្ធត់នោះ គឺថាការចំអកនោះបាននាំឲ្យមនុស្សមួយចំនួនដែលទៅដល់ដើមឈើ ដែលបានភ្លក់រស់ជាតិផ្លែឈើដ៏អស្ចារ្យហើយនោះ ចាប់ផ្ដើមមានអារម្មណ៍ខ្មាស់អៀន ហើយបានដើរវង្វេងចេញទៅ ។៦
ប្រហែល ជាពួកគេចាប់ផ្ដើមសង្ស័យថា ដើមឈើនោះ គឺពិតជាអស្ចារ្យដូចដែលពួកគេបានគិតឬទេ ។ ប្រហែលជាពួកគេចាប់ផ្ដើមឆ្ងល់អំពី ភាពពិតនៃអ្វីដែលពួកគេបានជួបប្រទះ ។
ប្រហែលជាពួកគេគិតថា បើពួកគេងាកចេញពីដើមឈើនោះ នោះជីវិតនឹងមានភាពងាយស្រួលជាង ។ ប្រហែលជាពួកគេនឹងលែងមាននរណាមករិះគន់ ឬសើចចំអកដាក់ទៀតហើយ ។
ហើយជាក់ស្ដែង មនុស្សដែលចំអកដាក់ពួកគេមើលទៅហាក់ដូចជាពួកគេសប្បាយចិត្ត និងមានពេលដ៏ល្អណាស់ ។ ដូច្នេះ បើពួកគេបោះបង់ចោលដើមឈើនោះ ពួកគេនឹងត្រូវបានស្វាគមន៍ទៅក្នុងក្រុមអគារដ៏ធំ និងទូលាយនោះ ហើយត្រូវបានសរសើរចំពោះការវិនិច្ឆ័យ បញ្ញា និងការនិយាយផ្ដល់ហេតុផលរបស់ពួកគេ ។
បន្តនៅលើផ្លូវ
បងប្អូនស្រី មិត្តជាទីស្រឡាញ់អើយ ប្រសិនបើអ្នករកឃើញថាវាពិបាកក្នុងការកាន់ដំបងដែកឲ្យជាប់ ហើយដើរដោយខ្ជាប់ខ្ជួនឆ្ពោះទៅរកសេចក្ដីសង្គ្រោះ ប្រសិនបើអ្នកសើច និងអ្នកចំអកដល់អ្នកដទៃហាក់ដូចជាវាជាបុព្វហេតុដ៏មុតមាំដែលធ្វើឲ្យអ្នកងាករេ ប្រសិនបើអ្នកមានបញ្ហានឹងសំណួរឥតចម្លើយ ឬគោលលទ្ធិដែលអ្នកពុំទាន់យល់នៅឡើយ ប្រសិនបើអ្នកមានអារម្មណ៍សោកសៅដោយសារតែការខកចិត្ត ខ្ញុំសូមជម្រុញទឹកចិត្តអ្នកឲ្យចងចាំអំពីសុបិនរបស់លីហៃ ។
បន្តនៅលើផ្លូវ !
ចូរកុំលែងដំបងដែកឡើយ — ដែលជាព្រះបន្ទូលនៃព្រះឡើយ !
ហើយនៅពេលនរណាម្នាក់ព្យាយាមធ្វើឲ្យអ្នកខ្មាស់អៀនដើម្បីទទួលទានសេចក្ដីស្រឡាញ់របស់ព្រះ សូមកុំស្ដាប់ពួកគេ ។
ចូរកុំភ្លេចថា អ្នកគឺជាកូនរបស់ព្រះ ពរជ័យដ៏បរិបូរកំពុងរង់ចាំអ្នក ប្រសិនបើអ្នកអាចរៀនធ្វើតាមព្រះទ័យទ្រង់ នោះអ្នកនឹងរស់នៅជាមួយទ្រង់ជាថ្មីម្ដងទៀត !៧
ការសន្យាអំពី ការសរសើរ និងការទទួលយករបស់លោកិយ គឺពុំអាចទុកចិត្ត មិនពិត ហើយពុំស្កប់ស្កល់ទេ ។ ការសន្យារបស់ព្រះ គឺពិតប្រាកដ ហើយប្រកបដោយក្តីអំណរ — ទាំងពេលនេះ និងអស់កល្បជានិច្ច ។
ខ្ញុំអញ្ជើញអ្នកឲ្យពិចារណាអំពីសាសនា និងជំនឿចេញមកពីទស្សនៈវិស័យឲ្យកាន់តែខ្ពស់ ។ គ្មានការផ្ដល់ឲ្យមកពីអគារដ៏ធំ ហើយទូលាយនោះណាមួយ អាចប្រៀបបាននឹងផ្លែឈើនៃដំណឹងល្អដ៏សកម្មរបស់ព្រះយេស៊ូវគ្រីស្ទនោះទេ ។
ពិតណាស់ ថា« សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺ សេចក្តីនោះឯងដែលព្រះបានរៀបចំទុកសម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់ » ។៨
ខ្ញុំបានរៀនដោយផ្ទាល់ថា ផ្លូវនៃភាពជាសិស្សនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាផ្លូវទៅកាន់អំណរ ។ វាគឺជាផ្លូវនាំទៅសុវត្ថិភាព និងភាពសុខសាន្ដ ។ វាគឺជាផ្លូវទៅកាន់សេចក្ដីពិត ។
ខ្ញុំថ្លែងទីបន្ទាល់ថា តាមរយៈអំណោយទាន និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកអាចរៀនរឿងនេះដោយផ្ទាល់ ។
នៅក្នុងគ្រានេះ ប្រសិនបើផ្លូវមានការលំបាកចំពោះអ្នក ខ្ញុំសង្ឃឹមថា អ្នកនឹងរកឃើញជម្រក និងកម្លាំងនៅក្នុងអង្គការដ៏អស្ចារ្យនានា នៃសាសនាចក្រយើង — ដូចជាអង្គការបឋមសិក្សា យុវនារី និងសមាគមសង្គ្រោះ ។ ពួកគេគឺដូចជាកន្លែងសម្រាប់ឈប់នៅលើផ្លូវ ជាកន្លែងដែលអ្នកអាចរំឭកទំនុកចិត្ត និងក្ដីសង្ឃឹមរបស់អ្នកសម្រាប់ការធ្វើដំណើរតទៅមុខទៀត ។ ពួកគេគឺជាផ្ទះសុវត្ថិភាពមួយ ជាកន្លែងដែលអ្នកអាចទទួលអារម្មណ៍ថាមានចំណែក ហើយទទួលបានការលើកទឹកចិត្តមកពីបងប្អូនស្រីរបស់អ្នក និងបងប្អូនជាសិស្សដទៃទៀត ។
រឿងដែលអ្នករៀននៅក្នុងអង្គការបឋមសិក្សា រៀបចំអ្នកសម្រាប់សេចក្ដីពិតបន្ថែមដែលអ្នករៀនជាយុវនារី ។ ផ្លូវនៃភាពជាសិស្ស ដែលអ្នកដើរនៅក្នុងថ្នាក់យុវនារី ដឹកនាំទៅរកការរាប់អាន និងភាពជាស្ត្រីនៅ ក្នុងសមាគមសង្គ្រោះ ។ ជាមួយនឹងជំហានមួយៗនៅតាមផ្លូវនេះ អ្នកទទួលបានឱកាសបន្ថែមដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ តាមរយៈទង្វើនៃសេចក្ដីជំនឿ ក្ដីមេត្តាករុណា សប្បុរសធម៌ គុណធម៌ និងការបម្រើ ។
ការជ្រើសរើសផ្លូវនៃភាពជាសិស្សនេះ នឹងនាំទៅរកសុភមង្គល និងការបំពេញលក្ខណៈដ៏ទេវភាពរបស់អ្នក ។
វានឹងមិនងាយស្រួលទេ ។ វានឹងតម្រូវឲ្យអ្នកខិតខំអស់ពីសមត្ថភាព — អស់ពីបញ្ញា ការឆ្នៃប្រឌិត ជំនឿ ភាពសុចរិត កម្លាំង ការតាំងចិត្ត និងសេចក្ដីស្រឡាញ់របស់អ្នក ។ ប៉ុន្តែនៅថ្ងៃមួយអ្នកនឹងក្រឡេកមើលការខិតខំរបស់អ្នក នោះអ្នកនឹងមានអំណរគុណដែលអ្នកបន្ដនៅរឹងមាំ ដែលអ្នកជឿ ហើយពុំដើរចេញពីផ្លូវ ។
ឆ្ពោះទៅមុខ
មានរឿងជាច្រើនអំពីជីវិតដែលអ្នកពុំអាចគ្រប់គ្រងបាន ។ ប៉ុន្តែនៅទីបញ្ចប់ អ្នកមានអំណាចដើម្បីជ្រើសរើសទាំងសម្រាប់ជោគវាសនារបស់អ្នក និងបទពិសោធន៍ជាច្រើននៅតាមផ្លូវរបស់អ្នក ។ វាពុំមែនផ្អែកទៅលើសមត្ថភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែការជ្រើសរើសរបស់អ្នកទៅវិញទេដែលធ្វើឲ្យមានភាពខុសប្លែកនៅក្នុងជីវិត ។៩
អ្នកពុំអាចអនុញ្ញាតឲ្យស្ថានភាពធ្វើឲ្យអ្នកសោកសៅនោះទេ ។
អ្នកពុំអាចអនុញ្ញាតឲ្យវាធ្វើឲ្យអ្នកខឹងបានទេ ។
អ្នកអាចរីករាយដែលអ្នកជាបុត្រីនៃព្រះ ។ អ្នកអាចរកបានសេចក្តីអំណរ និងសុភមង្គលនៅ ក្នុងព្រះគុណរបស់ព្រះ និងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ។
អ្នកអាចរីករាយ ។
ខ្ញុំជម្រុញអ្នកឲ្យបំពេញក្នុងដួងចិត្តអ្នកដោយការដឹងគុណចំពោះសេចក្ដីល្អដ៏បរិបូរ និងគ្មានដែនកំណត់របស់ព្រះ ។ បងប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ អ្នកអាចធ្វើដូចនេះបាន ! ខ្ញុំអធិស្ឋានដោយអស់ពីក្ដីស្រឡាញ់ក្នុងព្រលឹងខ្ញុំ សូមឲ្យអ្នកនឹងធ្វើការជ្រើសរើសដើរឆ្ពោះទៅរកដើមឈើនៃជីវិត ។ ខ្ញុំអធិស្ឋានសូមឲ្យអ្នកនឹងជ្រើសរើសបន្លឺសំឡេងអ្នកឡើង ហើយធ្វើឲ្យជីវិតរបស់អ្នកជាកិច្ចការដ៏រុងរឿងក្នុងការសរសើរ និងអំណរនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ និងក្នុងសាសនាចក្រដ៏អស្ចារ្យរបស់ទ្រង់ ហើយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ អាចនាំមកក្នុងលោកិយ ។
ចម្រៀងរបស់សិស្សពិត អាចស្ដាប់ទៅភ្លាត់ ឬខ្លាំងជាងខ្ទង់ខ្លះ ។ វាមានដូច្នោះចាប់តាំងពីដើមដំបូងមកម៉្លេះ ។
ប៉ុន្តែចំពោះព្រះវរបិតាសួគ៌របស់យើង និងចំពោះអ្នកដែលស្រឡាញ់ និងគោរពទ្រង់ វាគឺជាចម្រៀងដ៏មានតម្លៃ និងពិរោះបំផុត — ជាចម្រៀងដ៏ពិរោះ និងបរិសុទ្ធនៃសេចក្ដីស្រឡាញ់ដ៏ប្រោសលោះ និងការបម្រើថ្វាយព្រះ និងបងប្អូនយើង ។១០
ខ្ញុំសូមបន្យល់ទុកពរជ័យរបស់ខ្ញុំក្នុងនាមជាសាវកមួយរូបរបស់ព្រះអម្ចាស់ថា អ្នកនឹងរកឃើញផ្លូវ និងភាពក្លាហានដើម្បីព្យាយាមដោយអំណរក្នុងនាមជាបុត្រីរបស់ព្រះ ខណៈពេលដែលដើរដោយរីករាយជារៀងរាល់ថ្ងៃនៅលើផ្លូវនៃភាពជាសិស្សដ៏រុងរឿង ។ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះគ្រីស្ទ អាម៉ែន ។
© 2017 by Intellectual Reserve, Inc. All rights reserved. បានបោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស 6/17 ។ អនុមតិបកប្រែ ៖ 6/17 ។ ការបកប្រែនៃ Visiting Teaching Message, November 2017 ។ Cambodian ។ 97931 258