លីអាហូណា
តើ​ខ្ញុំ​កំពុង​រស់នៅ « តាម​របៀប​នៃ​សុភមង្គល » ឬ​ទេ ?
ខែ កុម្ភៈ ឆ្នាំ ២០២៤


« តើ​ខ្ញុំ​កំពុង​រស់នៅ​‹ តាម​របៀប​នៃ​សុភមង្គល › ឬ​ទេ ?» ដើម្បី​កម្លាំង​នៃ​យុវជន ខែ កុម្ភៈ ឆ្នាំ ២០២៤ ។

សារលិខិត​ប្រចាំខែ ដើម្បី​កម្លាំង​នៃ​យុវជន ខែ កុម្ភៈ ឆ្នាំ ២០២៤

នីហ្វៃ​ទី​២ ៥

តើ​ខ្ញុំ​កំពុង​រស់នៅ « តាម​របៀប​នៃ​សុភមង្គល » ឬ​ទេ ?

នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​សម្រាប់​ប្អូន​ដើម្បី​រស់នៅ​តាម​របៀប​ដែល​នីហ្វៃ​បាន​និយាយ​ថា​ប្រជាជន​របស់​លោក​បាន​រស់​នៅ​តាម ។

រូបភាព
យុវវ័យ

រចនា​រូបភាព​ដោយ អាលីស្សា ហ្គន់សាឡេស

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បែក​ចេញ​ពី​ពួកសាសន៍​លេមិន នីហ្វៃ​បាន​និយាយ​ថា​ប្រជាជន​របស់​លោក​« បាន​រស់នៅ​តាម​របៀប​នៃ​សុភមង្គល »​( នីហ្វៃ​ទី​២ ៥:២៧ ) ។ សូម​ពិចារណា​ថា​មាន​មនុស្ស​មួយ​ក្រុម​ទៀត​ចង់​សម្លាប់​ពួក​គេ ( សូម​មើល នីហ្វៃ​ទី​២ ៥:១–៦,​១៤ ) នោះ​ប្រហែលជា​រឿង​គួរឲ្យ​ភ្ញាក់ផ្អើល ។ តើ​មាន​នរណា​ម្នាក់​អាច​សប្បាយ​ចិត្ត នៅពេល​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​នេះ​ដោយ​របៀបណា ?

ជាដំបូង សូម​កត់​សម្គាល់​ថា « យើង​បាន​រស់​នៅ​តាម​របៀប​នៃ​សុភមង្គល » មិន មែន​មាន​ន័យ​ថា « សាសន៍​នីហ្វៃ​ម្នាក់ៗ​សុទ្ធ​តែ​មាន​សុភមង្គល​គ្រប់​ពេលវេលា​២៤/៧ នោះទេ » ។ វា​មាន​ន័យ​ថា​ពួកគេ​បាន​រស់នៅ​តាម​របៀប​ជាក់លាក់​មួយ ហើយ​បាន​ប្រព្រឹត្ត​ក្នុង​របៀប​មួយ ដែល ជា​ទូទៅ នាំ​ឲ្យ​មាន​សុភមង្គល ។ សរុប​មក ទោះបី​ជា​មាន​ឧបសគ្គ​ក៏​ដោយ ក៏​វា​ជា​ពេល​ដ៏​សប្បាយ​រីករាយ​មួយ​ដែរ ។

ដូច្នេះ តើ​អ្វីទៅ​ជា « របៀប​នៃ​សុភមង្គល » ? តើ​យើង​អាច​ចម្លង​វា​ទៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ដែល​មាន​ឧបសគ្គ​ផង​ដែរ​យ៉ាង​ដូចម្ដេច ? សូម​មើល​ចំណុច​នេះ !

  • ចូរ​គោរព​ប្រតិបត្តិ ។ « យើង​ប្រតិបត្តិ​តាម​…​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ( នីហ្វៃ​ទី​២ ៥:១០ ) ។

    ការរស់នៅ​តាម​ដំណឹងល្អ​គឺជា​ជំហាន​ទី ១ ។ ប្អូន​ប្រហែល​ជា​សប្បាយ​ចិត្ត​ជា​បណ្តោះ​អាសន្ន​ក្នុង​អំពើ​បាប ប៉ុន្តែ​វា​មិន​បាន​យូរ​ទេ ។ ការ​មិន​គោរព​ព្រះ​ដោយ​ចេតនា គឺ​មិនមែន​ជា « របៀប​នៃ​សុភមង្គល » ទេ ( សូម​មើល អាលម៉ា ៤១:១០ ) ។

  • ចូរ​ពិចារណា​មើល​បទគម្ពីរ ។ « ខ្ញុំ​នីហ្វៃ​ក៏​បាន​…​យក​បញ្ជី​ទាំងឡាយ​មក​ផង​ដែរ ដែល​បាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន » ( នីហ្វៃ​ទី​២ ៥:១២ ) ។ «យើង​…​បាន​ពិចារណា​មើល ហើយ​រក​ឃើញ​ថា បញ្ជី​ប្រវត្តិ​ទាំងនេះ​គឺ​គួរ​ឲ្យ​ចង់បាន មែនហើយ ព្រមទាំង​មាន​ប្រយោជន៍​ជា​អតិបរមា​ចំពោះ​យើង » ( នីហ្វៃ​ទី​១ ៥:២១ ) ។

    ពួកសាសន៍​នីហ្វៃ​មាន​ព្រះគម្ពីរ ។ ហើយ​ពួកគេ​មិនគ្រាន់តែ មាន វា​ទេ—ពួកគេ ពិចារណា​មើល បទគម្ពីរ ។

  • ចូរ​ស្តាប់​ថ្នាក់ដឹកនាំ​ដែល​បាន​ទទួល​ការបំផុសគំនិត ។ « ខ្ញុំ នីហ្វៃ​បាន​តែងតាំង​យ៉ាកុប និង​យ៉ូសែប ដើម្បី​ឲ្យ​ពួក​គេ​ធ្វើជា​ពួក​សង្ឃ ហើយ​ជា​ពួក​គ្រូបង្រៀន​នៅ​លើ … ប្រជាជន​ខ្ញុំ ។ ( នីហ្វៃ​ទី​២ ៥:២៦ ) ។

    គ្រូ​បង្រៀន​ទាំងនេះ​បាន​ប្រើ​ព្រះគម្ពីរ​ជា​មគ្គុទ្ទេសក៍​របស់​ពួកគាត់ ( សូមមើល នីហ្វៃ​ទី​២ ៤:១៥; ៦:៤ ) ។

  • សូម​ទៅ​ព្រះវិហារ​បរិសុទ្ធ ( និង​កន្លែង​បរិសុទ្ធ​ផ្សេងៗ​ទៀត ) ។ « ខ្ញុំ នីហ្វៃ​បាន​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ » ( នីហ្វៃ​ទី​២ ៥:១៦)។

    វា​សំខាន់​ក្នុង​ការ​មាន​កន្លែង​បរិសុទ្ធ​ដូច​ជា​សាលា​ប្រជុំ និង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​សិស្ស​ដើម្បី​ប្រមូល​ផ្តុំ​គ្នា និង​ថ្វាយ​បង្គំ ។ ( យើង​អាច​សន្មត​ថា ពួក​នីហ្វៃ​មិន​គ្រាន់​តែ មាន ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ—តែ​ពួក​គេ​ពិតជា​បាន​ប្រើ​វា ) ។ ប្រសិន​បើ​ប្អូន​មិន​អាច​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ដោយ​ផ្ទាល់​ទេ ប្អូន​តែងតែ​អាច​ធ្វើកិច្ចការ​ពង្សប្រវត្តិ​បាន​ជានិច្ច ។

  • ចូរ​ធ្វើឲ្យ​មាន​សមិទ្ធផល ។ « ខ្ញុំ​បាន​បង្រៀន​ប្រជាជន​ខ្ញុំ​ឲ្យ​សាង​អគារ​ទាំង​ឡាយ ហើយ​ឲ្យ​ធ្វើ​របស់​របរ​គ្រប់បែប​យ៉ាង ។ … [ ខ្ញុំ ] បាន​នាំ​ប្រជាជន​ខ្ញុំ​ឲ្យ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ឲ្យ​ធ្វើការ​ដោយ​ដៃ​របស់​ខ្លួន » ( នីហ្វៃ​ទី​២ ៥:១៥,​១៧ ) ។

    ផ្នែក​មួយ​នៃ « តាម​របៀប​នៃ​សុភមង្គល » គឺ​ការមាន​អ្វីមួយ​ដែលត្រូវ​ធ្វើ ! ភារកិច្ច ការងារ ទំនួល​ខុសត្រូវ—អ្វីមួយ​ដែល​ផ្តល់​ឲ្យ​ប្អូនៗ​នូវ​ការផ្តោតអារម្មណ៍ និង​មាន​គោលបំណង ( ពិត​ណាស់​រួមទាំង​ពេលវេលា​សមស្រប​ដើម្បី​សម្រាក​ផងដែរ ) ។ វា​លំបាក​ដើម្បី​សប្បាយ​ចិត្ត ប្រសិនបើ​ប្អូនៗ​ធុញទ្រាន់​គ្រប់​ពេល ។

តើ​ប្អូនៗ​នឹង​និយាយ​ថា បច្ចុប្បន្ន​ប្អូន​កំពុង​រស់នៅ​តាម​របៀប​នៃ​សុភមង្គល​ដែរ​ឬ​ទេ ? ប្រសិន​បើ​មិន​មែន​ទេ ប្រហែល​ជា​គំរូ​របស់​នីហ្វៃ​អាច​ផ្តល់​ឲ្យ​ប្អូនៗ​នូវ​គំនិត​មួយ​ចំនួន​អំពី​របៀប​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បាន ។