ឆ្នាំ ២០២៣
សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ
ខែ មេសា ឆ្នាំ ២០២៣


« សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែ មេសា ឆ្នាំ ២០២៣ ។

សារលិខិត​ទស្សនាវដ្ដី លីអាហូណា ប្រចាំ​ខែ មេសា ឆ្នាំ​២០២៣

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
រូបភាព​ព្រះយេស៊ូវ

ព្រះយេស៊ូវ​គ្រីស្ទ ដោយ ហារី អាន់ឌើរសិន

ការមាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ ( សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៤ ) ។ សេចក្ដី​ជំនឿ​របស់​យើង​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ការជ្រើសរើស ដែល​នឹង​ដឹកនាំ​យើង​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។ យើង​អាច​ខំ​ធ្វើ​ការ​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​អស់​ពេញ​មួយ​ជីវិត​យើង ។

រូបភាព
កុមារ និង​យុវវ័យ​កំពុង​អាន​សៀវភៅ

តើ​សេចក្ដី​ជំនឿ​ជា​អ្វី ?

សេចក្តីជំនឿ​គឺ​ជា​ការជឿ ឬ​ការទុកចិត្ត​ដ៏​រឹងមាំ​ទៅលើ​អ្វី​មួយ ។ ការមាន​សេចក្ដី​ជំនឿ​រួមមាន​ការមាន​សង្ឃឹម និង​ការជឿ​លើ​អ្វីៗ​ដែល​ពិត សូម្បី​តែ​នៅពេល​ដែល​យើង​មិន​អាច​មើលឃើញ ឬ​មិន​យល់​ពី​វា​ទាំងស្រុង​ក្ដី ( សូមមើល ហេព្រើរ ១១:១; អាលម៉ា ៣២:២១ ) ។

រូបភាព
រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ

សេចក្ដី​លម្អិត​មកពី ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន ដោយ ហែនរិច ហូហ្វម៉ាន់

សេចក្ដី​ជំនឿ​ដែល​ផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ

ដើម្បី​នាំ​ទៅរក​សេចក្ដី​សង្គ្រោះ សេចក្ដី​ជំនឿ​របស់​យើង​ត្រូវតែ​ផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ មាន​ន័យ​ថា​ការមាន​ទំនុកចិត្ត​លើ​ទ្រង់ ។ ការមាន​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​ថា ការពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ទ្រង់—ដោយ​ទុកចិត្ត​លើ​ព្រះចេស្ដា ព្រះបញ្ញា​ញាណ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។ វា​រួម​មាន​ទាំង​ការជឿ​លើ និង​ការធ្វើ​តាម​ការបង្រៀន​របស់​ទ្រង់​ផងដែរ ។

រូបភាព
គូស្វាមី​ភរិយា​កំពុង​សិក្សា​ព្រះគម្ពីរ

ការបង្កើន​សេចក្ដីជំនឿ​របស់​យើង

សេចក្តីជំនឿ​គឺ​ជា​អំណោយ​មួយ​មក​ពី​ព្រះ ប៉ុន្តែ​យើង​ត្រូវតែ​ស្វែងរក​វា ហើយ​ខិតខំ​ធ្វើ​ឲ្យ​វា​រឹងមាំ ។ យើង​អាច​បង្កើន​សេចក្ដី​ជំនឿ​របស់​យើង ដោយ​ការអធិស្ឋាន ព្រមទាំង​ការសិក្សា​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​ថ្ងៃ​ចុងក្រោយ ។ យើង​ក៏​អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង ពេល​ដែល​យើង​រស់នៅ​ដោយ​សុចរិត និង​រក្សា សេចក្ដីសញ្ញា របស់​យើង​ផងដែរ ។

ការរស់នៅ​ដោយ​សេចក្ដីជំនឿ

សេចក្តីជំនឿគឺ​លើស​ពី​ការគ្រាន់តែ​ជឿ ។ វា​រួមមាន​នូវ​ការអនុវត្ត​ទៅលើ​ការជឿ​នោះ ។ យើង​បង្ហាញសេចក្តី​​ជំនឿ​របស់​​យើង​តាមរយៈ​របៀប​ដែល​យើង​រស់នៅ ។ សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ជំរុញ​ទឹកចិត្ត​យើង​ឲ្យ​ធ្វើ​តាម​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ។ សេចក្តី​ជំនឿ​យើងដឹកនាំ​យើង​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ ។

រូបភាព
ព្រះយេស៊ូវ​កំពុង​ព្យាបាល​បុរស​ខ្វាក់ភ្នែក​ម្នាក់

សេចក្តី​ជំនឿ​អាច​បណ្តាល​ឲ្យ​មាន​អព្ភូតហេតុ

សេចក្ដី​ជំនឿ​ពិត​នាំមក​នូវ អព្ភូតហេតុ ដែល​អាច​រួមមាន​ការនិមិត្ត សុបិន ការព្យាបាល និង​អំណោយទាន​ផ្សេងៗ​ទៀត​ដែល​មក​ពី​ព្រះ ។ ព្រះគម្ពីរ​មាន​នូវ​ដំណើររឿង​ជា​ច្រើន​អំពី​មនុស្ស​ទាំងឡាយ ដែល​បាន​ទទួល​អព្ភូតហេតុ​មក​ពី​ព្រះអម្ចាស់​ដោយសារ​តែ​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ទ្រង់ ។ សម្រាប់​ឧទាហរណ៍​មួយ​ចំនួន សូមមើល « អព្ភូតហេតុ » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

សេចក្ដី​ជំនឿ​អាច​នាំមក​នូវ​ភាពសុខសាន្ត

ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះ និង ផែនការ​នៃ​សេចក្ដី​សង្គ្រោះ របស់​ទ្រង់​អាច​ពង្រឹង​យើង​ក្នុង​អំឡុង​ពេល​ដែល​យើង​មាន​ឧបសគ្គ​នានា ។ សេចក្ដី​ជំនឿ​អាច​ផ្ដល់​កម្លាំង​ដល់​យើង​ដើម្បី​ឈាន​ទៅមុខ ហើយ​ប្រឈម​នឹង​ការលំបាក​របស់​យើង​ដោយ​ក្ដីក្លាហាន ។ សូម្បី​តែ​នៅពេល​ដែល​អនាគត​ហាក់​ដូចជា​មិន​មាន​ភាពច្បាស់លាស់​ក្ដី ក៏​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ព្រះអង្គ​សង្គ្រោះ​អាច​ផ្ដល់​ភាពសុខសាន្ត​ដល់​យើង​បាន ។

រូបភាព
ឪពុក​កំពុង​ពរ​កូន​របស់​គាត់ ពេល​ដែល​ពួកគេ​មើល​ទៅ​រូបគំនូរ​ព្រះយេស៊ូវ

សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នាំ​ទៅ​រក​សេចក្ដី​សង្គ្រោះ

ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ​នឹង​នាំ​ទៅកាន់​សេចក្ដី​សង្គ្រោះ​របស់យើង ។ ព្រះគ្រីស្ទ​បាន​រៀបចំ​ផ្លូវ​សម្រាប់​យើងឲ្យ​ទទួល​បាន​នូវ​ជីវិត​អស់កល្ប ។ ពេល​ដែល​យើង​រស់នៅ​តាម​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ទ្រង់ នោះ​យើង​អាច​ទទួល​បាន​ការអត់ទោស​ពី​អំពើ​បាប​របស់​យើង ហើយ​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​នឹង​ព្រះ​ម្ដង​ទៀត ។