ឆ្នាំ ២០២៣
ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ
ខែ តុលា ឆ្នាំ ២០២៣


« ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែ តុលា ឆ្នាំ ២០២៣ ។

សារលិខិត​ប្រចាំ​ខែ​ទស្សនាវដ្ដី លីអាហូណា ខែ តុលា ឆ្នាំ ២០២៣

ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ

ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទដោយ ឌេល ផាសិន

ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ព្រះសិរសា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ទ្រង់​បំផុសគំនិត​ដល់​ពួក​ព្យាការី និង​ពួក​សាវក​ដើម្បី​ដឹកនាំ សាសនាចក្រ​នៅ​សព្វថ្ងៃ​នេះ ដូចជា​ទ្រង់​បាន​ធ្វើ​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​ជួយ​ដល់​ពួកលោក ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺជា​សាសនាចក្រ​របស់​ព្រះអង្គសង្រ្គោះ ។ សាសនាចក្រ​នេះ​គឺ « ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវក និង​ពួក​ហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ( អេភេសូរ ២:២០ ) ។ ការណ៍​នេះ​មាន​ន័យ​ថា ទ្រង់​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​គ្រឹះ​នេះ ។ ទ្រង់​ដឹកនាំ​សាសនាចក្រ​នេះ​តាមរយៈ​ពួកព្យាការី និង​ពួកសាវក ដែល​ទ្រង់​បាន​ជ្រើសរើស​ដើម្បី​ធ្វើ​ជា​អ្នក​ដឹកនាំ ។

រូបភាព
គណៈ​ប្រធាន​ទីមួយ

គណៈប្រធាន​ទីមួយ

ប្រធាន​សាសនាចក្រ​គឺជា​ព្យាការី​របស់​ព្រះ​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ។ លោក​គឺជា​សាវក​រៀមច្បង និង​ជា​បុគ្គល​តែ​ម្នាក់​គត់​នៅ​លើ​ផែន​ដី ដែល​ទទួល​វិវរណៈ​ដើម្បី​ដឹកនាំ​សាសនា​ចក្រ​ទាំង​មូល ។ ព្រះអម្ចាស់​បំផុសគំនិត​លោក​ឲ្យ​ដឹង​ថា តើ​សាវក​ពីរ​រូប​ទៀត​ណា​ដែល​ត្រូវ​ហៅ​ឲ្យ​បម្រើ​ជា​ទីប្រឹក្សា​របស់​លោក ។ ពួកលោក​បង្កើត​ជា​គណៈប្រធាន​ទីមួយ ។ ពួកលោក​ទាំងបី​រូប​គឺជា​ព្យាការី អ្នក​មើល​ឆុត និង​ជា​អ្នក​ទទួល​វិវរណៈ ។

កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់

សមាជិក​ទាំងឡាយ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏​ជា​ព្យាការី អ្នកមើលឆុត និង អ្នក​ទទួល​វិវរណៈ​ផងដែរ ។ ពួកលោក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​សាក្សី​ពិសេស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពួកលោក​ធ្វើ​ដំណើរ​ពេញ​ទូទាំង​ពិភពលោក​ដើម្បី​បង្រៀន និង​ថ្លែងទីបន្ទាល់​អំពី​ទ្រង់ ។ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:២៣, ៣៣ ) ។

កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់

សមាជិក​នៃ​ក្រុម​ពួក​ចិតសិប​នាក់​គឺ​ត្រូវ​បានហៅ​ជា​សាក្សី​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២៥ ) ។ ពួក​លោក​ជួយ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បង្រៀន​ដំណឹងល្អ និង​ស្ថាបនា​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ។

រូបភាព
ថ្នាក់ដឹកនាំ​ទាំងឡាយ​ប្រឹក្សា​ជាមួយ​គ្នា

រូបថត​ដោយ ម៉ាកឈីកូ ហ័រី

ថ្នាក់ដឹកនំា​ក្នុង​មូលដ្ឋាន​

គណៈប្រធាន​ស្តេក ឬ​គណៈប្រធាន​មណ្ឌល​របស់​អ្នក គណៈប៊ីស្សព ឬ​គណៈប្រធាន​សាខា និង​គណៈ​ប្រធាន​អែលឌើរ​កូរ៉ុម និង​គណៈប្រធាន​សមាគម​សង្រ្គោះ​ក៏​ព្រះ​ជា​អ្នក​ហៅ​ផងដែរ ។ ពួកគាត់​អាច​ជួយ​អ្នក​រៀន និង​រស់នៅ​តាម​ដំណឹងល្អ ។ អ្នក​អាច​រៀន​អំពី​ការហៅ​ទាំងនេះ​នៅក្នុង​អត្ថបទ​មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ នៅក្នុង ខែ មីនា ឆ្នាំ ២០២២ « ការបម្រើ​នៅក្នុង​ការហៅ​របស់​សាសនាចក្រ » ។