ឆ្នាំ ២០២១
ស្វែងរក​កម្លាំង​ដើម្បី​អភ័យទោស
ខែ មិថុនា ឆ្នាំ ២០២១


« ស្វែងរក​កម្លាំង​ដើម្បី​អភ័យទោស » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មិថុនា ឆ្នាំ ២០២១ ទំព័រ ១០–១១ ។

ចូរ​មក​តាម​ខ្ញុំ

ស្វែងរក កម្លាំង ដើម្បី អភ័យទោស

ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ដទៃ​ទៀត ។ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ រួមទាំង​បទបញ្ញត្តិ​មួយ​នេះ​ផងដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១០

រូបភាព
ស្ត្រី​​មើល​ទៅអ្នក​ដែល​ហុច​ដៃ​មក​នាង

រចនា​រូបភាព​ដោយ ជេមស៍ មេដសិន

តើ​មាន​បទបញ្ញត្តិ​ណា​ផ្សេង​​ទៀត​ដែលមើល​ទៅ​ហាក់​ដូចជា​ពិបាក​ជាង​បទបញ្ញត្តិ​ដទៃទៀត​ដែរ​ឬទេ ?

នេះ​ជា​បទបញ្ញត្តិ​មួយ​ដែល​បំភ័យ​មនុស្ស​ជា​ច្រើន ៖ « យើង​ជា​ព្រះ​អម្ចាស់​នឹង​អត់​ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រីឯ​អ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំងអស់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១០ ) ។

ឈប់សិន ។ យើង​ត្រូវតែ​អភ័យទោស​ដល់ មនុស្ស​គ្រប់​គ្នា ដែល​បាន​ធ្វើ​ខុស​ចំពោះ​យើង ? តើ​នោះ​អាច​ទៅ​រួច​បាន​យ៉ាង​ដូម្តេច ?!

វា​ជា​រឿង​មួយ​ដើម្បី​អភ័យទោស​ដល់​នរណា​ម្នាក់ ដែល​និយាយ​គ្រោតគ្រាត​ដាក់​អ្នក ឬ​ដែល​យក​នំប៉័ង​ចុងក្រោយ​នៅតុ​អាហារ ។ ប៉ុន្តែ ចុះ​ចំពោះ​របួស​ដ៏​ជ្រៅ​វិញ​នោះ ? ចុះបទល្មើស​ដ៏​ធ្ងន់ធ្ងរ​ទាំងនោះ​ដែល​អាច​បង្អាក់ ឬ​ថែម​ទាំង​ផ្លាស់ប្ដូរ​ដំណើរ​ជីវិត​របស់​យើង​ទៀតផង​នោះ ?

ជួនកាល សមត្ថភាព​ដើម្បី​អភ័យទោស​ឲ្យ​នរណា​ម្នាក់ ដែល​បាន​ធ្វើ​ឲ្យ​យើង​ឈឺចាប់​យ៉ាង​ក្រៃលែង អាច​មាន​អារម្មណ៍​ថា​ហួស​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ។

នេះ​ជា​ដំណឹងល្អ ៖ ដោយ​មាន​ជំនួយ​ពី​ព្រះយេស៊ូវគ្រីស្ទ យើង​មិន​ដែល​ត្រូវបាន​កំណត់​ចំពោះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​នោះ​ឡើយ ។

ជំនួយ​ដែល​គាត់​ត្រូវការ

គ្រិស្ដ​សាសនិក​ដ៏​ស្មោះត្រង់​ម្នាក់​មកពី​ប្រទេស​ហូឡង់​ឈ្មោះ ខូរី ធេន ប៊ូម បានរកឃើញ​ដោយផ្ទាល់​នូវ​អំណាច​នៃ​ការទូល​សូម​ពី​ព្រះ ដើម្បី​ជួយ​គាត់​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ម្នាក់ ។

គាត់ និង​បងស្រី​គាត់ ប៊េតស៊ី ត្រូវបាន​គេ​ដាក់គុក​នៅក្នុង​បន្ទាយ​កសាង​នៅ​អំឡុង​សង្គ្រាម​លោកលើក​ទី ២ ។ ខូរី និង​អ្នក​ផ្សេង​ទៀត​បាន​ស៊ូទ្រាំ​នឹង​ការរំលោភ​បំពាន​ដ៏​ឃោរឃៅ​ពី​អ្នកយាម​គុក​ណាស៊ី ។ បងស្រី​របស់​គាត់ ប៊េតស៊ី ​បាន​ស្លាប់​ ដោយសារ​តែ​ការរំលោភ​បំពាន​នោះ ។ ខូរី​ នៅ​រស់រានមានជីវិត ។

បន្ទាប់​ពី​សង្គ្រាម ខូរី ​បាន​រកឃើញ​អំណាច​នៃ​ការព្យាបាល​មកពី​ការអភ័យទោស​ឲ្យ​មនុស្ស​ដទៃ ។ គាត់​បាន​ចែកចាយ​សារ​របស់​គាត់​នៅ​កន្លែង​សាធារណៈ​ជា​ញឹកញាប់ ។ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ គាត់​បានមាន​បទពិសោធន៍​ដែល​សាកល្បង​ថា តើ​គាត់​ជឿ​លើពាក្យ​ដែល​គាត់​និយាយ​នោះ​យ៉ាងដូម្តេច ។

ក្រោយពី​សុន្ទរកថា​ជា​សាធារណៈ​មួយ អ្នកយាម​គុក​ដ៏​ឃោរឃៅ​បំផុត​ម្នាក់​ពី​បន្ទាយ​បាន​មករក ​ខូរី ។

គាត់​បាន​ប្រាប់​ ខូរី​ ថា គាត់​បាន​ក្លាយ​ជា​គ្រិស្ដ​សាសនិក​ម្នាក់​ដែរ តាំងពី​សង្គ្រាម​ចប់​មក ហើយ​បាន​ប្រែចិត្ត​ពី​ការណ៍​ដ៏​អាក្រក់​ទាំងឡាយ ដែល​គាត់​បាន​ធ្វើ​ពេល​ជា​អ្នកយាម​គុក ។

គាត់​បាន​ហុចដៃ​គាត់ ហើយ​បាននិយាយ​ថា « តើ​បងស្រី​នឹង​អភ័យទោស​ឲ្យ​ខ្ញុំ​បានដែរទេ » ?

ទោះបី​ជា​គាត់​បានរៀន និង​ចែក​រំលែក​អំពី​ការអភ័យទោស​ដល់​អ្នកដទៃ​ក៏​ដោយ ក៏​ ខូរី​ ពុំ​អាច​ចាប់​ដៃ​របស់​បុរស​នេះ ហើយ​អភ័យទោស​ឲ្យ​គាត់​បាន​ដែរ—ពោល​គឺ មិនអាច​ធ្វើ​បាន​ដោយ​ខ្លួន​គាត់​ទេ ។

ក្រោយមក គាត់​បាន​សរសេរ​ថា « ទោះជា​ការខឹង​សម្បារ​មិន​ព្រម​អភ័យទោស​បាន​ឆាបឆេះ​ក្នុង​ចិត្ត​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​បាន​ឃើញ​ពី​អំពើបាប​នៃ​ទង្វើ​នេះ​ដែរ ។ ខ្ញុំ​បាន​អធិស្ឋាន​ថា ឱ ព្រះអម្ចាស់​ព្រះយេស៊ូវ​អើយ សូម​ព្រះរាជ​ទាន​ទោស​ដល់​ទូលបង្គំ​ផង ហើយ​ជួយ​ទូលបង្គំ​ឲ្យ​អភ័យទោស​ដល់​គាត់ផងចុះ ។

« ខ្ញុំ​ខំ​ញញឹម [ ហើយ ] ខ្ញុំ​ពិបាក​នឹង​លើក​ដៃ​ខ្ញុំ​ណាស់ ។ ខ្ញុំ​មិន​អាចធ្វើបាន​ទេ ។ ខ្ញុំ​គ្មាន​អារម្មណ៍​អ្វី​ទាំងអស់ សូម្បី​តែ​ភាពកក់ក្ដៅ ឬ​ចិត្ត​សប្បុរស​តិចតួច​ក៏​គ្មាន​ដែរ ។ ហើយ​ខ្ញុំ​ក៏​បានអធិស្ឋាន​ម្ដងទៀត ។ ឱ ព្រះយេស៊ូវ​អើយ ទូលបង្គំ​មិន​អាច​អភ័យទោស​ឲ្យ​គាត់​ឡើយ ។ សូម​ប្រទាន​ការអភ័យទោស​របស់​ទ្រង់​ដល់​ទូលបង្គំ​ផង ។

« ពេល​ខ្ញុំ​ចាប់​ដៃ​គាត់ រឿង​ដ៏​អស្ចារ្យ​បំផុត​បានកើត​ឡើង ។ តាំងពី​ស្មា​រហូត​ដល់​ដៃ​ខ្ញុំ​ហាក់​ដូច​ជា​មាន​ចរន្ត​មួយ​ដែល​ឆ្លងកាត់​ខ្ញុំ​ទៅ​រក​គាត់ ខណៈដែល​ក្នុង​ចិត្ត​ខ្ញុំ​ផ្ទុះ​ក្ដីស្រឡាញ់​មួយ​យ៉ាង​ខ្លាំង​ចំពោះ​បុរស​ម្នាក់​នេះ ដែល​វា​សឹងតែ​សន្ធប់​មកលើខ្ញុំ ។

« ដូច្នោះ​ហើយ ខ្ញុំ​បាន​រកឃើញ​ថា វា​ពុំ​មែន​ជា​ការអភ័យទោស​របស់​យើង ដែល​ការព្យាបាល​ខាង​លោកិយ​ត្រូវ​ពឹងផ្អែក​ឡើយ តែ​ជា​ការអភ័យទោស​របស់ទ្រង់​វិញ​ទេ ។ ពេល​ទ្រង់​មាន​បន្ទូល​ឲ្យ​យើង​ស្រឡាញ់​សត្រូវ​យើង ទ្រង់​ក៏​ប្រទាន​បញ្ញត្តិ​ពី​ក្ដីស្រឡាញ់​ដែរ » ។

ព្រះ​គង់​នៅ​ទីនោះ​ដើម្បី​ជួយ​អ្នក​ឲ្យ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ រួម​ទាំង​បទបញ្ញត្តិ​ដើម្បី​អភ័យទោស​ផងដែរ—សូម្បី​តែ​ពេល​វា​ពិបាក​ក្ដី ។ ទ្រង់​អាច​ជួយអ្នក​បាន ដូចជា​ទ្រង់​បាន​ជួយ ខូរី ធេន ប៊ូម ផងដែរ ។

ការព្យាបាល​ដែល​អ្នក​សម​នឹង​ទទួល

ជីវិត​គឺ​ពិបាក ។ វា​រញ៉េរញ៉ៃ ។ ហើយ​វាពិត​ជា​ពោរពេញ​ដោយ​មនុស្ស​ដែល​មាន​សិទ្ធិជ្រើសរើស​ដែល​ព្រះ​ប្រទាន​ឲ្យ ។

អំឡុង​ពេល​ទាំងនោះ នៅពេល​ដែល​មនុស្ស​ម្នាក់​ធ្វើ​ការជ្រើសរើស​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​យ៉ាង​ខ្លាំង—ឬ​សូម្បី​តែ​ធ្វើ​ដូច្នោះ​ដោយ​ចៃដន្យ​ក្ដី—ក៏​អ្នកនៅតែ​អាច​ទទួល​បាន​អំណាច​នៃ​ការព្យាបាល​បាន​ដដែល កាលដែល​អ្នក​អធិស្ឋាន​សូម​ជំនួយ ហើយ​ព្យាយាម​ដើម្បី​អភ័យទោស ។

ការអភ័យទោស​ឲ្យ​អ្នកដទៃ​នាំ​មក​នូវ​ការព្យាបាល​ដល់​ព្រលឹង​របស់​យើង ។ ដោយ​មាន​ជំនួយ​ពី​ព្រះ កាលដែល​អ្នកអភ័យទោស​ដល់​មនុស្ស​ម្នាក់ ដែល​បាន​ធ្វើ​ខុស​ចំពោះ​អ្នក នោះអ្នកទម្លាក់​ចុះ​នូវ​បន្ទុក​ដ៏​ធ្ងន់​ក្រៃលែង​ពី​ស្មា​របស់​អ្នក ដែល​បន្ទុក​នោះ​អាច​ទាញ​អ្នកចុះ​បាន ។ សូម្បី​តែ​ពេល​ដែល​ផ្លូវ​ទៅកាន់​ការព្យាបាល​ដ៏​ពិត មាន​អារម្មណ៍​ថា​ពិបាក​ក្ដី ក៏​អ្នក​នឹង​មិន​ត្រូវ​ដើរ​លើ​ផ្លូវ​នោះ​តែ​ម្នាក់​ឯង​ដែរ ដោយសារ​អ្នក​ដើរ​ជាមួយ​ព្រះ ។