ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ១៤–២០ ខែ មីនា ។ លោកុប្បត្តិ ៤២–៥០ ៖ « ព្រះ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ »


« ថ្ងៃទី ១៤–២០ ខែ មីនា ។ លោកុប្បត្តិ ៤២–៥០ ៖ ‹ ព្រះ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៤–២០ ខែ មីនា ។ លោកុប្បត្តិ ៤២–៥០» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ

រូបភាព​របស់​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ ដោយ រ៉ូប៊ើតធី បារេត

ថ្ងៃទី ១៤–២០ ខែ មីនា

លោកុប្បត្តិ ៤២–៥០

« ព្រះ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ »

ការអាន​ព្រះគម្ពីរ​អញ្ជើញ​ឲ្យ​មាន​ព្រះវិញ្ញាណ ។ សូម​ស្តាប់​តាម​ការបំផុស​របស់ទ្រង់​កាលដែល​អ្នក​អាន ទោះបីជា​វា​ហាក់​បីមិន​ទាក់ទង​ដោយផ្ទាល់នឹង​អ្វី​ដែល​អ្នក​កំពុង​អាន​ក្តី ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

ប្រហែល​ជា ២២ ឆ្នាំ​ហើយ ចាប់តាំង​ពី​យ៉ូសែប ត្រូវបាន​ពួកបងៗ​របស់​លោក​បានលក់​ទៅ​ស្រុក​អេស៊ីព្ទ ។ លោក​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន រួមទាំង​ការចោទប្រកាន់​ខុសឆ្គង និង​ជាប់គុក ។ នៅទីបំផុត នៅពេល​លោកបាន​ជួប​ពួកបងៗ ម្តងទៀត យ៉ូសែប​ក្លាយ​ជា​អ្នកគ្រប់គ្រង​ស្រុក​អេស៊ីព្ទ​ទាំងមូលទីពីរ មានតែ​ផារ៉ោន ប៉ុណ្ណោះ​ដែល​ធំ​ជាងលោក ។ ហើយ​ដោយ​គិត​ពី​អ្វី​ដែល​ពួកគេ​បានធ្វើ​ចំពោះ​យ៉ូសែប លោក​អាច​សងសឹក​ពួកបងៗ​បានយ៉ាងងាយ ដែល​ហាក់​ដូចជា​អាច​យល់បាន ។ តែ​យ៉ូសែប​បាន​អភ័យទោស​ឲ្យ​ពួកបងៗ​របស់​លោក ។ មិនត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​ជួយ​ពួកគេ​មើលឃើញ​ពី​គោលបំណង​ដ៏ទេវភាព​នៅក្នុង​ការរងទុក្ខ​របស់​លោក​ថែមទៀតផង ។ « ព្រះ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ » ( លោកុប្បត្តិ ៥០:២០ ) លោកបាន​ប្រាប់ពួកបងៗ ដោយសារ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោក​ស្ថិត​ក្នុង​តួនាទី​មួយ​ដើម្បី​សង្រ្គោះ « ពួក​ផ្ទះ​ឪពុក​ទាំង​អស់ » ( លោកុប្បត្តិ ៤៧:១២ ) ពីគ្រោះ​ទុរភិក្ស ។

តាមរបៀប​ជាច្រើន ដំណើរ​ជីវិត​របស់​យ៉ូសែប គឺ​ប្រហាក់ប្រហែល​នឹង​ព្រះយេស៊ូវ គ្រីស្ទ ។ ទោះបីជា​អំពើបាប​របស់​យើង​បានបណ្តាល​ឲ្យ​ទ្រង់​រងទុក្ខ​ដ៏ធំ​ក្តី ក៏​ព្រះអង្គ​សង្រ្គោះ​ប្រទាន​ការអភ័យទោស ដោយ​រំដោះ​យើង​ទាំងអស់​គ្នា​ចេញពី​វាសនា​មួយ ដែល​អាក្រក់​ជាង​គ្រោះទុរភិក្ស​ទៅទៀត ។ ទោះបីជា​យើង​ត្រូវ​ទទួល​ការអភ័យទោស ឬ​ពង្រីកវា—ដល់​ពេលមួយ​យើង​ត្រូវការ​ធ្វើ​ទាំងពីរ—គំរូ​របស់​យ៉ូសែប បង្ហាញផ្លូវ​យើង​ឲ្យ​ទៅរក​ព្រះអង្គ​សង្រ្គោះ ជា​ប្រភព​ពិត​នៃ​ការព្យាបាល និង​ការផ្សះផ្សារ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

លោកុប្បត្តិ ៤៥:១–៨; ៥០:២០

« ព្រះ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​អ្នក​រាល់​គ្នា ដើម្បី​នឹង​រក្សា​ទុកអ្នក​រាល់​គ្នា » ។

នៅពេល​អ្នក​អាន​អំពី​យ៉ូសែប តើ​អ្នក​បាន​សម្គាល់ឃើញ​ភាពស្រដៀងគ្នា​ណាមួយ​រវាង​ដំណើររឿង​របស់​លោក និង​បេសកកម្ម​ដ៏ធួន​នៃ​ព្រះយេស៊ូវ គ្រីស្ទ​ដែរ​ឬ​ទេ ? អ្នក​អាច​សញ្ជឹងគិត​ពី​របៀប​ដែល​តួនាទី​របស់​យ៉ូសែប នៅក្នុង​ក្រុមគ្រួសារ​របស់​លោក​គឺ ស្រដៀងគ្នា​ទៅនឹង​តួនាទី​របស់​ព្រះអង្គសង្រ្គោះ​នៅក្នុង​ក្រុមគ្រួសារ​របស់​ព្រះ ។ តើ​ភាព​ប្រហាក់ប្រហែល​គ្នា​អ្វី​ខ្លះ​ដែល​អ្នក​មើលឃើញ​រវាង​បទពិសោធន៍​របស់​យ៉ូសែប និង​បេសកកម្ម​របស់​ព្រះអង្គ​សង្រ្គោះ ដែល​ត្រូវបាន​ចាត់​មក​ដើម្បី « ជួយ​សង្គ្រោះ​ជីវិត [ យើង ] ដោយ​សេចក្តី​ប្រោសប្រាណ​យ៉ាង​ធំ » ។( លោកុប្បត្តិ ៤៥:៧ ) ។

លោកុប្បត្តិ ៤៥; ៥០:១៥–២១

ការអភ័យទោស​នាំមក​នូវ​ការព្យាបាល ។

ការអាន​អំពី​យ៉ូសែបដែលបាន​អភ័យទោស​ឲ្យ​ពួកបងៗ​របស់​លោក​ចំពោះ​រឿង​អាក្រក់ៗ​ដែល​ពួកគេ​បាន​ធ្វើ​ចំពោះលោក អាច​បំផុសគំនិតអ្នក​ឲ្យ​គិត​អំពី​នរណា​ម្នាក់​ដែល​អ្នក​កំពុង​ពិបាក​ក្នុងការ​អភ័យទោសឬទេ ។ ឬ​ប្រហែល​ការសាកល្បង​ដ៏​លំបាក​បំផុត​នៃ​ការអភ័យទោស​គឺ​នៅក្នុង​អនាគត​របស់​អ្នក ។ ទោះជាយ៉ាង​ណាក៏ដោយ វា​អាចជួយ​ដើម្បី​សញ្ជឹងគិត​ពីមូលហេតុ​ដែល​យ៉ូសែប​អាច​ធ្វើ​ការអភ័យទោស ។ តើ​មាន​តម្រុយ​អ្វីខ្លះ​អំពី​បុគ្គលិកលក្ខណៈ និង​ឥរិយាបទ​របស់​យ៉ូសែប ដែល​អ្នក​រកឃើញ​នៅក្នុង លោកុប្បត្តិ ៤៥; ៥០:១៥–២១ ? តើ​បទពិសោធន៍​របស់​លោក​អាច​ជះឥទ្ធិពល​យ៉ាងណា​លើ​លោក​ឲ្យ​កាន់តែ​ចេះ​អភ័យទោស ? តើ​គំរូ​របស់​យ៉ូសែប ផ្តល់​យោបល់​ដល់​យើង​ពី​របៀប​ដែល​អ្នក​អាច​កាន់តែ​ចេះអភ័យទោស​ដោយ​មានជំនួយ​របស់​ព្រះអង្គ​សង្រ្គោះ​យ៉ាងដូចម្តេច ?

សូម​សម្គាល់​ផងដែរអំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​ប្រទាន​ដល់​ក្រុមគ្រួសារ​របស់​យ៉ូសែប ដោយសារ​តែ​ការភ័យទោស​របស់​លោក ។ តើ​ពរជ័យ​អ្វី​ដែល​អ្នកបានឃើញ​មកពី ការអភ័យទោស ? តើ​អ្នក​បាន​ទទួលអារម្មណ៍​បំផុសគំនិត​ដើម្បី​ឈោង​ទៅជួយ​នរណា​ម្នាក់​ដែល​ធ្វើខុស​ចំពោះ​អ្នក​ដែរ​ឬ​ទេ ?

សូមមើល​ផងដែរ លោកុប្បត្តិ ៣៣:១–៤; គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩–១១; Larry J. Echo Hawk « Even as Christ Forgives You, So Also Do Ye » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១៥–១៦ ។

លោកុប្បត្តិ ៤៩

តើ​និមិត្តរូប​នៅក្នុង​ពរជ័យ​របស់​យ៉ាកុប​មាន​អត្ថន័យ​យ៉ាងណា ?

ពរជ័យ​របស់​យ៉ាកុប ចំពោះ​កូនចៅ​របស់​លោក មាន​រូបភាព​រស់រវើក ប៉ុន្តែ​អ្នក​អាន​មួយចំនួន​ក៏ពិបាក​យល់ដែរ ។ យើងមានអំណរគុណ​ណាស់​ចំពោះ​ដំណឹងល្អ​ដែលបាន​ស្តារឡើងវិញ​ដែល​ផ្តល់​ឲ្យ​យើង​នូវ​ការយល់ដឹង​បន្ថែម ។ នៅពេល​អ្នក​អាន ​ពរជ័យ​ដែល​ប្រទាន​ឲ្យ​យ៉ូសែប នៅក្នុង លោកុប្បត្តិ ៤៩:២២–២៦ សូមអាន​ខគម្ពីរ​ដូចខាងក្រោម​ផងដែរ ហើយ​សូមមើល​ការយល់ដឹង​​អ្វី​ខ្លះ​ដែល​វា​បានផ្តល់​ឲ្យ ៖ នីហ្វៃទី ១ ១៥:១២; នីហ្វៃទី ២ ៣:៤–៥; យ៉ាកុប ២:២៥; គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៤៤ ។

កាលដែល​អ្នកអាន​អំពី​ពរជ័យ​របស់ យូដា នៅក្នុង លោកុប្បត្តិ ៤៩:៨–១២ សូមចងចាំ​ថា ទាំង​ស្តេច​ដាវីឌ និង​ព្រះ​យេស៊ូវ គ្រីស្ទ គឺជា​ដំណ​នៃ​យូដា ។ តើ​ពាក្យពេចន៍ និង​ឃ្លា​អ្វី​ខ្លះនៅក្នុង​ខគម្ពីរនេះ​ដែល​រំឭក​អ្នក​អំពី​ព្រះអង្គ​សង្រ្គោះ ?​ នៅពេល​អ្នក​សិក្សា​ពីពរជ័យ​របស់​យូដា វាក៏​មានអត្ថប្រយោជន៍​ផងដែរ ដើម្បី​អាន វិវរណៈ ៥:៥–៦, ៩; នីហ្វៃទី ១ ១៥:១៤–១៥; គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៥៩; ១៣៣:៤៦–៥០ ។

ប្រសិនបើ​អ្នក​ចង់​រៀន​បន្ថែម​ទៀត​អំពី​កូនប្រុស​របស់​យ៉ាកុប និង​ពូជអំបូរ​អ៊ីស្រាអែល ដែល​បាន​ចាកចេញ​ពី​ពូជអំបូរ​នេះ នោះ​មាន​ដំណើររឿង​ពី​កូនប្រុស​ម្នាក់ៗ​នៅក្នុង សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយscriptures.ChurchofJesusChrist.org ) ។

លោកុប្បត្តិ ៥០:២៤–២៥; សូមមើល​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤–៣៨ ( នៅក្នុងសេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។

« មាន​អ្នក​មើល​ឆុត​ម្នាក់​ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ខ្ញុំ​ទ្រង់​នឹង​បង្កើត​ឡើង » ។

តាមរយៈ​សុបិន​របស់​យ៉ូសែប ( សូមមើល លោកុប្បត្តិ ៣៧:៥–១១ ) និង​ការបកស្រាយ​របស់​លោក​ពី​សុបិន​របស់​អ្នកដទៃ ( សូមមើល លោកុប្បត្តិ ៤០–៤១ ) ព្រះអម្ចាស់​បាន​បើកសម្តែង​រឿង​ទាំងឡាយ​ដែល​អាច​កើតឡើង​រាប់ថ្ងៃ ឬ​រាប់ឆ្នាំ​នៅក្នុង​ពេល​អនាគត ។ ប៉ុន្តែ​ព្រះអម្ចាស់​ក៏​បាន​បើកសម្តែង​ផងដែរ​ចំពោះ​យ៉ូសែប នូវ​អ្វី​ដែល​នឹង​កើតឡើង​នៅក្នុង​សតវត្សរ៍​ខាងមុខ​ផងដែរ ។ ជាពិសេស លោក​បានរៀន​អំពី​បេសកកម្ម​របស់​ព្យាការី​ម៉ូសេ និង​យ៉ូសែប ស្ម៊ីធ ។ នៅពេល​អ្នក​អាន​ពាក្យសំដី​របស់​យ៉ូសែប នៅក្នុង លោកុប្បត្តិ ៥០:២៤–២៥ និង​នៅក្នុង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤–៣៨ ( នៅក្នុង​សេចក្តីណែនាំ ដល់​បទគម្ពីរ​ទាំងឡាយ ) សូម​សួរខ្លួន​អ្នកថា តើ​ការដឹង​រឿង​ទាំងនេះ​អាច​ប្រទានពរជ័យ​ដល់​យ៉ូសែប និង​កូនចៅ​នៃ​ពួក​អ៊ីស្រាអែល​យ៉ាងដូចម្តេច ។ ហេតុអ្វី​អ្នកគិតថា វា​មានសារៈសំខាន់​ចំពោះ​ព្រះអម្ចាស់​ដើម្បី​ស្តារ​ការព្យាករណ៍​នេះ​ឡើងវិញ តាមរយៈ​យ៉ូសែប ស្ម៊ីធ ? (សូមមើល​ផងដែរ នីហ្វៃទី ២ ៣ ) ។

តើ​យ៉ូសែប ស្ម៊ីធ បានបំពេញ​ការព្យាករណ៍​នេះ នៅក្នុង​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០: ២៧–២៨, ៣០–៣៣ ? ( សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:១៧–២៣; ២០:៧–១២; ៣៩:១១; ១៣៥:៣ ) ។

រូបភាព
យ៉ូសែប​នៃ​ស្រុកអេស៊ីព្ទ មើលឃើញ​ទស្សនៈនិមិត្ត​អំពី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​ផ្ទាំងចំណារ​មាស

រូបភាព​របស់​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ ដោយ ផល ម៉ាន

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

លោកុប្បត្តិ ៤២–៤៦ ។ក្រុមគ្រួសារ​របស់អ្នក​អាច​រីករាយ​នឹង​ការសម្តែង​ពីដំណើររឿង​របស់​យ៉ូសែប ជួបជុំ​ជាមួយ​នឹង​ពួកបងៗ​របស់​លោក ។ ( « យ៉ូសែប និង​គ្រោះ​ទុរភិក្ស » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ អាច​ជួយ​បាន ) ។ សូម​រីករាយ​ជាមួយវា—សូមប្រើ​សំលៀកបំពាក់​សម្រាប់​តុបតែង និង​គ្រឿង​ជំនួយ ប្រសិនបើ​អ្នក​ចង់​ធ្វើ ។ សូម​លើកទឹកចិត្ត​សមាជិក​គ្រួសារ​ឲ្យ​ព្យាយាម​យល់​ពី​សតិអារម្មណ៍ និង​ទស្សនៈវិស័យ​នៃ​តួអង្គ ។ អ្នក​អាចផ្តោតយកចិត្ត​ទុកដាក់​ជា​ពិសេស​នៅលើ​អារម្មណ៍​របស់​យ៉ូសែប ចំពោះ​ពួកបងៗ​របស់លោក ហើយ​​ថាតើ​ពួកគេ​អាច​មាន​អារម្មណ៍​យ៉ាងណា​នៅពេល​លោក​បាន​អភ័យទោស​ឲ្យ​ពួកគេ ។ ការណ៍​នេះ​អាច​ដឹកនាំ​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​របៀប​ដែល​ការអភ័យទោស​អាច​ប្រទានពរជ័យ​ដល់​ក្រុមគ្រួសារ​របស់អ្នក ។

នៅពេល​យ៉ូសែប បាន​ជួប​នឹង​ពួកបងៗ​របស់លោក​ម្តងទៀត បន្ទាប់​ពី​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លង​ទៅ តើ​ពួកគេមានការ​ផ្លាស់ប្តូរអ្វីខ្លះ​ចាប់តាំង​ពី​លោក​បាន​ឃើញ​ពួកគេ​ជាលើក​ចុងក្រោយ​នោះ? តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ការប្រែចិត្ត​តាមរយៈ​បទពិសោធន៍​នេះ ?

លោកុប្បត្តិ ៤៥:៣–១១; ៥០:១៩–២១ ។យ៉ូសែប បាន​ដឹងថា ទោះបីជា​បទពិសោធន៍​របស់​លោក​នៅក្នុង​ស្រុក​អេស៊ីព្ទ មានការលំបាក « ព្រះ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ » ( លោកុប្បត្តិ ៥០:២០ ) ។ តើ​ក្រុមគ្រួសារ​របស់​អ្នក​បាន​ដកពិសោធន៍​ឧបសគ្គ​ណាមួយ​ដែល​ព្រះ​បាន​សម្រេច​ទៅ​ជា​ពរជ័យ​វិញ​ដែរ​ឬ ទេ ?

ទំនុកតម្កើង​អំពី​ភាពល្អ​របស់ព្រះ​នៅអំឡុង​ពេល​ជួប​ឧបសគ្គ ( ដូចជា « គ្រឹះដ៏មាំមួន » [ ទំនុកតម្កើង ល.រ. ៣៧ ] អាចពង្រីក​ការពិភាក្សា​នេះ ។ តើ​បទពិសោធន៍​លម្អិត​អ្វីខ្លះ​របស់​យ៉ូសែប ដែល​បង្ហាញ​ពី​អ្វី​ដែល​ទំនុកតម្កើង​នេះ​បាន​បង្រៀន ?

លោកុប្បត្តិ ៤៩:៩–១១, ២៤–២៥ ។តើ​យើង​រកឃើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​បង្រៀន​យើង​អំពី​តួនាទី និង​បេសកកម្ម​នៃ​ព្រះយេស៊ូវ គ្រីស្ទ ? ( ដើម្បី​ជួយ​ឲ្យ​យល់អំ​ពី​ឃ្លា​ទាំងឡាយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ សូមមើល​ឯកសារ​អំពី លោកុប្បត្តិ ៤៩ នៅក្នុង « យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន » ) ។

សម្រាប់​គំនិត​បន្ថែម​ដើម្បី​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ​នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ដែល​បានស្នើ ៖ « គ្រឹះ​ដ៏​មាំមួន » ទំនុក​តម្កើង ល.រ ៣៧ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង​

ប្រើ​តន្ត្រី ។ សូម​ជួយ​សមាជិក​គ្រួសារ​ដើម្បី​ស្វែងរក​សេចក្តីពិត​នៃដំណឹងល្អ​នៅក្នុង​អត្ថបទ​នៃ​ទំនុកតម្កើង និង​បទចម្រៀង​កុមារ ។ សូម​រក​វិធី​ទាំងឡាយ​ណា​ដែល​ធ្វើ​ឲ្យ​តន្រ្តីដ៏​ពិសិដ្ឋ​ក្លាយជា​ផ្នែក​មួយជាប្រចាំ​នៃ​ការសិក្សា​ដំណឹងល្អ​របស់អ្នក ។

រូបភាព
យ៉ាកុប​ប្រសិទ្ធពរជ័យ​ដល់់​កូនប្រុស​របស់​លោក

យ៉ាកុប​ប្រសិទ្ធពរជ័យ​ដល់់​កូនប្រុស​របស់​លោក ដោយ ហារី អាន់ដើរសិន