ឆ្នាំ ២០២៣
ភាពខ្លួន​ទីពឹងខ្លួន​ពង្រឹង​ដល់​យើង
ខែ សីហា ឆ្នាំ ២០២៣


« ភាពខ្លួន​ទីពឹងខ្លួន​ពង្រឹង​ដល់​យើង » ទស្សនាវដ្តី លីអាហូណា ខែ សីហា ឆ្នាំ ២០២៣ ។

សារលិខិត​ទស្សនាវដ្តី លីអាហូណា ប្រចាំខែ ខែ សីហា ឆ្នាំ ២០២៣

ភាពខ្លួន​ទីពឹងខ្លួន​ពង្រឹង​ដល់​យើង

រូបភាព
មនុស្ស​ពីរនាក់​កំពុង​លាង​ចាន

ការមាន​ភាពខ្លួន​ទីពឹងខ្លួន​មាន​ន័យ​ថា​យើង​អាច​មើលថែរ​ចំពោះ​តម្រូវការ​របស់​ខ្លួនឯង និង​ក្រុម​គ្រួសារ​របស់​យើង​បាន ។ នៅពេល​យើង​មាន​ភាពខ្លួន​ទីពឹងខ្លួន នោះ​យើង​ក៏​អាច​បម្រើ​ព្រះអម្ចាស់ និង​មើលថែ​អ្នក​ដទៃ​បាន​កាន់​តែ​ប្រសើរ​ថែម​ទៀត​ផង ។ ប៉ុន្តែ​ភាពខ្លួន​ទីពឹងខ្លួន​មិនមែន​មាន​ន័យ​ថា យើង​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​របស់​យើង​តែ​ម្នាក់​ឯង​នោះ​ទេ ។ យើង​អាច​សុំ​ជំនួយ​មកពី​មិត្ត​ភក្តិ គ្រួសារ សមាជិក​ក្នុង​វួដ ឬ​សាខា និង​អ្នក​ជំនាញ​នានា​នៅ​ពេល​យើង​ត្រូវការ​ផងដែរ ។

គោលការណ៍​ភាពខ្លួន​ទីពឹងខ្លួន

ការ​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ភាពខ្លួន​ទីពឹងខ្លួន តម្រូវ​ឲ្យ​មាន​ការអប់រំ ការគោរព​ប្រតិបត្តិ និង​ការខិតខំ​ប្រឹងប្រែង ។ យើង​ខំឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​មើលថែ​ខ្លួនឯង ហើយ​យើង​អាច​សុំ​ជំនួយ​ពី​អ្នក​ដទៃ​នៅ​ពេល​ចាំបាច់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​មាន​ភាពខ្លួន​ទីពឹងខ្លួន​ពិត​ប្រាកដ នោះ​យើង​ក៏​ត្រូវ​តែ​រៀន​មាន​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ បន្ទាប់មក​នៅពេល​យើង​ធ្វើការ​ដើម្បី​ជួយ​ខ្លួន​យើង នោះ​ទ្រង់​នឹង​ពង្រឹង​ដល់​យើង ។

រូបភាព
ដៃ​ទាំងពីរ​ផ្គំគ្នា

ភាពខ្លួន​ទីពឹងខ្លួន​ខាង​វិញ្ញាណ

យើង​អាច​កសាង​ភាពខ្លួន​ទីពឹងខ្លួន​ខាង​វិញ្ញាណ​របស់​យើង​ដោយ​ការធ្វើ​ការ​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ធ្វើ​បែប​នេះ​នៅ​ពេល​យើង​អធិស្ឋាន សិក្សា​គម្ពីរ ចូល​រួម​នៅក្នុង​សាសនាចក្រ គោរព​តាម​បញ្ញត្តិ និង​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​នាំ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះគ្រីស្ទ ។ ការដឹង​ថា​ទ្រង់​នឹង​ជួយ​ដល់​យើង នោះ​នឹង​ផ្ដល់​សេចក្ដី​ជំនឿ​ដល់​យើង​ឲ្យ​នៅ​រឹងមាំ​ទោះ​ជា​ជីវិត​លំបាក​ក៏​ដោយ ។

ភាពខ្លួន​ទីពឹងខ្លួន​បណ្តោះអាសន្ន

ភាពខ្លួន​ទីពឹងខ្លួន​បណ្តោះអាសន្ន​រួម​បញ្ចូល​ទាំង​ការចេះ​មើលថែរ​លើ​តម្រូវការ​ខាង​រាងកាយ​របស់​ខ្លួនឯង និង​ក្រុមគ្រួសារ​របស់យើង ។ នេះ​រួម​មាន អាហារ លំនៅដ្ឋាន សុខភាព និង​តម្រូវការ​ផ្សេងៗ​ទៀត ។ យើង​ធ្វើ​បែប​នេះ​ដោយ​ការទទួល​បាន​ការអប់រំ​ល្អ ការ​រៀន​សូត្រ ឬ​ការពង្រីក​ជំនាញ​ដែល​ចាំបាច់​នានា ការខិតខំ​ប្រឹងប្រែង ការប្រើ​ពេល​វេលា​របស់​យើង​ដោយ​ឈ្លាស​វៃ និង​ការគ្រប់គ្រង​លុយ​របស់​យើង​បាន​ល្អ​ 

រូបភាព
ស្រ្តី​បី​នាក់ដើរ​ជាមួយ​គ្នា

ភាពខ្លួន​ទីពឹងខ្លួន​ខាង​អារម្មណ៍

ភាពខ្លួន​ទីពឹងខ្លួន​ខាង​ខាង​អារម្មណ៍ គឺជា​សមត្ថភាព​ក្នុង​ការសម្របខ្លួន​ទៅនឹង​បញ្ហា​ផ្លូវចិត្ត​ដោយ​ភាពក្លាហាន និង​ជំនឿ ។ យើង​ទាំងអស់​គ្នា​មាន​បញ្ហា និង​ឧបសគ្គ​នានា ។ អរគុណ​ចំពោះ​ដំណឹង​ល្អ ដែល​យើង​ដឹង​ថា​យើង​អាច​ជ្រើស​រើស​របៀប​ឆ្លើយ​តប​ទៅ​នឹង​ឧបសគ្គ​ទាំងនោះ ។ ការឆ្លើយ​តប​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់​បង្កើន​សមត្ថភាព​របស់​យើង នៅក្នុង​ការ​ប្រឈម​មុខ​ទៅនឹង​ការ​លំបាក​ផ្សេងៗ​ទៀត​ដោយ​មាន​សេចក្ដី​សង្ឃឹម​កាន់​តែ​ច្រើន ។

ការអប់រំ

យើង​គួរ​តែ​រៀន​ជានិច្ច ។ ព្រះ​ចង់​ឲ្យ​យើង​អប់រំ​គំនិត​របស់​យើង និង​បង្កើន​ជំនាញ​របស់​យើង​ពេញ​មួយ​ជីវិត​នេះ និង​ជីវិត​បន្ទាប់​ទៀត ។ យើង​កាន់តែ​រៀន នោះ​យើង​អាច​មាន​ឥទ្ធិពល និង​ផ្តល់​ប្រយោជន៍​ដល់​ខ្លួនឯង គ្រួសារ​របស់​យើង និង​អ្នក​ដែល​ខ្វះខាត​កាន់តែ​ច្រើន ។

រូបភាព
យុវជន​កំពុង​កាន់​ស្បោង

ពរជ័យ​នៃ​ការ​ធ្វើ​ជា​អ្នក​មាន​ភាពខ្លួន​ទីពឹងខ្លួន

ពួក​ព្យាការី​បាន​បង្រៀន​ថា​នៅ​ពេល​យើង​កែលម្អ​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​យើង នោះ​យើង​នឹង​ទទួល​បាន​ពរ​ជាមួយនឹង​សេចក្តី​សង្ឃឹម និង​សេចក្ដី​សុខសាន្ត​កាន់​តែ​ខ្លាំង​ឡើង ។ យើង​នឹង​អាច​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​យើង និង​អ្នក​ដទៃ​ដែល​ខ្វះ​ខាត​បាន ។ ហើយ​យើង​នឹង​ទទួល​បាន​ពរ​ដោយ​មាន​ឱកាស​កាន់​តែ​ច្រើន និង​មាន​សមត្ថភាព​ដើម្បី​បន្ត​រីក​ចម្រើន ។

ធនធាន​របស់​សាសនាចក្រ

ស្តេក​របស់​បងប្អូន​អាច​មាន​ក្រុម​ភាពខ្លួន​ទីពឹងខ្លួន ។ ក្រុម​ទាំងនេះ​អាច​បង្រៀន​បងប្អុន​អំពី​គោលការណ៍​នៃ​ភាពខ្លួន​ទីពឹងខ្លួន និង​ជំនាញ​នានា ដូច​ជា​ការ​គ្រប់គ្រង​លុយ​របស់​បងប្អូន ឬ​ការ​ស្វែងរក​ការងារ​ល្អ​ប្រសើរ​ជាង​នេះ ។ បងប្អូន​អាច​រក​ឃើញ​ធនធាន​ដែល​ទាក់ទង​ទាំងនេះ​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ ជ្រើសរើស « សៀវភៅ និង​មេរៀន » បន្ទាប់មក « ភាពខ្លួន​ទីពឹងខ្លួន » ។