ឆ្នាំ ២០២៣
ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​បាន
ខែ មិថុនា ឆ្នាំ ២០២៣


« ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​បាន » លីអាហូណា ខែ មិថុនា ឆ្នាំ ២០២៣ ។

សារលិខិត លីអាហូណា ប្រចាំ​ខែ មិថុនា ឆ្នាំ ២០២៣

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​បាន

រូបភាព
បុរស​កំពុង​អង្គុយ ហើយ​មើលទៅ​ថ្ងៃរះ

ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ ។ ព្រះគម្ពីរ​ក៏​ហៅ​ទ្រង់​ថា​ជា​ព្រះវិញ្ញាណ ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​ព្រះ​ដ៏​ជា​ជំនួយ​ផងដែរ ។ កាលដែល​យើង​រៀន​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ទ្រង់ ទ្រង់​នឹង​ថ្លែង​ទីបន្ទាល់​ដល់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជួយ​យើង​ឲ្យ​រៀន​សេចក្ដី​ពិត​អំពី​ដំណឹងល្អ ។

សមាជិក​នៃ​ក្រុមព្រះ

ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ក្រុមព្រះ ។ ទ្រង់​ស្រឡាញ់​យើង ហើយ​ធ្វើ​កិច្ចការ​ដោយ​សាមគ្គីភាព​ដើម្បី​នាំមក​នូវ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ទោះជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង​ក៏ដោយ តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​មាន​ទេ ។ ទ្រង់​គឺ​ជា​វិញ្ញាណ ។

រូបភាព
រូប​គំនូរលើ​កញ្ចក់អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា

សាក្សី​នៃ​ព្រះវរបិតា និង​ព្រះរាជបុត្រា

ព្រះវិញ្ញាណ​បរិសុទ្ធ « ធ្វើ​បន្ទាល់​អំពី​ព្រះវរបិតា និង​អំពី​ព្រះរាជបុត្រា » ( នីហ្វៃទី២ ៣១:១៨ ) ។ នេះ​មានន័យ​ថា យើង​អាច​ទទួល​បាន ទីបន្ទាល់ មួយ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត

ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​អំពី​គ្រប់​សេចក្ដីពិត​ទាំងអស់ ។ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា​ដំណឹងល្អ—រួមទាំង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ បទបញ្ញត្តិ​របស់​ព្រះ ការស្ដារ​ឡើងវិញ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ—គឺ​ជា​ការពិត ។ ទ្រង់​នឹង​ពង្រឹង​ទីបន្ទាល់​របស់​យើង កាលដែល​យើង​បន្ត​អធិស្ឋាន រក្សា​បទបញ្ញត្តិ និង​សិក្សា​ដំណឹងល្អ ។

រូបភាព
ដៃ​កាន់​ត្រីវិស័យ

ដឹកនាំ និង​ការពារ​យើង

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​យើង​ក្នុង​ការសម្រេច​ចិត្ត​របស់​យើង និង​ការពារ​យើង​ពី​គ្រោះថ្នាក់​ខាង​រាងកាយ និង​ខាង​វិញ្ញាណ ។ ទ្រង់​នឹង​ជួយ​យើង​ស្វែងរក​ចម្លើយ​ចំពោះសំណួរ​របស់​យើង បើ​យើង​អធិស្ឋាន ហើយ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ ទ្រង់​នឹង​តែងតែ​ដឹកនាំ​យើង « ឲ្យ​ធ្វើ​ល្អ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២ ) ។

លួងលោម​យើង

ជួនកាល​យើង​ហៅ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា « ព្រះ​ដ៏​ជា​ជំនួយ » ( យ៉ូហាន ១៤:២៦ ) ។ ទ្រង់​អាច​ផ្ដល់ « សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ » ដល់​យើង ( មរ៉ូណៃ ៨:២៦ ) នៅពេល​យើង​ព្រួយ​បារម្ភ សោកសៅ ឬ​ភ័យខ្លាច ។ កាលដែល​ទ្រង់​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ នោះ​យើង​អាច​យក​ឈ្នះ​លើ​ការបាក់​ទឹកចិត្ត ហើយ​ត្រូវបាន​ពង្រឹង​នៅក្នុង​ការសាកល្ប​របស់​យើង ។

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

បន្ទាប់​ពី​យើង​ទទួល​បុណ្យ​ជ្រមុជទឹក យើង​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅក្នុង ពិធី​បរិសុទ្ធ មួយ​ហៅ​ថា​ពិធីបញ្ជាក់ ។ នៅពេល​យើង​ទទួល​អំណាយ​នេះ យើង​អាច​មាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ប្រចាំ ​ដរាបណា​យើង​រស់នៅ​ដោយ​សុចរិត ។

រូបភាព
ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ

រចនា​រូបភាព​ដោយ ជេ ឃើក រីឆាដ

របៀប​ដែល​យើង​ស្ដាប់ឮ​ព្រះវិញ្ញាណ​បរិសុទ្ធ

ព្រះវិញ្ញាណ​បរិសុទ្ធទាក់ទង​ទៅ​មនុស្ស​តាម​របៀប​ផ្សេងៗ​គ្នា ។ របៀប​ទាំងនោះ​អាច​រួមមាន​អារម្មណ៍​សុខសាន្ត ការលួងលោម ឬ​ការយល់ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ ឬ​ធ្វើ ។ នៅពេល​យើង​អធិស្ឋាន​សុំ​ការណែនាំ ហើយ​ស្ដាប់​តាម​ការបំផុស​គំនិតរបស់​ទ្រង់ នោះ​យើង​អាច​រៀន​ពី​របៀប​ដែល​ទ្រង់​មាន​បន្ទូល​មកកាន់​យើង ។