បណ្ណាល័យ
ស្តាប់​ដោយ​ភាពរាបសា


« ស្តាប់​ដោយ​ភាពរាបទាប » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
បុរស និង​ស្ត្រី​អង្គុយ​នៅ​លើ​កៅអី​សួនច្បារ ខណៈដែល​ស្ត្រី​និយាយ និង​បុរស​កំពុង​ស្តាប់

ការជួយ​អ្នកដទៃ​ជាមួយនឹង​សំណួរ​របស់​ពួកគេ

ស្តាប់​ដោយ​ភាពរាបសា

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​រំឭក​ថា « [ ប្រធាន រ័សុល អិម ណិលសុន ] បាន​ប្រាប់​ខ្ញុំ​ម្តង​ថា ច្បាប់​មួយ​ក្នុង​ចំណោម​ច្បាប់​ដំបូង​នៃ​សំនួរ​បែប​វេជ្ជ​សាស្ត្រ​គឺ ‹ សួរ​អ្នក​ជំងឺ​ថា​តើ​ឈឺ​ត្រង់ណា ។ › លោក​បាន​មាន​ប្រសាន៍ថា ‹ អ្នក​ជំងឺ នឹង​ក្លាយ​ជា​ណែនាំ​ដ៏​ល្អ​បំផុត​របស់​អ្នក​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដ៏​ត្រឹម​ត្រូវ ហើយ​នៅ​ទីបំផុត​គឺ​ជា​ការ​ព្យាបាល › » ។ នៅពេល​មិត្ត​ភក្តិ ឬ​សមាជិក​គ្រួសារ​ម្នាក់​ទាក់​ទង​ទៅ​បងប្អូន​ដោយ​មាន​សំណួរ ឬ​ការព្រួយ​បារម្ភ​អំពី​សាសនាចក្រ សូម​ចំណាយ​ពេល​ស្តាប់ ។ ពួកគេ​កំពុង​ទាក់ទង​ទៅ​អ្នក​ពីព្រោះ​ពួកគេ​ទុក​ចិត្ត​លើ​អ្នក ។ ឲ្យ​រង្វាន់​ចំពោះ​ការ​ទុកចិត្ត​នោះ​ដោយ​យល់​ពី​តម្រូវការ​របស់​ពួកគេ​សិន ។

ការស្តាប់​ដោយ​ភាពរាបសា​គឺ​ពិបាក​ធ្វើ​ណាស់ ។ វា​តម្រូវ​ឲ្យ​ផ្តោត​អារម្មណ៍ និង​អត់ធ្មត់ ។ ប៉ុន្តែ​វា​ជា​ជំនាញ​មួយ​ដែល​យើង​អាច​រៀន​បាន ។ ការ​ស្ដាប់ និង​ការរាប់អាន​ដ៏​សោ្មះ​អាច​ជា​ការព្យាបាល​សម្រាប់​នរណា​ម្នាក់ ដែល​កំពុង​ចែកចាយ​ភាព​ឈឺចាប់ ឬ​ការសង្ស័យ ។ សូម​សាកល្បង​នូវ​ការអនុវត្ត​នៃ​ការស្តាប់​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ដើម្បី​ស្តាប់​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ហើយ​យល់ពី​មនុស្ស​ជាទី​ស្រលាញ់​របស់​បងប្អូន ៖

  • ដំបូង​ព្យាយាម​ស្វែងយល់ ។ យើង​តែង​តែ​គិត​ថា​យើង​ដឹង​អំពី​របៀប​ដោះ​ស្រាយ​កង្វល់​របស់​អ្នក​ដទៃ ។ យើង​គ្រាន់​តែ​ចង់​ឆ្លើយ​សំណួរ​របស់​ពួក​គេ ហើយ​ប្រាប់​ពួកគេ​ឲ្យ​ឈប់​ព្រួយ​បារម្ភ ។ ការ​ធ្វើ​ដូចនេះ​ជា​ញឹកញាប់​ផ្តោត​ទៅ​លើ​យើង​ជាជាង​​លើ​តម្រូវការ​របស់​ពួកគេ ។ ចំណាយ​ពេល​ស្តាប់​ដំណើររឿង​អំពី​របៀប​ដែល​ពួកគេ​បាន​មក​ដល់​​ថ្ងៃ​នេះ ។ សូម​ប្រាកដ​ថា​បងប្អូន​យល់​ពី​សំណួរ​របស់​ពួកគេ ។ បង្ហាញ​ការគោរព ប្រសិន​បើ​បងប្អូន​ដឹង​ថា​ទស្សនៈ​របស់​ពួកគេ​គឺ​ផ្ទុយ​ពី​ទស្សនៈ​របស់​បងប្អូន​ផ្ទាល់ ។ ចូរ​ជៀសវាង​ការរិះគន់ ឬ​ការចោទ​ប្រកាន់ ។ ពេល​យើង​ឆាប់​ផ្ដល់​ចម្លើយ​ដោយ​សាមញ្ញ​ពេក នោះ​ពួកគេ​អាច​មាន​អារម្មណ៍​ថា​យើង​កំពុង​មើលងាយ​នូវ​បទពិសោធន៍​របស់​ពួកគេ ។ ចំណុច​ចាប់ផ្ដើម​ដ៏ល្អ​បំផុត​គឺ ការព្យាយាម​យល់​ពី​ទស្សនៈ​របស់​ពួកគេ​ជា​ជាង​ព្យាយាម​ផ្លាស់​ប្តូរ​វា ។

  • ទទួល​ស្គាល់​បទពិសោធន៍​របស់​ពួកគេ ។ ទោះបី​ជា​យើង​ប្រហែល​ជា​មិន​យល់ ឬ​យល់​ស្រប​ទៅនឹង​ការព្រួយបារម្ភ​របស់​អ្នក​ផ្សេង​ទៀត​ក៏​ដោយ ក៏​យើង​អាច​ទទួល​ស្គាល់​ភាព​ស្មោះត្រង់​របស់​ពួកគេ និង​ការឈឺចាប់​ដែល​ពួកគេ​អាច​មាន ។ នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ហាញ​ការអាណិត​អាសូរ ពេល​ខ្លះ​យើង​ប្រៀប​ធៀប​រវាង​បទពិសោធន៍​របស់​ពួកគេ និង​បទពិសោធន៍​របស់​យើង​ផ្ទាល់ ។ វា​ជា​ការសំខាន់​ដើម្បី​ចងចាំថា​បទពិសោធន៍​របស់​មនុស្ស​ម្នាក់ៗ​គឺ​ខុសៗគ្នា ។ វា​ប្រហែលជា​ល្អ​ជាង​ក្នុង​ការនិយាយ​អ្វីមួយ​ដូចជា « ខ្ញុំ​មិន​អាច​យល់ពី​អារម្មណ៍​អ្នក​បានទេ » ឬ « សូម​ជួយ​ខ្ញុំ​ឲ្យ​យល់​ផង » ។

  • ចូរ​ជៀសវាង​ការបដិសេធ ឬ​វិនិច្ឆ័យ ។ នៅ​ពេល​ដែល​មិត្តភក្តិ ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​ម្នាក់​បាន​សម្រេច​ចិត្ត​និយាយ​ជាមួយ​នឹង​បងប្អូន​អំពី​សំណួរ​របស់​ពួកគេ នោះ​ពួកគេ​ទំនង​ជា​បាន​ចំណាយ​ពេល​ក្នុង​ការស្រាវជ្រាវ និង​គិត​ដោយ​ឯកជន​រួចហើយ ។ សូម​ប្រុង​ប្រយ័ត្ន កុំ​បញ្ឈប់​ការសន្ទនា​ដោយ​បដិសេធ​សំណួរ​របស់​ពួកគេ ឬ​ធ្វើ​ការវិនិច្ឆ័យ​ឡើយ ។ បែបនេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចាប់ និង​ប៉ះពាល់​ដល់​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ជួយ ។ សំណួរ​ដ៏​ស្មោះ​របស់​ពួកគេ​សម​នឹង​ទទួល​បាន​នូវ​ការខិតខំ​ស្តាប់​ដោយ​អស់ពី​ចិត្ត​របស់​បងប្អូន ។

  • សូម​ត្រួតពិនិត្យ​អារម្មណ៍​របស់​បងប្អូន ។ វា​ជា​រឿង​ធម្មតា​ដែល​មាន​អារម្មណ៍​ថប់​បារម្ភ ឬ​ព្រួយ​នៅ​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ម្នាក់​ទាក់ទងមក​បងប្អូន​ជាមួយ​នឹង​សំណួរ​អំពី​សេចក្តី​ជំនឿ​របស់​ពួក​គេ ។ សូម​ព្យាយាម​កុំ​ឲ្យ​អារម្មណ៍​ទាំង​នេះ​រារាំង​ការសន្ទនា​ប្រកប​ដោយ​អត្ថប្រយោជន៍​ឡើយ ។ ប្រសិន​បើ​បងប្អូន​មាន​អារម្មណ៍​ខឹង វា​ប្រហែល​ប្រសើរ​ជាង​បើ​បងប្អូន​អាច​ឈប់​សម្រាក ហើយ​បន្ត​ការសន្ទនា​នៅពេល​ក្រោយ ។ ព្រះអង្គសង្រ្គោះ​បាន​ទូន្មាន​យើង​ឲ្យ​ជៀសវាង​ការទាស់ទែងគ្នា និង​កំហឹង ។ យើង​អាច​រៀន​មិន​យល់​ស្រប​ដោយ​មិន​មាន​ការខ្វែង​គំនិត ។

  • សួរ​សំណួរ​បើក​ចំហ ។ សំនួរ​បើក​ចំហ​លើកទឹក​ចិត្ត​អ្នកដទៃ​ឲ្យ​ចែកចាយ​គំនិត អារម្មណ៍ និង​បទពិសោធន៍​របស់​ពួកគេ ។ ពួកគេ​មិន​ចាំបាច់​ត្រូវ​មាន​ចម្លើយ​ត្រឹមត្រូវ ឬ​ចម្លើយ​ខុស​នោះ​ទេ ។ ឧទាហរណ៍ ៖ « តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​បន្ថែម​ទៀត​បានទេ ? » « តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ចការ​នេះ ? » « តើ​អ្នក​អាច​ជួយ​ខ្ញុំ​ឲ្យ​យល់​បាន​ទេ ? » « តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​បាន ? » ការ​សួរ​សំណួរ​ល្អ​បង្ហាញ​ថា​បងប្អូន​យក​ចិត្ត​ទុក​ដាក់ ហើយ​នឹង​ជួយ​បងប្អូន​ឲ្យ​ចៀស​វាង​ការយល់​ខុស ។

  • ចូរ​ទទួល​ស្គាល់​ពី​ដែន​កំណត់​របស់​បងប្អូន ។ មាន​ឱកាស​ជាច្រើន​ដែល​មិត្តភក្តិ និង​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​មក​រក​បងប្អូន​បាន​សិក្សា​យ៉ាង​ទូលំទូលាយ​អំពី​សំណួរ​របស់​ពួកគេ​ជាង​បងប្អូន ។ វា​គ្មាន​បញ្ហា​ទេ ប្រសិន​បើ​បងប្អូន​មិន​ទាន់​មាន​ចម្លើយ​ត្រៀម​រួច ឬ​ប្រសិន​បើ​នេះ​ជា​លើក​ដំបូង​ដែល​បងប្អូន​បាន​រៀន​អំពី​អ្វី​មួយ ។ សូម​កុំ​ខ្លាច​ក្នុង​ការសួរ​សំណួរ​ដែល​បញ្ជាក់​អំពី​អ្វី​ដែល​បងប្អូន​មិន​យល់ ។ បងប្អូន​ប្រហែល​ជា​មិន​យល់​ស្រប​នឹង​ការសន្និដ្ឋាន​ទាំង​អស់​របស់​ពួក​គេ​ទេ ប៉ុន្តែ​សូម​ព្យាយាម​យល់​ស្រប​នឹង​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន ​ដោយ​មិន​បំភាន់​ពី​អារម្មណ៍​របស់​បងប្អូន ។ បងប្អូន​ក៏​អាច​សុំ​ពេល​វេលា​ដើម្បី​សិក្សា​ប្រធាន​បទ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ហើយ​បន្ទាប់​មក​បន្ត​ការពិភាក្សា​នៅ​ពេល​ដែល​បងប្អូន​មាន​ព័ត៌មាន​បន្ថែម ។

ព្រះគម្ពីរ​សំខាន់ៗ ៖ អេភេសូរ ៤:២៩; ម៉ូសាយ ១៨:២១; នីហ្វៃទី៣ ១១:២៩

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « Witnesses unto Me » Ensign ខែ ឧសភា​ ឆ្នាំ​២០០១ ទំព័រ ១៥ ។

  2. សូមមើល នីហ្វៃទី៣ ១១:២៩ ។

  3. សូមមើល « Microtraining 1: How to Disagree without Becoming Disagreeable » នៅក្នុង Answering My Gospel Questions ( ឆ្នាំ ២០២២ ) ទំព័រ ៣៦-៣៧ ។